Heart attack (គាំងបេះដូង)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វីជាជំ​ងឺ​គាំង​បេះ​ដូង?

​គាំង​បេះ​ដូង សំដៅ​លើ​ស្ថាន​ភាព​ស្ទះ​សសៃរ​ឈាម​បេះ​ដូង ​ជា​ជំ​ងឺ​ធ្ងន់​ធ្ងរ​ កើតឡើង​ពេល​លំ​ហូរ​ឈាម​ទៅ​កាន់​បេះ​ដូង​ត្រូវ​ស្ទះ ​ក្រោយ​សារ​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម និង​សារធាតុ​ផ្សេង​ទៀត បង្កើត​ជា​កំណក​ក្នុង​សរសៃ​អាក់​ទែ​ដែល​មាន​នាទី​ផ្គត់ផ្គង់​ឈាម​ទៅ​បេះ​ដូង។

ពេល​លំហូរ​ឈាម​ត្រូវ​ស្ទះ នាំ​ឲ្យ​បំផ្លាញ ឬ​ខូចខាត​ផ្នែក​នៃសាច់​ដុំ​បេះ​ដូង ជំងឺ​នេះ​អាច​ហៅ​ថា​ស្ទះ​សរសៃ​ឈាម​បេះ​ដូង​ដូចគ្នា ងាយឆក់​យក​ជីវិត​យើង​គ្រប់​វិនាទី។ ប៉ុន្តែ​ការ​ព្យាបាល​អាច​ត្រឹម​ធ្វើ​ឲ្យ​ប្រសើរ​មួយ​រយៈពេល ប៉ុន្តែ​ទាមទារ​ការ​ពិនិត្យ និង​ព្យាបាល​បន្ត​បន្ទាប់។ កុំ​អែអង់​ទូរស័ព្ទ​ទៅ​ ១១៩ សុំ​ជំនួយ​បន្ទាន់ ​ឬផ្នែក​សង្រ្គោះ​បន្ទាន់​ណា​មួយ​នៅ​ជិត​យើង​បំផុត ​ប្រសិន​យើង​មាន​អារម្មណ៍បេះដូង​ចង់​គាំង។

២- កើតញឺកញាប់ដែរទេ?

ផ្អែក​លើ​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ជំងឺ ​និង​ការពារ នៅ​អាមេរិក រៀងរាល់​ឆ្នាំ​ពលរដ្ឋ​អាមេរិក៖

៧៣៥.០០០នាក់ ជួប​បញ្ហា​គាំង​បេះដូង

៥២៥.០០០នាក់ ជា​ករណី​គាំង​លើក​ដំបូង និង

២១០.០០០នាក់ ធ្លាប់​គាំង​បេះដូង​ពី​មុន។

ទោះ​ជា​យ៉ាងណា យើង​អាច​ត្រឹម​តែ​អាច​គ្រប់គ្រង និង​កាត់​បន្ថយ​អត្រា​ប្រឈម​ជំងឺ​នេះ​បាន គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

រោគសញ្ញា

៣- រោគសញ្ញាមាន​អ្វី​ខ្លះ?

រោគសញ្ញា ​និង​អាការៈ​ជំងឺ​គាំង​បេះដូង​មាន​ដូចជា៖

– មាន​សម្ពាធ​ក្នុង​ទ្រូង តឹង ចុក ណែន ឈឺ​ចាប់​ក្នុង​ទ្រូង ឬ​ដៃ ហើយ​រាលដាល​ទៅ​ក ថ្គាម និង​ខ្នង។
– ចង្អោរ មិន​រំលាយ​អាហារ ក្រហាយ​ទ្រូង ឬ​ឈឺ​ពោះ
– ហត់
– បែកញើស​ខ្លាំង ដោយ​មិន​ដឹង​មូលហេតុ ​(Cold sweat)
– ហត់
– អស់​កម្លាំង
– ធេងធោង ឬ​វិល​មុខ

ចាំ​ថា​មិន​មែន​មនុស្ស​ទាំង​អស់​កើត​ជំងឺ​នេះ​សុទ្ធ​តែ​មាន​រោគសញ្ញា​ដូច​គ្នា​ទេ។ អ្នក​ខ្លះ​ចុក​តិច​តួច​តែ​អ្នក​ផ្សេង​ទៀត​ចុក​ខ្លាំង ខ្លះ​មិន​មាន​រោគ​សញ្ញា​ ខណៈ​ខ្លះ​ទៀត​មាន​សញ្ញា​ដំបូង​ដូច​ជា​បេះដូង​ឈប់​ដើរ​មួយ​រំពេច។ ​យ៉ាងណា មាន​សញ្ញា និង​អាការៈ​ផ្សេង​ទៀត អ្នក​ជំងឺ​គាំង​បេះដូង​អាច​ជួប​ប្រទះ​គ្រប់​ពេល។

គាំង​បេះដូង​មួយ​ចំនួន​កើត​ឡើង​ភ្លាមៗ ប៉ុន្តែ​យើង​អាច​មាន​អារម្មណ៍​ដឹង​មុន។ អាការៈ​នេះ​មាន​ដូច​ជា ឈឺ​ទ្រូង (Angina) ​កើតឡើង​ដោយ​សារ​ប្រឹង​ខ្លាំង ហើយ​ធូរ​ស្រាល​ទៅ​វិញ​ក្រោយ​សម្រាក។

គាំង​បេះដូង ខុស​ពី​បេះដូង​ឈប់​ដើរ​ភ្លាមៗ អាច​កើត​ឡើង​ពេល​ចរន្ត​ត្រូវ​​រំខាន ប៉ះពាល់​លំហូរ​ឈាម​ពេញ​តួរ​ខ្លួន។ ជំងឺ​នេះ​អាច​ធ្វើឲ្យ​បេះដូង​ឈប់​ដើរ ប៉ុន្តែ​មិនមែន​មាន​តែ​ហេតុផល​មួយ​នេះ​ទេ។

៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ?

ត្រូវ​រក​ជំនួយ​ឲ្យ​លឿន​បំផុត​តាម​អាច​ធ្វើ​ទៅ​បាន ព្រោះ​ករណី​ខ្លះយើង​​មិន​ដឹង​ពី​រោគ​សញ្ញា​សំខាន់ៗនៃ​ជំងឺ​គាំង​បេះដូង។ បើ​មាន​ជំងឺ​នេះ គួរ​ធ្វើ​តាម​ជំហាន​ដូច​ខាង​ក្រោម៖

– បើ​សង្ស័យ​មាន​ជំងឺ​នេះ ឬ​ប្រទះ​រោគសញ្ញា​អ្វី​មួយ​កុំ​ស្ទាក់ស្ទើរ ឆាប់​ទូរស័ព្ទ​ទៅ​ភ្នាក់ងារ​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​អាច​ស្វែង​រក​ជំនួយ​ពី​មណ្ឌល​សុខភាព គ្លីនិក​នៅ​ជិត​យើង​បំផុត។ ក្នុង​ករណី​មិនមាន​សមាជិក​គ្រួសារ ឬ​នរណា​ម្នាក់​នៅ​ក្បែរ​ខ្លួន ព្យាយាម​ទៅ​ដោយ​ខ្លួន​ឯង​ជា​អាច​កុំ​រង់ចាំ​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ។

– លេប​ថ្នាំ ​នីត្រូគ្លីសេរីន (Nitroglycerin) បើ​មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ អំឡុង​ពេល​រង់​ចាំ​ភ្នាក់ងារ​សង្គ្រោះ។

– លេប​ថ្នាំ អាស្ពីរីន (Aspirin) បើ​សិន​មាន​ជំងឺ​នេះ ព្រោះ​ជួយ​កាត់​ការ​ខូច​បេះដូង ការពារ​ឈាម​កុំ​ឲ្យ​កក។ អាស្ពីរីន​ ក៏​លេប​ជាមួយ​ថ្នាំ​ផ្សេង​ទៀត ប៉ុន្តែ​បើ​សិន​គ្រូពេទ្យ ឬ​ភ្នាក់ងារ​សង្គ្រោះ​មិន​បាន​ណែនាំ កុំ​ព្យាយាម​លេប​ឲ្យ​សោះ។

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

ដោយ​សារ​សរសៃ​អាក់ទែ កូរូណែ (coronary acteries) មួយ ឬ​ច្រើន​ត្រូវ​ស្ទះ តូច​ចង្អៀត​ដោយ​សារ​កំណើន​សារធាតុ​ខ្លាញ់។ ស្ថានភាព​នេះ​ហៅ​ថា ជំងឺ​អាក់ទែ​កូរូណែ ដែល​ជា​កត្តា​ចម្បង​មួយ​នាំ​ឲ្យ​គាំង​បេះដូង។

ពេល​គាំង​បេះដូង កំណក​ទាំងនេះ​អាច​ធ្វើ​ឲ្យ​ដាច់ ធ្វើ​ឲ្យ​សារធាតុ​ខ្លាញ់ ​និង​សារធាតុ​ផ្សេង​ទៀត​ធ្លាក់​ចូល​ចរន្ត​ឈាម។ កំណក​ឈាម​នឹង​កើត​ឡើង​នៅ​កន្លែង​ដាច់ ប្រសិន​ដុំ​កក​នោះ​ធំ​ល្មម វា​អាច​ធ្វើ​ឲ្យ​ស្ទះ​ឈាម​ហូរ​កាត់​អាក់ទែ​កូរូណែ។

ក្រៅ​ពី​ជំងឺ​អាក់ទែកូរូណែ ហេតុផល​ផ្សេង​ទៀត​នៃ​ជំងឺ​គាំង​បេះដូង គឺ​ករណី​រួញ​អាក់ទែកូរូណែ ធ្វើ​ឲ្យ​បិទ​ឈាម​ហូរ​ទៅ​កាន់​សាច់ដុំ​បេះដូង។ ជក់​បារី និងប្រើ​ថ្នាំ​ញៀន ដូច​ជា កូកាអ៊ីន​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ដូច​គ្នា។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

មាន​មូលហេតុ​ជាច្រើន​នាំ​ឲ្យ​កើត​ជំងឺ​នេះ ហើយ​កត្តា​ប្រឈម​ច្រើន​កើត​ឡើង​ជា​ញឹកញាប់​មាន​ដូចជា៖

– កត្តា​អាយុ៖ បុរស​អាយុ ៤៥ ឆ្នាំ​ឡើង និង​ស្រ្តី​អាយុ ៥៥ ឆ្នាំ​ឡើង ប្រឈម​ខ្ពស់កើត​ជំងឺ​នេះ។
– ជក់​បារី៖ ជក់ ឬ​ស្រូប​ផ្សែង​បារី​យូរ​ទៅ ធ្វើ​ឲ្យ​កើន​ឡើង​ហានិភ័យ​គាំង​បេះដូង។
– លើស​ឈាម៖ នាំ​ឲ្យ​ខូច​សរសៃ​ឈាម ​ដែល​មាន​តួនាទី​ដឹកនាំ​ឈាម​ទៅ​បេះដូង ធ្វើ​ឲ្យ​កក​ខ្លាញ់​ក្នុង​សរសៃ​ឈាម។

– លើស​ជាតិ​ខ្លាញ់​៖ ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ (ជាតិ​ខ្លាញ់​អាក្រក់) ឬ ទ្រីគ្លីសេរីត (triglyceride) ច្រើន ធ្វើ​ឲ្យ​សរសៃ​ឈាម​តូច​ចង្អៀត។ កម្រិត​ខ្ពស់​នៃ​សារធាតុ ទ្រីគ្លីសេរីត ដែល​ជា​ប្រភេទ​ខ្លាញ់​ក្នុង​ឈាម ជាប់​ទាក់ទង​របប​អាហារ​ប្រចាំ​ថ្ងៃ ធ្វើ​ឲ្យ​ប្រឈម​ខ្ពស់​ដូចគ្នា។

– ជំងឺ​ទឹក​នោម​ផ្អែម៖ អាំងស៊ុយលីន ជា​អ័រម៉ូន​ផលិត​ដោយ​លំពែង អនុញ្ញាត​ឲ្យ​យើង​ប្រើ​គ្លុយកូស ជា​ទម្រង់​ស្ករ ដើម្បី​ទៅ​ចិញ្ចឹម​កោសិកា​ឈាម។ កើត​ជំងឺ​ទឹក​នោម​ផ្អែម ដោយ​សារ​លំពែង​មិន​អាច​ផលិត អាំងស៊ុយលីន គ្រប់​គ្រាន់ ឬ​មិន​អាច​ឆ្លើយ​តប​ត្រឹម​ត្រូវ ជា​ហេតុ​បណ្ដាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់។

– គ្រួរសារ​មាន​ប្រវត្តិ​កើត​ជំងឺ​គាំង​បេះដូង៖ បើ​មាន​បង​ប្អូន ឪពុក​ម្ដាយ ឬ​យាយ​តា កើត​ជំងឺ​នេះ អាច​ជា​កត្តា​ប្រឈម​ខ្ពស់ផងដែរ។

– មិន​ហាត់​ប្រាណ៖ អសកម្ម​ក្នុង​ជីវិត​រស់​នៅ នាំ​ឲ្យ​មាន​ជាតិខ្លាញ់​ក្នុង​ឈាម​ឡើង​កាន់​តែ​ខ្ពស់ និង​ឡើង​ទម្ងន់។ ហាត់​ប្រាណ​ទៀង​ទាត់​ នាំ​ឲ្យ​ប្រព័ន្ធ​ចិញ្ចឹម​បេះដូង​បានល្អ​ ធ្វើ​ឲ្យ​កាត់​បន្ថយ​គ្រោះថ្នាក់។

– ឡើង​ទម្ងន់៖ ករណី​ឡើង​ទម្ងន់ មាន​ទំនាក់​ទំនង​ជាមួយ​ជាតិ​ខ្លាញ់​ខ្ពស់​ក្នុង​ឈាម ខ្លាញ់ទ្រីគ្លីសេរីត​ខ្ពស់ សម្ពាធ​ឈាម​ខ្ពស់ និង​ទឹក​នោម​ផ្អែម។

– ធុញថប់៖ ភាព​តាន​តឹង​អាច​បង្កើន​ហានិភ័យ​គាំង​បេះដូង។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

ករណី​ស្ថិត​ក្នុង​ស្ថានភាព​សង្រ្គោះ​បន្ទាន់ គ្រូពេទ្យ​នឹង​ពិនិត្យ​រោគ​សញ្ញា ​សម្ពាធ​ឈាម ជីព​ចរ និង​​សីតុណ្ហភាព​ក្នុង​ខ្លួន​យើង។ ឧបករណ៍​តេស្ត​បេះដូង​មួយ​ចំនួន ត្រូវ​​ប្រើប្រាស់​ បើ​យើង​ពិត​ជា​មាន​ជំងឺ​គាំង​បេះដូង​មែន​នោះ។

ដើម្បី​រក​មើល​សញ្ញា​បង្កឲ្យ​ឈឺទ្រូង គាំង​បេះដូង ជំងឺ​ផ្សេង​ទៀត គ្រូពេទ្យ​នឹង​ចាប់​ផ្តើម​ធ្វើ​តេស្ត​តាម​វិធី​មួយ​ចំនួន​ដូច​ជា៖

– តេស្ត​ដោយ​ម៉ាស៊ីន​វាស់​បេះដូង អេឡិចត្រូកាឌីយ៉ូក្រាម (Electrocardiogram) ដើម្បី​ថត​សកម្មភាព​បេះដូង តាមរយៈ​អេឡិចត្រូត​ភ្ជាប់​ជាមួយ​ស្បែក។ កម្លាំង​ញោច​បាន​ថត​រលក​នៅ​លើ​ឧបករណ៍ និង​ផ្ដិត​ជា​រូបភាព ព្រោះ​ពេល​សាច់ដុំ​បេះដូង​មាន​របួស នឹង​មិន​រំញោច​អគ្គិសនី​នោះ​ទេ ហេតុនេះ​ម៉ាស៊ីន​អាច​ឲ្យ​គ្រូពេទ្យ​ដឹង​ថា​បេះដូង​គាំង ឬ​ដំណើរ​ការ។

– ធ្វើ​តេស្ត​ឈាម រក​មើល​កម្រិត អង់ស៊ីម នៅ​ក្នុង​បេះដូង មាន​ការ​ថយ​ចុះ ឬ​យ៉ាងណា ព្រោះ​បើ​ករណី​បេះដូង​រង​ការ​ខូចខាត អង់ស៊ីម នឹង​មាន​ក្នុង​កម្រិត​ទាប។ ក្នុង​ករណី​យើង​មាន​ជំងឺ​បេះដូង​ស្រាប់ ឬ​ទើប​គាំង​បេះដូង​លើក​ដំបូង គ្រូពេទ្យ​នឹង​រៀប​ចំ​វិធី​ព្យាបាល​បន្ទាន់ តាម​រយៈ​ជំហាន​ធ្វើ​តេស្ត​ដូច​ខាង​ក្រោម៖

– ថត​កាំរស្មី​អុិចនៅ​ទ្រូង៖ រូបភាព​កាំ​រស្មី ធ្វើ​ឲ្យ​គ្រូពេទ្យ​ឃើញ​ទំហំ​បេះដូង និង​សសៃរ​ឈាម អាច​មើល​លំហូរ​ឈាម​ទៅ​កាន់​សួត។

– អេកូ​បេះដូង៖ អំឡុង​ពេល​ធ្វើ​តេស្ត រលក​សំឡេង​បេះដូង ​នឹង​បញ្ជូន​ផ្ទាល់​ទៅ​កាន់​ឧបករណ៍ Wandlike ​នៅ​លើ​ទ្រូង ដំណើរ​ការ​អេឡិចត្រូនិក​ ដើម្បី​ផ្ដល់​រូបភាព​វីដេអូ​ពី​ទម្រង់​បេះដូង។

– ដាក់ កាតេទែ នៅ​ក្នុង​អាក់ទែកូរូណែ (Angiogram)៖ សារធាតុ​ពណ៌​ត្រូវ​ចាក់​ចូល​ក្នុង​សរសៃ​ឈាម​បេះដូង ​តាម​រយៈ​បំពង់​ស្ដើង​ឆ្លង​កាត់​សរសៃ​ឈាម​ក្នុង​ជើង ​និង​ក្រលៀន ឆ្ពោះ​ទៅ​កាន់​សរសៃ​ឈាម​បេះដូង។ សារធាតុ​នេះធ្វើ​អោយ​សរសៃ​ឈាម​មើល​ឃើញ​នៅ​លើ​កាំរស្មី បង្ហាញ​តំបន់​កក​ស្ទះ។

– ស្កេន​បេះដូង (CT) ឬ (MRI)៖ តេស្ត​ទាំងនេះ​ដើម្បី​រក​ពី​មូលហេតុ​នាំ​ឲ្យ​ខូច​បេះដូង រាប់​បញ្ចូល​ទាំង​ទំហំ​ខូច​ខាត​ផង​ដែរ ។

៨- ព្យាល​ដោយ​វិធីណា?

វិធី​ចម្បង​ការពារ និង​ព្យាបាល​គាំង​បេះដូង គឺ​ធ្វើ​ឲ្យ​លំហូរ​ឈាម​ត្រឡប់​ដូច​ដើម​ឲ្យ​លឿន​បំផុត ខណៈ​ការ​ព្យាបាល​អាស្រ័យ​លើ​ស្ថានភាព​ជំងឺ ក្នុងករណី​ខ្លះ​គ្រូពេទ្យ​អាច​ប្រើ​​ថ្នាំ​ដើម្បី​ព្យា​បាលដូចជា៖

– អាស្ពីរីន៖ ជួយ​កាត់​បន្ថយ​កំណក​ឈាម ជួសជុល​ឈាម​ឲ្យ​ហូរ​កាត់​សរសៃ​ឈាម​តូច​ចង្អៀត។
– ថ្នាំ​រំលាយ​កំណក​ឈាម៖ ហៅថា​ Clotbusters អាច​ជួយ​ដោះស្រាយ​បញ្ហា​ឈាម​កក។
– ថ្នាំ Antiplatelet agents៖ ក៏​ដូច​ជា​ថ្នំ Clopidogrel និង​ថ្នាំ​ផ្សេង​ទៀត​ដែរ។
– ថ្នាំ Blood-thinning ៖ ជា​ថ្នាំ​កាត់​បន្ថយ​កំណក​ឈាម​ដូច អេប៉ារីន។
– ថ្នាំ​កាត់​បន្ថយ​ការ​ឈឺ​ចាប់៖ មាន​ដូច​ជា Morphine។
– នីត្រូគ្លីសេរីន៖ ព្យាបាល​ឈឺ​ទ្រូង ជួយ​ឲ្យ​សរសៃ​ឈាម​រីក។
– Beta blockers៖ ជួយ​សម្រួល​សាច់​ដុំ​បេះដូង ធ្វើ​ឲ្យ​បេះដូង​ដើរ​យឺត បន្ថយ​សម្ពាធ​ឈាម និង​ជួយ​បេះដូង​ដំណើរ​ការ​ស្រួល។

ក្នុង​ករណី​ស្ថានភាព​ធ្ងន់ធ្ងរ គ្រូពេទ្យ​នឹង​សម្រេច​ជ្រើស​វិធី​វះកាត់​មួយ​ចំនួន​ដូច​ជា៖

– វះ​កាត់​ជួសជុល​អាក់ទែ​កូរូណែ៖ ដោយ​បញ្ចូល​បំពង់​ស្ដើង ឆ្លង​កាត់​សរសៃ​ឈាម​ក្នុង​ជើង ឬ​ក្រលៀន ទៅ​កាន់​សរសៃ​ឈាម​ស្ទះ​ក្នុង​បេះដូង។

– វះ​កាត់​ផ្លូវ​វាង​អាក់ទែ​កូរូណែ (Coronary bypass surgery)៖ ក្នុង​ករណី​ខ្លះ គ្រូពេទ្យ​នឹង​ធ្វើ​ការ​វះ​កាត់​នេះ​បន្ទាន់​ភ្លាមៗ​នៅ​ពេល​ដែល​គាំង​បេះដូង​តែម្ដង។ ប្រសិន​បើ​អាច គ្រូពេទ្យ​អាច​នឹង​ណែនាំ​អ្នកឲ្យ​ធ្វើ ការ​វះកាត់​នេះ​នៅ​ពេល​ដែល​បេះដូង​​នៅ​មាន​ពេល ប្រហែល​ពី​ ៣-៧ ​ថ្ងៃក្រោយ​ធូរស្រាល​ពី​គាំង​បេះដូង។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– កុំ​ជក់​បារី
– ធ្វើ​លំហាត់​ប្រាណ
– រក្សា​ទម្ងន់
– គ្រប់​គ្រង​ជាតិ​ស្ករ
– គ្រប់​គ្រង​អារម្មណ៍​ធុញ​ថប់
– កម្រិត​ការ​ផឹក​ជាតិ​អាល់​កុល
– ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់
– ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាព​បេះដូង
– ត្រួត​ពិនិត្យ​សម្ពាធ​ឈាម និង​កូលេស្តេរូ៉ល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 11, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019

អ្នកអាចចូលចិត្ត