Thyroid Nodules (ដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​ជាជំងឺ​ដុំ​ពកក្រពេញ​ទីរ៉ូអ៊ីត?

ជំងឺ​ដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត សំដៅ​លើ​ដុំ​ពក ដែល​ដុះ​លើ​ក្រពេញ​ទីរ៉ូអ៊ីត ​អាច​ជា​ដុំ​រឹង ​ឬ​ដុំ​ទឹក​ មាន​ទីតាំង​នៅ​ក​ផ្នែក​ខាង​ក្រោម​ និងនៅ​ពី​មុខ​ឆ្អឹង​ខ្ចី​បំពង់​អាហារ។ ករណី​ភាគ​ច្រើន ​​ដុំ​ដែល​ដុះ​លើ​ក្រពេញ​ទីរ៉ូអ៊ីត មិន​ចោទ​ជា​បញ្ហា​ធំ​ ឬ​​បង្ក​ជា​រោគ​សញ្ញា​នោះ​ទេ ខណៈ​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ ក៏​មាន​អត្រា​ភាគរយ​អ្នក​កើត​តិច​បំផុត​ដូច​គ្នា។

២- ជំងឺ​ដុំ​ពកក្រពេញ​ទីរ៉ូអ៊ីតកើត​ឡើង​ញឹក​ញាប់​ដែរទេ?

ជំងឺ​ដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត ឧស្សាហ៍​ជួប​ប្រទះ​ណាស់ ពិសេស​ចំពោះ​មនុស្ស​ស្រី មាន​អត្រា​កើត​ជំងឺ​នេះ ខ្ពស់​ជាង​មនុស្ស​ប្រុស​ដល់​ទៅ​ ៣ដង។ ក្នុង​ចំណោម​ស្រីៗ​មាន​វ័យ ៣០​ឆ្នាំ គឺ​មាន​អត្រា​កើត​ជំងឺ​ដុំ​ពក​ក្រពេញ​ទី​រ៉ូ​អ៊ី ដល់​ទៅ ៣០% ឯណោះ ខណៈប្រុសៗ គឺ​មាន​ម្នាក់ ក្នុង​ចំណោម ៤០ កើត​ជំងឺ​នេះ។ យ៉ាង​ណា ជា​ទូទៅស្រីៗ​មាន​វ័យ​ចាប់​ពី​ ៥០ ឆ្នាំ​ឡើង​ទៅ គឺ​កាន់​តែ​ប្រឈម​វិវត្ត​ទៅ​រក​ជំងឺ​ដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត។

រោគ​សញ្ញា

៣- រោគ​សញ្ញា​​ជំងឺ​ដុំពក​ក្រពេញ​ទីរ៉ូអ៊ីត​​មាន​អ្វី​ខ្លះ?

​ជំងឺដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត ភាគច្រើន ​មិន​លេច​ចេញ​ជា​រោគ​សញ្ញា​នោះ​ទេ។ តែ​នៅ​ពេល​ខ្លះ​ ដុំ​មួយ​ចំនួន​នឹង​រីក​ធំ ដែល​អាច​ធ្វើ​ឲ្យ​យើង​ងាយ​កត់​សម្គាល់​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖

– មាន​អារម្មណ៍​ដឹង
– ​មើល​ទៅ​ហើម​នៅ​ម្ដុំ​ក
– ពេលដុំ​ពល​​សង្កត់ទៅលើ​​បំពង់​ខ្យល់ ​ឬ​បំពង់​អាហារ​ ​អាចធ្វើ​ឲ្យ​​ពិបាក​ដក​ដង្ហើម ​និង​លេបអាហារ។

ក្នុង​ករណី​ខ្លះ​ទៀត​ ជំងឺ​ដុំ​ពកក្រពេញ​ទីរ៉ូអ៊ីត ​វា​បង្កើត​អ័រម៉ូន​ទីរ៉ូស៊ីន​ ដែល​បញ្ចេញ​ពី​ក្រពេញ​នេះ​ផ្ទាល់​តែ​ម្ដង ហើយ​នៅ​ពេលកម្រិត​អ័រម៉ូន​នេះ​ច្រើន​ពេក​ ​នឹង​បង្ក​ជា​សញ្ញា​វិបត្តិ​លើស​ជាតិអ័រម៉ូន ​ដូចជា​៖

– ស្រក​ទម្ងន់
– បែក​ញើស​ច្រើន
– ញ័រ​ដៃ​ជើង
– ឆាប់​ភិត​ភ័យ
– បេះដូង​លោត​ញាប់​ខុស​ប្រក្រតី។

មាន​ករណី​កម្រ​ខ្លះ​ ជំងឺ​ដុំ​លើ​ក្រពេញទីរ៉ូអ៊ីត អាច​ជា​មហារីក​ ប៉ុន្តែ​ពិ​បាក​កំណត់​ថា​ ជា​ដុំ​កាច ​ឬ​ស្លូត​ តាម​រយៈ​រោគ​សញ្ញា​ណាស់។ ដុំ​មហារីក​ខ្លះ​ មាន​ការ​វិវត្ត​រយៈពេល​យូរ​ និង​ពិបាក​ក្នុង​រក​ឃើញ​ ​បើ​ដុំ​នោះ​ជា​ដុំ​មហារីក​កាច​វិញ​ គឺ​កម្រ​ជួប​ណាស់​ ព្រោះ​​វានឹង​​មាន​ទំហំ​ធំ​ ណែន​ និង​រីក​មាឌ​រហ័ស។ យ៉ាង​ណា នៅ​អាច​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត មិន​បាន​រៀប​រាប់​ខាង​លើ ហេតុ​នេះ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

៤- ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា?

ទោះ​ជា​យើង​ដឹង​ថា ​ដុំ​​ក្រពេញ​ទីរ៉ូអ៊ីត​ភាគ​ច្រើន ជា​ដុំ​ស្លូត​ និង​មិន​បង្ក​ជា​រោគ​សញ្ញា​ក៏​ដោយ ប៉ុន្តែ​មាន​​តែ​គ្រូពេទ្យ​ទេ ដែល​អាច​កំណត់​រោគវិនិច្ឆ័យ​បាន​។ ពេទ្យ​​អាច​ស្នើ​ពិនិត្យអា​ការៈ​ហើម​មិនប្រក្រតីទៅ​លើ​ក​អ្នកជំងឺ​ និង​អាការៈ​ពិបាក​ដក​ដង្ហើម រួម​ទាំង​​លេប​អាហារជាដើម។ ចាំ​បាច់​ ត្រូវ​ពិនិត្យ​រក​មើល​មហារីក​ ដើម្បី​កុំ​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​ថ្ងៃ​ក្រោយ ហើយ​ត្រូវ​ជួប​គ្រូពេទ្យ​នៅ​ពេល​ដែល​មាន​បញ្ហា​មួយ​ចំនួន​កើត​ឡើង​ ដូចជា៖

– ស្រក​ទម្ងន់​យ៉ាង​ឆាប់​រហ័ស បើទោះ​ជាយើង​​​អាហារ​ដូច​ធម្មតាក៏ដោយ
– បេះដូង​បុក​ខ្លាំង​ៗ
– គេង​មិន​លក់
– ខ្សោយ​សាច់​ដុំ
– ភិត​ភ័យ​ច្រើន​ និង​ឆេវឆាវ។

មូលហេតុបង្ក

៥- មូលហេតុ​អ្វី​ខ្លះ​បង្កជា​​ជំងឺ​ដុំពក​ក្រពេញ​ទីរ៉ូអ៊ីត​?

មូលហេតុ​ចម្បង​បណ្ដាល​ឲ្យ​មាន​ជំងឺ​ដុំពក​​ក្រពេញ​ទីរ៉ូអ៊ីត​ គឺ​​ការ​កើត​ឡើង​ដុំ​សាច់លើស​តម្រូវ​ការ​របស់​ជាលិកា​ក្រពេញ​ទីរ៉ូអ៊ីត​ ខណៈ​មូលហេតុ​កើត​ឡើង​ដុំ​សាច់​នេះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ។ ​ក្នុង​ករណី​មួយ​ចំនួន​ ជំងឺ​ដុំ​ពកក្រពេញ​ទីរ៉ូអ៊ីត​ អាច​មាន​ទំនាក់ទំនង​ជាមួយជំងឺ​មួយ​ចំនួន​ដូចជា៖

– រលាក​ក្រពេញ​ទីរ៉ូអ៊ីត​ (អាច​ជា​ករណី​រ៉ាំរ៉ៃ)
– មហារីក​ក្រពេញទីរ៉ូអ៊ីត
– កង្វះ​ជាតិ​អ៊ីយ៉ូដ
– ជំងឺ​ទីរ៉ូអ៊ីត​ហាស៊ីម៉ូតូ​ ​បង្កឡើង​​ដោយ​សារ​មាន​អង់ទីករ​ប្រឆាំងខ្លួន​ឯង​ អាច​បង្ក​ជា​វិបត្តិ​អ័រម៉ូន​មិន​គ្រប់​គ្រាន់​លើ​ក្រពេញ​ទីរ៉ូអ៊ីត។

កត្តាប្រឈម

៦- អ្វី​ខ្លះ​ជា​កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺ​ដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត?

កត្តា​ប្រឈមនាំ​ឲ្យ​កើត​ជំងឺ​ដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត មាន​ដូច​ជា៖

– ពី​ក្មេង​ ធ្លាប់​ថត​រូប​ភាព​វេជ្ជសាស្ត្រនៅ​តំបន់​ក​ ដោយ​កាំ​រស្មី​អ៊ិច​
– ធ្លាប់​មាន​វិបត្តិ​ក្រពេញ​ទីរ៉ូអ៊ីត​ពី​មុន​ ដូចជា ​រលាក​ក្រពេញ ​និង​ជំងឺ​ទីរ៉ូអ៊ីត​ហាស៊ីម៉ូតូ​។
– គ្រួសារ​ធ្លាប់​មាន​ដុំពក​ក្រពេញ​ទីរ៉ូអ៊ីត​​ពី​មុន​
– មាន​អាយុ​លើស ​៦០​ឆ្នាំ​។

ជំងឺ​ដុំ​ពកក្រពេញ​ទីរ៉ូអ៊ីត​ ​ភាគ​ច្រើន​កើត​លើ​ស្ត្រី ​តែ​បើ​កើត​លើ​បុរស​វិញ នឹង​វិវត្ត​ទៅ​ជា​មហារីក​​តែ​ម្ដង។

អត្ថបទ​ពាក់ព័ន្ធ៖

រោគ​វិនិច្ឆ័យ​ និង​ការ​ព្យាបាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​ជំងឺ​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យជំ​នាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

៧‑ ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

នៅ​ពេល​ពិនិត្យ​រក​មើល​ដុំ​ពកក​ គ្រូពេទ្យតែង​តែ​គិត​ទៅ​មហារីក​ជាមុន​សិន ​ព្រោះ​ដើម្បី​បង្ការកុំ​ឲ្យ​យឺត​ពេល ដោយ​ពេទ្យ​ត្រូវ​ការ​ពិនិត្យ​ដូចជា​៖

– ​ពិនិត្យ​រាងកាយ​​៖ ត្រូវ​លេប​ទឹក​មាត់​ដើម្បី​រក​មើល​ការ​រីកដុំពកនៅ​ក ​ព្រោះ​ថា​អាច​មើល​ឃើញ​ដុំ​ធ្វើ​ចលនា​ឡើង​លើ​ ឬ​ចុះ​ក្រោម​។ ពេទ្យ​នឹង​រក​មើល​សញ្ញាវិបត្តិ​លើស​អ័រម៉ូន​ ដូចជា​ ​ការ​មាន​រេផ្លិច​ខ្លាំង​ពេក បេះដូង​ដើរ​ញាប់​ ឬ​លឿន និង​សញ្ញា​វិបត្តិ​ខ្វះ​​អ័រម៉ូន​មួយចំនួន​ទៀត រាប់​បញ្ចូល​ទាំង​ចង្វាក់​បេះដូង​លោត​យឺត​ ស្បែក​ស្ងួត​ និង​ហើម​មុខ​ជា​ដើម។

– តេស្ត​មុខងារ​ក្រពេញទីរ៉ូអ៊ីត៖ យក​ឈាម​ទៅ​ពិនិត្យ​ ដើម្បី​រក​មើល​អត្រា​​អ័រម៉ូន​ទីរ៉ូស៊ីន ​និង​ទ្រីអ៊ីយ៉ូដូទីរ៉ូនីន​ ដែល​ជា​អ័រម៉ូន​បញ្ចេញ​ដោយ​ក្រពេញ​ទីរ៉ូអ៊ីត​ និង​ការ​ភ្ញោច​ត​គ្នា​ពី​ (TSH) និង​ពី​ក្រពេញ​ខួរ​តូច​ ដែល​អាច​បញ្ជាក់​ថា​ មាន​សញ្ញា​​ជំងឺ​លើស​ ឬ​ខ្វះអ័រម៉ូន​ទីរ៉ូអ៊ីត​​។

– អេកូសាស្ត្រ៖ ការ​ថត​រូប​ភាព​វេជ្ជ​សាស្ត្រ​ ដោយ​​ប្រើ​រលក​​សំឡេង ​ដើម្បី​បញ្ចេញ​រូបភាព​ដោយ​មិន​ត្រូវ​ការ​ប្រើ​កាំ​រស្មី​នោះ​ទេ។ តេស្តនេះ អាច​ឲ្យ​រូប​ភាព​ច្បាស់​ល្អ​ ទាំង​ភិនភាគ​ និង​ទំហំ​នៃ​ដុំពក អាច​ប្រើ​ដើម្បី​កំណត់​ថា​ ជា​ដុំ​គីស ​ឬ​ដុំ​សាច់​បាន​ទៀត​ផង ហើយអាច​ដឹង​ថា មាន​​​ដុំពក​​ច្រើន ឬក៏​តិច​ជាដើម។ មួយ​វិញ​ទៀត​គេ​អាច​ប្រើ​ជំនួយ ដើម្បី​ច្រឹប​យក​សាច់​ទៅ​ពិនិត្យ។

– ​ច្រឹបជាលិកា​ដុំ​ពលដោយ​ប្រើ​ម្ជុល​ចាក់ (FNA)៖ ជា​ទូទៅ​ ការ​អនុវត្ត​វិធី​បែប​នេះ​ គឺ​ដើម្បី​ទាត់​ចោល​ការ​សង្ស័យ​ថា មានជំងឺ​​មហារីក ​ដោយ​សារ​វា​បែង​ចែក​ថា​ ជា​ដុំ​កាច​ ឬ​ដុំ​ស្លូត។ ពេទ្យ​នឹង​ចាក់​ម្ជុល​តូច​មួយ ​ចូល​ទៅ​កន្លែងសង្ស័យ​លើ​ក្រពេញ​ ហើយ​បឺត​យក​ជាលិកា​មក​ពិនិត្យ​។ ដំណើរ​ការតេស្ត​នេះ​ ធ្វើ​ឡើង​នៅ​គ្លីនិក ហើយ​ជាទូទៅ​ ត្រូវ​ការ​ពេល​ប្រហែល ​២០​នាទី​ នឹង​មិន​សូវ​មាន​ហានិភ័យ​នោះ​ទេ។ ដើម្បី​ជំនួយ​ក្នុង​ការ​ធ្វើ​តេស្ត ពេទ្យ​នឹង​ប្រើ​អេកូ​ តម្រង់​ទិស​របស់​ម្ជុល​ដែល​ចាក់​ចូល​ទៅ បន្ទាប់​មក​ ជាលិកា​បូម​បាន ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពិសោធ​ន៍ ដើម្បី​ធ្វើ​ការ​វិភាគ​តាមរយៈ​មីក្រូទស្សន៍។

– ​ស្កេន៖ ក្នុង​ករណី​ខ្លះ​ ការ​ស្កេន ត្រូវ​គេ​ណែនាំ​ឲ្យ​ធ្វើ នៅ​ពេល​ពេទ្យ​ត្រូវ​ការ​មើល​ដុំ​ពក​ឲ្យ​ច្បាស់។ អំឡុងពេល​ស្កេន ជាតិ​អ៊ីយ៉ូដ​វិទ្យុ​សកម្ម​ ​ត្រូវ​ចាក់​បញ្ចូល​តាម​សរសៃ​វ៉ែន ​​និង​ដាក់​កាមេរ៉ា​ ដើម្បី​ថត​មើល​ ​បញ្ជូន​រូបភាព​ទៅ​លើ​អេក្រង់​កុំព្យូទ័រ។ ដុំ​​បញ្ចេញ​អ័រម៉ូន​ គេ​ហៅ​ ដុំ​ក្ដៅ​ ​វា​ចាប់​ពណ៌​ជា​មួយ​ជា​អ៊ីយ៉ូដ​នោះ​ខ្លាំង​។ ដុំ​ត្រជាក់ ជា​ដុំគ្មាន​មុខ​ងារ ​ហើយ​បង្ហាញ​ជា​ប្រហោង​ៗ​លើ​អេក្រង់​ ខណៈ​ដុំ​ក្ដៅ​ ជា​ទូទៅ​ ​មិន​បង្ក​ជា​មហារីក​ទេ ​ប៉ុន្តែ​ដុំ​ត្រជាក់​មួយ​ចំនួន អាច​វិវត្ត​ទៅ​ជា​មហារីក។ គុណ​វិបត្តិ​ពី​ការ​ស្កេន ​គឺ​មិន​អាច​បែង​ចែក​ថា​ជា​ដុំ​កាច​ ឬ​ស្លូតបាន​ទេ ហើយពេល​វេលា​ស្កេន ​អាស្រ័យ​លើ​ដំណើរ​របស់​ជាតិ​អ៊ីយ៉ូដ​វិទ្យុ​សកម្ម​ ទៅ​កាន់ក្រពេញ​ទីរ៉ូអ៊ីត។ អ្នក​ជំងឺ​ អាច​មាន​អារម្មណ៍​មិន​ស្រួល​នៅ​ម្ដុំ​ក​ ព្រោះ​ថា​ត្រូវ​ងើយ​ជាប់​ពេល​ថត​ ហើយ​ត្រូវ​នឹង​ជាតិ​វិទ្យុ​សកម្ម​មួយ​កម្រិត​ដែរ។

៨- ព្យាបាលដោយ​វិធី​​ណា?

ជម្រើសព្យាបាល ​អាស្រ័យ​លើ​ទំហំ​ ប្រភេទ​នៃ​ដុំ​ពកនោះ​ ​បើ​មិន​មែន​ដុំ​កាច​ ​មិន​មាន​បញ្ហា​នោះ​ទេ ពេទ្យ​ឯក​ទេស​ខាង​ក្រពេញ​ អាចមិន​ធ្វើ​ការ​ព្យាបាល ដោយ​គ្រាន់​តែ​​ត្រូវ​ការ​តាម​ដាន​យ៉ាង​ទៀង​ទាត់ ​និង​ត្រូវ​មើល​អេកូ​ជា​ប្រចាំ។ បើដុំពក ​ជា​ដុំ​ស្លូត​ហើយ​ គឺ​មិន​ងាយ​វិវត្ត​ទេ​ តែ​យ៉ាង​ណា​ក៏​ដោយ​ គ្រូពេទ្យ​នៅ​តែ​ត្រូវ​ធ្វើ​ការ​ច្រឹប​យក​សាច់​ទៅ​មើល។

បើ​សិន​ជា​ដុំ​ក្ដៅ​វិញ​ ហើយ​ការ​ផលិត​អ័រម៉ូន​ច្រើន​លើស​លុប​ទៀត​ គ្រូពេទ្យ​ឯក​ទេស​ នឹង​ធ្វើ​ការ​បាញ់​កាំរស្មី​ ឬ​ វះកាត់​ក្រពេញ​ទីរ៉ូអ៊ីត យកដុំ​ពកនោះ​ចេញ​។ ក្នុង​ករណី មានរោគ​​សញ្ញា​​ជំងឺ​លើស​អ័រម៉ូន​ទីរ៉ូអ៊ីត​ ការ​វះកាត់​ អាច​ដំណោះល្អ​មួយ។ ប៉ុន្តែ​បើ​ជាលិកា​​ក្រពេញ​ត្រូវ​វះ​យក​ចេញ​ច្រើន​ពេក​ អ្នក​ជំងឺ​អាច​នឹង​ត្រូវ​លេប​ថ្នាំ​អ័រម៉ូន​ ដើម្បី​បង្គ្រប់​ជំនួស​អ័រម៉ូនដែល​ក្រពេញ​មិន​អាច​ផលិត​គ្រប់​គ្រាន់ អស់​មួយ​​ជីវិត។

ជម្រើស​ក្រៅ​ពី​ការ​វះកាត់ ​និង​បាញ់កាំ​រស្មី ពេទ្យ​ឯកទេស​ អាច​ព្យាបាល​ដុំ​ក្ដៅ​នេះ​ដោយ​ប្រើ​ថ្នាំ​អ័រម៉ូន​។ នៅ​ពេលប្រព័ន្ធ​ប្រសាទ​កណ្ដាល​ ទទួល​​បាន​ដំណឹង​ ​មាន​អ័រម៉ូន​ច្រើនពេក​ ​វា​នឹង​បញ្ឈប់​ការ​ភ្ញោច​ឲ្យ​ផលិត​ទៀត។ ក្នុង​ករណី​ ​ជា​ដុំ​មាន​ទឹក​ គ្រូពេទ្យ​អាច​នឹង​ធ្វើ​ការ​បូម​ទឹកចេញ​ ដោយ​ប្រើ​ម្ជុល​ចាក់។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់នៅ

គ្មាន​វិធី​ជាក់​លាក់​ណាមួយ​ ឬ​អាហារ​បំប៉ន​ណា​ អាច​ជួយ​ក្នុង​ករណី​ជំងឺ​នេះ​នៅ​ឡើយ​ទេ​។ ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ​ ត្រូវ​ញ៉ាំ​អាហារ​​មាន​តុល្យភាព​ ដូច​ជា អាហារ​ខ្លាញ់​ទាប កាឡូរី​ទាប ញ៉ាំ​​ផ្លែ​ក្រូច ​កាត់​បន្ថយ​ជាតិ​អំបិល​ បន្ថយ​ខ្លាញ់​ និង​ជាតិ​ស្ករ​ ក្នុង​របបអាហារ​ប្រចាំថ្ងៃ។

ត្រូវ​មាន​របប​អាហារ​មាន​តុល្យភាព​គ្រប់​គ្រាន់​ ដូចជា អាហារ​មាន​ជាតិ​កាល់ស្យូម អាហារ​បំប៉ន រក្សា​ជាតិ​វីតាមីន D ​ក្នុ​ង​ខ្លួន​ កុំ​ឲ្យ​ខ្វះ។ ក្នុង​ករណី​ចង់​ប្រើ​អាហារ​បំប៉ន ​ត្រូវ​ប្រើ​ក្នុង​កម្រិត​ត្រឹម​ត្រូវ​ មិនឲ្យ​លើស​កម្រិត ​អាច​សួរ​យោបល់​ពី​គ្រូពេទ្យ​ ឬ​ឱសថការី​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 30, 2019 | កែសម្រួលចុងក្រោយ ខែ​សីហា 16, 2019