Glossitis (ជំងឺរលាកអណ្ដាត)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​ទៅ​ជាជំងឺរលាកអណ្ដាត?

រលាកអណ្ដាត មក​ពី​ភាសា​បច្ចេក​ទេស​ហៅថា Glossitis សំដៅ​​ពេល​យើង​​មានបញ្ហា​​អណ្ដាតឡើង​ហើម ​និង​រលាក។ ជំងឺ​​នេះ​ ច្រើន​កើត​ឡើង​លើ​ផ្ទៃ​អណ្ដាត ហើយ​​មើល​ទៅ​ឃើញ​មាន​សភាពរលោង ខណៈ​ប្រភេទ​ជំងឺ​លាក​អណ្ដាត​ មាន​ផ្សេងៗ​គ្នា រួមមាន៖

– រលាក​អណ្ដាត​ស្រួច​ស្រាវ៖ ជា​ការ​រលាក​នៅ​លើ​អណ្ដាត កើត​ឡើង​ភ្លាមៗ និង​ជា​ញឹក​ញាប់ ​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ។ ជំងឺ​​រលាក​អណ្ដាត​ប្រភេទ​នេះ ច្រើន​កើត​ឡើង​នៅ ពេលយើង​​មាន​ប្រតិកម្ម​អាលែកហ្ស៊ីអ្វី​មួយ។

– រលាក​អណ្ដាត​រ៉ាំរ៉ៃ៖ ជា​ការ​រលាក​អណ្ដាត​កើត​មាន​បន្ត​បន្ទាប់ ហើយ​ជំងឺ​​រលាក​អណ្ដាត​ប្រភេទ​នេះ អាច​កើត​មាន​​ ជា​មួយ​នឹង​រោគ​សញ្ញា​​បញ្ហា​សុខភាព​ដទៃ​ទៀត។

– រលាកអណ្ដាត Atrophic (Atrophic Glossitis)៖ កើត​ឡើង​នៅ​ពេលផ្នែក​គ្រើម​ជាច្រើននៃ​គល់​អណ្ដាត (Papillae) ត្រូវ​បាន​បាត់​បង់។ ជំងឺ​នេះ​ នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ពណ៌​ និង​រូប​រាង​របស់​អណ្ដាត។ ប្រភេទជំងឺ​ការ​រលាក​អណ្ដាត​នេះដែរ នឹង​ធ្វើ​ឲ្យ​អណ្ដាត​មើល​ទៅ​ឡើង​រលោង​ខ្លាំង។

២- ជំងឺ​រលាកអណ្ដាតកើត​ឡើង​ញឹក​ញាប់​ទេ?

ជំងឺរលាក​អណ្តាត អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ។ បើ​មាន​ចម្ងល់ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។

រោគ​សញ្ញា

៣- រោគ​សញ្ញាជំងឺ​រលាក​​អណ្តាត​មាន​​អ្វី​ខ្លះ?

រោគ​សញ្ញា​ជំងឺ​រលាកអណ្ដាត ​កើត​មាន​ញឹក​ញាប់ដូច​ជា៖

– ឈឺ​នៅ​លើ​អណ្ដាត
– ហើម​អណ្ដាត
– អណ្ដាត​ប្រែ​ពណ៌
– មិន​អាច​និយាយ ញ៉ាំ ឬ​លេប​អាហារ
– បាត់​បង់​ភាព​គ្រើម​នៅ​លើ​ផ្ទៃ​របស់​អណ្ដាត។

អាច​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​បើ​មាន​ការ​ព្រួយ​បារម្ភ​ពី​រោគ​សញ្ញាណា​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

បើមាន​​រោគ​សញ្ញា​ដូច​រៀប​រាប់​ខាង​លើ ឬ​មាន​សំណួរ​អ្វី​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម ព្រោះ​រាង​កាយ​មនុស្ស​ម្នាក់​ៗ ​មាន​សកម្មភាព​ខុសៗ​គ្នា។ ជា​ការ​ល្អ​ ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​ ដើម្បី​អាច​រក​ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់​យើង។

មូលហេតុបង្ក

៥- ​មូល​ហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​រលាកអណ្ដាត?

មូល​ហេតុ​បង្ក​ឲ្យ​មាន​កើត​ជំងឺ​រលាក​អណ្តាត មាន​ដូច​ជា៖

– ​អាលែកហ្ស៊ី៖ អាលែកហ្ស៊ី​ជា​មួយ​ថ្នាំ​ពេទ្យ អាហារ និង​សារធាតុ​ផ្សេង​ៗទៀត ជា​មូល​ហេតុ​ ធ្វើ​ឲ្យ​ខូច​ខាត​ភាព​គ្រើម​របស់​អណ្ដាត (Papilae) និង​សាច់​ដុំ​ជាលិកា​អណ្ដាត។ សារធាតុ​បង្ក​​ធ្វើ​ឲ្យ​រលាក​ រួម​មាន ថ្នាំ​ដុះ​ធ្មេញ និង​ថ្នាំ​ពេទ្យ​ផ្សេងៗ​សម្រាប់​​ព្យាបាល​ជំងឺ​លើស​ឈាម។

– ជំងឺផ្សេងៗ៖ ជំងឺ​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធភាពស៊ាំ អាច​នឹង​ប៉ះពាល់​ដល់​សាច់ដុំ​អណ្ដាត ​និង​សាច់​គ្រើម​របស់​អណ្ដាត (Papillae) ដូចជា​ជំងឺរើម (Herpes simplex) ដែល​បង្ក​ឡើ​ង​ដោយ​វីរុស នឹង​ធ្វើ​ឲ្យ​មានដំបៅ​មាត់ (Cold sores) និង​ពង​បែក​នៅ​ក្នុង​មាត់ អាច​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ហើម ​និង​ឈឺ​អណ្ដាត​ដូច​គ្នា។

– កម្រិត​ជាតិ​ដែក​ទាប៖ កង្វះ​ជាតិ​ដែក​​ក្នុង​ឈាម​ ក៏​ជា​មូល​ហេតុ​នាំ​ឲ្យ​រលាក​អណ្ដាត​ដែរ។ ជាតិ​ដែក​ មាន​នាទី​មួយ​ធ្វើ​ឲ្យ​កោសិកា​លូតលាស់ ដោយ​ជួយ​ឲ្យ​រាង​កាយ​យើង​ផលិត​កោសិកា​ឈាម​ក្រហម មាន​នាទី​ដឹក​អុកស៊ីហ្ស៊ែន​ទៅ​សរីរាង្គ​ផ្សេងៗ ជាលិកា និង​សាច់ដុំ។ ពេល​កម្រិត​ជាតិ​ដែក​ក្នុង​ឈាមចុះ​ទាប នាំ​ឲ្យ​កម្រិត​សារធាតុ Myoglobin ក៏​ទាប​ដូច​គ្នា ខណៈសារធាតុ Myoglobin ​ជា​ប្រូតេអ៊ីន​នៅ​ក្នុង​កោសិកា​ឈាម​ក្រហម មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​សាច់ដុំ រួម​ទាំង​ជាលិកា​សាច់​ដុំ​អណ្ដាត​ផង​ដែរ។

– របួស​មាត់៖ បើ​យើង​មាន​​រង​របួស​នៅ​​មាត់ ​ក៏​អាច​ប៉ះពាល់​ដល់​ស្ថានភាព​អណ្ដាត​ដូច​គ្នា។ ការ​រលាក អាច​កើត​មាន ដោយ​សារ​​ដាច់ និង​រលាក​លើ​អណ្ដាត ឬ​ការ​ពាក់​ដែក​ ឬ​ស្និត​នៅ​លើ​ធ្មេញ​ អាច​ប៉ះ​ធ្វើ​ឲ្យ​ឆូត​រហែក​សាច់​អណ្ដាត​។

កត្តា​ប្រឈម

៦- កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺរលាកអណ្ដាត?

មាន​កត្តា​ប្រឈមកើត​ជំងឺរលាកអណ្ដាត មាន​​ដូច​ជា៖

– មាន​របួស​មាត់
– ញ៉ាំ​អាហារ​​ហឹរ​ខ្លាំង
– ពាក់​ដែក​ពត់​ធ្មេញ ឬ​ស្និត​ធ្មេញ ​ធ្វើ​ឲ្យ​រលាក​ដល់​អណ្ដាត
– មាន​ជំងឺ​រើម
– មាន​កម្រិត​ជាតិ​ដែក​ក្នុង​ឈាម​ទាប
– អាលែកហ្ស៊ី​ជាមួយ​អាហារ​ណា ឬថ្នាំពេទ្យ
– មាន​ជំងឺ​ទាក់ទង​​ប្រព័ន្ធ​ភាព​ស៊ាំ។

