Left-Sided Chest Pain (អាការៈឈឺ​ទ្រូង​ផ្នែក​ខាង​ឆ្វេង)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- ​អ្វី​ជា​អាការៈ​ឈឺ​ទ្រូង​ផ្នែក​ខាង​ឆ្វេង?

អាការៈឈឺ​ទ្រូង ​ដែល​ចាប់​ផ្ដើម​ពី​ខាង​ឆ្វេង​ ​អាច​កើត​ឡើង​ភ្លាម​ៗ ​ឈឺ​ដូច​គេ​ចាក់ ​ខ្លាំង​ឡើង​បន្តិច​ម្ដងៗ​ ឬ​ឈឺ​អួល​ណែន។ គ្នា​យើង​ចំនួន​ អាច​មាន​ការ​ឈឺ​ចាប់​ពេល​ហាត់ប្រាណ ពេល​ដក​ដង្ហើម​ចូលជ្រៅ និង​ពេល​សម្រាក​ ហើយ​អាការៈ​​ឈឺ​​ទ្រូង​ផ្នែក​ខាង​ឆ្វេង​ម្ដង​ម្កាល​នេះ​ អាច​កើត​មាន​ ក៏​បាត់​ទៅ​វិញ​ ដោយ​មាន​​ទំនាក់​ទំនង​ទៅ​នឹង​បញ្ហា​សុខភាព​ណាមួយ​យើង​កំពុង​មាន។

​២- ​ឈឺ​​ទ្រូង​ផ្នែក​ខាង​ឆ្វេងកើត​ឡើង​ញឹកញាប់​ដែរ​ទេ?

ឈឺទ្រូងផ្នែកខាងឆ្វេង កើតញឹក​ញាប់ណាស់​​​ អាច​កើត​លើមនុស្ស​គ្រប់​វ័យ មិន​ថា​ប្រុស មិន​ថា​ស្រី​។ យ៉ាងណា យើង​អាច​គ្រប់​គ្រងអាការៈ​ឈឺ​ចាប់​​បាន​ ដោយ​បន្ថយ​កត្តាប្រឈម​។ សូម​ពិក្សា​ជា​មួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

៣- រោគ​សញ្ញា​ឈឺទ្រូង​ផ្នែក​ខាង​ឆ្វេងមាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ផ្សេង​ៗអាច​កើត​មាន​ឡើង ​អាស្រ័យ​លើ​មូលហេតុ​​ជំងឺ​ ​អាច​មាន​ដូចជា​៖

– ណែន​ក្នុង​ទ្រូង
– ឈឺ​នៅ​ម្ដុំ​ក ចង្កា​ និង​ដើមដៃ
– ដក​ដង្ហើម​មិន​ដល់​គ្នា
– បែក​ញើស
– ចង្អោរ
– ស្រាល​ក្បាល
– មាន​អារម្មណ៍​ដូចចង់​ដាច់​ខ្យល់
– ឡើង​ស្នាម​ជាំ​លើ​ស្បែក​ និង​ដៃ​ជើង
– ឈឺ​ចាប់​ដោះ​ជាដើម។

មូលហេតុបង្ក

៤- ​មូលហេតុ​បង្ក​ឲ្យ​​ឈឺទ្រូង​ផ្នែក​ខាង​ឆ្វេង?

អាការៈ​​ឈឺ​ទ្រូង​ផ្នែក​ខាង​ឆ្វេង​ ធ្វើឲ្យ​គ្នា​យើង​​ជំងឺ​ មាន​អារម្មណ៍​ភ័យ​ខ្លាច​ ដូច​កើត​ជំងឺ​គាំង​បេះ​ដូង​អ៊ីចឹង។ ទោះ​នេះ​ជា​មូលហេតុ​មួយ​គួរ​ឲ្យ​ភ័យ​ខ្លាច​ក៏​ដោយ​ នៅ​មាន​មូលហេតុ​ផ្សេង​​ទៀត​ ​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចុក​ចាប់​ទ្រូង​ផ្នែក​ខាង​ឆ្វេង​ដែរ​ ដូច​ជា​៖

– គាំង​បេះ​ដូង៖ ជំងឺ​គាំង​បេះ​ដូង​ កើត​ឡើង​នៅ​ពេលសាច់​ដុំ​បេះដូង​ខូច​ខាត​ មិន​មាន​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​​គ្រប់​គ្រាន់​។ ករណី​ខ្លះ​អាច​ចាប់​ផ្ដើម​ពី​កម្រិត​ស្រាល ​ហើយ​វិវត្ត​ទៅស​ភាព​ធ្ងន់​ធ្ងរ​បន្តិច​ម្ដង​ៗ ខណៈ​ករណី​ខ្លះ​ទៀត អាច​កើត​ឡើង​ធ្ងន់ធ្ងរ​ភ្លាម​ៗ​តែ​ម្ដង ​នៅ​ផ្នែក​ខាង​ឆ្វេង​ និង​ចំ​កណ្ដាល​ទ្រូង។

– រលាក​សាច់​ដុំ​បេះដូង៖ ឈឺ​ទ្រូ​ងដោយ​សារ​ករណី​នេះ​ មាន​​ន័យ​ថា ​សាច់​ដុំ​បេះដូង​ កំពុង​មាន​ការ​រលាក​ ​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​​ទៅ​លើ​ចរន្ត​អគ្គិសនី​របស់​បេះដូង​ ធ្វើ​ឲ្យ​បេះដូង​ខ្សោយ​ និង​បង្ក​ឲ្យ​​ខូច​ខាត​ធ្ងន់​ធ្ងរ មិន​អាច​សង្គ្រោះ​បាន​។ក្នុង​ករណី​ស្រាល ​វា​អាចធូរស្រាលឡើងវិញដោយ​មិន​បាច់​ប្រើ​ថ្នាំ​ តែ​បើ​ធ្ងន់ធ្ងរ​ ​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ដោយ​ថ្នាំ​ឲ្យ​ចំ​មូលហេតុ​របស់​វា។

– ជំងឺ​សាច់​ដុំ​បេះដូង៖ វា​ជា​ជំងឺ​កើត​ឡើង​ពេល​សាច់​ដុំ​បេះដូង​រីក​ធំ​។ ពេល​ខ្លះ ​វា​អាច​កើត​ដោយ​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់​ តែ​ពេល​ខ្លះ​ក៏​អាច​លេច​ឡើង​ជា​រោគ​សញ្ញា​ដែរ។

– រលាក​ស្រោម​បេះ​ដូង៖ ស្រោម​បេះ​ដូង​ ​ជា​ស្រទាប់មាន​ ​២​ជាន់ ​នៅ​ពេល​ដែល​តំបន់​ណាមួយ​មាន​ការ​រលាក ​ឬ​ខូច​ខាត ​វា​អាច​បង្ក​ជា​ការ​ឈឺ​ចុក​ ដូច​គេ​ចាក់​នឹង​កាំបិត​នៅ​ខាង​ឆ្វេង ​ឬ​ចំ​កណ្ដាល​ទ្រូង​។ អាការៈ​ឈឺ​ចាប់​ អាច​នៅ​តែ​ម្ខាង ឬ​នៅ​ស្មា​សង​ខាង​ ហើយ​ការ​ឈឺ​ចាប់​បែប​នេះ​ អាច​ច្រឡំ​នឹង​ការ​ចុក​បែប​គាំង​បេះដូង​។ ក្នុង​ករណី​ស្រាល​ អាច​ធ្វើ​ការ​ជួស​ជល់​វិញ​ដោយ​មិន​បាច់​ប្រើ​ថ្នាំ​ តែ​បើ​ធ្ងន់ធ្ងរ​ ​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ដោយ​ថ្នាំ​ចំ​នឹង​មូលហេតុ​របស់​វា។

– ជំងឺ​ស្លន់៖ ភាព​ស្លន់ ​​កើត​ឡើង​ភ្លាម​ៗ​ និង​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ ១០​នាទី​ ដោយសារ​តែ​ការ​ចុក​ទ្រូង ​និង​មូលហេតុ​ផ្សេង​ៗ​ នៅ​ពេល​មាន​ភាព​ស្លន់​ម្ដង​ៗ​ ​បង្ក​ឲ្យ​មាន​ការ​គាំង​បេះដូង​។ បើ​គិត​ថា​ខ្លួន​យើង ​កំពុង​មាន​បញ្ហា​នេះ​ ​សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។ រោគ​សញ្ញា​ផ្សេង​ទៀត​ ដូចជា​ ជំងឺ​បេះ​ដូង ​និង​វិបត្តិ​ក្រពេញ​ទីរ៉ូអ៊ីត​ អាច​បង្ក​ជា​សញ្ញា​ស្រដៀង​គ្នា​ ដូច​នេះ​ត្រូវ​កំណត់​រោគ​វិនិច្ឆ័យ​ឲ្យ​ច្បាស់។ ជំងឺ​ស្លន់ ជា​ជំងឺ​ផ្លូវ​ចិត្ត​​អាច​ព្យាបាល​បាន​ គ្រូពេទ្យ​អាច​ណែនាំ​ការ​ព្យាបាល​ដោយ​ចិត្ត​សាស្ត្រ​ ប៉ុន្តែ​បើ​មាន​​បញ្ហា​​កើត​ឡើង​យូរ​ហើយ​នោះ ​ត្រូវ​ការ​ព្យាបាល​ថ្នាំ​ដើម្បី​គ្រប់​គ្រង​ជំងឺ​នេះ​។

– ក្រហាយ​ចុង​ដង្ហើម​ ឬ​ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ​៖ ក្រហាយ​ចុង​ដង្ហើម ​កើត​ឡើង​ពេល​អាស៊ី​ដ​ក្រពះ​ច្រាល​មក​លើ​ តាម​បំពង់​អាហារ​ ហើយ​ភាគ​ច្រើន រោគ​​សញ្ញា​កើត​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​ញ៉ាំ​អាហារ​ ឬ​ពេល​យើង​គេង ​​និង​អាច​ធ្វើ​ឲ្យ​យើង​​ភ្ញាក់​ឡើង​កណ្ដាល​យប់​ ដោយសារ​វា​ទៀត​ផង។ អាស៊ីដ​ក្រពះ ​ពេល​ខ្លះ​អាច​បង្ក​ទៅ​ជា​ធ្ងន់ធ្ងរ​ ដែល​ហៅ​ថា​ ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ​ ដោយ​រោគ​សញ្ញា​​ជួប​ញឹក​ញាប់​ជាង​គេ ​គឺ​ក្រហាយ​ចុង​ដង្ហើម​ បូក​រួម​ទាំង​ការ​ចុក​ទ្រូង​ ​ជំងឺ​នេះ​អាច​ឲ្យ​ក្អក​កណ្ដាស់​ និង​ពិបាក​លេប​អាហារ​ទៀត​ផង។

– ជំងឺ​ក្លន​៖ ជំងឺ​ក្លន ​កើត​ឡើង​ពេល​ផ្នែក​មួយ​​ក្រពះខាងលើ ​លូន​ចូល​ក្នុង​ប្រអប់​ទ្រូង​តាម​សាច់​ដុំ​សន្ទះ​ទ្រូង​។ យើង​អាច​មិន​ត្រូវ​ការ​ព្យាបាល​ណាមួយនោះ​ទេ ​ដូច​នេះ​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

– បញ្ហា​បំពង់​អាហារ៖ ជាប់គាំង​សាច់​ដុំ​បំពង់​អាហារ​ អាច​ស្រដៀង​នឹង​ការ​ចុក​ចាប់​ដូច​គាំង​បេះដូង​។ ស្រទាប់​ភ្នាស អាច​មាន​ការ​រលាក ​(បំពង់អាហារ) ​បង្ក​ឲ្យ​មាន​អាការៈ​ក្រហាយ ​និង​ឈឺ​ទ្រូង​។ រលាក​បំពង់​អាហារ​ បង្ក​ជា​ការ​ឈឺចាប់​ក្រោយ​ពេល​បាយ​​ ធ្វើ​ឲ្យ​ពិបាក​លេប​អាហារ ​ក្អួត​ឈាម​ និង​លាមក​លាយ​ឈាម​។ ពេល​មាន​ការ​ដាច់​រហែក ​ឬ​ធ្លាយ​បំពង់​អាហារ​ វា​បង្ក​ឲ្យ​មាន​ចំណី​អាហារ​ធ្លាយ​ចូល​ទៅ​ក្នុង​ប្រអប់​ទ្រូង​ បង្ក​ឲ្យ​ការ​ឈឺ​ចាប់​កាន់​តែ​ធ្ងន់ធ្ងរ​ អាច​បង្ក​ជា​ចង្អោរ ក្អួត​ និង​ដង្ហើម​ញាប់។

– សាច់​ដុំ​ប្រទាញ​គ្នា ​និង​របួស​លើ​សន្ទះ​ទ្រូង៖ នៅ​ពេល​សាច់ដុំ​ប្រទាញ​គ្នា​ខ្លាំង​ ថ្លោះ​សាច់ដុំ​នៅ​លើ​ទ្រូង​ និង​ចន្លោះ​ឆ្អឹង​ជំនីរ​ ក៏​អាច​បង្ក​មាន​ការ​ចុក​ទ្រូង​ដូច​គ្នា។ ​គ្រប់​របួស​លើ​ទ្រូង​ គឺ​បង្ក​ឲ្យ​មាន​ការ​ចុកចាប់​ទ្រូង ហើយ​ក្នុង​ករណី​យើង​​សង្ស័យ​ថា ​មាន​ការ​បាក់​ឆ្អឹង ​ត្រូវ​ជួប​ពេទ្យ​ជា​បន្ទាន់​ ព្រោះ​ថា​វា​ត្រូវ​ការ​រយៈពេល​យូរ​ ដើម្បី​ប្រសើរ​ឡើង​វិញ​។ ក្នុង​ពេល​នេះ​ យើង​​មិន​ត្រូវ​ធ្វើ​ការ​ធ្ងន់​ហួស​កម្លាំង​នោះ​ទេ។

– ស្រុត​សួត៖ ឈឺ​ចាប់​ភ្លាម​នៅ​ខាង​ណា​នៃ​ទ្រូង​ក៏​ដោយ​ អាច​ជា​សញ្ញាជំងឺ​ស្រុត​សួត ​ដែល​បង្ក​មក​ពី​ជំងឺ​ ឬ​របួស​លើ​ទ្រូង។

– រលាក​សួត៖ ឈឺ​ដូច​គេ​ចាក់​​កាន់​តែ​ធ្ងន់ធ្ងរ​ នៅ​ពេល​ដក​ដង្ហើម​ចូល ​និង​ក្អក​ អាច​ជា​សញ្ញា​ជំងឺ​រលាក​សួត​។ វា​កើត​ឡើង បន្ទាប់​ពីយើង​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ និង​រលាក​ទង​សួត​ ឬ​ផ្ដាសាយ​ធំ។

មហារីក​សួត ឈឺ​ទ្រូង​​ អាច​បណ្ដាល​មក​ពី​មហារីក​សួត​។ រោគសញ្ញា ​អាច​មិន​មាន​នៅ​ក្នុង​ដំណាក់​កាល​ដំបូង ​តែ​ជា​ទូទៅ​ បើយើង​កំណត់​រោគ​វិនិច្ឆ័យ​បាន​ទាន់​ពេល​វេលា ​ឱកាស​ជាសះ​ស្បើយ​ក៏​ខ្ពស់​ដែរ។

– ឡើង​សម្ពាធ​ក្នុង​សួត៖ ជា​ការ​ឡើងសម្ពាធ​ឈាម​ក្នុង​សួត​ នៅ​ពេល​ជំងឺ​វិវត្ត​ទៅ​មុខ ​វា​នឹង​បង្ក​ឲ្យ​មាន​ចង្វាក់​បេះដូង​មិន​ប្រក្រតី​ និង​ជីពចរ​ដើរ​លឿន​ ហើយ​បើ​មិន​ព្រម​ព្យាបាល​​ នឹងបង្ក​ជា​ជំងឺ​ខ្សោយ​បេះ​ដូង​

– កំណក​ឈាម​ស្ទះ​ក្នុង​សួត៖ ឈឺ​ភ្លាម​ៗ ​ឈឺ​មុត​ ​ជា​សញ្ញា​​ជំងឺ​នេះ​ វា​បង្ក​ឲ្យ​មាន​​កំណក​ឈាម​ស្ទះ​ក្នុង​សួត ដោយ​ករណី​នេះ គឺ​ទាម​ទារ​ការ​សង្គ្រោះ​បន្ទាន់។

មូលហេតុ​ទាំង​អស់​ខាង​លើ​ គឺ​ឧស្សាហ៍​ជួប​ប្រទះ​ បើ​មាន​ចម្ងល់​ណា​មួយ សូម​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​ច្បាស់។

កត្តាប្រឈម

៥- កត្តា​ប្រឈម​ឈឺ​ទ្រូង​ផ្នែក​ខាង​ឆ្វេង​មាន​អ្វី​ខ្លះ?

មាន​កត្តា​ហានិភ័យ​មួ​យ ​ឬ​ច្រើន​ គឺ​​បាន​រៀបរាប់​ខាង​លើ​ សុទ្ធ​តែអាច​បង្ក​ឲ្យ​មា​ន​ការ​ឈឺចុក​ចាប់​ទ្រូង។

អត្ថបទ​ពាក់​ព័ន្ធ៖

ពេលត្រូវ​ទៅ​ជួប​គ្រូពេទ្យ

៦- ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

​គួរ​ទៅ​ជួប​គ្រូពេទ្យ​ ពេល​មាន​សញ្ញា​ខាង​ក្រោម​៖

– ឈឺ​ទ្រូង​ភ្លាម​ៗ
– ពិបាក​ដក​ដង្ហើម
– ណែន​ទ្រូង
– វិល​មុខ

នៅ​ពេលទ្រូង​ខាង​ឆ្វេង​ មាន​ការ​ឈឺ​ចាប់ ​អាច​បណ្ដាល​មក​ពី​បញ្ហា​ផ្សេង​។ យើង​​ត្រូវ​សួរ​ខ្លួន​ឯង​ថា ​វា​អាច​ជា​រោគសញ្ញា​​គាំង​បេះ​ដូង ​ឬ​​អត់​? ហើយ​​ត្រូវ​ដឹង​ថា ​ចំពោះស្រីៗ ​សញ្ញា​ជំងឺ​បេះ​ដូង ​អាច​ខុស​គ្នា​ពី​ប្រុសៗ។ អាការៈឈឺ​ចាប់​ អាច​ស្រាល​ដូច​ក្រហាយ​ទ្រូង​ ឬ​ឈឺ​សុដន់​ប៉ុណ្ណោះ​។ ដោយសារ​តែ​បែប​នេះ​ ស្រី​ច្រើន​តែ​មើល​រំលង​រោគសញ្ញា ​ជា​ហេតុ​បណ្ដាល​ឲ្យស្រីៗ​​ភាគ​ច្រើន​ស្លាប់​ ដោយ​សារ​ការ​គាំង​បេះដូង។

រាងកាយ​របស់​មនុស្ស​ម្នាក់​ៗ​ អាច​នឹង​ឆ្លើយ​តប​ជាមួយ​ជំងឺខុស​ៗ​គ្នា ​ដូច​នេះ​ បើ​មានចម្ងល់ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

ផ្លាស់​ប្តូរទម្លាប់រស់នៅ

៧- ទម្លាប់​រស់​នៅ

ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅមួយ​ចំនួនដូច​ខាង​ក្រោម អាច​បង្ការ និង​គ្រប់​គ្រង​ស្ថានភាព​ឈឺ​ចាប់​បាន​ ដូចជា៖

– រក្សា​ទម្ងន់
– អាហារមានតុល្យភាព
– ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន
– ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ ដើម្បី​ឲ្យ​រាង​កាយ​មាន​ភាព​រឹង​មាំ។

សំខាន់​បំផុត យើ​ង​ត្រូវកំណត់កត្តា​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ និង​វិបត្តិ​ផ្សេង​ៗ​កើត​មាន​ដោយ​សារបេះដូង។ បន្ថយ​ស្ត្រេស ​និង​គោរពតាម​វេជ្ជបញ្ជា​គ្រូពេទ្យ​ សម្រាប់​គ្នា​យើងលើស​ឈាម​ លើស​ជាតិ​ខ្លាញ់ ទឹក​នោម​ផ្អែម​ និង​ជំងឺ​ធាត់។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 3, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 10, 2019

អ្នកអាចចូលចិត្ត