Hemorrhagic stroke (​ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាល)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​ទៅ​ជា​ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាល?

ជំងឺដាច់​សរសៃឈាម​ខួរ​ក្បាល ជា​ភាសា​បច្ចេកទេស​ហៅថា Hemorrhagic stroke សំដៅ​លើ​ជំងឺ​កើត​ឡើង​នៅ​ពេល​ដែល​ចរន្ត​ឈាម​​ផ្នែក​ណា​មួយ​របស់​ខួរ​ក្បាល ត្រូវ​បាន​កាត់​ផ្ដាច់ ឬ​ត្រូវ​បាន​កាត់​បន្ថយ។ កោសិកា​ខួរ​ក្បាល អាច​ស្លាប់​យ៉ាង​លឿន​ បើ​មិន​មាន​អុកស៊ីហ្សែន​​ដឹក​ជញ្ជូន​ដោយ​ឈាម​ទៅ​ចិញ្ចឹម​ទេ​នោះ ​ហេតុ​នេះ​ ​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​ខូច​ជា​រាង​រហូត។

ជំងឺដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​អាចមាន​សភាព​ធ្ងន់ធ្ងរ ឬ​ស្រាល ហើយ​ផល​វិបាក​របស់ជំងឺ ​អាច​នៅ​ចន្លោះ​ពី​ជាសះស្បើយ​​ ទៅ​ដល់​គ្រោះ​ថ្នាក់​ដល់​ជីវិត។

ជំងឺដាច់សរសៃ​ឈាម​ខួរ​ក្បាល (Hemorrhagic stroke) ជា​ប្រភេទ​មួយ​ជំងឺ​សរសៃឈាម​ខួរ​ក្បាល ​អាច​ហៅ​បាន​ថា ជា​ការ​ហូរ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល (Intracerebral hemorrhage – ICH)។ ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​ សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ដាច់​បែក ហើយ​ឈាម​កើន​ឡើង​នៅ​ក្នុង​ជាលិកា​នៅ​ជុំវិញ​សរសៃ​ឈាម​នោះ ធ្វើ​ឲ្យ​មាន​សម្ពាធ​ទៅ​លើ​ខួរ​ក្បាល បណ្ដាល​ឲ្យ​បាត់​បង់​ឈាម​ទៅ​ចិញ្ចឹម​កន្លែង​នៅ​ជុំវិញ​ទីតាំង​ដែល​ដាច់​សរសៃ​ឈាម​នោះ។

ការ​សង្គ្រោះ​ព្យាបាល​ភ្លាម​ៗ​ទាន់​ពេល​វេលា ជា​​រឿងសំខាន់​ណាស់​ ដើម្បី​មាន​ឱកាស​អ្នក​ជំងឺ​អាច​រស់​រាន​មាន​ជីវិត និង​ជា​សះស្បើយ​ពី​ជំងឺ ខណៈការ​ការ​ពារ ក៏​សំខាន់​ដូច​គ្នា​។ បើ​សិនគ្នា​យើង​មាន​ជំងឺ​ អាច​គ្រប់​គ្រង​កត្តា​គ្រោះ​ថ្នាក់​បាន ​នឹង​បន្ថយ​ឱកាស​កើត​ជំងឺ​នេះ​កាន់​តែ​ច្រើន។

២- ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាលកើត​មាន​ញឹក​ញាប់​ទេ?

ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាល មិន​សូវ​កើត​មាន​ទេ ហើយ​មាន​តែ​១ ៥% ​ក្នុង​ចំណោមអ្នក​មាន​​ជំងឺ​សរសៃឈាម​ខួរ​ក្បាល​ទាំង​អស់ ស្ថិត​ជា​ករណី​ជំងឺ​នេះ ប៉ុន្តែជំងឺ​នេះ​ ជា​មូល​ហេតុ​ធ្វើ​​ជំងឺ​សរសៃឈាមខួរ​ក្បាល​​ប្រហែល ៤០​% បាត់​បង់​ជីវិត។

រោគ​សញ្ញា

៣- រោគសញ្ញាជំងឺដាច់សរសៃ​ឈាម​ខួរ​ក្បាលមានអ្វីខ្លះ?

រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាល មាន​ដូច​ជា៖

– បាត់​បង់​ស្មារតី ទាំង​ស្រុង ឬ​ក្នុង​កម្រិត​មួយ
– ចង្អោរ
– ក្អួត
– ឈឺ​ក្បាល​ខ្លាំង ភ្លាមៗ
– ខ្សោយ ឬ​មាន​អារម្មណ៍​ស្ពឹក​នៅ​នឹង​មុខ ជើង ឬ​ដៃ នៅ​ចំហៀង​ណា​មួយ​របស់​រាង​កាយ
– ប្រកាច់
– វិល​មុខ
– បាត់​បង់​លំនឹង​រាង​កាយ
– មាន​បញ្ហា​ក្នុង​ការ​និយាយ ឬ​និយាយ​ត្រឡាន់
– វង្វេង​វង្វាន់ ឬ​វង្វេង​ស្មារតី

៤- ពេល​ណា​ត្រូវ​ជួប​ពេទ្យ?

បើ​អ្នក​មាន​សញ្ញា​ឬ រោគ​សញ្ញា​បាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់​ពាក់​ព័ន្ធ​រោគ​សញ្ញា សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ រាង​កាយ​មនុស្ស​ម្នាក់​ៗ មាន​សកម្មភាព​ខុស​ៗ​គ្នា ដូច​នេះ​ ល្អ​បំផុត​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយសក្តិ​សម​សម្រាប់​ខ្លួន​យើង។

មូលហេតុបង្ក

៥- ​មូល​ហេតុ​អ្វី​បង្ក​ឲ្យ​មាន​ជំងឺដាច់សរសៃ​ឈាម​ខួរ​ក្បាល?

មាន​មូល​ហេតុ​ចម្បង​ពីរ ​អាច​ធ្វើ​ឲ្យ​ដាច់​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល ហើយ​មូល​ហេតុ​​កើត​ញឹក​ញាប់​ជាង​គេ អាច​​មក​ពី​ការ​ប៉ោង​សរសៃ​ឈាម (Aneurysm)។

ការ​ប៉ោង​សរសៃ​ឈាម​កើត​ឡើង​នៅ​ពេល​ ផ្នែក​មួយ​របស់​​សរសៃ​ឈាម​ឡើង​រីក​ប៉ោង​ធំ ពី​ការ​ឡើង​សម្ពាធ​ឈាមរ៉ាំរ៉ៃ ឬ​គ្រោះ​ថ្នាក់ ឬ​នៅ​ពេល​ជញ្ជាំង​សរសៃ​ឈាម​ចុះ​ខ្សោយកើត​មាន​ពី​កំណើត។ ការ​រីក​ប៉ោង​នេះ នាំ​ឲ្យ​ជញ្ជាំង​សរសៃ​ឈាម​ស្ដើង​ឡើង​ៗ ហើយ​ងាយ​នឹង​ដាច់​បែក។

ករណី​កម្រ​​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​បណ្ដាល​មក​ពី​ជំងឺ​ខូច​ទម្រង់​សរសៃ​ឈាម​ពី​កំណើត (Arteriovenous malformation – AVM)។ ជំងឺ ​AVM នេះ​កើត​មាន ​នៅ​ពេល​ការ​ភ្ជាប់​គ្នា​រវាង​សរសៃ​អាកទែ និង​សរសៃ​វ៉ែន​ខុស​ប្រក្រតី ដោយ​មិន​មាន​សរសៃ​ឈាម​តូច​ៗ​នៅ​ចន្លោះ​ការ​ភ្ជាប់​សរសៃ​ទាំង​ពីរ។ ជំងឺ AVM ជា​ជំងឺ​កើត​មាន​ពី​កំណើត មាន​ន័យ​ថា​ វា​កើត​មាន​តាំង​ពី​ពេល​កើត​មក​ភ្លាម ប៉ុន្តែ​​មិន​មែន​ជា​ជំងឺ​ដំណ​ពូជ​ទេ ហើយ​គេ​នៅ​មិន​ទាន់​ដឹង​មូល​ហេតុ​ជាក់​លាក់​នាំ​ឲ្យ​គ្នា​យើង​​ខ្លះ​មាន​ជំងឺ​នេះ​ នៅ​ឡើយ​ដែរ។

កត្តាប្រឈម

៦- អ្វី​ជាកត្តា​ប្រឈម​ឲ្យ​កើត​​ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាល?

មាន​កត្តា​បង្ក​គ្រោះ​ថ្នាក់​ជា​ច្រើន ​នាំ​ឲ្យ​មាន​ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាល ដូច​ជា៖

– ឡើង​សម្ពាធ​ឈាម​ខ្ពស់
– ប្រើ​ថ្នាំ​ប្រឆាំង​កំណក​ឈាម​ច្រើន​ជ្រុល
– ញៀន​ស្រា
– ញៀន​ថ្នាំ។

អត្ថបទ​ពាក់​ព័ន្ធ៖

រោគវិនិច្ឆ័យ​ និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

បើ​គ្រូពេទ្យ​សង្ស័យ​ថា​ យើង​ជំងឺ​អាច​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ពេទ្យ​​នឹង​ធ្វើ​ការ​ពិនិត្យ​រាង​កាយ​ភ្លាម ហើយ​តេស្ត​មួយ​ចំនួន​ នឹង​តម្រូវ​ឲ្យ​ធ្វើ​ផង​ដែរ ដូច​ជា៖

– តេស្ត​ឈាម៖ តេស្ត​គ្រប់​គ្រង​ពិនិត្យ​ពេល​វេលា​ឈាម​កក និង​កម្រិតជាតិ​ស្ករ​ក្នុង​ឈាម និង​សារធាតុ​គីមី​សំខាន់​ក្នុង​ឈាម​ ​អាច​ជា​ផ្នែក​នៃ​ការ​ថែ​ទាំ​អ្នកជំងឺ​សរសៃឈាម​ខួរក្បាល។

– CT Scan៖ ការ​ថត CT Scan អាច​បង្ហាញ​ពី​ការ​ហូរឈាម ដុំ​សាច់​មហារីក ជំងឺ​សរសៃឈាម​ខួរ​ក្បាល ​និង​ជំងឺ​ផ្សេងៗ​ទៀត។

-ថត MRI៖ ថត MRI អាច​កំណត់​ឃើញជាលិកា​ខួរ​ក្បាល​ដែល​ខូច ដែល​អាច​បង្ក​មក​ពី​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល (Ischemic stroke) និងហូរ​ឈាម​ក្នុង​ខួរ​ក្បាល (rain hemorrhages)។

៨- ព្យាបាល​ដោយ​វិធី​​ណា?

ការ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ គឺ​សំខាន់​ណាស់​ចំពោះ​ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាល ដោយ​ការ​ព្យាបាល ​គឺ​ផ្ដោត​លើ​គ្រប់​គ្រង​លំហូរ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល និង​បន្ថយ​សម្ពាធ​បណ្ដាល​មក​ពី​ការ​ហូរ​ឈាម​នោះ។

ថ្នាំ​ពេទ្យ​អាច​នឹង​ប្រើ​ ដើម្បី​បន្ថយ​សម្ពាធ​ឈាម ឬ​ដើម្បី​បន្ថយ​ការ​ហូរ​ឈាម។ បើគ្នា​យើង​មាន​ជំងឺដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Hemorrhagic stroke) នៅ​ពេល​កំពុង​ប្រើ​ថ្នាំ​ពង្រាវ​ឈាម (Blood thinners) នោះ​យើង​​នឹង​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង​ ពីការ​ហូរ​ឈាម​ច្រើន។ ថ្នាំ​ប្រឆាំង ​ប្រសិទ្ធិភាព​ថ្នាំ​ពង្រាវ​ឈាម នឹង​ត្រូវ​ឲ្យ​ប្រើ​ភ្លាម​នៅ​ពេល​សង្គ្រោះ​បន្ទាន់​។

ពេល​​ជំងឺដាច់សរសៃ​ឈាម​ខួរ​ក្បាល អាច​គ្រប់​គ្រង​បាន​បន្ទាប់​ពី​សង្គ្រោះ​បន្ទាន់​ ការ​ព្យាបាល​បន្ត​ដើម្បី​វាស់​វែង​ នឹង​ចាប់​ផ្ដើម។ បើ​ការ​ដាច់​រហែក​សរសៃ​ឈាម​នោះ​តូច​ ហើយ​បង្ក​ឲ្យ​មាន​ឈាម​និង​សម្ពាធ​តិច​ យើង​​គ្រាន់​តែ​អាច​ត្រូវ​ការ​ព្យាបាល​ថែ​ទាំ​ជំនួយ​ខ្លះ​ៗ​ប៉ុណ្ណោះ រួមមាន៖

– ចាក់​សេរ៉ូម​តាម​សរសៃ (IV fluids)
– សម្រាក
– គ្រប់​គ្រង​បញ្ហា​សុខភាព​
– ការ​ព្យាបាល​លើ ការ​និយាយ រាងកាយ និង​វិជ្ជា​ជីវៈ

ចំពោះ​ករណី​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​​ធ្ងន់​ធ្ងរ គ្រូពេទ្យ​អាច​នឹង​ត្រូវ​ធ្វើ​ការ​វះ​កាត់ ដើម្បី​ជួស​ជុល​សរសៃ​ឈាម​​ដាច់​នោះ ហើយ​នឹង​បញ្ឈប់​ការ​ហូរ​ឈាម។ បើ​ជំងឺនេះ​​បង្ក​ដោយ ជំងឺ AVM គ្រូពេទ្យ​នឹង​ធ្វើ​ការ​វះ​កាត់​ ដើម្បី​យក​វា​ចេញ តែ​ករណី​នេះ​មិនមែន​អាច​ធ្វើ​ការ​វះ​កាត់​បាន​រហូត​នោះ​ទេ វា​អាស្រ័យ​លើ​ទីតាំង​ជំងឺ AVM តែ​ម្តង។ ការ​វះ​កាត់ ​ក៏​អាច​នឹង​ត្រូវ​ធ្វើ​ដូច​គ្នា​ ដើម្បី​បន្ថយ​សម្ពាធ​បណ្ដាល​មក​ពី​ការ​ហូរ​ឈាម និង​ហើម​ខួរ​ក្បាល។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់​នៅ

ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ និងវិធី​ព្យាបាលនៅ​ផ្ទះ អាច​ជួយ​បង្ការ និងគ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន និងអាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បានដូចជា៖

– សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​ជា​មូល​ហេតុ​ចម្បង​នាំ​ឲ្យ​មាន​ជំងឺ​នេះ។ ដើម្បី​គ្រប់​គ្រង​ហានិភ័យ​ ត្រូវ​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ចំណុច​​អាច​គ្រប់​គ្រង​បាន។ ត្រូវ​ពិគ្រោះ​ជាមួយ គ្រូពេទ្យ ពី​វិធី​រក្សា​សម្ពាធ​ឈាម​កុំ​ឲ្យ​ឡើង​ខ្ពស់​ខ្លាំង​ពេក។

– ​គ្រប់​គ្រងរឿង​ផឹក​គ្រឿង​ស្រវឹង និង​​ប្រើ​ប្រាស់​ថ្នាំញៀន​ ក៏​អាច​គ្រប់​គ្រង​កត្តា​គ្រោះ​ថ្នាក់នាំ​ឲ្យ​មាន​ជំងឺដូច​គ្នា។ ត្រូវផឹក​ស្រា​ក្នុង​កម្រិត​មធ្យម ហើយ​ត្រូវ​ចៀសវាង​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន គ្រប់​ប្រភេទ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​សីហា 17, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 30, 2019

ប្រភព
អ្នកអាចចូលចិត្ត