Right-Sided Chest Pain (បញ្ហា​ឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ​)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​ជា​បញ្ហា​​ឈឺចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ?

ប្រអប់​ទ្រូង ​គឺ​ជា​កន្លែង​ផ្ទុក​សរីរាង្គ ​និង​ជាលិកា​ផ្សេង​ទៀត អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ និង​របួស បណ្តាល​​ឲ្យ​ឈឺ​ចាប់​។ បញ្ហា​​ចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ ​អាច​កើត​ឡើង​ដោយសារ​មូលហេតុ​ជា​ច្រើន។

២- បញ្ហាឈឺ​​ចុក​ទ្រូង​ផ្នែកខាង​ស្ដាំ​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ?

បញ្ហាឈឺ​ចុក​ទ្រូង​ផ្នែក​ខាងស្តាំ គឺ​ជួប​ប្រទះ​ជា​ញឹក​ញាប់​ណាស់ អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ​ទាំងប្រុស ទាំង​ស្រី។ យ៉ាង​ណា​ យើង​អាច​គ្រប់​គ្រង​ជំងឺ​ បាន​ប្រសិន​បើ​យើង​បន្ថយ​កត្តាប្រឈម។

៣- រោគ​សញ្ញាបញ្ហាឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្តាំ

បញ្ហាឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្តាំ អាច​លេច​ចេញ​រោគ​សញ្ញា​ច្រើន ខណៈរោគសញ្ញា​ឧស្សាហ៍​ប្រទះ​ឃើញ​ញឹក​ញាប់​បំផុត​មាន​ដូច​ជា៖

– ហត់
– ក្ដៅ​ខ្លួន
– ក្អក​រ៉ាំរ៉ៃ
– ស្អកក
– ក្រហាយ​ចុង​ដង្ហើម
– ស្រក​ទម្ងន់
– ខាន់​លឿង
– ចង្អោរ ​ឬ​ក្អួត
– ញ័រ​ទ្រូង
– ស្រាល​ក្បាល
– ភើ។

មូលហេតុបង្ក

៤- អ្វី​ជា​មូល​ហេតុ​បង្ក​ឲ្យ​ឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ​?

មូលហេតុ​បង្កឲ្យ​មាន​បញ្ហាឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្តាំ អាច​មាន​ច្រើនដូចជា៖

– ​បញ្ហា​សរសៃ​ឈាមបេះដូង៖ លក្ខខណ្ឌ​សរសៃ​ឈាម​បេះ​ដូង​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​មាន​បញ្ហាឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្តាំ ដូចជា៖

  • ជំងឺ​សរសៃឈាមបេះ៖ ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ ជំងឺ​បេះដូង​ គឺ​អាច​បង្ក​ឲ្យ​មាន​អាការ​ៈចុក​ទ្រូង​ទាំង​សង​ខាង ​ឬ​តែ​ម្ខាង។ ភាគ​ច្រើន​នៃ​ជំងឺ​ កើត​លើ​បេះដូង​ខាង​ស្ដាំ។
  • ជំងឺ​រលាក​ស្រោម​បេះដូង៖ នេះ​ជា​ការ​រលាក​ស្រោម​បេះដូង ​ដែល​ជា​ថង់​ការពារ​បេះដូង​។ អាច​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ដូចជា​ការ​ក​រោគ​ ការ​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​មហារីក ជំងឺ​តម្រង​នោម ​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង ដូចជា ជំងឺ​រលាក​សន្លាក់​ជាដើម។ ជំងឺ​នេះ ច្រើន​ជួប​ប្រទះ​លើ​អ្នក​ជំងឺ ​ធ្លាប់​មាន​ការ​គាំង​បេះដូង​ពី​មុន​មក​។ ការ​ឈឺ​ចាប់ ​ច្រើន​ចាប់​ផ្ដើម​ពី​ចំណុច​ណាមួយ ​ហើយ​កាន់​តែ​ឈឺ​ខ្លាំង​នៅ​ពេលដក​ដង្ហើម​ចូល។
  • ជំងឺ​រហែកដាច់សរសៃ​ឈាមអាអក៖​ កើត​ឡើង​ពេល​មាន​ការ​ដាច់​រហែក​ស្រទាប់​សរសៃ​អាអក​ បណ្ដាល​ឲ្យ​មាន​ឈាម​ហូរ​ចូល ​និង​រហែក​សរសៃ​ជាដើម​។ អាការៈ​ឈឺ​ចាប់​ ខ្លាំង ​និង​ធ្ងន់ធ្ងរ​ភ្លាម​ៗ​​ និងដូចគេចាក់ ភាគ​ច្រើន​គេ​​ប្រដូច​ទៅ​ការឈឺចាប់​ដាច់​រហែក។ ​បាត់​ស្មារតី​ ​ក៏​អាច​កើត​ឡើងភ្លាម​ៗ ហើយ​មិន​មាន​គ្រោះ​ថ្នាក់​នោះ​ទេ សម្រាប់​អ្នក​ជំងឺ​លើស​ឈាម​ និង​មាន​ជំងឺ​វិបត្តិ​ជាលិកាតភ្ជាប់ ដូចជា ជំងឺ Marfan Syndrome (ជំងឺ​ហ្សែន​ពាក់​ព័ន្ធ​ជាលិកា​តំណភ្ជាប់)។

– ​ជំងឺ​សួត៖ សួត​​មាន​ ៣​ក្លែប រួមទាំង​ថង់​ស្រោប​សួត​ និងបណ្តាញកូនកណ្តុល សុទ្ធ​តែ​ឋិត​នៅ​ខាង​ស្ដាំ។ សួត​មិន​មាន​សរសៃ​ប្រសាទ​វិញ្ញាណនោះ​ទេ​ តែយើងនៅ​តែ​អាច​មាន​អារម្មណ៍​ឈឺចាប់​ ដោយ​សារមូលហេតុ​ផ្សេង​ៗ​ មាន​ដូច​ជា៖

  • ដុំ​​សរសៃ​ឈាមកកក្នុង​សួត៖ នៅ​ពេល​មាន​ឈាម​កក​នៅ​ក្នុង​សរសៃ​ឈាម​ជើង ​ដាច់​ចេញ​ហើយ​ហូរ​ទៅ​ក្នុង​សួត​។ ក្នុង​ករណី​ដុំ​នោះ​ នឹង​ទៅ​កក​ស្ទះ​ផ្នែក​ខាងស្តាំ​​សួត បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់ ហើយការ​ឈឺ​ចាប់​ គឺ​កើត​ឡើង​ភ្លាម​ៗ​ និង​ដូចគេចាក់ ពិបាកដកដង្ហើម​ខ្លាំង។ បើ​កំណក​ឈាម​ធំ ​នឹង​បង្ក​ឲ្យ​មាន​ការ​បាត់​បង់​ស្មារតី​ភ្លាម​ៗ។ អ្នក​ជំងឺ​ អាច​មាន​ការ​ឈឺ​ចាប់​ ឡើង​ក្រហម ​និង​ហើម​ជើង​ទាំង​សង​ខាង ​ឬម្ខាង​ពេល​មាន​​ដុំ​ស្ទះ​ក្នុង​សរសៃ​ឈាម​សួត ហើយ​ជំងឺ​នេះ​ ​កើត​ឡើង​ញឹកញាប់​ណាស់ គឺ​មាន​ស្ទើរ​កន្លះ​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ នឹង​​អាច​ប៉ះពាល់​ដល់​ជីវិតប្រមាណ ​១០ ភាគរយ។ កត្តាបង្ក​​ មានដូចជា​ ជំងឺ​រ៉ាំរ៉ៃ សម្រាក​ពេទ្យ​យូរ​ក្រោយ​វះកាត់ ​និង​ការ​ធ្វើ​ដំណើរ​ប្រើ​រយៈពេល​អង្គុយ​យូរ​ ដូច​ជា ​ជិះ​យន្តហោះ​ និង​ឡាន​ជា​ដើម​។ យ៉ាងណាមិញ​ គ្នា​យើង​ខ្លះ​ទៀត ​ក៏​មិន​មាន​កត្តា​ប្រឈម​ជាក់​ស្ដែង​គួរ​ឲ្យ​កត់​សម្គាល់​ដូច​គ្នា។
  • មហារីក​សួត ដុំ​ក្នុង​សួត ​ឬ​ស្រោម​សួត​ ឬ​តាម​បណ្តាញកូនកណ្តុល អាច​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ផ្នែក​ខាង​ស្ដាំ​ទ្រូង។ ស្ទើរ​តែ​ពាក់​កណ្ដាលអ្នក​ជំងឺ​ទាំង​អស់​មាន​ការ​ឈឺ​ចាប់​ក្នុង​ទ្រូង​ តាម​ឆ្អឹង​ស្លាប​ប្រចៀវ​ ឬ​នៅ​ចន្លោះ​ឆ្អឹង​តែ​ម្ដង ខ្លះ​អាច​លើ​ឆ្អឹង​ មុន​ពេល​មាន​មហារីក។ រោគ​សញ្ញា​ផ្សេង​ទៀត ​មាន​ដូចជា ​ហត់ ក្អក​រ៉ាំរ៉ៃ ហើយ​ដោយ​សារ​តែ​ មហារីក​សួត​ ទម្រាំ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន គឺ​ដល់​ដំណាក់​កាល​ចុង​ក្រោយទៅ​​ហើយ ​ដូចនេះ​ពេល​មាន​ការ​ចុក​ទ្រូង ​មិន​មាន​មូលហេតុ​ត្រូវ​ប្រញាប់​ទៅ​ពិនិត្យ។
  • ដុំ​ផ្សេង​ៗ៖ ដុំ​ផ្សេង​ទៀត​ ក្រៅ​ពី​មហារីក ក៏​អាច​កើត​ឡើង​ក្នុង​ប្រអប់​ទ្រូង​ ដូច​ជា ​ដុំ​ទឹក​រងៃ ការ​រាល​ដាល​ពី​មហារីក​ដទៃ​ទៀត​ ដូចជា ​មហារីក​សុដន់​ និង​ពោះវៀន​ធំ ​ជាដើម​។
  • រលាក​សួត៖ ការ​ករោគ​ក្នុង​សួត​ អាច​ធ្វើ​ឲ្យ​មាន​ការ​ចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ​ ហើយ​អាច​ជួន​មាន​ជួន​អត់​ នូវ​សញ្ញា​ក្ដៅ​ខ្លួន​ និង​ក្អក។
  • ខ្យល់​ដក់​ក្នុង​សួត​៖ នៅ​ពេល​​សួត​មាន​ខ្យល់​ដក់​ក្នុង​ស្រោម​ ការ​ឈឺ​ចាប់​ផ្នែក​ខាង​ស្ដាំ​នឹង​កើត​មាន​ឡើង។
  • ទឹក​ដក់​ក្នុង​ស្រោម​សួត៖ ជំងឺ​នេះ​ កើត​ដោយ​សារ​ទឹក​ដក់​ក្នុង​ចន្លោះ​ស្រោម​​នៅ​ជុំវិញ​សួត​ អាច​បង្ក​មក​ពី​មូលហេតុ​ជា​ច្រើន​ ហើយ​ពេល​មាន​ទឹក​ដក់​តិច ​អាច​មាន​ការ​ឈឺ​ចាប់​តិច​តួច​ តែ​បើ​មាន​ច្រើន​នោះ អាការៈ​​ពិបាក​ដកដង្ហើម​ នឹងលេច​មាន​ឡើង។ ​បើ​ប្រៀបធៀប​ជា​មួយ​មហារីក​សួត ​និង​មហារីក​សុដន់ មហារីក​ឈឺ​ចាប់​ជាង​គេ​ គឺ​មហារីក​ស្រោម​សួត​នេះ​ឯង។
  • រលាក​ស្រោម​សួត៖ បញ្ហា​រលាក​ស្រោម​សួត ច្រើន​កើត​លើ​ផ្នែក​ខាង​ស្ដាំ​​សួត​ ហើយ​ការ​ឈឺ​ចាប់​នឹង​កើន​ឡើង​ពេល​ដក​ដង្ហើម​ចូល​ និង​ពេល​ខ្លះ​អាច​មាន​អារម្មណ៍​រមាស់​ជា​ដើម​។

– បញ្ហា​​ក្រពះ​ពោះ​វៀន៖ លក្ខខណ្ឌ​មិន​ធម្មតា​ ​អាច​កើត​មាន​លើ​បំពង់​អាហារ​ ឬ​សរីរាង្គ​ផ្សេង​ៗ ​នៅ​ផ្នែក​ខាង​ស្ដាំ​ ដូចជា​ថង់​ទឹក​ប្រមាត់​ និង​ថ្លើម​ជាដើម​ អាច​បង្ក​ឲ្យ​មាន​បញ្ហា​ឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ​។ លក្ខខណ្ឌ​ទាំង​អស់​នោះ​ មាន​ដូច​ជា​៖

  • ជំងឺ​ច្រាល​ទឹក​ក្រពះ​​៖ ជំងឺ​នេះ ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ក្រហាយ​ចុង​ដង្ហើម ​និងពិបាក​រំលាយ​អាហារ​ ហើយ​ពេល​ខ្លះ អាច​ចុក​ទ្រូង​ខាង​ស្ដាំ​ផង​ដែរ។
  • ស្ទះ​បំពង់​អាហារ​ដោយ​សារ​វត្ថុ​អ្វី​មួយ​៖ ពេល​ខ្លះ ​យើង​អាច​មើល​រំលង​​មូលហេតុ​នេះ​ ដូចនេះ​ បើ​មាន​រោគ​សញ្ញា​ពេល​ញ៉ាំ​អាហារ​ ពិសេស​​ញ៉ាំ​សាច់ ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។
  • គាំង​បំពង់​អាហារ៖ ជំងឺ​នេះ​ អាច​បង្ក​ឲ្យ​មាន​ការឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ​ ដោយ​អាការៈ​ឈឺ​ចាប់​ ​អាច​មាន​ការ​ច្រឡំ​ជាមួយ​ជំងឺ​បេះ​ដូង​ផ្សេង​ទៀត​ ប៉ុន្តែ​អាច​នឹង​ធូរ​ស្រាល​ដោយ​ប្រើ​ថ្នាំ​នីត្រូគ្លីសេរីន​ (បំបាត់ការចុកទ្រូង)។
  • ជំងឺ​ថង់​ទឹក​ប្រមាត់៖ ទាំង​ក្រួស​ទឹក​ប្រមាត់​ រលាក​បំពង់​ទឹក​ប្រមាត់ ​និង​ការ​បង្ករោគ​ក្នុង​ថង់​ទឹក​ប្រមាត់​ សុទ្ធ​តែ​អាច​ឲ្យ​មាន​បញ្ហា​ឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ​។ អាការៈ​ចុក​ចាប់​នេះ ​អាច​រាល​ទៅ​ខ្នង​ និង​ស្មា​ខាង​ស្ដាំ។
  • រលាក​លំពែង៖ ជំងឺ​នេះ ​មាន​ការ​ឈឺ​ចុកចាប់​ខ្លាំង​ពេល​ដេក​ និង​ធូរ​ស្រាល​ពេល​ងើប​អង្គុយ។ គ្នា​យើង​​មាន​ជំងឺ​ទឹកនោម​ផ្អែម​ និង​អ្នក​ផឹក​ស្រា​ច្រើន ​អាច​មាន​ហានិភ័យ​ខ្ពស់​ជាង​គេ។
  • ជំងឺ​ដំបៅ​ក្រពះ ឬរលាកក្រពះ ជំងឺ​នេះ ​អាច​បង្ក​ការ​ឈឺ​ចាប់ ​ដូច​ចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ​ដែរ ​តែ​ភាគ​ច្រើន​ ​វា​កើត​នៅ​ខាង​ឆ្វេង​ច្រើន​ជាង ហើយអាការៈ​ឈឺ​ចាប់ ​ច្រើន​បាត់​ទៅ​វិញ​ពេល​ញ៉ាំ​អាហារ។
  • ជំងឺ​ថ្លើម៖ រលាក​ថ្លើម ក្រិន​ថ្លើម និង​ដុំ​ថ្លើម​​បង្ក​មកពី​មហារីក​ផ្សេង​ៗ ​អាច​បង្ក​ឲ្យ​មាន​ការ​ចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ។ ពេល​ខ្លះ​ អាច​លាយ​ឡំ​ជាមួយ​ខាន់​លឿង​ ​កើត​មាន​លើ​ស្បែក​ និង​គ្រាប់​ភ្នែក។

– ជំងឺ​ឆ្អឹង​ និង​សាច់​ដុំ៖ នៅ​ពេល​មាន​ការ​ប៉ះ​ទង្គិច ​ឬ​បាក់​បែក​ខូច​ខាត​លើ​ជាលិកា​ទន់​ និង​សាច់​ដុំ​ ក៏​ដូចជា​សរសៃ​ពួរ ​គឺ​អាច​បង្ក​ឲ្យ​មាន​អាការៈឈឺទ្រូងផ្នែក​ខាង​ស្តាំ ដោយ​ជំងឺទាំង​នោះ​មាន​ដូច​ជា៖

  • ជំងឺ​រលាក​ឆ្អឹង​ខ្ចី៖ ជំងឺ​នេះ​ ​បណ្ដាល​មក​ពី​​រលាក​កោសិកា​ឆ្អឹង​ខ្ចី​ ​នៅ​លើ​ចុង​ឆ្អឹង​ជំនីរ ​ជាប់​នឹង​ឆ្អឹង​សន្ទះ​ទ្រូង​។ វា​កើត​ឡើង​ដោយ​សារ​ មាន​ការ​ប៉ះ​ទង្គិច​ដដែល​ៗ ដូច​នេះ​គ្នា​យើង​មាន​ជំងឺ​ មិន​អាច​ដឹង​ថា​ មួយ​ណា​ជា​គ្រោះ​ថ្នាក់​ពិត​ប្រាកដ​នោះ​ទេ។ ជំងឺ​នេះ នឹង​ធ្វើ​ឲ្យ​​កាន់​តែ​ឈឺ​ចាប់​ ពេល​បញ្ចេញ​សកម្មភាព ​និង​ដក​ដង្ហើម​ចូល ក៏​ដូច​ជា​​មាន​ការ​ឈឺ​ចាប់​ពេល​សង្កត់​លើ​ចន្លោះ​ឆ្អឹង​ជំនីរ​ និង​សន្ទះ​ទ្រូង។ ករណី​កម្រ ​ជំងឺ​ Tietze’s syndrome ​ដែល​មាន​ការ​ហើម​ដូច​គ្នា​ តែ​ប៉ះពាល់​លើ​ឆ្អឹង​ជំនីរ​តែ​មួយ​។
  • យារ​សាច់​ដុំ​៖ ជា​ជំងឺ​មួយ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ​។ អ្នក​មាន​ជំងឺ​នេះ​ភាគ​ច្រើន ​សុទ្ធ​តែ​ជាមនុស្ស​​លី​សែង​វត្ថុ​ធ្ងន់​ៗ ​និង​ហាត់​ប្រាណ​ខ្លាំង​ពី​មុន​មក​។
  • ឈឺ​ជញ្ជាំង​ទ្រូង៖ អាច​បង្ក​ពី​បញ្ហា​ច្រើន​ប្រភេទ​ ដូចជា រលាក​សាច់​ដុំ​រឹង​ ការ​បាក់​ឆ្អឹង​ដោយសារ​ស្ត្រេស ​និង​ជំងឺ​កោសិកា​ឈាមរាង​កណ្ដៀវ។
  • បញ្ហា​លើ​ឆ្អឹង​កង​ក ​និង​ទ្រូង៖ មាន​ដូច​ជា​ ជំងឺ​លៀនទ្រនាប់ឆ្អឹងកង​សង្កត់​សរសៃ​ឆ្អឹង​ខ្នង​ អាច​មាន​​ការ​ឈឺចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ​ ឬ​អាច​ឈឺ​តាម​ទីតាំង​ដែល​​សង្កត់​ទៅ​លើ​សរសៃវិញ្ញាណ។ ពេល​ខ្លះ​មហារីក ​ដែល​រាល​ដាល​ដូចជា ​មហារីក​សុដន់ មហារីកសួត និង​ដុំ​សាច់ផ្សេង​ទៀត​ដែល​កើត​លើ​ឆ្អឹង​កង​ខ្នង ​ក៏​អាច​បង្ក​ឲ្យ​មាន​​ការ​ចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ​ដែរ។

មូលហេតុ​ផ្សេង​ៗ​ទៀត

– ជំងឺ​រើម​៖ កើត​ឡើង​ក្រោយ​ពី​ចេញ​អ៊ុត​ស្វាយ​រួច​ នៅ​ពេល​​វីរុស​នោះ​ ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ម្ដង​ទៀត​ក្នុង​ខ្លួន​យើង។ វីរុស​អាច​​ពួន​សម្ងំ​ក្នុង​សរសៃ​ប្រសាទ​ ​ទៅ​បញ្ជា​ទ្រូង​ខាង​ស្ដាំ​ និង​បង្ក​ជា​​ការ​ចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ​ អាច​មាន​លេច​​ចេញ​រមាស់​តាម​ខ្សែ​​ទឹក​រងៃ​ ជា​សញ្ញាងាយ​កំណត់​រោគ​វិនិច្ឆ័យ​។ ប៉ុន្តែ​បើ​អាការៈ​​ឈឺ​ចាប់ បើ​ចេញ​មុន​រមាស់​ ​បណ្ដាល​ឲ្យ​ការ​ពិបាក​កំណត់​ណាស់។

– ដុំ​ក្នុង​ចន្លោះ​ប្រអប់​ទ្រូង៖ ដុំ​ដែល​កើត​មាន​នៅ​តំបន់​នេះ​ ដូចជា​ ការ​រីក​កូន​កណ្ដុរ​ អាច​បង្កឲ្យ​មាន​អា​​ការៈ​ចុក​ទ្រូង​ទាំង​សង​ខាង​ ប៉ុន្តៃ​ក៏​អាច​កើត​មាន​តែ​ផ្នែក​ខាង​ស្ដាំ​ដែរ។ ដុំ​កូន​កណ្ដុរ​រីក​ធំ​ អាច​បណ្តាល​មក​ពី​ជំងឺ​ Hodgkin និង ​non-hodgkin ក៏​ដូច​ជា​ការ​រាល​ដាល​នៃ​មហារីក​សួត ​ឬ​មហារីក​សុដន់​។ លើស​ពី​នេះ​ទៅ​ទៀត​ ការ​រីក​ធំ​ក្រពេញទីមុស​ គីស​ក្នុង​សួត ​និង​ដុំ​សាច់ស្លូត​ផ្សេង​ទៀត​ សុទ្ធ​តែ​អាច​កើត​មាន​ក្នុង​តំបន់​នេះ។

– ឈឺ​សុដន់៖ បើ​សិន​ជា​ការ​ឈឺ​ចាប់​ជ្រៅ​ក្នុង​សុដន់ ​អាច​បង្ក​ឲ្យ​មានអា​​ការៈឈឺចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ​ដែរ។
– ជំងឺ​ថប់​បារម្ភ​ និង​ជំងឺ​ស្លន់​៖ ៤០%​ នៃ​អ្នក​ជំងឺ​ស្លន់​ ​សុទ្ធ​តែ​មាន​អាការៈឈឺ​​ចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ​ នៅ​ពេល​ណា​មួយ​ហើយ​ការ​ឈឺ​ចាប់​បែប​នេះ ​ភាគ​ច្រើន​មូលហេតុ​​បណ្ដាល​មក​ពី​អ្វី​មួយ​កើត​ឡើង​ក្នុង​តំបន់​នោះ។ ពេល​ខ្លះ​ទៀត​ អ្នក​ជំងឺ​ផ្លូវ​ចិត្ត​បែប​នេះ​ អាច​មាន​អាការ​ភ័យ​ខ្លាច​បាត់​បង់​ជីវិត​ ដោយសារ​ឈឺ​ទ្រូង​ទៀត​ផង។

មូលហេតុ​ទាំង​អស់​ខាង​លើ ​គឺ​ឧស្សាហ៍​ជួប​ប្រទះ​។ សូម​ទាក់​ទង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ បើ​ចង់​ដឹង​ពី​រោគ​វិនិច្ឆ័យ​ឲ្យ​ច្បាស់។

កត្តប្រឈម

៥- កត្តា​ប្រឈម​បញ្ហា​ឈឺចុក​ទ្រូង​ផ្នែក​ខាង​ស្តាំ​មាន​អ្វី​ខ្លះ?

មាន​កត្តា​ហានិភ័យ​មួ​យ​ ឬ​ច្រើន​ បាន​រៀបរាប់​នៅ​ផ្នែក​ខាង​លើ សុទ្ធ​តែ​​អាច​បង្ក​ឲ្យ​មា​នបញ្ហា​ឈឺ​ចុក​ចាប់​​ប្រអប់​ទ្រូង។ សូមពិភ្សា​ជាមួយ​គ្រូពេទ្យ សម្រាប់​ព័ត៌មាន​បន្ថែម។

អត្ថបទ​ពាក់ព័ន្ធ៖

ពេល​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ

៦- គួរ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា?

ត្រូវទៅ​ជួប​គ្រូពេទ្យ​ ពេល​យើង ឬ​នរណា​ម្នាក់ មាន​សញ្ញា​ដូចជា​ ចុក​ទ្រូង​ទោះ​នៅ​តំបន់​ណា​ក៏​ដោយ​។ ត្រូវ​ប្រាប់​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​ទៅ​គ្រូពេទ្យ ព្រោះ​មាន​ការ​ពន្យល់​ជា​ច្រើនពាក់ព័ន្ធ​អាការៈ​ចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ​នេះ​ ដែល​មិន​តម្រូវ​ការ​សង្គ្រោះ​បន្ទាន់ ហើយ​ក៏​មាន​មួយ​ចំនួន​ ​ត្រូវ​ការ​ការ​សង្គ្រោះ​បន្ទាន់​ដែរ​ បើ​ស្ថិត​ក្នុង​ករណី​ដូចជា​៖

– ឈឺ​ទ្រូង​ភ្លាម​ៗ​ និង​ខ្លាំង​តែ​ម្ដង
– ឈឺ​ដូច​គេ​សង្កត់​ជាន់​លើ​ទ្រូង
– ចុក​ទ្រូង និង​ពិបាក​ដកដង្ហើម​
– ឈឺ​ចុក​រាល​ទៅ​ចង្កា ​និង​ដើមដៃ
– ចុក​ទ្រូង​ ​វិលមុខ ​និង​ខ្សោយ
– បាត់​ស្មារតី​ជា​ដើម​

រាងកាយ​របស់​មនុស្ស​ម្នាក់​ៗ​ អាច​នឹង​ឆ្លើយ​តប​ផ្សេង​ៗ​ពី​គ្នា ​ដូច​នេះ​បើ​មាន​អ្វី​មិន​ច្បាស់​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

ផ្លាស់​ប្តូរទម្លាប់រស់នៅ

៧- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– សម្រាក​ឲ្យ​ស្រួល ​ដោយ​កល់​ក្បាល​ឲ្យ​ខ្ពស់​បន្តិច
– បើ​ជា​មាន​ថ្នាំ​អាស្ពីរីន​ អាច​ទំពា ​(ក្នុង​ករណី​គ្មាន​ប្រតិកម្ម)​ តែ​កុំ​លើស​ពី​មួយ​គ្រាប់​ ព្រោះ​អាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ផ្សេង​ទៀត យើ​ង​មិន​ចង់​បាន​។
– បើ​ចុក​ទ្រូង​បែប​ជំងឺ​បេះដូង​ពីមុន ​ត្រូវ​ស្ដាប់​តាម​ការ​ណែនាំពីគ្រូពេទ្យ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 29, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 28, 2019

ប្រភព