backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Skin Cancer (មហារីក​ស្បែក​)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jan 28, 2019

និយមន័យ

១- អ្វី​ទៅ​ជា​មហារីក​ស្បែក?

បច្ចុប្បន្ន​មហារីក​ស្បែក ​ឧស្សាហ៍​ជួប​ប្រទះ​បំផុត ​គឺនៅ​ពេល​កោសិកា​ស្បែក​មាន​ការ​ប្រែប្រួល​លូត​លាស់​ខុស​ប្រក្រតី ពិសេស​ពេល​ប្រឈម​នឹង​ពន្លឺ​ព្រះអាទិត្យ​ច្រើន​ពេក។ កត្តា​ផ្សេង​ទៀត​ដូចជា​ជំងឺហ្សែន ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​កើត​ជា​មហារីក​ដែរ។ មហារីក​ប្រភេទ​នេះ​ចែក​ចេញជា​ ៣ ដូច​ជា៖

– មហារីក​កោសិកា​ស្រទាប់​ក្រោម​ស្បែក​ (Basal Cell carcinoma) ភាគ​ច្រើន​ដោយសារ​ប៉ះពាល់​ពន្លឺ​ព្រះអាទិត្យ ហើយ​អវយវៈ​ប៉ះពាល់​ញឹកញាប់​មាន ក​ និង​មុខតែ​ម្តង។

– មហារីក​កោសិកា​រំញ័រ (Squamous cell carcinoma) ទាក់ទង​ការ​ប៉ះពាល់​ពន្លឺ​ព្រះអាទិត្យ​ដូចគ្នា តែ​ភាគ​ច្រើន​លើ​គ្នាយើង​មាន​ស្បែក​ខ្មៅ។

– មហារីក​កោសិកា​បញ្ចេញ​ជាតិ​មេឡានីន (ពណ៍) កើត​ឡើង​គ្រប់​កន្លែង​លើ​ស្បែក។

២- កើតឡើងញឺកញាប់ដែរទេ?

មហារីក​ប្រភេទ​នេះ​ឧស្សាហ៍​ជួប​ប្រទះ​ណាស់ ប៉ុន្តែ​យើង​នៅ​តែ​អាច​កាត់​បន្ថយ​ហានិភ័យ​ប្រឈម​បាន។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- រោគ​សញ្ញា​​មាន​អ្វី​ខ្លះ?

​ពេល​​ស្បែកយើង​ប្រឈមកម្ដៅ​ថ្ងៃ​យូរ​ពេក តំបន់​មួយ​ចំនួន ​ដូចជា ស្បែក​ក្បាល មុខ​បបូរ​មាត់ ត្រចៀក ក ដើម​ដៃ ប្រអប់​ដៃ ជើង​  (ភាគ​ច្រើន​កើត​ចំពោះ​ស្រ្តី) អាចនឹង​កើត​មហារីក​ប្រភេទ​នេះ។​ ករណី​កម្រ ក៏​អាចកើត​​នៅ​លើ​បាត​ដៃ​ ក្រចក​ដៃ​ និង​ជើង ​ព្រម​ទាំង​តាម​ស្បែក​ប្រដាប់ភេទ​ជាដើម ​នឹង​បង្ក​ជា​រោគ​សញ្ញា​ដូចជា៖

– មហារីក​កោសិកា​ស្រទាប់​ក្រោម​ស្បែក​ អាច​កើត​នៅ​ម្ដុំ​ ក និង​មុខ ​លេច​ឡើង​ជា​ដុំ​ក្រមួន​រលោង ​ឬ​រាប​ស្មើ ពណ៌​សាច់ ​និង​ពណ៌​ត្នោត។

– មហារីក​កោសិកា​រំ​ញ័រ​ អាច​កើត​លើ​មុខ​ ត្រចៀក ​និង​ដៃ គ្នា​យើង​មាន​ស្បែក​ស្រគាំ​ ងាយ​កើត​មហារីក​ប្រភេទ​នេះ ​ពិសេស​នៅ​កន្លែង​មិន​ត្រូវ​កម្ដៅ​ក៏​អាច​មាន​ដែរ និងមាន​សណ្ឋាន​ជា​ដុំ​ពក​ ក្រហម​តូចៗ រាប​ស្មើ ជា​បន្ទះ ឬ​ដូច​ក្រមរ។

– មហារីក​កោសិកា​បញ្ចេញ​ជាតិ​មេឡានីន ​កើត​នៅ​គ្រប់​កន្លែង អាច​កើត​ឡើង​ថ្មី​ភ្លាម​ៗ ​ឬ​នៅ​លើ​ប្រជ្រុយ​ជាដើម។ អាច​លេច​ចេញ​ជា​ចំណុច​ពណ៌​ត្នោត​ក្រមៅ ឬ​ពពាលៗ​ ចំពោះ​ប្រជ្រុយ​វិញ​​អាច​ប្ដូរ​ពណ៌ ទំហំ​ និង​ងាយ​ហូរ​ឈាម។ មួយ​ទៀត​ អាច​លេច​ចេញ​ជា​ពណ៌​ក្រហម​ ខៀវ ទឹកប៊ិក ឬ​ក្រមៅ ​លើ​បាត​ដៃ បាត​ជើង ម្រាម​ដៃ ក្រចក​ដៃ ជើង ភ្នាស​កោសិកា​ក្នុង​មាត់ ច្រមុះ ទ្វារ​មាស ​និង​រន្ធគូទ​ជា​ដើម។

បើ​​សង្ស័យ ​ឬ​កត់​សំគាល់​ឃើញ​ថា​ស្បែក​យើង​មាន​ការ​ប្រែប្រួល​ខុស​ប្រក្រតី ​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​ព្រោះ​អាច​ជា​មហារីក។

៤- ពេលណាគួរទៅជួបពេទ្យ?

បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។

មូលហេតុបង្ក

៥- មូលហេតុបង្កមានអ្វីខ្លះ?

ដោយសារ​ DNA ​មាន​ការ​ខូច​ខាត នាំឲ្យ​កោសិកា​ស្បែក​រំញោច​កើន​ចំនួន​ខុស​ប្រក្រតី ​ភាគ​ច្រើន​ខូចខាត​​មក​ពី​ការ​ប្រឈម​កម្ដៅ​ថ្ងៃ និង​កម្ដៅ​​ម៉ាស៊ីន​ហាល​ថ្ងៃ​សិប្បនិមិ្មត។ ទោះ​យ៉ាង​ណា ករណី​ប្រឈម​ទាំង​នេះ​ មិន​ប្រាកដ​ថា​ជា​កត្តា​ចម្បង​នៃ​មហារីក​ទេ ​ព្រោះ​វា​អាច​លាយឡំ​ ​កត្តា​ប្រឈម​ដទៃ​ទៀត ​ដូចជា​ សារធាតុ​ពុល ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ជាដើម។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

កត្តា​ប្រឈម​មាន​ដូច​ជា៖

– គ្នា​យើង​ស្បែក​ស​ មិន​ថាជា​ពូជ​សាសន៍​ណា​ក៏​ដោយ ​សុទ្ធ​តែ​អាច​កើត​មហារីក​ស្បែក​ ព្រោះស្បែក​មិន​សូវ​មាន​ជាតិ ​មេឡានីន ​ជួយ​ការពារពី​កម្ដៅ​ថ្ងៃ។ លើស​ពី​នេះ​ ស្បែក​ងាយ​ឡើង​អាចម៍​រុយ ក៏​មានហានិភ័យ​ខ្ពស់​ណាស់ដែរ។

– ប្រឈម​សារធាតុ​ដូចជា​សំណ

– ធ្លាប់​កើត​មហារីក​ស្បែក​ពី​មុន

– ធ្លាប់​មាន​សមាជិក​គ្រួសារកើត​មហារីក​ស្បែក

– ប្រឈម​​កាំ​រស្មី​វិទ្យុ​សកម្ម ​ដូចជា​ព្យាបាល​ជំងឺ​រលាក​ស្បែក​ និងជំងឺ​មុន

– មាន​ប្រព័ន្ធ​ភាព​ស៊ាំ​​ចុះខ្សោយ ពិសេសអ្នក​ជំងឺ​អេដស៍ ​និងធ្លាប់​ប្ដូរ​សរីរាង្គ​ជា​ដើម

– គ្នា​យើង​ធ្លាប់​រលាក​ស្បែក​ដោយ​សារ​ពន្លឺ​ព្រះ​អាទិត្យ​ អាច​ជា​កត្តា​ងាយ​ធ្វើ​ឲ្យ​កើត​មហារីក។

– ប្រឈម​កម្ដៅ​ព្រះ​អាទិត្យ​យូរ និង​ជា​ប្រចាំ មិនបាន​​ការពារ​ដោយ​ឡេ​ការពារ​កម្ដៅ​ មិន​ពាក់​ខោអាវ​ការពារ​ ងាយ​ធ្វើ​ឲ្យ​ខូចខាត​កោសិកា​ស្បែក វិវដ្ត​ទៅ​មហារីក។

– គ្នាយើង​រស់​នៅ​ក្នុង​តំបន់​ខ្ពស់ ឧស្សាហ៍​ធ្វើ​ការ​ក្រោម​ពន្លឺ​ថ្ងៃ ក៏​ងាយ​កើត​មហារីក​ជាង​ គ្នាយើង​រស់​នៅ​​តំបន់​ត្រជាក់​ផងដែរ។

– ប្រជ្រុយ​មាន​ការ​វិវដ្ត ​រីក​ទំហំ​ខុស​ធម្មតា អាចវិវត្តទៅជា​មហារីក (Dysplastic Nevi) ដូច​នេះ​ចាំ​បាច់​ត្រូវ​កត់​សម្គាល់​ការ​ប្រែ​ប្រួល​លើ​ប្រជ្រុយ​របស់​យើង។

– ប្រភេទ​ជំងឺ​ស្បែក អាច​ឈាន​ទៅ​ជា​មហារីក​ មានជំងឺ Actinic Keratoses ធ្វើឲ្យស្បែក​ឡើង​ជា​បន្ទះ​ក្រាស់​ៗ​ ពណ៌​ត្នោត បន្តប្រែជា​ពណ៌​ផ្កា​ឈូក​ក្រមៅ​។ ភាគ​ច្រើន​រក​ឃើញ​លើ​ស្បែក​មុខ ក្បាល ​និង ​ក​ ពិសេស​លើ​គ្នា​យើង​មាន​ស្បែក​ស។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូ​ពេទ្យ​នឹង​ធ្វើ​ការ​អង្កេត​វិភាគ​ដូចជា៖

– ពិនិត្យ​ស្បែក​ រក​មើល​ការ​ផ្លាស់​ប្ដូរ​មិន​ប្រក្រតី​ ហើយ​អាច​ស្នើ​ឲ្យ​ធ្វើ​តេស្ត​ផ្សេង​ទៀត​ក្នុង​ករណី​ចាំបាច់។

– ច្រឹប​យក​សាច់​ ទៅ​ពិនិត្យ​រក​មើល​កោសិកា​មហារីក។

៨- ព្យាបាល​ដោយ​វិធី​ណា?

អាស្រ័យ​លើ​ស្ថានភាព​ធ្ងន់ធ្ងរ ​និង​ប្រភេទ​​មហារីក​ ការ​ព្យាបាល​អាច​មាន​ដូចជា​៖

– ព្យាបាល​ដោយ​ថ្នាំ៖ លេប​ ឬ​ចាក់

– តាម​ការ​វះកាត់ ដោយ​ប្រើ​ពន្លឺ​វិទ្យាសាស្ត្រ និង​វិទ្យុសកម្ម​ជាដើម។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

គ្មាន​វិធី​ណា​មួយ មាន​ប្រសិទ្ធភាព ១០០ ភាគរយ​ទេ ​តែ​ដើម្បី​បង្ការ និងកាត់​បន្ថយ​ហានិភ័យ​គួរ​តែ​កែប្រែ​ទម្លាប់​រស់នៅ​ខ្លះៗ​ដូចជា៖

– ចៀសវាង​ធ្វើ​ការ​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង​ពេក

– ប្រើ​ផលិត​ផល​ការ​ពារ​កម្ដៅ​ថ្ងៃ​ជា​ប្រចាំ

– ពាក់​ស្រោម​ដៃ​អំឡុង​កំពុង​ជិះ​ ម៉ូតូ ពេល​ថ្ងៃ

– ចៀសវាង​ដេក​ហាល​ថ្ងៃ​ក្នុង​ម៉ាស៊ីន​សិប្បនិម្មិត

– ទៅ​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ឯក​ទេស​ពេលណា​ស្បែក​មាន​ការ​ប្រែ​ប្រួល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jan 28, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម