Male Hypogonadism (ជំងឺខ្សោយអ័រម៉ូនភេទបុរស)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១‑ អ្វីទៅជាជំងឺខ្សោយអ័រម៉ូនភេទបុរស?

ជំងឺ​ខ្សោយ​អ័រម៉ូនភេទ​ប្រុស ​កើត​ឡើង​នៅ​ពេល​​ខ្លួន​ប្រាណ​យើង​បញ្ចេញ​អ័រ​ម៉ូន​តេស្តូស្តេរ៉ូន​មិន​គ្រប់​គ្រាន់ ឬ​មិន​អាច​ផលិត​មេ​ជីវិត​ឈ្មោល​បាន​គ្រប់​គ្រាន់ ឬ​មាន​បញ្ហា​ទាំង​ ២ តែ​ម្តង។ អ័រម៉ូន​នេះ​ មាន​តួ​នាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​លូត​លាស់​ និង​ការ​វិវត្ត​ផ្លូវ​ភេទបុរស។

ជំងឺនេះ​អាច​មាន​តាំង​ពី​កំណើត ឬ​ពេល​ណា​មួយ​ជីវិត តែ​ច្រើនកើត​ដោយ​សារ​ការ​រង​របួស​ ឬ​ការ​បង្ក​រោគ​ណា​មួយ។ ផល​វិបាករបស់​ជំងឺ​ខ្សោយ​អ័រម៉ូន​ភេទ​បុរស ​អាស្រ័យ​លើ​មូល​ហេតុ​ និង​ពេល​វេលា​ជំងឺ។ ប្រភេទ​ខ្លះ​ អាច​ព្យាបាល​ដោយ​ការ​ប្រើ​អ័រម៉ូន​តេស្តូស្តេរ៉ូន​បាន។

២‑ ជំងឺខ្សោយ​អ័រម៉ូនភេទ​បុរស​កើតញឹកញាប់ដែរទេ?

ជំងឺខ្សោយ​អ័រម៉ូនភេទ​បុរស​ ​អាច​កើត​មាន​លើ​បុរស​គ្រប់​វ័យ តែ​​ញឹក​ញាប់ជាងគេ ចំពោះមនុស្ស​ចាស់។បុរស​ច្រើន​ជាង ៦០% ​មាន​អាយុ​លើស​ពី ៦៥​ឆ្នាំ មាន​កម្រិតអ័រម៉ូន​តេស្តូស្តេរ៉ូន​ទាប​ជាង​កម្រិត​ធម្មតា​ អំឡុង​​វ័យ​ចន្លោះ ៣០-៣៥​ ឆ្នាំ។

រោគសញ្ញា

៣‑ រោគសញ្ញាជំងឺ​ខ្សោយ​អ័រម៉ូន​ភេទ​បុរស​មាន​អ្វី​ខ្លះ?

កង្វះ​អ័រម៉ូន​តេស្តូស្តេរ៉ូន​ អាច​បណ្តាល​ឲ្យ​មាន​រោគ​សញ្ញា​ជា​ច្រើន អាស្រ័យ​លើកត្តា​មួយ​ចំនួន​ដូច​ជា៖

– វ័យ​ពេល​កើតជំងឺ
– កម្រិត​​កង្វះ​អ័រម៉ូនតេស្តូស្តេរ៉ូន
– រយៈ​ពេលកើតជំងឺ
– ក្មេង​ជំទង់ៗ​ និងក្មេង​ៗ​ ដែល​មិន​ទាន់​វិវត្ត​លក្ខណៈ​ភេទ​ពេញ​លេញ នឹង​មើល​ទៅ​ក្មេង​ជាង​អាយុ​ពិត។

ក្នុងករណីនេះ អ្នក​ជំងឺ​​អាច​នឹង​មាន​ប្រដាប់​ភេទ​តូច មាន​រោម​លើ​មុខ​តិច​តួច សម្លេង​មិន​សូវ​ធំ និង​មិន​ងាយ​ឡើង​សាច់​ដុំ​ ទោះ​បី​ខំ​ហាត់​ប្រាណ​ក៏​ដោយ។

រោគ​សញ្ញា​ខ្សោយ​អ័រម៉ូនភេទ​ពេល​ចាប់​ផ្តើម​ពេញ​វ័យ៖

– មិន​មាន​ការ​វិវត្តន៍​លក្ខណៈ​ភេទ​ទី​ពីរ
– ពង​ស្វាស​តូច
– ដោះ​ឡើង​ធំ

រោគ​សញ្ញា​ខ្សោយអ័រម៉ូន​ភេទលើ​មនុស្ស​ពេញ​វ័យ​ហើយ៖

– អសមត្ថភាព​ផ្លូវ​ភេទ (លិង្គ​មិន​ឡើង​រឹង)
– មេ​ជីវិត​ឈ្មោលតិច
– បាក់​ទឹក​ចិត្ត
– ថយ​ចំណង់​ផ្លូវ​ភេទ
– អស់​កម្លាំង
– គេង​មិន​លក់​ស្រួល
– សាច់​ដុំ​ និង​កម្លាំង​កាយ​ថយ​ចុះ
– ជ្រុះ​សក់ ​និង​រោម (រោម​ប្រដាប់​ភេទ រោម​ក្លៀក រោម​មុខ)
– ពុក​ឆ្អឹង ​និង​កំហាប់​ឆ្អឹង​ថយ​ចុះ
– កើន​ឡើង​ខ្លាញ់​ក្នុង​ខ្លួន
– ដោះ​ឡើង​ធំ
– ក្តៅ​មុខ ក្តៅមាត់
– បែក​ញើស​ច្រើន
– អារម្មណ៍​មិន​មូល​ និង​ឆាប់​អស់​កម្លាំង។

បញ្ហានេះ​អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​​មាន​ការ​បារម្ភ​ពី​រោគសញ្ញា​ណា​មួយ​នោះ ​សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។

៤‑ ពេលណាត្រូវទៅជួបពេទ្យ?

បើ​សិន​ជា​អ្នក​មាន​រោគ​សញ្ញាណាមួយ​ដូច​បាន​រៀប​រាប់​ខាង​លើ​ ឬ​មាន​សំណួរ​ពាក់​ព័ន្ធ​រោគសញ្ញា សូម​ទៅ​ពិគ្រោះ​​ជាមួយ​គ្រូពេទ្យ​។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

មូល​ហេតុបង្ក

៥‑ មូលហេតុបង្ក​ឲ្យ​មាន​ជំងឺខ្សោយ​អ័រម៉ូន​ភេទ​បុរស

ខ្សោយអ័រម៉ូន​ភេទ​បុរស ​សំដៅ​លើ​ការ​ខ្សោយ​មុខ​ងារ​ណាមួយ​ ឬ​ទាំង​ពីរ មាន​​ផលិត​មេ​ជីវិត​ឈ្មោល និង​​ផលិត​អ័រម៉ូន​តេស្តូស្តេរ៉ូន។ មូលហេតុ​បង្ក​ជំងឺ​នេះមាន​ជា​ច្រើន​ដូច​ជា៖

– ខ្សោយ​អ័រម៉ូន​ភេទ​ដោយ​សារ​ក្រពេញ​ខ្លួន​ឯង ពង​ស្វាស​មិន​ឆ្លើយ​តប​នឹង​ការ​ភ្ញោច​របស់​អ័រម៉ូន។ នេះ​អាច​មក​ពីជំងឺ​ពី​កំណើត​មួយ​ចំនួន ​ដូច​ជាបណ្តុំ​រោគ​សញ្ញា Klinefelter ឬ​ដោយសារ​​ព្យាបាល​ដោយ​កាំរស្មី សារធាតុគីមី ជំងឺស្រឡទែន ដុំ​សាច់ ឬ​ការ​ប៉ះ​ទង្គិច​លើ​ពង​ស្វាស។

– ឯ​ខ្សោយ​ក្រពេញ​ភេទ​ទី​ពីរ​វិញ គឺ​មក​ពីបញ្ហា​នៅ​ត្រង់​​ក្រពេញ​អ៊ីប៉ូតាឡាមុស ឬ​ក្រពេញ​អ៊ីប៉ូភីស​ ដែល​ជា​ក្រពេញចម្បង បញ្ចេញ​អ័រម៉ូន​ទៅ​ភ្ញោច​ពង​ស្វាស​ឲ្យ​​បញ្ចេញអ័រម៉ូន​តេស្តូស្តេរ៉ូន។

មូល​ហេតុខ្សោយ​ក្រពេញ​ភេទ​ទី​ពីរ ​រួម​មាន៖

– កង្វះ​សារធាតុ​ចិញ្ចឹម
– ជំងឺឆ្លងតាម​ប្រព័ន្ធ​ឈាមមួយ​ចំនួន
– ស្រ្តេស
– ផល​រំខាន​នៃ​ថ្នាំ
– ក្រិន​ថ្លើម
– សារធាតុ​ពុលផ្សេងៗ (ស្រា​និង​លោហធាតុ)
– ធាត់​ខ្លាំង​ពេក

Andropause គឺ​ជា​ពាក្យ​សម្រាប់​ពណ៌នា​ ករណី​​ថយ​ចុះ​អ័រម៉ូន​តេស្តូស្តេរ៉ូន​ទៅ​តាម​អាយុ​។ កម្រិត​អ័រម៉ូន​នេះ​ កើន​ឡើង​ខ្លាំង​រហូត​ដល់​អាយុ ១៧​ឆ្នាំ ហើយ​នឹង​ចាប់​ផ្តើម​ថយ​ចុះ​ប្រមាណ ១,២-២% ជា​រៀង​រាល់​ឆ្នាំ​ចាប់​ពី​អាយុ ៤០​ឆ្នាំ​ឡើង​ទៅ។

កត្តាប្រឈម

៦‑ កត្តាប្រឈម​ជំងឺ​ខ្សោយ​អ័រម៉ូរភេទ​បុរស

យើង​អាច​ប្រឈម​កើត​ជំងឺ​នេះ​ បើ​សិន​ជាស្ថិត​នៅ​ក្នុង​​ស្ថាន​ភាពសុខភាព​ណាមួយ​ដូច​ខាង​ក្រោយ៖

– បណ្តុំរោគ​សញ្ញា Kallmann syndrome
– ពង​ស្វាស​មិន​ចុះ​ក្រោម​ពេល​នៅ​ក្មេង
– ជំងឺ​ស្រឡទែន ​ប៉ះ​ពាល់​ដល់​ពង​ស្វាស
– ប៉ះ​ទង្គិច​លើ​ពង​ស្វាស
– ដុំ​សាច់​នៅ​នឹង​ពង​ស្វាស ​ឬ​ក្រពេញ​អ៊ីប៉ូភីស
ជំងឺ HIV/AIDS
– បណ្តុំរោគសញ្ញា​ Klinefelter syndrome
– ជាតិ​ដែក​ក្នុង​ខ្លួន​ច្រើន​ពេក
– ធ្លាប់​ធ្វើ​ការ​ព្យាបាល​ដោយ​គីមី ឬ​សារធាតុ​វិទ្យុ​សកម្ម
– ស្ទះ​ដង្ហើម​ពេល​គេង​មិនបាន​ព្យាបាល

ជំងឺខ្សោយអ័រម៉ូនភេទ​បុរស អាច​ជា​ជំងឺតំណ​ពូជ។ បើ​សិន​ជា​ក្នុង​ប្រវត្តិ​គ្រួសារមាន​កត្តា​ប្រឈម​ណាមួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អ្នក។

អត្ថបទ​ពាក់ព័ន្ធ៖

រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល

ព័ត៌មាន​នេះ​មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ជំងឺ​នោះ​ទេ​។ ​គួរ​តែ​ពិ​ភាក្សា ជាមួយ​គ្រូ​ពេទ្យ​សម្រាប់​ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើរោគវិនិច្ឆ័យដោយ​វិធី​ណា?

គ្រូពេទ្យ​នឹង​ពិនិត្យ​មើល​ការ​វិវត្តលក្ខណៈ​ភេទ​របស់​អ្នក ដូច​ជា រោម​លើ​ប្រដាប់​ភេទ សាច់​ដុំ ​និង​ទំហំ​ពង​ស្វាស មើល​ថា​សម​នឹង​អាយុ​ពិត​ ឬយ៉ាង​ណា។ គ្រូពេទ្យ​នឹង​សុំ​ពិនិត្យ​មើល​កម្រិត​អ័រម៉ូន​តេស្តេស្តូរ៉ូន​ក្នុង​ឈាម ​បើ​ឃើញ​ថា​មាន​អាការៈ ​ឬ​សញ្ញា​ណាមួយ​នៃជំងឺ​ខ្សោយ​អ័រម៉ូន​ភេទ​បុរស។

​រក​ឃើញ​បាន​ទាន់​ពេល​ចំពោះ​ក្មេង​ប្រុស ​អាច​ចៀស​វាង​បញ្ហា​ពេញ​វ័យ​យឺត​ពេល​បាន។ ហើយ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ទាន់​ពេល ​ចំពោះ​បុរសពេញ​វ័យ ​អាច​ការពារ​ជំងឺ​ពុក​ឆ្អឹង​ និង​ជំងឺ​មួយ​ចំនួន​ធំ​ទៀត​បាន។

ការ​ធ្វើ​រោគ​វិនិច្ឆ័យជំងឺ​ខ្សោយ​អ័រម៉ូនភេទ​បុរស អាស្រ័យ​លើ​រោគ​សញ្ញា ​និង​លទ្ធផល​ពិនិត្យ​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ក្នុង​ឈាម។ ដោយ​សារ​កម្រិត​អ័រម៉ូន​នេះ​ប្រែ​ប្រួល​ ហើយ​ឡើង​ខ្ពស់​ក្នុង​ពេល​ព្រឹក ដូច​នេះ​ការ​និត្យ​ឈាម​ ច្រើន​ធ្វើ​មុន​ម៉ោង ១០ ​ព្រឹក។

បើ​សិន​ជា​ការ​ពិនិត្យ​ខាង​លើ​បញ្ជាក់​ថា​ កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ចុះ​ទាប គ្រូពេទ្យ​អាច​នឹង​សុំ​ធ្វើ​តេស្ត​បន្ថែម​ទៀត​ ដើម្បី​រក​មូល​ហេតុ​​កាន់​តែ​ច្បាស់​ថា​មក​ពី ពង​ស្វាស ឬ​ក្រពេញ​អ៊ីប៉ូភីស ដោយ​តេស្ត​ទាំង​នោះ​មាន​ដូច​ជា៖

– ពិនិត្យ​កម្រិត​អ័រម៉ូន
– ពិនិត្យ​ទឹកកាម
– ថត​ក្រពេញ​អ៊ីប៉ូភីស
– ពិនិត្យ​សេនេទិក
– ច្រឹប​សាច់​ក្រពេញ​ពង​ស្វាស

ការ​ពិនិត្យ​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ មាន​សារៈសំខាន់​ណាស់ ដើម្បីតាម​ដាន​ការ​ព្យាបាល​​ខ្សោយអ័រម៉ូន​ភេទ​នេះ។ វា​អាច​ជួយ​គ្រូពេទ្យ​ប្រើ​ប្រាស់​កម្រិត​ថ្នាំ ទាំង​ពេល​ចាប់​ផ្តើម​ និង​ក្រោយ​មក​ទៀត​បាន​យ៉ាង​ត្រឹម​ត្រូវ។

៨- ព្យាបាលដោយវិធីណា?

Testosterone replacement therapy (TRT) ជា​ការ​ព្យាបាល​ដោយ​អ័រម៉ូន​តេស្តេស្តូរ៉ូន​ជំនួយ​ពី​ខាង​ក្រៅ ​តាមរយៈ​វិធីសាស្ត្រ​ផ្សេងៗ ​ដែល​ជា​ការ​វិធី​ព្យាបាល​សម្រាប់​ប្រុសៗ​មាន​ជំងឺ​ខ្សោយអ័រម៉ូន​​ភេទ។

ជា​ធម្មតា​គេឲ្យ​​ប្រើ​វា​ក្នុង​ទម្រង់​ជា ជែល​លាប បន្ទះ​បិត​ស្បែក ឬ​ការ​ចាក់។ ទម្រង់​ជា​ថ្នាំ​គ្រាប់​ គេ​មិន​ប្រើ​នោះ​ទេ​ ដោយ​សារ​ប្រឈម​ខ្ពស់​ជាមួយ​​ផល​រំខាន​ ដូច​ជា ឈឺ​ចុក​ច្អល់​ពោះ​ ជា​ដើម។

វិធី​ព្យាបាល TRT អាច​បំបាត់​រោគ​សញ្ញា​ជំងឺ​នេះ​បាន​យ៉ាង​ច្រើន ហើយ​ផ្តល់​ល្អ​មក​វិញ​ដូច​ជា៖

– បង្កើន​ចំណង់​ផ្លូវ​ភេទ
– បង្កើន​សុខភាព​ផ្លូវ​ចិត្ត
– បង្កើន​កំហាប់​ឆ្អឹង
– ជារួម​គឺ​បង្កើន​គុណភាព​ជីវិត​តែ​ម្តង

យ៉ាង​ណា​វិញ វា​ក៏​មាន​គុណ​វិបត្តិ​ខ្លះ​ដែរ ​អាច​ធ្វើឲ្យ​​​ជំងឺក្រពេញ​ប្រ៉ូស្តាត​រីក​ធំ (BPH) កាន់​តែ​ធ្ងន់​ធ្ងរ ពន្លឿន​ការវិវត្ត​​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ និង​ធ្វើ​ឲ្យ​​កាន់​តែ​ធ្ងន់ចំពោះ​ជំងឺស្ទះ​ដង្ហើម​ពេល​គេង​ និង​​ ជំងឺ​ខ្សោយ​បេះដូង។ ដូច​នេះ​មិន​គួរ​ទទួល​យក​ការ​ព្យាបាល​នេះ​ដោយ​មិន​បាន​ពិនិត្យ​មើល​​ជំងឺផ្សេងៗ​ជាមុន​ឡើយ។

សម្រាប់ប្រុសៗ​​ធ្វើ​ការ​ព្យាបាល​ដោយវិធី TRT ត្រូវ​ទៅ​តាម​ដាន​ជា​ប្រចាំ ​ដើម្បី​ដឹង​ពី​លទ្ធផល​​ព្យាបាល ​រួម​មាន​ការ​ពិនិត្យ​ឈាម​ និង​ការ​លូក​ស្ទាប​តាម​គូទផង​ដែរ។

វិធី​ព្យាបាល TRT ហាម​ប្រើ​ដាច់​ខាត​លើ​បុរស​មាន​បញ្ហា​ចំនួន​គ្រាប់​ឈាម​ក្រហម​ច្រើន​ជាង​ធម្មតា។

លទ្ធផល​​ព្យាបាល TRT ​គឺ​អាស្រ័យ​លើ​បុគ្គល​នីមួយៗ ហើយ​ការ​ព្យាបាល​នេះ​ មិន​មែន​កំណត់​ដោយ​សារ​កម្រិត​អ័រម៉ូន​តេស្តេស្តូរ៉ូន​ឡើយ។ ការ​ព្យាបាល​ដោយ TRT ​នឹង​ត្រូវ​ចាត់​ទុក​ថា​គ្មាន​ប្រយោជនៗ​ បើ​សិន​ជា​មិន​អាច​ជួយ​ប្រុសៗ​​អាច​បន្តពូជ​បាន​វិញ បើ​ទោះ​ជាវា​ជួយ​បន្ធូរ​ ឬ​បំបាត់​រោគ​សញ្ញា​នានា​អស់​ក៏​ដោយ។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– សម្រក​ទម្ងន់
– ហាត់​ប្រាណ
– កាត់​បន្ថយ​ស្រ្តេស
– គេង​ឲ្យបាន​គ្រប់​គ្រាន់
– ចៀស​វាង​ការ​ញ៉ាំ​ស្រា
– ផ្តាច់​បារី

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 17, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 16, 2019

អ្នកអាចចូលចិត្ត