Female Sexual Dysfunction (អសមត្ថភាពផ្លូវភេទលើស្រ្តី)

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

និយមន័យ

១- ​អ្វី​ជា​បញ្ហា​អ​សមត្ថភាព​ផ្លូវ​ភេទ​លើស្ត្រី?

បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​លើស្ត្រី ​កើត​ឡើងហើយ មិន​បាត់​ទៅ​វិញ​នោះ​ទេ ខណៈ​ស្ត្រីតែង​​ជួប​បញ្ហា​​មួយ​ចំនួន​ទាក់​ទង​ជាមួយ​នឹង​ការ​ឆ្លើយ​តប​ជា​មួយ​សមត្ថភាព​ផ្លូវ​ភេទ​លើ​គ្រែ ដូច​ជា បាត់​បង់​ចំណង់​ផ្លូវ​ភេទ មិន​អាច​ឈាន​ដល់​​កំពូល​ ឬ​​ឈឺ​ចាប់​ពេល​​រួម​ភេទ ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​ ទំនាក់​ទំនង​​ជា​មួយ​ដៃ​គូ។ ​ស្រី​ៗជា​ច្រើន​ កំពុង​​ជួប​ប្រទះ​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​ ខណៈ​បញ្ហា​នេះ​ អាច​កើត​ឡើង​នៅ​លើ​មនុស្ស​ស្ត្រីគ្រប់​វ័យ។ ស្រីៗ​អាច​នឹង​ជួប​បញ្ហា​នេះ​ជា​យូរ​អង្វែង ​រាល់​ពេលរួម​ភេទ។

ការ​ឆ្លើយ​តប​ជាមួយ​​រឿង​លើ​គ្រែ​ អាច​ទាក់​ទង​ជាមួយ​កត្តា​ផ្លូវ​រាង​កាយ ផ្លូវ​អារម្មណ៍ បទ​ពិសោធ ជំនឿចិត្ត ទម្លាប់​​រស់​នៅ និង​ទំនាក់​ទំនងផ្ទាល់​ជា​មួយ​ដៃ​គូ។ បើ​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​ក្នុង​ចំណោម​កត្តា​​ខាង​លើ នោះ​​នឹង​ជះ​ឥទ្ធិពល​ដល់​ចំណង់​ផ្លូវ​ភេទ ភាព​ស្រើប​ស្រាល និង​ការ​ឈាន​ដល់​កំពូល​។ ចំណែក វិធី​​ព្យាបាល​វិញ ប្រហែល​ជា​ត្រូវ​ប្រើ​វិធី​ព្យាបាល​ជា​ច្រើន​មុខ ដើម្បីដោះ​ស្រាយ​​បញ្ហា​មួយ​នេះ។

២- បញ្ហាអសមត្ថភាពលើស្ត្រី​កើតឡើងញឹកញាប់ដែរទេ?

បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​លើស្ត្រី ច្រើន​កើត​លើ​មនុស្ស​ស្រី ​មាន​អាយុ​លើស​ពី ៥០ ឆ្នាំ​ឡើង​ទៅ។ សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ ដើម្បី​ទទួល​បាន​ព័ត៌​មាន​លម្អិត​អំពី​បញ្ហា​មួយ​នេះ។

រោគសញ្ញា

៣-  រោគ​សញ្ញាអ​សមត្ថភាព​ផ្លូវ​ភេទ​លើ​ស្ត្រី​មាន​អ្វី​ខ្លះ?

រោគ​សញ្ញាបញ្ហា​អសមត្ថភាព​ផ្លូវ​ភេទលើស្ត្រី អាច​កើត​មាន​ឡើង​ ​អាស្រ័យ​ទៅ​តាម​ប្រភេទ​បញ្ហា​អសមត្ថភាព យើង​កំពុង​ជួប​ប្រទះ​ ​ដូចជា៖

– ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ៖ នេះ​ជា​រោគ​សញ្ញា ឃើញឧស្សាហ៍​​កើត​មាន​ជាង​គេ​បង្អស់ ធ្វើ​ឲ្យស្រីៗ​​គ្មាន​​អារម្មណ៍​ចង់​រួម​ភេទ ឬ​ចំណាប់​អារម្មណ៍​រឿង​ផ្លូវ​ភេទ​ថយ​ចុះ។

– បញ្ហា​មិនស្រើប​ស្រាល៖ ចំណង់​ផ្លូវ​ភេទអាច​ថយ​ចុះ ប៉ុន្តែ​​ក៏​អាច​មាន​បញ្ហា​ពិបាក ​ដោយ​សារគ្មាន​អារម្មណ៍​ស្រើប​ស្រាល ឬ​មិន​អាច​មាន​អារម្មណ៍​ត្រេក​ត្រអាល​អំឡុង​ពេល​រួម​ភេទ។

– បញ្ហា​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល៖ ស្រីៗ​មាន​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ ប្រហែល​ជា​ពិបាក​នឹង​ឈាន​ដល់​កំពូល​ណាស់ ​ទោះ​បី​ជា​ ដៃគូ​ខាង​ប្រុស ប្រើ​វិធី​សាស្ត្រ​​ដាស់​អារម្មណ៍ត្រេក​ត្រអាលយ៉ាង​ណា​ក៏ដោយ។

– ឈឺ​ចាប់ពេលរួមភេទ៖ ​អាច​មាន​ការ​ឈឺ​ចាប់​ពេល​រួមភេទ ឬ​មាន​អ្វី​មួយ​​ប៉ះ​ទៅ​លើ​ទ្វារ​មាស។

៤-  ពេលណាគួរទៅជួបពេទ្យ?

​បើ​ស្រីៗ​កំពុង​តែ​មាន​រោគ​សញ្ញា​ដូចបាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់​អ្វី​មួយ​ ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​មនុស្សម្នាក់​ៗ​មាន​សកម្មភាព​​ខុសៗ​គ្នា​។ ​ល្អ​បំផុត ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដ៏ល្អ​មួយ។

មូលហេតុបង្ក

៥-  ​មូលហេតុ​​បង្ក​ឲ្យ​អសមត្ថភាព​ផ្លូវ​ភេទលើស្ត្រី​មាន​អ្វី​ខ្លះ?

មាន​មូល​ហេតុ​មួយ​ចំនួន ជាប់​ទាក់​ទង​បញ្ហា​អសត្ថភាព​ផ្លូវ​ភេទ​លើ​ស្ត្រី ជាក់​ស្តែង​ដូច​ជា ​កើត​ឡើង​នៅ​ពេល​អ័រម៉ូន​ក្នុង​ខ្លួនមានការប្រែ​ប្រួល ទើប​សម្រាល​កូន​រួច ឬ​នៅ​ស្ថិត​នៅ​អំឡុង​ពេល​​អស់​រដូវ។ មាន​ជំងឺ​មួយ​ចំនួន​ ក៏​អាច​ជា​​មូល​ហេតុ​ដូច​គ្នា ដូចជា ​មហារីក ​ទឹក​នោម​ផ្អែម ជំងឺ​សរសៃ​ឈាម​បេះដូង ជាដើម។ ក្រៅ​ពី​នេះ​ នៅ​មាន​កត្តា​ទាក់​ទង​​ផ្សេង​ទៀត​ ចូល​រួម​ចំណែក​ក្នុងបញ្ហា​មួយ​នេះ រួម​មាន៖

– កាយសម្បទា៖ បើ​យើង​​មាន​ផ្ទុក​ជំងឺ​កាន់​តែ​ច្រើន​មុខ ដូចជា​ ​មហារីក ខ្សោយ​តម្រង​នោម ពុក​ឆ្អឹង ជំងឺ​បេះ​ដូង​ និង​បញ្ហា​ទាក់​ទង​ជាមួយ​ប្លោក​នោម សុទ្ធ​តែ​អាច​​វិវត្ដ​ទៅ​រក​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​បាន។ មាន​ថ្នាំ​ពេទ្យ​មួយ​ចំនួន ​ក៏​រួម​ចំណែក​ក្នុង​បញ្ហា​នេះ​ដូច​គ្នា​ ​ដូច​ជា​ថ្នាំ​​ព្យាបាល​ជំងឺ​ថប់​បារម្ភ ថ្នាំ​លើសឈាម ថ្នាំ​ប្រឆាំង​ជាមួយ​ហ៊ីស្តាមីន និង​ពពួក​ថ្នាំ​គីមីជាដើម ដែល​អាច​ធ្វើ​ឲ្យ​ចំណង់​​ផ្លូវ​ភេទ​ថយ​ចុះ ឬ​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​បាន។​

