Seizures (ប្រកាច់)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

អ្វី​ទៅ​ជា​ការ​ប្រកាច់?

ការ​ប្រកាច់​ គឺ​ជា​ដំណើរ​ការ​មិន​ប្រក្រតី​ភ្លាម​ៗ​នៃ​ចរន្ត​អគ្គិសនី​នៅ​ក្នុង​សរសៃ​ប្រសាទ​ខួរក្បាល​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​លើ​អត្តចរិត​ ចលនា​ អារម្មណ៍ ​និង​ស្មារតី​​ជំងឺ។ ​​បើ​​​ប្រកាច់​លើស​ពី​ ២ ​ដង​ ​ឬ​មាន​ទំនោរ​ទៅ​រក​ការ​ប្រកាច់ដដែលៗ​ហើយ​នោះ​ អ្នក​អាច​មាន​ជំងឺ​ស្កន្ទ ​(ឆ្កួតជ្រូក) ហើយ។ ប្រកាច់​មាន​ច្រើន​បែប​ច្រើន​សណ្ឋាន​ ហើយ​កំណត់​ទៅ​តាម​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​ ក៏​ដូច​ជា​មូលហេតុ​ដែល​វា​កើត​ឡើង​ក្នុង​ខួរ​ក្បាល។ ជាទូទៅ​ ការ​ប្រកាច់​ដែល​គេ​ជួប​ប្រទះ​ គឺ​មាន​រយៈពេល​ ៣០ ​វិនាទី​ ក្នុង​ករណី​ដែល​លើស​ពី​ ៥ នាទី​ គឺ​តម្រូវ​ឲ្យ​មាន​សង្គ្រោះ​បន្ទាន់​។

ប្រកាច់ដោយសារ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ ការ​ប៉ះ​ទង្គិច​ខួរក្បាល ​និង​ការ​បង្ក​រោគ​ ដូច​ជា ​រលាក​ស្រោម​ខួរ ​និង​ជំងឺ​ផ្សេង​ទៀត​ សុទ្ធ​តែ​អាច​បង្ក​ឲ្យ​មាន​ការ​ប្រកាច់ ​ហើយ​ភាគ​ច្រើន​ គឺ​មិន​អាច​កំណត់​មូលហេតុ​បាន​នោះ​ទេ។ ដើម្បី​គ្រប់​គ្រង​ការ​ប្រកាច់​នេះ​ គេ​អាច​ប្រើ​ថ្នាំ​ដើម្បី​សម្រួល​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជំងឺ។ មួយ​វិញ​ទៀត​ អ្នក​ជំងឺ​អាច​ពិគ្រោះ​ និង​ពិភាក្សា​ជាមួយ​អ្នក​ផ្ដល់​សេវា​សុខភាព​របស់​អ្នក​អំពី​គ្រប់​គ្រង​ស្ថានភាព​ជំងឺ​ និង​ផល​ប៉ះពាល់​ផ្សេង​ៗ​អំពី​ថ្នាំ​ព្យាបាល​បាន​។

តើ​ការ​ប្រកាច់​ឧស្សាហ៍​ជួប​ប្រទះ​ដែរ​ឬ​ទេ?

គេ​ជួប​ប្រទះ​ជា​ញឹកញាប់​ណាស់​ ហើយ​អាច​កើត​លើ​អ្នក​ជំងឺ​គ្រប់​ភេទ​ និង​គ្រប់​វ័យ ទាំង​ចាស់​ទាំង​ក្មេង ​​ប៉ុន្តែ​គេ​អាច​គ្រប់​គ្រង​ និង​បន្ថយ​កត្តា​ហានិភ័យ​​បាន។ ​សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​ជំនាញ​ដើម្បី​បាន​ព័ត៌មាន​បន្ថែម​។

រោគសញ្ញា

ក្នុង​ករណី​សញ្ញា​មួយ​ចំនួន​អាច​កើត​មាន​ មុន​ពេល​ប្រកាច់​ដូចជា៖

  • ភ័យ​ភ្លាម​ៗ​ និង​មាន​ការ​ថប់​បារម្ភ
  • មាន​អារម្មណ៍​ឈឺ​ចុកចាប់​ពោះ​
  • វិលមុខ
  • ព្រិល​ភ្នែក
  • កន្ត្រាក់​ដៃ​ជើង​ភ្លាម​ៗ​
  • មិន​មាន​អារម្មណ៍​ក្នុង​ខ្លួន
  • ឈឺ​ក្បាល​ជាដើម​។

សញ្ញា​ដែល​ថា​ការ​ប្រកាច់​នឹង​កើត​មាន​ភ្លាម​ៗ៖

  • បាត់​ស្មារតី ​និង​វង្វេង​វង្វាន់
  • មិន​អាច​គ្រប់​គ្រង​ចលនា​សាច់​ដុំ​បាន
  • ហៀរ​ទឹក​មាត់
  • ដួល​សន្លប់
  • មាន​អារម្មណ៍​ថា​ជូរ​មាត់​មិន​ដឹង​មូលហេតុ
  • សង្កៀត​ធ្មេញ
  • ខាំ​អណ្ដាត
  • ញាក់​ភ្នែក
  • រអ៊ូ​ងូងៗ
  • មាន​អារម្មណ៍​ឆេវឆាវ
  • មិន​អាច​ទប់​នោម​ និង​លាមក​ខ្លួន​ឯង​បាន។

មូលហេតុ

មូលហេតុ​នៃ​ការ​ប្រកាច់​មក​ពី​អីខ្លះ?

ទំនាក់​ទំនង​នៃ​ប្រព័ន្ធ​ប្រសាទ​ គឺ​ធ្វើ​ឡើង​ដោយ​សារ​ការ​ផ្លាស់​ប្ដូរ​ចរន្ត​អគ្គិសនី​ក្នុង​កោសិកា​សរសៃ​ប្រសាទ​នីមួយ​ៗ ​ប្រសិន​បើ​មាន​ការ​រាំង​ស្ទះ ​ឬ​រំខាន​ណាមួយ​ហើយ ​គឺ​អាច​បង្ក​ជា​ការ​ប្រកាច់​​។ មូលហេតុ​ដែល​គេ​ច្រើន​ជួប​ប្រទះ ​គឺ​ជំងឺ​ស្កន្ទ ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា​គ្រប់​អ្នក​ដែល​ប្រកាច់​ទាំង​អស់​សុទ្ធ​តែ​មាន​ជំងឺ​ឆ្កួត​ជ្រូក​ទេ។ មូលហេតុ​ផ្សេង​ទៀត​មាន​ដូច​ជា៖

  • ក្ដៅ​ខ្លួន​ខ្លាំង​ ឬ​រលាក​ស្រោម​ខួរ​ក្បាល
  • គេង​មិន​គ្រប់​គ្រាន់
  • ខ្វះ​ជាតិ​សូដ្យូម​ក្នុង​ឈាម ​(ការ​ប្រើ​ថ្នាំ​បញ្ចុះ​ទឹក​នោម​ច្រើន​ពេក)
  • ថ្នាំ​ផ្សេង​ៗ ​ដូចជា​ ថ្នាំ​បំបាត់​ការ​ឈឺចាប់ ថ្នាំ​បាក់​ទឹក​ចិត្ត ការ​ព្យាបាល​ជំងឺ​ញៀន​បារី​គឺ​អាច​បន្ថយ​ការ​ប្រកាច់​
  • ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​ដែល​អាច​បង្ក​ជា​ការ​ហូរ​ឈាម​ក្នុង​ប្រអប់​លលាដ៍​ក្បាល
  • ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល
  • មហារីក​ខួរក្បាល
  • ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ (អំហ្វេតាមីន​ និង​កូកាអ៊ីន)
  • ផឹក​ស្រា​ច្រើន ​និង​អ្នក​ដែល​មាន​ជំងឺ​ញៀន
  • វា​អាច​បង្ក​ពី​បញ្ហា​ដទៃ​ផ្សេង​ទៀត​ ដូចនេះ​បើ​ចង់​ដឹង​ពី​រោគវិនិច្ឆ័យ​ច្បាស់​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

កត្តា​ហានិភ័យ

កត្តា​ហានិភ័យ​អ្វី​ខ្លះ​ដែល​បង្ក​ឲ្យ​ទៅ​ជា​ប្រកាច់​បាន?

  • កើត​មិន​គ្រប់​គីឡូ
  • ធ្លាប់​ប្រកាច់​ពេល​មាន​អាយុ​មួយ​ខែ
  • មាន​បម្រែបម្រួល​ធម្មជាតិ​ពី​កំណើត​ទៅ​លើ​សាច់​ខួរក្បាល
  • មាន​ការ​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល
  • សរសៃ​ឈាម​ក្នុង​ខួរក្បាល​មិន​ល្អ
  • មាន​ការ​ប៉ះ​ទង្គិច​ខួរក្បាល​ធ្ងន់ធ្ងរ ​និង​ការ​ខ្វះ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​ខួរក្បាល
  • មហារីក​ខួរ​ក្បាល
  • ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល
  • ជំងឺ​ស្ពឹក​ខួរក្បាល
  • មាន​វិបត្តិ​ក្នុង​ការ​លូតលាស់​មិន​ប្រក្រតី​លើ​ភាព​វៃ​ឆ្លាត
  • ប្រកាច់​ក្រោយ​ពេល​មាន​ការ​ប៉ះ​ទង្គិច​ក្បាល
  • សមាជិក​ក្នុង​គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​ស្កន្ទ​ជ្រូក​ និង​ក្ដៅ​ប្រកាច់
  • ជំងឺ​បាត់​ការ​ចង​ចាំ
  • វិបត្តិ​អត្តចរិត ឬ​យើង​ហៅ​ថា​អូទីស្សឹម (Autism)
  • ក្ដៅ​ខ្លួន​ប្រកាច់​រយៈពេល​យូរ
  • ការ​ប្រកាច់​ជា​ញឹក​ញាប់​ដដែលៗ​ច្រើន​លើក​ច្រើន​សា
  • ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ប្រភេទ​កូកាអ៊ីន
  • ការ​ប៉ះ​ទង្គិច​ក្បាល​មធ្យម​ ដូច​ជា ​ការ​បាត់​ស្មារតី​មួយ​រយៈពេល​ខ្លី​ តែ​មិន​មែន​ស្កន្ទ​ជ្រូក​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ក៏​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​របស់​វា​ដែរ។
  • សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ បើ​មាន​ចម្ងល់។

ពេលដែលត្រូវ​ជួប​គ្រូពេទ្យ

​​ត្រូវ​មក​ជួប​គ្រូពេទ្យ​​​ពេល​ណា?

  • ប្រកាច់​លើស​ពី​ ៥ ​នាទី
  • បន្ទាប់​ពី​ប្រកាច់​ហើយ ​ពិបាក​ដក​ដង្ហើម ​ហើយ​ស្មារតី​មិន​ត្រឡប់​ដូច​ដើម
  • ការ​ប្រកាច់​លើក​ទី​២ ​កើត​ឡើង​ភ្លាម​ៗ​បន្ត​គ្នា
  • ក្ដៅ​ខ្លួន​ខ្លាំង
  • ក្ដៅ​ហួត​ហែង​អស់​កម្លាំង​
  • កំពុង​មាន​ផ្ទៃ​ពោះ
  • អ្នក​ជំងឺ​ទឹកនោម​ផ្អែម
  • មាន​របួស​ក្នុង​ពេល​ប្រកាច់
  • ប្រសិន​បើ​ទើប​តែ​ជួប​នឹង​ការ​ប្រកាច់​ដំបូង​ សូម​រួសរាន់​មក​ជួប​ពេទ្យ
  • រាងកាយ​របស់​មនុស្ស​ម្នាក់​ៗ​អាច​នឹង​ឆ្លើយ​តប​ជាមួយ​មេរោគ​ផ្សេង​ៗ​ពី​គ្នា​ ដូច​នេះ​បើ​មាន​អ្វី​មិន​ច្បាស់​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

ចំណេះដឹង​បន្ថែម

​​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ជួយ​ក្នុង​ពេល​មាន​ការ​ប្រកាច់?

  • ញ៉ាំ​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់​តាម​វេជ្ជបញ្ជា។ ក្នុង​ករណី​ចង់​ដូរ​កម្រិត​ថ្នាំ​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ
  • គេង​ឲ្យ​គ្រប់​គ្រាន់​ ព្រោះ​ថា​បើ​ដំណេក​មិន​បាន​ល្អ ​ក៏​បង្ក​ឲ្យ​មាន​ការ​ប្រកាច់​ដែរ
  • អាច​ទិញ​ខ្សែដៃ​វេជ្ជសាស្ត្រ​ដើម្បី​ស្ទង់​មើល​ និង​ជួយ​ក្នុង​ពេល​មាន​អាសន្ន​ និង​ជួយ​ប្រាប់​អ្នក​ថា​ពី​របៀប​ព្យាបាល​ឲ្យ​ត្រឹម​ត្រូវ​ ពេល​មាន​ការ​ប្រកាច់​លើក​ក្រោយ
  • ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​ដើម្បី​កាត់​បន្ថយ​ស្រ្តេស​។ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ក្រោយ​ពេល​អស់​កម្លាំង​ បន្ទាប់​ពី​ហាត់​ប្រាណ​រួច
  • ត្រូវ​ចេះ​កាត់​បន្ថយ​ស្ត្រេស ផឹក​ស្រា​ និង​​ជក់​បារី​ ធ្វើ​យ៉ាង​ណា​ឲ្យ​សុខភាព​ល្អ
  • មិន​ត្រូវ​ហែល​ទឹក​ និង​ជិះ​ទូក​ម្នាក់​ឯង​
  • ពាក់​មួក​សុវត្ថិភាព​ក្នុង​ពេល​ធាក់​កង់ ​ឬ​ហាត់​កីឡា​ផ្សេង​ៗ
  • ងូត​ទឹក​ផ្កា​ឈូក​ មិន​ត្រូវ​ត្រាំ​ទឹក​ប៊ែញ័រ​ទេ​ ព្រោះ​អាច​មាន​គ្រោះ​ថ្នាក់
  • សង្ហារិម​ក្នុង​ផ្ទះ​ត្រូវ​រៀប​ចំ​ឲ្យ​មាន​សុវត្ថិភាព​ ដោយ​មិន​ត្រូវ​ទិញ​របស់​ណា​ដែល​មាន​ជ្រុង​កែង​ស្រួច​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ទេ។ ត្រូវ​ក្រាល​ព្រំ​ក្រាស់​ៗ​ក្នុង​ផ្ទះ​ចៀសវាង​ការ​ដួល
  • មាន​ក្រដាស​ណែនាំ​ពី​ការ​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​នៅ​កន្លែង​ណា​ដែល​ងាយ​រក​សម្រាប់​អ្នក​សង្គ្រោះ​ ហើយ​ត្រូវ​ដាក់​លេខ​ទូរសព្ទ​ផង។

អត្ថបទពាក់ព័ន្ធ៖ ជំងឺ​មួយ​ចំនួន​ទៀត យើង​គួរ​ស្វែងយល់

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 10, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 13, 2019

អ្នកអាចចូលចិត្ត