backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Mastodynia (បញ្ហាឈឺ​សុដន់)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 12, 2021

Mastodynia (បញ្ហាឈឺ​សុដន់)

និយមន័យ

១- អ្វី​ជា​បញ្ហា​​ឈឺ​សុដន់?

ឈឺសុដន់ មក​ពី​ពាក្យ​បច្ចេកទេសភាសា​ក្រិក Mastodynia ជា​អាការៈ​ឈឺ​ចុក​ចាប់​ត្រង់​សុដន់ ដោយ​សារ​ការ​ឡើង​តឹង ​ឬ​បណ្ដាល​ពី​បញ្ហា​ណាមួយ​ ធ្វើ​ឲ្យ​មានការ​​ឈឺ​ចាប់​ ​ពី​កម្រិត​មធ្យម​ទៅ​ធ្ងន់ធ្ងរ ​ទៅ​តាម​មូលហេតុ​​​ជំងឺ​ ​ហើយ​ការ​ឈឺ​ចាប់​ នឹង​វិវត្ត​កាន់​តែ​ខ្លាំង ​​បើ​មិន​ព្យាបាល​។

២- ឈឺសុដន់កើតឡើង​ញឹក​ញាប់​ដែរ​ទេ?

បញ្ហា​​ឈឺសុដន់ ឧស្សាហ៍​កើត​មាន​បំផុតលើ​មនុស្សស្រី ប៉ុន្តែក្នុង​ករណី​កម្រ បញ្ហា​ឈឺ​សុដន់ ក៏​អាច​កើត​មាន​លើ​មនុស្ស​ប្រុស​ដូច​គ្នា​។ បើ​មាន​ចម្ងល់ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- រោគសញ្ញា​បញ្ហា​ឈឺ​សុដន់​មាន​អ្វី​ខ្លះ? 

រោគ​សញ្ញា​បញ្ហា​ឈឺ​សុដន់ ​គឺ​បែង​ចែក​ជា​ ២​ប្រភេទ គឺ​ការ​ឈឺ​ចាប់​រយៈពេល​វែង (Cyclical) ​និង​ឈឺ​ចាប់​រយៈ​ពេល​ខ្លី (Non-Cyclical)។

ករណី​​ឈឺ​ចាប់​រយៈ​ពេល​វែង​ ​អាច​មានរោគ​​សញ្ញា​ដូច​ជា​៖

– ឈឺ​បាត់​ៗ​ ដូច​មក​រដូវ​

– ដោះ​ឡើង​តឹង ឬរឹង

– ស្រីៗ​ខ្លះ​​ឈឺ​ស្ទំៗ​ ​ខ្លះ​ឈឺ​ដូច​មាន​រលាក​ ហើយ​ធ្ងន់សុដន់​មួយ​ចំហៀង​​ ខណៈ​​ខ្លះ​ទៀត ​ឈឺ​ដូច​គេ​ចាក់​នឹង​កាំបិត​ ​ក៏​មាន​

– ហើម​សាច់​សុដន់

– អាច​ប៉ះ​ពាល់​លើ​សុដន់​ទាំង​សង​ខាង

– អាការៈ​ឈឺ​ចាប់​ នឹង​ចាប់​ផ្ដើម​ឡើង​បន្តិច​ម្ដងៗ ​ហើយ​ក្នុង​ករណី​ខ្លះ ​អាច​ចុកចាប់​ប៉ុន្មាន​អាទិត្យ ​មុន​ពេល​​ថ្ងៃ​រដូវ​មកដល់

– ភាគ​ច្រើន ​គឺ​កើត​លើ​ស្រីៗ​​មាន​វ័យ​ក្មេង ប៉ុន្តែ​ស្រីៗ​ចំណាស់​ ក៏​អាច​ជួប​ប្រទះ​ដូច​គ្នា ​បើ​មាន​ប្រើថ្នាំ​អ័រម៉ូន​ពន្យារ​ពេល​អស់​រដូវ។

