Tongue cancer (មហារីកអណ្ដាត)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ​

១- អ្វី​ជា​ជំងឺ​មហារីក​អណ្តាត?

មហារីក​អណ្តាត ជា​ផ្នែក​មួយ​ក្នុង​ចំណោម​មហារីក​មាត់ ដូច​ជា​មហារីក​ដទៃ​ដែរ គឺ​កើត​ដោយ​សារ​ការ​បំបែក​ខ្លួន​នៃ​កោសិកា​ច្រើន​លើស​កម្រិត បង្កើត​ជា​ដុំ​មហារីក។ ជំងឺចែក​ជា​ពីរ​ប្រភេទ​ទី​ ១ ​ហៅ​ថា​មហារីក​មាត់​​អណ្ដាត (Oral Tongue Cancer) កើត​ដោយ​សារ​ប៉ះពាល់​ផ្នែក ​លាន​ចេញ​មក​ក្រៅ​បាន និង​ទី ២ កើត​នៅ​បាត​អណ្ដាត​ ជាប់​ជាមួយ​បំពង់​ក ហើយ​ករណី​នេះ គ្រូពេទ្យ​អាច​ដឹង នៅ​ពេល​រាល​ដាល​ទៅ​ដល់​កូន​​​កណ្តុរ​នៅ​ក។

២- ​កើតឡើង​ញឹកញាប់​ដែរ​ទេ?

មហារីក​អណ្ដាត​ ជា​ជំងឺ​កម្រ មិន​សូវ​ជួប​ប្រទះ​ដូច​មហារីក​ផ្សេង​ៗទេ ​ភាគ​ច្រើន​កើត​ចំពោះ​តែ​មនុស្ស​ចាស់ ​កម្រ​មាន​លើ​ក្មេងៗណាស់។

រោគសញ្ញា​

៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ?

រោគសញ្ញា​ទូទៅ​របស់​មហារីក​អណ្ដាត​មាន៖

– ឈឺ​អណ្ដាត ឬឈឺ-ជាប់ ថ្គាម
– មាន​ដុំ ​ឬស្បែក​ក្នុង​មាត់​ឡើង​ក្រាស់
– មាន​បន្ទះ​ស ឬ​ក្រហម​នៅ​តាម​អញ្ចាញ​ អណ្ដាត​ សាច់​បំពង់​ក ​ឬ​ក្រអូម​​មាត់
– ឈឺ​ក ​ឬ​មាន​អារម្មណ៍​មាន​ដុំអ្វី​មួយ​ស្ទះក្នុង​បំពង់​ក
– ពិបាក​លេប ​ឬ​ទំពារ
– ពិបាក​កម្រើក​ថ្គាម ​ឬ​អណ្ដាត

អាច​មាន​រោគសញ្ញា​ដទៃ​ទៀត មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ ហេតុ​នេះ​បើ​មាន​ចម្ងល់ ឬ​ប្រទះ​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ​ណា​មួយ ​សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។

៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ?

បើ​មាន​សញ្ញា អាការៈ​ដូច​បាន​រៀប​រាប់​​ខាង​លើ ឬ​មាន​ចម្ងល់​ផ្សេងៗ សូម​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់​មាន​ភាព​ខុស​គ្នា​ដូច្នេះ អ៊ីចឹង​រោគសញ្ញា​អាច​នឹង​ខុស​គ្នា​ដែរ។

មូលហេតុបង្ក

៥- មូលហេតុបង្កមានអ្វីខ្លះ?

វីរុស​ Human Papilloma (HPV) អាច​បង្ក​ឲ្យ​កើត​មហារីក​ជា​ច្រើន​ប្រភេទ ទាំង​លើ​គល់​អណ្ដាត​ហើយ​អាច​ឆ្លង​លើ​បរិវេណ​ប្រដាប់​ភេទ ​នាំ​ឲ្យ​កើត​មហារីក​មាត់​ស្បូន ភាគ​ច្រើន​បង្ក​រោគ​តាម​ការ​រួមភេទ។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

កត្ដា​ប្រឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​មហារីក​អណ្ដាត​មាន​ដូច​ជា៖

– ញៀន​ស្រា
– ក្រិន​ថ្លើម
– ដាក់​ធ្មេញ មិន​បានត្រឹម​ត្រូវ
– មុខ​ធ្មេញ​មិន​ស្មើ
– សម្អាត​ធ្មេញ ​និង​អញ្រ្ចាញ​មិន​ត្រឹមត្រូវ
– ជក់​បារី
– មាន​ជំងឺ​ស្វាយ

រោគវិនិច្ឆ័យ​ និងការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​នឹង​ពិនិត្យ​មាត់​យើង ក៏​ដូចជា​សួរ​នាំ​ពាក់​អាការៈ​មួយ​ចំនួន បន្ទាប់​មក​នឹង​សុំ​ធ្វើ​ការ​ឆ្លុះ​កាំរស្មី​អ៊ិន ​ឬ​ស្កេន​ CT (Computed Tomography)។ តេស្ត​ថត​ដោយ​​កាំ​រស្មីអ៊ិច​មួយ​ចំនួន ​អាច​ថត​បាន​ច្រើន​ជ្រុង ​ជួយ​ធ្វើឲ្យ​រូប​ភាព​កាន់​តែ​ច្បាស់។ ករណី​ខ្លះ គ្រូពេទ្យ​អាច​កាត់​យក​ជាលិកា​ពី​មាត់​ធ្វើ​តេស្ដ​នៅ​ឯ​មន្ទីរ​ពិសោធ​ផង​ដែរ។

៨- ព្យាបាលដោយវិធីណា?

វិធី​ព្យាបាល​មហារីក​អណ្ដាត​ជា​ទូទៅ​មាន​ដូច​ជា៖

– ព្យាបាល​ដោយ​វះកាត់​៖ កាត់​យក​ដុំ​មហារីក​ចេញ​ឲ្យ​អស់​ពី​អណ្ដាត

– ព្យាបាល​ដោយ​សារធាតុ​វិទ្យុ​សកម្ម៖ គ្រូពេទ្យ​ឯកទេស​ខាង​មហារីក ​នឹង​ប្រើ​សារធាតុ​វិទ្យុ​សកម្ម​ ដើម្បី​ព្យាបាល​ទៅ​លើ​ជាលិកា​មហារីក​ក្នុង​កម្រិត​មួយ​ខ្ពស់ ​ជួយ​កាសិកា​​ល្អ​ និង​បន្ថយ​ល្បឿន​លូតលាស់​នៃ​កោសិកា​មហារីក។

– ព្យាបាល​ដោយ​សារធាតុ​គីមី៖ ធម្មតា​គ្រូពេទ្យ នឹង​ប្រើ​សារធាតុគីមី ដើម្បី​សម្លាប់​កោសិកា​មហារីក​ ពិសេសក្នុង​ករណី​មហារីក​ រាល​ដាល​ទៅ​កូន​កណ្ដុរ​ជិត​ៗនោះ។ ប្រភេទ​ថ្នាំ គ្រូពេទ្យ​អាច​ប្រើ​ខុសៗ​គ្នា ដើម្បី​ប្រឆាំង​កោសិកា​មហារីក​អាស្រ័យ​លើ​សា្ថនភាព​ជាក់ស្តែង ​រារាំង​ឱកាស​កោសិកា​មិន​ប្រក្រតី​ស៊ាំ​ជា​មួយ​ថ្នាំ។

– ព្យាបាល​ដោយ​​ថ្នាំ និង​ត្រូវ​គោល​ដៅ៖ វិធី​ព្យាបាល​នេះ គឺ​ធ្វើ​យ៉ាងណា​ដឹង​ពី​ប្រភេទ​កោសិកា​មហារីក​ និង​ប្រើ​ថ្នាំ​ជាក់លាក់​មួយ ដើម្បី​បង្អាក់​ការ​លូត​លាស់​នៃ​កោសិកា​ក្នុង​កម្រិត​ជា​ម៉ូលេគុល។ ជារឿយៗ គ្រូពេទ្យ​តែង​ប្រើ​ការ​ព្យាបាល​ដោយ​គីមី លាយ​ឡំ​នឹង​សារធាតុ​វិទ្យុ​សកម្ម​ដើម្បី​ប្រឆាំង​មហារីក​ប្រភេទ​នេះ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់​រស់​នៅ

គ្មាន​វិធី​ណា​មួយ មាន​ប្រសិទ្ធភាព ១០០ ភាគរយ​ទេ ​តែ​ដើម្បី​បង្ការ និង​កាត់​បន្ថយ​ហានិភ័យ​គួរ​តែ​កែប្រែ​ទម្លាប់​រស់នៅ​ខ្លះៗ​ដូច​ជា៖

– ចូល​ចិត្ដ​រួម​​ភេទ​​ត្រូវ​ចាក់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​ HPV
– ចូល​ចិត្ដ​រួម​​ភេទ​ត្រូវ​ប្រើ​ស្រោម​អនាម័យ​គ្រប់ពេល
– ឈប់​ជក់​បារី
– ផឹក​ស្រា​បន្តិច​បន្តួច​បាន​ហើយ
– សម្អាត​ធ្មេញ​ និង​អញ្ចាញ​ឲ្យ​បាន​ត្រឹមត្រូវ
– បើ​​ប្រើ​ធ្មេញ​ក្លែង​ក្លាយ ប្រាកដ​ថាគឺ​ត្រូវ​ឥតខ្ចោះ​ជា​មួយ​អញ្ចាញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូនទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 12, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019

អ្នកអាចចូលចិត្ត