ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
១- អ្វីជាបញ្ហាការគេងក្រោយឆ្លងកាត់ល្វែងម៉ោងខុសគ្នា (Jet Lag)?
បញ្ហាការគេងក្រោយឆ្លងកាត់ល្វែងម៉ោងខុសគ្នា ជាភាសាបច្ចេកទេសហៅថា Jet Lag ជាបញ្ហាពិបាកក្នុងការគេងបណ្ដោះអាសន្ន កើតឡើងចំពោះអ្នកធ្វើដំណើរលឿន ឆ្លងកាត់ដំបន់មានល្វែងម៉ោងខុសៗគ្នាច្រើន។
រាងកាយមនុស្សយើងមានម៉ោងពេលកំណត់ខាងក្នុង ឬអាចហៅថា ចង្វាក់នៃសកម្មភាពប្រចាំថ្ងៃ ជាអ្នកផ្ដល់សញ្ញាឲ្យរាងកាយពេលណាត្រូវភ្ញាក់ និងពេលណាត្រូវគេង ខណៈបញ្ហាការគេងក្រោយឆ្លងកាត់ល្វែងម៉ោងខុសគ្នា កើតឡើងព្រោះតែម៉ោងពេលក្នុងរាងកាយ នៅតែបន្តកំណត់សកម្មភាពម៉ោងតំបន់យើងរស់នៅចាស់នៅឡើយ មិនផ្លាស់ប្ដូរពេលទៅតាមតំបន់ថ្មី យើងធ្វើដំណើរទៅដល់។ ពេលប្ដូរតំបន់មានល្វែងម៉ោងខុសគ្នាកាន់តែច្រើន យើងធ្វើដំណើរនឹងមានអាការៈនឿយហត់តែខ្លាំង។
បញ្ហាការគេងក្រោយឆ្លងកាត់ល្វែងម៉ោងខុសគ្នា អាចធ្វើឲ្យនឿយហត់នៅពេលថ្ងៃ មានអារម្មណ៍មិនល្អ ពិបាកផ្ចង់អារម្មណ៍ និងមានបញ្ហាក្រពះពោះវៀន។ អាការៈទាំងនេះ កើតមានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែធ្វើឲ្យវេលាវិស្សមកាល ឬបរិស្ថានការងារយើង មិនមានផាកសុភាពបាន។ យ៉ាងណា យើងមានវិធីខ្លះ អាចជួយការពារ ឬកាត់បន្ថយបញ្ហាការគេងក្រោយឆ្លងកាត់ល្វែងម៉ោងខុសគ្នានេះបាន។
២- វាកើតឡើងញឹកញាប់ដែរទេ?
បញ្ហាការគេងក្រោយឆ្លងកាត់ល្វែងម៉ោងខុសគ្នា កើតមានញឹកញាប់ណាស់ ដូចនេះសូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងពីព័ត៌មានបន្ថែម។
៣- រោគសញ្ញាបញ្ហាការគេងក្រោយឆ្លងកាត់ល្វែងម៉ោងខុសគ្នាមានអ្វីខ្លះ?
រោគសញ្ញាទូទៅនៃ មានដូចជា៖
– ពិបាកគេង ភ្ញាក់ពីដំណេកលឿនជាងធម្មតា ឬងងុយគេងខ្លាំង
– អស់កម្លាំងនៅពេលថ្ងៃ
– ពិបាកផ្ចង់អារម្មណ៍ ឬបំពេញមុខងារមិនល្អដូចមុន
– មានបញ្ហាក្រពះ ទល់លាមក ឬរាក
– មានអារម្មណ៍ថាមិនស្រួលខ្លួន
– ផ្លាស់ប្ដូរអារម្មណ៍
រោគសញ្ញាអាចមានខុសៗគ្នា អាស្រ័យលើមនុស្សម្នាក់ៗ អាចមានមួយ ឬអាចមានច្រើន ក្នុងចំណោមរោគសញ្ញាបង្ហាញខាងលើ។
រោគសញ្ញា បញ្ហាការគេងក្រោយឆ្លងកាត់ល្វែងម៉ោងខុសគ្នាជាទូទៅកើតមាននៅអំឡុងថ្ងៃធ្វើដំណើរ ១-២ ថ្ងៃ ប្រសិនបើធ្វើដំណើរឆ្លងកាត់ល្វែងម៉ោងខុសគ្នាយ៉ាងតិច ២ តំបន់។ រោគសញ្ញានឹងកាន់តែអាក្រក់ ហើយមានរយៈពេលកាន់តែយូរ បើធ្វើដំណើរឆ្លងកាត់ល្វែងម៉ោងកាន់តែច្រើន ជាពិសេសបើធ្វើដំណើរឆ្ពោះទៅទិសខាងកើត។ ជាទូទៅត្រូវចំណាយពេលប្រហែល មួយថ្ងៃ ដើម្បីសម្របទៅនឹងល្វែងម៉ោងនីមួយៗយើងបានឆ្លងកាត់។
អាចមានរោគសញ្ញាខ្លះទៀតអាចនឹងមិនបានរៀបរាប់ខាងលើ ដូចនេះប្រសិនបើមានការបារម្ភពីរោគសញ្ញាអ្វីមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាត្រូវទៅជួបពេទ្យ?
បើមានរោគសញ្ញាបានរៀបរាប់ខាងលើ ឬមានសំណួរអ្វីមួយ សូមពិគ្រោះជាមួយគ្រូពេទ្យភ្លាម។ រាងកាយមនុស្សម្នាក់ៗ មានសកម្មភាពខុសៗគ្នា ដូចនេះសូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកដំណោះស្រាយល្អបំផុតសម្រាប់យើង។
៥- មូលហេតុបង្កមានអ្វីខ្លះ?
មូលហេតុនាំឲ្យមានបញ្ហាសុខភាពនេះ ដោយសារតែរាងកាយយើងធ្វើដំណើរឆ្ងាយ មិនអាចសម្របខ្លួនភ្លាមៗទៅនឹងល្វែងម៉ោងខុសៗគ្នា។ ឧទាហរណ៍ បើនៅទីក្រុងភ្នំពេញ ហើយធ្វើដំណើរទៅដល់ទីក្រុងញូវយ៉ក នៅពេលពាក់កណ្ដាលយប់ រាងកាយយើងនឹងនៅតែដំណើរការដូចពេលនៅភ្នំពេញដដែល។ ដោយសារតែរាងកាយមិនអាចគ្រប់គ្រងម៉ោងពេលថ្មីបាន អាការៈមិនងងុយគេងបណ្ដោះអាសន្ន (Temporary insomnia) អស់កម្លាំង ខឹងឆេវឆាវ និងមិនអាចផ្ចង់អារម្មណ៍ធ្វើអ្វីមួយបាន នឹងកើតមានឡើង។ ហើយការផ្លាស់ប្ដូរនេះ ក៏ផ្លាស់ប្ដូរម៉ោងចូលបន្ទប់ទឹកដូចគ្នា ជាហេតុនាំឲ្យមានបញ្ហាទល់លាមក ឬរាករូស ខួរក្បាលអាចនឹងវង្វេង ធ្វើការមិនល្អ ដោយសារតែព្យាយាមសម្របទៅនឹងម៉ោងពេលថ្មីនេះ។
អត្ថបទពាក់ព័ន្ធ៖
៦- កត្តាប្រឈមមានអ្វីខ្លះ?
មានកត្តាប្រឈមជាច្រើន អាចនាំឲ្យយើងមានបញ្ហាការគេងក្រោយឆ្លងកាត់ល្វែងម៉ោងខុសគ្នា ដូចជា៖
– ចំនួនដំបន់មានល្វែងម៉ោងខុសគ្នា។ បើឆ្លងកាត់ល្វែងម៉ោងខុសៗគ្នាកាន់តែច្រើន អាចមានបញ្ហានេះកាន់តែខ្ពស់។
-ធ្វើដំណើរទៅទិសខាងកើត យើងនឹងមានអារម្មណ៍ថាពិបាក នៅពេលធ្វើដំណើរទៅទិសខាងកើត ដោយនឹងមានអារម្មណ៍ម៉ោងខុសប្លែកគ្នាច្រើន ពិបាកសម្របខ្លួន ជាងទៅទិសខាងលិច។
– ធ្វើដំណើរតាមយន្តហោះញឹកញាប់ ពិសេសអាកាយានិក អ្នកបម្រើលើយន្តហោះ និងជំនួញធ្វើដំណើរច្រើន ងាយប្រឈមបញ្ហានេះ។
– មនុស្សចាស់ អាចពិបាកសម្របខ្លួន និងជាសះស្បើយយឺត ជាងមនុស្សធម្មតា។
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ការថែទាំពីគ្រូពេទ្យជាដំបូង គឹផ្តោតទៅលើរោគសញ្ញាបញ្ហា ហើយក្នុងករណីកម្រ រោគសញ្ញាធ្ងន់ធ្ងរ ហើយកើតញឹកញាប់ខ្លាំងពេក គ្រូពេទ្យអាចនឹងណែនាំឲ្យជួបពេទ្យជំនាញ។
៨- ព្យាបាលដោយវិធីណា?
បញ្ហាការគេងក្រោយឆ្លងកាត់ល្វែងម៉ោងខុសគ្នា ជាទូទៅ កើតមានបណ្ដោះអាសន្នប៉ុណ្ណោះ ហើយមិនចាំបាច់ព្យាបាលអ្វីទេ។ រោគសញ្ញានឹងប្រសើរឡើងវិញបន្តិចម្ដងៗ អំឡុងពេល ២-៣ ថ្ងៃ ប៉ុន្តែពេលខ្លះ អាចកើតមានយូរជាងនេះ។
ទោះយ៉ាងនេះក្ដី បើយើងជាអ្នកធ្វើដំណើរញឹកញាប់ ហើយរងរំខានខ្លាំងដោយសារបញ្ហានេះ រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំ ឬធ្វើការព្យាបាលដោយពន្លឺ (Light therapy) ដូចជា៖
– ព្យាបាលដោយថ្នាំ៖
ពពួកថ្នាំទាំងនេះ ពេលខ្លះហៅថាជាថ្នាំងងុយគេង អាចជួយឲ្យយើងគេងបានអំឡុងពេលហោះហើរ និង ២-៣ ក្រោយ ទៅដល់តំបន់ថ្មី។ ផលរំខានរបស់ថ្នាំ កើតមានមិនញឹកញាប់ទេ ប៉ុន្តែអាចនឹងមាន ដូចជា ចង្អោរ ក្អួត ភ្លេចភ្លាំង មមើដើរនៅពេលគេងលក់ (Sleepwalking) វង្វេងវង្វាន់ និងងងុយគេងនៅពេលព្រឹក។
ទោះបីជាថ្នាំទាំងនេះអាចជួយឲ្យគេងនៅពេលយប់បានយូរ ស្កប់ស្កល់ក៏ពិតមែន ប៉ុន្តែមិនអាចជួយសម្រួលរោគសញ្ញាកើតមាននៅពេលថ្ងៃបានទេ។ ហើយថ្នាំទាំងនេះ គ្រូពេទ្យនឹងចេញឲ្យប្រើចំពោះគ្នាងយើងទទួលការព្យាបាលផ្សេងទៀត មិនមានប្រសិទ្ធិភាពប៉ុណ្ណោះ។
– ព្យាបាលដោយពន្លឺ៖ ម៉ោងពេលនៅក្នុងខ្លួនយើង គឺទាក់ទងនឹងការប៉ះពាល់ជាមួយពន្លឺព្រះអាទិត្យ ជាកត្តាមួយក្នុងកត្តាជាច្រើន។ ពេលយើងធ្វើដំណើរឆ្លងកាត់ល្វែងម៉ោងខុសៗគ្នា រាងកាយយើង ត្រូវតែសម្របទៅនឹងម៉ោងពេលត្រូវបញ្ចេញពន្លឺនៅថ្ងៃថ្មី នឹងពេលថ្ងៃលិចថ្មី អាចឲ្យយើងគេង និងភ្ញាក់ត្រូវតាមម៉ោងពេល។
ការព្យាបាលដោយពន្លឺ អាចជួយសម្រួលបញ្ហានេះ ជួយឲ្យភ្នែក ប៉ះនឹងពន្លឺសិប្បនិម្មិត ឬអំពូលចេញពន្លឺ ដូចពន្លឺថ្ងៃ តាមចំនួនម៉ោងពេល ដូចនឹងពេលនឹងត្រូវភ្ញាក់ជាដើម។
ការធ្វើដូចនេះ អាចនឹងមានប្រយោជន៍ បើសិនអ្នកជំនួញធ្វើដំណើរច្រើន ហើយច្រើនតែស្ថិតនៅឆ្ងាយពីពន្លឺថ្ងៃធម្មជាតិ អំឡុងពេលថ្ងៃ នៅដំបន់មានល្វែងម៉ោងខុសគ្នា។ ព្យាបាលដោយពន្លឺ អាចមានទម្រង់ខុសៗគ្នា រួមមាន ប្រអប់ពន្លឺនៅលើតុ ឬតុធ្វើការមានអំពូលអាចបត់បែនបាន ឬរបាំងពាក់មានពន្លឺ អាចពាក់នៅលើក្បាលបាន។
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចបង្ការ និងបញ្ហានេះបានដូចជា៖
– ត្រូវទៅដល់ទីតាំងថ្មីឲ្យលឿន បើមានការប្រជុំសំខាន់ ឬមានកម្មវិធីអ្វីមួយ ចាំបាច់ត្រូវទៅ សូមព្យាយាមទៅដល់ទីកន្លែងថ្មីនោះមុន ២-៣ ថ្ងៃ ដើម្បីអាចឲ្យរាងកាយសម្របបាន។
