Ureteral cancer (មហារីកបំពង់បង្ហូរនោម)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​ជា​ជំងឺ​មហារីក​បំពង់​បង្ហូរ​នោម?

មហារីក​បំពង់​បង្ហូរ​នោម​ ​ជា​ជំងឺកើត​នៅ​ក្នុង​បំពង់​សម្រាប់នាំ​ទឹក​នោម ​ពី​តម្រង​នោម ទៅ​កាន់​ប្លោក​នោម។ ទោះ​ជា​ករណី​កម្រ ប៉ុន្តែ​មហារីក​នៅ​តែ​អាច​លូត​លាស់​ក្នុង​ប្រព័ន្ធ​ទឹក​នោម ហើយស្រដៀង​ទៅ​នឹង​មហារីក​ប្លោក​នោម ព្រោះ​​កោសិកា​​ក្រាល​ក្នុង​បំពង់​បង្ហូរ​នោម​ ដូចគ្នា​ជាមួយ​​កាសិកា​​ក្នុង​ប្លោក​នោម។ អ្នក​មាន​ជំងឺ​មហារីក​បំពង់​បង្ហូរ​នោម​ ភាគ​ច្រើន​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​មហារីក​ប្លោក​នោម ហេតុ​នេះ​គ្រូពេទ្យ​នឹង​ធ្វើ​តេស្ដ​មួយ​ចំនួន រក​មើល​សញ្ញា​នៃ​មហារីក​ប្លោក​នោម។

២- ​កើតឡើង​ញឹកញាប់​ដែរ​ទេ?

មហារីក​ប្រភេទ​នេះ ​កម្រ​ជួប​ប្រទះ​ណាស់ ប៉ុន្តែ​ជា​ធម្មតា​កើត​ចំពោះ​មនុស្ស​ចាស់ និង​អ្នក​មាន​ប្រវត្តិ​ធ្លាប់​កើត​មហារីក​ប្លោក​នោម​ប៉ុណ្ណោះ។

រោគសញ្ញា

៣- រោគ​សញ្ញា​មហាមាន​អ្វី​ខ្លះ?

រោគសញ្ញា​ទូទៅ​របស់​មហារីក​បំពង់​បង្ហូរ​នោម​​មាន៖

– ឈាម​ក្នុង​ទឹក​នោម
– ឈឺ​ចង្កេះ
– នោម​ឈឺ
– អស់​កម្លាំង
– ស្រក​ទម្ងន់​​គ្មាន​មូល​ហេតុ។

អាច​មាន​រោគសញ្ញា​ដទៃ​ទៀត មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ ហេតុ​នេះ​បើ​មាន​ចម្ងល់ ឬ​ប្រទះ​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ​ណា​មួយ ​សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។

៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ?

បើ​មាន​សញ្ញា អាការៈ​ដូច​បាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់​ផ្សេងៗ សូម​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុស​គ្នា ហេតុនេះ​រោគសញ្ញា​អាច​នឹង​ខុស​គ្នា​ដែរ។

មូលហេតុបង្ក

៥- មូលហេតុបង្កមានអ្វីខ្លះ?

នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់​បង្ក​ឲ្យ​កើត​មហារីក​បំពង់​បង្ហូរ​នោម​ក៏​ពិត​មែន ប៉ុន្តែ​គ្រូពេទ្យ​អាច​ដឹង​ថា​មាន​មហារីក​នេះ ​ពេល​កោសិកា​ក្នុង DNA នៃ​បំពង់​បង្ហូរ​នោម​វិវត្ត​ខ្លួន​មិន​ប្រក្រតី។ ការ​វិវត្តនៃ​កោសិកា​ទាំង​នោះ អាច​បំបែក​ខ្លួន​យ៉ាង​លឿន ​និង​មិន​ងាប់​ទៅវិញ​ដោយ​ឯកឯង​ ដូចកោសិកា​ធម្មតា​ទេ និង​កាន់​រីក​ធំ​ឡើងៗ ​បិទ​ផ្លូវ​បង្ហូរ​នោម ​ឬ​រាល​ដាល​ទៅ​កន្លែង​ផ្សេង​ទៀតនៃ​រាង​កាយ។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

កត្ដា​ប្រឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​មហារីក​បំពង់​បង្ហូរ​នោម​មាន​ដូច​ជា៖

– អាយុ​ ជា​កត្ដា​ប្រឈម​ខ្ពស់​កើត​មហារីក ព្រោះ​មនុស្ស​ភាគ​ច្រើន​អាច​ដឹង​ថាខ្លួន​មាន​មហារីក​អំឡុង​​ពេល​ឈាន​ចូល​វ័យ​ចន្លោះ ៧០-៨០ ឆ្នាំ។

– ធ្លាប់​កើត​មហារីក​ប្លោក​នោម ឬ​តម្រង​នោម​ ​អាច​ប្រឈម​មុខ​ខ្ពស់​ជាមួយ​មហារីក​បំពង់​បង្ហូរ​នោម។

– ជក់​បារី​ បង្កើន​ហានិភ័យ​កើត​មហារីក​បំពង់​បង្ហួរ​នោម ​ក៏​ដូច​ជា​មហារីក​មហារីក​បំពង់​ទឹក​នោម ក្នុង​នោះ​មាន​ទាំង តម្រង​នោម​ និង​ប្លោក​នោម។

រោគវិនិច្ឆ័យ និងការ​ព្យាបាល​

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​នឹង​ពិនិត្យ​រាងកាយ ​ពោះ ​ដោយ​យក​ចិត្ដ​ទុក​ដាក់ ក៏ដូចជាធ្វើការ​ពិនិត្យ​ទឹក​នោម​ដើម្បី​រក​មើល​ មានឈាម​ក្នុង​ទឹក​នោម ឬ​យ៉ាង​ណា។ មួយ​វិញ​ទៀត នៅ​ពេល​រកឃើញ​យើង​មាន​ជំងឺ​ស្លេក​ស្លាំង តេស្ត​រាប់​គ្រាប់​ឈាម (CBC) អាច​នឹង​ត្រូវ​ធ្វើ​ឡើង។ លើស​ពី​នេះ​ ​គ្រូពេទ្យ​អាច​នឹង​វិភាគ​លើ​កាសិកា​នៅ​ក្នុង​ទឹក​នោម​ តាម​រយៈ ​មីក្រូស្គូប​ ដើម្បី​រក​មើល​កោសិកា​មហារីក​ផង​ដែរ។

នៅ​មាន​តេស្ដ​មួយ​ចំនួន​ទៀត អាច​ធ្វើ​ទៅ​បាន​ដូច​ជា៖

– ស្កេន CT នៅពោះ
– ឆ្លុះ​កាំ​រស្មីអ៊ិច នៅ​ទ្រូង
– ឆ្លុះ​តម្រង​នោម
– ស្កេន​អឹមរ៉ាយ​ MRI នៅ​ពោះ​
– ស្កេន​តម្រង​នោម
– ឆ្លុះ​ប្លោក​នោម​ និង​បំពង់​បង្ហួរ​នោម
– ឆ្លុះ​ប្លោក​នោម ​ដោយ​ចាក់​សារធាតុ​គីមី​តាម​សរសៃឈាម

តេស្ដ​ខាង​លើ​នេះ​អាច​បង្ហាញ​ឲ្យ​ដឹង​ពី​ដុំ​ ឬ​ឃើញ​ថា​មហារីក​កំពុង​រាល​ដាល ឬ​យ៉ាង​ណា។

៨- ព្យាបាល​ដោយ​វិធី​ណា?

គ្រូពេទ្យ​នឹងស្នើ​វះកាត់​យក​ផ្នែក​ទាំង​អស់ ​ឬផ្នែក​ខ្លះ​នៃ​តម្រង​នោម (កាត់​តម្រង​នោម) អាច​កាត់​ទាំង​ផ្នែក​ខ្លះ​នៃ​ប្លោក​នោម​ ក៏ដូចជា ​ជាលិកា​នៅ​ជុំវិញ​ ឬ​កូន​កណ្ដុរ​ជា​ដើម។ ករណី មាន​ដុំសាច់​ក្នុង​បំពង់​បង្ហូរ​នោម គ្រូពេទ្យ​នឹង​​កាត់​យក​ អំឡុង​ពេល​កាត់​តម្រង​នោម​តែ​ម្តង។ បើ​មហារីក​នេះ​រាល​ដាល​ចេញ​ទៅ​ក្រៅ​តម្រង​នោម​ ឬ​បំពង់​បង្ហូរ​នោម ពេទ្យ​នឹង​ព្យាបាល​យើង​ដោយ​ប្រើ​សារធាតុ​គីមី។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់​រស់​នៅ

គ្មាន​វិធី​ណា​មួយ មាន​ប្រសិទ្ធភាព ១០០ ភាគរយ​ទេ តែ​ដើម្បី​បង្ការ និង​កាត់​បន្ថយ​ហានិភ័យ​គួរ​តែ​កែប្រែ​ទម្លាប់​រស់នៅ​ខ្លះៗ​អាច​ជួយ​កែ​ខៃ​បាន ហេតុ​នេះ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​​សម្រាប់​ព័ត៌មាន​បន្ថែម។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 12, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019

អ្នកអាចចូលចិត្ត