Retinoblastoma (មហារីក​ស្រទាប់​រ៉េទីន)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​​ជា​មហារីក​ស្រទាប់​រ៉េទីន?

គឺ​សំដៅ នៅ​ពេល​មាន​ដុំ​សាច់​លើ​ស្រទាប់​រ៉េទីន ដែល​ជា​កន្លែង​ងាយ​រង​ប្រតិកម្ម​ក្នុង​ភ្នែក ហៅ​ថា ​មហារីក​ស្រ​ទាប់​រ៉េទីន។

មហារីក​ប្រភេទ​នេះ ​ភាគ​ច្រើន​កើត​លើ​ក្មេងៗ ​កម្រ​កើត​លើ​មនុស្ស​ពេញ​វ័យ​ណាស់។ នៅ​ក្នុង​ស្រទាប់​រ៉េទីន ​មាន​ជាលិកា​ប្រសាទ​ជា​ច្រើន​ ទទួល​យក​ពន្លឺ​ពេល​ឆ្លង​កាត់ពី​មុខ​ភ្នែក។ បន្ទាប់​មក​ស្រទាប់​រ៉េទីន​ នឹង​បញ្ជូន​សញ្ញា​ទៅ​កាន់​សរសៃ​ប្រសាទ​អុបទិច ​នៅ​ក្នុង​ខួរ​ក្បាល​មាន​នាទីបកប្រែ​សញ្ញា​ទាំង​នោះ​ទៅ​ជា​រូបភាព។

មហារីក​ភ្នែក​ដ៏​កម្រ​នេះ ច្រើន​កើត​នៅ​លើ​កុមារ អាច​កើត​នៅ​លើ​ភ្នែក​ម្ខាង ​ឬ​ទាំង​សង​ខាង​តែ​ម្តង។

២- ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

មហារីក​ប្រភេទ​នេះ​ស្ថិត​ក្នុង​ប្រភេទ​ជំងឺ​កម្រ មានលើ​ក្មេងៗ​នៅ​អាមេរិក​ប្រមាណ ២០០-៣០០ នាក់​ក្នុង​មួយ​ឆ្នាំ​ ភាគ​​ច្រើន​កើត​លើ​បេប៊ី​ទើប​កើត និង​ក្មេង​តូច​ៗ អាយុ​មធ្យមគឺ ២ឆ្នាំ ​កម្រ​កើត​លើ​ក្មេង​អាយុ​លើស​ពី ៦ ឆ្នាំណាស់។ ដើម្បី​ព័ត៌មាន​លម្អិត​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

រោគសញ្ញា

៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ?

​ដុំសាច់​លើ​ស្រទាប់​រ៉េទីន ជា​ធម្មតា​កម្រ​បញ្ចេញ​រោគ​សញ្ញា​​ណាស់ ប៉ុន្តែ​រោគ​សញ្ញា​មួយ​ចំនួន​អាច​ឲ្យ​យើង​ដឹង​ថា​មាន​ជំងឺ​មហារីក​នេះ មាន​​ដូច​ជា៖

– ឡើង​ដុំ​ពណ៌​ស​ចំ​កណ្តាល​ភ្នែក​ (ប្រស្រី​ភ្នែក) ពេល​ចាំង​ពន្លឺ​លើ​ភ្នែកដូច​ជា​ពេល​ថត​រូប​ជា​ដើម
– ភ្នែក​ស្រលៀង​មើល​ខុស​ទិស​ដៅ
– ភ្នែក​ឡើង​ក្រហម
– ហើម​ភ្នែក។

៤- គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា?

បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀតមនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​​ល្អគឺត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

មូលហេតុបង្ក

៥- មូលហេតុបង្កមានអ្វីខ្លះ?

ការ​សិក្សារ​បញ្ជាក់​ថា ជំងឺ​នេះ​កើត​ឡើង​ដោយសារ​កោសិកា​ប្រសាទ​ក្នុង​ស្រទាប់​រ៉េទីន​វិវត្ត ដោយ​សារកត្តា​ផ្លាស់​ប្តូរហ្សែន នាំ​កោសិកា​បន្ត​លូតលាស់ ​និង​បំបែក​ខ្លួន​ឥត​ឈប់​ឈរ មិន​ស្លាប់​ដោយ​ឯកឯង​ ខុស​ពី​កោសិកា​ធម្មតា និង​បន្ត​កកើត​ជា​ដុំសាច់​លើ​ស្រទាប់​រ៉េទីន។

កោសិកា​នេះ​អាច​វាយ​លុក​ជ្រៅ​ទៅ​ក្នុង​ភ្នែក ​និង​កន្លែង​ក្បែរៗ​ផ្សេង​ទៀត។ មិន​តែ​ប៉ុណ្ណោះ ​អាច​នាំ​ឲ្យ​មហារីក​រាលដាល​ទៅ​កន្លែង​ផ្សេង​ទៀតនៃ​សរីរាង្គ​ក្នុងខ្លួន​ដូច​ជា ​ខួរក្បាល​ និង​ឆ្អឹង​ខ្នង​ជាដើម។

ករណី​ភាគ​ច្រើន​ នៅ​តែ​មិន​ដឹង​ច្បាស់ ​ថា​កត្តា​អ្វី​ខ្លះ​បង្ក​ឲ្យ​ហ្សែន​ប្រែ​ប្រួល​បែប​នេះ តែ​ជឿ​ថាអាច​មក​ពី​ក្មេង​ ទទួល​​ហ្សែន​មាន​ជំងឺ​ពី​ប៉ាម៉ាក់។

កត្តា​ប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

ករណី​ផ្លាស់ប្តូរ​ហ្សែន​ បង្កើន​​ប្រឈម​មហារីក​ស្រទាប់​រ៉េទីន និង​មហារីក​ផ្សេង​ទៀត ​បន្ត​ពី​ប៉ាម៉ាក់ ​ទៅ​លើ​កូនៗ។

មហារីក​ស្រទាប់​រ៉េទីន តំណ​ពូជ​ពី​ប៉ាម៉ាក់ ទៅ​លើ​អូនៗ គឺ​ជា​ការបញ្ជូន​ហ្សែន​ដោយ​ស្វ័យ​ប្រវត្តិ មាន​ន័យ​ថា​ម្នាក់​ក្នុង​ចំណោម​ប៉ាម៉ាក់ ការ​បញ្ហា​​ហ្សែន​ប្រែប្រួល ជា​ហេតុ​នាំ​ឲ្យអូនៗ​ប្រឈម​​មហារីក​មួយ​នេះ​ដល់ ៥០ ភារយ។

ទោះ​បី​ជា​ករណី​ផ្លាស់​ប្តូរ​ហ្សែន​ បង្កើន​ការហានិភ័យ​មហារីក​ស្រទាប់​រ៉េទីន​លើក្មេងៗ​ក៏​ពិត​មែន តែ​មិនមាន​ន័យ​ ក្មេងៗ​ទាំងអស់​ត្រូវ​តែ​កើត​មហារីក​នោះ​ដែរ។

មហារីក​ស្រទាប់​រ៉េទីន​ពី​កំណើត​ តែង​លេច​ឡើង​នៅ​អាយុ​ដំបូងក្រោយ​សម្រាល ​ភាគ​ច្រើន​ កើត​លើ​ភ្នែក​ទាំង​សង​ខាង។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

បើ​គ្រូពេទ្យ​សង្ស័យ​ថា​មានជំងឺ​នេះ ​ការ​ពិនិត្យ​ភ្នែក​ រួម​ជាមួយ​​តេស្ត​ផ្សេងៗ​ទៀត នឹង​ត្រូវ​ធ្វើ​ដោយ​ផ្អែក​លើ​ប្រវត្តិ​ជំងឺ​ក្នុង​គ្រួសារ និងអាអូនផ្ទាល់ ហើយ​តេស្ត​ទាំង​នោះ​មាន​ដូច​ជា ស្កេន និង​តេស្ត​រូបភាព​ផ្សេង​ទៀត​ ដើម្បី​ជួយ​គ្រូពេទ្យ​កំណត់​ដុំមហារីក អាច​រាល​ដាល​ទៅ​កន្លែង​ផ្សេងទៀត​ ឬ​យ៉ាងណា។ តេស្ត​រូបភាព​មាន​ដូច​ជា អេកូ ស្កេន (CT) និង អឹមរ៉ាយ (MRI) ក៏​ដូច​ជា​វិធី​សេ្តន​ផ្សេងៗ​ទៀត។

គ្រូពេទ្យ​អាច​បញ្ជូន​អាអូន ទៅ​ឲ្យ​គ្រូពេទ្យ​ឯកទស​ផ្នែក​មហារីក ​ឬ​គ្រូពេទ្យ​វះកាត់​ដើម្បី​ពិនិត្យ​បន្ត។

៨- ព្យាបាល​ដោយវិធី​ណា?

ព្យាបាល​មហារីក​ស្រទាប់​រ៉េទីន អាស្រ័យ​លើ​ទំហំ​ និង​ទីតាំង​ដុំ​មហារីក។ ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ គ្រូពេទ្យ នឹង​ព្យាយាម​រិះរក​វិធី​សាស្ត្រ​ព្យាបាល ដើម្បី​ជួយ​ការពារ​ភ្នែក​អាអូន​ចៀស​ផុត​ពី​ពិការ​ភាព ខណៈ​វិធីសាស្ត្រ​ព្យាបាល​មាន​ដូចជា៖

– ព្យាបាល​ដោយ​ធាតុ​គីមី៖ វិធី​នេះ​ គឺប្រើ​ថ្នាំ​មានសារ​ធាតុ​គីមី ​ទៅ​សម្លាប់​កោសិកា​មហារីក ជា​ប្រភេទ​ថ្នាំ​គ្រាប់​ ឬ​ចាក់​តាម​សរសៃ​ឈាម។ ថ្នាំ​ នឹង​ជ្រាប​ចូល​ក្នុង​រាង​កាយ​តាម​សម្លាប់​កោសិកា​មហារីក​ទាំង​នោះ ហើយ​អាច​ប្រើ​ដើម្បី​ព្យាបាល​មហារីក​រាលដាល​ទៅ​កន្លែង​ផ្សេង​ក្រៅ​ភ្នែក​ទៀត​ផង។

– ព្យាបាល​ដោយ​ធាតុ​វិទ្យុ​សកម្ម៖ វិធី​នេះ​ប្រើ​ជាតិ​វិទ្យុសកម្ម​កម្រិត​ខ្ពស់ ​ដូច​ជា​ កាំ​រស្មី​អ៊ិច​ ដើម្បី​សម្លាប់​កោសិកា​មហារីក និង​ចែក​ចេញ​ជា​ ២ ​ប្រភេទ៖

– ព្យាបាល​ពី​ខាង​ក្នុង៖ គេ​ប្រើ​បន្ទះ​តូច​មួយ​ធ្វើ​ពីសារ​ធាតុ​វិទ្យុ​សកម្ម ​ដេរ​ជាប់​នៅ​កន្លែង​មាន​ដុំ រួច​រក្សារ​ទុក ២-៣ ថ្ងៃ។ ហើយ​អំឡុង​ពេល​នោះ​ការ​ព្យាបាល​ដោយ​​សារធាតុ​វិទ្យុ​សកម្ម​នេះ ​និង​បាញ់​កាំរស្មីអ៊ិចលើ​ដុំ​មហារីក ត្រូវ​ធ្វើ​ឡើង​បន្តិច​ម្តងៗ។

– ព្យាបាល​ពី​ខាង​ក្រៅ៖ គេ​ប្រើ​ម៉ាស៊ីន​ធំ​មួយ ​បញ្ជូន​ធាតុ​វិទ្យ​សកម្ម​ពី​ក្រៅ​ខ្លួន។ អាអូន​ត្រូវ​ដេក​លើ​ក្តារ ហើយ​ម៉ាស៊ីន​នោះ​វិល​ជុំ​វិញ​ខ្លួន​អាអូន។

– ព្យាបាល​ដោយ​បាញ់​ឡាហ្សែ (Laser Photocoagulation)៖ ឡាហ្សែ​ នឹង​នៅ​បំផ្លាញ​សរសៃ​ឈាម​ចិញ្ចឹម​ដុំ​មហារីក​លើ​ភ្នែក ពេល​វា​លែង​ទទួល​បាន​សារធាតុ​ចិញ្ចឹម ដុំ​មហារីក​នឹង​ងាប់។

– ព្យាបាល​ដោយ​បង្កក (Cryotherapy)៖ វិធី​នេះ​ គឺ​ប្រើ​សារធាតុ​ត្រជាក់​ខ្លាំង​ទៅ​សម្លាប់​កោសិកា​មហារីក ដោយ​សារធាតុ​ទាំង​នោះ​មាន ​​ដូច​ជា នីត្រូហ្សែន ដាក់​នៅ​ក្បែរ​ដុំ​ម​ហារីក។ ពេល​កោសិកា​កក គ្រូពេទ្យនឹង​ដក​សារធាតុ​នោះ​ចេញ ក្រោយ​មក​កោសិកាមហារីក​នឹង​រលាយ។ ធ្វើ​បែប​នេះជា​ច្រើន​ដង ​ទើប​អាច​សម្លាប់​កោសិកា​បាន​ទាំង​ស្រុង។

– ការ​ព្យាបាល​ដោយ​កម្តៅ (Thermotherapy)៖ ​ប្រើ​កម្តៅ​ទៅ​សម្លាប់​កោសិកា​មហារីក​តាម​រយៈ​រលក​សម្លេង ដែក​អគ្គីសនី ឬបាញ់​ឡាហ្សែ​ជា​ដើម។

– វះកាត់៖ ប្រសិន​ជា​ដុំ​នោះ​ធំ​ពេក​ មិន​អាច​ប្រើ​វិធី​ខាង​លើ​បាន គ្រូពេទ្យ​នឹង​សម្រេច​ធ្វើ​ការ​វះកាត់​ចេញ​តែ​ម្តង។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់​រស់​នៅ

ការ​ផ្លាស់​ប្តូរ​ការ​រស់​នៅ ​និង​វិធីព្យាបាល​នៅ​ផ្ទះ ​អាច​ជួយ​យើង​គ្រប់គ្រង​ស្ថាន​ភាព​ជំងឺ​បាន​ដូច​ជា៖

– ក្មេង​តូច​ៗ​មិន​ដឹង​ខ្លួន​​កំពុង​ឈឺ ​ឬ​កំពុង​ទទួល​ការ​ព្យាបាល​ទេ អ៊ីចឹងដើម្បី​ជួយ​អាអូន​សម្រប​ខ្លួន​ជា​មួយ​ស្ថានភាព​នេះ​បាន ប៉ាម៉ាក់​ ត្រូវ​រក្សារទម្លាប់​ប្រចាំ​ថ្ងៃ​របស់អាអូន​តាម​អាច​ធ្វើ​បាន។

– ព្យាយាម​ណាត់​ពេទ្យ​នៅ​ពេល​អាអូន​គេង​ថ្ងៃ​គ្រប់គ្រាន់ ឲ្យ​ញ៉ាំ​អាហារ​បាន​ទៀងទាត់ អនុញ្ញាត​ឲ្យ​អាអូន​លេង​អ្វី​ចង់​លេង។

– ដើម្បី​ដឹង​ពី​វិធីសាស្ត្រ​លួង​លោម​អាអូន​ក្នុង​តំណាក់​កាល​ព្យាបាល​ អាច​សុំ​យោបល់​ពី​គ្រូពេទ្យ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 20, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 28, 2019

អ្នកអាចចូលចិត្ត