Lung Cancer (មហារីកសួត)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​ទៅ​ជា​ជំងឺមហារីក​សួត?

ពេល​កោសិកា​សាច់​សួត​កើន​លើស​ប្រក្រតី មិន​អាច​គ្រប់​គ្រង​បាន ​បង្កើតទៅ​ជា​ដុំសាច់​នៅ​ក្នុង​សួត​ នេះ​ហៅ​ថា​មហារីក​សួត។ មហារីកសួត មាន​ច្រើន​ប្រភេទ ​ប៉ុន្តែ​អត្ថបទ​នេះ​លើក​យកតែ ២ ​ប្រភេទ​សំខាន់ៗ​ឧស្សាហ៍​ជួប​ប្រទះ​ មក​បក​ស្រាយ​មាន៖

– មហារីក​សួត​កោសិកា​ទំហំ​តូច៖ មាន​ន័យ​ថា រូបរាង​នៃ​ដុំ​មហារីក​នៅ​មាន​សភាព​តូច ក្រោម​មីក្រូទស្សន៍។ ទោះ​ជា​មហារីក​សួត​ប្រភេទ​នេះ​កម្រ​ជួប​ប្រទះ ប៉ុន្តែ​ពិត​ជា​គ្រោះ​ថ្នាក់​ខ្លាំង អាច​រាលដាល​លឿន​ខ្លាំង​ជាង​មហារីកសួត​ដទៃ​ទៀត។

– មហារីក​សួត​កោសិកា​ទំហំ​ធំ៖ គឺផ្អែក​លើ​ទំហំ​ដុំសាច់​ធំ​នៅ​ក្រោម​មីក្រូទស្សន៍ ខណៈ​អត្រា​កើត​មហារីក​ប្រភេទ​នេះ មាន​ច្រើន​ជាង​គេ ​ប៉ុន្តែ​ល្បឿន​រីក​រាល​ដាល បែរ​ជា​យឺត​ជាង​មហារីក​ដទៃ។

យ៉ាងណា​នៅ​មាន​ប្រភេទ​មហារីក​សួត​កោសិកា​ទំហំ​តូច​ដទៃ​ទៀត អាច​កើត​មាន ​ដូចជា ​មហារីក​សួត​កោសិកា​រូបរាង​ចម្លែក ដុំ​មហារីក​ជាលិកា​ក្រពេញ​​ មហារីក​ជាលិកា​ក្រពេញ​ទឹក​មាត់ និង​មហារីក​ជាលិកា​ក្រពេញ​ផ្សេង​ទៀត។

២- កើត​ឡើង​ញឹកញាប់​ប៉ុណ្ណា?

យោង​តាម​អង្គ​ការ​សុខភាព​ពិភព​លោក​ មហារីក​សួត ស្ថិត​ក្នុង​ចំណោម​ប្រភេទ​ជំងឺ​សម្លាប់​មនុស្ស​​ច្រើន​ជាង​គេ​កាល​ពី​ឆ្នាំ ២០១២ ដោយ​ឆក​យក់​ជីវិត​មនុស្ស​ដល់​ទៅ​ជាង ១,៥៩​ លាន​នាក់ ហើយ​តួលេខ​នេះ​រំពឹង​អាច​កើន​ឡើង​ជា​បន្ត​បន្ទាប់ ​និង​ប៉ះពាល់​​លើ​គ្រប់​វ័យ​តែ​ម្ដង។​ លើស​ពី​នេះ ពិការភាព​ដោយ​សារ​មហារីក​សួត​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​សម្រាប់​អ្នក​ជំងឺ​ទៀត​ផង។ យ៉ាង​ណា យើង​អាច​គ្រប់​គ្រង​ស្ថាន​ភាពជំងឺ​បាន​ប្រសិន​បើ​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ព្យាបាល​ទាន់​ពេល​វេលា។

រោគសញ្ញា

៣- រោគសញ្ញាមានអ្វីខ្លះ?

ទោះ​មហារីក​សួត​ក៏​ពិត​មែន ​ប៉ុន្តែ​រោគ​សញ្ញា​មិន​មែន​បង្ក​ការ​ឈឺចាប់​លើ​សួត​មួយ​មុខ​ទេ ​អាច​មាន​លើ​រាងកាយ​ច្រើន​កន្លែង ​ព្រោះ​កោសិកា​មហារីក​អាច​រាល​ដាល​ទៅ​កន្លែង​ផ្សេង។ ម្យ៉ាង​ទៀត ​រោគសញ្ញា​លេចចេញ គឺ​ទៅ​តាម​ស្ថាន​ភាព​​ជំងឺ ខ្លះ​គ្រាន់​តែ​អស់​កម្លាំង ​តែ​អ្នក​ខ្លះ​វិញ​អាច​មាន​សញ្ញា​ដូចជា៖

– ឈឺ​ចាប់​ក្នុង​ប្រអប់​ទ្រូង
– ក្អក​រ៉ាំរ៉ៃ​លេប​ថ្នាំ​អី​ក៏​មិន​បាត់
– ពិបាក​ដក​ដង្ហើម
– ក្អក​ធ្លាក់​ឈាម
– អត់​ឃ្លាន​ចំណី
– ស្រក​ទម្ងន់​គ្មាន​មូលហេតុ
– ល្ហិត​ល្ហៃ
– រលាក ឬ​តឹង​ណែន​ទ្រូង
– ហើម​កូន​កណ្ដុរ​ក្នុង​សួត។

បើទុក​យូរ​មិន​ព្យាបាល​ អាចបង្ក​ជា​ទឹក​ដក់​ក្នុង​ស្រោម​សួត ​និង​មហារីក​រាល​ដាល​ទៅ​កន្លែង​ផ្សេង​ទៀត។

៤- ពេល​ណា​គួរ​ជួប​​ពេទ្យ?

បើ​សិន​ប្រទះ​ឃើញ​រោគសញ្ញា​មួយ​ចំនួន​ដូច​រៀប​រាប់​ខាង​លើ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

មូលហេតុបង្ក

៥- មូលហេតុបង្កមានអ្វីខ្លះ?

មហារីក​សួត ​កើត​ឡើង​ដោយសារ​ជាតិ​ពុល​គីមី​ចូល​ទៅ​ក្នុង​សួត ​ដូចជា ​ ​ជក់​បារី​​ ឬ​ជក់​ថ្នាំ ស្រូប​ធូលី​ផ្សេងៗ ដូច​ជា ស៊ីម៉ង់ត៍ កំបោរ ឈើ ផ្សែង​ពុល​ចេញ​ពី​រថយន្ត​ជាដើម។ ដូចនេះ​ដើម្បី​បន្ថយ​ហានិភ័យ​គួរ​បញ្ឈប់​ការ​ជក់​សារធាតុ​ទាំង​នេះ។

កត្តាប្រឈម

៦- កត្តា​ប្រឈមមាន​អ្វី​ខ្លះ?

– ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​
– រស់​នៅ​ជាមួយ​អ្នក​ជក់​បារី
– ធ្លាប់​ជក់​ ឬ​កំពុង​ជក់​បារី​ជា​ប្រចាំ
– រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​សម្បូរ​ផ្សែង​ពុល
– ធ្លាប់​ព្យាបាល​ដោយ​គីមី​ ហើយ​ប៉ះពាល់​សួត
– ប្រើប្រាស់​សារ​ជាតិ​គីមី Beta Carotene និង​កំពុង​តែ​ជក់​បារី
– ធ្លាប់​ប្រឈម​ជាតិ​ពុល​ផ្សេងៗ ​ដូចជា​ ជាតិ​សំណ ម្នាង​សិលា​ ពិតាន ជាតិ​នីកែល និង​ជាតិពុល​គីមី​ផ្សេង​ទៀតមាននៅ​កន្លែង​ធ្វើការ។

រោគវិនិច្ឆ័យ និង​ការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ជា​ទូទៅ​គ្រូពេទ្យ​ត្រូវការ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ដូច​ជា ​ប្រវត្តិ​ជំងឺ​ ​មជ្ឈដ្ឋាន​រស់​នៅ​ មាន​ជក់​បារី ​ឬអត់?​ បន្ទាប់​មក​ ពេទ្យ​នឹង​ធ្វើ​ការ​ពិនិត្យ​រាងកាយ​ ពិសេស​ស្ដាប់​សំឡេង​សួត ​ក្រែង​មាន​សញ្ញា​បង្ហាញ​ថា​មាន​ដុំ​ជាលិកាម​ហារីក។​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​កាន់​តែ​ច្បាស់​ ត្រូវ​ធ្វើ​ការ​ថត​រូបភាព​វេជ្ជសាស្ត្រ​ (CT scan, PET scan) និង​យក​កំហាក​ទៅ​ពិនិត្យ​រក​មើល​កោសិកា​មហារីក​ ​ទើបដឹង​ច្បាស់។

​កាន់​តែ​ច្បាស់​ជាង​នេះ គ្រូពេទ្យ​នឹង​ស្នើ​ធ្វើ​ការ​ច្រឹប​សាច់​សួត​ទៅ​ពិនិត្យ ដើម្បី​ឲ្យ​អស់​ចិត្ត​ អនុវត្ត​តាម​វិធីធ្វើតេស្ត​ដូច​ជា៖

– តេស្ត ប្រុងកូស្កូប (bronchoscopy)៖​ ការ​ដាក់​បំពង់​ចូល​តាម​មាត់ ​ឬ​ច្រមុះ​ដើម្បី​យក​វត្ថុ​វិភាគ។

– បឺត​ដោយ​ម្ជុល​វេជ្ជសាស្ត្រ (Needle Aspiration)៖​ ចាក់​ម្ជុល​ចូល​តាម​ស្បែក​ប្រអប់​ទ្រូង ​ទៅ​ដល់​សាច់​ដែល​សង្ស័យ​ រួច​ច្រឹប​សាច់នោះ​។​ វិធីនេះ​មាន​ការ​ឈឺ​ចាប់ ​អញ្ចឹង​ហើយអាចនឹង​ប្រើ​ថ្នាំ​ស្ពឹក។

– ចោះ​បូម​ទឹក​ក្នុង​ប្រអប់​ទ្រូង (Thoracentesis)​៖​ ដោយ​ប្រើ​ម្ជុល​វេជ្ជសាស្ត្រ​ ​ប៉ុន្តែ​​មិន​យក​សាច់​មក​វិភាគ​ទេ​ គឺ​​បូម​យក​តែ​ទឹក​ស្រោប​សួត​យក​មក​ពិនិត្យ​ប៉ុណ្ណោះ។

– ចោះ​ទ្រូង ​(Thoracotomy)៖​ តេស្តប្រភេទនេះ ធ្វើឡើងពេលណាតេស្តរៀបរាប់​ខាង​លើ​មិន​មាន​ប្រសិទ្ធភាព។

៨- ព្យាបាល​ដោយ​វិធី​ណា?

ការ​ព្យាបាល គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​មហារីក ​និង​ការ​រីក​រាលដាល​របស់​ជាលិកា។​ ចំពោះ​មហារីក​សួត​កោសិកា​ទំហំ​ធំ​គេ​ព្យាបាល​ដោយ​៖

– ករណី​ព្យាបាល​បន្ទាប់​បន្សំ​ដទៃ​ទៀត
– ការ​វះ​កាត់ យក​ដុំ​មហារីក​ចេញ​តែ​ម្ដង
– ថ្នាំ​គីមី​ពិសេស​ ធ្វើ​ឲ្យហារីក​មិន​អាច​លូតលាស់​ទៀត ​
– ព្យាបាល​ដោយ​ថ្នាំ​សម្លាប់​កោសិកា​មហារីក (Targeted Therapy)
– វិទ្យុសកម្ម (Radiation Therapy) ​ប្រើ​កាំរស្មី​ដើម្បី​សម្លាប់​កោសិកា​មហារីក។

ចំណែក​ការ​ព្យាបាល​មហារីក​កោសិកា​ទំហំ​តូច ភាគ​ច្រើន​ដោយ​គីមី​ និង​វិទ្យុសកម្ម។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ឈប់​ជក់​បារី​ជា​បន្ទាន់​ និងប្រាប់​​សមាជិក​គ្រួសារ​ឲ្យ​ឈប់​ជក់​បារី​ ដើម្បី​សុខភាព​ទាំងអស់​គ្នា។
– ប្រាប់​មេ ​ឬ​អ្នក​គ្រប់​គ្រង​នៅ​កន្លែង​ធ្វើ​ការ​ ​ពី​ស្ថានភាពជំងឺ​យើង ​និង​ស្វែងរក​វិធី​ដោះស្រាយ​សម​ស្រប​មួយ។

បំបាត់​ការ​ឈឺ​ចាប់

ការ​បន្ថយ​ការ​ឈឺ​ចាប់ ​ជា​ចំណុច​សំខាន់​ក្នុង​ការ​រស់​នៅ​ជាមួយ​មហារីក​សួត​។​ គ្រូពេទ្យ​អាច​ឲ្យ​ ​ថ្នាំ​បន្ថយ​ការ​ឈឺ​ចាប់​ខ្លះ​ៗ​ តែយើងអាច​ប្រើ​វិធី​ងាយៗ​មួយ​ចំនួន ​ដើម្បី​សម្រួល​​ការ​ឈឺចាប់បាន​ ដូចជា​៖

– វិធាន​សម្រួល​ដង្ហើម
– ព្យាបាល​ដោយ​ចលនា
– ស្អំ​ទឹក​ក្ដៅ​ ឬ​ទឹក​ត្រជាក់
– ហាត់​ប្រាណ​ ឬ​ធ្វើ​សរសៃ​
– ប្រើ​ឧបករណ៍​ស្ទង់​មុខ​ងារ​រាង​កាយ​ (biofeedback)

ការ​សម្រួល​ដំណក​ដង្ហើម

– ការ​សម្រួល​ចង្វាក់​ដង្ហើម៖​ ធ្វើ​ឡើង​ដើម្បី​​ដក​ដង្ហើម​បាន​ធូរ​ជាង​មុន​ និង​ចៀសវាង​ករណី​ថប់​ដង្ហើម។​

– ស្រូប​អុកស៊ីហ្សែន (Oxygen therapy)៖​ ​ស្រូប​យក​អុកស៊ីហ្សែន​បរិសុទ្ធ ​អាចបំពេញ​តម្រូវ​ការ​អុកស៊ីហ្សែន​ ទៅ​ក្នុង​សរសៃឈាម​គ្រប់គ្រាន់។

– គ្រប់គ្រង​ជាតិ​ទឹក​ជុំវិញ​សួត៖ ​ប្រសិន​បើ​មាន​ទឹក​ជុំវិញ​សួត​ច្រើន​ពេក ​ត្រូវ​បូម​ចេញ​ដើម្បី​សម្រួល​​ការ​ដក​ដង្ហើម។

ចំណុច​បន្ថែម

ទោះ​ជា​យើង​កំពុង​មាន​មហារីក​ក្ដី ​ពុំ​គួរ​យក​លេសមិន​ព្រម​ហាត់​កីឡា​នោះដែរ​ ត្រូវធ្វើ​យ៉ាង​ណា​រក្សា​តុល្យភាព​​របប​អាហារ​ ​មាន​សារជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់ ​និង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ តាម​តែ​រាងកាយ​អាច​ទ្រាំ​ទ្រ​បាន ​ទើប​អាច​ចៀសវាង​ពី​ផលវិបាក​នៃ​មហារីក។

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។​ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 1, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019

អ្នកអាចចូលចិត្ត