Meningioma (ដុះដុំសាច់លើស្រោមខួរ)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​​ជា​ជំងឺ​ដុះដុំ​សាច់​លើ​ស្រោម​ខួរ?

ជំងឺ​ដុះ​ដុំសាច់​លើ​​ស្រោម​ខួរ សំដៅ​លើ​ដុំ​សាច់​លេច​ចេញ​ឡើង​ពី​ស្រោមខួរ ដែល​ជា​ស្រទាប់​គ្រប​ខួរ​ក្បាល និង​ខួរ​ឆ្អឹង​ខ្នង។ ភាគ​ច្រើន​ដុំសាច់​នេះ ​កម្រ​វិវត្តទៅ​ជា​ដុំ​មហារីកណាស់។ ស្ថានភាព​ជំងឺ​នេះ ត្រូវ​កំណត់​ផ្អែក​លើ​ការប្រែប្រួល និង​ប្រភេទ​ដុំសាច់ជា​ដុំ​ស្លូត ឬ​ដុំកាច។

ដុះ​សាច់​លើ​ស្រោមខួរ ​ភាគ​ច្រើន​កើត​លើ​ស្រ្តី​វ័យ​ចំណាស់ ប៉ុន្តែ​ក៏​អាច​កើត​លើ​ប្រុសៗ​គ្រប់​វ័យ រួម​នឹង​ក្មេងៗ​ផងដែរ។

ជា​ទូទៅ​មិន​ត្រូវ​ការ​​ព្យាបាល​ភ្លាមៗ​ទេ នៅ​ពេល​ដុំ​សាច់​មិនទាន់​មាន​សញ្ញា ឬ​រោគ​សញ្ញា​អ្វី​​​ពិសេស​នោះ គ្រាប់​តែ​ត្រូវ​តាម​ដាន​រៀង​រាល់​ពេល​ប៉ុណ្ណោះ។

២-​កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

អាច​កើត​លើ​មនុស្ស​គ្រប់​អាយុ ​តែនៅ​អាច​កាត់​បន្ថយ​ហានិភ័យ។ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត។

រោគសញ្ញា

៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ?

រោគ​សញ្ញា​កើតមាន​ជាញឹក​ញាប់​ដូច​ជា៖

– ប៉ះ​​ពាល់​ទៅលើ​គំហើញ (ខ្សោយ​ភ្នែក) មើល​មិន​សូវច្បាស់​ ​ឃើញ​រូបភាព​ជាន់គ្នា
– ឈឺ​ក្បាល
– ស្ដាប់​មិន​សូវ​ឮ
– បាត់​ការ​ចងចាំ​
– មិន​សូវ​ដឹង​ក្លិន
– ប្រកាច់
– ខ្សោយ​ដៃ​ជើង

រោគ​សញ្ញា​ដុំសាច់លើ​ស្រោមខួរ​ជាធម្មតា​វា​ចាប់ផ្ដើម​វិវត្តបណ្ដើរៗ ​និង​អាច​ប្រែប្រួល​នៅ​ពេល​ដំបូង អាស្រ័យ​លើ​កន្លែង​ដែល​កើត​ពិសេស​ខួរក្បាល ហើយ​កម្រ​កើត​នៅលើ​ខួរ​ឆ្អឹង​ខ្នង​ណាស់។
តែ​អាច​នៅ​មាន​រោគ​សញ្ញា​ខ្លះ មិន​បាន​រៀប​រាប់​ខាង​លើ ដូច្នេះ​បើមាន​ចម្ងល់​ ត្រូវទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា?

បើមាន​រោគ​សញ្ញា​ដូច​ខាង​លើ ឬ​មាន​ចម្ងល់ សូម​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​ល្អបំផុតត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

ស្វែងរក​កន្លែង​សង្គ្រោះ​បន្ទាន់​ក្នុង​ករណី៖

– ប្រកាច់​ភ្លាមៗ
– ការ​ចងចាំ និង​គំហើញ​ចាប់​ផ្តើម​ប្រែ​ប្រួល

ណាត់ជួប​គ្រូពេទ្យ​ បើមាន​រោគសញ្ញា​ប៉ះពាល់​ ដូចជា​កាន់តែ​ឈឺ​ក្បាល​ឡើងៗ។

មូលហេតុបង្ក

៥- មូលហេតុ​បង្ក​មានអ្វីខ្លះ?

មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​គ្រូពេទ្យ​គ្រាន់ដឹងថា ជំងឺនេះបង្កឡើង​ ក្រោយ​កោសិកា​ខ្លះ​ក្នុង​ស្រោមខួរ​មាន​ការ​ប្រែប្រួល ធ្វើ​ឲ្យ​ភ្នាស​ការពារ​ជុំវិញ​ខួរក្បាល​ និង​ខួរឆ្អឹង​ខ្នង​មិនអាច​បញ្ជាបាន​ ជាហេតុធ្វើ​ឲ្យ​ដុះ​ដុំសាច់​។ ប៉ុន្តែ​​ក៏អាច​កើត​ឡើង​ដោយសារកត្តា​ហ្សែន មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន អ័រម៉ូន និង​កត្តា​មួយ​ចំនួន​ទៀត។

កត្តា​ប្រឈម

៦- កត្តា​​ប្រឈមមានអ្វីខ្លះ?

មាន​កត្តា​ប្រឈម​មានច្រើន​ដូចជា៖

– ការព្យាបាល​ដោយ​វិទ្យុ​សកម្ម នាំឲ្យជ្រាប​ចូល​ក្នុង​ក្បាល​ មាន​ហានិភ័យ​ខ្ពស់​កើត​ជំងឺនេះ។
– ព្រោះ​ភាគ​ច្រើន​កើត​លើ​មនុស្ស​ស្រី​ ​នាំឲ្យ​គ្រូពេទ្យ​ជឿថា​ បង្កដោយ​សារ​អ័រម៉ូន​ភេទ​មនុស្ស​ស្រី​តែម្តង។
– ប្រពន្ធ័​ប្រសាទ​ពី​កំណើត ជំងឺ​កម្រ ដូច​ដុះ​ដុំ​សាច់​មិន​ប្រក្រតី ប្រភេទ​ទី ២ (Neurofibromatosis) នាំ​ឲ្យ​កើន​ឡើង​នូវ​ហានិភ័យ​ដុះ​ដុំ​សាច់​លើ​ស្រោម​ខួរ ​និង​ដុំសាច់​ក្នុង​ខួរ​ក្បាល​ផ្សេង​ទៀត។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

អាចធ្វើរោគ​វិនិវច្ឆ័យ​តាម​រយៈតេស្ត​​រូបភាព​វេជ្ជសាស្ត្រដូចជា៖

– ស្កេន ​CT ថត​ដោយកាំ​រស្មី​អ៊ិ​ច ដើម្បីបង្កើតរូបភាព​តូចៗរបស់ខួរ​ក្បាល​។ រូបភាព​ទាំង​នេះ​រួមបញ្ចូល​គ្នា​ដោយ​កុំព្យូទ័រ​ បង្កើតចេញ​ជា​រូបភាព​ពេញ​របស់​ខូរក្បាល ហើយ​ពេល​ខ្លះ​​សារធាតុ​ពណ៌អ៊ីយ៉ូត ​ប្រើ​ដើម្បី​បង្កើន​គុណភាព​រូបផង​ដែរ។

– ថត អឹមរ៉ាយ (MRI) ដើម្បីទ​ទួល​បាន​រូបភាព​កាន់​តែ​ច្បាស់ និង​គ្រប់​ជ្រុង​ជ្រោយរ​បស់​ខូរក្បាល។

៨- ​ព្យាបាល​ដោយ​វិធី​ណា?

ការ​ព្យាបាល​អាស្រ័យ​លើ​កត្តា​ជាច្រើន ​​រួមមាន ​ទំហំ​នៃ​ដុំសាច់​ ទីតាំង​ និងស្ថានភាព​ធ្ងន់ធ្ងរកម្រិត​ណា។ គ្រូពេទ្យ​នឹង​ពិចារណា​វិធី​ព្យាបាល ផ្អែក​លើ​សុខភាព​របស់​យើង​ផ្ទាល់។