អត្ថបទ​ពាក់​ព័ន្ធ៖

រោគ​វិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មានទាំង​នេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ឬ​ទន្ត​ពេទ្យ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ជំងឺ ដោយ​គ្រូពេទ្យ​ នឹង​ពិនិត្យ​មើល​មាត់ ដើម្បី​រក​មើល​ដុំពក​មិន​ប្រក្រតី និង​ពង​បែក​ លើ​អណ្ដាត អញ្ចាញ និង​ជាលិកា​ទន់​នៅ​ក្នុង​មាត់​។ សំណាក​ពី​ទឹក​មាត់ និង​ឈាម នឹង​ត្រូវ​យក​ទៅ​មន្ទីរ​ពិសោធន៍ ​ដើម្បី​វិភាគ​រក​មើលមូលហេតុ​ជំងឺ​បន្ថែម​ទៀត។

៨- ព្យាបាល​ដោយ​វិធី​ណា?

ការ​ព្យាបាលជំងឺ​រលាក​អណ្ដាត រួម​មាន​ទាំង​ការ​ប្រើ​ថ្នាំ​ពេទ្យ និង​ការ​ព្យាបាល​នៅ​ផ្ទះ។

– ព្យាបាល​ដោយ​ប្រើ​ថ្នាំ៖ គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​យើង​​ប្រើ​ថ្នាំ​ផ្សះ និង​ថ្នាំ​ពេទ្យ​មួយ​ចំនួន​ទៀត​ ​អាច​កម្ចាត់​ការ​បង្ក​រោគ បើ​ជំងឺ​នេះ បង្ក​រោគ​ដោយ​បាក់តេរី។ គ្រូពេទ្យ ​ក៏​អាច​នឹង​ឲ្យ​ប្រើ​ពពួក​ថ្នាំ​លាប Corticosteroids ដើម្បី​បន្ថយ​ការ​រលាក​ក្រហម ​និង​ការ​ឈឺ​ចាប់។

– ព្យាបាល​នៅ​ផ្ទះ៖ ត្រូវ​សម្អាត និង​ដុស​ធ្មេញ​ជា​ប្រចាំ ២-៣ ​ដង​/ថ្ងៃ ដើម្បី​ឲ្យ​សុខភាព​មាត់ ធ្មេញ អញ្ចាញ​ និង​អណ្ដាត​មាន​សុខភាព​ល្អ។ ធ្វើ​ដូច​នេះ​ ក៏​អាច​ជួយបន្ធូរ​រោគ​សញ្ញាទាក់ទង​នឹង​បញ្ហា​រលាក​អណ្ដាត និង​ការ​ពារ​កុំឲ្យ​​កើត​ឡើង​ម្ដត​ទៀត។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់នៅ

ការ​ផ្លាស់​ប្ដូរ​រទម្លាប់រស់​នៅ​ និងវិធី​​ព្យាបាល​តាម​​ផ្ទះ​ដូចខាង​ក្រោម អាច​ជួយ​​គ្រប់​គ្រង​ជំងឺ រលាកអណ្ដាតបាន៖

– ថែរក្សា​អនាម័យ​មាត់​ធ្មេញ ដោយ​ដុស​ធ្មេញ​ឲ្យ​ញឹក​ញាប់ យ៉ាង​ហោច​ ២ ដង/​ថ្ងៃ និង​សម្អាត​ដោយ​សរសៃ​អំបោះ ម្ដង​ក្នុង​មួយ​ថ្ងៃ។

– ផ្លាស់​ប្ដូរ​របប​អាហារ និង​ព្យាបាល​ដោយ​បន្ថែម​អាហារ​បំប៉ន​ផ្សេងៗ​បើ​ចាំបាច់។

– ចៀស​វាង​អ្វី​ធ្វើ​ឲ្យ​រលាក ដូច​ជា​ អាហារ​ហឹរ ស្រា និង​បារី ដើម្បី​បន្ថយ​អាការៈ​មិន​ស្រួល ឬ​ឈឺ​អណ្តាត។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 14, 2019 | កែសម្រួលចុងក្រោយ ខែ​វិច្ឆិកា 6, 2019

ប្រភព
អ្នកអាចចូលចិត្ត