– កត្តាអ័រម៉ូន៖ នៅ​ពេល​អ័រម៉ូន​អឺស្ត្រូសែន​ថយ​ចុះ ក្រោយ​​ដល់​វ័យ​អស់​រដូវ នឹង​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​ជាលិកា​នៅ​ជុំ​វិញ​ទ្វារមាស និង​ការ​ឆ្លើយ​តប​របស់​ទ្វារ​មាស​ដូច​គ្នា។ ពេល​អ័រម៉ូន​អឺស្ត្រូសែន​ថយ​ចុះ នឹង​ធ្វើ​ឲ្យ​លំហូរ​ឈាម​ហូរ​ចុះ​មក​កាន់​តំបន់​ត្រគាក​ថយ​ចុះដែរ ជា​ហេតុ​យើង​ត្រូវ​ការ​ពេល​យូរ​ជា​ធម្មតា​ ដើម្បី​ឈាន​ដល់​ចំណុច​កំពូល ឬ​មាន​សម្រើប ហើយ​ប្រដាប់​ភេទ បាត់​បង់​ទៅ​វិញ​ភ្លាមៗ។

– កត្តា​ផ្លូវចិត្ត និង​​សង្គម៖ ​បើមាន ​​ជំងឺ​បាក់​ទឹក​ចិត្ត​ ឬ​ជំងឺ​ថប់​បារម្ភ​ ហើយ​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ ​ស្ត្រេសរយៈ​​ពេល​យូរ ឬ​មាន​ប្រវត្ដិ​ធ្លាប់​ទទួល​រង​ការ​បៀត​បៀន​ផ្លូវ​ភេទ ​អាច​ក្លាយ​ជាមូល​ហេតុ ឬជា​កត្តា​បង្ក​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ។ បញ្ហា​បារម្ភ​ខ្លាច​មាន​ផ្ទៃ​ពោះ ឬ​មាន​បំណង​ចង់​បាន​កូន​ខ្លាំង ​ក៏​មាន​ផល​ប៉ះ​ពាល់​ស្រដៀង​គ្នានេះ​ដែរ។

កត្តាប្រឈម

៦- ​កត្តាប្រឈម​អសមត្ថភាព​ផ្លូវ​ភេទលើ​ស្ត្រី​មាន​អ្វី​ខ្លះ?

មាន​កត្តា​មួយ​ចំនួន​ នាំ​​ឲ្យ​ប្រឈម​កាន់​តែ​ខ្ពស់​ជាមួយ​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទលើ​ស្ត្រី ដូច​ជា៖

– ជំងឺ​ថប់​បារម្ភ ឬ ​ជំងឺ​បាក់​ទឹក​ចិត្ត
– ជំងឺ​បេះ​ដូង ឬ​ជំងឺសរសៃ​ឈាមបេះដូង
– មាន​បញ្ហា​ទាក់​ទង​ជាមួយ​ប្រព័ន្ធ​ប្រសាទ ដូចជា មាន​ប៉ះ​ទង្គិច​ទៅ​លើ​ឆ្អឹង​កង​ខ្នង
– មាន​បញ្ហា​ខ្សោយ​ថ្លើម ឬ​ខ្សោយ​តម្រង​នោម
– មាន​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន ​ដូច​ជា ថ្នាំ​ព្យាបាល​ជំងឺ​ថប់​បារម្ភ ឬ​ថ្នាំលើស​​ឈាម
– មាន​បញ្ហា​ស្រ្តេស​ ឬ​ស្មារតី ជា​ពិសេស​ទាក់​ទង​ជាមួយ​បញ្ហា​ទំនាក់​ទំនង​គូស្នេហ៍
– ធ្លាប់​មាន​ប្រវត្ដិ​រង​ការ​បៀត​បៀន​ផ្លូវ​ភេទ។

អត្ថបទ​ពាក់ព័ន្ធ៖

រោគវិនិច្ឆ័យ និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​វិធី​ណា?