ករណីខ្លះ ​មិន​ត្រូវការ​​ព្យាបាលទេ គ្រាន់តែ​តាម​ដាន​ប៉ុណ្ណោះ បើ​ដុំសាច់​មាន​ទំហំ​តូច ឬ​ដុំ​មិន​លូតលាស់ និង​មិន​បង្ក​រោគសញ្ញា​អ្វីនោះ។ ប៉ុន្តែ​ករណី បើ​ទោះ​ជា​គ្មាន​ផែនការ​ព្យាបាល​ យើង​ចាំ​បាច់ត្រូវ​ស្កេន ​ដើម្បី​វាយ​តម្លៃ​ដុំ​សាច់​នោះ​ ​រកមើល​សញ្ញា​លូតលាស់ ហើយ​បើ​គ្រូពេទ្យ​ឃើញ​ថា​ដុំ​សាច់​កំពុង​វិវត្ត ​ការ​ព្យាបាល​មួយ​ចំនួន​នឹង​ត្រូវ​ធ្វើ​ឡើង​ដូច​ជា៖

– ការ​វះកាត់៖ គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ទទួល​ការ​វះកាត់ បើ​មាន​សញ្ញា​ដុំ​សាច់​កំពុង​វិវត្ត ដើម្បី​យក​ដុំ​នោះ​ចេញ​ទាំង​ស្រុង ប៉ុន្តែ​ករណី​ខ្លះ ដុំ​សាច់​អាច​កើតឡើង​នៅ​កន្លែង​ពិបាក​យក ដូចជា​ ក្នុង​ខួរក្បាល​ ឬ​ខួរ​ឆ្អឹង​ខ្នង គ្រូពេទ្យ​នឹង​ព្យាយាម​យក​វា​ចេញ​តាម​តែអាច​ធ្វើ​ទៅ​បាន។

ក្រោយ​វះ​កាត់​យើង​ត្រូវ​បន្ត​ព្យាបាល ​អាស្រ័យ​ទៅ​លើ​កត្តា​មួយ​ចំនួន​ដូចជា៖

– បើ​គ្មាន​ដុំសាច់​នៅ​សល់​ទេ ក៏​គ្មាន​ការ​ព្យាបាល​បន្ថែម​ដែរ គ្រាន់​តែត្រូវ​ស្កេន​តាម​ដាន​ប៉ុណ្ណោះ។

– បើ​ដុំនោះ​ស្លូត និង​នៅ​សល់​តិចតួច ​គ្រូពេទ្យ​គ្រាន់​តែ​ស្កែន​តាម​ដាន តែ​ករណី​ខ្លះ ដុំ​នៅ​សល់​អាច​ព្យាបាល​ដោយ​ប្រើ​កាំរស្មី​វិទ្យុសកម្ម ហៅ​ថា Stereotactic Radiosurgery។

– បើជា​ដុំ​កាច ចាំ​បាច់​ត្រូវ​ព្យាបាល​ដោយ​ប្រើ​វិទ្យុ​សកម្ម។

វះកាត់​អាច​ប្រឈម​​ឆ្លង​មេរោគ ​និង​ហូរឈាម។ កត្តា​ប្រឈម​ទាំងនោះ​អាស្រ័យ​លើ​ទីតាំ​ងដុំ​​សាច់ ពិសេស​បើ​វះកាត់​នៅ​ជុំវិញ​សរសៃ​វិញ្ញាណ​ភ្នែក ​អាច​នាំ​ឲ្យ​មើលលែង​ឃើញ​ក៏​មាន។

សាក​សួរ និង​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​ដឹង​ច្បាស់​ពី​​ហានិភ័យ​ប្រឈម​ដោយ​វះកាត់។

– ព្យាបាល​ដោយ​វិទ្យុសកម្ម៖ បើ​ដុំសាច់​​មិនអាច​យក​ចេញ​បាន​ទាំង​ស្រុង គ្រូពេទ្យ​នឹង​ណែនាំ​វិធី​នេះ​ក្រោយ​វះកាត់។ គោលដៅ​ដើម្បី​កម្ចាត់​ដុំនៅ​សល់ និង​​​កាត់បន្ថយ​អត្រាអាច​ឲ្យ​ដុំនេះ​កើត​ឡើង​វិញ​ម្តង​ទៀត ដោយ​ប្រើ​ម៉ាស៊ីន​ធំ​បញ្ចេញ​ថាមពល​ខ្លាំង​ទៅ​លើ​កោសិកា​ដុំសាច់។

វិធី​បាញ់​សារធាតុ​វិទ្យុសកម្ម​កាន់តែ​ទំនើប​អាចបង្កើន​ធាតុ​វិទ្យុ​សកម្ម​ជ្រាប​ចូល​ដុំសាច់ ហើយ​ការ​ព្យាបាល​ទាំង​នេះ​រួមមាន Stereotactic Radiotherapy (SRT) និង Intensity-Modulated Radiation therapy (IMRT)។

– វះកាត់​ដោយ​វិទ្យុសកម្ម៖ ជា​ប្រភេទ​រ​ព្យាបាល​ដោយ​វិទ្យុសកម្ម​ ​សំដៅ​ទៅលើ​កាំ​រស្មី​វិទ្យុសកម្ម​ជាច្រើន​នៅ​ចំនុចមួយ​ជាក់លាក់ ហើយ​វិធី​ព្យាបាល​បែបនេះ មិន​បង្កឲ្យ​មាន​ស្លាក​ស្នាម​ដូច​ការ​វះកាត់​ធម្មតា​ទេ។ ជា​ទូទៅ​ការ​ព្យាបាល​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ចន្លោះពី ២-៣ ម៉ោង។ អាច​ជា​ជម្រើស​មួយ​សម្រាប់​ស្ថាន​ភាព​ជំងឺ​មិន​អាច​យក​ដុំ​សាច់​ចេញ​តាម​ការ​វះកាត់​ធម្មតា ឬ​ព្យាបាល​ក្នុង​ករណី​​ដុះ​ដុំ​សាច់​ឡើង​វិញ។

– ព្យាបាល​ដោយ​វិទ្យុសកម្ម Fractionated Radiation៖ វិធី​នេះ​ប្រើ​សម្រាប់​ដុំសាច់​ធំខ្លាំង ឬ​នៅ​កន្លែងមិនអាច​ប្រើ​អាំងតង់ស៊ីតេ​ខ្ពស់ ​ដូចជា ​នៅ​ជិត​សរសៃ​ប្រសាទ​ភ្នែក។ វិធី​នេះ​ត្រូវ​បញ្ជូន​សារធាតុ​វិទ្យុ​សកម្ម​រយៈពេល​យូរ ជា​ធម្មតា​ព្យាបាល​មួយ​ខែ​ម្តង។

– ប្រើ​ថ្នាំ​៖ អាច​ប្រើ​ក្នុងករណី​ដុំ​សាច់​រីកលូត​លាស់​ម្ដង​ទៀត ឬ​វះកាត់​គ្មាន​ប្រសិទ្ធ​ភាព នាំ​ឲ្យ​គ្រូពេទ្យ​ត្រូវ​ព្យាយាម​គ្រប់​វិធី​​ព្យាបាល ជា​អកុសល វិធី​ព្យាបាល​ដោយ​ប្រើ​គីមី​មិនមែន​ជា​​ជម្រើស​គ្រូពេទ្យ​នោះ​ទេ ប៉ុន្តែ​ព្យាបាល​ដោយ​ថ្នាំពពួក​ Hydroxyurea (Droxia និង Hydrea) គឺ​ប្រទះ​ឃើញ​ច្រើន។

ពពួក​ថ្នាំ​ផ្សេង​ទៀត​អាច​ការ​ពារ​ករណី​លូតលាស់​របស់​អ័រម៉ូន (Somatostatin Analogs)។ ថ្មីៗ​នេះ​មាន​ថ្នាំ​អាច​បញ្ឈប់​ការ​លូតលាស់​ដុំសាច់​ទាំងនោះ​ អាច​ជួយ​ប្រមូល​សរសៃ​ឈាម​មក​វិញ​មាន​ប្រសិទ្ធភាព​ខ្ពស់ ប៉ុន្តែ​ការ​អះអាង​នេះ ត្រូវ​ការ​សិក្សា​បន្ថែម​ទៀត។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– សណ្ដំ (Hypnosis)
– ម៉ាស្សា
– តាំង​សមាធិ
– ព្យាបាល​ដោយ​ស្តាប់ភ្លេង
– ហាត់​ប្រាណ​ស្រាលៗ
– ​ព្យាបាល​ដោយ​ប្រើ​ម្ជុល​វិទ្យាសាស្ត្រ។

ប្រើ​ថ្នាំ​មិន​អាច​ព្យាបាល​ជា​ដាច់​នោះ​ទេ តែ​អាច​ជួយ​កាត់បន្ថយ​ផលរំខាន ជួយ​កាត់បន្ថយ​ស្រ្តេស​បាន។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 24, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019

អ្នកអាចចូលចិត្ត