Upper Gi Endoscopy (តេស្តឆ្លុះប្រព័ន្ធរំលាយអាហារផ្នែកខាងលើ)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ចំណេះដឹងមូលដ្ឋាន

១- អ្វី​ជា​តេស្ត​ឆ្លុះ​ប្រព័ន្ធ​រំលាយ​អាហារ​ផ្នែក​ខាងលើ?

សំដៅ ការ​ឆ្លុះ​មើល​ប្រព័ន្ធ​រំលាយ​អាហារ​ផ្នែក​ខាង​លើ​ ដែល​ជា​វិធីសាស្ត្រ​ជួយ​ឲ្យ​មើល​ឃើញ​ផ្នែក​ខាង​ក្នុង​បំពង់​អាហារ ​ក្រពះ ពោះ​វៀនតូច​ តាម​រយៈ​ប្រើ​ឧបករណ៍​ឆ្លុះ អាច​បត់បែន​បាន ហើយ​តេស្ត​នេះ​ជា​ទូទៅ​គេ​ស្គាល់​ថា តេស្ត​ឆ្លុះ​ក្រពះ។

២- ហេតុ​អ្វី​​ត្រូវ​ឆ្លុះ​មើល​ប្រព័ន្ធ​រំលាយ​អាហារ​ផ្នែក​ខាងលើ?

​ឆ្លុះ​មើល​ប្រព័ន្ធ​រំលាយ​អាហារ​ផ្នែក​ខាងលើ​ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ និង​កំណត់​ការ​ព្យាបាល​ផ្នែក​ខាងលើ​ប្រព័ន្ធ​រំលាយ​អាហារ​ បង្ក​ដោយ​ជំងឺ​មួយ​ចំនួន​​លើបំពង់អាហារ​ ក្រពះ​ និង​ផ្នែក​ដំបូង​នៃ​ពោះវៀន​តូច ហើយ​គ្រូពេទ្យ​តម្រូវ​ឲ្យ​ឆ្លុះ​ដោយ​ម៉ាស៊ីន​អង់ដូស្កុប ក្នុង​ករណី​ដូច​ជា៖

– បញ្ជាក់​ពី​រោគសញ្ញា៖ ឆ្លុះ​អង់ដូស្កុប ​បង្ហាញ​ច្បាស់​ពី​មូលហេតុ​រោគសញ្ញា​ ដូចជា ​ចង់ក្អួត​ ​ក្អួត​ ​ឈឺពោះ​ ​ពិបាក​លេប​ និង​ហូរ​ឈាម​ក្រពះ។

– ធ្វើ​រោគវិនិច្ឆ័យ៖ ឆ្លុះ​អង់ដូស្កូប ​ដើម្បី​ច្រិប​សាច់​ទៅ​វិភាគ​ចំពោះ​ជំងឺដូចជា​ ស្លេកស្លាំង​ ហូរឈាម​ ដំបៅ​ រាក​ ឬ​ជំងឺមហារីក​ប្រព័ន្ធ​រំលាយ​អាហារ​ជាដើម។

– ការ​ព្យាបាល៖ ម៉ាស៊ីន​អង់ដូស្កូប​ ក៏​អាច​ប្រើ​សម្រាប់​ព្យាបាល ​បញ្ហា​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ដូចជា ​ដុត​សរសៃរ​ឈាម​ ឲ្យ​ឈាម​ឈប់​ហូរ ពង្រីក​បំពង់​អាហារ​ កាត់​ប៉ូលីប ​(Polyp) និង​ចាប់​យក​កម្ទេច​ផ្សេងៗ​ចេញ​មក​ក្រៅ។

​កត្តា​ប្រឈម

៣- ​កត្តាប្រឈម​មាន​អ្វីខ្លះ?

អំឡុង​ពេល​ដំណើរ​ការ​តេស្ត គឺ​អាច​មាន​ការ​ហូរឈាម​ ឬ​ធ្លុះ​បំពង់​អាហារ ក៏​ដូច​ជា​ជញ្ជាំង​ក្រពះ។

​ជម្រើស​ធ្វើតេស្តផ្សេង​ទៀត៖

នៅ​មាន​វិធី​ជា​ច្រើន​ទៀត​សម្រាប់​តេស្តឆ្លុះ​ប្រព័ន្ធ​រំលាយ​អាហារ​ផ្នែក​ខាង​លើ ដូចជា តេស្ត Barium​ Meal​ ជា​ការ​ថត​កាំរស្មីអ៊ិច ​នៅ​ប្រព័ន្ធ​រំលាយ​អាហារ​ផ្នែក​ខាង​លើ តេស្ត​ផ្លុំ​ដង្ហើម (Urea breath) ប្រើ​សម្រាប់​រកមើល​មេរោគ​ក្រពះ​ និងមេរោគ Helicobacter Pylori ដែល​អាចបង្កជា​ដំបៅ​ក្រពះ។ យល់​ពី​កត្តា​ប្រឈម​ និង​ផលវិបាក​ ជា​រឿង​ចាំបាច់​បំផុត​មុន​ពេល​វះកាត់ ហើយ​បើ​មាន​ចម្ងល់ អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បន្ថែម។

ស្វែងយល់ដំណើរការតេស្ត

៤- គួរ​ត្រៀម​អ្វីខ្លះ​មុនឆ្លុះ​ប្រព័ន្ធ​អាហារ​ផ្នែក​ខាងលើ?

គ្រូពេទ្យ​នឹង​ណែនាំ​ពី​ការ​រៀបចំ​ខ្លួន​សម្រាប់​ការឆ្លុះ​អង់ដូស្កូប។ ករណី​ខ្លះ​គ្រូពេទ្យ​នឹង​ប្រាប់​ឲ្យ​យើង​ត្រៀម​ខ្លួន​ដូច​ជា៖

– តម​ផឹក​ទឹក និងអាហារ​​ ៨ម៉ោង
– ឈប់​ប្រើ​ថ្នាំ​មួយ​ចំនួន ដូចជា​ថ្នាំ​ទប់​កំណក​ឈាម មុន​ថ្ងៃ​ធ្វើ​តេស្ត​មក​ដល់ ​ព្រោះ​អាច​ប្រឈម​ករណី​ហូរ​ឈាម​ក្នុង​ពេល​ដំណើរ​ការ។ ប្រសិន​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា ទឹក​នោម​ផ្អែម​ បេះដូង​ ឬ​លើស​សម្ពាធ​ឈាម​ គ្រូពេទ្យ​នឹង​ពន្យល់​បន្ថែម​ទាក់ទង​ថ្នាំ​ទាំង​នោះ។ សូម្បី​តែ​ឱសថ​រុក្ខជាតិ និង​អាហារ​បំប៉ន​យើង​កំពុង​ប្រើ​ ក៏​ត្រូវ​ប្រាប់​គ្រូពេទ្យ​មុន​ពេល​ធ្វើ​តេស្ត​ដែរ។

៥- អ្វី​ខ្លះ​កើត​ឡើង​អំឡុង​ពេល​ឆ្លុះ?

តេស្ត​នេះ ជា​ធម្មតា​ប្រើ​រយៈពេល​ ១០នាទី  ហើយ​មុន​ពេល​ចាប់ផ្តើម គ្រូពេទ្យ​នឹង​ឲ្យ​ថ្នាំ​គេងលក់​មក​យើង បន្ទាប់​មក​ដាក់​ឧបករណ៍​ឆ្លុះ​នៅ​ផ្នែក​ខាង​ក្រោយ​បំពង់ក ​ហើយ​រួច​រុញ​ចូល​ក្នុង​ក្រពះ​រហូត​ចូល​ដល់​ផ្នែក​ដំបូង​ពោះវៀន​តូច រក​មើល​បញ្ហា​ ដូចជា ​រលាក​ ឬ​ដំបៅ​ផ្សេងៗ។ គ្រូពេទ្យ​អាច​ច្រឹប​សាច់ ​ហើយ​ថត​ទុក​សម្រាប់​ធ្វើរោគ​វិនិច្ឆ័យ។

៦- ​បន្ទាប់​ពី​ឆ្លុះ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?

ប្រសិន​ប្រើ​ថ្នាំ​សណ្តំ យើង​អាច​ដឹង​ខ្លួន​វិញ​អំឡុង​ពេល​ ១ម៉ោង ​អាច​មាន​អារម្មណ៍​ហើមពោះ​ប្រមាណ ២-៣ ​ម៉ោង។ គ្រូពេទ្យ​នឹង​ប្រាប់បញ្ហា​បាន​រក​ឃើញ​ ​ពិភាក្សា​ពី​ការព្យាបាល​ ឬ​​តាមដានបន្ត​បើ​ចាំ​បាច់។

ផលវិបាក

៧- ផល​វិបាកក្រោយ​ឆ្លុះ​ប្រព័ន្ធ​រំលាយ​អាហារ

តេស្ត​ឆ្លុះ​ម៉ាស៊ីន​អង់ដូស្កុប ​ជា​វិធី​មាន​សុវត្ថភាព ប៉ុន្តែក៏​អាច​មាន​ផល​វិបាក​កម្រ​តិចតួច​ដូចជា៖

– ហូរ​ឈាម ក្នុងករណី​តេស្ត ​មាន​ការ​ច្រឹប​កោសិកា​យកទៅ​វិភាគ ឬ​ព្យាបាល​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ។ ករណី​កម្រ​ខ្លះ ការ​ហូរឈាម​អាច​ទាមទារ​ដល់​បញ្ចូល​ឈាម​ក៏​មាន។

– ឆ្លង​រោគ ទោះ​ក្នុង​កម្រិត​ទាប តែ​អំឡុងពេល​​ឆ្លុះ​អង់ដូស្កុប​ មាន​ទាំង​ការពិនិត្យ និង​ច្រឹប​សាច់ ក៏​ដូចជា ដំណើរ​ការ​​ផ្សេង​​ទៀត អាច​នាំ​ឲ្យឆ្លងរោគ។ ការ​ឆ្លង​មេរោគ​ភាគច្រើន ព្យា​បាល​បាន​ដោយ​ថ្នាំ​ផ្សះ ​ហេតុនេះ​ក្នុង​ករណី​ចាំបាច់​គ្រូពេទ្យ​អាច​ឲ្យ​ថ្នាំ​ផ្សះ​ការពារ មុន​ធ្វើ​តេស្ត ​បើយើង​មាន​កត្តា​ប្រឈម​ខ្ពស់។

– ដាច់​រហែក​ប្រព័ន្ធ​រំលាយ​អាហារ​ ដូចជា ​បំពង់​អាហារ​ ឬ​ផ្អែក​ផ្សេង តម្រូវ​ឲ្យ​សម្រាក​នៅ​មន្ទីរពេទ្យ និង​ពេល​ខ្លះ​ត្រូវ​វះកាត់។ តែ​កត្តា​ប្រឈម​នេះ គឺ​មាន​ភាគរយ​ទាប​បំផុត ២-៣ ប៉ុណ្ណោះក្នុង ១ ម៉ឺនករណី។ យើង​អាច​កាត់​បន្ថយ​កត្តា​ប្រឈម​ ​ដោយ​គោរព​តាម​ការណែនាំពី​គ្រូពេទ្យ​។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 12, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 24, 2019

អ្នកអាចចូលចិត្ត