backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Hangover (អាការៈក្រោយ​ស្រវឹង)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Aug 30, 2019

Hangover (អាការៈក្រោយ​ស្រវឹង)

និយម​ន័យ

១- អ្វី​ទៅ​ជា​អាការៈ​ក្រោយ​ស្រវឹង?

អាការៈ​ក្រោយ​ស្រវឹង ជារោគ​សញ្ញា ​កើត​ឡើង​បន្ទាប់​ពី​ផឹក​ស្រាច្រើន​លើស​កម្រិត។ វា​មិន​ត្រឹម​តែ​ពិបាក​ក្នុង​ខ្លួន​ប៉ុណ្ណោះ​ទេ ​អាច​ធ្វើ​លទ្ធផល​ការងារប្រចាំ​ថ្ងៃ​យើង​​មិន​ល្អ ក៏​​អាចបង្ក​ឲ្យ​​មាន​ជម្លោះ​ក្នុង​ការងារ​ទៀត​ផង។

ជា​ទូទៅ ផឹក​ស្រា​កាន់​តែ​ច្រើន អាការៈក្រោយ​ស្រវឹង​នៅ​ថ្ងៃ​បន្ទាប់​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​ក៏​គ្មាន​ថ្នាំ​ទិព្វ​ឯ​ណា​ ​អាចជួយ​យើងអាច​​ផឹក​ស្រាច្រើន ប៉ុន្តែ​ស្រវឹង​តិច​បាន​នោះ​ដែរ។

ទោះ​អាការៈ​ក្រោយ​ស្រវឹង ជា​អាការៈ​មិន​ល្អ​ក៏​ដោយ តែវា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​ដោយយ៉ាង​យូរ​បំផុត ​ត្រឹមរយៈ ២៤ ​ម៉ោង។ ​បើយើង​​ជ្រើស​រើសផឹកស្រា ត្រូវ​ផឹក​ដោយ​ការ​ទទួល​ខុស​ត្រូវ ដើម្បី​ចៀស​កុំ​ឲ្យ​មាន​អាការៈ​ក្រោយ​ស្រវឹង​ខ្លាំង។

២- អាការៈ​ក្រោយ​ស្រវឹង​កើត​ឡើង​ញឹក​ញាប់​ដែរទេ?

អាការៈក្រោយ​ស្រវឹង ​កើត​ឡើង​ញឹក​ញាប់​ណាស់ ឲ្យ​តែ​ផឹក​ស្រា ឬ​ជាតិ​អាល់កុល​ច្រើន មិន​ថា​ស្រី មិន​ថា​​ប្រុស សុទ្ធតែ​អាច​ប្រឈម​អាការៈ​ស្រវឹង​ខ្លាំង និង​ធ្វើ​ទុក្ខ​ក្រោយ​ស្រវឹង​ទាំង​អស់។

រោគ​សញ្ញា

៣- រោគ​សញ្ញាអាការៈក្រោយ​ស្រវឹង​​មាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ឃើញ​ញឹក​ញាប់​រួម​មាន៖

– បេះដូង​លោត​លឿន

– ថប់​បារម្ភ

– ភ្នែក​មាន​ដុំ​ឈាម

– ឈឺ​សាច់ដុំ ​និង​រាង​កាយ

– រាក

– វិលមុខ

– ខ្យល់​ដង្ហើម​មិន​ល្អ

– ឈឺ​ក្បាល

– ហៀរ​ទឹក​មាត់​ច្រើន

– ទន់​ខ្លួន អស់​កម្លាំង ល្ហិត​ល្ហៃ

– ចង្អោរ

– ខ្លាច​ពន្លឺ (Photophobia)

– មាន​បញ្ហាពិបាក​ផ្ចង់​អារម្មណ៍

– ពិបាក​ទ្រាំ​សំឡេងខ្លាំងៗ

– មាន​បញ្ហា​ផ្លូវ​ចិត្ត (Dysphoria)

– ឆាប់ខឹង ​ឆេវ​ឆាវ

– ឈឺ​ក្រពះ

– ស្រេក​ទឹក

– ញ័រ​ដៃ​ជើង

– ក្អួត។​

អាច​មាន​រោគ​សញ្ញា​ខ្លះ​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ ​បើ​មាន​ការ​បារម្ភ​ពី​រោគ​សញ្ញា​អ្វី​មួយ​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំងឺ។

៤- ​ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

បើ​​មាន​ចេញរោគ​សញ្ញា​ធ្ងន់ធ្ងរ​មាន​​រៀបរាប់​ខាង​ក្រោម​នេះ ទាំងពេល​កំពុង​ផឹក ឬ​បន្ទាប់​ពី​ផឹក យើង​​អាច​មាន​បញ្ហា​ពុល​ស្រា ទាម​ទារ​ការ​សង្គ្រោះ​បន្ទាន់ ឲ្យ​​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

– ដក​ដង្ហើម​​មិន​ប្រក្រតី

– ដក​ដង្ហើម​យឺត​ជាង​ធម្មតា រហូត​ដល់​ហឺត​ចូល​តិច​ជាង​៨​ដង​ក្នុង​មួយ​នាទី

– វង្វេង​វង្វាន់ ឬ​ធីងធោង

– ប្រកាច់​

– កម្ដៅ​រាង​កាយ​ធ្លាក់​ចុះ (Hypothermia)

– សន្លប់

– ស្បែក​ឡើង​ស្លេក

– ក្អួត​មិន​ឈប់។

មូលហេតុបង្ក

៥- ​មូល​ហេតុ​អី្វ​នាំ​ឲ្យ​មាន​បញ្ហា​នេះ?

អាការៈ​ក្រោយ​ស្រវឹង​ បណ្ដាល​មក​ពី​ការ​ផឹក​​ជាតិ​អាល់កុល​ច្រើន​ពេក។ ត្រឹម​តែផឹកស្រា​តែ​បន្តិច​ ក៏​អាច​ធ្វើ​ឲ្យ​គ្នា​យើង​​ខ្លះ​មាន​បញ្ហា​នេះដែរ ប៉ុន្តែ​​ខ្លះ​ទៀត ទោះ​ផឹក​ច្រើន​ប៉ុណ្ណា ក៏​ប្រហែលមិន​មាន​អាការៈ​នេះដូច​គ្នា ខណៈ​កត្តា​ផ្សេង​ៗអាច​នាំ​ឲ្យ​មាន​បញ្ហា​នេះ ដូចជា៖

– ជាតិ​អាល់កុល​ធ្វើ​​រាង​កាយ​នោម​ច្រើន ហើយ​ការ​នោម​ច្រើន​នេះ នាំ​ឲ្យបាត់​បង់​ជាតិ​ទឹក​ច្រើន ជាហេតុ​នាំ​​ស្រេក​ទឹក វិលមុខ និង​មាន​អារម្មណ៍​​ស្រាល​ក្បាល។

– ជាតិ​អាល់កុល អាច​ធ្វើ​ឲ្យ​​រលាក ​ដោយ​សារ​តែ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធភាព​ស៊ាំ។ ប្រព័ន្ធ​ភាព​ស៊ាំ​ អាច​ភ្ញោច​ដោយ​សារធាតុ​មួយ​ចំនួន ​ជា​ហេតុ​ធ្វើឲ្យរាង​កាយ​មាន​ រោគ​សញ្ញា​ ដូច​ជា មិន​អាច​ផ្ចង់​អារម្មណ៍ បញ្ហា​ក្នុង​ការ​ចង​ចាំ លែង​សូវ​ឃ្លាន​អាហារ និង​លែង​ចាប់​អារម្មណ៍​សកម្មភាព​ប្រចាំ​ថ្ងៃ។

– ជាតិ​អាល់កុល ធ្វើ​ឲ្យ​​រលាក​ភ្នាស​ក្រពះ ​កើន​ឡើង​អាស៊ីដ​ក្រពះ និង​ធ្វើ​ក្រពះ​នៅ​ទទេ​កាន់​តែ​យូរ។ ដោយ​សារ​កត្តា​នេះ អាច​បង្ក​ឲ្យ​មាន ឈឺ​ពោះ ចង្អោរ ឬ​ក្អួត។

– ជាតិ​អាល់កុល​ អាច​បង្ក​ឲ្យ​​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​នៅ​ពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ខ្លាំង​ ធ្វើឲ្យយើង​មាន​អារម្មណ៍ ហត់ អស់​កម្លាំង ខ្សោយ ញ័រ អារម្មណ៍​មិន​ល្អ និង​អាច​ប្រកាច់​ទៀត​ផង។

– ជាតិ​អាល់កុល អាច​ធ្វើ​សរសៃ​ឈាម​រីក​ធំ នាំឲ្យ​យើង​ឈឺ​ក្បាល។

– ជាតិ​អាល់កុល អាច​ធ្វើ​ឲ្យ​​ងងុយ​គេង ប៉ុន្តែគុណភាព​នៃ​ការ​គេង​ គឺ​ធ្លាក់​ចុះ ជា​ហេតុ​នាំ​ឲ្យ​ធេងធោង និង​អស់​កម្លាំង។

– ភេសជ្ជៈ​ជាតិ​អាល់កុល សារធាតុ​មួយ ​ហៅ​ថា Congener ​ជួយ​បង្កើនក្លិន​ឈ្ងុយសម្រាប់​គ្រឿង​ស្រវឹង អាច​នាំឲ្យ​មាន​អាការៈ​ក្រោយ​ស្រវឹង។ ជាតិ Congeners អាច​រក​ឃើញ​មាន​ក្នុង​ស្រា​​មាន​ពណ៌​ក្រមៅ ដូច​ជា ស្រា Brandy និងវិស្គី ច្រើន​ជាង​នៅ​ក្នុង​ស្រា​​ដែល​ថ្លា ដូច​ជា​ វ៉ូកា (Vodka) និង Gin។

កត្តាប្រឈម

៦- កត្តា​អ្វី​នាំ​ឲ្យ​​មាន​អាការៈ​ក្រោយ​ស្រវឹង​?

មាន​កត្តា​ជា​ច្រើន​នាំឲ្យ​មាន​អាការ​នេះកើត​ឡើង​ដូច​ជា៖

– ផឹក​ស្រា​ទាំងពោះទទេ ព្រោះ​នៅ​ពេលគ្មាន​​អាហារ​​ក្នុង​ក្រពះ ធ្វើ​​រាង​កាយ​កាន់​តែ​ស្រូប​យក​ជាតិ​អាល់កុលលឿន។

– ប្រើ​ថ្នាំ​ផ្សេងៗ ​ដូច​ជា ជាតិ​នីកូទីន ជាមួយ​ស្រា ជក់​បារី ​និង​ផឹក​ស្រា សុទ្ធ​តែ​អាច​ធ្វើឲ្យ​កើត​មាន​អាការៈ​ក្រោយ​ស្រវឹង​នេះ កាន់​តែ​ធ្ងន់​ធ្ងរ​នៅ​ថ្ងៃ​បន្ទាប់។

– គេង​មិន​បាន​ស្កប់​ល្អ ឬ​មិន​បាន​យូរ​បន្ទាប់​ពី​ផឹក​ស្រា​រួច។ អ្នក​ស្រាវជ្រាវ​ខ្លះ​ជឿ​ថា រោគ​សញ្ញា​អាការៈ​ក្រោយ​ស្រវឹង ជា​ញឹក​ញាប់​ ដោយ​សារ គុណភាព និង​រយៈពេល​គេង​តិច​ពេក ​ដោយ​សារ​ភាគ​ច្រើន​យើង​ផឹក​ស្រា​នៅ​ពេល​យប់។

– ប្រវត្តិគ្រួសារ​មាន​សមាជិកញៀន​ស្រា (​ប្រមឹក)។ ក្នុង​ករណី​សាច់​ញាតិ​ណាមួយ​ ធ្លាប់​ញៀន​ស្រា អាច​ធ្វើ​មាន​បញ្ហា​នេះ​ត​ពូជ ដោយ​សារ​តែ​វិធី​រាង​កាយ​បញ្ចេញ​ជាតិ​អាល់កុល។

– ផឹក​ស្រា​មាន​ពណ៌​ក្រមៅ ព្រោះ​​ជា​ទូទៅ​ស្រា​ប្រភេទ​នេះ មាន​ជាតិ Congeners ​កម្រិត​ខ្ពស់។ ជាតិ Congeners អាច​ជា​មូល​ហេតុ​មួយ​ ​នាំ​ឲ្យ​មាន​អាការៈ​ក្រោយ​ស្រវឹង​នេះ ខណៈ​ប្រភេទ​ស្រា​​មាន​ជាតិ Congener ខ្ពស់​រួម​មាន៖

  • ស្រា Bourbon
  • ស្រា Scotch
  • ស្រា Tequila
  • ស្រា Brandy
  • ស្រាក្រហម
  • ស្រាបៀ​រមាន​ពណ៌​ខ្មៅ និង​ស្រា​បៀ​​មាន​កម្រិត​ជាតិ​អាល់កុល​ខ្ពស់។

ដោយ​ប្រៀប​ធៀប​ជាមួយ​ភេសជ្ជៈ​ដែល​មាន​ជាតិ Congener តិច ដូច​ជា​ស្រាបៀ​​មាន​ពណ៌​ស្រាល និង​ស្រា Gin ​ស្រា វ៉ូកា គឺ​ធ្វើ​ឲ្យមាន​អាការៈ​ក្រោយ​ស្រវឹង​តិច​ជាង។ ទោះ​យ៉ាង​នេះ​ក្ដី ​ភេសជ្ជៈ​​មាន​ពណ៌​ស្រាល អាច​ជួយ​ការពារ​កុំ​ឲ្យ​​មាន​អាការៈ​ក្រោយ​ស្រវឹង​ធ្ងន់​ធ្ងរ ប៉ុន្តែបើ​ផឹក​ច្រើន​លើស​កម្រិត ទោះ​ពណ៌​អ្វី​ក៏ដោយ អាការៈ​នៅ​តែ​ធ្ងន់ធ្ងរ។

អត្ថបទ​ពាក់​ព័ន្ធ៖

រោគ​វិនិច្ឆ័យ និងការ​ព្យាបាល

ព័ត៌មានទាំង​នេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

បញ្ហា​នេះ ​មិន​ចាំបាច់​ត្រូវ​ការ​ជំនួយ​ពី​ពេទ្យ​ទេ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ​ពិគ្រោះ​ជាមួយ​ពេទ្យ ​អាចជួយ​ឲ្យ​ដឹង​ពី​អាការៈ​ក្រោយ​ស្រវឹង បន្ទាប់​ពី​លម្អិត​រោគ​សញ្ញា ទម្លាប់​ញ៉ាំ​ស្រា និង​ប្រវត្តិ​ផឹក​ស្រា​ពីមុន​មក។

៨- ព្យាបាលដោយវិធីណា?

ពេល​វេលា ​អាច​ធ្វើ​ឲ្យ​​អាការៈ​បាត់​ទៅវិញ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​បើ​ពិបាក​ក្នុង​ខ្លួន​ខ្លាំង មាន​វិធី​សាស្ត្រ​​មួយ​ចំនួន ​អាច​ជួយ​ឲ្យ​មាន​អារម្មណ៍​ប្រសើរ​វិញ ដូចជា៖

– ផឹក​ទឹក ឬ​ទឹក​ផ្លែ​ឈើ​ ដើម្បី​ការពារ​កុំ​អោយ​បាត់​បង់​ជាតិ​ទឹក (Dehydration)។ មិន​ត្រូវ​ផឹក​ស្រា​បន្ថែម​ទៀត​ទេ ព្រោះ​វា​ធ្វើអាការៈកាន់​តែ​ធ្ងន់ធ្ងរ។

– ញ៉ាំ​អាហារ ដូច​ជា ​នំ និង​នំ​ប្រៃ ដើម្បី​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម និង​បំពេញ​ក្រពះ។

– ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។ កម្រិត​ថ្នាំ​ធម្មតា​ចំពោះ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជា អាច​ធ្វើ​បន្ថយ​ការ​ឈឺ​ក្បាល​បាន។ ប៉ុន្តែ​ថ្នាំ​អាស្ពៀរីន អាច​ធ្វើ​ឲ្យ​រលាក​ក្រពះ ហើយ​ប្រសិន​បើ​អ្នក​ផឹក​ស្រា​ច្រើន​ញឹក​ញាប់ ថ្នាំ​ប៉ារ៉ាសេតាមុល អាច​ធ្វើ​ឲ្យ​​ខូច​ថ្លើម​ធ្ងន់ធ្ងរ ទោះ​បី​ប្រើក្នុង​កម្រិត​ធម្មតា​ក៏​ដោយ។

– គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ជួយអាការៈ​ក្រោយ​ស្រវឹងអាច​​បាត់​ទៅ​វិញ​ពេល​​ភ្ញាក់​ឡើង។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់​នៅ

ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ និងវិធី​ព្យាបាលនៅ​ផ្ទះ អាច​ជួយ​បង្ការ និងគ្រប់គ្រង​ស្ថានភាពនេះ​បាន​ ដូចជា៖

– ត្រូវ​ញ៉ាំ​អាហារ មុននឹង​ផឹក​​ជាតិ​អាល់កុល​ ព្រោះ​បើ​មិន​បាន​ញ៉ាំ​អាហារ ក្រពះនឹង​​ស្រូប​ជាតិ​អាល់កុល​កាន់​តែលឿន។

– ផឹក​យឺតៗ ត្រូវ​កំណត់​ខ្លួន​ឯង​ដោយ​ផឹក​តែ​មួយ​កំប៉ុង ​ឬ​តិច​ជាង​នេះ​នៅ​រៀង​រាល់​ម៉ោង។

– ត្រូវ​ជ្រើស​រើស​ដោយ​ប្រុង​ប្រយ័ត្ន ប្រភេទ​ស្រា ឬ​ស្រាបៀរ​មាន​ជាតិ Congeners តិច។

– ផឹក​​ទឹក​បន្តិច​ៗ​នៅ​ចន្លោះ​ពេល​ផឹក​ម្ដង​ៗ។ គួរ​ផឹក​ទឹក​មួយ​កែវ​ពេញ បន្ទាប់​ពី​ផឹក​ម្ដង​ៗ ព្រោះ​ធ្វើ​របៀប​នេះ​អាច​ជួយយើង​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ យើង​​ផឹក​ស្រា​បាន​តិចជាមុន។

– ត្រូវ​ដឹង​ពី​បរិមាណ​ស្រាខ្លួន​ឯង​អាចផឹកបាន។ ត្រូវ​កំណត់​ពេល និង​ចំនួន​​ផឹក និង​កុំ​ដាក់​សម្ពាធ​ខ្លួន​ឯង ​ផឹកកាន់​តែ​ច្រើន។

– គ្នា​យើង​​ខ្លះ ​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដែលមិន​ត្រូវ​ការ​វេជ្ជបញ្ជា​មួយ​ចំនួន​ ដូច​ជា អាស្ពីរីន ឬ​អ៊ីប៊ុយប្រូហ្វែន (Ibuprofen) ដើម្បី​កុំ​ឲ្យ​មាន​រោគ​សញ្ញា​អាការៈ​ក្រោយ​ស្រវឹង។ ប៉ុន្តែ​ត្រូវ​សួរ​គ្រូពេទ្យ​ជាមុន​ ថា​តើ​មាន​សុវត្ថិភាព​ចំពោះ​យើង​ដែរ​ទេ ហើយ​ថ្នាំ​កម្រិត​ណា​​ល្អ​សម្រាប់យើង ព្រោះ​ថ្នាំ​ទាំង​នេះ អាច​នឹង​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត ខណៈ​ថ្នាំ​ប៉ារ៉ាសេតាមុល អាច​ធ្វើ​ខូច​ថ្លើម​បាន​ ចំពោះ​គ្នា​យើង​ផឹក​ស្រា​ច្រើន​ច្រើន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Aug 30, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម