Strongyloidiasis (ជំងឺ​ដង្កូវ​ព្រូនក្នុង​ពោះ​វៀន)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- ​អ្វី​ទៅ​ជា​ជំងឺ​ដង្កូវព្រូន​ក្នុង​ពោះវៀន?

ជំងឺ​ដង្កូវ​ព្រូន​ក្នុង​ពោះ​វៀន ជា​ភាសា​បច្ចេកទេស Strongyloidiasis ជំងឺ​បណ្ដាល​មក​ពី​ដង្កូវ​ព្រូន​ក្បាល​សំប៉ែត ​រាង​មូល​ប្រភេទ​ស្ត្រងគីឡយ។ ជាទូទៅ​ដង្កូវ​ព្រូន​ពពួក​នេះ ​មាន​ជាង​ ៤០ ​ប្រភេទ​ឯណោះ​ អាច​បង្ក​ជា​ជំងឺ​លើ​សត្វ​ស្លាប សត្វ​ល្មូន​ ពពួក​ថលជលិក សត្វ​ចិញ្ចឹម​នៅ​តាម​កសិដ្ឋាន​ និង​ពពួក​ថនិកសត្វ រួម​ទាំង​មនុស្ស​យើង​ផ្ទាល់​តែ​ម្តង​។

​ដង្កូវ​ព្រូន​ស្ត្រងគីឡូយ​ ប្រភេទ ស្ទែរ៉ូកាលី ​គឺ​ជា​ប្រភេទឧស្សាហ៍​​​បង្ក​ជំងឺ​នៅ​លើ​មនុស្ស​ ​មាន​រូប​រាង​តូច ​និង​មាន​ប្រវែង ​១,៥ មិល្លីម៉ែត្រ ស្មើ​​ទំហំ​ប្រហែល​ប៉ុន​គ្រាប់​ខ្សាច់។

២- ជំងឺដង្កូវព្រូន​ក្នុង​ពោះវៀនកើត​ញឹក​ញាប់​ដែរ​ទេ?

ជំងឺ​ដង្កូវព្រូន​ក្នុង​ពោះវៀន ឬ Strongyloidiasis ​ភាគ​ច្រើន​កើត​លើ​នៅ​តំបន់​ត្រូពិក​ ដោយ​សារ​តែ​អំណោយ​ផល​​របស់​អាកាសធាតុ​​។ ហើយ​មួយ​វិញ​ទៀត​ ជំងឺ​​បង្ក​ដោយ​ប៉ារ៉ាស៊ីត​ប្រភេទ​នេះ​ គឺ​កើត​ច្រើន​នៅ​តំបន់​ជនបទ​ក្រីក្រ ​ខ្វះ​អនាម័យ​និង​ចំណេះដឹង។

រោគសញ្ញា

៣- ​រោគ​សញ្ញា​​ជំងឺ​ដង្កូវ​ព្រូន​ក្នុង​ពោះ​វៀន​មាន​អ្វី​ខ្លះ?

ស្ទើរ​តែ​ ៥០​% ​ករណីកើត​ជំងឺដង្កូវ​ព្រូន​ក្នុង​ពោះ​វៀន ​គឺគ្មាន​​រោគ​សញ្ញា​នោះ​ទេ​ តែ​បើ​មាន​វិញអាច​បង្ក​ជា​អាការៈ​៖

– ឆ្អល់ ​និង​ក្រហាយ​ពោះ​ផ្នែក​ខាង​លើ
– រាក ឬ​ទល់​លាមក
– ក្អក
– ចេញ​រមាស់​លើ​ស្បែក
– ក្អួត
– ចេញ​ក្រហម​រមាស់នៅ​ម្ដុំ​ក្រសា​គូទ
– ស្រក​ទម្ងន់

រមាស់លេច​ចេញ​នៅ​ម្ដុំ​ក្រសាគូទ គឺ​អាច​លេច​ឡើង​ភ្លាម​ៗ ​បន្ទាប់​ពី​មាន​ការ​ប៉ះពាល់​ជាមួយ​ដង្កូវ​ព្រូន​ ហើយ​រោគ​សញ្ញា​ក្រពះ​ពោះវៀន ​គឺ​អាច​កើត​ឡើង​នៅ ២ សប្តាហ៍​បន្ទាប់។

៤- គួរ​ទៅ​ជួប​គ្រូពេទ្យ​ពេល​ណា?

បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។

មូលហេតុបង្ក

៥- ​មូលហេតុបង្ក​ឲ្យ​មាន​ជំងឺ​ដង្កូវ​ព្រូន​ក្នុង​ពោះ​វៀន

ជំងឺ​ដង្កូវ​ព្រូន​ក្នុង​ពោះ​វៀន កើត​ឡើង​ដោយ​សារ​ការ​បង្ក​រោគ​របស់​ដង្កូវ​ព្រូន ​ស្ត្រងគីឡយ ប្រភេទ​ស្ទែរ៉ូកាលី​ ​ច្រើន​កើត​លើ​មនុស្ស​ ដោយ​សារ​តែ​ការប៉ះពាល់ជាមួយដីមានមេរោគ។

នៅ​ពេល​​កូន​ដង្កូវ​ប៉ះ​ទៅ​ហ្នឹង​ស្បែក ​វា​នឹង​ជ្រាតចូល​ស្បែក រកផ្លូវ​ទៅ​ក្នុង​ពោះវៀន​ ដើម្បី​ទទួល​បាន​ចំណីលូត​លាស់បន្ត ក៏​ដូច​ជា​​​ញាស់់ពង​ក្នុងរាងកាយ​យើង ​ផ្ទុយ​ពី​ពង​ដង្កូវ​ព្រូន​ផ្សេង ដែល​​ញាស់​នៅ​ក្នុង​មជ្ឈដ្ឋាន​ខាង​ក្រៅ។ កូន​ដង្កូវញាស់​ហើយ ​វា​នឹង​បន្ត​ដំណើរ​ចេញ​មក​ក្រៅ​តាម​លាមក​ រង់​ចាំ​បង្ក​ជំងឺ​ទៅ​មនុស្ស​ផ្សេង​ ហើយ​កូន​ព្រូន​​សេស​សល់​ នឹង​ត្រឡប់​ចូល​ទៅ​ក្នុង​សារពាង្គ​ ​និង​បង្ក​ជំងឺ​សារ​ជា​ថ្មី ធ្វើ​ឲ្យ​យើង​មាន​ជំងឺ​នេះ​​ពេញ​មួយ​ជីវិត​ លើក​លែង​តែ​ទទួល​បាន​ការ​ព្យាបាល​។ លើស​ពី​នេះ ​ក្រៅ​ពី​ការ​កើត​ឡើង​វិញ​ដដែល​ៗ ​បូក​រួម​ទាំង​ការ​រស់​នៅ​មិន​ស្អាត​ មាន​ករណី​កម្រ ទី​កន្លែង​​មួយ​ចំនួន​ ​អាច​បង្ក​លក្ខណៈ​ងាយ​ស្រួល​ចម្លងដង្កូវ​ព្រូន​ប្រភេទ​នេះ ​ពី​មនុស្ស​ទៅ​មនុស្ស​បាន ដូចជា​៖

– ការ​ប្ដូរ​​ និង​ផ្សាំ​សរីរាង្គ
– វិទ្យាស្ថានអភិវឌ្ឃពិការភាព
– មជ្ឈមណ្ឌល​ថែ​ទាំ​អ្នក​ជំងឺ
– កន្លែង​ថែ​ទាំ​កុមារ

កត្តា​ប្រឈម

៦- កត្តា​ប្រឈម​ឲ្យ​កើត​ជំងឺដង្កូវព្រូន​ក្នុង​ពោះ​វៀន?

មនុស្ស​គ្រប់គ្នា​ សុទ្ធ​តែ​​អាច​នឹង​មាន​កត្តាប្រឈម​ខ្ពស់​​កើត​ជំងឺដង្កូវ​ព្រូនក្នុង​ពោះ​វៀន​​ប្រភេទ​នេះ​ ពិសេស​ក្នុង​ករណី៖

– ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​អាមេរិក​ខាង​ត្បូង អា​ហ្រ្វិក និង​បណ្តា​ប្រទេស​នៅ​តំបន់​ត្រូពិក
– ​រស់​នៅ ​ឬ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តំបន់​ក្រីក្រ ​គ្មាន​អនាម័យ​ និង​តំបន់​ គ្មានការ​អភិវឌ្ឍ​ផ្នែក​សុខមាលភាព​សាធារណៈ
– មាន​ការងារ​ប៉ះពាល់​ជាមួយ​ដី​មិន​ស្អាត
– គ្មាន​អនាម័យ​ខ្លួន​ប្រាណ
– មនុស្ស​មាន​ប្រព័ន្ធ​ភាព​ស៊ាំខ្សោយ ​ដូចជា ​ជំងឺ​អេដស៍ ​ជា​ដើម​។

អត្ថបទ​ពាក់ព័ន្ធ៖

រោគ​វិនិច្ឆ័យ​ និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ការ​ធ្វើ​តេស្ត​ជំងឺ​ដង្កូវ​ព្រូន​ក្នុង​ពោះ​វៀន មាន​ច្រើន​ប្រភេទ​សម្រាប់​កំណត់​រោគ​វិនិច្ឆ័យ ដូច​ជា៖

– តេស្ត​ពោះវៀន​៖ តេស្ត​នេះ​ គ្រូពេទ្យ​នឹង​បូម​យក​សារធាតុរាវ​ក្នុង​ផ្នែក​ខាង​ដើម​​ពោះវៀន​តូច ​មក​ពិនិត្យ​រក​មើល​វត្តមាន​​ដង្កូវ​ព្រូនប្រភេទ ស្ត្រងគីឡយ។
– តេស្ត​កំហាក៖ ជា​​ការ​វិភាគ​កំហាក​ ដោយ​បណ្ដុះ​រក​មើល​វត្តមាន​​ដង្កូវ​ព្រូន ។
– តេស្ត​លាមក៖ គ្រូពេទ្យ​ នឹង​ស្នើ​ឲ្យ​យក​លាមក​មក​ពិនិត្យ​រក​មើល​កូន​ដង្កូវ​ព្រូន​ និង​ប៉ារ៉ាស៊ីត​ ហើយ​អ្នក​ជំងឺ​អាច​នឹង​ត្រូវ​ធ្វើ​តេស្ត​នេះ​ច្រើន​ដង​។
– តេស្ត​ឈាម៖ ដើម្បី​ទាត់​ចោល ​នូវ​មូលហេតុ​ជំងឺ​ផ្សេង​ៗ​ទៀត។
– តេស្ត​រក​មើល​វត្តមាន​អង់ទីហ្សែន៖ ដើម្បី​ស្វែង​រក​អង់ទីហ្សែន ដែល​​បង្កើត​ដោយ​ដង្កូវ​ព្រូន​ នៅ​ពេល​​តេស្ត​លាមក​ និង​តេស្ត​ពោះវៀន​ មិន​អាច​កំណត់​រោគវិនិច្ឆ័យ​បាន​។ ប៉ុន្តែ​តេស្ត​នេះ​មិន​អាច​បែង​ចែក ករណី​​ឆ្លង​ថ្មីៗ ​ឬ​ធ្លាប់​មាន​ពីមុន​ទេ។
– តេស្ត​លាមក​និង​តេស្ត​ពោះវៀន​៖ តេស្ត​នេះ ត្រូវប្រើ​មីក្រូស្កុប​ដើម្បី​ពិនិត្យ។

៨- ព្យាបាល​ដោយ​វិធីណា?

វិធី​ព្យាបាល គឺ​ធ្វើ​ក្នុង​គោល​បំណង កម្ចាត់​ដង្កូវ​ព្រូន​ឲ្យ​អស់​ពី​ក្នុងរាង​កាយ​ ដែល​ជាទូទៅ​ គេ​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ប្រភេទ Ivermectin (Stermectol) ដោយ​ថ្នាំ​នេះ ​គឺ​មាន​នាទី​ទៅ​សម្លាប់​ដង្កូវ​ព្រូន​នៅ​ក្នុង​ពោះវៀន​តែ​ម្ដង។ ពេទ្យក៏​អាច​បន្ថែម​ថ្នាំ​ផ្សេង​ទៀត ​ដូចជា ​Albendazol (Albenza) លេប​ ១០ ​ថ្ងៃ​បន្ទាប់​។ ការ​ប្រើថ្នាំ ​Thiabendazol (Tresaderm) ២ ដង​/ថ្ងៃ រយៈពេល​ ៣​ថ្ងៃ ក៏​មាន​ប្រសិទ្ធភាព​ដែរ។ បន្ថែម​លើ​នេះ ​​អ្នក​ជំងឺ ​អាច​នឹង​ត្រូវ​ប្រើ​ថ្នាំ​ច្រើន​ដង​ក្នុង​ករណី​ការ​បង្ក​រោគ​ធ្ងន់ធ្ងរខ្លាំង។

ផ្លាស់​ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– អនាម័យ​ខ្លួន​ប្រាណ​ល្អ
– ការ​ប្រើ​ប្រាស់​បង្គន់​ និង​ទឹក​ស្អាត
– មិន​ត្រូវ​ដើរ​ជើង​ទទេ ​នៅ​​ពេល​ដើរ​កម្សាន្ត ​ពិសេស​នៅ​តំបន់​ត្រូពិក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 4, 2019 | កែសម្រួលចុងក្រោយ ខែ​សីហា 7, 2019

ប្រភព
អ្នកអាចចូលចិត្ត