– ត្រូវសម្រាកឲ្យបានច្រើន មុនធ្វើដំណើរ ព្រោះគេងមិនបានគ្រប់គ្រាន់ ធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរ។
– កែសម្រួលម៉ោងគេងមុនធ្វើដំណើរ ពិសេសបើត្រូវធ្វើដំណើរទៅទិសខាងកើត សូមព្យាយាមចូលគេងមុនមួយម៉ោងរៀងរាល់យប់ រយៈពេល ២-៣ ថ្ងៃមុនពេលចេញដំណើរ។ បើត្រូវធ្វើដំណើរទៅទិសខាងលិច សូមព្យាមចូលគេងឲ្យយឺតជាងមួយម៉ោង រយៈពេល ២-៣ ថ្ងៃមុនចេញដំណើរ។
– រៀបចំម៉ោងត្រូវប៉ះពន្លឺ ព្រោះពន្លឺថ្ងៃ ជាមូលហេតុ នាំឲ្យមានម៉ោងរាងកាយ ដូចនេះការសម្រួលម៉ោងប៉ះនឹងពន្លឺ អាចជួយឲ្យយើងងាយសម្របខ្លួននឹងទីតាំងថ្មីបានឆាប់។ ជាទូទៅ ការប៉ះពន្លឺនៅពេលល្ងាច ជួយសម្របខ្លួនកាន់តែឆាប់ ចំពោះ ការធ្វើដំណើរទៅ ទិសខាងលិច ខណៈប៉ះពន្លឺនៅពេលព្រឹក អាចជួយឲ្យអ្សម្របខ្លួនពេលធ្វើដំណើរទៅ ទិសខាងកើត។ ប៉ុន្តែត្រូវចាំថា បើធ្វើដំណើរទៅតំបន់មានល្វែងម៉ោងខុសគ្នារហូតដល់ច្រើនជាង ៨ម៉ោង ព្រោះថាប៉ះពន្លឺថ្ងៃនៅពេលព្រឹក អាចធ្វើឲ្យរាងកាយច្រឡំនឹងពេលល្ងាច ឯប៉ះពន្លឺថ្ងៃនៅពេលល្ងាចអាចច្រឡំជាពេលព្រឹក។ ដូចនេះ បើធ្វើដំណើរ ទៅតំបន់ខុសម៉ោងគ្នាច្រើនជាង ៨ម៉ោង នៅទិសខាងកើត សូមពាក់វ៉ែនតាការពារពន្លឺថ្ងៃ នឹងចៀសពីពន្លឺនៅពេលព្រឹក នឹងព្យាយាមប៉ះពន្លឺថ្ងៃនៅពេលរសៀលឲ្យបានច្រើននៅអំឡុង ២-៣ ថ្ងៃដំបូង។ បើធ្វើដំណើរទៅទិសខាងលិច នៅតំបន់ម៉ោងខុសគ្នាច្រើនជាង ៨ម៉ោង សូមចៀសពីពន្លឺថ្ងៃ ២-៣ ម៉ោងមុនពេលថ្ងៃលិច អំឡុង ២-៣ ថ្ងៃដំបូងដើម្បី សម្របម៉ោងពេលតំបន់ថ្មីនោះ។
– សូមរក្សាម៉ោងពេលថ្មីនេះ ត្រូវកែម៉ោងនាឡិកាមុននឹងទៅកន្លែងថ្មី។ ពេលទៅដល់ទីកន្លែងថ្មីនោះហើយ សូមព្យាយាមកុំគេង រហូតទាល់តែដល់ពេលយប់ទើបគេងបាន ទោះបីហត់យ៉ាងណាក៏ដោយ។ ព្យាយាមកំណត់ពេលញ៉ាំតាមពេលអាហារនៅកន្លែងថ្មីនោះ។
– ផឹកទឹកឲ្យច្រើន ពិសេសអំឡុងពេលធ្វើដំណើរ ព្រោះបើផឹកទឹកមិនគ្រប់គ្រាន់ អាចធ្វើឲ្យអាការៈនឿយហត់នេះកាន់តែធ្ងន់ ហើយសូមចៀសវាង កុំញ៉ាំជាតិអាល់កុល ឬជាតិកាហ្វេអ៊ីន ព្រោះសារជាតិទាំងនេះ អាចធ្វើឲ្យបាត់បង់ជាតិទឹកប៉ះពាល់ដល់ការគេង។
-ព្យាយាមគេងនៅលើយន្តហោះឲ្យបានច្រើន បើសិនតំបន់យើងកំពុងធ្វើដំណើរទៅ ស្ថិតនៅម៉ោងពេលយប់។ ឆ្នុកត្រចៀក (Earplugs) កាសទូរសព្ទ (Headphones) និងរបាំងភ្នែក (Eye masks) អាចជួយរាំងខ្ទប់សម្លេង និងពន្លឺ បាន។ បើនៅកន្លែងត្រូវទៅ ជានៅពេលថ្ងៃវិញ សូមព្យាយាមកុំគេង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