Heatstroke (​អាការៈ​សន្លប់​ដោយសារកម្ដៅ)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​ជា​អាការៈសន្លប់​ដោយសារ​កម្ដៅ?

អាការៈ​សន្លប់​ដោយសារ​កម្ដៅ ជា​ភាសា​បច្ចេកទេស​ហៅ​ថា Heatstroke សំដៅ​លើ​ស្ថានភាព​មួយ ​ដែល​រាង​កាយ​កើន​កម្ដៅ​ខ្លាំង ដោយ​សារទទួល​រង​កម្ដៅ​ពី​បរិស្ថាន​ជុំវិញខ្លួន។ អាការៈ​​នេះ ​​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ ​បង្ក​ឡើង​ដោយ​កម្ដៅ ហើយ​ការ​សន្លប់​ដោយ​សារ​កម្ដៅ​នេះ​ នឹង​កើត​ឡើង​ បើ​សីតុណ្ហភាព​រាង​កាយ​កើន​ឡើង​រហូត​ដល់ ៤០ អង្សារ​សេ (១០៤ អង្សា​ហ្វារីងហាយ) ឬ​ខ្ពស់​ជាង​នេះ។

អាការៈសន្លប់​ដោយសារ​កម្ដៅ (Heatstroke) ទាមទារ​​ការ​សង្គ្រោះ​បន្ទាន់ ហើយ​បើ​មិន​បាន​ព្យាបាល​ទាន់​ពេល​ទេ ​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ខួរ​ក្បាល បេះដូង តម្រង​នោម ​និង​សាច់ដុំ​ បាន​យ៉ាង​លឿន។ ការ​ខូច​ខាត​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​​ទៅ ៗ បើ​ការ​ព្យាបាល​នៅ​តែ​ពន្យា​ពេល​កាន់​តែ​យូរ ​នាំ​ឲ្យកើន​ឡើង​គ្រោះ​ថ្នាក់ពីផល​វិបាក​ កាន់​តែ​ធ្ងន់​ធ្ងរ ឬ​បណ្តាល​ឲ្យ​​ស្លាប់តែ​ម្តង។

២- អាការៈសន្លប់​ដោយសារ​កម្ដៅកើត​ឡើង​ញឹក​ញាប់​ទេ?

សន្លប់​ដោយសារ​កម្ដៅ ​កើត​ឡើង​ញឹក​ញាប់​ណាស់ ហើយ​វា​ច្រើន​កើត​លើ​ស្រីៗ ​ច្រើន​ជាង​ប្រុសៗ នឹង​អាច​កើត​ឡើង​គ្រប់​វ័យ​ទាំង​អស់។ យើង​អាច​​គ្រប់​គ្រង ​បាន​ដោយ​កាត់​បន្ថយ​កត្តា​ប្រឈម​។

រោគ​សញ្ញា

៣- អាការៈសន្លប់​ដោយសារកម្តៅមាន​រោគ​សញ្ញា​អ្វី​ខ្លះ?

រោគ​សញ្ញា​អាការៈ​សន្លប់​ដោយសារ​កម្តៅ (Heatstroke) រួម​មាន៖

– កម្ដៅ​រាង​កាយ​កើនចាប់​ពី ៤០អង្សារ​សេ ឬ​ខ្ពស់​ជាង ត្រូវ​ចាត់​ជា​រោគ​សញ្ញា​ចម្បង។
– ប្រែប្រួល​​សតិ​អារម្មណ៍​ឬ អាកប្បកិរិយា ខណៈបញ្ហា​នេះ​អាច​បង្ក​ទៅ​ជា វង្វេង​វង្វាន់ ញ័រ សំឡេង​និយាយ​ស្ដាប់​មិន​បាន ខឹង​ឆេវ​ឆាវ រវើរវាយ ប្រកាច់ និង​សន្លប់ ។
– បែក​ញើស​ច្រើន ​បង្ក​ឡើង​ដោយ​អាកាសធាតុ​ក្ដៅ ស្បែក​នឹង​ក្ដៅហើយ​ស្ងួត នៅ​ពេល​ប៉ះ។ តែ​ទោះ​យ៉ាង​នេះក្ដី អាការៈសន្លប់​ដោយ​សារ​កម្តៅបង្ក​ដោយ​ការ​ហាត់​ប្រាណ​ខ្លាំង​វិញ ​ស្បែក​មាន​សំណើម​ទៅ​វិញ។
– ក្អួត​និង​ចង្អោរ។ បញ្ហា​នេះ​អាច​ធ្វើ​អោយ​មាន​អារម្មណ៍​ឈឺ​នៅ ក្នុង​ពោះ ឬ​ក្អួត។
– ស្បែក​ឡើង​ក្រហម ដោយ​សារ​តែ​សីតុណ្ហភាព​រាង​កាយ​កើន​ឡើង។
– ដក​ដង្ហើម​ញាប់ ​និង​ដង្ហក់។
– បេះដូង​ដើរ​ញាប់​ខ្លាំង ជីពចរកើន​ឡើង​ ព្រោះ​ស្ថិន​នៅ​កន្លែង​មាន​សីតុណ្ហភាព​ក្តៅ បេះដូង​នឹង​ធ្វើ​ការ​ខ្លាំង ​ដើម្បីជួយ​រាង​កាយ​ឆាប់​ចុះ​ត្រជាក់។
– ឈឺ​ក្បាល​ខ្លាំង។

