Cervical Cancer (មហារីកមាត់ស្បូន)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វីជាជំងឺមហារីកមាត់ស្បូន?

មហារីក​មាត់ស្បូន បង្ក​ឡើង​នៅ​ក្នុង​ក​ស្បូន ស្ថិត​នៅ​ផ្នែក​ក្រោមស្បូន ចាប់​ផ្តើម​រីក​លូតលាស់​មិន​អាច​គ្រប់គ្រងបាន។ កោសិកា​ថ្មី កកើត​ឡើង​ឆាប់​រហ័ស បង្កើត​ជា​ដុំសាច់​នៅ​ក្នុង​ក​ស្បូន។

ជំងឺ​មហារីក​មាត់ស្បូន ឧស្សាហ៍​ជួប​ប្រទះ​បំផុត​លើ​ស្រ្ដី​ពាសពេញ​ពិភពលោក។ យ៉ាងណា​ទម្លាប់ ធ្វើ​តេស្ត Pap អាច​ជួយ​យើង​រក​ឃើញ​ហានិភ័យ​កើត​ជំងឺ​មហារីក​កាច​សាហាវ​នេះ​បាន​ទាន់​ពេល។

មហារីក​មាត់ស្បូន ជួន​កាល​អាច​ព្យាបាល​បាន ពេល​យើង​ដឹង​ខ្លួន​មុន។ លើស​ពី​នេះ មាន​វិធីសាស្រ្ត​ជា​ច្រើន អាច​គ្រប់គ្រង​ហានិភ័យ​បង្ក​ជា​មហារីក​មាត់ស្បូន ជាហេតុ​ធ្វើ​ឲ្យ​ចំនួន​ករណីមហារីក​មួយ​នេះ​ធ្លាក់​ចុះ។

២- មហារីកនេះកើតញឹកញាប់ដែរទេ?

មហារីក​ប្រភេទ​នេះ ងាយ​កើត​ឡើង​ខ្លាំង​ណាស់ ងាយ​កើត​បំផុត​លើ​ស្រ្ដី​គ្រប់វ័យ ប៉ុន្តែ​នៅ​អាច​គ្រប់គ្រង និង​កាត់​បន្ថយ​កត្តា​ហានិភ័យ​ផ្សេងៗ​បាន។

រោគសញ្ញា

៣- រោគ​សញ្ញាមាន​​អ្វី​ខ្លះ?

ដំណាក់កាល​ដំបូង ស្រីៗ​ទើប​កើត​មហារីក​មាត់ស្បូន ឬ​រៀប​នឹង​កើត គ្មាន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទេ រហូត​ទាល់​តែ​មាន​ដុំសាច់ (Tumor) កើត​ឡើង។ ប៉ុន្តែ​ដល់​ពេល​នោះ ស្ថានភាព​ដុំ​មហារីក បាន​រីករាល​ដាល​ទៅ​លើ​សរីរាង្គ​នៅ​ជិត​ខាង និង​លុកលុយ​លើ​កោសិកា​ល្អៗ​ដទៃ​ទៀត បង្ក​ចេញ​ជា​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖

– ឈឺ​ចាប់​ពេល​រួមភេទ
– ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម ឬ​ឈឺ​ត្រគាក
– ធ្លាក់​ស​ខុស​ប្រក្រតី ​មាន​ឈាម​លាយ​ឡំ​ជាមួយ
– ធ្លាក់​ឈាម​តាម​ទ្វារមាស មាន​លក្ខណៈ​មិន​ប្រក្រតី ធ្លាក់​ឈាម​ចន្លោះ​ពេល​មាន​រដូវ មក​រដូវ​មាន​រយៈពេល​យូរ មាន​ឈាម​ក្រោយ​ពេល​រួមភេទ  អំឡុង​ពេល​រួមភេទ ឬក្រោយ​ពេល​អស់​រដូវ មានឈាម​បន្ទាប់​ពី​បន្ទោបង់ និង​ក្រោយ​ពិនិត្យ​អាង​ត្រគាក។

ករណី​ផ្សេង​ទៀត មាន​ឆ្លងរោគ អាច​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ទាំង​នេះ​ដែរ។ យ៉ាង​ណា​បើ​ជួប​បញ្ហា គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​រោគសញ្ញា។ បើ​មិន​អើ​ពើ នឹង​ធ្វើ​ឲ្យ​ស្ថានភាព​តែ​អាក្រក់​ឡើង ​បាត់បង់​ឱកាស​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព។

កាន់​តែ​ល្អ កុំ​រង់ចាំ​ទាល់​តែ​រោគ​សញ្ញា​លេច​ឡើង ដើម្បី​ប្រាកដ​ថា​យើង​មាន​សុខភាព​ល្អ ត្រូវ​ធ្វើការ​ពិនិត្យ​កោសិកា​មាត់​ស្បូន អាង​ត្រគាកឲ្យ​បាន​ទៀង​ទាត់។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

បើ​សិន​ជា​មាន​រោគសញ្ញា​ណា​មួយ​ដូច​ចំណុច​ខាង​លើ​​ ឬ​មាន​មន្ទិល​សង្ស័យ​ សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុស​គ្នា ហេតុនេះ​រោគសញ្ញា​អាច​នឹង​ខុស​គ្នា​ដែរ។

មូលហេតុបង្ក

៥- មូលហេតុ​បង្ក​មានអ្វីខ្លះ?

គ្រប់​ករណី​មហារីក​មាត់​ស្បូន បង្ក​ដោយ​មេរោគ HPV (Human Papilloma Virus)។ មេរោគ​នេះ​ជា ញឹកញាប់​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​តាម​ការ​រួមភេទ។

មេរោគ HPV មាន​ច្រើន​ជាង ១០០ ប្រភេទ ខណៈ​ស្រីៗ​ពេញវ័យ​អាច​ឆ្លងមេរោគ HPV ក្នុង​ពេលណា​មួយ​នៃ​ជីវិត ប៉ុន្តែ​មេរោគ HPV មួយ​ចំនួន​មិន​បង្ក​រោគសញ្ញា​ទេ មួយចំនួន​ទៀត​អាច​បង្ក​ជា​ដុំឫស​លើ​ប្រដាប់​ភេទ ​និង​ខ្លះ​ទៀត បង្ក​ទៅ​មហារីក​មាត់ស្បូន។ យ៉ាង​ណា ប្រភេទ​មេរោគ HPV ២​ ប្រភេទ មាន HPV ១៦ និង HPV ១៨ គឺ​ជា​មូល​ហេតុច​ម្បង​បង្ក​ជា​មហារីកមាត់ស្បូន។ មេរោគ HPV ទាំងពីរ​ប្រភេទ​នេះ មិន​លេច​ចេញ​រោគសញ្ញា​អ្វី​ទេ ហេតុនេះ​ស្រីៗ​ភាគច្រើន ​មិន​បាន​ដឹង​ឆ្លង​មេរោគ​នេះ​ដូចគ្នា។

មេរោគ HPV អាច​ពិនិត្យ​ឃើញ​ដោយ​ងាយ តាម​រយៈ​យក​កោសិកា​មាត់ស្បូន​ទៅ​ពិនិត្យ (Pap Test) នាំ​ឲ្យ​តេស្ត​នេះ​សំខាន់​បំផុត​ដើម្បី​បង្ការ​មហារីក​មាត់​ស្បូន។ តេស្ត Pap អាច​ពិនិត្យ​ឃើញ​ភាព​ខុសគ្នា​រវាង​កោសិកា​ក្នុង​ក​ស្បូន មុន​ពេល​វិវត្តទៅ​ជា​កោសិកា​មហារីក។ បើ​ទទួល​ការ​ព្យាបាល​ទាន់​ពេល កោសិកា​ទាំង​នោះ​នឹង​ត្រលប់​មក​ធម្មតា​វិញ ជួយ​យើង​រួច​ផុត​ពី​មហារីក​មាត់​ស្បូន។

កត្តាប្រឈម

៦- អ្វី​ខ្លះ​ជាកត្តា​ប្រឈម?

ដោយសារ​បច្ចុប្បន្ន​មនុស្ស​ភាគ​ច្រើន​មាន​ផ្ទុក​មេរោគ HPV កាន់​តែ​បង្កើន​ហានិភ័យ​នាំ​ឲ្យ​កើត​មហារីក​មាត់ស្បូន ដោយ​កត្តា​ទាំង​នោះ​មាន​ដូច​ជា៖

– ឆ្លង​មេរោគ HPV៖ ដៃ​គូ​រួមភេទ​ច្រើន​បណ្ដាល​ឲ្យ​យើង​មាន​ហានិភ័យ​ខ្ពស់​ឆ្លង​មេរោគ HPV ប្រភេទ ១៦ និង ១៨។

– ជក់បារី៖ ថ្នាំជក់ មាន​ផ្ទុក​សារធាតុ​គីមី​ជា​ច្រើន​ប៉ះពាល់​ដល់​សុខភាព​រាង​កាយ។ ស្រីៗ​ជក់បារី​ប្រឈម​កើត​មហារីក​មាត់ស្បូន​ទ្វេរ​ដង ច្រើន​ជាង​ស្រីៗ​មិន​ជក់បារី។

– ធ្លាក់​ចុះ​ប្រព័ន្ធ​ភាព​ស៊ាំ៖ ដោយ​សារ​ប្រើប្រាស់​ថ្នាំ ឬ​លក្ខខណ្ឌ​ណាមួយ ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​ភាពស៊ាំ ដូច​ជា​មេរោគ HIV បង្ក​ទៅ​ជា​ជំងឺ AIDS អាច​បង្កើន​ហានិភ័យ​ឆ្លង​មេរោគ HPV និង​ងាយ​កើត​មហារីក​មាត់​ស្បូន។

– ឆ្លង​មេរោគ​ប្រមេះ៖ ការ​សិក្សា​ខ្លះ​បង្ហាញ​ថា ​ហានិភ័យ​មហារីក​មាត់​ស្បូន កើន​ឡើង​កាន់តែ​ខ្ពស់​ គួរធ្វើ​តេស្ត​ឈាម​បញ្ជាក់​យើង​ធ្លាប់​ឆ្លង​មេរោគ​ប្រមេះ។

– ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​តិចតួច៖ ស្រី​មិន​ចូល​ចិត្ត​ញ៉ាំ​ផ្លែឈើ និង​បន្លែ ឬ​ញ៉ាំ​តិចតួច អាច​កើន​ហានិភ័យ​ជំងឺ​មហារីក​មាត់ស្បូន។

– ធាត់​លើស​ទម្ងន់៖ កត្តា​លើស​ទម្ងន់ មាន​ទំនោរ​ច្រើនកើត​មាន​ដុំសាច់ (Tumor) កាច​សាហាវ (Adenocarcinoma) នៅ​មាត់​ស្បូន។

– ប្រើ​​ថ្នាំ​ពន្យារ​កំណើត​យូរ​អង្វែង៖ មាន​ភស្តុតាង​បញ្ជាក់​ថា លេប​ថ្នាំ​ពន្យារ​កំណើត​រយៈពេល​យូរ ​បង្កើន​ហានិភ័យ​កើត​មហារីក​មាត់​ស្បូន។

– ប្រើ​កង​ដាក់​ក្នុង​ស្បូន៖ របាយការណ៍​សិក្សា​ថ្មីៗ រក​ឃើញ​ថា ស្រីៗ​ប្រើ​កង​ពន្យារ​កំណើត​ក្នុង​ស្បូន (IUD ឧបករណ៍​ដាក់​ក្នុង​ស្បូន​បង្ការ​មាន​ផ្ទៃ​ពោះ) ទោះ​ស្ថិត​ក្នុង​កម្រិតទាប ក៏​មាន​ហានិភ័យ​បង្ក​មហារីក​មាត់ស្បូន​ដូច​គ្នា។

– ផ្តល់​កំណើត​កូន​ភ្លោះ៖ ស្រីៗ​សម្រាល​កូន​ភ្លោះ ៣ ឬ​ច្រើន​ជាង​នេះ កាន់​តែ​បង្កើន​ហានិភ័យ​ខ្ពស់។

– មាន​កូនពេល​អាយុ​ក្រោម ១៧ ឆ្នាំ៖ ស្រីៗ​ផ្តល់​កំណើត​កូន ពេល​ស្ថិត​ក្នុង​វ័យ​ក្រោម ១៧ឆ្នាំ អត្រា​កើត​មហារីក​មាត់ស្បូន​ខ្ពស់​ដល់​ទៅ ២ ដង ពេល​ចូល​ដល់​វ័យ​ចំណាស់។

– ក្រ៖ ភាព​ក្រីក្រ បាន​រារាំង​ស្រី​ៗជា​ច្រើន​មិន​អាច​លទ្ធភាព​ទទួល​សេវា​ថែទាំ​សុខភាព​គ្រប់គ្រាន់ ពិសេស​ការ​ធ្វើតេស្ត Pap តែ​ម្តង។

– សមាជិក​ក្នុង​គ្រួសារ​ធ្លាប់​ប្រវត្តិ​កើតម​ហារីកមាត់​ស្បូន។

– មហារីក​មាត់ស្បូន​អាច​ជា​ជំងឺ​តំណពូជ ក្នុង​ករណីម៉ាក់​យើង ឬ​បងស្រី​មាន​ជំងឺ​នេះ ឱកាស​កើត​ជំងឺ​ចំពោះ​យើង មាន​ដល់​ទៅគុណ ២-៣ ដង​ឯណោះ។

– ឱសថ Diethylstilbestrol (DES)៖ DES ជា​ឱសថ​អ័រម៉ូន ផ្ដល់​ឲ្យ​ស្រីៗ​មួយ​ចំនួន ដើម្បី​បង្ការ​ករណី​រលូត​កូន (ថ្នាំ​រក្សា​គភ៌)។ ម៉ាក់ៗ​ធ្លាប់​ប្រើប្រាស់​ឱសថ​នេះ​អំឡុង​ពេល​ពពោះ ច្រើន​មាន​ហានិភ័យ​ខ្ពស់​ទាំង​ម៉ាក់ៗ និង​កូន បើ​សិន​ជា​ទារិកា។

វិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

គ្រូពេទ្យ​ជំនាញ នឹង​យក​កោសិកា​មាត់​ស្បូន​ទៅ​ពិនិត្យ ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ រួម​ជាមួយ​ការ​ធ្វើ​តេស្ត​ដទៃ​ទៀត ដើម្បី​ពិនិត្យ​រក​កោសិកា​កំពុង​វិវត្តជា​មហារីក ហើយ​បើ​តេស្ត​ទាំងនេះ​បង្ហាញ​ថា​កោសិកា​មាន​ការ​ប្រែប្រួល​ខុស​ប្រក្រតី គ្រូពេទ្យ​នឹង​ច្រឹប​សាច់​យក​ទៅ​ពិសោធ​បន្ត​ទៀត។

គ្រូពេទ្យអាច​ណែនាំ​យើង​ឲ្យ​ជួប​គ្រូពេទ្យ​ឯកទេស​ផ្នែក​រោគ​ស្រ្ដី នៅ​ពេល​លទ្ធផល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី ឬ​ឃើញ​ដុំ​សាច់​រីកធំ​ក្នុង​មាត់​ស្បូន ក៏​ដូច​ជា​​មាន​ការ​ធ្លាក់​ឈាម​ខុស​ធម្មតា។

សម្គាល់​ករណី​ធ្លាក់​ឈាម​ចេញ​តាម​ទ្វារមាស គឺ​សំខាន់​ណាស់ ព្រោះ​មិនមែន​សុទ្ធ​តែ​កើត​មហារីក​មាត់​ស្បូន​ទើប​មាន​រោគ​សញ្ញា​នេះទេ។ មេរោគ​ប្រមេះ ជា​មូលហេតុ​ចម្បង​មួយ​ធ្វើឲ្យ​ស្រីៗ​មាន ធ្លាក់​ឈាម​ខុស​ប្រក្រតី។ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​ធ្វើ​តេស្ត​សិន មុន​បញ្ជូន​ទៅ​ជួប​វេជ្ជបណ្ឌិត​ឯកទេស។

តេស្ត​មួយ​ចំនួន​អាច​បញ្ជាក់​ថា​យើង​កើត​មហារីក​មាត់​ស្បូន​រួម​មាន៖

– កុលប៉ូស្កុបពី៖ មីក្រូទស្សន៍​តូច​មួយ មាន​ពន្លឺ​នៅ​ខាង​ចុង (Colposcope) ត្រូវ​ប្រើប្រាស់​សម្រាប់​ពិនិត្យ​មើល​មាត់​ស្បូន។

– Cone Biopsy៖ ទម្រង់​តេស្ត​មាន​លក្ខណៈ​តូច​មួយ ធ្វើ​ការ​ច្រឹប​យក​សាច់​នៅ​មាត់ស្បូន​ជា​រាង​ត្រីកោណ​យក​ទៅពិសោធ។ បន្ទាប់​ពី​ធ្វើ​តេស្ត​ យើង​អាច​មាន​ធ្លាក់​ឈាម​រហូត​ដល់ ៤សប្ដាហ៍ និងអាច​ឈឺ​ចាប់​ពេល​មក​រដូវ​ផង​ដែរ។

នៅ​ពេល​គ្រូពេទ្យ ប្រាកដ​ថា​យើង​មាន​មហារីក​មាត់ស្បូន ជម្រើស​ល្អ​បំផុត ត្រូវ​ធ្វើ​តេស្ត​ពិនិត្យ​មើលថា តើ​មហារីក​វិវត្តដល់​កម្រិត​ណា​ហើយ។ ហើយ​ការ​ធ្វើ​តេស្ត​ដំណាក់កាល​នេះ​មាន​ដូច​ជា៖

– ពិនិត្យ​មើល​ស្បូន ទ្វារមាស រន្ធគូទ និង​ប្លោកនោម ដែល​ជា​សរីរាង្គ​ប្រឈមខ្ពស់​ជាមួយ​ជំងឺ​មហារីក ហើយ​ទម្រង់​តេស្ត​ប្រព្រឹត្ត​ទៅ​ដោយ​ប្រើ​ថ្នាំ​ស្ពឹក។

– ធ្វើ​តេស្ត​ឈាម ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ជុំវិញ​សរីរាង្គ​ ដូចជា ឆ្អឹង ឈាម និង​តម្រង​នោម។

– តេស្ត​ឆ្លុះស្កេន ដូច​ជា CT Scan MRI Scan និង PET Scan ដើម្បី​ឆ្លុះ​មើល​រូបភាព​ដុំ​សាច់​មហារីក និង​វាយ​តម្លៃ កោសិកា​មហារីក​រាលដាល ឬអត់។

៨- ព្យាបាល​ដោយ​វិធី​ណា?

ព្យាបាល​មហារីក​មាត់ស្បូន​មាន​ភាព​ស្មុគស្មាញ​ច្រើន ដូច្នេះ​ទើប​នៅ​មន្ទីរ​ពេទ្យ​តែងប្រមូល​ផ្ដុំ​ក្រុម​គ្រូពេទ្យ​ឯកទេស​ដើម្បី​ព្យាបាល​រួមគ្នា​នៅ​ដំណាក់​កាល​ដំបូង និង​ដំណាក់​កាល​ចុង​ក្រោយ។ ពេល​សម​ស្រប​សម្រាប់​ព្យាបាល​មហារីក​មាត់​ស្បូន​ដំណាក់​កាល​ដំបូង ប៉ុន្តែ​ការ​ធ្វើរោគវិនិច្ឆ័យ​តែងតែ​មិន​ទាន់​ពេល​វេលា។

ជា​ទូទៅ ជម្រើស​ចម្បង​ទាំង ៣ ដើម្បី​ព្យាបាល​មហារីក​មាត់​ស្បូន​មាន វះកាត់ ព្យាបាល​ដោយ​វិទ្យុសកម្ម និង​ដោយសារ​ធាតុ​គីមី។

ព្យាបាល​ដោយ​វះកាត់

វិធី​ព្យាបាល​នេះ តម្រូវ​កាត់​ចេញ​ផ្នែក​ណា​មួយ​មហារីក​បាន​រាលដាល​ទៅ​ដល់ ទាមទារ​ការ​សហការ​ពី​យើង​ផ្ទាល់ ជាមួយ​ក្រុម​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ការ​ព្យបាល​មាន​ប្រសិទ្ធភាព៖

– Radical Trachelectomy៖ គឺ​កាត់​ចេញ មាត់​ស្បូន និង​ជាលិកា​ជុំវិញ ព្រម​ទាំង​ផ្នែក​ខាង​លើ​ទ្វារ​មាស ប៉ុន្ដែ​ស្បូន​ត្រូវ​រក្សា​ទុក​នៅ​ដដែល។

– Hysterectomy៖ កាត់​ចេញ មាត់​ស្បូន និង​ស្បូន អាស្រ័យ​លើ​ដំណាក់​កាល​មហារីក ហើយ​ក្រពេញ​អូវែ និង​បំពង់​ដៃស្បូន អាច​ត្រូវ​កាត់​ចេញ​ផង​ដែរ។ ករណី​នេះ នាំ​ឲ្យ​យើង​មិនអាច​មាន​កូន​បាន​ទៀត​ទេ។

– Pelvic exenteration៖ ជា​ការ​វះកាត់​ទ្រង់ទ្រាយ​ធំ រួមមាន​កាត់​ចេញ មាត់​ស្បូន ទ្វារ​មាស ប្លោកនោម ក្រពេញ​អូវែ បំពង់​ដៃ​ស្បូន និង​ចុង​ពោះវៀន​ធំ។

