backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Ureteral Obstruction (ជំងឺស្ទះតម្រងនោម)


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Nov 09, 2021

Ureteral Obstruction (ជំងឺស្ទះតម្រងនោម)

និយមន័យ

១- អ្វីជា​ជំងឺ​ស្ទះ​តម្រង​នោម? 

ជំងឺ​ស្ទះ​តម្រង​នោម កើត​ឡើង​នៅ​​ពេល​ប្រព័ន្ធ​ទឹក​នោម ដែល​បង្កើត​ឡើង​ដោយ​តម្រង​នោម សម្រាប់ដឹក​នាំ​ទឹក​នោម​ពី​តម្រង​នោម​ទៅ​ប្លោក​នោម បំពង់​បង្ហូរទឹក​នោម និង​ប្លោក​នោម ត្រូវ​បាន​ស្ទះ។ ករណី​​បំពង់​បង្ហូរ​ទឹក​នោម​​ស្ទះ​ អាច​កើត​មាន​តាំង​ពី​កំណើត ឬ​បណ្តាល​មក​ពី​ស្នាម​នៅ​តម្រង​នោម​ដោយ​សារ​​ពី​គ្រួស ឬ​មាន​ការ​ធ្វើ​ការ​វះ​កាត់​ពី​មុន។ ស្នាម​ទាំង​នោះ​អាច​បណ្តាល​មក​ពី​ជំងឺមហារីក (ដូច​ជា​ការ​ព្យា​បាល​វិទ្យុ​សកម្ម) ក្រួស​ក្នុង​តម្រង​នោម ធ្លាប់​​វះ​កាត់​ពី​មុន ឬ​ស្ថាន​ភាព​សុខភាព​មួយ​ចំនួន​​កើត​ពី​កំណើត។

នៅ​ពេល​បំពង់​បង្ហូរ​ទឹក​នោម​​ស្ទះ ទឹក​នោម​នឹង​មិន​អាច​ហូរ​ពី​តម្រង​នោម​ ទៅ​ប្លោក​នោម​បានទេ ហើយ​នឹង​ហូរ​បញ្ច្រាសត្រឡប់​ទៅ​រកតម្រង​​នោមវិញ ​បណ្តាល​ឲ្យ​មាន​ការ​ឆ្លងរោគ ឬ​​ខូច​ខាត​រយៈ​ពេលយូរ។

២- ជំងឺ​ស្ទះ​តម្រង​នោម​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ?

ជំងឺ​ស្ទះ​តម្រង​នោម អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​យើង​អាច​កាត់​បន្ថយ​អត្រាប្រឈមកើត​ជំងឺ​បាន។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគ​សញ្ញា​

៣- រោគសញ្ញាជំងឺ​ស្ទះ​តម្រង​នោម​មាន​អ្វី​ខ្លះ?

ពេលខ្លះ ជំងឺស្ទះ​តម្រង​នោម អាច​គ្មាន​រោគ​សញ្ញាអ្វី​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ ហើយ​រោគ​សញ្ញា​ អាស្រ័យ​ទៅ​លើ​កន្លែង​ដែល​ស្ទះ លក្ខខណ្ឌនៃការ​ស្ទះ ​មិនជិត ​ឬ​ស្ទះ​ជិត​ទាំង​ស្រុង បើការស្ទះកាន់តែឆាប់នោះ​ ការ​ប៉ះ​ពាល់​លើ​តម្រង​នោម​មួយ​ ឬ​ទាំង​ពីរ ក៏កាន់តែឆាប់ដូច​គ្នា ខណៈ​រោគ​សញ្ញា​ជំងឺ​អាច​​មានដូច​ជា៖

– ឈឺតម្រង​នោម

– បរិមាណ​​​ទឹក​នោម​ប្រែប្រួល

– ពិបាក​នោម

– មាន​ឈាម​ក្នុង​ទឹក​នោម

– មាន​ការ​ឆ្លង​រោគ​លើ​ផ្លូវ​​ទឹក​នោម​ច្រើន​ដង

– សម្ពាធ​ឈាម​ឡើង​ខ្ពស់

នៅ​មាន​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ ​បើមាន​ចម្ងល់​ទាក់​ទង​រោគ​សញ្ញា​ខាងណា​មួយ ​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំ​នាញ។

៤- ពេលណាត្រូវទៅជួបពេទ្យ?

បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។

ត្រូវ​ស្វែង​រក​ជំនួយ​វេជ្ជ​សាស្រ្ត​ជា​បន្ទាន់​បើ​មានបញ្ហា​ដូច​ជា៖

– ​ឈឺ​ចាប់​ខ្លាំង​មិន​អាច​អង្គុយ ឬ​រក​ចលនា​ណា​ធ្វើ​ឲ្យ​បាន​ធូរ​ស្រាលបាន

– ឈឺ​ចាប់​ រួម​នឹង​មាន​ចង្អោរ ក្អួត

– ឈឺ​ចាប់ ​និង​មាន​អាការៈ​គ្រុន​ក្តៅ ​ញាក់

– មាន​ឈាម​ក្នុង​ទឹក​នោម

– ពិបាក​នោម។

មូល​ហេតុបង្ក

៥- មូលហេតុបង្ក​ឲ្យ​មាន​ជំងឺ​ស្ទះ​តម្រង​នោម

ប្រភេទ​ជំងឺ​ស្ទះ​តម្រង​នោម គឺ​មាន​ច្រើន នាំ​ឲ្យ​មូល​ហេតុ​ក៏​អាច​ខុស​ៗគ្នា អាស្រ័យ​លើ​អ្នក​ជំងឺ​ម្នាក់ៗ ខណៈ​មូលហេតុ​ជា​ទូទៅ​មាន​ដូច​ជា៖

– ​ស្ទះ​បំពង់បង្ហូរទឹក​នោម​៖ ស្ទះ​បំពង់​បង្ហូរទឹក​នោម ជា​មូល​ហេតុ​ចម្បង​មួយ​​នាំ​ឲ្យយើង​មាន​ជំងឺស្ទះ​តម្រង​នោម ខណៈ​មូលហេតុ​មាន​ដូច​ជា៖

  • បំពង់បង្ហួរ​ទឹក​នោមជាន់គ្នា ជា​បំពង់​នាំទឹក​នោម​ពី​តម្រង​​នោម ​ទៅ​ប្លោក​នោម ដោយ​ជំងឺ​នេះ កើត​មាន​ញឹក​ញាប់ណាស់​ ជាជំងឺ​ពី​កំណើត (Congential) កើត​មាន​លើ​បំពង់​បង្ហួរនោមពីរ​ នៅលើ​តម្រង​នោមតែមួយ។ ផ្នែក​ទី​ពីរ​នៃ​បំពង់​អាចប្រក្រតី ឬ​​វិវត្តនៅផ្នែកខ្លះ។ បើ​វា​មិន​អាច​ដំណើរ​ការ​បាន​ល្អ នោះ​ទឹក​នោម​នឹង​ច្រាល​ទៅ​ក្នុងតម្រង​​នោម​វិញ នឹង​ធ្វើ​ឲ្យ​ខូច​ខាតតម្រង​នោម​តែ​ម្តង។
  • ភាព​មិនប្រក្រតី​របស់​​បំពង់​បង្ហួរ​ទឹក​នោម​ដែល​ភ្ជាប់​នឹង​ប្លោក​នោម ឬ​តម្រង​នោម​ បាន​រាំង​ស្ទះ​លំហូរ​ទឹក​នោម។ ភាព​ប្រក្រតី​តំណភ្ជាប់​រវាង​បំពង់​បង្ហូរ​ទឹក​នោម​ និង​តម្រង​នោម (Ureteropelvic junction) អាច​បណ្តាល​ឲ្យហើម​តម្រង​នោម និង​អាច​ធ្វើ​ឲ្យតម្រង​នោម​លែង​ដំណើរ​ការ។ ភាព​មិន​ប្រក្រតី​នេះ​ អាច​កើត​មាន​ពី​កំណើត ឬ​អាច​វិវត្ត​តាំង​ពី​កុមារ​ភាព​ ក្រោយ​​មាន​ការ​របួស មាន​​ស្នាម ឬ​ករណី​កម្រ​ដែល​កើត​ឡើង​ពី​ដុំ​សាច់។ ការ​តភ្ជាប់​មិន​ប្រក្រតីរវាង​បំពង់​បង្ហូរ​ទឹក​នោម ​និង​ប្លោក​នោម (Ureterovesical junction) អាច​បណ្តាល​ឲ្យ​ទឹក​នោម​ច្រាល​ទៅ​ក្នុង​តម្រង​នោម​វិញ។
  • ប្រសិន​បើ​បំពង់​បង្ហូរ​ទឹក​នោម​មាន​ទំហំ​តូច ​មិន​អនុញ្ញាត​ឲ្យ​ទឹក​នោម​ហូរ​ធម្មតា​បាន ​នឹង​មាន​អាការៈហើម​ ឬពកនៅ​ក្នុង​បំពង់ ដែល​នៅ​ជិត​ប្លោក​នោម។ បញ្ហា​នេះ ​អាច​ស្ទះ​ដល់​លំហូរ​​ទឹក​នោម ​បណ្តាល​ឲ្យ​ទឹក​នោម​ច្រាល​ឡើង​ទៅ​ក្នុង​តម្រង​​នោម ​នឹង​អាច​បណ្តាល​​ខូច​ខាត​តម្រង​នោមទៀត​ផង។
  • Retroperitoneal Fibrosis ជាជំងឺ​កម្រ​ ​កើត​មាន​ឡើង​នៅ​ពេល​ដែល​ការ​លូត​លាស់​​ជាលិកា​សរសៃ​ នៅ​ពី​ក្រោយ​ពោះ។ ជាលិកា​សរសៃ​នេះ​ លូត​លាស់​ដោយ​សារ​ជំងឺ​មហារីក ឬ​អាច​បណ្តាល​មក​ពី​ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​ដើម្បី​ព្យា​បាលអា​ការៈ​ឈឺ​ក្បាល​ប្រកាំង។ ជាលិកា​សរសៃ​ទាំង​នេះ នឹង​​ព័ទ្ធ​ជុំវិញ និង​បិទ​រន្ធ​បំពង់​បង្ហូរ​ទឹក​នោម​បណ្តាលឲ្យ​​ទឹក​នោមច្រាល​​ត្រឡប់​ទៅ​រក​តម្រង​នោម​វិញ។

– មូល​ហេតុ​ផ្សេង​ទៀត​អាច​កើត​មានជំងឺ​ស្ទះ​តម្រង​នោម៖

  • ក្រួស​ក្នុង​តម្រង​នោម
  • ​ទល់​លាមក​ធ្ងន់​ធ្ងរ អាច​កើត​មាន​លើ​កុមារ ប៉ុន្តែ​ក៏​កើត​មាន​លើ​មនុស្ស​ពេញ​វ័យ​ដូច​គ្នា
  • មាន​ដុំ​សាច់​ អាចជាមហារីក និងមិនមែនមហារីក (Cancerous- Noncancerous)
  • មាន​ដុះលូត​លាស់​ជាលិកា​ខាង​ក្នុង​​ស្រទាប់ស្បូន (Endometriosis) ចំពោះ​ស្ត្រី
  • ហើម​រយៈពេលយូរលើ​ជញ្ជាំងបំពង់​បង្ហូរ​ទឹក​នោម ជា​ធម្មតា​ ដោយ​សារ​ជំងឺ ដូច​ជា ​ជំងឺ​របេង ឬ​មាន​ឆ្លង​ប៉ារ៉ាស៊ីត​ ត្រូវ​គេ​ហៅ​ថា​ ជំងឺ  Schistosomiasis។

កត្តា​ប្រឈម

៦- កត្តាប្រឈមជំងឺ​ស្ទះ​តម្រង​​នោម

ជំងឺ​ស្ទះ​តម្រង​នោម អាច​មាន​កត្តា​ប្រឈម​ជា​ច្រើន ហេតុ​នេះបើ​​មាន​ចម្ងល់ ​គួរ​តែ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំ​នាញ។

អត្ថបទ​ពាក់ព័ន្ធ៖

រោគ​វិនិច្ឆ័យ និងការ​ព្យា​បាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគវិនិច្ឆ័យដោយ​វិធី​ណា?

ជារឿយៗ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​​ជំងឺ ​ត្រូវ​ធ្វើ​មុន​ពេលទារក​សម្រាល​ តាមរយៈ​ឆ្លុះ​អេកូ ដើម្បី​​បង្ហាញ​ពី​ព័ត៌​មាន​លម្អិត​ពាក់ព័ន្ធ​ការ​​លូត​លាស់​របស់​ទារក​ ​ដូច​ជា តម្រង​នោម បំពង់​បង្ហូរ​ទឹក​នោម និង​ប្លោក​នោម។ វេជ្ជបណ្ឌិត ឆ្លុះ​​អេកូមើល​ទារក​ម្តង​ទៀត ក្រោយ​​សម្រាល​រួច ដើម្បី​វាយ​តម្លៃ​លើ​តម្រង​នោម​ជាថ្មី។

បើ​វេជ្ជបណ្ឌិត​សង្ស័យ​ថា មាន​ការ​ស្ទះ​លើ​បំពង់​បង្ហូរ​ទឹក​នោម នោះតេស្ត និង​ការ​ស្កេន​មួយ​ចំនួន នឹង​ត្រូវ​ធ្វើ​ឡើង ​ដើម្បី​រក​ពី​រោគ​វិនិច្ឆ័យ​មាន៖

– ការ​ធ្វើ​តេស្ត​ឈាម និង​ទឹក​នោម៖ គ្រូពេទ្យ​ពិនិត្យ​មើល​ឈាម និង​ទឹក​នោម​ ដើម្បី​រក​ពី​រោគ​សញ្ញា​​ឆ្លងរោគ និង​រក​ពី​វត្ត​មានសារធាតុ Creatinine ដែល​អាច​បង្ហាញ​ពី​ដំណើរ​ការ​មុខងារ​​តម្រង​នោម។

– ឆ្លុះអេកូ​នៅ​ពី​ខាងក្រោយ​ពោះ (Ultrasound retroperitoneal)៖ វិធី​នេះ ​អាចជួយ​ពេទ្យ​​ឃើញ​ពី​តម្រង​នោម និង​បំពង់​បង្ហូរ​ទឹក​នោម។

– តេស្ត Voiding Cystourethrogram៖ តេស្ត​នេះ​ធ្វើ​ឡើង ដើម្បី​រក​មើល​ភាព​មិន​ប្រក្រតីនៃ​លំហូរ​ទឹក​នោម ដោយ​គ្រូពេទ្យ​ នឹង​ដាក់​បញ្ចូល​បំពង់​តូច​មួយ​តាម​រយៈ​បំពង់​បង្ហូរ​ទឹក​នោម រួច​ចាក់​សារជាតិ​ពណ៌​ចូល​ទៅ​ក្នុង​ប្លោក​នោម​ និង​ថតកាំ​រស្មីអ៊ិច លើ​តម្រង​នោម បំពង់​បង្ហូរ​ទឹក​នោម​ផ្នែក​ខាង​លើ ប្លោក​នោម និងបំពង់​បង្ហូរ​ទឹក​នោម​ផ្នែក​ខាង​ក្រោម​​ មុន​ពេលយើងនោម។

– ស្កេន​ Renal Nuclear៖ វិធី​នេះ ស្រដៀង​គ្នា​ទៅ​នឹង IVP (ការចាក់សារធាតុពណ៌តាមសរសៃដើម្បីថត) គ្រូពេទ្យ​នឹង​​ចាក់​សារជាតិ​ពណ៌មាន​សារ​ធាតុ​វិទ្យុ​សកម្ម​តិច​តួច​ទៅ​ក្នុង​ដៃ​។ មាន​កាមេរ៉ា​ពិសេស​ម្យ៉ាង​ ចាប់​យក​វិទ្យុ​សកម្ម និង​បង្កើត​បាន​ជា​រូប​ភាព​ អាច​ឲ្យ​គ្រូពេទ្យ​ប្រើ​ដើម្បី​វាយ​តម្លៃ​ប្រព័ន្ធ​ទឹក​នោម​។

– ដាក់​កាមេរ៉ា​ក្នុង​បំពង់​ទឹក​នោម៖ បំពង់​តូច​មួយ​មាន​កាមេរ៉ា ​និង​ពន្លឺ​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​បំពង់​បង្ហូរ​ទឹក​នោម​ ឬ​តាម​ការ​វះ​​ទំហំ​តូច។ ប្រព័ន្ធ​អ៊ុប​ទិក​នេះ ​អនុញ្ញាតឲ្យ​​គ្រូពេទ្យ​មើល​ឃើញ​ខាង​ក្នុង​​បំពង់​នោម និង​ប្លោក​នោម។

– ស៊ីធី​ស្កេន (CT)៖ ​វិធី​ស្កេននេះ ធ្វើ​ឡើង​ជា​មួយ​ការ​ថត​កាំ​រស្មីអ៊ិច ពី​មុំ​ផ្សេង​គ្នា ​អាច​បង្កើត​បាន​រូប​ភាព​ជា​ច្រើន​នៃ​តម្រង​នោម បំពង់​បង្ហូរ​ទឹក​នោម និង​ប្លោក​នោម​។

– ថត MRI៖ ​ថត MRI នៅ​ពោះ​ ដោយ​ប្រើ​ដែន​ម៉ាញ៉េទិច និង​រលក​វិទ្យុ​សកម្ម ដើម្បី​បង្កើត​រូប​ភាពលម្អិត​នៃ​សរីរាង្គ និង​ជាលិកា​នៅ​ក្នុង​ប្រព័ន្ធ​ទឹក​នោម។

៨- ព្យាបាល​ដោយ​វិធី​ណា?

ព្យា​បាល​ជំងឺ​ស្ទះ​តម្រង​នោម ធ្វើ​ឡើង​ក្នុង​គោល​បំណង ​បំបាត់​ការ​ស្ទះ ដោយ​បង្កើត​ផ្លូវទឹក​នោម​​ថ្មី ​ជួយ​ជួស​ជុល​ដល់​ការ​ខូច​ខាត​តម្រង​នោម ខណៈវិធី​ព្យា​បាល​អាច​ជាការ​ប្រើ​ថ្នាំ​ Antibiotic ​ដើម្បី​បំបាត់​ការ​ឆ្លង​មេរោគ និង​វិធីសាស្ត្រមួយ​ចំនួនទៀត​ដូច​ជា៖

– វិធី​បង្ហូរ​ទឹក​នោម៖ នៅ​ពេល​ជំងឺ​ស្ទះ​តម្រង​នោម​ ​បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ​ត្រូវបង្ហូរ​ទឹក​នោម​ចេញ​ពី​រាង​កាយ​ដើម្បី​បំបាត់​រោគ​សញ្ញា​បណ្តោះ​អាសន្ន​ ដោយ​វេជ្ជបណ្ឌិតជំនាញផ្នែកតម្រងនោម នឹង​ណែនាំ​យើងពី​វិធី​ព្យាបាល​ដូច​ជា​៖

  • ​ដាក់ Stent  ក្នុង​បំពង់​បង្ហូរ​ទឹក​នោម៖ ​ជា​ការ​ដាក់​បំពង់​ប្រហោង​តូច​មួយ​ ទៅ​ក្នុង​បំពង់​ទឹក​នោម​ ដើម្បី​បើក​ផ្លូវ​ឲ្យ​ទឹក​នោមអាច​ហូរ​ចេញ​មក​ក្រៅ។
  • Percutaneous nephrostomy៖ គ្រូពេទ្យ​​នឹង​ដាក់​បំពង់​មួយ​តាម​ខ្នង​​ ដើម្បី​បង្ហូរ​ទឹក​នោម​ចេញ​មក​ក្រៅដោយ​ផ្ទាល់។
  • Catheter៖ ជា​បំពង់​ដាក់​តាម​បំពង់​បង្ហូរ​ទឹក​នោម​ ទៅ​ប្លោក​នោម ​ដើម្បី​បង្ហូរ​ទឹក​នោម​ចេញ​មក​ក្រៅ។ វិធី​នេះ​សំខាន់​លើ​គ្នា​យើង​មាន​បញ្ហា​លើ​ប្លោក​នោម​ ​ពិបាក​ផលិត​ទឹក​នោម។
  • គ្រូពេទ្យ​ អាច​នឹងណែនាំ​ពី​វិធី​ព្យាបាល​រួម​គ្នាជាមួយ​ការ​​វះ​កាត់​សក្តិ​សម​បំផុត​សម្រាប់​យើង។ ការ​វះ​បង្ហូរ​អាច​ ជា​ការ​វះ​កាត់​ណ្តោះ​អាសន្ន ឬ​ជា​អចិន្រ្តៃយ៍​ ដោយ​អាស្រ័យ​លើ​ស្ថាន​ភាព​សុខ​ភាព​យើង​ផ្ទាល់។

    – វិធី​ព្យាបាល​ដោយវះ​កាត់៖ ​វិធី​វះ​កាត់​លើព្យាបាល​ជំងឺ​ស្ទះតម្រង​​នោម ​មាន​ច្រើន​ប្រភេទ ដោយអាស្រ័យ​លើ​ស្ថាន​ភាព​សុខ​ភាពអ្នក​ជំងឺ​ ហោយ​ការ​វះ​កាត់​ទាំងនោះ​មាន​ដូច​ជា៖

    • ​វះ​កាត់ Endoscopic៖ ជា​វិធី​សាស្ត្រ​​វះ​កាត់​ ​មាន​កត្តា​ប្រឈម​តិច​តួច ដោយ​មាន​បំពាក់​ឧបករណ៍​ឆ្លុះ​ដាក់​ចូល​តាម​បំពង់​បង្ហូរ​ទឹក​នោម​​ ទៅ​ក្នុង​ប្លោក​នោម និង​ផ្នែក​ដទៃ​ទៀត​នៃ​បំពង់​ទឹក​នោម។ គ្រូពេទ្យ​ នឹង​ធ្វើ​ការ​កាត់​ផ្នែក​​ខូច ឬ​ស្ទះ ​រួច​ដាក់​បំពង់​តូច​មួយ (Stent) ដើម្បី​ចំហ​ឲ្យ​មាន​ប្រហោង។ វិធី​នេះ គេធ្វើឡើង​ទាំង​​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យា​បាល​តែ​ម្តង។
    • វះកាត់​ពោះ៖ ការ​វះ​កាត់​ គ្រូពេទ្យ​​នឹង​ធ្វើ​ការ​វះ​បើក​ចំហពោះ ដើម្បី​ព្យាបាល​កន្លែង​ស្ទះ។
    • ការ​វះ​ចោះ៖ ​ជា​ការ​វះតាម​រយៈ​បំពង់​តូច​មួយ​​មាន​ពន្លឺ និង​កាមេរ៉ា​ អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​វះ​កាត់ ​មើល​ឃើញ​​ខាងក្នុង​​សរីរាង្គ​យើង។ គ្រូពេទ្យ​ធ្វើ​ចោះ​រន្ធ​តូច​ៗ​មួយ ឬ​ច្រើន​ចោះ​តាម​ស្បែក​ដើម្បី​បញ្ចូល​បំពង់​ពន្លឺ និង​ឧបករណ៍​ផ្សេង​ទៀត ​ត្រូវ​ការ​ប្រើ​ក្នុងដំណើរ​ការ​វះ​កាត់។
    • ការ​វះកាត់ Robot-assisted laparoscopic surgery៖ ជា​ការ​វះ​ចោះ​ ដោយ​ប្រើ​មនុស្ស​យន្ត។

    ភាព​ខុស​គ្នា​ក្នុង​ចំណោម​វិធី​វះ​កាត់​ទាំង​នេះ ​គឺ​រយៈ​ពេល​​ជា​សះ​ស្បើយ ចំនួន ក៏​ដូច​ជា​​ទំហំ​នៃ​ការ​វះ​កាត់​។ គ្រូពេទ្យ​ឯក​ទេស នឹង​កំណត់​​ប្រភេទ​វះ​កាត់ និង​ការ​ព្យា​បាល​សម្រាប់​យើង។

    ផ្លាស់ប្តូរទម្លាប់រស់នៅ

    ៩- ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ

    ទម្លាប់​​រស់នៅ​ និង​វិធី​ព្យាបាល​នៅ​ផ្ទះ​ខ្លះ អាច​ទប់ទល់​ បង្ការ នឹង​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម