Hemolytic Anemia (ជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាមក្រហម)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វីជាជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាមក្រហម?

ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​បែក​គ្រាប់​ឈាមក្រហម សំដៅ​លើ​​ការ​បែក​គ្រាប់​ឈាម ដោយសារ​​ប្រព័ន្ធ​ការពាររាង​កាយ ទៅ​បំផ្លាញ​កោសិកា​គ្រាប់​ឈាម​ក្រហម​ខ្លួន​ឯង។ កត្តា​ពី​ខាង​ក្រៅ (Extrinsic) ​ដែល​ធ្វើឲ្យ​​អណ្តើកចាប់​យក​ និង​បំផ្លាញ​កោសិកា​គ្រាប់​ឈាម​ក្រហម​មាន​សុខ​ភាព​ល្អ ដោយ​កត្តាទាំង​នោះ​មាន​ដូច​ជា៖

– ឆ្លងរោគ
– មានដុំ​សាច់
– ជំងឺ​​ប្រព័ន្ធ​ការពារ​ទៅ​បំផ្លាញ​ខ្លួន​ឯង
– ផល​រំខាន​ដោយ​សារថ្នាំ
– មហារីក​គ្រាប់​ឈាម​ស
– មហារីក​កូន​កណ្តុរ

កត្តា​ពី​ខាង​ក្នុង​ (Intrinsic) គឺ​ជា​តំណ​ពូជ ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​បែក​គ្រាប់​ឈាម​ក្រហម​ដូច​គ្នា ដែល​ជំងឺ​តំណពូជ អាច​មាន​ដូចជា ជំងឺស្លេក​ស្លាំង​ដោយ​សារ​គ្រាប់​ឈាម​ក្រហម​រាង​ដូច​កណ្តៀវ (Sickle cell anemia) ឬជំងឺតាលាសឺមៀ (Thalassemia)។

២- ជំងឺនេះកើត​ឡើង​ញឹក​ញាប់​ដែរ​ទេ?

ជំងឺ​​គ្រាប់​ឈាម​ក្រហម​ប្រភេទ​នេះ​ ច្រើន​កើត​លើ​ជន​ជាតិ​អាមេរិក​ស្បែក​ខ្មៅ​ ជនជាតិ​អាស៊ី​ និង​អឺរ៉ុប​ស្បែក​ស ហើយ​​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ។ តែ​យើង​អាច​គ្រប់​គ្រង និង​កាត់​បន្ថយ​កត្តា​ប្រឈមបាន​។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ពត៌មាន​បន្ថែម។

រោគសញ្ញា

៣‑ រោគសញ្ញាមានអ្វី​ខ្លះ?

ដោយ​សារជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​បែក​គ្រាប់​ឈាម​ក្រហម បង្ក​ដោយ​​មូលហេតុ​ខុសៗ​គ្នា​ច្រើន ដូច​នេះ​គ្នា​យើង​មាន​ជំងឺ អាច​នឹង​មាន​រោគ​សញ្ញា​ខុសៗ។ តែ​ក៏​​មាន​រោគ​សញ្ញា​ប្រហាក់​ប្រហែល​គ្នា​មួយ​ចំនួន​ ដោយ​រោគ​សញ្ញា​ គឺ​ស្រដៀង​ជំងឺ​ស្លេក​ស្លាំង​ផ្សេងៗ​ទៀត​ដូច​ជា៖

– រោគ​សញ្ញា​ចម្បង៖

  • អស់​កម្លាំង ខ្សោយ​ ឬ​ធ្វើ​អ្វី​មិន​បាន​ច្រើន​ដូច​មុន
  • ស្បែក​ស្លេក​ស្លាំង
  • ក្តៅ​ខ្លួន
  • វង្វេង​វង្វាន់
  • វិល​មុខ​
  • ឈឺ​ក្បាល។

– រោគ​សញ្ញា​កម្រ៖

  • ទឹក​នោម​ខ្មៅ​ ឬ​ពណ៌​ស្រអាប់​ខ្លាំង
  • ភ្នែក​ និង​ស្បែក​ឡើង​លឿង
  • បេះ​ដូង​មាន​សំឡេង​ខុស​ប្រក្រតី
  • បេះដូង​លោត​ញាប់​
  • អណ្តើករីកធំ
  • ថ្លើម​រីក​ធំ។

ជំងឺ​នេះ ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​បារម្ភពី​រោគសញ្ញា​ណា​មួយ​នោះ ​សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។

៤‑ ពេលណាត្រូវទៅជួបពេទ្យ?

បើ​សិន​ជា​មាន​សញ្ញា​ណាមួយ​ ដូច​បាន​រៀប​រាប់​ខាង​លើ​ ឬ​មាន​សំណួរ​ពាក់​ព័ន្ធ​រោគសញ្ញា សូម​​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

មូល​ហេតុបង្ក

៥‑ មូលហេតុអ្វី​ខ្លះ​បង្ក​ជា​ជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាម?

ខួរ​ឆ្អឹង​ខ្នង​ ជា​កន្លែង​ផលិត​គ្រាប់​ឈាម​គ្រប់​ប្រភេទ ​រួម​ទាំង​គ្រាប់​ឈាម​ក្រហម​ផង​ដែរ។ ជំងឺ​​ស្លេក​ស្លាំងដោយ​សារ​បែក​គ្រាប់​ឈាម ​កើត​មាន​ឡើង​ដោយ​សារ​ខួរ​ឆ្អឹង​ខ្នង មិន​អាច​ផលិត​គ្រាប់​ឈាមជំនួស​គ្រាប់​ឈាម​ក្រហម​ដែល​បែក​បាន។ មូល​ហេតុ​​ធ្វើ​ឲ្យបែក​គ្រាប់​ឈាម​រួម​មាន៖

– ជំងឺ​ប្រព័ន្ធ​ការពារ​ប្រឆាំង​ខ្លួន​ឯង ដោយ​​ទៅ​បំផ្លាញ​កោសិកា​ឈាម​ក្រហម ព្រោះ​យល់​ខុស​ថា​គ្រាប់​ឈាម​ក្រហម​ជា​មក​ពី​ខាង​ក្រៅ។
– ជំងឺ​តំណ​ពូជ ​ប៉ះ​ពាល់​ដល់​កោសិកា​ឈាម​ក្រហម ដូច​ជា ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​កោសិកា​ឈាម​ក្រហម​មាន​រាង​ដូច​កណ្តៀវ  (sickle cell anemia) និងជំងឺ​តាលាសឺមៀ (Thalassemia)
– ប៉ះ​ពាល់​ជាមួយ​សារ​ធាតុគី​មី​ពុល ថ្នាំ និង​សារ​ធាតុ​ពុល​នានា
– ឆ្លងរោគ
– កំណក​ឈាម​ក្នុង​សរសៃ​ឈាម​តូចៗ
– បញ្ចូល​ឈាមមិន​ត្រូវ​គ្នា (ខុសប្រភេទឈាម)។

កត្តាប្រឈម

៦‑ កត្តាអ្វី​ខ្លះ​នាំ​ឲ្យ​ប្រឈម​ជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាម?

មាន​កត្តា​ប្រឈម​ជា​ច្រើន បណ្តាល​ឲ្យ​យើង​កើត​ជំ​ងឺ​នេះ ​ដូច​ជា៖

– អណ្តើក​រីក​ធំ
– រលាក​ថ្លើម
– ឆ្លងមេរោគ Epstein-Barr virus
– ជំងឺ​គ្រុន​ពោះ​វៀន
– សារ​ធាតុ​ពុល​របស់ E. coli
– មហារីក​គ្រាប់​ឈាម​ស
– មហារីក​កូន​កណ្តុរ
– មានដុំសាច់
– ជំងឺ Lupus
– ជំងឺ Wiskott-Aldrich syndrome
– ជំងឺ HELLP syndrome

ក៏​មាន​ថ្នាំ​មួយទៀត អាច​បង្ក​ឲ្យ​យើង​​កើត​ជំងឺ​នេះ ដូចជា ថ្នាំ Acetaminophen (Tylenol) ថ្នាំ​អង់​ទីប្យូ​ទិក (Penicillin, Ampicillin, Methicillin) ថ្នាំ Chlorpromazine (Thorazine) ថ្នាំ Ibuprofen (Advil, Motrin IB) ថ្នាំ Interferon alfa ថ្នាំ Procainamide, Quinine, Rifampin (Rifadin)។

អត្ថ​បទ​ពាក់​ព័ន្ធ៖

រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល

ព័ត៌មានទាំងនេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ ​អាស្រ័យ​លើ​ការ​​ប្រវត្តិ​ជំងឺ រោគ​សញ្ញា ​ពិនិត្យ​រាង្គ​កាយ ដោយ​​គ្រូពេទ្យ​ នឹង​ពិនិត្យ​រក​មើល​ភាព​ស្លេក​ស្លាំង​ ឬ​ស្បែក​ឡើង​លើង។ ពេទ្យ​ក៏​អាច​ស្ទាប​ពោះ​មើល​ តើ​មាន​ឈឺ​ ឬ​អត់ ដែល​ជា​សញ្ញា​បង្ហាញ​ថា យើង​​មាន​ថ្លើម​រីក​ធំ​ ឬ​អណ្តើក​រីក​ធំ។ ជាមួយ​គ្នា​នេះ គ្រូពេទ្យ​អាច​នឹង​ស្នើ​សុំ​​ពិនិត្យ​ឈាម​មួយ​ចំនួន​ដូច​ជា៖

– តេស្ត Bilirubin៖ ដើម្បីដឹង​ពី​កម្រិត​គ្រាប់​ឈាម​ក្រហម​ដែល​បែក​។
– តេស្តហេម៉ូក្លូប៊ីន៖ ដើម្បី​ដឹង​ពី​កម្រិត​គ្រាប់​ឈាម​ក្រហម​ក្នុង​ខ្លួន។
– តេស្ត​មុខ​ងារ​ថ្លើម៖ ដើម្បី​រក​មើល​ពី​ការ​រីកធំ​ថ្លើម ឬ​អណ្តើក។
– តេស្ត​រាប់គ្រាប់ឈាម Reticulocyte៖ ដើម្បី​ដឹង​ពី​ចំនួន​គ្រាប់​ឈាម​ក្រហម​​បាន​ផលិត​ថ្មី។

បើ​សិន​ជា​គ្រូពេទ្យ​គិត​ថា ជំងឺយើង​បង្ក​​មក​ពី​កត្តា​ខាង​ក្នុង (Intrinsic anemia) ពេទ្យ​​នឹង​យក​គ្រាប់​ឈាម​ទៅ​មើល​ក្នុង​មីក្រូទស្សន៍​ ដើម្បី​ដឹង​ពី​រូប​រាង​ និង​ទំហំ​របស់​វា។ ​មាន​តេស្ត​ផ្សេងៗ​ទៀត​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​បែក​គ្រាប់​ឈាម​ក្រហម ​ដូចជា តេស្ត​ទឹក​នោម (រក​មើល​ឈាម​ក្នុង​ទឹក​នោម) និង​ច្រឹប​ខួរ​ឆ្អឹង​ទៅ​ពិនិត្យ។

៨‑ ព្យាបាល​ដោយ​វិធី​ណា?

ការ​ព្យាបាល អាស្រ័យ​ទៅ​លើមូលហេតុ ភាព​ធ្ងន់ធ្ងរ​ អាយុ ​ស្ថាន​ភាព​សុខ​ភាព និង​ភាព​ធន់​ទ្រាំ​នឹង​ថ្នាំចំពោះ​គ្នា​យើង​ម្នាក់ៗ។ វិធី​ព្យាបាលជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​បែក​គ្រប់​ឈាម​ក្រហម ជាទូទៅ​មាន​ដូច​ជា៖

– បញ្ចូល​ឈាម៖ ដើម្បី​បង្កើន​ចំនួន​គ្រាប់​ឈាម​ក្រហមឲ្យ​​បាន​រហ័ស​ទៅ​ក្នុង​ឈាម​វិញ។

– IVIG៖ ជា​វិធី​ព្យាបាល​ដោយ​ការ​បញ្ចូល​ Immunoglobulin តាម​សរសៃ​វែន​ ទៅ​ក្នុង​ចរន្ត​ឈាម​ ​ដើម្បី​បន្ថយ​សកម្មភាព​របស់​ប្រព័ន្ធ​ការ​ពារ​ក្នុង​ខ្លួន នៅពេល​វា​​ជា​មូល​ហេតុ​ធ្វើ​បែក​គ្រាប់​ឈាម។ គ្រូពេទ្យ​ នឹងឲ្យ​​ថ្នាំ​ប្រឆាំង​ប្រព័ន្ធ​ការ​ពារ​ឲ្យ​យើង​ប្រើ​ផង​ដែរ។

– ថ្នាំ Corticosteroids៖ បើ​សិន​ជា​ការ​បែក​គ្រាប់​ឈាម​បណ្តាល​មក​ពី​ប្រព័ន្ធ​ការ​ពារ​ខ្លួន​ឯង​នោះ ប្រើ​ប្រាស់​ថ្នាំ​នេះ នឹង​ក្លាយ​ជា​ជម្រើស​ក្នុង​ការ​ព្យាបាល។

– វះកាត់៖ ក្នុង​ករណី​ធ្ងន់​ធ្ងរ យើង​នឹង​ត្រូវ​កាត់​អណ្តើក​ចេញ ដោយ​សារ​វា​ជា​កន្លែង​កោសិកា​ឈាម​ក្រហម​ត្រូវ​បាន​បំផ្លាញ។ ដូច​នេះ​ពេល​កាត់អណ្តើក​​ចេញ​ហើយ ការ​បែក​គ្រាប់​ឈាម​ក្រហម​នឹង​យឺត​ជាង​មុន។ វិធី​ព្យាបាល​​នេះ ​ធ្វើ​ឡើង​ក្នុង​ករណី ការ​ប្រើ​ប្រាស់​ថ្នាំ​ប្រឆាំង​ប្រព័ន្ធ​ការពារ ​និងថ្នាំ​ Corticosteroids មិន​បាន​ផល។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់​នៅ

ផ្លាស់​ប្តូរ​ទម្លាប់​រស់នៅ និង​វិធី​ព្យាបាល​នៅ​ផ្ទះ អាច​ជួយ​បង្ការ និង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូមពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 13, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 13, 2019

អ្នកអាចចូលចិត្ត