ព្យាបាលដោយ​វិទ្យុសកម្ម

ដំណាក់​កាល​ដំបូង​នៃ​មហារីក​មាត់ស្បូន យើង​អាច​ទទួល​ការ​ព្យាបាល​ដោយ​វិទ្យុសកម្មតែ​ឯង ឬ​ផ្សំ​គ្នា​ជាមួយ​ការ​វះកាត់។ បន្ទាប់​ពី​នេះ ពេល​ជំងឺ​ឈាន​ដល់​ដំណាក់​កាល​ចុងក្រោយ វេជ្ជបណ្ឌិត​នឹង​ណែនាំ​ឲ្យ​ទទួល​ការ​ព្យាបាល​តាម​វិទ្យុសកម្ម ផ្សំ​ជាមួយ​ការ​ព្យាបាល​ដោយ​គីមី ដើម្បី​កាត់​បន្ថយ​ករណី​ហូរ​ឈាម និង​ការ​ឈឺចាប់។

ព្យាបាល​បែបនេះ រាងកាយ​យើង​នឹង​រង​ផល​ប៉ះពាល់​ពី​សារធាតុ​វិទ្យុសកម្ម ដែល​គ្រូពេទ្យ​ប្រើ​ម៉ាស៊ីន​បាញ់​បញ្ចូល​ក្នុង​រាងកាយ​សម្លាប់​កោសិកា​មហារីក។ វិធី​ព្យាបាល​ផ្នែក​ខាង​ក្នុង គឺ​ដាក់​បញ្ចូល អ៊ីមផ្លេន ក្នុង​ខ្លួន​យើង​ ដើម្បី​បញ្ចេញ​សារធាតុ​វិទ្យុសកម្ម។ ករណី​ជា​ច្រើន វិធីសាស្រ្ដ​ទាំងពីរ​ត្រូវ​បាន​រួម​បញ្ចូល​គ្នា។ មធ្យោបាយ​ព្យាបាល​បែប​វិទ្យុសកម្ម មាន​រយៈពេល​វែង ប្រហែល ៥-៨ សប្ដាហ៍។

ព្យាបាល​ដោយ​គីមី

វិធី​ព្យាបាល​ដោយ​គីមី តែង​ធ្វើ​ឡើង​តែឯង ឬ​ផ្សំ​គ្នា​ជាមួយ​ការ​ព្យាបាល​បែប​វិទ្យុសកម្ម ហើយ​តែង​ប្រើ​សម្រាប់​ព្យាបាល​មហារីក​ដំណាក់កាល​ចុង​ក្រោយ ដើម្បី​កុំ​ឲ្យ​រីករាល​ដាល​បន្ត​ទៀត តាមរយៈ​ការប្រើ​សេរ៉ូម​ សារធាតុ​គីមី​សម្លាប់​កោសិកា​មហារីក។

គ្រប់​វិធីព្យាបាល​មហារីក​មាត់ស្បូន​សុទ្ធ​តែ​អាច​មាន​ផលប៉ះ​ពាល់។ គួរ​តែ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជា​មុន ព្រោះ​ករណី​ភាគ​ច្រើន​ធ្វើ​ឲ្យ​យើង​អាច អស់​រដូវ​មុន​ពេល​កំណត់ ទ្វារមាស​រួមតូច ឬ​ហើម​ក្រពេញ​ទឹក​រងៃ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– និយាយ​ជាមួយគ្រួសារ មិត្តភក្តិ ឬ​អ្នក​ផ្ដល់​ប្រឹក្សា អាច​រួម​ចំណែក​ដោះស្រាយ​បញ្ហា​យើង។
– ធ្វើ​តេស្ត Pap ជា​វិធី​ប្រសើរ​បំផុត ព្រោះ​បើ​លទ្ធផល​តេស្ត Pap មិន​ធម្មតា យើង​អាច​ទទួល​ការ​ព្យាបាល​ទាន់​ពេល​វេលា។
– បើ​សិន​អាយុ​ក្រោម ២៦ឆ្នាំ អាច​ចាក់​វ៉ាក់ស៊ាំង HPV ជួយ​ការពារ​ប្រឆាំង​មេរោគ HPV ទាំង​ពីរ​ប្រភេទ ដែល​ជា​មូលហេតុ​ចម្បង​បង្ក​មហារីក​មាត់​ស្បូន។
– បង្ការ​កុំ​ឲ្យ​ឆ្លង​មេរោគ HPV ដោយ​ប្រើ​ស្រោម​អនាម័យ​រាល់​ពេល​រួមភេទ និង​កំណត់​ចំនួន​ដៃ​គូ​រួមភេទ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 22, 2018 | កែសម្រួលចុងក្រោយ ខែ​កក្កដា 11, 2019

អ្នកអាចចូលចិត្ត