អាច​មាន​រោគ​សញ្ញា​ខ្លះ​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​បើ​មាន​ក្តី​បារម្ភ​ពី​រោគ​សញ្ញា​អ្វី​មួយ​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- ​ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

ត្រូវ​ទាក់​ទង​ទៅ​គ្រូពេទ្យ​ភ្លាម បើ​យើង ​ឬ​នរណា​ម្នាក់​ មាន​ចេញ​សញ្ញា​សន្លប់​ដោយសារ​កម្តៅ (Heatstroke) នេះ។ បើ​រោគ​សញ្ញាដូចបាន​រៀប​រាប់​ខាង​លើ ឬ​មាន​សំនួរ​អ្វីមួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ព្រោះរាង​កាយ​យើងម្នាក់ៗ ​មាន​សកម្មភាព​ខុសៗគ្នា​។

មូលហេតុបង្ក

៥- មូលហេតុអ្វី​ខ្លះ​បង្ក​ឲ្យ​សន្លប់​ដោយ​សារ​កម្តៅ?

អាការៈសន្លប់​ដោយសារ​កម្តៅ (Heatstroke) អាច​កើត​ឡើង​ដោយ​សារ៖

– ស្ថិត​នៅ​ក្រោម​បរិស្ថាន​ក្ដៅ​ខ្លាំង៖ ​បញ្ហា​នេះ​ហៅ​ថា Nonexertional ឬ Classic Heatstroke ព្រោះ​នៅ​ក្នុង​បរិស្ថាន​ជុំវិញ​មាន​កម្តៅ​ខ្ពស់ ​ធ្វើឲ្យ​រាង​កាយ​ក៏​ឡើង​សីតុណ្ហភាព​ដូច​គ្នា។  អាច​កើត​ឡើង​នៅ​ពេល​ស្ថិត​នៅ​ក្នុង​បរិយាកាស​ក្ដៅ មាន​សំណើម ជា​ពិសេស នៅ​រយៈពេល​យូរ ដូច​ជា ២-៣ ថ្ងៃ ​ជា​ដើម។ អាការៈ​សន្លប់​ស្ថិត​ក្នុង​ស្ថាន​ភាព​នេះ ឧស្សាហ៍​កើត​មាន​ចំពោះ​ចាស់​ជរា ឬ​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ។

– ប្រើ​កម្លាំង​ខ្លាំង៖ ​សំដៅលើ​អាការៈសន្លប់​ដោយសារ​កម្តៅ ពេល​នឿយ​ហត់ខ្លាំង (Exertional Heatstroke) គឺ​បណ្ដាល​មក​ពី​រាង​កាយ​កើន​ឡើង​សីតុណ្ហភាព អម​ជាមួយ​នឹង​សកម្មភាព​រាង​កាយ​ខ្លាំង​ពេក ក្នុង​អាកាសធាតុ​ក្ដៅ។ អ្នក​ហាត់​ប្រាណ​ខ្លាំង ឬ​ធ្វើ​ការប្រើ​កម្លាំង​ខ្លាំង​ នៅ​ក្រោម​បរិយាកាស​ក្ដៅ​ អាច​មាន​បញ្ហា​នេះ ​ប៉ុន្តែវា​ងាយ​នឹង​កើត បើ​យើងធ្លាប់មាន​​ជំងឺ​មិន​ស៊ាំ​សីតុណ្ហភាព​ក្ដៅ​។

