backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Ingrown Toenail (បញ្ហាកប់​ត្រចៀក​ក្រាញ់)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 10, 2019

Ingrown Toenail (បញ្ហាកប់​ត្រចៀក​ក្រាញ់)

និយមន័យ

១- អ្វី​ជា​បញ្ហា​កប់​ត្រចៀក​ក្រាញ់​ក្រចក​ជើង?

ត្រចៀក​ក្រាញ់​ គឺ​ជា​ជំងឺ​ដែល​ក្រចក​ជើង​ដុះ​ចាក់​ចូល​ទៅ​ក្នុង​ស្បែក​ទន់ ​ជាង​ដុះ​នៅ​ពីលើ​ស្បែក ដែលបណ្ដាល​មក​ពី​សម្ពាធ​ពី​ផ្នែក​គែម​​ក្រចក​លូត​នោះ​ ចាក់​ចូល​ស្បែក​របស់​មេ​ជើង។ ពេល​គែម​ក្រចក​ដុះ​ចាក់​ចូល​ស្បែក នឹង​​ធ្វើ​ឲ្យ​មាន​ការ​រលាក ហើយ​ដំបូង​ ​គ្រាន់​តែ​ធ្វើ​ឲ្យ​មិន​ស្រួល​មេជើង​ប៉ុណ្ណោះ បន្ទាប់​មក​វា​នឹង​លូត​លាស់​រហូត​ដល់​មាន​ការ​បង្ក​រោគ​នៅ​កន្លែង​​របួស​នោះ ធ្វើ​ឲ្យ​មាន​បញ្ហា​កើត​ឡើង។ ត្រចៀក​ក្រាញ់ ច្រើន​កើត​ចំពោះ​មេជើង​​ធំៗ តែ​ទោះ​យ៉ាង​នេះ​ក្ដី មេ​ជើង ​អាច​នឹង​ប៉ះពាល់​នៅ​គែម​ណាមួយ។

២- ​កប់​ត្រចៀក​ក្រាញ់កើត​កើត​ញឹក​ញាប់​ទេ?

កប់​ត្រចៀក​ក្រាញ់ ​ច្រើន​កើត​ចំពោះ​មនុស្ស​ពេញ​វ័យ មិន​ថា​ប្រុស​ មិន​ថា​ស្រី ហើយ​មិន​សូវ​កើត​ញឹក​ញាប់​ចំពោះ​ក្មេង ​និង​ទារក​ទេ។ មនុស្ស​អាយុ ពី ​២០​-៣០ ​ឆ្នាំ ​អ្នក​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ជាមួយ​បញ្ហា​កប់​ត្រចៀក​ក្រាញ់ ហើយ​​បើ​មិន​ព្យាបាល​ត្រឹម​ត្រូវ​ បញ្ហា​កប់​ត្រចៀក​ក្រាញ់​អាច​ឈាន​ដល់​ការ​ឆ្លង​រោគ ឬ​អាច​អាប់​សែ ​ទាមទារ​ព្យាបាល​ដោយ​វះ​កាត់ទៀត​ផង។

កប់ត្រចៀក​ក្រាញ់ អាច​ព្យាបាល​បាន​ដោយ​គ្រាន់​តែ​បន្ថយ​កត្តា​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក​ប៉ុណ្ណោះ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បីទទួល​បាន​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- អ្វី​ជា​រោគ​សញ្ញាបញ្ហា​កប់​ត្រចៀក​ក្រាញ់?

រោគ​សញ្ញា​ទូទៅ​បញ្ហាកប់​ត្រចៀក​ក្រាញ់​រួម​មាន៖

– ឈឺ និង​ទន់​នៅ ម្រាម​ជើង នៅ​គែម​ម្ខាង ឬ​នៅ​គែម​ក្រចក​ទាំង​សង​ខាង

– ក្រហម​នៅ​ជុំវិញ​ក្រចក​ជើង

– ហើម​មេ​ជើង នៅ​ជុំ​វិញ​ក្រចក

– បង្ក​រោគ​នៅ​ជាលិកា​ជុំវិញ​ក្រចក​ជើង

ពេល​ខ្លះ បញ្ហា​កប់​ត្រចៀក​ក្រាញ់ អាច​ជា​ដោយ​ខ្លួន​ឯង​ដោយ​មិន​បាច់​ព្យាបាល។

​អាច​នៅ​មាន​រោគ​សញ្ញា​ខ្លះ​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ ប្រសិន​បើ​មាន​ការ​ព្រួយ​បារម្ភ​ពី​រោគ​សញ្ញា សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

ត្រូវ​ទាក់​ទង​ទៅ​គ្រូពេទ្យ​ភ្លាម​ប្រសិន​បើ​មាន​បញ្ហា​ដូច​ជា៖

– ធ្លាប់​មាន​បញ្ហា​មិន​ស្រួល​ក្នុង​មេជើង​ធ្ងន់​ធ្ងរ មាន​ខ្ទុះ ឬ​ក្រហម​ ដែល​មើល​ទៅ​រាលដាល​​ទៅ​កន្លែង​ដទៃ។

– មាន​ជំងឺ​ទឹក​នោម​ផ្អែម ឬ​មាន​ជំងឺ​ផ្សេង​ទៀត ​បណ្ដាល​ឲ្យ​ចរន្ត​ឈាម​ខ្សោយ​ទៅ​កាន់​ចុង​ជើង និង​ធ្លាប់​ឈឺ​ជើង ឬ​មាន​ការ​បង្ក​រោគ។

– មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ឬ ចរន្ត​ឈាម​ខ្សោយ។

– ប្រសិន​បើ​ការ​ព្យាបាល​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង មិន​ជោគ​ជ័យ​ក្នុង​រយៈពេល​មួយ​អាទិត្យ ឬ​ឈឺ​ជាប់​យូរ។

បើ​មាន​រោគ​សញ្ញា​ដូច​ខាង​លើ ឬ​សំណួរ គប្បី​ពិភាក្សាជា​មួយ​គ្រូពេទ្យ។ មនុស្ស​ម្នាក់​ៗ មាន​រោគ​សញ្ញា​ផ្សេង​គ្នា ប្រសើរ​បំផុត ត្រូវ​ទៅពិគ្រោះ​ជា​មួយ​គ្រូពេទ្យពី​អ្វី​ដែល​ល្អ​សម្រាប់​ស្ថាន​ភាពក្មេង។

មូល​ហេតុបង្ក

៥- មូល​ហេតុ​អ្វី​នាំ​ឲ្យ​មាន​បញ្ហា​កប់​ត្រចៀក​ក្រាញ់?

មូល​ហេតុ​បណ្តាល​ឲ្យ​មាន​បញ្ហា​កប់​ត្រចៀក​ក្រាញ់ ឧស្សាហ៍​ប្រទះឃើញ​បំផុត គឺ៖

– ពាក់​ស្បែក​ជើង ឬ​ស្រោម​ជើង​មិនសមាមាត្រ និង​ចង្អៀត​ម្រាម​ជើង​ខ្លាំង។

– កាត់​ក្រចក​ តម្រឹម​ក្រចក​ជើង​មិនបាន​​ល្អ (កាត់​ខ្លី​ពេក ឬ​កាត់​មិន​ត្រង់ មិន​កាត់​ដល់​ចុង​ក្រចក)។

– របួស​ក្រចក​ជើង ជា​ពិសេស របួស​ញឹក​ញាប់។

– មាន​ក្រចក​ជើង​កោង​ខុស​ធម្មតា។

អត្ថបទ​ពាក់​ព័ន្ធ​៖

កត្តាប្រឈម

៦- ​កត្តា​នាំ​ឲ្យ​កើន​ហានិភ័យ​មាន​បញ្ហា​កប់ត្រចៀក​ក្រាញ់?

– ជាទូទៅ​មាន​ក្រចក​ជើង​កោង ឬក្រាស់

– កីឡាករ ដូច​ជា ​កីឡា​វាយ​កូន​បាល់ បាល់​ទាត់​និង​បាល់បោះ

-ពាក់​ស្បែក​ជើង​មិន​ត្រូវ​លេខ (​អាច​តូច​ពេក ឬ​ធំ​ពេក)

– មាន​សម្ពាធញឹក​ញាប់ ឬ​ប៉ះ​ទង្គិច​លើ​ជើង​ច្រើន​ដង

– គ្មានអនាម័យ

– ដំណើរ​ដើរ​មិន​ប្រក្រតី

– ជើង ឬ​មេ​ជើង​ខូច​រូបរាង ដូច​ជា រលាក​ហើម​មេ​ជើង (Bunion) និង​មេជើង​រីក​ធំ (Hammertoes)

– ខូច​រូប​រាង​មេជើង​ពី​កំណើត

– ធាត់​លើស​ទម្ងន់

– មាន​ជំងឺ​ទឹក​នោម​ផ្អែម

– មាន​ការ​បង្ក​រោគ​ដោយ​ផ្សិត​នៅ​លើ​ក្រចក (onychomycosis)

– បែក​ញើស​នៅ​ជើង​ខ្លាំង (Hyperhidrosis)

– ហើម​ខ្លាំង​ផ្នែក​ខាង​ក្រោម​រាង​កាយ

– មាន​សមាជិក​គ្រួសារ ​ធ្លាប់​មាន​បញ្ហា​នេះ។

រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ការ​ធ្វើ​រោគ​វិនិច្ឆ័យ ​រួម​មាន ការ​ពិនិត្យ​រូប​រាង​ក្រចក និង​ស្បែក​នៅ​ជុំវិញ ដោយ​អម​ជាមួយ​នឹង​រោគ​សញ្ញា​ដែល​មាន។

៨- ព្យាបាលដោយវិធីណា?

គ្រូពេទ្យ​អាច​នឹង​ណែនាំ​វិធី​ទាំង​នេះ៖

– លើក​ក្រចក៖ ចំពោះ​ករណី​កប់​ត្រចៀក​ក្រាញតិច​តួច (ក្រហម​ និង​ឈឺ ប៉ុន្តែ​មិន​មាន​ខ្ទុះ) គ្រូពេទ្យ​អាច​នឹង​លើក​ចុង​ក្រចក​ដែល​កប់​ត្រចៀក​ក្រាញ់​នោះ​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​ដាក់​សំឡី រួច​ដាក់​ខ្នាប​ខាង​ក្រោម។ ព្យាបាល​បែប​នេះ ធ្វើ​ឲ្យ​ក្រចក​ និង​ស្បែក អាច​នៅ​ឆ្ងាយ​ពី​គ្នា ​ជួយ​ឲ្យ​ក្រចក​ដុះ​នៅ​លើ​ស្បែក។ ពេល​​ត្រឡប់​ទៅ​ផ្ទះ ​ត្រូវ​លាង​ម្រាម​ជើង ​និង​ដូរ​សំឡី​ និង​ខ្នាប​ជា​រៀង​រាល់​ថ្ងៃ។

– កាត់​ផ្នែក​ខ្លះ​របស់​ក្រចក៖ ករណី​កប់​ត្រចៀក​ក្រាញ់ធ្ងន់​ធ្ងរ (ក្រហម ឈឺ​ និង​មាន​ខ្ទុះ) គ្រូពេទ្យ​អាច​នឹង​កាត់​តម្រឹម​ក្រចក​ដែល​ដុះ​លើស​នោះ។ មុន​នឹងប្រើ​វិធី​នេះ គ្រូពេទ្យ​អាច​នឹង​ចាក់​ថ្នាំ​ស្ពឹក​លើ​ក្រចក​ជើងយើង​ជាមុន​សិន។

– កាត់​យក​ក្រចក​និង​ជាលិកា​ចេញ៖ ​បើ​មាន​បញ្ហា​នោះ​ញឹក​ញាប់ ហើយ​នៅ​តែ​ម្រាម​ជើង​ដដែល គ្រូពេទ្យ​អាច​នឹង​កាត់​យក​ផ្នែក​មួយ​របស់​ក្រចក ជាមួយ​ជាលិកា​​នៅ​ក្រោម​នោះ។ វិធី​នេះ​អាច​ការពារ​កុំ​ឲ្យ​ផ្នែក​​កាត់​នោះ​ដុះ​ឡើង​វិញ។ គ្រូពេទ្យ​អាច​នឹង​ប្រើ​ជាតិ​គីមី ឬ​កាំរស្មី​ឡាស៊ែរ ឬ​វិធី​ផ្សេងៗ ដើម្បី​កាត់​យក​ក្រចក​នោះ។

គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ផ្សះ លាប ​ឬ​លេប ជាពិសេស​បើ​ម្រាម​ជើង​នោះ​ មាន​ការ​បង្ក​រោគ ឬ​ប្រឈម​នឹង​ការ​បង្ក​រោគ។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់​នៅ

ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ និងវិធី​ព្យាបាលនៅ​ផ្ទះ អាច​ជួយ​បង្ការ និងគ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន ដូចជា៖

– ត្រាំ​ជើង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ រយៈពេល ១៥​-​២០ ​នាទី ៣-៤ ដង​/ថ្ងៃ ដោយការ​​ត្រាំ​នេះ​ នឹង​ជួយ​បន្ថយអាការៈ​ហើម និង​ជួយ​បន្ថយ​ការ​ឈឺ​ចាប់។

– ដាក់​សំឡី​នៅ​ក្រោម​ក្រចក​ជើង បន្ទាប់​ពី​ត្រាំ​ជើង​រួច​ ចូរ​ដាក់​សំឡី​ស្អាត​នៅ​ក្រោម​ចុង​ក្រចក​ត្រចៀក​ក្រាញ់នោះ ដោយ​វិធី​នេះ​ នឹង​ជួយ​ឲ្យ​ក្រចក​ដុះ​នៅ​លើ​ស្បែក​។

– លាប​ក្រែម​ថ្នាំ​ផ្សះ លាប​ក្រែម​ថ្នាំ​ផ្សះ​លើ​កន្លែង​​ឈឺ ហើយ​រុំ​ក្រចក​​ឈឺ​នោះ។

– ត្រូវ​ជ្រើស​រើស​ស្បែក​ជើង​លេខ​​ត្រូវនឹង​ជើង គួរ​ពាក់​ស្បែក​ជើង​​បើក​ចំហ​ម្រាម​ជើង ឬ​ស្បែក​ជើង​ផ្ទាត់ រហូត​ទាល់​តែមាន​អារម្មណ៍​​ប្រសើរ​ជាង​មុន។

– ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ដែល​មិន​ត្រូវ​ការ​វេជ្ជ​បញ្ជា (OTC) ដូច​ជា ​ប៉ារ៉ាសេតាមុល (Acetaminophen) អ៊ីប៊ុយ​ប្រូ​ហ្វែន (Ibuprofen) និង​ណាប្រុកសែន (Naproxen) អាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​បាន។

ប្រសិន​បើ​មាន​សំណួរ​​អ្វី សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​អាច​យល់​កាន់​តែ​ច្បាស់​ ពី​ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់​អ្នក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 10, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម