backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

ជំងឺគ្រុនឈាម (Dengue Fever)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Dec 30, 2023

ជំងឺគ្រុនឈាម (Dengue Fever)

និយមន័យ

១- ជំងឺ​គ្រុន​ឈាម​ជា​អ្វី?

គ្រុន​ឈាម គឺ​ជា​ជំងឺ​ឆ្លង ភ្នាក់​ងារ​ចម្លង​គឺ​សត្វ​មូស (មូស​ខ្លា) បណ្តាល​មក​ពី​មេរោគ​គ្រុន​ឈាម​ចំនួន ៤ ប្រភេទ។ ជំងឺ​នេះ​ ជា​ភាសា​បច្ចេក​ទេស ហៅ​ថា “Break-bone” ករណី​ខ្លះ​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ឈឺ​សាច់​ដុំ និង​មាន​អារម្មណ៍​ដូច​ឆ្អឹង​កំពុង​បាក់។

ជំងឺ​គ្រុន​ឈាម​កម្រិត​មធ្យម បណ្តាល​ឲ្យ​យើង​គ្រុន​ក្តៅ​ខ្លាំង កន្ទួល ឈឺ​សាច់​ដុំ និង​សន្លាក់។ ក្នុង​ករណី​ធ្ងន់​ធ្ងរ ត្រូវ​គេ​ហៅ​ថា​ជំងឺ​គ្រុន​ឈាម Hemorrhagic អាច​បណ្តាល​ឲ្យ​ហូរ​ឈាម​ធ្ងន់​ធ្ងរ សម្ពាធ​ឈាម​ធ្លាក់​ចុះ​ភ្លាមៗ និង​ស្លាប់​ទៀត​ផង។

២- ​គ្រុន​ឈាម​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ?

គ្រុន​ឈាម ជារៀង​រាល់​ឆ្នាំ បាន​កើត​មាន​រាប់​លាន​ករណី​ជុំវិញ​ពិភព​លោក អាច​ប៉ះ​ពាល់​ដល់​មនុស្ស​គ្រប់​វ័យ។ ជំងឺ​គ្រុនឈាម ត្រូវ​បាន​គេ​ឃើញ​កើត​ភាគ​ច្រើន​នៅ​អំឡុង​រដូវ​ភ្លៀង និង​ក្រោយ​រដូវ​ភ្លៀង​ក្នុង​តំបន់​ត្រូពិច ដូចជា៖

– អាហ្វ្រិច

– អាស៊ី​ខាង​ត្រូង និង​ ចិន

– ប្រទេស​ឥណ្ឌា

– មជ្ឈិម​បូព៌ា

– តំបន់ខារ៉ាបៀន អាមេរិក​កណ្តាល និង​អាមេរិក​ខាង​ត្បូង

– អូស្ត្រាលី ប៉ាស៊ីហ្វិក​ខាង​ត្បូង និង​ប៉ាស៊ីហ្វិក​កណ្តាល។

យើង​អាច​ត្រូវ​បាន​គ្រប់​គ្រង​បាន​ដោយ​កាត់​បន្ថយ​កត្តា​ហានិភ័យ​របស់​វា។ សូម​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​អ្នក​សម្រាប់​ព័ត៌​មាន​បន្ថែម។

រោគសញ្ញា

៣- រោគសញ្ញា​គ្រុនឈាម​មាន​អ្វី​ខ្លះ?

ជំងឺ​គ្រុន​ឈាម​មាន ៣ប្រភេទ រួមមាន គ្រុន​ឈាម​ធម្មតា គ្រុន​ឈាម Hemorrhagic និង​គ្រុន​ឈាម Shock syndrome។

ជំងឺ​គ្រុន​ឈាម​ធម្មតា (Classic Dengue)

រោគ​សញ្ញា​ជំងឺ​គ្រុណ​ឈាម​ធម្មតា​មិន​ស្មុគ​ស្មាញ​នោះ​ទេ ដោយ​ជា​ទូទៅ ចាប់​ផ្តើម​កើត​នៅ​ចន្លោះ​ពេល​ពី ៤-៧ ថ្ងៃ​បន្ទាប់​ពី​មូស​បាន​ខាំ ចម្លង​មេរោគ​ទៅ​យើង​រួច ដោយ​រោគ​សញ្ញា​ទាំង​នោះ​រួម​មាន៖

– ក្តៅ​ខ្លូន​ខ្លាំង​រហូត​ដល់ ៤០ អង្សារសេ។

– ឈឺ​ក្បាល​ធ្ងន់​ធ្ងរ

– មាន​ការ​ឈឺ​ចាប់​នៅ​ខាង​ក្រោយ​ភ្នែក

– ឈឺ​សន្លាក់ និង​ឈឺ​សាច់​ដុំ​ធ្ងន់​ធ្ងរ

– ចង្អោរ និង​ក្អួត

ស្នាម​កន្ទួល​អាច​លេច​ឡើង​នៅ​លើ​ខ្លួន​ពី ៣-៤ ថ្ងៃ​បន្ទាប់​ពី​កើត​គ្រុន​ក្តៅ ហើយ​នឹង​ធូរ​ស្រាល​ពី ១-២ ថ្ងៃ​ក្រោយ។ យើង​អាច​​កើត​មាន​កន្ទួល​ក្រហម​លើក​ទី ២ នៅ ២-៣ ថ្ងៃ​បន្ទាប់។

ជំងឺ​គ្រុន​ឈាម Hemorrhagic (មាន​ហូរ​ឈាម​តាម​សរីរាង្គ​មួយ​ចំនួន)

រោគ​សញ្ញា​គ្រុន​ឈាម Hemorrhagic មាន​ការ​រួម​ផ្សំ​ជាមួយ​រោគ​សញ្ញា​គ្រុន​ឈាម​ធម្មតា ជាមួយ​រោគ​សញ្ញា​ធ្ងន់​ដូច​ជា៖

– ខូច​ខាត​សរសៃ​ឈាម និង​កូន​កណ្តុរ

– មាន​ការ​ហូរ​ឈាម​តាម​ច្រមុះ អញ្ចាញ​ធ្មេញ ឬ​នៅ​ពី​ក្រោម​ស្បែក ធ្វើ​ឲ្យ​មាន​ស្នាម​ជាំ​ពណ៌​ស្វាយ។

ជំងឺ​គ្រុន​ឈាម​ប្រភេទ​នេះ អាច​បណ្តាល​ឲ្យ​ស្លាប់​បាន។

ជំងឺគ្រុន​ឈាម Shock Syndrome (​ធ្ងន់ធ្ងរ)

រោគ​សញ្ញា​ជំងឺ​គ្រុន​ឈាម Shock Syndrome សំដៅ​លើ​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​បំផុត​នៃ​ជំងឺ​គ្រុន​ឈាម ដោយ​រោគ​សញ្ញា​ក្រៅ​ពី​មាន​ដូច​គ្រុន​ឈាម​ធម្មតា នៅ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ខ្លាំង​មួយ​ចំនួន​ទៀត​ដូច​ជា៖

– មាន​សារ​ធាតុ​រាវ​លេច​ចេញ​មក​ក្រៅ​តាម​សរសៃ​ឈាម

– មាន​ហូរ​ឈាម​ច្រើន

– សម្ពាធ​ឈាម​ធ្លាក់​ចុះ​ខ្លាំង។

ទម្រង់​ជំងឺ​គ្រុន​ឈាម​ប្រភេទ​នេះ តែង​តែ​កើត​ឡើង​ចំពោះ​ក្មេងៗ ជួន​កាល ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ ដែល​បាន​​កើត​ជំងឺ​គ្រុន​ឈាម​ប្រភេទ​ទី ២ ដូច​គ្នា។ គ្រុន​ឈាម​ប្រភេទ​នេះ អាច​កើត​លើ​ទារក ប៉ុន្តែ​ជា​ទូទៅ​ច្រើន​ប្រទះ​ឃើញ​កើត​លើ​ក្មេង និង​មនុស្ស​ពេញ​វ័យ។

អាច​មាន​​រោគសញ្ញា​ខ្លះ​មិន​បាន​រាយ​រាប់​នៅ​ខាង​លើ។ បើ​សិន​ជា​មាន​បញ្ហា ឬមន្ទិល​សង្ស័យ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ពត៌​មាន​បន្ថែម។

៤- ពេលណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ?

បើ​មាន​រោគ​សញ្ញា​ណា​មួយ​ដូច​បាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់ សូម​ពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត។ ​បើ​យើង​ទៅ​លេង​តំបន់​មាន​ផ្ទុះ​ជំងឺ​គ្រុន​ឈាម ហើយ​មាន​អាការៈ​ក្តៅ​ខ្លួនកើត​ឡើង​ភ្លាម​ៗ គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

ក្ដៅខ្លួន

មូលហេតុបង្ក

៥- មូលហេតុ​បង្ក​ជំងឺ​គ្រុន​ឈាម​មាន​អ្វី​ខ្លះ?

ជំងឺ​គ្រុន​ឈាម បណ្តាល​មក​ពី​វីរុស​ដែល​រីក​រាល​ដាល​តាមរយៈ​មូស​ខាំ។ វីរុស​ជំងឺ​គ្រុន​ឈាម មាន ៤ ប្រភេទ គឺ DEN-1, DEN-2, DEN-3 និង DEN-4 ។ មូស​ខ្លា ជា​ភ្នាក់​ចម្បង​ចម្លង​វីរុស​គ្រុនឈាម ដោយ​ភាសា​បច្ចេក​ទេស គេ​ស្គាល់​ថា Aedes aegypti ឬ Aedes albopictus វា​អាច​ចម្លង​វីរុស​នេះ​ទៅ​តាម​ឈាម​របស់​មនុស្ស​ដោយ​ការ​ខាំ និង​ផ្ទេរ​ឈាម​ដែល​មាន​មេរោគ​ឆ្លង​ទៅ​មនុស្ស​ម្នាក់​ទៀត។ នៅ​ពេល​យើង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​គ្រុន​ឈាម​ រាង​កាយ​យើង​​នឹង​មាន​ភាព​ស៊ាំ​​អាច​ទប់​ទល់​នឹង​ជំងឺ​គ្រុន​ឈាម​បាន។ យ៉ាង​ណា យើង​នៅ​តែ​អាច​កើត​មាន​ជំងឺ​គ្រុនឈាម​ដដែល ដោយ​សារ​តែ​វា​មាន​មេរោគ​វីរុស​ខុសៗ​គ្នា ៤ ប្រភេទ មាន​ន័យ​ថា​ យើង​អាច​ឆ្លង​វីរុស​ប្រភេទ​ផ្សេង​ទៀត។ សំខាន់​បំផុត ត្រូវ​កំណត់​រោគ​សញ្ញា ដើម្បី​ធ្វើ​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ។

កត្តាប្រឈម

៦- កត្តា​ប្រឈម​ជំងឺ​គ្រុនឈាម​មាន​អ្វី​ខ្លះ?

មាន​កត្តា​ប្រឈម​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​នេះ រាប់​បញ្ចូល​ទាំង​ស្ថាន​ភាព​សុខ​ភាព​ ជាដើម​ ខណៈ​កត្តា​ប្រឈម​ចម្បង​មាន​ដូច​ជា៖

– រស់​នៅ ឬ​ធ្វើ​ដំណើរ​នៅ​តំបន់​ត្រូពិច ឬ​តំបន់​ជិត​ត្រូពិច អាច​បង្កើន​ហានិភ័យ​ប៉ះ​ពាល់​ជា​មួយ​វីរុស​ដែល​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​គ្រុន​ឈាម ខណៈ​តំបន់​មាន​ហានិភ័យ​ខ្ពស់ គឺ​អាស៊ី​អាគ្នេយ៍ បណ្តា​កោះ​លើ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ប៉ែក​ខាង​លិច អាមេរិក​ឡា​ទីន និង​តំបន់​ខារ៉ាបៀន។

ក្នុង​ករណី​កម្រ បើ​យើង​ធ្លាប់​ឆ្លង​មេរោគ​គ្រុន​ឈាម​ពី​មុន ការ​ធ្លាប់​ឆ្លង​មេរោគ​គ្រុន​ឈាម​ជាថ្មី អាច​បង្កើន​ហានិភ័យ​ធ្ងន់​ធ្ងរ បើ​វីរុស​ចម្លង​នោះ​ជា​ប្រភេទ​ដដែល។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​ជំងឺ​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យជំ​នាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

៧- រោគវិនិច្ឆ័យ​ជំងឺ​គ្រុនឈាម

ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​គ្រុន​ឈាម អាច​មាន​ការ​ពិបាក ពី​ព្រោះ​រោគ​សញ្ញាអាច​ច្រឡំ​ជា​មួយ​ជំងឺ​ផ្សេងៗ​ទៀត ដូច​ជា ជំងឺ​គ្រុន​ចាញ់ មហា​រីក​សួត និង​គ្រុន​ពោះ​វៀន។

គ្រូពេទ្យ​នឹង​សាក​សួរ​ពី​ប្រវត្តិ​សុខ​ភាព ក៏​ដូច​ជាកន្លែង​ធ្វើ​ដំណើរ​ទៅ​លេង ឬ​ទៅ​ធ្វើ​អ្វី​មួយ។ ហេតុ​នេះ ត្រូវ​ប្រាប់​ព័ត៌មាន​ទាំង​អស់​ឲ្យ​បាន​ល្អិត​ល្អន់​ទៅ​កាន់​គ្រូពេទ្យ ទាំង​ទីកន្លែង​បាន​ទៅ និង​កាល​បរិច្ឆេទ​ជាក់​លាក់ ក៏​ដូច​ជា​ការ​ប៉ះ​ពាល់​ជាមួយ​សត្វ​មូស​ជាដើម។

តេស្ត​មន្ទីរ​ពិសោធន៍​មួយ​ចំនួន អាច​រក​ឃើញ​ពី​វីរុស​ជំងឺ​គ្រុន​ឈាម ប៉ុន្តែ​លទ្ធ​ផល​ធ្វើ​តេស្ត​ជា​ទូ​ទៅ គឺ​យឺត​យ៉ាវ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទទួល​ការ​ព្យាបាល​មិន​បាន​ទាន់​ពេល។

៨- វិធី​ព្យាបាល​ជំងឺ​គ្រុនឈាម

មិន​មាន​ការ​ព្យា​បាល​ជាក់​លាក់​ទេ ប៉ុន្តែ​ជាធម្មតា​អ្នក​ជំងឺ​ នឹង​ជា​សះ​ស្បើយ​ក្នុង​រយៈ​ពេល​ ២ សប្តាហ៍។ សំខាន់​បំផុត ត្រូវ​ព្យាបាល​ទៅ​តាម​រោគ​សញ្ញា ដើម្បី​បញ្ចៀស​ផល​វិបាក​ផ្សេងៗ។ ឮ

គ្រូពេទ្យ​ភាគ​ច្រើន​ណែ​នាំ ជម្រើស​ព្យា​បាល​មាន​ដូច​ខាង​ក្រោម៖

– ដេក​ឲ្យ​បាន​ច្រើន

– ផឹក​ទឹក​ឲ្យ​បាន​ច្រើន

– ប្រើ​ថ្នាំ​ដើម្បី​កាត់​បន្ថយ​អាការៈ​ក្តៅ​ខ្លូន ដូច​ជាថ្នាំ ប៉ារ៉ា​សេ​តា​ម៉ុល (Tylenol, Panadolâ) អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់ និង​បន្ថយ​កម្តៅ​បាន។

– ចៀស​វាង​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ព្រោះ​អាច​បង្កើន​ផល​វិបាក​ហូរ​ឈាម ដូច​ជា​ថ្នាំ អាស្ពីរីន, ថ្នាំ Ibuprofen (Advilâ, Motrinâ) និង​ថ្នាំ Naproxen sodium (Aleveâ) ។

ចំពោះ​ករណី​គ្រុន​ឈាម​ធ្ងន់​ធ្ងរ អាច​បណ្តាល​ឲ្យ​ក្តៅ​ខ្លួន​ដល់ធ្លាក់​ចុះ​សម្ពាធ​ឈាម (Shock) ឬ ហូរ​ឈាម​តាម​សិរីរាង្គ​មួយ​ចំនួន (Hemorrhagic fever ) ទាម​ទារ​ឲ្យ​ព្យា​បាល​ជា​បន្ទាន់។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់​រស់​នៅ

ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ និង​វិធី​ព្យាបាល​នៅ​ផ្ទះ មាន​អនាម័យ​ល្អ អាច​បង្ការ និង​គ្រប់​គ្រង​អាការៈ​ជំងឺ​គ្រុន​ឈាម​បាន។ សំខាន់​បំផុត​ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មាន​ជំងឺ​គ្រុន​ឈាម។ ហើយ​គន្លឹះ​មួយ​ចំនួន​ខាងក្រោម​នេះ​អាច​ជួយ​យើង​បាន​ដូច​ជា៖

– ស្នាក់​នៅ​ក្នុង​ផ្ទះ​មាន​ម៉ាស៊ីន​ត្រជាក់ ឬ​កន្លែង​មាន​ពន្លឺ​គ្រប់​គ្រាន់​ល្អ។ ប្រើ​ថ្នាំ ឬឧបករណ៍​បណ្តេញ​មូស​នៅ​ពេល​យប់។

– កំណត់​ពេល​វេលា​សម្រាប់​សកម្ម​ភាព​ក្រៅ​ផ្ទះ។ ចៀស​វាង​ការ​ចេញ​ទៅ​ក្រៅ​នៅ​ពេល​ព្រឹក​ព្រលឹម ព្រលប់ និង​ពេល​ល្ងាច ទៅ​កាន់​កន្លែង​មាន​មូស​ច្រើន។

– ពាក់​សម្លៀក​បំពាក់​ការ​ពារ ពេល​ចូល​ទៅ​តំបន់​ន​មូស​ច្រើន ដូចជា អាវ​ដៃ​វែង ខោ​វែង ស្រោម​ជើង និង​ស្បែក​ជើង។

– ប្រើ​ថ្នាំ​បាញ់​មូស ដូច​ជាពពួក​ថ្នាំ Permethrin អាច​យក​ទៅ​ប្រើ​លើ​សំលៀក​បំពាក់ ស្បែក​ជើង សម្ភារៈ​សម្រាប់​បោះ​ជំរុំ និង​គ្រែ។ អាច​ទិញ​សម្លៀក​បំពាក់​ផលិត​ដោយ​សារ​ធាតុ Permethrin។ សម្រាប់​ស្បែក​របស់​អ្នក​សូម​ប្រើ​សារធាតុ​ថ្នាំ​មាន​កំហាប់ DEET យ៉ាង​តិច ១០ ភាគរយ។

– កាត់​បន្ថយជម្រក​មូស ព្រោះ​មូស​ផ្ទុក​វីរុស​ជំងឺ​គ្រុន​ឈាម ជា​ធម្មតា​រស់​នៅ​ក្នុង និង​នៅ​ជុំវិញ​ផ្ទះ កន្លែង​មាន​ដក់​ទឹក ដូច​ជា​សំបក​កង់​រថយន្ត ជាដើម ហេតុនេះ​ត្រូវ​កាត់​បន្ថយ​ជម្រក​មូស។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Dec 30, 2023

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម