Jet lag (បញ្ហា​ការ​គេង​ក្រោយ​​​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសគ្នា)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយម​ន័យ

១- អ្វី​ជាបញ្ហាការ​គេង​ក្រោយ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសគ្នា (Jet Lag)?

បញ្ហាការ​គេង​ក្រោយ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសគ្នា ជាភាសា​បច្ចេកទេស​ហៅថា Jet Lag ​ជា​បញ្ហា​ពិបាក​ក្នុង​ការ​គេង​បណ្ដោះ​អាសន្ន ​កើត​ឡើង​ចំពោះ​អ្នក​​ធ្វើ​ដំណើរ​លឿន ​ឆ្លង​កាត់​ដំបន់​​មាន​ល្វែង​ម៉ោង​ខុស​ៗ​គ្នា​ច្រើន។

រាង​កាយ​មនុស្ស​យើង​មាន​ម៉ោង​ពេលកំណត់​ខាង​ក្នុង ឬ​អាច​ហៅ​ថា ចង្វាក់​នៃ​សកម្មភាព​ប្រចាំ​ថ្ងៃ ជា​អ្នក​ផ្ដល់​សញ្ញា​ឲ្យ​រាង​កាយ​ពេល​ណា​ត្រូវ​ភ្ញាក់ និង​ពេល​ណា​ត្រូវ​គេង ខណៈបញ្ហាការ​គេង​ក្រោយ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសគ្នា កើត​ឡើង​ព្រោះ​តែ​ម៉ោង​ពេលក្នុង​​រាង​កាយ នៅ​តែ​បន្តកំណត់​សកម្ម​ភាព​​ម៉ោង​តំបន់​យើង​រស់​នៅ​ចាស់នៅឡើយ​ ​មិន​ផ្លាស់​ប្ដូរ​ពេល​ទៅ​តាម​តំបន់ថ្មី យើង​​ធ្វើ​ដំណើរ​ទៅ​ដល់។ ពេល​ប្ដូរតំបន់​មាន​ល្វែង​ម៉ោង​ខុស​គ្នា​កាន់​តែ​ច្រើន យើង​​ធ្វើ​ដំណើរ​នឹង​មាន​អាការៈនឿយ​ហត់​តែ​ខ្លាំង។

បញ្ហាការ​គេង​ក្រោយ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសគ្នា អាច​ធ្វើ​ឲ្យ​នឿយ​ហត់​នៅ​ពេល​ថ្ងៃ មាន​អារម្មណ៍​មិន​ល្អ ពិបាក​ផ្ចង់​អារម្មណ៍ និង​មាន​បញ្ហា​ក្រពះ​ពោះវៀន។ អាការៈ​ទាំង​នេះ ​កើត​មាន​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​ធ្វើ​ឲ្យ​​វេលា​វិស្សមកាល ឬ​បរិស្ថាន​​ការ​ងារយើង ​មិនមាន​ផាកសុភាព​បាន។ យ៉ាង​ណា យើង​មាន​វិធី​ខ្លះ​ អាច​ជួយ​ការ​ពារ ​ឬ​កាត់​បន្ថយបញ្ហាការ​គេង​ក្រោយ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសគ្នានេះ​បាន។

២- វា​កើតឡើង​​ញឹក​ញាប់​ដែរ​ទេ?

បញ្ហាការ​គេង​ក្រោយ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសគ្នា កើត​មាន​ញឹក​ញាប់​ណាស់ ដូច​នេះ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ពីព័ត៌មាន​បន្ថែម។

រោគ​សញ្ញា

៣- រោគ​សញ្ញាបញ្ហាការ​គេង​ក្រោយ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសគ្នាមាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ទូទៅ​នៃ​ មាន​ដូច​ជា៖

– ពិបាក​គេង ភ្ញាក់​ពី​ដំណេក​លឿន​ជាង​ធម្មតា ឬ​ងងុយ​គេង​ខ្លាំង
– អស់​កម្លាំង​នៅ​ពេល​ថ្ងៃ
– ពិបាក​ផ្ចង់​អារម្មណ៍ ឬ​បំពេញ​មុខងារ​មិន​ល្អ​ដូច​មុន
– មាន​បញ្ហា​ក្រពះ ទល់លាមក ឬ​រាក
– មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន
– ផ្លាស់​ប្ដូរ​អារម្មណ៍

រោគ​សញ្ញា​អាច​មាន​ខុសៗ​គ្នា អាស្រ័យ​លើ​​មនុស្ស​ម្នាក់ៗ ​អាច​មាន​មួយ ឬ​អាច​មាន​ច្រើន​ ​ក្នុង​ចំណោម​រោគ​សញ្ញា​បង្ហាញ​ខាង​លើ។

រោគសញ្ញា បញ្ហាការ​គេង​ក្រោយ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសគ្នាជា​ទូទៅ​កើត​មាន​នៅ​អំឡុង​ថ្ងៃ​ធ្វើ​ដំណើរ ១-២ ថ្ងៃ ប្រសិន​បើ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុស​គ្នាយ៉ាង​តិច ២ តំបន់។ រោគ​សញ្ញា​នឹង​កាន់​តែ​អាក្រក់​ ហើយ​​មាន​រយៈពេល​កាន់​តែ​យូរ​ បើ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ល្វែង​ម៉ោង​កាន់​តែ​ច្រើន ជា​ពិសេស​បើ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត។ ជា​ទូទៅ​ត្រូវ​ចំណាយ​ពេល​ប្រហែល មួយ​ថ្ងៃ ​ដើម្បី​សម្រប​ទៅ​នឹង​ល្វែង​ម៉ោង​នីមួយ​ៗ​យើង​បាន​ឆ្លង​កាត់។

អាច​មាន​រោគ​សញ្ញា​ខ្លះ​ទៀត​អាច​នឹង​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​ប្រសិន​បើ​មាន​ការ​បារម្ភ​ពី​រោគ​សញ្ញា​អ្វី​មួយ​ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ។

៤- ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

បើមាន​រោគ​សញ្ញា​​បាន​រៀប​រាប់​ខាង​លើ ឬ​មាន​សំណួរ​​អ្វី​មួយ​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម។ រាង​កាយ​មនុស្ស​ម្នាក់​ៗ មាន​សកម្មភាព​ខុសៗ​គ្នា ដូច​នេះ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​ដើម្បី​រក​ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់​យើង។

មូល​ហេតុបង្ក

៥- មូល​ហេតុបង្ក​មាន​អ្វី​ខ្លះ?

មូល​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​នេះ ​ដោយ​សារ​តែ​រាង​កាយ​យើង​​ធ្វើ​ដំណើរឆ្ងាយ ​មិន​អាច​សម្របខ្លួន​ភ្លាម​ៗ​ទៅ​នឹង​ល្វែង​ម៉ោង​ខុសៗ​គ្នា។ ឧទាហរណ៍ ​បើ​​នៅ​ទី​ក្រុងភ្នំពេញ ហើយធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុងញូវយ៉ក ​នៅ​ពេល​ពាក់​កណ្ដាល​យប់ រាង​កាយ​យើង​​នឹង​នៅ​តែ​ដំណើរ​ការ​ដូច​ពេល​នៅ​ភ្នំពេញ​ដដែល។ ដោយ​សារ​តែ​រាង​កាយ​​មិន​អាច​គ្រប់​គ្រង​ម៉ោង​ពេល​ថ្មី​បាន អាការៈមិន​ងងុយ​គេង​បណ្ដោះ​អាសន្ន (Temporary insomnia) អស់​កម្លាំង ខឹង​ឆេវឆាវ និង​មិន​អាច​ផ្ចង់​អារម្មណ៍​ធ្វើ​អ្វី​មួយ​បាន​ នឹង​កើត​មាន​ឡើង។ ហើយ​ការ​ផ្លាស់​ប្ដូរ​នេះ ក៏​ផ្លាស់​ប្ដូរ​ម៉ោង​ចូល​បន្ទប់​ទឹក​ដូច​គ្នា ​ជា​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ទល់​លាមក ឬ​រាក​រូស ខួរ​ក្បាល​អាច​នឹង​វង្វេង ​ធ្វើ​ការ​មិន​ល្អ ​ដោយ​សារ​តែ​ព្យាយាម​សម្រប​ទៅ​នឹង​ម៉ោង​ពេល​ថ្មី​នេះ។

អត្ថបទ​ពាក់​ព័ន្ធ៖

កត្តាប្រឈម

៦- កត្តា​ប្រឈម​មាន​អ្វី​ខ្លះ?

មាន​កត្តា​ប្រឈម​ជា​ច្រើន​ អាច​នាំ​ឲ្យ​យើងមាន​បញ្ហាការ​គេង​ក្រោយ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសគ្នា ដូច​ជា៖

– ចំនួន​ដំបន់​​មាន​ល្វែង​ម៉ោង​ខុស​គ្នា។ បើ​​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសៗ​គ្នា​កាន់​តែ​ច្រើន អាច​មាន​បញ្ហា​នេះ​កាន់​តែ​ខ្ពស់។
-ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​កើត យើង​​នឹង​មាន​អារម្មណ៍​ថា​ពិបាក ​នៅ​ពេលធ្វើ​ដំណើរ​ទៅ​ទិស​ខាង​កើត ដោយនឹង​មាន​អារម្មណ៍​ម៉ោង​ខុស​ប្លែក​គ្នា​ច្រើន​ ​ពិបាក​សម្រប​ខ្លួន ជាង​ទៅ​ទិស​ខាង​លិច។
– ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ញឹក​ញាប់ ពិសេសអាកាយានិក អ្នក​បម្រើ​​លើ​យន្ត​ហោះ និង​​ជំនួញ​ធ្វើ​ដំណើរ​ច្រើន ងាយ​ប្រឈម​បញ្ហា​​នេះ​។
– មនុស្ស​ចាស់ ​អាច​ពិបាក​សម្រប​ខ្លួន​ និង​ជា​សះ​ស្បើយយឺត ជាង​មនុស្ស​ធម្មតា។

រោគ​វិនិច្ឆ័យ​ និង​ការ​ព្យាបាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​ជំងឺ​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យជំ​នាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

៧- គួរ​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​វិធី​ណា?

ការ​ថែ​ទាំ​ពី​គ្រូពេទ្យ​ជា​ដំបូង គឹ​ផ្តោត​ទៅ​​លើ​រោគ​សញ្ញា​បញ្ហា​ ហើយ​ក្នុង​ករណី​កម្រ រោគ​សញ្ញា​ធ្ងន់ធ្ងរ ​ហើយកើត​ញឹកញាប់​ខ្លាំង​ពេក ​គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​ជួប​ពេទ្យ​ជំនាញ។

៨- ព្យាបាល​ដោយ​វិធី​ណា?

បញ្ហា​ការ​គេង​ក្រោយ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុស​គ្នា ជា​ទូទៅ​ កើត​មាន​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​មិន​ចាំបាច់​ព្យាបាល​អ្វី​ទេ។ រោគ​សញ្ញានឹង​ប្រសើរ​ឡើង​វិញ​បន្តិច​ម្ដង​ៗ ​អំឡុងពេល ២-៣ ​ថ្ងៃ ប៉ុន្តែ​ពេល​ខ្លះ​ អាច​កើត​មាន​យូរ​ជាង​នេះ។

ទោះ​យ៉ាង​នេះ​ក្ដី បើ​យើង​ជា​អ្នក​ធ្វើ​ដំណើរ​ញឹក​ញាប់ ហើយ​រងរំខានខ្លាំង​ដោយ​សារ​បញ្ហា​នេះ រូពេទ្យ​អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ ឬ​ធ្វើ​ការ​ព្យាបាល​ដោយ​ពន្លឺ (Light therapy) ដូច​ជា៖

– ព្យាបាល​ដោយ​ថ្នាំ៖​

  • ពពួក​ថ្នាំ Nonbenzodiazepines ដូច​ជា ថ្នាំ Zolpidem (Ambien) ថ្នាំ Eszopiclone (Lunesta) និងថ្នាំ Zaleplon (Sonata)។
  • ពពួក​ថ្នាំ Benzodiazepines ដូច​ជា ថ្នាំ Triazolam (Halcion)។

ពពួកថ្នាំ​ទាំង​នេះ ​ពេល​ខ្លះ​ហៅ​ថា​ជា​ថ្នាំ​ងងុយ​គេង អាច​ជួយ​ឲ្យ​យើង​គេង​បាន​អំឡុង​ពេល​ហោះ​ហើរ និង​ ២-៣ ក្រោយ ទៅ​ដល់​តំបន់​ថ្មី។ ផល​រំខាន​របស់​ថ្នាំ ​កើត​មាន​មិន​ញឹក​ញាប់​ទេ ប៉ុន្តែអាច​នឹង​មាន ដូច​ជា ចង្អោរ ក្អួត ភ្លេច​ភ្លាំង មមើ​ដើរ​នៅ​ពេល​គេង​លក់ (Sleepwalking) វង្វេង​វង្វាន់ និង​ងងុយ​គេង​នៅ​ពេល​ព្រឹក។

ទោះ​បី​ជា​ថ្នាំ​ទាំង​នេះ​អាច​ជួយ​ឲ្យ​គេង​នៅ​ពេល​យប់​បាន​យូរ​ ស្កប់ស្កល់​​ក៏​ពិត​មែន ប៉ុន្តែមិន​អាច​ជួយ​សម្រួល​រោគ​សញ្ញា​​កើត​មាន​នៅ​ពេល​ថ្ងៃ​បាន​ទេ។ ហើយ​ថ្នាំ​ទាំង​នេះ​ គ្រូពេទ្យ​នឹង​ចេញ​ឲ្យ​ប្រើ​ចំពោះគ្នា​ងយើង​ទទួល​ការ​ព្យាបាល​ផ្សេង​ទៀត​ មិន​មាន​ប្រសិទ្ធិភាព​ប៉ុណ្ណោះ។

– ព្យាបាល​ដោយ​ពន្លឺ៖ ម៉ោង​ពេល​នៅ​ក្នុង​ខ្លួន​យើង​ គឺ​ទាក់​ទង​នឹង​ការ​ប៉ះពាល់​​ជាមួយ​ពន្លឺ​ព្រះ​អាទិត្យ ​ជា​កត្តា​មួយ​ក្នុង​កត្តា​ជា​ច្រើន។ ពេល​យើង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ល្វែង​ម៉ោង​ខុសៗ​គ្នា រាង​កាយ​យើង​ ត្រូវ​តែ​សម្រប​ទៅ​នឹង​ម៉ោង​ពេលត្រូវ​បញ្ចេញ​ពន្លឺ​នៅថ្ងៃ​ថ្មី នឹង​ពេល​​ថ្ងៃ​លិច​ថ្មី អាច​ឲ្យ​យើង​គេង និង​ភ្ញាក់​ត្រូវ​តាម​ម៉ោង​ពេល។

ការ​ព្យាបាល​ដោយ​ពន្លឺ អាច​ជួយ​សម្រួល​បញ្ហា​នេះ​ ជួយ​ឲ្យ​ភ្នែក​ ប៉ះ​នឹង​ពន្លឺ​សិប្បនិម្មិត ឬ​អំពូល​ចេញ​ពន្លឺ​ ដូច​ពន្លឺ​ថ្ងៃ តាម​ចំនួន​ម៉ោង​ពេល ​ដូច​នឹង​ពេល​​នឹង​ត្រូវ​ភ្ញាក់ជាដើម។

ការ​ធ្វើ​ដូច​នេះ ​អាច​នឹង​មាន​ប្រយោជន៍ បើ​សិន​អ្នក​ជំនួញ​ធ្វើ​ដំណើរ​ច្រើន​ ហើយ​ច្រើន​តែ​ស្ថិត​នៅ​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ​ធម្មជាតិ អំឡុង​ពេល​ថ្ងៃ ​នៅ​ដំបន់​​មាន​ល្វែង​ម៉ោង​ខុស​គ្នា។ ព្យាបាល​ដោយ​ពន្លឺ អាច​មាន​ទម្រង់​ខុសៗ​គ្នា រួម​មាន ប្រអប់​ពន្លឺ​នៅ​លើ​តុ ឬ​តុ​ធ្វើ​ការមាន​អំពូល​អាច​បត់​បែន​បាន ឬ​របាំង​ពាក់​មាន​ពន្លឺ ​អាច​ពាក់​នៅ​លើ​ក្បាល​បាន។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់​នៅ

ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ និង​វិធី​ព្យាបាល​នៅ​ផ្ទះ អាច​បង្ការ និងបញ្ហា​នេះ​បាន​ដូច​ជា៖

– ត្រូវ​ទៅ​ដល់​ទី​តាំង​ថ្មី​ឲ្យ​លឿន​ បើ​មាន​ការ​ប្រជុំ​សំខាន់ ឬ​មាន​កម្មវិធី​អ្វី​មួយ ​ចាំ​បាច់​ត្រូវ​ទៅ សូម​ព្យាយាម​​ទៅ​ដល់​ទី​កន្លែង​ថ្មី​នោះ​មុន ២-៣​ ថ្ងៃ ​ដើម្បី​អាច​ឲ្យ​រាង​កាយ​សម្រប​បាន។

– ត្រូវ​សម្រាក​ឲ្យ​បាន​ច្រើន មុន​​ធ្វើ​ដំណើរ ព្រោះ​​គេង​មិន​បាន​គ្រប់​គ្រាន់ ​ធ្វើ​ឲ្យបញ្ហា​នេះ​កាន់​តែ​ធ្ងន់ធ្ងរ។

– កែ​សម្រួល​ម៉ោងគេង​មុន​ធ្វើ​ដំណើរ ពិសេស​បើ​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​កើត សូម​ព្យាយាម​ចូល​គេង​មុន​មួយ​ម៉ោង​រៀង​រាល់​យប់ រយៈពេល ២-៣ ​ថ្ងៃ​មុន​ពេល​ចេញ​ដំណើរ។ បើ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច សូម​ព្យាម​ចូល​គេង​ឲ្យ​យឺត​ជាង​មួយ​ម៉ោង ​រយៈពេល​ ២-៣ ​ថ្ងៃ​មុន​ចេញ​ដំណើរ។

– រៀប​ចំ​ម៉ោង​​ត្រូវ​ប៉ះ​ពន្លឺ ព្រោះ​ពន្លឺ​ថ្ងៃ ​ជា​មូលហេតុ ​នាំ​ឲ្យ​មាន​ម៉ោង​​រាង​កាយ ដូច​នេះ​​ការ​សម្រួល​ម៉ោង​ប៉ះ​នឹង​ពន្លឺ​ អាច​ជួយ​ឲ្យ​យើងងាយ​សម្រប​ខ្លួន​នឹង​ទីតាំង​ថ្មី​បាន​ឆាប់។ ជា​ទូទៅ​ ការ​ប៉ះ​ពន្លឺ​នៅ​ពេល​ល្ងាច​ ជួយ​​សម្រប​ខ្លួន​កាន់​តែ​ឆាប់ ចំពោះ ការ​ធ្វើ​ដំណើរ​ទៅ ទិស​ខាង​លិច ខណៈ​​ប៉ះ​ពន្លឺ​នៅពេល​ព្រឹក​ អាច​ជួយ​ឲ្យ​អ្សម្រប​ខ្លួន​ពេល​​ធ្វើ​ដំណើរ​ទៅ ទិស​ខាង​កើត។ ប៉ុន្តែ​ត្រូវ​ចាំ​ថា បើធ្វើ​ដំណើរ​ទៅ​តំបន់មាន​ល្វែង​ម៉ោង​ខុស​គ្នា​រហូត​ដល់​ច្រើន​ជាង ​៨ម៉ោង ព្រោះ​ថា​ប៉ះ​ពន្លឺ​ថ្ងៃ​នៅពេល​ព្រឹក អាច​ធ្វើ​ឲ្យ​រាង​កាយ​ច្រឡំ​នឹង​ពេល​ល្ងាច ឯ​ប៉ះ​ពន្លឺ​ថ្ងៃ​នៅ​ពេល​ល្ងាច​អាច​ច្រឡំ​ជាពេល​ព្រឹក​។ ដូច​នេះ​ បើ​​ធ្វើ​ដំណើរ ទៅ​តំបន់​​ខុស​ម៉ោង​គ្នា​ច្រើន​ជាង ​៨ម៉ោង​ នៅ​ទិស​ខាង​កើត សូម​ពាក់​វ៉ែន​តា​ការពារ​ពន្លឺ​ថ្ងៃ​ នឹង​ចៀស​ពី​ពន្លឺ​នៅ​ពេល​ព្រឹក នឹង​ព្យាយាម​ប៉ះ​ពន្លឺ​ថ្ងៃ​នៅពេល​រសៀល​ឲ្យ​បាន​ច្រើន​នៅ​អំឡុង​ ២-៣ ​ថ្ងៃ​ដំបូង។ បើ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច នៅ​តំបន់​ម៉ោង​ខុស​គ្នា​ច្រើន​ជាង​ ៨ម៉ោង សូម​ចៀស​ពី​ពន្លឺ​ថ្ងៃ ២-៣ ម៉ោង​មុន​ពេល​ថ្ងៃ​លិច អំឡុង ២-៣ ​ថ្ងៃ​ដំបូង​ដើម្បី​ សម្រប​​ម៉ោង​ពេល​តំបន់​ថ្មី​នោះ។

– សូម​រក្សា​ម៉ោង​ពេល​ថ្មី​នេះ ត្រូវ​កែ​ម៉ោង​នាឡិកា​មុន​នឹង​ទៅ​កន្លែង​ថ្មី។ ពេល​​ទៅ​ដល់​ទី​កន្លែង​ថ្មី​នោះ​ហើយ សូម​ព្យាយាម​កុំ​គេង រហូត​ទាល់​តែ​ដល់​ពេល​យប់​ទើប​គេង​បាន ទោះ​បី​​ហត់​យ៉ាង​ណា​ក៏​ដោយ។ ព្យាយាម​កំណត់​ពេល​ញ៉ាំ​តាម​ពេល​អាហារ​នៅ​កន្លែង​ថ្មី​នោះ។

– ផឹក​​ទឹក​ឲ្យ​ច្រើន ពិសេស​អំឡុង​ពេលធ្វើ​ដំណើរ ព្រោះ​បើ​ផឹក​​ទឹក​មិន​គ្រប់​គ្រាន់ ​អាច​ធ្វើ​ឲ្យ​អាការៈ​នឿយ​ហត់​នេះ​កាន់​តែ​ធ្ងន់ ហើយ​សូម​ចៀស​វាង ​កុំ​ញ៉ាំ​ជាតិ​អាល់កុល​ ឬជាតិ​កាហ្វេអ៊ីន ព្រោះ​សារជាតិ​ទាំង​នេះ ​អាច​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក​ប៉ះ​ពាល់​ដល់ការគេង។

-ព្យាយាម​គេង​នៅ​លើ​យន្ត​ហោះ​ឲ្យ​បាន​ច្រើន បើ​សិនតំបន់​យើង​កំពុង​ធ្វើ​ដំណើរ​ទៅ ស្ថិត​នៅ​ម៉ោង​ពេល​យប់​។ ឆ្នុក​ត្រចៀក (Earplugs) កាស​ទូរសព្ទ (Headphones) និង​របាំង​ភ្នែក (Eye masks) អាច​ជួយ​រាំង​ខ្ទប់​សម្លេង ​និង​ពន្លឺ បាន។ បើ​នៅ​កន្លែង​​ត្រូវ​ទៅ​ ជានៅ​ពេល​ថ្ងៃ​វិញ សូម​ព្យាយាម​កុំ​គេង​។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​សីហា 23, 2019 | កែសម្រួលចុងក្រោយ ខែ​សីហា 23, 2019

អ្នកអាចចូលចិត្ត