Pre-Eclampsia (ជំងឺ​បម្រុងក្រឡាភ្លើង)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​ជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង?

បម្រុង​ក្រឡា​ភ្លើង គឺ​ជា​ផល​វិបាក​ធ្ងន់​ធ្ងរ​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ បណ្តាល​មក​លើស​សម្ពាធ​ឈាម និង​រោគ​សញ្ញា​ផ្សេង​ទៀត​ដោយ​សារ​ខូច​ខាត​សរីរាង្គ​ផ្សេងៗ ដូច​ជា តម្រង​នោម ជាដើម។ស្រីៗ​មាន​ផ្ទៃ​ពោះ​ និង​មាន​សម្ពាធ​ឈាម​ធម្មតា ក៏​អាច​មាន​ជំងឺ​នេះ​បាន​ដែល ភាគ​ច្រើន​កើត​នៅ​សប្តាហ៍​ទី ២០ នៃ​ការ​ពពោះ និង​លើ​អាច​កើត​លើ​ស្រីៗ​មាន​សម្ពាធ​ឈាម​លើស​តិច​តួច ប៉ុន្តែ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ។ ជំងឺ​បម្រុង​ក្រឡា​ភ្លើង អាច​បង្ក​ផល​វិបាក​ធ្ងន់​ធ្ងរ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទាំង​ម៉ាក់ៗ និង​គភ៌។

២- ជំងឺ​បម្រុង​ក្រឡា​ភ្លើង​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ?

ប្រហែល ៦-៨ ភាគរយនៃ​ស្រីៗ​មាន​ផ្ទៃ​ពោះ គឺ​មាន​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង។ ជំងឺ​នេះ​ច្រើន​កើត​ឡើង​លើ​ស្រីៗ ទើប​មាន​ផ្ទៃ​ពោះ​កូន​ដំបូង ប៉ុន្តែ​យើង​អាច​គ្រប់​គ្រង ដោយ​គ្រាន់​តែ​កាត់​បន្ថយ​ហានិភ័យ​ប្រឈម​របស់​ជំងឺ។

រោគសញ្ញា

៣- រោគសញ្ញា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​មាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​មាន​ដូច​ជា៖

– សម្ពាធ​ឈាម​កើន​ឡើង​ភ្លាមៗ
– មាន​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​នោម ឬ​មាន​បញ្ហា​តម្រង​នោម
– ឈឺ​ក្បាល​ខ្លាំង
– ប្រែ​ប្រួល​គំហើញ ដូច​ជា មើល​មិន​ឃើញ​មួយ​រយៈ ស្រវាំង​ភ្នែក ចាញ់​ពន្លឺ
– ឈឺ​ពោះ​ផ្នែក​ខាង​លើ
– ចង្អោរ ក្អួត
– នោម​តិច
– ប្លាកែត​ក្នុង​ឈាម​ធ្លាក់​ចុះ
– ខូច​ខាត​មុខ​ងារ​របស់​ថ្លើម
– ពិបាក​ដក​ដង្ហើម ដោយ​សារ​មាន​ទឹក​ក្នុង​សួត
– ឡើង​ទម្ងន់​ភ្លាម​ៗ ឬ​ហើម​ជើង ប៉ុន្តែ​រោគសញ្ញា​ទាំង​នេះ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អាច​មិន​រាប់​ជា​រោគ​សញ្ញា​បម្រុង​ក្រឡា​ភ្លើង​នោះ​ទេ ព្រោះ​ឡើង​ទម្ងន់ ឬ​ហើម​ជើង តែង​កើត​មាន​លើ​ស្រីៗ​គ្រប់​រូប​កំពុង​ពពោះ។

វា​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​មិន​បាន​រៀប​រាប់​ខាង​លើ ហេតុ​នេះ​បើ​មាន​កង្វល់​រោគ​សញ្ញា​ណា​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

ត្រូវ​ទៅ​ជួប​ពេទ្យ បើ​យើង​​មាន​អាការៈ​ឈឺ​ក្បាល​ធ្ងន់​ធ្ងរ ស្រវាំង​ភ្នែក ឈឺ​ពោះ​ធ្ងន់ធ្ងរ និង​ពិបាក​ដក​ដង្ហើម។ ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​វិធី​គ្រប់​គ្រង​សម្ពាធ​ឈាម និង​ពិនិត្យ​មើល​ការ​កើត​ឡើង​រោគ​សញ្ញា​ណា​មួយ ដើម្បី​ទទួល​ការ​​ព្យាបាល​ត្រឹម​ត្រូវ និង​ទាន់​ពេល​វេលា។

មូលហេតុបង្ក

៥- អ្វី​ខ្លះ​ជា​មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង?

គ្នា​យើង​ភាគ​ច្រើន ​សុទ្ធ​តែ​ធ្លាប់​បាន​ឮ​ពី​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​មិនខាន ហើយ​ក្រុម​អ្នក​ជំនាញ​គិត​ថា មូល​ហេតុ​ឲ្យ​កើត​ជំងឺ​នេះ អាច​មក​ពី​សុក (ចិញ្ចឹម​ទារក​នៅ​ក្នុង​ផ្ទៃ)។ នៅ​ដំណាក់​កាល​ដំបូង​នៃ​ការ​ពពោះ មាន​ការ​លូត​លាស់​សរសៃ​ឈាម​ដើម្បី​នាំ​ឈាម​ទៅ​សុក តែ​ចំពោះ​ស្រីៗ​មាន​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​វិញ សរសៃ​ឈាម​មិន​បាន​លូត​លាស់​ពេញ​លេញ​នោះ​ទេ ដោយ​ការ​ត្បៀត​សរសៃ​ឈាម និង​មិន​ឆ្លើយ​តប​ទៅ​នឹង​រំញោច​របស់​អ័រម៉ូន បណ្តាល​ឲ្យ​លំហូរ​ឈាម​មាន​ការ​ថយ​ចុះ ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ ឈាម​ហូរ​ទៅ​ស្បូន​មិន​គ្រប់​គ្រាន់ ខូត​ខាត​ដល់​សរសៃ​ឈាម មាន​បញ្ហា​លើ​ប្រព័ន្ធ​ភាព​ស៊ាំ​លើ DNA របស់​ម្ដាយ។

អត្ថបទ​ពាក់ព័ន្ធ៖

កត្តាប្រឈម

៦- កត្តា​ប្រឈម​ជំងឺ​បម្រុង​ក្រឡា​ភ្លើង

កត្តា​ប្រឈម​​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​មាន​ដូច​ជា៖

– មាន​ប្រវត្តិ​កើត​បម្រុង​ក្រឡា​ភ្លើង ទាំង​យើង​ផ្ទាល់ ឬ​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​នេះ
– មាន​ផ្ទៃ​ពោះ​លើក​ដំបូង
– កត្តា​អាយុ ពិសេស​ស្រី​មាន​ផ្ទៃ​ពោះ​មាន​អាយុ​លើស ៤០ឆ្នាំ
– អ្នក​ធាត់
– ស្ត្រី​មាន​ផ្ទៃ​ពោះ​កូន​ច្រើន ច្រើន​កើត​ឡើង​ចំពោះ​គ្នា​យើង​មាន​កូន​ភ្លោះ​ពីរ បី ឬ​ច្រើន​ជាង​នេះ
– រយៈពេល​មាន​ផ្ទៃ​ពោះ ចន្លោះ​ពេល​មាន​ផ្ទៃ​ពោះ​មុន ២ឆ្នាំ ឬ​យូរ​ជាង ១០ឆ្នាំ សុទ្ធ​តែ​អាច​ប្រឈម​នឹង​ជំងឺ​នេះ
– ប្រវត្តិ​ជំងឺ ដូច​ជា មាន​ជំងឺ​លើស​ឈាម ជំងឺ​ឈឺ​ក្បាល​ប្រកាំង ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ១ ឬ​ទី ២ ជំងឺ​តម្រង​នោម ជំងឺ​ស្បែក Lupus ជា​ដើម។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

មិន​មាន​តេស្ត​ជាក់​លាក់​ណា​មួយ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នោះ​ទេ។ ពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​ផ្អែក​លើ​រោគ​សញ្ញា ដូច​ជា សម្ពាធ​ឈាម​កើន​ឡើង ពិបាក​ដក​ដង្ហើម​ជាដើម ហើយ​ដើម្បី​បញ្ជាក់​អំពី​រោគសញ្ញា​ជំងឺ ពេទ្យ​នឹង​ធ្វើ​តេស្ត​ឈាម ពិនិត្យ​មើល​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម​ ខណៈ​រោគ​សញ្ញា​សំខាន់ គឺ​សម្ពាធ​ឈាម​ខ្ពស់ និង​មាន​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​នោម។ ដូច​នេះ ការ​ពិនិត្យ​អេកូ និង​ពិនិត្យ​មើល​ចង្វាក់​បេះ​ដូង​ទារក​នឹង​ត្រូវ​ធ្វើ​ឡើង ដោយ​ផ្អែក​លើ​សញ្ញា​ណា​មួយ ជួយ​ឲ្យ​គ្រូ​ពេទ្យ​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​ត្រឹម​ត្រូវ។

៨- ព្យាបាល​ដោយ​វិធី​ណា?

វិធី​ព្យាបាល​តែ​មួយ​គត់ គឺ​សម្រាប់​កូន​ឲ្យ​បាន​លឿន ដោយ​សារ​តែ​គ្នា​យើង​កំពុង​មាន​ហានិភ័យ​ប្រឈម អាការៈ​ប្រកាច់ រហែក​​ស្បូន ដាច់​សរសៃ​ខួរ​ក្បាល និង​ហូរ​ឈាម​ធ្ងន់​ធ្ងរ រហូត​ដល់​សម្ពាធ​ឈាម​ត្រឡប់​ទៅ​ធម្មតា​វិញ។ ការ​ព្យាបាល​នេះ មិន​ធ្វើ​លើ​ទារក​នោះ​ទេ។ ក្នុង​ករណី យើង​ធ្វើ​រោគ​វិនិច្ឆ័យ​រក​ឃើញ​ថា​មាន​ជំងឺ​​បម្រុង​ក្រឡា​ភ្លើង ចាំបាច់​​ត្រូវ​ធ្វើ​តេស្ត​រក​មើល​ផ្ទៃ​ពោះ និង​ធ្វើ​តេស្ត​ឈាម​ភ្លាមៗ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់​រស់​នៅ

ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ និង​វិធី​ព្យាបាល​តាម​ផ្ទះ អាច​ជួយ​យើង បង្ការ និង​ទប់​ទល់​ជាមួយ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​បាន ដូច​ជា៖

– ញ៉ាំ​របប​អាហារ​តាម​វេជ្ជបញ្ជា
– សម្រាក​នៅ​លើ​គ្រែ ដោយ​ផ្អៀង​ទៅ​ឆ្វេង
– ពិនិត្យ​ទឹក​នោម​តាម​វេជ្ជបញ្ជា
– ត្រូវ​ប្រាប់​គ្រូពេទ្យ បើ​មាន​ហើម​ដៃ ជើង មុខ ឬ​ប្រែ​ប្រួល​គំហើញ ឈឺ​ក្បាល ឬ​ឈឺ​ពោះ
– ត្រូវ​ទាក់​ទង​គ្រូ​ពេទ្យ ​បើ​ឡើង​ទម្ងន់​លើស​ពី ១,៤គីឡូ​ក្រាម ត្រឹម​រយៈ​ពេល​មួយ​ថ្ងៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 24, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 24, 2019

អ្នកអាចចូលចិត្ត