ករណី​ឈឺ​ចាប់រយៈ​ពេល​ខ្លី​​ មាន​សញ្ញា​ដូចជា៖

– ប៉ះ​លើ​សុដន់​តែ​ម្ខាង​ តែ​អាច​រាល​ដាល​ពេញ​ទ្រូង

– ភាគ​ច្រើន​លើ​ស្រីៗអស់​រដូវ

– ការ​ឈឺ​ចាប់​មិន​បាត់​ទៅ​វិញ​ទេ​បន្ទាប់​ពី​ផុត​ថ្ងៃ​មក​រដូវ​ក៏​ដោយ

– បើ​ឈាន​ដល់​រលាក​សុដន់​វិញ មាន​ន័យ​ថា​ មាន​ការ​កកើតរោគ​មិន​ខាន។ ស្រីៗ​មាន​​ជំងឺ ​អាច​មាន​ឡើង​កម្ដៅ ​គ្រុន ​សុដន់​ឡើង​ក្ដៅ​ ក្រហម​ និង​តឹង ​ហើយប៉ះទៅ​​ឈឺ​។​ ក្នុងការបំបៅ​ដោះ​កូន​វិញ​ នឹង​​ឈឺ​កាន់​តែ​ខ្លាំង​។

– មាន​​រាល​ដាល​ការ​ឈឺ​ចាប់ទៅ​កន្លែង​ផ្សេង ​ក្រៅ​ពី​តំបន់​សុដន់ ដែល​​អាចជា​សញ្ញា​ជំងឺ​​រលាក​ឆ្អឹង​ជំនីរ​ (Costochondritis)។

អាច​មាន​​រោគសញ្ញា​ខ្លះ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​សិន​ជា​មាន​បញ្ហា ឬមន្ទិល​សង្ស័យ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ពត៌​មាន​បន្ថែម។

៤- ពេលណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ?

បើ​មាន​រោគ​សញ្ញា​ណា​មួយ​ដូច​បាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់ សូម​ពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត។ ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

មហារីកសុដន់

មូលហេតុបង្ក

៥- មូលហេតុបង្ក​ឲ្យ​ឈឺ​សុដន់​មាន​អ្វី​ខ្លះ?

មាន​មូលហេតុ​ជា​ច្រើន អាច​ឲ្យ​ស្រីៗ​ឈឺ​ចាប់​សុដន់​ ពិសេស​នៅ​ពេល​មក​រដូវ​តែ​ម្ដង។ សម្រាប់​ស្រីៗ​វ័យ​ក្មេង​ៗ​ ​ឆាប់​យក​កូន នឹងឧស្សាហ៍​ជួប​ប្រទះ​បញ្ហា​​នេះ​ជាង​គេ​ ហើយ​ការ​បំបៅ​ ក៏​ដូច​គ្នា​។ ស្រីៗ​​ខ្លះ​អាច​មាន​អារម្មណ៍​ថា ​សុដន់​ឡើង​តឹង និង​មានអា​ការៈ​ឈឺ​ចាប់​ ខណៈ​ករណី​នេះ ​ភាគ​ច្រើនស្ថិត​​ក្នុង​បណ្ដុំ​រោគសញ្ញា​មុន​ពេល​មក​រដូវ (Premenstrual syndrome)។ យ៉ាង​ណា ផឹក​ស្រា​ច្រើន​ ក៏​អាចធ្វើ​​ឲ្យ​ឈឺ​សុដន់​ដូច​គ្នា។

អត្ថបទ​ពាក់​ព័ន្ធ៖

កត្តា​ប្រឈម

៦- កត្តា​ប្រឈម​នាំ​ឲ្យ​ឈឺ​សុដន់​មាន​អ្វី​ខ្លះ?

មាន​កត្តា​ប្រឈម​ជាច្រើន​ នាំ​ឲ្យ​ស្រីៗ​មាន​បញ្ហា​ឈឺចាប់​សុដន់។ យ៉ាងណា បើ​មាន​មន្ទិល​សង្ស័យ គប្បី​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ជំនាញ សម្រាប់​ព័ត៌មាន​បន្ថែម។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​ជំងឺ​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យជំ​នាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

៧- រោគវិនិច្ឆ័យបញ្ហា​ឈឺសុដន់

គ្រូពេទ្យ​អាច​សុំ​ស្ដាប់​បេះដូង​ និង​សួត ​ដើម្បី​ញែក​ចេញ​ជំងឺ​ដទៃ​ទៀតអាច​កើត​មាន​។ ​បើ​ពេល​ពិនិត្យ​សុដន់​ ឃើញ​មាន​ការ​ឡើង​រឹង​ ស្បែក​ប្រែ​ប្រួល​ ហើយ​មាន​ការ​ហូរ​ទឹក​ចេញ​ពី​ចុង​សុដន់​ ឬ​ឡើង​កូន​កណ្ដុរ​នៅ ​ក ​និង​ក្លៀក ​ជា​ដើមនោះ ​គ្រូពេទ្យ​នឹងធ្វើ​ការ​វិភាគ​យ៉ាង​ម៉ត់​ចត់​ មុន​នឹង​កំណត់​រោគវិនិច្ឆ័យជាក់​លាក់​។ ​ករណីស្រីៗ​មាន​បញ្ហា​​ជិត​ដល់​អាយុ​អស់​រដូវ​ ការ​ឈឺ​ចាប់​ប្រហែល​ជា​ប្រភេទការ​ឈឺ​ចាប់​ទៀង​ទាត់ ​ខណៈ​ពេទ្យ​ក៏​នឹង​សួរ​សំណួរ​មួយ​ចំនួនដូច​ខាង​ក្រោយ​ ដើម្បី​កំណត់​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ជាក់​លាក់៖

– ចូល​ចិត្ត​ផឹក​កាហ្វេ​អត់?

– កន្លែង​ណា​ឈឺ​ចាប់​ជាង​គេ?

– ប៉ះពាល់​លើ​សុដន់​ទាំង​ពីរ ឬ​តែ​ម្ខាង?

– ជក់​បារី​អត់?

– កំពុង​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​អត់?

– កំពុង​មាន​ផ្ទៃ​ពោះ ​ឬ​ទេ?

– មាន​សញ្ញា​ផ្សេង​ទៀត​ដូច​ជា​សុដន់​ចេញ​ទឹក​រងៃ ​ឬ​ឡើង​រឹង​ចម្លែក​ដែរអត់?

ក្នុង​ករណី​ស្រីៗ​មាន​សញ្ញា​គួរ​ឲ្យ​សង្ស័យ​ចម្លែក​ ឬ​ឈឺ​ចាប់​ខ្លាំង​តាម​តំបន់​ជាក់​លាក់ណាមួយ​​​ ពេទ្យ​អាច​ស្នើ​ឲ្យ​ធ្វើតេស្ត​មួយ​ចំនួន​ដូច​ជា​៖

– ​ថត​សុដន់​ដោយ​កាំរស្មី​អ៊ិច

– ឆ្លុះអេកូ​លើ​សុដន់​

– ច្រឹប​សាច់​សុដន់​ទៅ​ពិនិត្យ

– ស្រីៗមាន​បញ្ហា​ ​នឹង​ត្រូវ​ឆ្លើយ​សំណួរ​តាម​តារាង​ជាក់​លាក់ពេទ្យផ្ដល់​ឲ្យ ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ និង​ជ្រើសយក​​ការ​ព្យាបាល​​សមស្រប។

៨- វិធី​​ព្យាបាលបញ្ហា​ឈឺ​សុដន់

ដោយសារ​តែ​មូលហេតុ​ភាគ​ច្រើន ​មក​ពី​ការ​ឈឺ​ចាប់រយៈ​ពេល​វែង ដូចនេះ​ហើយ​ការ​ព្យាបាល​ គឺ​ត្រូវ​ការ​តែ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ និង​ការ​ជ្រើស​រើស​អាវ​ក្នុង​សមរម្យ​ ត្រូវ​នឹង​ទំហំ​ដោះ​ប៉ុណ្ណោះ ​ដើម្បី​ជួយ​ឲ្យ​អាការៈ​ឈឺ​ចាប់​បាត់​ទៅ​វិញ​។

ចំណែក​ការ​ឈឺ​ចាប់បែប​រយៈ​ពេល​ខ្លី ​មូលហេតុ​អាច​​មាន​ច្រើន​ ដូចនេះ​ គឺ​ត្រូវ​ដោះ​ស្រាយ​មូលហេតុ​ឲ្យ​បាន​ ទើប​អាការៈ​​ឈឺ​ចាប់​​បាត់​ទៅ​ដោយ​ឯកឯង។

ស្រីៗ​មាន​បញ្ហា​ឈឺ​សុដន់ អាច​លេប​ថ្នាំ​ ឬ​លាប​ជែល​បំបាត់​ការ​ឈឺចាប់​ពពួក NSAIDS នៅ​លើ​ផ្ទៃ​ស្បែក​សុដន់​បាន ​តែ​មិន​ត្រូវ​លាប​លើ​ស្នាម​​ដាច់​រហែក​​នោះ​ទេ​។

ការ​សិក្សា​នៃ​ស្ថាប័ន​គិលានុបដ្ឋាយិកា​ The Nurse Practitioner បាន​បង្ហាញ​ថា​ ជាតិ​កាហ្វេ​អ៊ីន មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​ឈឺចាប់​សុដន់​ ហើយ​ការ​ជក់​បារី​ក៏​ដូច​គ្នា​ ដោយសារ​តែ​ជាតិ​នីកូទីន​ក្នុង​បារី ​ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​តូច​ និង​ទំនោរ​ឲ្យ​មាន​ការ​រលាក​។ ទោះ​ជា​យ៉ាង​នេះ​ ក៏​មាន​ការ​សិក្សា​របស់ Climateric ​បាន​ប្រឆាំង​ ដោយ​លើក​ឡើង​ថា​ ការ​ជក់​បារី ​អាច​បន្ថយ​អត្រាឡើង​តឹងសុដន់​​បាន​ ចំពោះ​អ្នក​ជំងឺ​ដែល​ប្រើ​ថ្នាំ​អ័រម៉ូន។

ក្នុង​ករណី​ព្យាបាល​ខាង​លើ​មិន​មាន​ប្រសិទ្ធភាព​ ​គ្រូពេទ្យ​អាច​ណែនាំ​ថ្នាំ​មួយ​ចំនួន​ដូចជា៖

– Danazol៖ សម្រាប់​ព្យាបាល​ជំងឺដុំ​សាច់​ក្នុង​សុដន់ (Fibrocystic breast disease) តែមិន​មែន​ជា​ដុំ​មហារីក។

– Bromocriptine៖ ថ្នាំ​សម្រាប់​ព្យាបាល​បញ្ហា​សុដន់​មួយ​ចំនួន។

– Tamoxifen៖ ថ្នាំ​ព្យាបាល​ជំងឺ​មហារីក​សុដន់។

– Goserelin៖ ថ្នាំព្យាបាល​ជំងឺមហារីកសុដន់ ប៉ុន្តែក៏អាច​ប្រើ​ព្យាបាល​បញ្ហា​ឈឺ​សុដន់បាន។

– Toremifene៖ ថ្នាំ​ព្យាបាល​ជំងឺ​មហារីក និង​ដើម្បី​បំបាត់ការ​ឈឺ​ចាប់​នៅ​សុដន់។

ផ្លាស់​ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់​នៅ

ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ និង​វិធី​ព្យាបាល​នៅ​ផ្ទះ អាចបង្ការ និង​គ្រប់​គ្រងបញ្ហា​ឈឺ​សុដន់​បាន​ដូចជា៖

– ពាក់​អាវ​ក្នុង​ត្រូវ​នឹង​ទំហំ​សុដន់​

– អាច​ប្រើ​ប្រេង​ផ្កា​កុលាប​ម្យ៉ាង​ ប្រភេទ Primrose ​នៅ​ពេល​យប់ ​ប៉ុន្តែ​ការ​សិក្សា​ខ្លះ​បង្ហាញ​ថា​ មិន​មាន​ប្រយោជន៍​​បន្ថយ​ការ​ឈឺ​ចាប់​ទេ ​ថែម​ទាំង​ហាម​ប្រើ​ចំពោះស្រីៗ​មាន​ជំងឺប្រកាច់​ និង​មាន​ផែន​ការ​យក​កូន។

– ប្រើ​ថ្នាំ​បា៉រ៉ា​ និង​អ៊ីប៊ុយប្រូហ្វែន ​បាន​ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់​

– នៅ​ពេល​យប់​គួរ​ពាក់អាវ​ទន់​ៗ​

– អាច​ជ្រើស​រើស​ប្រភេទ​អាវ​ក្នុង​បែប​កីឡា ​បើ​ឧស្សាហ៍​ហាត់ប្រាណ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 12, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម