Drug Overdose (បញ្ហា​ប្រើ​ថ្នាំ​លើស​កម្រិត)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​​ជា​ការ​ប្រើ​ថ្នាំ​លើស​កម្រិត?

ការ​ប្រើ​ថ្នាំ​លើស​កម្រិត ​អាច​បណ្ដាល​មក​ពីការ​​ច្រឡំ ឬ​ដោយ​ចេតនា ដែល​កើត​ឡើង​នៅ​ពេល​នរណា​ស​ម្នាក់​ ប្រើ​ថ្នាំ​ពេទ្យ​ច្រើន​ជាង​កម្រិតពេទ្យ​ណែនាំ។ គ្នា​យើង​​មួយ​ចំនួន​អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ខ្លះ ទោះ​បី​ជា​កម្រិត​តិច​តួច​របស់​ថ្នាំ​ក្ដី ក៏​អាច​ធ្វើ​ឲ្យ​ពុល​បាន​ដែរ មាន​ន័យ​ថា​កម្រិត​ប្រើ ដើម្បី​ព្យាបាល​​មនុស្ស​ទូទៅ​ទទួល​យក​បាន សម្រាប់គ្នា​យើង​ខ្លះ​​វិញ ថ្នាំ​គឺ​មាន​សកម្មភាព​​ខ្លាំង​ចំពោះ​​រាង​កាយ​ពួកគេ។

ថ្នាំ​ខុស​ច្បាប់ ​ប្រើ​ក្នុង​កម្រិត​ខ្ពស់ អាច​ក្លាយ​ទៅ​ជា​លើស​កម្រិត ​នៅ​ពេល​ដែល​ការ​ធ្វើ​មេតាបូលីស​បញ្ចេញ​ជាតិ​ពុល​របស់​ថ្នាំ ​មិន​លឿន​គ្រប់គ្រាន់​ ដើម្បី​ចៀសវាង​បញ្ហា​សុខ​ភាព​ណា​មួយ​យើង​កំពុង​​ជួប​ប្រទះ។

រាង​កាយ​មនុស្ស​ម្នាក់ៗមាន​ការឆ្លើយ​តប​ខុស​ៗគ្នា​ ទៅ​នឹង​ការ​ប្រើ​ថ្នាំ​លើស​កម្រិត។ ហើយ​ការ​ព្យាបាល ​ក៏តម្រូវ​តាម​ស្ថានភាព​យើង​​ម្នាក់​ៗផងដែរ។

២- ​ប្រើ​ថ្នាំ​លើស​កម្រិត​កើត​ឡើង​ញឹកញាប់​ប៉ុនណា?

ការ​ប្រើ​ថ្នាំ​លើស​កម្រិត ​អាច​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ តែក៏កើត​ឡើង​ញឹក​ញាប់​ចំពោះ​កូន​ក្មេង​តូច​ៗ (ចាប់​ពី​ចេះ​វារ ដល់​អាយុ ៥ឆ្នាំ) និង​ចំណោម​យុវវ័យ​ នៅ​អាយុ​ពាក់​កណ្ដាល​ ៣០ ​ឆ្នាំ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

រោគ​សញ្ញា

៣- រោគ​សញ្ញា​ប្រើ​ថ្នាំ​លើស​កម្រិត​មាន​អ្វី​ខ្លះ?

រោគ​សញ្ញា​កើត​ឡើង​ជា​ញឹក​ញាប់​ចំពោះ​ការ​ប្រើ​ថ្នាំ​លើស​កម្រិត​រួម​មាន៖

– ប្រស្រី​ភ្នែក​រីក​ធំ
– ដើរ​មិន​ត្រង់​ខ្លួន
– ឈឺ​ទ្រូង
– ពិបាក​ដក​ដង្ហើម​ខ្លាំង ដក​ដង្ហើម​ខ្លីៗ ឬ​ពេល​ខ្លះ​មិន​ដក​ដង្ហើម
– បញ្ចេញ​សំឡេង​មិន​ច្បាស់ បង្ហាញ​ថា​ជន​រង​គ្រោះ​កំពុង​តែ​ស្ទះ​ផ្លូវ​ដង្ហើម
– ឡើង​ខៀវ​បបូរ​មាត់​ ឬ​ម្រាម​ដៃ
– ចង្អោរ​ ឬ​ក្អួត
– ឡើង​កម្តៅ​រាង​កាយ​ខុស​ធម្មតា
– បង្ហាញ​ចរិត​ហិង្សា​ ឬ​ខឹង
– វង្វេង​វង្វាន់
– មាន​អារម្មណ៍​ដូច​គេ​តាម​ចាប់​មិន​ឈប់ (Paranoia)
– មាន​ការ​​ព្រួយ​បារម្ភ ឬ​រំជើប​រំជួល​ខ្លាំង
– ប្រកាច់ ឬ​ញ័រ
– ប្រកាច់ (ដោយ​សារ​ចរន្ត​នៅ​ក្នុង​ខួរ​ក្បាល​រង​ការ​រំខាន)
– មិន​មាន​សកម្មភាព​តប
– បាត់បង់​ស្មារតី
– ស្លាប់។

មនុស្ស​ម្នាក់មិន​បញ្ចេញ​រោគ​សញ្ញា​ទាំង​អស់ ឬ​ភាគ​ច្រើន​នៃ​រោគ​សញ្ញា​ទាំង​នោះ​ឡើយ ប៉ុន្តែទោះ​បី​ជា​មាន​ចេញ​រោគ​សញ្ញា​ទាំង​នោះ​បន្តិច​បន្តួច​ក៏​ដោយ ក៏​អាច​បង្ហាញ​ថា​ អ្នក​​នោះ​កំពុង​ប្រើ​ថ្នាំ​លើស​កម្រិតដែរ។

អាច​នៅ​មាន​រោគ​សញ្ញាមិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះបើមាន​ក្តីបារម្ភ​ពី​រោគ​សញ្ញា​ណាមួយ សូម​​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ភ្លាម។

៤- ពេល​ណា​​ត្រូវទៅ​ជួបពេទ្យ?

បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។

មូលហេតុបង្ក

៥- មូល​ហេតុ​នាំ​ឲ្យ​​ប្រើ​ថ្នាំ​លើស​កម្រិត

មូល​ហេតុ​​នាំ​ឲ្យ​ប្រើ​ថ្នាំ​លើស​កម្រិត​ អាច​មក​ពី​ការ​ប្រើ​លើស​ដោយ​អចេតនា ឬ​ដោយ​ចេតនា។ ការ​ប្រើ​ថ្នាំ​លើស​កម្រិត​ដោយ​អចេតនា អាច​កើត​ឡើង​ដោយសារ​ក្មេង ឬ​មនុស្ស​ចាស់ មាន​បញ្ហា​លើ​សរសៃ​ប្រសាទ។ ចំពោះ​មនុស្ស​ធំ ពិសេសមនុស្ស​ចាស់ ឬ​មនុស្ស​ដែល​លេប​ថ្នាំ​ច្រើន​មុខ អាច​នឹង​លេប​ថ្នាំ​ច្រឡំ ឬ​លេប​ច្រឡំកម្រិត​ថ្នាំ។ គោល​ដៅ​​ប្រើ​ថ្នាំលើស​កម្រិត​នេះដែរ អាច​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធ​ភាព​លឿន តាម​បំណង ឬ​ដើម្បី​ឲ្យ​មាន​កម្រិត​ថ្នាំ​ខ្ពស់ ឬ​ដើម្បី​បង្ក​គ្រោះ​ថ្នាក់លើ​ខ្លួន​ឯង។

ចំពោះក្មេង អាច​នឹង​លេប​ថ្នាំ​ខុស ដោយសារ​ការ​ចង់​លេង​ ចង់​ដឹង​ ពី​ថ្នាំ​ពេទ្យ​ពួក​គេ​រក​ឃើញ។

ក្មេង​​មាន​អាយុ​ក្រោម ​៥​ ឆ្នាំ (ជាពិសេស​អាយុ ពី ៦ខែ ទៅ ៣ឆ្នាំ) អាច​នឹង​ចាប់​កាន់​វត្ថុ​ទាំង​អស់​ដែលបាន​ឃើញ ហើយ​ដាក់​វា​ចូល​មាត់។ ការ​ប្រើ​ថ្នាំ​លើស​កម្រិត ក្នុង​វ័យ​នេះ ជា​ទូទៅ​កើត​ឡើង​នៅ​ពេល​នរណា​ម្នាក់​ទុក​ថ្នាំ​ចោល​នៅ​កន្លែង​​ក្មេង​អាច​យក​បាន។ ក្មេង​​តូចៗ នៅ​ពេលគេ​រក​ឃើញ​ថ្នាំ ជាញឹក​ញាប់​ច្រើន​ចែក​វា​ទៅ​ឲ្យ​ក្មេង​ដទៃ ដូច​នេះ​ បើ​​សង្កេត​ឃើញ​ថា ​ក្មេង​ម្នាក់​ប្រើ​ថ្នាំ​លើស​កម្រិត ហើយ​ឃើញ​ក្មេង​ជាច្រើន​កំពុង​លេង​ក្បែរ​​នោះ នោះ​ក្មេង​ទាំង​នោះ​អាច​នឹង​លេប​ថ្នាំ​ដូច​គ្នា។

មនុស្ស​ពេញ​វ័យ អាច​ប្រើ​ថ្នាំ​លើស​កម្រិត​ដោយ​មួយ​មុខ ​ឬច្រើន​មុខ​ ដើម្បី​ធ្វើ​ឲ្យ​ខ្លួនឯងមាន​គ្រោះ​ថ្នាក់។ ការ​ព្យាយាម​ធ្វើ​បាប​ខ្លួន​ឯង​នេះ​ និយាយ​ឲ្យ​ខ្លី គឺ​ប៉ុនប៉ង​សម្លាប់​ខ្លួន។ មនុស្សប្រើ​ថ្នាំ​លើស​កម្រិត​ដោយ​ចេតនា​ ភាគ​ច្រើន ​គឺ​រង​គ្រោះ​ពី​បញ្ហា​ផ្លូវ​ចិត្ត ហើយ​បញ្ហា​ផ្លូវ​ចិត្ត​នេះដែរ អាច​នឹងធ្លាប់ ឬ​មិនធ្លាប់​ធ្វើ​រោគ​វិនិច្ឆ័យ​ពី​មុន​មក។

កត្តា​ប្រឈម

៦- កត្តា​ប្រឈម​នាំ​ឲ្យ​​ប្រើ​ថ្នាំ​លើស​កម្រិត

មាន​កត្តា​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ជា​ច្រើន​ពី​ការ​ប្រើ​ថ្នាំ​លើស​កម្រិត ដូច​ជា៖

– រាង​កាយ​ត្រូវ​ពឹង​ផ្អែក​លើ​ថ្នាំ​ទាំង​ស្រុង មុន​ពេល​ប្រើ​ថ្នាំ​លើស​កម្រិត
– ញៀន​សារធាតុមួយចំនួន​ រួម​ទាំង​ស្រា
– ប្រើ​សារធាតុ​អ្វី​មួយ​ក្នុង​បរិមាណ​ច្រើន​នៅ​ពេល​តែ​មួយ
– បញ្ឈប់​ការ​ព្យាបាល​ញៀន​សារធាតុ​អ្វី​មួយ
– បង្កើន​កម្រិត​សារធាតុ​អ្វី​មួយ ​ម្ដង​បន្តិចៗ
– ស្ទាក់​ស្ទើរ​ក្នុង​ការ​ហៅ​ជំនួយ​សង្គ្រោះ​បន្ទាន់​ ពេល​ត្រូវ​ការ​ចាំ​បាច់
– ប្រើ​ថ្នាំ​ចាក់​តាម​សរសៃ
– ទើប​តែ​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង
– ធ្លាប់​ព្យាយាម​សម្លាប់​ខ្លួន​ពី​មុន​មក
– បន្ត​ប្រើ​ថ្នាំ បន្ទាប់​ពី​ឈប់​បាន​មួយ​រយៈ
– ការ​​អត់​ធន់​របស់​រាង​កាយ​ មាន​កម្រិត​ទាប។

អត្ថបទ​ពាក់ព័ន្ធ៖

រោគ​វិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ត្រូវ​ពិនិត្យ​លើ​ប្រវត្តិ​ជំងឺ ​និង​រាងកាយ ដើម្បី​រក​មើល​ភស្តុតាង​បញ្ជាក់ពី​ការ​ពុលថ្នាំ។ គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​មន្ទីរ​ពិសោធន៍​មួយ​ចំនួន​ ដោយ​ផ្អែក​លើ​ប្រព័ន្ធ​សរីរាង្គ​ណា​មួយ​​រង​ការ​ប៉ះ​ពាល់​ ដោយ​ការ​ប្រើ​ថ្នាំ​លើស​កម្រិត ​ប្រភេទ​ជាក់លាក់​ណា​មួយ។

សមាជិក​គ្រួសារ​ និង​អ្នក​ដែល​ពាក់​ព័ន្ធ គឺ​ជា​ប្រភព​ព័ត៌មាន​សំខាន់​ ​អាច​ជួយ​គ្រូពេទ្យ​តាម​រយៈ​ការ​​ផ្ដល់​ឈ្មោះ​ថ្នាំ កម្រិត​​លេប និង​ពេល​​ប្រើ​ថ្នាំ​លើស​កម្រិត។

គេ​អាច​វាស់​កម្រិត​ជាក់​លាក់​របស់​ថ្នាំនៅ​ក្នុង​ឈាម​ ដោយ​ផ្អែក​លើ​ថ្នាំ​ដែល​លេប និង​មូល​ហេតុ​ដែល​ប្រើ​ថ្នាំ​លើស​កម្រិត ហើយ​ការ​ធ្វើ​តេស្ត​រក​ប្រភេទ​ថ្នាំ (Drug Screening ​) ក៏​អាច​នឹង​ត្រូវ​ធ្វើ​ដែរ។

៨- ព្យាបាល​ដោយ​វិធីណា?

ការ​ព្យាបាល​ អាច​នឹង​ត្រូវ​ប្រើ​ថ្នាំ​ជាក់​លាក់​ណា​មួយ​ ដើម្បី​ប្រឆាំង​នឹង​ការ​ប្រើ​ថ្នាំ​លើស​កម្រិត​នោះ។ ព័ត៌មាន​ពី​កម្រិត​ប្រើ ពេល​លេប​ថ្នាំ​ និង​បញ្ហា​សុខភាព​ផ្សេងៗ គឺ​សុទ្ធ​តែ​មាន​ប្រយោជន៍។

គ្រូពេទ្យ​អាច​នឹង​លាង​ក្រពះ (Stomach pumping) ដើម្បី​សម្អាត​ចេញ​សារធាតុ​ថ្នាំ​មិន​ទាន់​ស្រូប​ចូល​រាង​កាយ។

ថ្នាំ​ធ្យូង (Activated charcoal) នឹង​ត្រូវ​ឲ្យ​លេប​ដើម្បី​ជួយ​ឲ្យ​ថ្នាំ​ទាំង​នោះ​ ចាប់​ជាប់​ជាមួយ​នឹង​វា​ ហើយ​នឹង​នៅ​តែ​ក្នុង​ពោះវៀន​ ​ក្រពះ ​ធ្វើ​ឲ្យ​កម្រិត​ស្រូប​ចូល​ក្នុង​ចរន្ត​ឈាម​ មាន​កម្រិត​ទាប។ សារធាតុ​ថ្នាំ​ទៅ​ជាប់​ជាមួយ​ថ្នាំ​ខ្មៅ នឹង​ចេញ​មក​ក្រៅ​វិញ​តាម​លាមក។ ជា​ញឹក​ញាប់ ​គេ​ច្រើន​ឲ្យ​ថ្នាំ​បញ្ចុះ​លាមក ​ជាមួយ​​ថ្នាំ​ខ្មៅ ដើម្បី​ឲ្យ​អ្នក​ជំងឺ​បន្ទោបង់​​កាន់​តែ​លឿន​។

ចំពោះករណី​ជន​រង​គ្រោះ​ប្រកាច់ ឬ​រើ​បម្រះខ្លះ គ្រូពេទ្យ​អាច​នឹង​ចាប់​ឲ្យ​នៅ​ស្ងៀម ឬ​ពេល​ខ្លះ​ត្រូវ​ប្រើ​ថ្នាំ​សណ្ដំ នៅ​ក្នុង​បន្ទប់​សង្គ្រោះ រហូត​ទាល់​តែឥទ្ធិពល​ថ្នាំរលាយ​អស់។ ពេទ្យ​អាច​នឹង​ប្រើ​ពេល​ច្រើន​ ដោយ​ប្រើ​ទាំង​កម្លាំង​បាយ ​និង​ថ្នាំ​ពេទ្យ​ច្រើន​តាម​ដែល​ចាំបាច់។ ​ត្រូវ​ចាំ​ថា គ្រប់​យ៉ាង​ដែល​ក្រុម​គ្រូពេទ្យ​ធ្វើ គឺ​ដើម្បី​ការពារជីវិត​មនុស្ស ដោយ​ពេល​ខ្លះជន​រង​គ្រោះ ត្រូវ​ការ​ដាក់​បំពង់​ចូល​ក្នុង​ផ្លូវ​ដង្ហើម (Intubated) ដើម្បី​ការពារ​សួត ឬ​ជួយជន​រងគ្រោះ​​ឲ្យ​ដក​ដង្ហើម​អំឡុង​ពេល​ធ្វើ​ការ​បន្សាប​ជាតិ​ពុល​នេះ។

ករណី​ប្រើ​ថ្នាំ​លើស​កម្រិត​ខ្លះទៀត ថ្នាំ​ផ្សេង​ៗ ​អាច​នឹង​ត្រូវ​ឲ្យ​ ដើម្បី​ធ្វើ​ជា​ថ្នាំ​បន្សាប ផ្លាស់​ប្ដូរ​ប្រសិទ្ធភាពថ្នាំ​ដែល​លេប​នោះ ឬ​ដើម្បី​ការ​ពារ​ពី​គ្រោះ​ថ្នាក់​កាន់​ខ្លាំង​​ថ្នាំ​លេប​លើស​នោះ។ គ្រូពេទ្យ​នឹង​សម្រេច​ថា​តើ ​ត្រូវ​​មាន​ការ​ព្យាបាល​បន្ថែម​ឬ​ក៏អត់។

ផ្លាស់​ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងបញ្ហា​កុំ​ឲ្យ​កើត​ឡើង​បាន​ ដូចជា៖

– ចំពោះ​ការ​ប្រើ​ថ្នាំ​លើស​កម្រិត​ដោយ​អចេតនា​ខ្លះ មជ្ឈមណ្ឌល​គ្រប់​គ្រង​សារធាតុ​ពុល ​អាច​​ណែនាំ​ឲ្យ​ព្យាបាល​ និង​សង្កេត​ពិនិត្យ​នៅ​ផ្ទះ​បាន។ តែ​បើ​បញ្ហា​បន្ទាប់​ពី​ប្រើ​ថ្នាំ​លើស​កម្រិត​នោះ​កាន់តែ​ខ្លាំងឡើង សេរ៉ូ Ipecac (ថ្នាំ​ឫស​ឈើ​ម្យ៉ាង​ ផលិត​ជា​សេរ៉ូ​ប្រើ​នៅ​អាមេរិក) ឬ​ការ​ព្យាបាល​ផ្សេង​ទៀត​ មិនគួរ​ធ្វើ​ឡើយ ​បើ​មិន​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ​ទេ។

– ចំពោះ​គ្នា​យើងមាន​ក្មេង​តូច​នៅ​ផ្ទះ គួរ​តែ​មាន​លេខ​ទូរសព្ទ​សង្គ្រោះ​បន្ទាន់​នៅ​ជិត​ទូរសព្ទ។

– អ្នក​ប្រើ​ថ្នាំ​លើស​កម្រិត​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​គ្រោះ​ថ្នាក់ ជាទូទៅ ​ត្រូវ​ការ​អ្នក​ឯក​ទេស​ផ្លូវ​ចិត្ត​ ដើម្បី​ជួយ​ជួយ​គ្រប់​គ្រង​ការ​ពុល។ អ្នក​ប្រើ​ថ្នាំ​លើស​កម្រិត​ក្នុង​គោល​បំណង​នេះ ត្រូវ​តែ​យក​ទៅ​មន្ទីរ​ពេទ្យ ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម ទោះ​បី​ជា​អាការ​ការ​ប្រើ​ថ្នាំ​លើស​កម្រិត ​ដូច​ជា​មិន​ធ្ងន់ធ្ងរ​ក៏​ដោយ ព្រោះ​អ្នក​ជំងឺ​ប្រភេទ​នេះ ស្ថិត​ក្នុង​ហានិភ័យ​​គាត់​អាច​សម្លាប់​ខ្លួន​ដោយ​ជោគជ័យ​បាន។ បើ​សិន​មាន​អន្តរាគមន៍​កាន់​តែ​លឿន​ ការ​សង្គ្រោះ​ពួក​គាត់​ចៀស​ពី​សេចក្ដី​ស្លាប់​ កាន់​តែ​ជោគជ័យ។

ប្រសិន​បើមាន​សំណួរ ឬ​ក្តី​បារម្ភ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​អាច​យល់​ពី​ដំណោះ​ស្រាយ​កាន់​តែ​ច្បាស់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 6, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 7, 2019

អ្នកអាចចូលចិត្ត