Quadriplegia (ជំងឺ​ខ្វិន​ ឬពិការអវយវៈទាំង ៤​)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- ​អ្វី​ទៅ​ជា​ជំងឺ​ខ្វិន​ ឬពិការ​អវយវៈ​ទាំង​៤?

​ជំងឺ​ខ្វិន​ ឬពិការ​អវយវៈ​ទាំង ​៤ បណ្ដាល​មក​ពី​ការ​ខូច​ខាត​ទៅ​លើ​សរសៃ​ប្រសាទឆ្អឹង​ខ្នង កើត​ឡើង​នៅ​ពេល​ឆ្អឹង​ខ្នង​រង​ការ​ប៉ះ​ទង្គិច​ ធ្វើ​ឲ្យ​​បាត់​បង់​ការ​ទទួល​វិញ្ញាណ​ និង​ចលនា។ ដៃ​ ប្រអប់ដៃ ទ្រូង​ ជើង ​និង​សរីរាង្គ​អាង​ត្រគាក​ ត្រូវ​បាត់​បង់​ចលនា​បញ្ជា​ទាំង​អស់។

មាន​ផល​វិបាក​ជា​ច្រើន​ នឹង​កើត​មាន​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិចទៅលើឆ្អឹងខ្នង មានដូចជា សម្ពាធឈាមចុះទាបខ្លាំង ឬក៏ចង្វាក់បេះដូងដើរយឺតខុសប្រក្រត្រី បង្ក​ឲ្យ​មាន​ផល​ពិបាកលើ​ការ​ដកដង្ហើម ឬមិនអាចដកដង្ហើមបាន​។ លើស​ពី​នេះ​ អាច​ឡើង​រមាស់​ស្បែក​ និង​ការ​កន្ត្រាក់​សាច់​ដុំ​ខុស​ប្រក្រី។ យើង​ក៏​អាច​មាន​វិបត្តិ​កំណកឈាម​កក ​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ជីវិត។

នៅ​ពេល​ខ្លះ​ រាង​កាយមិន​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​បញ្ជា​ទៅ​លើ​ប្លោក​នោម​ និង​ពោះវៀន​ធំ​បាន​ល្អ​នោះ​ទេ ​ដែល​គេ​ហៅ​ថា​វិបត្តិ Automonic Dysreflexia ​អាច​បង្ក​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ទៀត​ផង។ ​បើ​មិន​ប្រញាប់​ស្វែង​រក​ការព្យាបាល ​អាច​នឹង​ធ្វើ​ឲ្យ​ដាច់​សរសៃ​ឈាម​ បណ្តាល​ឲ្យ​ស្លាប់​​ទៀត​ផង។ បើ​យើង​​មាន​ជំងឺ​ខ្វិន ឬពិការ​​អវយវៈ​ទាំង ​៤​ហើយ​មិន​ព្រម​ព្យាបាល​ ​នឹង​មិន​អាច​ប្រើ​អវយវៈ​រងគ្រោះ​ទាំង​នោះ​បានតែ​ម្ដង។

២- ​ជំងឺ​ខ្វិន​ ឬពិការ​អវយវៈ​ទាំង ​៤ ​កើត​ឡើង​ញឹក​ញាប់​​ដែរទេ?

ជំងឺ​នេះ​​ឧស្សាហ៍​ជួប​ប្រទះ​ និងអាច​ប៉ះពាល់​លើ​មនុស្ស​គ្រប់​វ័យ។ ប៉ុន្តែយើងគ្រប់គ្រង និង​បង្ការ តាមរយៈ​ការកាត់​បន្ថយ​កត្តា​ប្រឈម។

រោគ​សញ្ញា

៣- ជំងឺ​ខ្វិន​ ឬពិការ​អវយវៈ​ទាំង​ ៤​ មាន​រោគ​សញ្ញា​អ្វី​ខ្លះ?

រោគ​សញ្ញា​ជំងឺ ​អាស្រ័យ​ទៅលើ​ទីតាំង ​និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ប៉ះ​ទង្គិច​ទៅ​លើ​សរសៃប្រសាទ​ឆ្អឹង​ខ្នង​ ហើយ​សញ្ញា​ជួប​ប្រទះ​ភាគ​ច្រើន​មាន​ដូច​ជា៖

– ទប់​នោម ​ទប់លាមកមិនបាន
– ពិបាក​រំលាយ​អាហារ
– ពិបាក​ដក​ដង្ហើម
– ស្ពឹក​ និង​ធ្លាក់​ចុះ​ញៀន​ដឹង
– ស្ពឹក​សាច់​ដុំ​ ពិសេស​ដើម​ដៃ​ និង​ជើង
– មិន​អាច​ធ្វើ​ចលនា​អវយវៈ​ដែល​នៅ​ក្រោម​កន្លែង​ប៉ះ​ទង្គិច​បាន។

៤- ​ត្រូវ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា?

ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាប់ នៅ​ពេលយើង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ជា៖

– ឡើង​កំដៅ
– ពិបាក​នោម​ និង​នោម​តិច​ជាង​មុន
– ហើម​ពោះ និងរឹងពោះ
– មាន​ឈាម​ក្នុង​លាមក ​និង​ទឹក​នោម
– ស្រាល​ក្បាល ដកដង្ហើមខ្លីៗ ​និង​​ឈឺ​ទ្រូង
– ក្អក​ឈាម
– ដើម​ដៃ​ និង​ជើង​ឡើង​កំដៅ​ តឹង និង​ឈឺ​ចាប់​ ហើយ​​អាច​ឡើង​ក្រហម​ និង​ហើម​
– ស្រវាំង​ភ្នែក​ និង​មើល​ឃើញ​ស្នាម​អុច​ៗ
– ស្បែក​ឡើង​ស្ងួត​ បែក​ស្រកា​នៅ​ក្រោម​កន្លែង​ប៉ះ​ទង្គិច
– មានក្តៅខ្លួន បែកញើស ស្បែកឡើងពណ៌ក្រហមត្រង់កន្លែងរបួសសរសែប្រសាទឆ្អឹងខ្នង
– ​ឈឺ​ក្បាល​ខ្លាំង​ឡើងៗ
– ចាប់​ផ្ដើម​សង្ស័យ​ថា​ខ្លួន​ឯង​មាន​អាការៈ​ចម្លែក។

មូលហេតុបង្ក

៥- មូលហេតុ​បង្ក​ឲ្យ​កើត​​​ជំងឺ​ខ្វិន ឬ​ពិការ​​អវយវៈ​ទាំង​ ៤ មាន​អ្វី​ខ្លះ?

មូលហេតុ​ចម្បង ​បណ្ដាល​ឲ្យ​មាន​​ជំងឺ​ខ្វិន ឬពិការ​អវយវៈ​ទាំង ​៤ ​គឺ​គ្រោះ​ថ្នាក់​ប៉ះ​ទង្គិច​ទៅ​លើ​សរសៃប្រសាទឆ្អឹង​ខ្នង ​តែ​ក៏​មាន​បញ្ហា​ខ្លះ ​ដូច​ជា​ ស្ពឹក​ខួរ ​ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​ក៏​អាច​លេច​ចេញ​​អាការ​ប្រហាក់​ប្រហែល​គ្នា​ដែរ។ ក្រៅ​ពី​បញ្ហា​សុខភាព​ដូច​បាន​រៀប​រាប់​ខាង​លើ​ គ្រោះ​ថ្នាក់​ចរាចរណ៍ ​និង​គ្រោះ​ថ្នាក់​ការងារ​ ក៏​អាច​ជា​មូលហេតុ​ផង​ដែរ។

កត្តា​ប្រឈម

៦- ​កត្តា​ប្រឈម​​ជំងឺ​ខ្វិន ឬពិការ​អវយវៈ​ទាំង​ ៤ មាន​អ្វី​ខ្លះ?

មាន​កត្តា​ជា​ច្រើន នាំ​ឲ្យ​យើង​ប្រឈម​កើត​ជំងឺខ្វិន ឬ​ពិការ​អវយវៈ​ទាំង ៤ ដូចជា៖

– កត្តាភេទ៖ ​ប្រុសៗ​ប្រឈម​ខ្លះ ព្រោះ​ថា​ការ​ប៉ះ​ទង្គិច​សរសៃប្រសាទ​ឆ្អឹង​ខ្នង ​ភាគ​ច្រើន​កើត​លើ​មនុស្សប្រុស។
កត្តាអាយុ៖ អាយុ​ច្រើន​ជាង ​៦៥​ឆ្នាំ​ ដោយ​សារងាយ​​រអិល​ដួល​ ហើយ​ក៏​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេដែរ។
– មាន​បញ្ហា​សន្លាក់​ឆ្អឹង​៖ សូម្បី​តែ​គ្រោះ​ថ្នាក់​ស្រាល​បំផុត​ ក៏​អាច​ប៉ះពាល់​សរសៃ​ឆ្អឹង​ខ្នង ​ប្រសិន​ជា​យើង​មាន​​ជំងឺ​មាន​វិបត្តិ​សន្លាក់​ឆ្អឹង​ ដូច​ជា ពុក​ឆ្អឹង​ និង​រលាក​សន្លាក់ឆ្អឹង​ជា​ដើម។

អត្ថបទ​ពាក់ព័ន្ធ៖

រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ ពេទ្យអាច​តម្រូវ​ឲ្យ​យើង​ធ្វើ​តេស្ត​មួយ​ចំនួន​ដូចជា៖

– ​ថត​ស៊ី​ធី​ស្កេន៖ ការ​ថត​រូប​ភាព​វេជ្ជ​សាស្ត្រ​ប្រភេទ​នេះ​ អាច​ផ្ដល់​នូវ​រូប​ភាព​ច្បាស់​លើ​ភាព​មិន​ប្រក្រតី​ ល្អ​ជាង​ថតកាំ​រស្មី​អ៊ិច។ វា​ផ្ដល់​រូប​ភាព​ជា​ច្រើន​ដំណាក់​កាលចូល​គ្នា ​ដែល​បញ្ចេញរូប​ភាព​ឆ្អឹង​ និង​បញ្ហា​ឲ្យ​យើង​ឃើញ​ច្បាស់។

– ​ថត​កាំ​រស្មីអ៊ិច៖ ភាគ​ច្រើន​គ្រូ​ពេទ្យ​ស្នើ​ការ​ថត​នេះ​ ដើម្បី​រក​មើល​ការ​ប៉ះ​ទង្គិច​ឆ្អឹង​កង​ណាមួយ។ ថតកាំ​រស្មី ​នឹង​បង្ហាញ​រូប​ឆ្អឹង​កង​​មាន​បញ្ហា​ ដុំ​ ឬ​ការ​បែក​ប្រេះ​ ផ្លាស់​ប្ដូរដោយ​​ប្រការ​ណាមួយ។

– ​ថត​អឹម​រ៉ាយ​៖ សំដៅ​លើ​ការ​ប្រើ​ថាមពល​ម៉ាញេទិច​ខ្ពស់​ និង​រលក​កាំ​រស្មី​ ដើម្បី​បង្ហាញ​រូប​ភាព​បានកាន់​តែ​ច្បាស់។ ការ​ថត​នេះ​ ជួយ​បាន​ច្រើន ​លើ​ការ​សន្មត់រក​មើល​ការ​ប៉ះ​ទង្គិច​ ក្លន​លូន​នៃ​ឆ្អឹង​កង​ខ្នង កំណក​ឈាម​ និង​ដុំ​ផ្សេង​ដែល​អាច​សង្កត់​លើ​សរសៃ​ឆ្អឹង​ខ្នង។

៨- ​ព្យាបាល​ដោយ​វិធី​ណា?

គ្នា​យើង​មាន​​ជំងឺ ​ត្រូវ​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​បន្ទាប់​ពី​មាន​គ្រោះ​ថ្នាក់ បន្ទាប់​មក​ ​នឹង​ត្រូវបញ្ជូន​ទៅ​កាន់​បន្ទប់​ថែ​ទាំ​ពិសេស ក្នុង​គោល​បំណង​ ​ស្ដារ​រាង​កាយ​ឲ្យវិល​​មក​សភាព​ដើម​វិញ ​ជួយ​យើង​​ពី​របៀប​ក្នុង​ការ​ថែ​រក្សា​ខ្លួន​ប្រាណ​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ យើង​​អាច​សួរ​រក​ព័ត៌មាន​បន្ថែម​ពី​ការ​ព្យាបាល​ដូច​ខាង​ក្រោម៖

– លំហាត់​ប្រាណដក​ដង្ហើម ​ជួយគ្នា​យើងមាន​​ជំងឺ ​មាន​ចលនា​សួត​បាន​ល្អ​។ ​យើង​អាច​ត្រូវ​ការ​ជំនួយ​ផ្លូវ​ដង្ហើម ​បើ​មាន​ការ​លំបាក ​អាច​ប្រើ​ឧបករណ៍​ដើម្បី​ជំនួយ​ដង្ហើម។
– ការ​ថែ​រក្សា​ស្បែក​ ដើម្បី​ការពារ​រោគ​រលាក​ស្បែក​ អាច​សាក​សួរ​ពី​គ្រូពេទ្យ​ឯក​ទេស​។
– លំហាត់​កាយ​សម្បទា​មួយ​ចំនួន​ អាច​ជួយ​យើង​ឲ្យ​មាន​ការ​ធ្វើ​ចលនា ​​និង​បង្កើន​កម្លាំង​ឡើង​វិញ​។
– មាន​គ្រូ​បង្វឹក​ផ្សេង​ទៀត​ ចាំ​ជួយ​បង្រៀន​យើង ពី​សកម្មភាព​ចាំ​បាច់ផ្សេង។
– វិធី​ជំនួយ​​ក្នុង​ការ​បន្ទោ​បង់​ ​ជួយ​ឲ្យ​នោម​ និងបត់​ជើង​ធំ​បាន​ប្រសើរ​ជាង​មុន។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– បើក​បរ​ពាក់​ខ្សែ​ក្រវាត់​ ព្រោះ​ថា​គ្រោះ​ថ្នាក់​ចរាចរណ៍ ជា​មូលហេតុ​ចម្បង​នៃ​ការ​ប៉ះ​ទង្គិច​ឆ្អឹង​ខ្នង។
– ចៀស​វាង​ករណី​​រអិល​ដួល
– ប្រុង​ប្រយ័ត្ន​នៅ​ពេល​លេង​កីឡា
– បើ​ស្រវឹង​សូម​កុំ​បើក​បរ
– ផឹក​​ថ្នាំ​ឲ្យ​ទៀត​ទាត់​តាម​វេជ្ជបញ្ជា។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​សីហា 21, 2019 | កែសម្រួលចុងក្រោយ ខែ​សីហា 21, 2019