Oral cancer (មហារីកមាត់)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​ជា​ជំងឺ​មហារីក​មាត់?

ជំងឺ​មហារីក​មាត់ ជា​ប្រភេទ​មហារីក​ កើត​នៅ​លើ​ជាលិកា​​មាត់ ​ហើយ​អាច​កើត​នៅ​គ្រប់​ទី​កន្លែង​នៃអវយវៈនេះ ដូចជា បបូរ​មាត់​ អណ្ដាត​​ ថ្ពាល់ អញ្ចាញ ក្រអូម​មាត់​ កន្លើតរឹង ​និង​ទន់ ​បំពង់​ក ជាដើម តែ​ភាគ​ច្រើន​កើត​លើ អណ្ដាត ​និង​បបូរ​មាត់។ មហារីក​មាត់ ​ដំណាក់​កាល​ដំបូង អាច​មាន​រោគសញ្ញា ​ឬ​គ្មានអ្វីទាំងអស់។ គេ​តែង​ប្រទះ​ឃើញ​​មហារីក​នេះ ​ពេល​វា​រាល​ដាល​ទៅ​ដល់​ក ​មាន​ហើម​កូន​កណ្ដុរ ​ឬអាច​រក​ឃើញ​ដោយ​សារ​ពេទ្យ​ធ្មេញ​តែម្តង។

២- ​កើតឡើង​ញឹកញាប់​ដែរ​ទេ?

​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគសញ្ញា​

៣- រោគ​សញ្ញា​​មាន​អ្វី​ខ្លះ?

រោគសញ្ញា​មហារីក​ប្រភេទ​នេះ ​តែង​ស្រដៀង​ទៅ​នឹង​បញ្ហា​បង្ក​រោគ​ក្នុងមាត់​មួយ​ចំនួន ទើប​ពិបាក​ឲ្យ​ដឹង​ថាជា​ជំងឺ​មហារីក។ ហេតុ​នេះ​សូម​ទៅ​ពិ​និត្យ​ជា​មួយ​ពេទ្យ​ធ្មេញ ​ឬ​គ្រូពេទ្យ​ជំនាញ ​រោគសញ្ញា​ដូច​ខាង​ក្រោម៖

– ហើម​ ​ឡើង​ក្រាស់​បបូរមាត់​ មាន​ដុំ​ ឡើង​ដុំ​កន្ទួល​ ​បន្ទះ​ស​នៅ​បបូរ​មាត់ អញ្ចាញ​ ឬ​កន្លែង​ដទៃ​ក្នុង​មាត់ និង​មិន​ងាយ​ជា​ក្នុង​ពេល ២ សប្ដាហ៍
– ហូរ​ឈាម​តាម​មាត់​គ្មាន​មូលហេតុ
– ស្ពឹក​គ្មាន​មូលហេតុ​ បាត់​ញ្ញាណ​ដឹង ឬ​ឈឺ តឹង​នៅ​បបូរ​មាត់​ក្រោម​ មុខ​ ក ឬ​ចង្ការ
– ស្រៀវ​ធ្មេញ
– ឈឺ​ ឬ​មាន​អារម្មណ៍ មាន​អ្វី​ជាប់​ក្នុង​បំពង់​ក​
– ឈឺ ​ឬ​ពិបាក​លេប
– មាន​បញ្ហា​ដាក់​ធ្មេញ
– ហើម ​ក
– ឈឺ​ត្រចៀក​មិន​ជាសះ
– ស្រក​ទម្ងន់
– សម្លេង​ស្អក​ ឈឺ​ករ៉ាំរ៉ៃ ឬ​ប្ដូរ​សម្លេង

អាច​មាន​រោគសញ្ញា​ដទៃ​ទៀត មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ ហេតុ​នេះ​បើ​មាន​ចម្ងល់ ឬ​ប្រទះ ​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ​ណា​មួយ ​សូម​ពិគ្រោះ​ជា​មួយគ្រូពេទ្យ។

៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ?

បើ​មាន​សញ្ញា អាការៈ​ដូច​បាន​រៀប​រាប់​​ខាង​លើ ឬ​មាន​ចម្ងល់​ផ្សេងៗ សូម​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​មនុស្សម្នាក់មានភាព​ខុស​គ្នា​ ដូច្នេះ​រោគសញ្ញា​អាច​នឹង​ខុស​គ្នា​ដែរ។

មូលហេតុបង្ក

៥- ​មូលហេតុ​បង្ក​មានអ្វីខ្លះ?

មហារីក​មាត់ ​កើត​ដោយ​សារ ​កាសិកា​ក្នុង DNA បាន​បំបែក​ខ្លួន និងលូត​លាស់​លឿន​ខុសប្រក្រតី ហើយ​កោសិកា​ថ្មី​ទាំងនោះ​ បាន​ទៅ​សម្លាប់​ពពួក​កោសិកា​ធម្មតា យូរ​ទៅ​ក៏​ប្រមូល​ផ្តុំ​បង្កើត​ជា​ដុំ​មហារីក​ក្នុង​មាត់។

កត្តាប្រឈម

៦- កត្តា​ប្រឈម​មាន​អ្វី​ខ្លះ?

កត្ដា​ប្រឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​មហារីក​​នេះមាន​ដូច​ជា៖

– ប្រើ​ថ្នាំ​ជក់ (​ជក់​បារី​ ស៊ីហ្គារ កញ្ឆា ឬ​ទំពារ​ថ្នាំ​ជក់)
– ផឹក​ស្រា
– ឆ្លង​កាមរោគ​ (វីរុស​ឆ្លង​តាម​ការ​រួម​ភេទ)
– ប៉ះ​កម្ដៅ​ថ្ងៃ​យូរ
– ធ្លាប់​មាន​កើត​មហារីក​មាត់
– សមាជិក​គ្រួសារ​ធ្លាប់​កើត​មហារីក

គួរ​ដឹង​ដែរ​ថា​​ប្រមាណ​ ២៥​ភាគរយ​ ក្នុងចំណោមអ្នកជំងឺ​មហារីក​មាត់​ទាំង​អស់ គឺអ្នក​ជក់​បារី ​និង​ផឹក​ស្រា​ម្ដង​ម្កាល។

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​​ នឹង​​ពិនិត្យ​​រក​​មើល​​អាការៈ​មួយចំនួនលើ ក្រអូម​មាត់​ បំពង់​ក​ អណ្ដាត​ ថ្ពាល់ ​និង​កូនកណ្តុរ នៅ​ក។ អាច​សួរនាំ​យើង​ពី​រោគសញ្ញា​ ក៏ដូចជា​ស្ថានភាព​ឈឺចាប់ ពេល​ណា​មាន​ដំបៅ ហើយ​ព័ត៌មាន​ទាំង​នេះ នាំ​ឲ្យ​ពេទ្យ​អាច​សម្រេចធ្វើ​តេស្ដ​មួយ​ចំនួន​មាន​៖ ​​

– ស្កេន​រូប​ភាព៖ ឆ្លុះ​កាំ​រស្មី​អ៊ិច​ ស្កេន​ CT ឆ្លុះ​ MRI ឆ្លុះ​ Endoscopy ឬ​​ស្កេន PET។
– កាត់​សាច់​ទៅ​វិភាគ៖ យក​ជាលិកា​ពី​ដំបៅ​​ទៅ​វិភាគ​នៅ​មន្ទីរ​ពិសោធ

៨- ព្យាបាល​ដោយ​វិធី​ណា?

ការ​ព្យាបាល​អាស្រ័យ​លើ​ដំណាក់​កាលនៃ​មហារីក ចំពោះ​ដំណាក់​កាល​ដំបូង​ការ​ព្យាបាល គឺ​ដោយ​វះកាត់ ​ដើម្បី​កាត់​យក​ដុំ​មហារីក និង​កូន​កណ្ដុរ​មាន​មហារីក​ចេញ។ បើ​មហារីក​ស្ថិត​ក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ យើង​ត្រូវ​ព្យាបាល​ដោយ​វិធី​ផ្សេងៗ​ជា​ច្រើន​ទៀត ដូច​ជា៖

– ព្យាបាល​ដោយ​កាំ​រស្មី ដើម្បី​បផ្លាញ​កាសិកា​មហារីក។
– ព្យាបាល​ដោយ​សារធាតុ​គីមី ដូច​ជា​ លេប​​ថ្នាំ ​ឬ​ចាក់​តាម​សរសៃ​ឈាម​ ដើម្បី​ការពារ​កោសិកា​មហារីក​មិន​អាច​បំបែក​ខ្លួន​បាន។
– ព្យាបាល​ឲ្យ​ត្រូវ​គោលដៅ តាមរយៈប្រើ​ថ្នាំ​​ការពារ​កុំ​ឲ្យ​​​កោសិកា​មហារីក​បំបែក​ខ្លួន។

យ៉ាង​ណា​វិធី​ព្យាបាល​ទាំង​នេះ​អាចនាំឲ្យ​មាន​ផល​រំខាន​​ដូច​ជា៖

ព្យាបាល​ដោយ​កាំ​រស្មី​

– ឈឺ​បំពង់​ក ​ឬ​មាត់​
– ស្ងួត​មាត់
– ដង្កូវ​ស៊ី​ធ្មេញ
– ដំបៅ​ ឬ​ហូរ​ឈាម​តាម​អញ្ចាញ
– ឆ្លង​រោគ​ច្រើន​
– ក្រជា​របួស​ក្រោយ​ធ្វើ​ធ្មេញ​
– គាំង​ និង​ឈឺ​​ថ្គាម
– ពិបាក​ពាក់​ធេ្មញ​សប្បនិម្មិត
– អស់​​កម្លាំង
– ប្រែ​ប្រួល​រស​ជាតិ ​និង​ក្លិន
– ស្បែក​ស្ងួត​ និង​រលាក
– ស្រក​ទម្ងន់
– ប្រែប្រួល​ក្រពេញ​ទីម៉ូស

ព្យាបាល​ដោយ​សារ​ធាតុ​គីមី

– ជ្រុះ​សក់
– ឈឺ​មាត់ ​និង​អញ្ចាញ​
– ហូរ​ឈាម​តាម​មាត់​
– ស្លេក​ស្លាំង​ខ្លាំង​
– ខ្សោយ
– អត់​ឃ្លាន​បាយ
– ចង្អោរ
– ក្អួត
– រាក
– ដំបៅ​មាត់ ​និង​បបូរ​មាត់
-ស្ពឹក​ដៃ ​និងជើង

ព្យាបាល​ឲ្យ​ត្រូវ​គោល​ដៅ

– គ្រុន​ក្ដៅ
– ឈឺ​ក្បាល​
– ក្អួត
– រាក
– ប្រតិកម្មអាលែកហ្ស៊ី

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់​រស់​នៅ

គ្មាន​វិធី​ណា​មួយ មាន​ប្រសិទ្ធភាព ១០០ ភាគរយ​ទេ ​តែ​ដើម្បី​បង្ការ និង​កាត់​បន្ថយ​ហានិភ័យ​គួរ​តែ​កែប្រែ​ទម្លាប់​រស់នៅ​ខ្លះៗ​ដូច​ជា៖

– បរិភោគ​អាហារ​មាន​ជីវ​ជាតិ​ល្អ​ តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ។
– សម្អាត​មាត់​ឲ្យ​ស្អាត ​និង​ផ្ដល់​សំណើម​ជានិច្ច។
– រក​វិធី​ដោះ​ស្រាយ​ផល​រំខាន​ក្រោយ​ព្យាបាល ​​តាមរយៈ​ការ​ណែនាំពី​គ្រូពេទ្យ​ ពេល​ណា​ផល​រំខាន​ទាំង​នោះ ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​យើង។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 12, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 28, 2019

អ្នកអាចចូលចិត្ត