អាច​មាន​ស្ថាន​ភាព​ផ្សេង​ទៀត​នាំ​ឲ្យ​យើង​សន្លប់​បាន​ដូច​ជា៖

– ពាក់​ខោអាវ​ក្រាស់​ពេក ​ធ្វើ​ឲ្យ​ញើស​មិន​អាច​ហួត​ចេញ​បាន​ដោយ​ងាយ​ និង​រាង​កាយ​មិន​អាច​ចុះ​ត្រជាក់។
– ផឹក​គ្រឿង​ស្រវឹង អាច​ធ្វើឲ្យ​​ប៉ះ​ពាល់​មុខងារ​បញ្ចុះ​កម្ដៅរបស់​​រាង​កាយ​។
– បាត់​បង់​ជាតិ​ទឹក ហេតុនេះ​ត្រូវ​ផឹក​ទឹកឲ្យ​បាន​​គ្រប់​គ្រាន់ ដើម្បី​បង្គ្រប់​ជាតិ​ទឹក​បាត់​បង់ ​ដោយ​សារបែក​ញើស​។

កត្តាប្រឈម

៦- កត្តាប្រឈម​សន្លប់​ដោយសារក​ម្តៅមាន​អ្វី​ខ្លះ?

មាន​កត្តា​ប្រឈម​អាការៈ​សន្លប់​ដោយ​សារ​កម្តៅមាន​​ច្រើន ដូច​ជា៖

– សមត្ថភាព​ទប់​ទល់​នឹង​កម្តៅ​ខ្លាំង ​អាស្រ័យ​លើ​កម្លាំង​របស់​ប្រព័ន្ធ​ប្រសាទ​កណ្ដាល។ ពេល​នៅ​ក្មេង ប្រព័ន្ធ​ប្រសាទ​កណ្ដាល​មិន​ទាន់​វិវត្តន៍​ពេញ​លេញ​ទេ ខណៈពេល​ឈាន​ដល់​វ័យ​ចំណាស់អាយុចាប់​ពី ៦៤​ឆ្នាំ ​ប្រព័ន្ធ​ប្រសាទ​កណ្ដាល ក៏​ចាប់​ផ្ដើម​ខ្សោយ​ដែរ ដែល​កត្តា​នេះធ្វើឲ្យរាង​កាយ​មិន​អាច​គ្រប់​គ្រង​ស្ថាន​ភាព​ប្រែ​ប្រួល​កម្ដៅ​ក្នុង​ខ្លួន​បាន ហើយ​វ័យ​ទាំង​ពីរ​នេះ ក៏​ពិបាក​​បំពេញ​ជាតិ​ទឹកក្នុងខ្លួន​​ផង​ដែរ។

– បញ្ចេញ​កម្លាំង​ខ្លាំង​ក្នុង​អាកាសធាតុ​ក្ដៅ ដូច​ជា ​ហាត់​ទាហាន ​ចូល​រួម​សកម្មភាពកីឡា​ ពិសេស​កីឡា​បាល់​ទាត់​ជា​ដើម​ ទាំង​នៅ​ក្នុង​អាកាសធាតុ​ក្ដៅ គឺ​សុទ្ធ​តែ​នាំ​ឲ្យ​មាន​បញ្ហា​នេះ។

– ប៉ះ​នឹង​អាកាសធាតុ​ក្ដៅ​ភ្លាមៗ អាច​មាន​ជំងឺ​ដោយ​សា​រកម្ដៅ​ថ្ងៃ​ បើ​សីតុណ្ហភាព​នៅ​ជុំវិញ​ស្រាប់​តែ​ឡើង​ក្ដៅ ដូច​ជា​​អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​ដំបន់​មាន​កម្ដៅ​ខ្លាំង។ ត្រូវ​កម្រិត​ធ្វើ​សកម្មភាព​របស់​អ្នក​យ៉ាង​ហោច​ណាស់​ ២-៣ ថ្ងៃ ដើម្បី​ឲ្យ​រាង​កាយអាច​ស៊ាំ​ទៅ​នឹង​អាកាសធាតុជាមុន​​សិន។ ទោះ​យ៉ាង​នេះ​ក្ដី យើង​នៅ​តែ​ប្រឈម​ខ្ពស់​អាការៈសន្លប់​ដោយ​សារ​កម្ដៅ​ រហូត​ទាល់​តែ​ស៊ាំ​ជាមួយ​​បរិយាកាស​ក្ដៅ​នេះ​បាន ចាប់ពី ២-៣ ​សប្ដាហ៍។

– គ្មាន​ម៉ាស៊ីន​ត្រជាក់ ខណៈកង្ហារ​អាច​​ធ្វើ​ឲ្យយើង​​មាន​អារម្មណ៍​ប្រសើរ ប៉ុន្តែ​បើ​នៅ​ក្នុង​អាកាសធាតុ​ក្ដៅ ម៉ាស៊ីន​ត្រជាក់​មាន​ប្រសិទ្ធិភាពជាង​គេ ដើម្បី​ធ្វើ​ជួយ​ឲ្យ​រាងកាយ​​ត្រជាក់ ​នឹង​មាន​សំណើម​ទាប។

– ថ្នាំ​ពេទ្យ​មួយ​ចំនួន ដោយ​ថ្នាំ​ពេទ្យ​ខ្លះ អាច​នឹង​ប៉ះពាល់​ដល់​សមត្ថភាព​រាង​កាយ ​ដើម្បី​បញ្ចេញ​ជាតិ​ទឹក​គ្រប់​គ្រាន់​ ទប់​ទល់​នឹង​កម្ដៅ។ ជា​ពិសេស​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ពេល​ប្រើ​ថ្នាំ​ន​ប្រសិទ្ធិភាព​បង្រួម​សរសៃ​ឈាម ថ្នាំ​សម្រួល​សម្ពាធ​ឈាម​ ដោយ​រាំង​ខ្ទប់ អ័រម៉ូនអាដ្រេណាលីន ពពួក​ថ្នាំ Beta blockers ថ្នាំ​បញ្ចុះ​នោម ឬ​ពពួក​ថ្នាំ​ប្រឆាំង​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ប្រឆាំង​នឹង​ជំងឺ​ផ្លូវ​ចិត្ត នៅ​រដូវ​ក្ដៅ។

សារធាតុ​ភ្ញោច​ខួរ​ក្បាល​ដើម្បី​ព្យាបាល​ជំងឺ ADHD (Attention deficit hyperactivity disorder – ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាង​ដែល​ជា​ប្រភេទ​នៃ​ការ​វិវត្តន៍​របស់​កោសិកា​ប្រសាទ ដែល​អ្នក​ជំងឺ​មាន​អាការ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​អ្វី​មួយ ឬ​មាន​សកម្មភាព​ខ្លាំង​ជ្រុល)​ និង​សារធាតុ​ភ្ញោច​ខួរ​ក្បាល​ផ្សេង​ទៀត​ដែល​ខុស​ច្បាប់ ដូច​ជា​ថ្នាំ Amphetamines និង​សារធាតុ កូកាអ៊ីន ក៏​អាច​ធ្វើ​ឲ្យ​​ងាយ​មានអាការៈសន្លប់​ដោយ​កម្ដៅ​ដូច​គ្នា។

– បញ្ហា​សុខភាព​មួយ​ចំនួន ពិសេសជំងឺ​រ៉ាំរ៉ៃ​ ដូច​ជា ​ជំងឺបេះដូង ឬជំងឺ​សួត អាច​បង្ក​ឲ្យ​​កើន​ឡើង​គ្រោះ​ថ្នាក់​សន្លប់​ដោយ​សារ​កម្តៅ។ ដូច​គ្នា​នេះ​ដែរ បញ្ហា​ធាត់​លើស​ទម្ងន់ អង្គុយ​នៅ​មួយ​កន្លែង​រយៈ​ពេល​យូរ និង​ធ្លាប់​មាន​បញ្ហា​នេះពី​មុន ក៏​ប្រឈមអាការៈ​សន្លប់​ដោយ​សារ​កម្ដៅ​ដូច​គ្នា

អត្ថបទ​ពាក់ព័ន្ធ​៖

រោគ​វិនិច្ឆ័យ​ និងការ​ព្យាបាល

ព័ត៌មានទាំងនេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ជា​ទូទៅ​ គ្រូពេទ្យនឹង​​ពិនិត្យ​មើល​តាម​អាការៈ​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ​តេស្ត​ក្នុង​មន្ទីរ​ពិសោធន៍​មួយ​ចំនួន​ អាច​នឹង​ត្រូវ​ធ្វើ​ដើម្បី​បញ្ជាក់​ពីរោគ​វិនិច្ឆ័យ​របស់​គ្រូពេទ្យ ស្វែង​រក​មូល​ហេតុ​ផ្សេងៗ នៃ​រោគ​សញ្ញា​ជំងឺ និង​វាយ​តម្លៃ​លើ​សរីរាង្គ​ដែល​ខូច​ខាត។ តេស្ត​ទាំង​នោះ​រួម​មាន៖

– តេស្ត​ឈាម​៖ ដើម្បី​ពិនិត្យ​មើល​កម្រិត​ជាតិ​សូដ្យូម ​ប៉ូតាស្យូម​ក្នុង​ឈាម ​ឬឧស្ម័ន​នៅ​ក្នុង​ឈាម​ ដើម្បី​មើល​ថា ​​តើ​មាន​ការ​ខូច​ខាត​ដល់​ប្រព័ន្ធ​ប្រសាទ​កណ្ដាល​ ឬ​អត់។

– តេស្ត​ទឹក​នោម៖ ដើម្បី​ពិនិត្យ​មើល​ពណ៌​ទឹក​នោម ព្រោះ​ជាទូទៅ ទឹក​នោម​នឹង​ពណ៌​ខ្មៅ បើយើងមាន​បញ្ហា​ទាក់ទង​នឹង​កម្ដៅ ក៏ដើម្បី​ពិនិត្យ​មើល​មុខងារ​តម្រង​នោម ​អាច​ប៉ះ​ពាល់​ដោយ​សារ​បញ្ហា​សន្លប់​​នេះ។

– តេស្ត​ពិនិត្យ​មុខងារ​សាច់​ដុំ៖ ដើម្បី​ពិនិត្យ​រក​មើល​បញ្ហា​ខូច​ខាត​ធ្ងន់ធ្ងរ​លើ​ជាលិកា​សាច់​ដុំ (Rhabdomyolysis)។
– ថតកាំរស្មី​អ៊ិច (X-ray) និង​តេស្ត​ថត​រូបភាព​រាង​កាយ​ផ្សេងៗ​ទៀត៖ ដើម្បី​ពិនិត្យ​មើល​ការ​ខូច​ខាត​របស់​សរីរាង្គ​ខាង​ក្នុង​ខ្លួន។

៨- ព្យាបាល​ដោយ​វិធី​​ណា?

​ព្យាបាលអាការៈសន្លប់​ដោយសារ​កម្តៅ សំខាន់​បំផុត​ ត្រូវ​ផ្ដោត​លើ​ការ​បញ្ចុះ​កម្ដៅ​រាង​កាយ​មកនៅ​ស្ថានភាព​​ធម្មតា​វិញ ដើម្បី​ការពារ​ ឬ​កាត់​បន្ថយ​ការ​ខូច​ខាត​ទៅ​លើ​ខួរ​ក្បាល​ និង​សរីរាង្គ​សំខាន់ៗ​ក្នុង​ខ្លួន​។ ​គ្រូពេទ្យ​អាច​នឹង​ធ្វើ​តាម​ជំហាន​ព្យាបាល​ដូច​ជា៖

– ត្រាំ​យើង​នៅ​ក្នុង​ទឹក​ត្រជាក់៖ ងូត​ទឹក​ត្រជាក់​ ឬ​ទឹក​កក​អាច​បញ្ចុះ​សីតុណ្ហភាព​រាង​កាយ​បាន។
– វិធី​ធ្វើ​ឲ្យ​ចុះ​ត្រជាក់​ដោយ​បង្ហួត៖ គ្រូពេទ្យ​ខ្លះ ​អាច​នឹង​ប្រើ​វិធី​នេះ​ ជាជាង​ការ​ត្រាំ​ ដើម្បី​ឲ្យ​រាង​កាយ​ចុះ​ត្រជាក់។ វិធី​នេះ​គឺ​បាញ់​ចំហាយ​ទឹក​ត្រជាក់​នៅ​លើ​ស្បែក​យើង ខណៈ​បាញ់​កង្ហារ​ខ្យល់​ក្ដៅ​ឧណ្ហ​​ចំ​រាង​កាយ ធ្វើ​ឲ្យ​​ទឹក​នៅ​លើ​ស្បែក​រំហួត​ឡើង នឹង​ត្រជាក់​ស្បែក។

– ស្អំ​ទឹក​កក និង​ដណ្ដប់​ភួយ​ត្រជាក់៖ វិធី​មួយ​ទៀត គឺ​រុំ​ខ្លួន​យើងជាមួយ​នឹង​ភួយ​ពិសេស​មួយ​ដែល​ត្រជាក់ ​និង​ស្អំ​កញ្ចប់​ទឹក​កក​នៅ​ត្រង់​ក្រលៀន ក ខ្នង ក្លៀក ​ដើម្បី​បញ្ចុះ​កម្ដៅ​រាង​កាយ។

– ​ប្រើ​ថ្នាំ​ពេទ្យ​ដើម្បី​ការពាររងា​ញាក់៖ បើ​ការ​ព្យាបាល​ខាង​លើ​ធ្វើឲ្យ​យើងគ្រុន​រងា​ញាក់ រូពេទ្យ​អាច​នឹង​ឲ្យ​យើង​​ប្រើ​ថ្នាំ​សម្រួល​សាច់​ដុំ ដូច​ជា ថ្នាំ Benzodiazepine។ អាការៈ​រងា​ញាក់​ ធ្វើ​ឲ្យ​​រាង​កាយ​កើន​កម្ដៅ ជា​ហេតុ​នាំ​​ការ​ព្យាបាល មិន​មាន​ប្រសិទ្ធិភាព។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពនេះ​បាន ដូចជា៖

– ត្រូវ​នៅ​ក្រោម​ម្លប់ ឬ​នៅ​កន្លែងមាន​ម៉ាស៊ីន​ត្រជាក់៖ បើ​សិន​គ្មាន​ម៉ាស៊ីន​ត្រជាក់​នៅ​ផ្ទះ​ទេ សូម​ទៅ​កន្លែង​ណា​មាន​ម៉ាស៊ីន​ត្រជាក់ ដូច​ជា​ នៅ​ផ្សារ​ទំនើប រោង​កុន ឬបណ្ណាល័យ​សាធារណៈ។

– ធ្វើ​ឲ្យ​កម្រាល​គេង ​និង​កង្ហារ​ត្រជាក់​៖ បើ​​នៅ​ជាមួយ​នរណា​ម្នាក់​ធ្លាប់​មាន​ជំងឺ​ដោយ​សារ​តែកម្ដៅ សូម​ធ្វើ​ឲ្យ​រាង​កាយ​គេ​ត្រជាក់ ​ដោយ​គ្រប​ជាមួយ​ភួយ​ត្រជាក់ ឬ​បាញ់​ចំហាយ​ទឹក​ត្រជាក់​។ ត្រូវ​ដាក់​កង្ហារ​បាញ់​ឲ្យ​ចំ។

– ងូត​ទឹក​ត្រជាក់​៖ ងូត​ទឹក​ត្រជាក់ៗ​ឲ្យ​បាន​ច្រើន​ដង ពេល​មាន​អារម្មណ៍​ក្តៅ​ខ្លាំង ខណៈ​បើ​នៅឆ្ងាយ​ពី​ផ្ទះ ត្រូវ​រក​ក​ន្លែង​ណា​មានអាង​ទឹក​ត្រជាក់ ចុះត្រាំ ​ដើម្បី​ជួយបញ្ចុះ​សីតុណ្ហភាពរាង​កាយ។

– ផឹក​​ទឹកឲ្យ​ច្រើន៖ ដោយ​សារ​តែយើងបាត់​បង​ជាតិ​ប្រៃ តាម​រយៈ​ការ​បែក​ញើស យើង​អាច​បំពេញ​ជាតិ​ប្រៃ ​និង​ទឹក​ ដោយ​ការ​ញ៉ាំ​ភេសជ្ជៈ​សម្រាប់​អ្នក​កីឡា។ បើ​គ្រូពេទ្យ​កម្រិត​ការផឹកទឹក ​និង​ជាតិប្រៃ សូម​អ្នក​ពិគ្រោះ​ជាមួយ​ពេទ្យ​ ថា​តើ​កម្រិត​ទឹក​ប៉ុណ្ណា​ត្រូវ​ផឹក ឬ​ជាតិប្រៃ​ប៉ុណ្ណា​​ត្រូវ​ញ៉ាំ។

– មិន​ត្រូវ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ឬ​ជាតិ​អាល់កុល៖ មិន​ត្រូវ​​បំពេញជាតិ​ទឹក​ ដោយ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ឬ​អាល់កុល​ទេ ព្រោះ​អាច​ប៉ះ​ពាល់​សមត្ថភាព​រាង​កាយ​គ្រប់​គ្រង​កម្ដៅ។ ជាមួយ​​នេះ​ដែរ ភេសជ្ជៈ​​ត្រជាក់​ខ្លាំង អាច​នឹង​ធ្វើ​យើង​ចុក​ពោះភ្លាមៗ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​សីហា 4, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 23, 2019

អ្នកអាចចូលចិត្ត