បើ​​គ្រូពេទ្យ​​សង្ស័យ​ថា យើង​​កំពុង​កើត​មាន​បញ្ហា​​អសមត្ថភាព​ផ្លូវ​ភេទ ពេទ្យ​នឹង​ធ្វើ​ពិនិត្យ​លើ​រាយកាយយើង ក៏​ដូច​ជា ​បូម​ឈាមពិនិត្យ​មើល​បញ្ហា។ គួរ​​ពិភាក្សា​ពី​រឿង​ផ្លូវ​ភេទ​ និង​បញ្ហា​សុខភាព​យើង​ធ្លាប់​មាន ​ជាមួយ​គ្រូពេទ្យ​។ ពេល​ខ្លះ​​ប្រហែល​ជា​មិន​ងាយ​ស្រួល​ក្នុង​ការ​ពិភាក្សា​ពី​រឿង​ផ្ទាល់​ខ្លួន​បែប​នេះ​ទេ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ បើ​អាច​និយាយ​​បញ្ហា​ផ្លូវ​ភេទទាំង​ពីមុន និង​បញ្ហា​កំពុង​កើត​ឡើង​ បាន​កាន់​តែ​ច្រើន នោះយើង​អាច​ទទួល​បាន​ការ​ព្យាបាល​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។ ដូច​នេះ​ នៅ​ពេល​គ្រូពេទ្យ​កំពុង​ពិនិត្យ​តំបន់​ត្រគាក​ ពេទ្យ​នឹង​ពិនិត្យ​រក​បម្រែ​បម្រួល​រាងកាយដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់ភាព​ស្រើប​ស្រាល​រឿង​រួម​ភេទ ក៏​ដូច​ជា​ពិនិត្យ​មើល​ថា​តើ​ជាលិកា​ទ្វារ​មាស​ស្ដើង​ដល់​កម្រិត​ណា តើ​ស្បែក​នៅ​មាន​ភាព​យឺត​ប៉ុនណា ហើយ​​មាន​ស្លាក​ស្នាម​ ឬ​​ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ​ដែរ​ឬទេ។ ពេទ្យ​ក៏​អាច​បញ្ជូន​យើង​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេសខាងផ្លូវ​ភេទ។​

៨- ព្យាបាលដោយវិធីណា?

ក្នុង​ករណី​បញ្ហា​​មិន​បាន​​រំខាន​ដល់យើង ​នោះក៏​មិន​ចាំ​បាច់​ទទួល​ការ​ព្យាបាល​ដែរ ដោយ​សារ​​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​ អាច​មាន​រោគ​សញ្ញា​ និង​​មូល​ហេតុ​ជា​ច្រើន ការ​ព្យាបាល​ ក៏​មាន​ច្រើន​របៀប​ទៅ​តាមហ្នឹង​ដូច​គ្នា។ ដូច​នេះ​ ​ជា​រឿង​សំខាន់ ​ត្រូវ​ស្វែង​យល់ពី​ខ្លួនយើង​ ​ដឹង​ថា​វា​មាន​ភាព​មិន​ប្រក្រតី​អ្វី​ខ្លះ​កំពុង​តែ​កើត​ឡើង ​ពិត​ជា​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​​ដែរ​ឬទេ។

ស្រីៗ​មាន​កង្វល់​ជុំវិញ​បញ្ហា​ផ្លូវ​ភេទ ច្រើន​ទទួល​បាន​ប្រសិទ្ធ​ភាព​ច្រើន ក្នុង​ការ​ព្យាបាល​បញ្ចូល​គ្នា​ ដោយ​ប្រើ​ថ្នាំ និង​ដោះ​ស្រាយ​បញ្ហា​ទំនាក់​ទំនង​ ក៏​ដូច​ជា​បញ្ហា​អារម្មណ៍​កំពុង​តែ​ជួប​ប្រទះ។

ព្យាបាលមិនប្រើថ្នាំ

ដើម្បី​ព្យាបាល​បញ្ហា​អសមត្ថភាពលើស្ត្រី​​បាន​ គ្រូពេទ្យ​ត្រូវ​ណែ​នាំ​ឲ្យ​យើង​សាក​ល្បង​វិធី​ដូចខាងក្រោយជាមុន៖

– ការ​និយាយ​ និង​ការ​ស្ដាប់៖ ត្រូវ​និយាយ​ជាមួយ​ដៃ​គូ​ឲ្យ​បាន​ច្រើន ដើម្បី​​ធ្វើ​ឲ្យ​យើង​ទទួល​បាន​អ្វី​យើង​​ចង់​បាន ​ចំពោះ​រឿង​ផ្លូវ​ភេទ។
– សាក​ល្បង​ទម្លាប់​រស់​នៅ​​ផា​សុកភាព៖ ការផឹក​​គ្រឿង​ស្រវឹង​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​យើង​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​ផ្លូវ​ភេទ​បាន​ល្អ។
– ស្វែង​រក​អ្នកប្រឹក្សា៖ ​អាច​និយាយ​ទៅ​កាន់​អ្នក​ប្រឹក្សា ឬ​គ្រូពេទ្យ​ជំនាញ​​ផ្នែក​ផ្លូវ​ភេទ និង​បញ្ហា​ទំនាក់​ទំនង​ក្នុង​គ្រួសារ​បាន។
– ប្រើ​ទឹក​រំអិល៖ ទឹក​រំអិល​សម្រាប់​ទ្វារមាស​ អាច​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​នៅ​អំឡុង​ពេល​រួម​ភេទ។ បើ​ទ្វារ​មាសស្ងួតខ្លាំង ឬ​មាន​ការ​ឈឺ​ចាប់​ពេលយើងរួម​ភេទ គួរ​ប្រើ​ទឹក​រំអិល​ជា​ជំនួយ។
– សាក​ល្បង​ប្រើ​ឧបការណ៍​ជំនួយផ្លូវភេទ៖ ភាព​ស្រើប​ស្រាល ​ប្រហែល​ជា​អាច​កើត​ឡើង​ នៅ​ពេល​មានការភ្ញោច​​ត្រង់​តំបន់​គ្លីតូរីស។

ព្យាបាលដោយ​ប្រើ​ថ្នាំ

ដើម្បី​ព្យាបាល​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទលើស្ត្រី ដោយ​ប្រើ​វិធី​វេជ្ជ​សាស្ត្រ យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ដូច​ខាង​ក្រោម៖

– ត្រូវ​កំណត់​កម្រិត​ថ្នាំ ឬ​ប្តូរ​ថ្នាំ​ដែល​បង្ក​ឲ្យ​មាន​ផល​រំខាន
– ត្រូវ​ព្យាបាល​ក្រពេញ​ទីរ៉ូ​អ៊ីត ឬ​បញ្ហា​អ័រម៉ូន​នៅ​កន្លែង​ផ្សេង
– ត្រួត​ពិនិត្យ​ការ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ជំងឺ​ថប់​បារម្ភ
– ប្រើ​វិធី​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ក្នុង​អាង​ត្រគាក និង​ការ​ឈឺ​ចាប់​នៅ​តំបន់​ផ្សេង​ទៀត។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– មិន​ត្រូវ​ផឹកគ្រឿង​ស្រវឹង​ច្រើន​ពេក
– ហាម​ជក់​បារី
– ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន
– មាន​ពេល​លំហែ និង​សម្រាក​ឲ្យ​បាន​ច្រើន រក​​វិធី​កាត់​បន្ថយ​ស្ត្រេស និង​ទុក​ពេល​លំហែ​សម្រាប់​ខ្លួន​ឯង ​ដើម្បី​បំបាត់​ស្រ្តេស​ចេញ​ពី​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។

​បើ​មាន​ចម្ងល់​ជុំ​វិញ​បញ្ហា​មួយ​នេះ សូម​​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ព័ត៌​មានបន្ថែម។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 25, 2019 | កែសម្រួលចុងក្រោយ ខែ​កក្កដា 26, 2019

អ្នកអាចចូលចិត្ត