Colitis (ជំងឺរលាក​ពោះវៀនធំ)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​​ជា​ជំងឺ​រលាក​ពោះវៀន​ធំ?

ពោះ​វៀន​ធំ ជា​ពោះ​វៀន​ដែល​ដំណើរ​ការ​បញ្ចេញ​ការ​សំណល់​អាហារ​ ទឹក និង​សារធាតុ​ផ្សេងៗ​ទៀត​ ចេញ​មក​ក្រៅ​រាង​កាយ​ ក្នុង​ទម្រង់​ជា​លាមក​តាម​រន្ធ​គូទ។ ពោះវៀន​ធំ​ ស្ថិត​នៅ​ក្នុង​ស្រោម​ពោះ (Peritoneum) ដែល​ជា​ថង់​របស់​ពោះវៀន ហើយ​ស្ថិត​ក្នុង​ប្រហោងពោះ។ ជំងឺរលាក​ពោះវៀន​ធំ សំដៅ​លើ​អាការ​ហើម​រលាក​ពោះវៀន​ធំ​នេះ​ឯង។

២- ជំងឺ​រលាក​ពោះវៀន​ធំកើត​ឡើង​ញឹក​ញាប់ដែរទេ?

ជំងឺ​រលាក​ពោះ​វៀន​ធំ ឧស្សាហ៍​កើត​មាន​ណាស់ អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ។ ហេតុ​នេះ ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគ​សញ្ញា

៣- ​រោគ​សញ្ញា​ជំងឺរលាក​ពោះវៀន​ធំមាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ទូទៅ​របស់​ជំងឺរលាក​ពោះវៀន​ធំ រួម​មាន៖

– ឈឺ​ចុក​ពោះ និង​ហើម​ពោះ​កើត​ឡើង​ញឹក​ញាប់ ឬ​ម្ដង​មាន ​ម្ដង​បាត់
– លាមក​មាន​ឈាម
– ឈឺ​បត់​ជើង​ធំ​ខ្លាំង​ និង​ញឹក​ញាប់ (Tenesmus)
– បាត់បង់​ជាតិ​ទឹក
– រាក
– គ្រុន​ក្ដៅ។

អាច​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​បើ​មាន​ការ​ព្រួយ​បារម្ភ​ពី​រោគ​សញ្ញា សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- ​ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

បើ​យើង​ ឬ​សមាជិក​គ្រួសារ​ មាន​រោគ​សញ្ញា​ដូចរៀប​រាប់​ខាង​លើ ឬ​មាន​សំណួរ​អ្វី​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម។ រាង​កាយ​មនុស្ស​ម្នាក់​ៗ​មាន​សកម្មភាព​ខុសៗ​គ្នា ដូច​នេះ ​ល្អ​បំផុត​ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​ ដើម្បី​ទទួល​បាន​ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់​អ្នក។

មូលហេតុបង្ក

៥- ​ជំងឺរលាក​ពោះវៀន​ធំបង្ក​ឡើង​ដោយ​មូលហេតុ​អ្វីខ្លះ?

ភាគ​ច្រើន​ មូលហេតុ​ជាក់លាក់​នាំ​ឲ្យ​រលាក​ពោះវៀន​ធំ គឺ​មិន​ដឹងច្បាស់​នៅ​​ឡើយទេ ប៉ុន្តែមូល​ហេតុ​​អាច​នាំ​ឲ្យ​រលាក​ពោះវៀន​ធំ អាច​មានដូច​ជា៖

– ការ​បង្ក​រោគ​ដោយ​ពពួក​វីរុស ឬ​ប៉ារ៉ាស៊ីត
– ពុល​អាហារ​ដោយ​សារ​តែ​បាក់តេរី
– ជំងឺ Crohn (Crohn’s disease)
– ខ្វះ​ចរន្ត​ឈាម​ឆ្លង​កាត់ (Ischemic colitis)
– ពោះវៀន​ធំ ឆ្លង​កាត់​ជាតិ​វិទ្យុសកម្ម (Radiation stricture)
– ជំងឺ Necrotizing enterocolitis ចំពោះ​ទារក​ទើប​នឹង​កើត
– ជំងឺ Pseudomembranous colitis ​បង្ក​ដោយ​បាក់តេរី​ឈ្មោះ​ Clostridia difficile។

អត្ថបទ​ពាក់ព័ន្ធ៖

រោគ​វិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មានទាំង​នេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៦- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​នឹង​ធ្វើ​ការ​ពិនិត្យ​រាង​កាយ ហើយ​គាត់​នឹង​សួរ​សំណួរ​ពី​រោគ​សញ្ញា​​ដូច​ជា៖

– យើង​​មាន​រោគ​សញ្ញា​ទាំង​នេះ​យូរ​ប៉ុណ្ណា​ហើយ?
– ​ឈឺ​ចាប់​ខ្លាំង​កម្រិត​ណា?
– អាការៈ​ឈឺចាប់​​ញឹកញាប់​ប៉ុណ្ណា ហើយ​តើ​វា​ឈឺ​យូរ​ប៉ុណ្ណា​ដែរ?
– ​រាក​ញឹក​ញាប់​ទេ?
– ​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង​ឬ​ទេ?
– ថ្មីៗ​នេះមាន​លេប​ថ្នាំ​ផ្សះដែរ​ទេ?

គ្រូពេទ្យ​ អាច​នឹង​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​ មាន​ជំងឺ​រលាក​ពោះ​វៀន​ធំ ដោយ​ដាក់​បំពង់​​ងាយ​បត់​បែន ចូល​ក្នុង​រន្ធ​គូទ (Flexible sigmoidoscopy ឬ Colonoscopy) ហើយរក​មើល​ទីតាំង​ផ្សេងៗ​ក្នុង​ពោះវៀន​ធំ។ គ្រូពេទ្យ​ អាច​នឹង​ធ្វើ​ការ​ច្រឹប​សាច់ (Biopsies) ពោះវៀន​យក​ទៅ​ពិនិត្យ​ ដោយ​ការ​ច្រឹប​សាច់ អាច​នឹង​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ ទាក់ទង​នឹង​ការ​រលាក​។ វិធី​ទាំង​នេះ អាច​កំណត់​បាន​ថា យើង​មាន​ជំងឺ​រលាក​ពោះ​វៀន​ធំ​ឬ​អត់។

វិធី​ផ្សេងទៀត​អាច​បង្ហាញ​ពី​ជំងឺ​រលាក​ពោះ​វៀន​ធំ រួម​មាន​៖

– ការ​ថត CT Scan នៅ​លើ​ពោះ
– ការ​ថត MRI នៅ​លើ​ពោះ
– តេស្ត Barium enema
– វិភាគ​លាមក
– ពិនិត្យ​លាមក​រក​មើល​ពពួក​ប៉ារ៉ាស៊ីត និង​ពង​របស់​វា។

៧- ព្យាបាល​ដោយ​វិធី​ណា?

ការ​ព្យាបាល​ជំងឺ​រលាក​ពោះ​វៀន​ធំ អាស្រ័យ​លើ​មូល​ហេតុ​បង្ក​របស់​ជំងឺ។ ចំពោះ​ជំងឺ​​មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​មិន​អាច​គ្រប់​គ្រង​បាន ការ​ព្យាបាល​ជា​ដំបូង (មិន​ពិនិត្យ​មើល​មូល​ហេតុ​បង្ក) គឺ​ធ្វើ​ឲ្យ​សញ្ញា​ជីវិត​គ្នា​យើង​មាន​ជំងឺ​នៅ​ថេរសិន និង​ជួយ​គ្រប់​គ្រង​ការ​ឈឺ​ចាប់តាម​ស្ថាន​ភាព​ជាក់​ស្តែង។ ករណី​បង្គ្រប់​​ជាតិ​ទឹកជា​រឿង​ចាំបាច់ បើ​អាច​ផឹក​បាន ​គឺ​កាន់​តែ​ល្អ ប៉ុន្តែ​បើ​គ្នា​យើង​មាន​​ជំងឺ ​មើល​ទៅ​ស្ងួត​ខ្លាំង និង​មិន​អាច​បំពេញ​ជាតិ​ទឹក​ដោយ​ផឹក​តាម​មាត់​បាន ឬ​មាន​ជាតិ​អេឡិកត្រូលិត្រ​មិន​ប្រក្រតី ត្រូវ​ចាក់​ព្យួរ​សេរ៉ូម​ជាចាំបាច់។

គ្រូពេទ្យ​ នឹង​ឲ្យ​យើង​ប្រើ​ថ្នាំ​មួយ​ចំនួន​ដើម្បី​គ្រប់​គ្រង​ជំងឺ​រលាក​ពោះវៀន​ធំ ហើយ​ជម្រើស​ថ្នាំ​ អាស្រ័យ​លើស្ថាន​ភាព​សុខភាព​អ្នក​​ជំងឺ​ម្នាក់​ៗ។

ថ្នាំ​ផ្សះ ពេទ្យ​មិន​សូវ​ឲ្យ​ប្រើ​ញឹក​ញាប់​ឡើយ លើក​លែង​តែ​ដឹង​ថា​ ជំងឺ​បង្ក​ឡើង​ដោយ​បាក់តេរី​ណា​មួយ​ពិត​ប្រាកដ ហើយ​ការ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​នេះ គឺ​មាន​ប្រសិទ្ធិភាព​បន្ថយ​ការ​បង្ក​រោគ។

ថ្នាំមិន​ត្រូវ​ការ​វេជ្ជ​បញ្ជា (OTC) ប្រើ​ដើម្បី​ព្យាបាលអាការៈ​រាក ត្រូវ​ប្រើដោយ​ប្រុង​ប្រយ័ត្ន ជា​ពិសេស បើ​មាន​ការ​ឈឺ​ពោះ និង​គ្រុន​ក្ដៅ​អម​ជាមួយ។ ល្អ​បំផុត ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​ឱសថ​ការី​ មុន​នឹង​ប្រើ​ពពួក​ថ្នាំ​រាក។

ការ​វះ​កាត់​ជាទូទៅ ​មិន​មែន​ជា​ជម្រើស​ព្យាបាល​ចំពោះ​មូល​ហេតុ​ភាគ​ច្រើន​ដែល​បង្ក​ជំងឺ​រលាក​ពោះ​វៀន​ធំ​នេះ​ទេ។

ផ្លាស់​ប្តូរទម្លាប់រស់នៅ

៨- ទម្លាប់រស់នៅ

ការ​ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅ​ និង​វិធី​ព្យាបាល​នៅ​ផ្ទះ​ខាង​ក្រោម អាច​ជួយ​​គ្រប់​គ្រង និងបង្ការ​​ជំងឺរលាក​ពោះវៀន​ធំបាន ​ដូច​ជា៖

– ត្រូវ​ចៀស​វាង​ការ​ញ៉ាំ​អាហារ​រឹង ត្រូវ​ផឹកទឹក​ស្អាត ដើម្បី​ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន និង​ធ្វើ​ឲ្យ​ពោះ​វៀន​ធំ​បានសម្រាក។
– ផ្លាស់​ប្ដូរ​របប​អាហារ ដើម្បីកាត់​បន្ថយ​រោគ​សញ្ញា ប៉ុន្តែជំងឺ​រលាក​ពោះវៀនធំ​ប្រភេទ​ខ្លះ​ គឺ​មិន​អាច​ព្យាបាល​បាន​ទេ។
– កត់ត្រា​ពី​​របបអាហារ​ប្រចាំ​ថ្ងៃ ប្រហែល​ជា​អាច​ជួយ​បាន​ខ្លះ ហើយ​ត្រូវ​ចៀសវាង​ញ៉ាំ​អាហារ​ណា ​ដែល​ធ្វើ​ឲ្យ​រោគ​សញ្ញា​កាន់​តែ​ធ្ងន់​ធ្ងរ។

ចៀសវាង​ញ៉ាំ​អាហារ​ខាង​ក្រោម​ ​បើ​មាន​ជំងឺ​រលាក​ពោះ​វៀន​ធំ៖

– អាហារ​មាន​ជាតិ​ខ្លាញ់ ឬ​ចៀន​បំពង។
– ទឹក​ដោះ​គោ ឬ​ផលិតផល​ធ្វើ​ពីទឹក​ដោះ​គោ។
– អាហារ​​មាន​ជាតិ​កាក​សរសៃ​ខ្ពស់ ដូច​ជា ពោតលីង គ្រាប់​ធញ្ញជាតិ និង​ពោត។
– បើ​មាន​បញ្ហា​រាក (អាលែកហ្ស៊ី) ​ដោយ​សារជាតិ Lactose (Lactose Intolerant) សូម​ចៀសវាង​ផលិតផល​​មាន​ជាតិ Lactose។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 16, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 23, 2019

ប្រភព