Iron Deficiency Anemia (ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​ទៅ​ជា​ជំងឺ​ស្លេកស្លាំង​ដោយសារខ្វះ​ជាតិដែក?

ជំងឺ​​ស្លេក​​ស្លាំងដោយសារខ្វះ​​ជាតិ​ដែក​ ជា​​ជំងឺឧស្សាហ៍​កើត​មាន​បំផុតមួយ​​ក្នុង​​ចំណោម​​ជំងឺ​​ស្លេក​​ស្លាំង​ ទាំងអស់​។ វា​​ជា​​ជំងឺ​​មួយ​​ប្រភេទ​ ​​បណ្តាល​​មក​​ពី​​កង្វះ​​កោ​សិ​កា​​គ្រាប់​​ឈាម​​ក្រហមដែល​​ជា​​អ្នក​​នាំ​​អុក​​ស៊ី​ហ្សែន​ទៅ​​កាន់​​កោ​សិកា​ទាំង​អស់​​ក្នុង​​រាង​​កាយ។

ដូចឈ្មោះ​របស់​ជំងឺ​ដែរ ជំងឺ​ស្លេក​ស្លាំង​ប្រភេទ​នេះ​ បណ្តាល​មក​ពី​កង្វះ​ជាតិដែក​។ ពេល​ក្នុង​ខ្លួន​ខ្វះ​ជាតិ​ដែក ​នឹង​មិន​អាច​ផលិត​សមាស​ធាតុ​ម្យ៉ាង​នៅ​ក្នុង​គ្រាប់​ឈាម​ក្រហម ដែល​​​ជា​អ្នក​​​ដឹក​​អុក​ស៊ី​ហ្សែន​មាន​ឈ្មោះ​ថា អេម៉ូ​ក្លូ​ប៊ីន។ ជា​លទ្ធ​ផល​ រាងកាយ​យើង​នឹង​អស់​កម្លាំង ​ពិបាក​ដក​​ដង្ហើម។

យើង​អាច​បង្គ្រប់​ជាតិដែក​ក្នុង​ខ្លួនបាន តាម​រយៈ​អាហារ ឬ​ថ្នាំ​បំប៉ន។ ពេល​ខ្លះ​ ចាំ​បាច់​ត្រូវ​ធ្វើ​តេស្ត​ពិនិត្យ និង​ព្យាបាល​ជំងឺ​ស្លេក​ស្លាំងដោយសារ​ខ្វះ​ជាតិដែកនេះ ​ពិសេស​បើពេទ្យ​សង្ស័យ​ថា មាន​ហូរ​ឈាម​នៅ​សរីរាង្គ​ខាង​ក្នុង។

២- ​ជំងឺ​ស្លេកស្លាំង​ដោយសារខ្វះ​ជាតិដែក កើត​​ឡើង​​ញឹកញាប់​ដែរទេ?

កង្វះ​ជាតិ​ដែក​​ កើត​មាន​ច្រើន ​ជា​ពិសេស​ចំពោះអ្នកញ៉ាំ​​អាហារគ្មាន​ជាតិ​ដែក​គ្រប់​គ្រាន់។​ គប្បី​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- រោគ​សញ្ញា​ជំងឺស្លេកស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក​​មាន​អ្វីខ្លះ?

រោគ​សញ្ញា​​ជំងឺស្លេកស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក​​ មាន​ដូច​ជា៖

– អស់​កម្លាំង​ខ្លាំង​
– ខ្សោយ​
– ស្លេក​ស្លាំង
– ឈឺ​ទ្រូង​ បេះដូង​ដើរ​លឿន​ ឬ​ហត់​
– ឈឺ​ក្បាល​ វិល​មុខ​ ឬ​ធេង​ធោង​
– ត្រជាក់​ចុង​ដៃ​ចុង​ជើង​
– រលាក​ ឬឈឺ​អណ្ដាត​
– ក្រចក​ផុយ​
– មាន​អារម្មណ៍​ឃា្លន ​​តែអាហារ​គ្មាន​​ជាតិ​​
– មិន​ឃ្លាន​អាហារ​​ ​ពិសេស​ចំពោះ​ក្មេង និង​ទារក​មាន​ជំងឺ​កង្វះ​ជាតិ​ដែក។

មុន​ដំបូង​ ជំងឺ​ស្លេក​ស្លាំងដោយ​សារខ្វះ​ជាតិ​ដែក​ អាច​មាន​លក្ខណៈ​ស្រាល​ នាំ​​ឲ្យ​យើង​មិន​បាន​ចាប់​អារម្មណ៍​។​ ប៉ុន្តែ​ ពេល​ជំងឺ​​វិវត្តទៅ​ជាធ្ងន់ធ្ងរ​ រោគ​សញ្ញា​នឹង​ស្ដែង​ចេញ​ច្បាស់​ៗតែម្តង។​

អាច​មាន​​រោគសញ្ញា​ខ្លះ​មិន​បាន​រ៉ាយ​រ៉ាប់​នៅ​ខាង​លើ​។ បើចម្ងល់ពាក់ព័ន្ធរោគ​សញ្ញា​ គប្បី​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

​​៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

បើ​យើង ឬ​កូន​មាន​រោគ​សញ្ញា​ ​សង្ស័យ​​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​​ជាតិ​ដែក​ ​គួរ​ទៅ​ជួប​ពេទ្យ​។​ ជំងឺ​ស្លេក​ស្លាំង​ដោយ​សារខ្វះ​ជាតិ​ដែក មិន​មែន​ជា​ជំងឺអាច​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​បាន​នោះ​ឡើយ។​ ហេតុនេះ ​​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ គឺ​ប្រសើរ​ជាង​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ដោយ​ខ្លួន​ឯង​ ព្រោះ​បញ្ហា​​លើស​ជាតិ​ដែក​ នឹង​ធ្វើ​ឲ្យ​ខូច​ថ្លើម​ រួម​ជាមួយ​​បញ្ហា​ដទៃ​ទៀត​។​

មូលហេតុបង្ក

៥- មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក​ មាន​អ្វី​ខ្លះ?​

ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះជាតិ​ដែក កើត​មាន​ឡើង​នៅ​ពេល​​រាង​កាយ​មិន​មាន​ជាតិ​ដែកសម្រាប់​​ផលិត​អេម៉ូ​ក្លូ​ប៊ីន។ អេម៉ូ​ក្លូ​ប៊ីន គឺសារ​ធាតុ​មួយ​ក្នុង​​គ្រាប់​ឈាម​ក្រហម​ ធ្វើ​ឲ្យ​គ្រាប់​ឈាម​មាន​ពណ៌​ក្រហម​ និង​​មាន​សមត្ថភាព​​ដឹក​ជញ្ជូន​​ឈាមសម្បូរ​អុក​​ស៊ី​ហ្សែនទៅ​ចិញ្ចឹម​គ្រប់​កោសិកា​ក្នុង​រាងកាយ។​

បើ​សិនញ៉ាំជាតិ​ដែក​មិន​គ្រប់គ្រាន់​ ឬ​បាត់​បង់​សារធាតុ​ដែក​ច្រើន​ រាង​​កាយ​មិន​អាច​ផលិតអេម៉ូ​ក្លូ​ប៊ីន​បាន​គ្រប់ ​នឹង​ធ្វើ​ឲ្យ​កើត​​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែកតែម្តង។

មូល​ហេតុផ្សេងទៀត ​ធ្វើ​ឲ្យ​កើត​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារខ្វះ​ជាតិដែក៖​

– បាត់​បង់​ឈាម​៖ ជាតិ​ដែកមាន​​នៅ​ក្នុង​គ្រាប់​ឈាម​ក្រហម​ បើ​សិន​ជា​​បាត់​ឈាម​ យើង​​នឹង​បាត់​ជាតិ​ដែកដូច​គ្នា​។​ ស្រីៗមក​រដូវ​ច្រើន ​ប្រឈម​កើត​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​​​ជាតិ​ដែក ព្រោះ​តែ​​បាត់​ឈាម​ច្រើន​អំឡុង​ពេល​មក​រដូវ​។ ការ​បាត់​បង់​ឈាម​យឺត​ៗ និង​រ៉ាំរ៉ៃ​នៅ​ក្នុង​ខ្លួន​ ដូច​ជា បញ្ហាដំបៅ​ក្រពះ​ ក្លន​នៅ​បំពង់​អាហារ​​ (Colon polyp) មហារីក​ពោះ​វៀន​ធំ​ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​កើត​​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះជាតិ​ដែក។​ ករណី​​ហូរ​ឈាម​ពី​ក្រពះ ​ពោះ​វៀន អាច​បណ្ដាល​មក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ ជា​ពិសេស​ពពួក​ថ្នាំអាស្ពីរីន។​

– កង្វះ​ជាតិ​ដែក​នៅ​ក្នុង​របប​អាហារ៖​ រាង​កាយ​យើង​ទទួល​ជាតិ​ដែក​ពី​អាហារ​ជា​ប្រចាំ​ បើ​យើង​ញ៉ាំ​ជាតិ​ដែក​តិចតួច យូរៗទៅ នឹងនាំ​ឲ្យ​កើត​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក​ ខណៈ​​អាហារ​សម្បូរ​ជាតិ​ដែក​ មាន​ដូច​ជា​ សាច់​ ស៊ុត​ បន្លែ​បៃតង។ ក្មេងៗ​ និង​ទារក​ ត្រូវ​ការ​ជាតិ​ដែក​ដើម្បី​លូត​លាស់​ឲ្យ​បាន​មាំ​មួន​។

ពោះវៀនមិន​អាច​ស្រូប​ជាតិ​ដែក​បាន៖​ ពោះ​វៀន​ស្រូប​យក​ជាតិ​ដែកបញ្ចូល​ទៅក្នុង​ឈាម​។​​ ជំងឺ​ពោះ​វៀន​ ដូច​ជា​ រោគ​ហើម​ពោះ​ នឹង​​ធ្វើ​ឲ្យ​ពោះ​វៀន​មិន​អាច​ស្រូប​សារធាតុ​ចិញ្ចឹម​បាន​ នាំ​​ឲ្យមាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​​ខ្វះ​ជាតិ​ដែក​។​ បើ​មាន​ការ​​កាត់ផ្នែក​ណា​មួយ​របស់​​ពោះ​វៀន​តូច ​នោះ​នឹង​ប៉ះ​ពាល់​ដល់​ការ​សំ​យោគ​ជាតិ​ដែក​ និង​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​។

– គ្មាន​ការ​បំ​ប៉ន​ជាតិ​ដែក៖​ ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​​​ជាតិ​ដែក ​​កើត​លើស្រីៗ​មាន​ផ្ទៃ​ពោះ​ជា​ច្រើន ​ព្រោះ​អំឡុង​ពេល​មាន​ផ្ទៃ​ពពោះ ស្រីៗ​​​ត្រូវ​ការ​​ជាតិ​ដែក​ខ្ពស់​សម្រាប់​បរិមាណ​ឈាម​ដែល​កើន​ឡើង​ និង​ត្រូវ​ផ្គត់​ផ្គង់​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ​។​

កត្តាប្រឈម

៦- ​កត្តា​ប្រឈមជំងឺស្លេកស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែកមាន​អ្វី​ខ្លះ?​

មានកត្តា​ជា​ច្រើន​ ​ធ្វើ​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក​​ ដូចជា៖​

– ស្ត្រី​បាត់​បង់​ឈាម​នៅ​ពេល​មក​រដូវ ​​ប្រឈម​ខ្ពស់កើត​មានជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះជាតិ​ដែក​​។
– ក្មេងៗ និង​ទារក​ (ទារក​កើតមិន​គ្រប់​គីឡូ ​ឬមិន​គ្រប់​ខែ)​ និង​មិន​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់​។​ ក្មេងៗ​ត្រូវ​ការ​ជាតិ​ដែក​ដើម្បី​លូត​លាស់​ បើ​មិន​បានញ៉ាំ​អាហារ​មាន​ជីវ​ជាតិ​គ្រប់​គ្រាន់​ ក្មេង​នឹង​​ប្រឈម​​កើត​​ជំងឺ​ស្លេក​​ស្លាំង​។​

– មិន​ញ៉ាំ​សាច់​ នឹង​ប្រឈម​ការ​កើត​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារខ្វះជាតិ​ដែក កាន់តែ​​ខ្ពស់​។​

– ​បរិច្ចាគ​ឈាម​ញឹក​ពេក នឹងប្រឈម​បាត់​បង់​ជាតិ​ដែក​។​ បញ្ហា​កង្វះអេម៉ូ​ក្លូ​ប៊ីន​ នឹង​ប្រសើរ​ឡើង​វិញ ​ដោយ​គ្រាន់​តែ​ញ៉ាំ​​អាហារ​សម្បូរជាតិ​ដែក​។​ បើ​មិន​អាច​បរិច្ចាគឈាម​បាន​ ដោយ​សារ​ខ្វះអេម៉ូ​ក្លូ​ប៊ីន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

អត្ថបទ​ពាក់​ព័ន្ធ៖

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

ដើម្បី​ធ្វើ​រោគ​វិនិ​ច្ឆ័យ​ គ្រូ​ពេទ្យ​ត្រូវ​ធ្វើ​តេស្ត​មួយចំនួន​ដូច​ជា​៖​

– តេស្ត​ទំហំ​គ្រាប់​ឈាម​ និង​ពណ៌៖​ ជំងឺ​​ស្លេក​​ស្លាំង​​ដោយ​​សារ​​ខ្វះ​​​ជាតិ​​ដែក ​គ្រាប់​ឈាម​ក្រហមនឹង​​មាន​ទំហំ​តូច ហើយ​ពណ៌​ក៏ស្លេក​ជាង​ធម្មតា​ដែរ។

– តេស្តរាប់​គ្រាប់​ឈាម៖ ជា​ធម្មតា គ្រាប់​ឈាម​ក្រហម​គឺ​មានពី​ ៣៤,៩-៤៤,៥ ភាគ​រយ ​សម្រាប់​ស្រីៗ​ និង​ពី ​៣៨,៨​-៥០​ភាគរយ​ សម្រាប់​ប្រុសៗ ខណៈ​អត្រា​នេះនឹង​ប្រែ​ប្រួល​ទៅ​តាម​អាយុដូច​គ្នា​។​

– តេស្តអេម៉ូ​ក្លូ​ប៊ីន៖ បើអេម៉ូក្លូប៊ីនទាប​ជាង​ធម្មតា ​បញ្ជាក់​ថា​មាន​ជំងឺ​ស្លេក​ស្លាំងហើយ​។ ចំនួន​​ធម្មតា​គឺ​ចន្លោះ ១៣,៥-១៧,៥​ ក្រាម​/ដេស៊ី​លីត្រ​ សម្រាប់​ប្រុសៗ ​និងចន្លោះពី ​១២-១៥,៥ ​ក្រាម​/​ដេស៊ី​លីត្រ​ឈាម សម្រាប់ស្រីៗ​ ខណៈ​អត្រា​នេះនឹង​ប្រែ​ប្រួល​ទៅ​តាម​អាយុដូច​គ្នា​។​

– តេស្តប្រូ​តេ​អ៊ីន៖ តេស្ត​នេះ នឹង​ពិនិត្យ​លើ​ប្រូតេអ៊ីន​មាន​ផ្ទុក​ជាតិ​ដែក​ក្នុង​ខ្លួន (Ferritin) ហើយ​បើ​រក​ឃើញថា ប្រូតេអ៊ីន​ផ្ទុក​ជាតិ​ដែក​មាន​កម្រិតទាប​ បញ្ជាក់​ថា​ជាតិ​ដែកក្នុង​ឈាម​យើង ក៏​​ទាបដូច​គ្នា​។​

ក្នុង​ករណី​តេស្ត​ឈាម​ឃើញ​ថា​ យើង​មាន​ជំងឺ​​ស្លេក​​ស្លាំង​​ដោយ​​សារ​​កង្វះ​​​ជាតិ​​ដែក គ្រូ​ពេទ្យ​នឹង​ធ្វើ​តេស្ត​បន្ថែម​ដើម្បី​ដឹង​ពី​មូល​ហេតុ​ដូច​ជា​៖​

– ឆែក​រក​មើល​ការ​ហូរ​ឈាម​ចេញ​ពី​ក្លន​បំពង់​អាហារ​ ដំ​បៅ​ក្រពះ​ ដោយ​ការ​ឆ្លុះ​ក្រពះ​ ហើយ​ការ​​ឆ្លុះ​ក្រពះ​នេះ​ត្រូវ​មាន​បំពង់​ស្ដើង​ ហើយ​ស្រាល​ បំពាក់​ដោយ​កាមេរ៉ា​ នឹង​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ក្រពះ​តាម​បំពង់​ក​។​ ធ្វើ​បែប​នេះ​ អាច​ឲ្យ​គ្រូ​ពេទ្យ​មើល​ឃើញ​បំពង់​ ​និង​មើល​ឃើញ​កន្លែង​មាន​ហូរ​ឈាម​។​

– ដើម្បី​បញ្ជាក់​ពី​ការ​ហូរ​ឈាម​ផ្នែក​ពោះ​វៀន​ក្រោម​ គ្រូ​ពេទ្យ​នឹង​​ឆ្លុះ​ពោះ​វៀន​ធំ​ ដោយ​ស៊ក​បំពង់​ស្ដើង​ អាច​បត់​បែន​​បាន​ ​​បំពាក់​ដោយ​កាមេរ៉ា​ ទៅ​ក្នុង​រន្ធ​គូទ ​​ចូល​ទៅក្នុង​​ពោះ​វៀន​ធំ​។​ ជា​ទូទៅ​ គេ​នឹង​ដាក់​ថ្នាំ​សណ្ដំ​ ហើយ​​ការ​ឆ្លុះ​ពោះ​វៀន​ធំ ​អាច​ឲ្យ​គ្រូ​ពេទ្យ​មើល​ឃើញ​កន្លែង​ហូរ​ឈាម​នៅ​ក្នុង​ពោះ​វៀន​ធំ​បាន​។​

– ចំពោះ​ស្រីៗ ពេទ្យ​អាច​តម្រូវ​ឲ្យ​ឆ្លុះ​​អេកូ​​អាង​ត្រគាក​ នៅ​ពេល​មក​រដូវ​ច្រើន​ពេក ​ព្រោះ​អាច​មាន​ដុំ​សាច់​នៅ​ស្បូន​។​

គ្រូ​ពេទ្យ​អាច​សុំ​ធ្វើ​តេស្ត​ទាំង​នេះ​ផងដែរ អំឡុង​ពេល​កំពុង​សាក​ល្បង​ប្រើ​ថ្នាំ​ជាតិ​ដែក​។​

៨- ព្យាបាល​ដោយ​របៀប​ណា?

ដើម្បី​ព្យាបាល​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក គ្រូ​ពេទ្យ​នឹង​ឲ្យ​យើងលេប​ថ្នាំ​ជាតិ​ដែក​។​ ពេទ្យ​នឹង​រក​មូលហេតុ​​ធ្វើ​ឲ្យ​កើត​មាន​ជំងឺ​នេះ​ បើ​សិន​ជា​ចាំ​បាច់​។​ ពេទ្យនឹង​ឲ្យ​យើង​លេប​ថ្នាំ​ជាតិ​ដែក​ ដើម្បី​បំពេញ​ការ​បាត់​បង់​មក​វិញ​ ដោយ​ប្រាប់​ពី​ចំនួន​ និង​បរិមាណ​ត្រឹម​ត្រូវ។​ ថ្នាំ​ជាតិ​ដែក ​ក៏​មាន​ជា​ប្រភេទ​ទឹក​សម្រាប់​ក្មេង ​និង​ទារក​ផងដែរ។​

ដើម្បី​ឲ្យ​រាង​​កាយ​ស្រូប​យក​ជាតិ​ដែក​ឲ្យ​បាន​ល្អ ​ត្រូវ៖​

– ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ពេល​ពោះ​ទទេ ​ប៉ុន្តែ​ថ្នាំ​ជាតិ​ដែក​ អាចធ្វើ​​ឲ្យ​ឈឺ​ក្រពះ ហេតុនេះ​អាច​លេប​ជាមួយ​អាហារ​បាន​។

– មិន​ត្រូវ​លេប​ថ្នាំ​ជាតិ​ដែក​ ជាមួយ​ថ្នាំ​បន្សាប​អាស៊ីដ​​ក្រពះ​ទេ អាច​ធ្វើ​ឲ្យ​រំ​ខាន​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​។​ គួរ​លេប​ថ្នាំ​ជាតិ​ដែក​ ​២-​៤​ ម៉ោង​មុន។​

– លេប​ថ្នាំ​ជាតិ​ដែក​ជា​មួយ​​វីតាមីន​ C​ ព្រោះវីតាមីន​ C ជួយ​ឲ្យ​ការ​ស្រូប​ថ្នាំ​ជាតិ​ដែក​បាន​ល្អ​។​ គ្រូ​ពេទ្យ​នឹង​ផ្ដល់យោបល់​ឲ្យ​លេប​ថ្នាំ​ជាតិ​ដែក​ជា​មួយទឹក​ក្រូចស្រស់​​ ឬ​វី​តា​មីន​ C​​។​

– ថ្នាំ​ជាតិ​ដែក​អាចធ្វើ​​ឲ្យ​ទល់​លាមក​ ហេតុ​នេះ ​ពេទ្យ​នឹង​​ឲ្យ​ថ្នាំ​បន្ទន់​លាមកឲ្យ​យើង​លេប​។​ ម្យ៉ាង​ទៀត ថ្នាំ​ជាតិ​ដែក​ ក៏​ធ្វើ​ឲ្យ​លាមក​មាន​ពណ៌​ខ្មៅ​ផង​ដែរ​។​

ខ្វះ​ជាតិ​ដែក ​មិន​អាច​ព្យាបាល​ឲ្យ​ជា​​បាន​ភ្លាមៗ​នោះ​ទេ​។​​ យើង​​អាច​ត្រូវ​លេប​ថ្នាំ​ជាតិ​ដែក​រយៈពេល​យូរ​ អាច​ច្រើន​ខែ ឬឈាន​ដល់​​ឆ្នាំ​។​ ជា​ទូទៅ​ យើង​​នឹង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ធូរ​ស្រាល​ បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​បាន​ ១-២ ​អាទិត្យ​។​ សួរគ្រូ​ពេទ្យ​ពេល​ណា​ ត្រូវ​ធ្វើ​តេស្ត​មើល​ជាតិ​ដែក​​ទៀត​ ហើយ​ដើម្បី​ឲ្យ​បា្រកដ​ថា ​ជាតិ​ដែកមាន​គ្រប់​គ្រាន់វិញ ត្រូវ​លេប​ថ្នាំ​ជាតិ​ដែក​ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ ១​ឆ្នាំ​ ឬ​យូរ​ជាង​នេះ​។

បើ​​ថ្នាំ​ជាតិ​ដែក ​មិន​ធ្វើ​ឲ្យ​ជាតិ​ដែក​នៅ​ក្នុង​ឈាម​ឡើង​វិញនោះ​​ យើង​ប្រហែល​ជាមាន​​ជំងឺ​ស្លេក​ស្លាំង​ដោយសារ​​ការ​ហូរ​ឈាម ​ឬ​​​ស្រូប​ជាតិ​ដែក​មិន​បាន​ល្អ​ ហេតុនេះ ​ពេទ្យ​​នឹង​ធ្វើ​ការ​តាម​ដាន​​ព្យាបាល​បន្ត​ទៀត។​ ហើយ​យោង​ទៅ​តាម​មូល​ហេតុជំងឺ​ ការ​ព្យាបាល​អាច​មាន​ដូច​ជា៖

-​ ប្រើថ្នាំ​ពន្យារ​កំណើត​ ដើម្បី​បន្ថយ​ការ​ហូរ​ឈាម​រដូវ​
– ថ្នាំ​ផ្សះ ​និង​ថ្នាំ​ដទៃ​​ទៀត​ ដើម្បីព្យបាល​ដំ​បៅ​ក្រពះ​
– ការ​វះ​កាត់​យកដុំ​ Polyp និង​ដុំ​សាច់​ផ្សេង​ៗ​។

បើ​ជំងឺ​​ស្លេក​​ស្លាំង​​ដោយ​​សារ​​ខ្វះ​​ជាតិ​​ដែក​​ធ្ងន់​ធ្ងរ​​ គឺ​​ត្រូវ​ការ​ចាក់​ថ្នាំ​ជាតិ​ដែក​តាម​សសៃ​ ឬបញ្ចូល​ឈាម ​ដើម្បី​ឲ្យ​មាន​ជាតិ​ដែក​ និង​អេម៉ូ​ក្លូ​ប៊ីនវិញ​ភ្លាម​ៗ។​

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ជ្រើស​រើស​អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​ដែក​៖

  • សាច់​ក្រហម​
  • សាច់​ជ្រូក​ និង​បក្សី​
  • គ្រឿង​សមុទ្រ​
  • សណ្ដែក​
  • បន្លែ​បៃតង​ក្រមៅ
  • ​ស្ពៃ
  • ផ្លែ​ឈើ​ក្រៀម​
  • ដំ​ណាប់​ទំពាំង​បាយ​ជូរ​​ ដំណាប់ Apricot
  • គ្រាប់ធញ្ញ​ជាតិ​
  • នំ​បុ័ង​ ប៉ា​ស្ដា​
  • សណ្ដែក​បា​រាំង​។

រាង​​កាយ​​យើង​ស្រូប​ជាតិ​ដែក​ពី​សាច់​បាន​ច្រើន​ជាង​ប្រភព​ដទៃ​ទៀត បើ​​មិនញ៉ាំ​សាច់​ ​គួរញ៉ាំអាហារ​ណា​សម្បូរដោយ​ជាតិ​ដែក​។

ជ្រើស​រើស​អាហារមាន​ផ្ទុក​វី​តា​មីន​ C ​ដើម្បី​បង្កើន​ការ​ស្រូប​យក​ជាតិ​ដែក​ ក៏អាច​ផឹក​ទឹក​ក្រូច​ស្រស់ ឬ​ញ៉ាំ​អាហារ​ណាមាន​វី​តា​មីន​ C រួម​គ្នា​ជា​មួយ​ពេលកំពុង​អាហារ​មាន​ជាតិ​ដែក​ ខណៈវីតា​មីន​ C សម្បូរ​​នៅ​ក្នុង​ទឹក​ផ្លែ​ឈើ​ ពិសេស​​ទឹក​ក្រូចស្រស់ ជួយ​ឲ្យ​រាង​កាយ​ស្រូប​យក​ជាតិ​ដែក​បាន​ល្អ​។​ វីតា​មីន C ក៏មាន​នៅ​ក្នុងបន្លែ​ ផ្លែឈើ ដូចជា​៖​

– ខាត់​ណា​
– ក្រូច​ថ្លុង​
– ផ្លែ​គីវី​
– បន្លែ​ស្លឹក​បៃតង​
– ត្រសក់​ស្រូវ​
– ក្រូច​
– ម្រេច​
– ស្រ្តប៊ើរី
– ក្រូច​ឃ្វិច​
– ប៉េង​ប៉ោះ​។

​បង្ការ​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក​លើ​ទារក​ ​ត្រូវ​ឲ្យ​កូន​បៅ​ទឹក​ដោះ​ម្ដាយ​ ឬទឹក​ដោះ​គោ​ម្សៅ​មាន​ផ្ទុក​ជាតិ​ដែក នៅឆ្នាំ​ដំបូង​ក្រោយ​សម្រាល។ យ៉ាង​ណា ទឹក​ដោះ​គោ​ម្សៅ​ មិន​គួរ​ប្រើ​លើ​ទារក​មាន​អាយុ​ក្រោម ​១​ឆ្នាំ​ នោះ​ទេ។​

ក្រោយ​អាយុ ​៦​ខែ​ ត្រូវ​ឲ្យ​កូន​ញុំា​ធញ្ញជាតិ​​មាន​ជាតិ​ដែក​ ឬ​សាច់​ម៉ត់​ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ ២​ ដង/ថ្ងៃ​​ ដើម្បី​ឲ្យ​មាន​ជាតិ​ដែក​គ្រប់​គ្រាន់​។​

ក្រោយ​អាយុ​១​ឆ្នាំ​ មិន​ត្រូវ​ឲ្យ​ក្មេង​ផឹក​ទឹក​ដោះ​គោ​ច្រើន​ជាង​ ៥៩១ ​មិល្លីលីត្រ​/ថ្ងៃ​នោះ​ទេ​ ព្រោះ​ផឹក​ទឹក​ដោះ​គោ​ច្រើន​ពេក ​ធ្វើ​ឲ្យ​ក្មេង​មិន​ចង់​ញុំា​ចំណី​ដទៃ​ទៀត​។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 9, 2018 | កែសម្រួលចុងក្រោយ ខែ​កក្កដា 11, 2019

អ្នកអាចចូលចិត្ត