Dengue Fever Testing (តេស្តជំងឺគ្រុនឈាម)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វីជា​ការ​ធ្វើ​តេស្ត​ជំងឺ​គ្រុន​ឈាម?

គ្រុន​ឈាម ជា​ជំងឺ​កើត​ដោយ​សារ​មូស​ខាំ ច្រើន​កើត​មាន​នៅ​តំបន់​ត្រូពិច និង​តំបន់​ជិត​ត្រូពិច។ បើ​ស្ថាន​ភាព​ជំងឺ​ក្នុង​កម្រិត​ស្រាល នឹង​ធ្វើ​ឲ្យ​មាន​គ្រុន​ក្តៅ​ខ្លាំង រមាស់ និង​ឈឺ​សាច់​ដុំ និង​សន្លាក់។ គ្រុន​ឈាម​ធ្ងន់​ធ្ងរ គេ​ហៅ​ថា​គ្រុន​ឈាម Hemorrhagic អាច​បណ្តាល​ឲ្យ​ហូរ​ឈាម​ធ្ងន់​ធ្ងរ ធ្លាក់​ចុះ​សម្ពាធ​ឈាម និង​ស្លាប់​ភ្លាមៗ​តែ​ម្តង។

ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​គ្រុន​ឈាម អាច​ពិបាក ព្រោះ​រោគ​សញ្ញា​ងាយ​ច្រឡំ​ជា​មួយ​ជំងឺ​ផ្សេងៗ​ទៀត ដូច​ជា​ជំងឺ​គ្រុន​ចាញ់ ជំងឺ​ Leptospirosis (បង្ក​ដោយ​បាក់តេរី Leptospira) និង​ជំងឺ​គ្រុន​ពោះ​វៀន។ ធ្វើ​តេស្ដ​រក​មេរោគ​គ្រុន​ឈាម ត្រូវ​បាន​កំណត់​ដោយ​រោគ​សញ្ញា និង​ការ​ប៉ះ​ពាល់​ថ្មីៗ​ជាមួយ​វីរុស​គ្រុន​ឈាម។

២- តេស្ត​ជំងឺ​គ្រុនឈាម​ធ្វើ​ឡើង​ដើម្បី​អ្វី?

ការ​ធ្វើ​តេស្ត អាច​ធ្វើ​នៅ​ពេល​អ្នក​ជំងឺ​មាន​រោគ​សញ្ញា​ទាក់​ទង​ជំងឺ​គ្រុន​ឈាម ខណៈ​រោគ​សញ្ញា​សំខាន់​ៗ​មួយ​ចំនួន​មាន៖

– ក្តៅ​ខ្លួន​ខ្លាំង​ភ្លាមៗ (៤០ អង្សារសេ)
– ឈឺ​ក្បាល​ធ្ងន់​ធ្ងរ ឬ​ឈឺ​ចាប់​នៅ​ក្នុង​ភ្នែក
– ឈឺ​សន្លាក់ សាច់​ដុំ ឬ​ឆ្អឹង
– ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ និង​ច្រមុះ
– ងាយ​ជាំ
– ចំនួន​កោសិកា​ឈាម​ស​ធ្លាក់​ចុះ។

ការ​ធ្វើ​តេស្ត​ម៉ូលេគុល (Molecular testing) នឹង​ត្រូវ​ធ្វើ​អំឡុង​ពេល​មួយ​សប្តាហ៍ ក្រោយ​ចាប់​ផ្តើម​ចេញ​រោគ​សញ្ញា ដើម្បី​រក​មើល​ពី​ការ​ចម្លង​រោគ​ស្រួច​ស្រាល ឯ​ការ​ធ្វើ​តេស្ត​រក​អង់​ទី​ករ​ (antibody testing ) នឹង​ធ្វើ​ក្រោយ​ពី​ចេញរោគ​សញ្ញា​យ៉ាង​តិច​បាន ៤ ថ្ងៃ។ ប្រសិន​ធ្វើ​តេស្ត​អង់ទីករ​រួច​រាល់ នៅ​ពេទ្យ​នឹង​ប្រមូល​សំណាក​ឈាម​បន្ថែម ក្រោយ​ចេញ​រោគ​សញ្ញា​បាន​ពីរ​សប្តាហ៍ ដើម្បី​កំណត់​ថា​កម្រិត​អង់​ទី​ករ​កើន​ឡើង ឬ​អត់។

កត្តាគួរប្រុងប្រយ័ត្ន

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ធ្វើ​តេស្ត​ជំងឺ​គ្រុនឈាម?

ការ​ធ្វើ​អង់ទីករ​សម្រាប់​ជំងឺ​គ្រុន​ឈាម អាច​មាន​លក្ខណៈ​វិជ្ជ​មាន បើ​យើង​ឆ្លង​មេរោគ​ ជា​មេរោគ​ផ្សេង​ទៀត ដូច​ជា​វីរុស West Nile ជា​ដើម។ ត្រូវ​ថែ​ទាំ​សុខ​ភាព និង​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​គិត​លើ​លទ្ធ​ផល​ធ្វើ​តេស្ត​មនុស្ស​រៀងៗ​ខ្លួន ប្រវត្តិ​ជំងឺ និង​ប្រវត្តិ​ធ្វើដំណើរ​ក្នុង​ពេល​ថ្មីៗ។

គ្មាន​មន្ទីរ​ពិសោធន៍​ណា​មួយ អាច​ទស្ស​ទាយ​ពី​ដំណើរ​ការ​វិវត្ត ទៅ​ជា​ទម្រង់​ធ្ងន់​ធ្ងរ​នៃ​ការឆ្លង​មេ​រោគ​នេះ​ទេ ប៉ុន្តែ​អ្នក​ធ្លាប់​ឆ្លង​ជំងឺ​គ្រុន​ឈាម​ពី​មុន គឺ​មាន​ហានិភ័យ​ខ្ពស់​វិវត្ត​ទៅ​ជា​ជំងឺ​គ្រុន​ឈាម​កម្រិត​ធ្ងន់​ធ្ងរ ពេល​មាន​ការ​ឆ្លង​មេរោគ​ជា​លើក​ទី ២។

ដំណើរការធ្វើតេស្ត

៤- គួរ​ត្រៀម​អ្វី​ខ្លះ​មុខ​ពេល​ធ្វើ​តេស្ត?

ការ​ធ្វើ​តេស្ត​នេះ មិន​តម្រូវ​ឲ្យ​មាន​ការ​រៀប​ចំ​អ្វី​ជាក់​លាក់​នោះ​ទេ។ បើ​ក្តី​កង្វល់ ឬ​មន្ទិល​សង្ស័យ សូម​ទៅ​ធ្វើ​ការ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត។

៥- មាន​អ្វី​កើត​ឡើង​អំឡុង​ពេល​ធ្វើ​តេស្ត?

តេស្ត​ជំងឺ​គ្រុនឈាម ត្រូវ​ធ្វើ​តាម​របៀបធ្វើ​តេស្ត​ឈាម​ស្តង់​ដារ មាន​ន័យ​ថា គេ​ត្រួវ​យក​គំរូ​ឈាម​ទៅ​វិភាគ​នៅ​មន្ទីរ​ពិសោធន៍ ខណៈ​ប្រភេទ​ធ្វើ​តេស្ត​ចម្បង​មាន ២៖

– Molecular testing (ប្រតិកម្ម​ចង្វាក់ Polymerase PCR)៖ តេស្ត​ប្រភេទ​នេះ ដើម្បី​រក​មើលហ្សែន​មាន​ផ្ទុក​វីរុស​ជំងឺ​គ្រុន​ឈាម អំឡុង​សប្តាហ៍​ទី១ បន្ទាប់​ពី​មាន​រោគ​សញ្ញា​លេច​ឡើង (គ្រុន​ក្តៅ) និង​ដើម្បី​​កំណត់​ពី Serotypes ទាំង ៤ ដែល​បង្ក​ឲ្យ​ឆ្លង​មេរោគ។ ធ្វើ​តេស្ត​ប្រភេទ RT-PCR អាច​រក​ឃើញ​ជំងឺ​គ្រុន​ឈាម និង​វីរុស​ពីរ​ប្រភេទ​ផ្សេង​ទៀត ដែល​សុទ្ធ​សឹង​ចម្លង​ដោយ​សារ​មូស គឺ​មេរោគ ហ្ស៊ីកា (Zika) និង Chikungunya ក៏​ដូច​ជា​កំណត់​ការ​ព្យាបាល​មេរោគ​ទាំង ៣ ប្រភេទស​នេះ។

មាន​តែ​មន្ទីរ​ពិសោធន៍​សុខ​ភាព​សាធារណៈ​មួយ​ចំនួន​ប៉ុណ្ណោះ អាច​ធ្វើ​តេស្ត​នេះ ហើយ​បី​ទោះ​ជាតេស្ត​នេះ​មិន​មាន​នៅ​ក្នុង​មន្ទីរពេទ្យ ឬ​គ្លីនិក​ក៏​ដោយ ប៉ុន្តែ​អ្នក​ថែ​ទាំ​សុខ​ភាព​អាច​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​យើងអាច​ធ្វើ​តេស្ត​តាម​រយៈ​មន្ទីរ​សុខា​ភិបាល​រដ្ឋ​បាល ហើយ​លទ្ធ​ផល​អាច​ចំណាយ​ពេល​ពី ៤ ទៅ ២ សប្តាហ៍។ តេស្ត​ម៉ូលេគុល គឺ​មិន​អាចរក​ឃើញ​វីរុស​ទេ ក្នុង​ករណី​បើ​រោគ​សញ្ញា​ជំងឺ​លេច​ចេញ​រយៈពេល ៧ ថ្ងៃ ហើយ​បើលទ្ធ​ផល​នៃ​តេស្ត PCR អវិជ្ជមាន យើង​អាច​ធ្វើ​តេស្ត​អង់ទីករ ដើម្បី​ជួយ​កំណត់​រោគ​វិនិច្ឆ័យ។

– តេស្ត​អង់ទីករ Antibody tests៖ តេស្ត​នេះ ត្រូវ​ប្រើ​ជា​ទូទៅ ដើម្បី​ជួយ​​ធ្វើ​រោគ​វិនិច្ឆ័យ​ការ​រោគ​ឆ្លង​បច្ចុប្បន្ន ឬ​ថ្មីៗ។ មាន​អង់​ទីករ​ខុស​គ្នា​ពីរ​ប្រភេទ ដែល​បង្កើត​ឡើង​ដោយ​រាង​កាយ​យើង ដើម្បី​ឆ្លើយ​តប​នឹង​ការ​ឆ្លង​មេរោគ​ជំងឺ​គ្រុន​ឈាម គឺ IgG និង IgM។ ការ​ធ្វើ​រោគ​វិនិច្ឆ័យ ត្រូវ​រួម​បញ្ចូល​គ្នា ពី​ព្រោះ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ​យើង បង្កើត​អង់ទីករ​ផ្សេងៗ​គ្នា អំឡុង​ពេល​មាន​ជំងឺ។ អង់ទីករ IgM ត្រូវ​បាន​ផលិត​មុន​គេ តេស្ត​នេះ​មាន​ប្រសិទ្ធ​ភាព​បំផុត ក្រោយ​ការ​ឆ្លង​មេរោគ​យ៉ាង​ហោច​ណាស់ ៧-១០ ថ្ងៃ។ ឈាម​នឹង​កើន​​ឡើង​ក្នុង​រយៈ​ពេល ២-៣ សប្តាហ៍​បន្ទាប់​មក នឹង​ថយ​ចុះ​វិញ​តាម​លំដាប់។ ២-៣ ខែ​បន្ទរាប់ អង់ទីករ IgM ធ្លាក់​ចុះ​ក្រោម​កម្រិត​អាច​រក​ឃើញ​មេរោគ អង់​ទី​ករ IgG ត្រូវ​បាន​ផលិត​ឡើង​ក្នុង​រយៈពេល​យឺត ដើម្បី​ឆ្លើយ​តប​នឹង​ការ​ឆ្លង​មេរោគ។ ជា​ធម្មតា​ កម្រិត​បាន​កើន​ឡើង​ពេល​មាន​ការ​ឆ្លង​មេរោគ​ស្រួច​ស្រាល ស្ថិរ​ភាពនៃ​មេរោគ និង​បន្ត​កើត​ក្នុង​រយៈ​ពេល​វែង។

អ្នក​ជំងឺ​បាន​ប៉ះ​ពាល់​នឹង​វីរុស មុន​ពេល​មាន​ការ​ឆ្លង​មេរោគ​នេះ ត្រូវ​ធ្វើ​ការ​រក្សា​កម្រិត​អង់​ទី​ករ IgG នៅ​ក្នុង​ឈាម ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​ការ​បក​ស្រាយ​លទ្ធផល​ធ្វើ​រោគ​វិនិច្ឆ័យ​បាន។

៦- មាន​អ្វី​កើត​ឡើង​ក្រោយ​ធ្វើ​តេស្ត?

ធ្វើ​តេស្ត​នេះ មិន​ត្រូវ​ការ​ការ​ថែ​ទាំ​ពិសេស​ណា​មួយ​ទេ។ បន្ទាប់​ពី​ធ្វើ​តេស្ត​រួច យើង​អាច​បន្ត​សកម្ម​ភាព​ប្រចាំថ្ងៃ​បាន លុះ​ត្រា​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។

ប្រសិន​ជា​មាន​ចម្ងល់​ណា​មួយ ពាក់ព័ន្ធ​ការ​ធ្វើ​តេស្ត​ជំងឺ​គ្រុនឈាម សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ដើម្បី​ទទួល​បាន​ការ​ណែនាំ​បន្ថែម។

លទ្ធផល​

៧- លទ្ធផល​តេស្ត

– តេស្តម៉ូលេគុល Molecular testing៖ ការ​ធ្វើ​តេស្ត PCR ដែល​រក​ឃើញ​វត្ត​មាន​វីរុស ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វិធី​សាស្រ្ត​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ​ល្អ​បំផុត។ លទ្ធ​ផល​វិជ្ជ​មាន​ពី​តេស្ត PCR ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​សន្និដ្ឋាន ខណៈ​លទ្ធ​ផល​អវិជ្ជ​មាន អាច​បង្ហាញ​ថា​យើងមិន​មាន​ឆ្លង​មេរោគ​ទេ ឬ​ថា​កម្រិត​មេរោគ​ក្នុង​ខ្លួន​ទាប​ពេក មិន​អាច​រក​ឃើញ ហើយ​ករណី​នេះ អាច​កើត​ឡើង បើ​ការ​ធ្វើ​តេស្ត​​ធ្វើ​បន្ទាប់​ឆ្លង​មេរោគ​បាន ៧ ថ្ងៃ។ លើ​លទ្ធ​ផល PCR អវិជ្ជ​មាន ត្រូវ​តាម​ដាន​បន្ថែម​តាមរយៈ​ការ​ធ្វើ​តេស្ត​អង់ទីករ។

– តេស្ត​អង់ទីករ Antibody testing៖ អាច​​វិជ្ជ​មាន ឬ​អវិជ្ជ​មាន ក៏​ដូច​ជា​មាន​វត្ត​មានអង់​ទី​ករ IgG ឬ IgM ស្ថិត​ក្នុង​កម្រិត​ទាប។

ធ្វើ​តេស្ត IgM និង IgG វិជ្ជ​មាននៅ​ក្នុង​គំរូ​ឈាម​ដំបូង មាន​ន័យ​ថា​យើង​ទំនង​បាន​ឆ្លង​មេរោគ​គ្រុន​ឈាម​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។ តេស្ត​អង់​ទី​ករ IgM អាច​មាន​លក្ខណៈ​វិជ្ជ​មាន បើ​យើង​បាន​ឆ្លង​មេរោគ​ស្រដៀង​គ្នា ដូច​ជា​មេរោគ Chikungunya។ ក្នុង​ករណី​ការ​ធ្វើ​តេស្តអង់​ទី​ករ IgM ដំបូង​មាន​លក្ខណៈ​វិជ្ជ​មាន ការ​ធ្វើ​តេស្ត​លើក​ទី​ពីរ គេ​ហៅ​ថា Plaque Reduction Neutralization Test (PRNT) ប្រើ​ដើម្បី​បញ្ជាក់​ពី​វត្ត​មាន​អង់​ទី​ករ​មេរោគ​ជំងឺ​គ្រុន​ឈាម និង​ដើម្បី​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។

បើតេស្ត IgG មាន​លក្ខណៈ​វិជ្ជ​មាន ប៉ុន្តែ IgM មាន​កម្រិត​ទាប ឬ​អវិជ្ជមាន​នោះ យើង​ប្រហែល​ជា​មាន​ការ​ឆ្លង​មេរោគ​ណា​មួយ​នា​ពេល​កន្លង​មក។ ប្រសិន​បើ​កម្រិត​អង់​ទី​ករ IgG មាន​ការ​កើន​ឡើង ៤ ដង ឬ​ខ្ពស់​ជាង​នេះ (ឧទាហរណ៍ តេស្ត ១:៤ ដល់ តេស្ត ១:៦៤) រវាង​គំរូ​ឈាម​ដំបូង និង​គំរូ​ទើប​យក​បាន​ចន្លោះ ២-៤ សប្តាហ៍ ក្រោយ​យើង​គិត​ថា​មាន​ការ​ឆ្លង​មេរោគ។

ការ​ធ្វើ​តេស្តន៍​អវិជ្ជ​មាន​ចំពោះ​អង់​ទី​ករ IgM និងIgG មាន​ន័យ​ថា យើង​មិន​បាន​ឆ្លង​មេរោគ​គ្រុន​ឈាម និង​មិន​មាន​ចេញ​រោគ​សញ្ញា​បណ្តាល​មក​ពី​មូល​ហេតុ​ផ្សេង​ទៀត​ទេ ឬ​កម្រិត​អង់​ទី​ករ​មាន​កម្រិត​ទាប​ពេក ក្នុង​ការ​វាស់​វែង​រក​ចំនួន​មេរោគ ប៉ុន្តែ​ករណី​នេះ យើង​នៅ​តែ​អាច​មាន​ជំងឺ​គ្រុន​ឈាម​បាន។ករណី​នេះ អាច​ដោយ​សារ​យើង​ឆាប់​ពិនិត្យ​ពេក ក្រោយ​ប៉ះ​ពាល់​ទៅ​នឹង​មេរោគ ដែល​ជាប់​ទាក់​ទង​នឹង​ការ​ផលិត​អង់​ទី​ករ​ដែល​អាច​រក​ឃើញ។

អា​ស្រ័យ​ទៅ​លើ​មន្ទីរពេទ្យ និង​មន្ទីពិសោធន៍ ធម្មតា​តេស្ត​ជំងឺ​គ្រុនឈាម មាន​ភាព​ខុសៗ​គ្នា។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​លទ្ធផល​តេស្ត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 9, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 16, 2019

អ្នកអាចចូលចិត្ត