backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Vaginal Yeast Infection (ជំងឺផ្សិតទ្វារមាស)

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន · សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


អត្ថបទ​ដោយ Sao Solynet · កែ Jun 07, 2022

និយមន័យ

១- អ្វីជាជំងឺផ្សិតក្នុងទ្វារមាស?

ការ​បង្ក​រោគ​ដោយ​ផ្សិត​នៅ​តំបន់​ទ្វារមាស ហៅថា ជំងឺ​ផ្សិត ឬ​កង់ឌីដា (Candidiasis) កើត​ឡើង​នៅ​លើ​ស្ត្រី​ជា​ញឹកញាប់ ព្រោះ​ធម្មតា​ទ្វារមាស មាន​ផ្ទុក​បាក់តេរី និង​កោសិកា​ផ្សិត​មួយ​ចំនួន ប៉ុន្តែ​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​នៅ​ពេល​តុល្យភាព​កោសិកា​ទាំងនោះ​មាន​ការ​ប្រែប្រួល បង្ក​ជា រមាស់​ខ្លាំង ហើម និង​ក្រហាយ។

ផ្សិត​ក្នុង​ទ្វារមាស មិន​ត្រូវ​ចាត់​ទុក​ជា​ក្រុម​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​នោះ​ទេ បើ​ទោះជា​អាច​ ឆ្លង​តាម​រួមភេទ ប៉ុន្តែ​អាច​កើត​លើ​ស្រ្តី​មិន​ធ្លាប់​រួមភេទ​ដូចគ្នា។ បើ​ធ្លាប់​មាន​បង្ករោគ​ដោយ​ផ្សិត​ម្តង​រួច​ យើង​នឹង​ប្រឈម​មុខ​ការ​បង្ក​រោគ​ជា​ច្រើន​ផ្សេង​ទៀត។

២- កើតឡើងញឹកញាប់ដែរទេ?

ពិត​ណាស់ បង្ក​រោគ​ដោយ​បាក់តេរី​នៅ​តំបន់​ទ្វារមាស មាន​កើត​ឡើង​ជា​ញឹកញាប់ ប៉ុន្តែ​គេ​អាច​គ្រប់គ្រង​បាន ដោយ​កាត់​បន្ថយ​កត្តា​ប្រឈម អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នេះ។ គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- ជំងឺផ្សិតទ្វារមាសមាន​រោគ​សញ្ញា​​​​អ្វី​ខ្លះ?

រោគ​សញ្ញា​កើត​ជា​ទូទៅ​ដូចជា៖

– រមាស់​ទ្វារមាស

– ហើម​នៅ​តំបន់​ជុំវិញ​ទ្វារមាស

– ក្រហាយ​ពេល​នោម​ និង​រួមភេទ

– ឈឺចាប់​ពេល​រួមភេទ

– ឈឺ

– ក្រហម

– រោល

ទឹក​ហូរ​ចេញ​ពី​ទ្វារមាស​មាន​ពណ៌ស​ លាយ​ប្រផេះ​ និង​ដុំៗ ជា​សញ្ញា​កើត​ឡើង​ញឹកញាប់ ហើយ​លំហូរ​សារធាតុ​នេះ ជួន​មាន​លក្ខណៈ​ដូច ហ្រ្វូម៉ា (Cottage Cheese)។ ពេល​ខ្លះ​ទៀត អាច​មាន​ហូរ​សារធាតុ​រាវ​មាន​លក្ខណៈជា​ទឹក​ធម្មតា​ផងដែរ។

បើ​ឆ្លង​មេរោគ​ផ្សិត មិន​ទទួល​ការព្យាបាល​រយៈពេល​យូរ រោគសញ្ញា​ទាំងអស់​នេះ​នឹង​កាន់​តែ​ធ្ងន់ធ្ងរ។ យ៉ាង​ណា អាច​នៅ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត មិន​បាន​រៀបរាប់​ខាង​លើ ​ហេតុ​នេះ​បើ​មាន​មន្ទិល​សង្ស័យ គួរ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

បើ​មាន​សញ្ញា អាការៈ​ដូច​បាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់​ផ្សេងៗ សូម​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុស​គ្នា ហេតុនេះ​រោគសញ្ញា​អាច​នឹង​ខុស​គ្នា​ដែរ។

មូលហេតុបង្ក

៥- មូលហេតុបង្កមាន​អ្វី​ខ្លះ?

មេរោគ​ផ្សិត​កង់ឌីដា​ (Candida) គឺ​ជា​មីក្រូបតូចៗ តែងតែ​បង្ហាញ​វត្តមាន​នៅ​ក្នុង​​ទ្វារមាស​ស្ត្រី​ហើយ​បាក់តេរី​ល្អ ឡាក់តូបាក់ស៊ីឡើស (Lactobacillus) ដែរ​នៅ​ក្នុង​នោះ​ចាំ​គ្រប់​គ្រង​ការ​លូត​លាស់​របស់​ពពួក​រោគផ្សិត។ ប៉ុន្តែ​ប្រសិន​បើ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ខ្លួន​មិនមាន​តុល្យភាព បាក់តេរី​ទាំងនោះ​នឹង​មិន​អាច​ធ្វើការ​ងារ​បាន​ល្អ​នោះ​ដែរ ធ្វើ​ឲ្យ​ពពួកផ្សិត កង់ឌីដា កើន​ឡើង​ហួស​កម្រិត បណ្តាល​ឲ្យ​លេច​ចេញ​រោគសញ្ញា​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ទ្វារមាស។

ពពួក​ផ្សិត​មួយ​ប្រភេទ ហៅថា កង់ឌីដា អាប៊ីកង់ (Candida Albicans)​ ជា​ពពួក​ផ្សិត​បង្ក​ឲ្យ​មាន​ការ​បង្ក​រោគ​ដោយ​ផ្សិត​ច្រើន​ជាងគេ​បំផុត។ ការ​បង្ក​រោគ​ដោយ​ពពួក​ផ្សិត​ទាំង​នេះ ជា​ទូទៅ​ងាយ​ព្យាបាល ប៉ុន្តែ​ករណី​បើ​ឆ្លងរោគ ទោះ​ទទួល​ការ​ព្យាបាល​សម​ស្រប នៅ​មិន​ជា​ដាច់ បង្ហាញ​ថា​អាច​នឹង​ឆ្លង​មេរោគ​ប្រភេទ កង់ឌីដា ផ្សេងទៀត ទាមទារ​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍ ដើម្បី​ដឹង​ច្បាស់។

គួរអាន៖

កត្តាប្រឈម

៦- កត្តា​ប្រឈមមាន​អ្វី​ខ្លះ?

មាន​កត្តា​ប្រឈម​ជា​ច្រើន អាច​បង្ក​ឲ្យ​ឆ្លង​ជំងឺ​នេះ​មាន​ដូច​ជា៖

មាន​ផ្ទៃ​ពោះ

– ស្រ្តេស

– គេង​មិន​គ្រប់គ្រាន់

– ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ

– ជំងឺ​ទឹក​នោមផ្អែម ពុំ​មាន​ការ​ព្យាបាល​ត្រឹមត្រូវ

– ទម្លាប់​ញ៉ាំ​អាហារ​មិនល្អ អាហារ​មាន​ជាតិ​ស្ករ​ច្រើន

– អតុល្យភាព​លំនឹង​អរម៉ូន ពេល​ជិត​ដល់​វដ្តរដូវ

– ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ច្រើន នាំ​ឲ្យ​ថយ​ចំនួន​បាក់តេរី​ល្អ ឡាក់តូសបាក់ស៊ីឡើស។

គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ

ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ

គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

បង្ក​រោគ​ដោយ​ផ្សិត ងាយ​ស្រួល​ធ្វើ​រោគវិនិច្ឆ័យ ដោយ​គ្រូពេទ្យ​នឹង​សួរនាំ​ពី​ប្រវត្តិ​ជំងឺ ក៏​ដូច​ករណី​ឆ្លង​មេរោគ​ផ្សិត​ពី​មុន ឬអាច​ពាក់ព័ន្ធ​ការ​រួមភេទ​ជាដើម។

ក្រោយ​ទទួល​ព័ត៌មាន​គ្រប់​គ្រាន់ គ្រូពេទ្យ​នឹង​ចាប់​ផ្តើម​ពិនិត្យ​នៅ​តំបន់​អាង​ត្រគាក ដូច​ជា ទ្វារមាស មាត់ស្បូន និង​ផ្នែក​ផ្សេងទៀត​ជុំវិញ​តំបន់​នោះ រក​មើល​សញ្ញា​បង្ក​រោគ​ពី​ខាង​ក្រៅ។

គ្រូពេទ្យ​នឹង​ប្រមូល​កោសិកា​ក្នុង​ទ្វារមាស ដែល​បាន​រកឃើញ បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍​ដើម្បី​ធ្វើ​ការ​សិក្សា​បន្ថែម។ ធ្វើតេស្ត​នៅ​មន្ទីរ​ពិសោធន៍​ គឺ​ចំពោះ​ស្រីៗ​ឆ្លង​មេរោគ​ផ្សិត​ញឹកញាប់ ឬ​ព្យាបាល​មិន​ជា​ប៉ុណ្ណោះ។

៨- ព្យាបាល​ដោយ​វិធី​ណា?

ករណី​ឆ្លង​មេរោគ​ផ្សិត​មាន​សភាព​ផ្សេងៗ​គ្នា អ៊ីចឹង​គ្រូពេទ្យ​ធ្វើ​ការ​ព្យាបាល​ទៅ​តាម​សភាព​របស់​យើង តែ​ជា​ទូទៅ​ការ​ព្យាបាល​ត្រូវ​កំណត់​ទៅ​តាម​កម្រិត​ធ្ងន់ធ្ងរ​នៃ​រោគ​សញ្ញា។

– ករណី​បង្ក​រោគ​ធម្មតា

បង្ករោគ​ដោយ​ផ្សិត​ធម្មតា គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា ប្រើប្រាស់​ក្រែម​ប្រឆាំង​មេរោគ​ផ្សិត ប្រេង ថ្នាំ​គ្រាប់ ឬ​ថ្នាំ​សុល ប្រើ​ត្រឹម ១-៣ ថ្ងៃ។ ថ្នាំ​ទាំង​នេះ អាច​ទិញ​តាម​វេជ្ជបញ្ជា​ ឬ​អាច​ទិញ​នៅ​តាម​ទីផ្សារ​ដោយ​ខ្លួន​ឯង ហើយ​ថ្នាំ​មាន​ប្រសិទ្ធភាព​ និង​ពេញ​និយម​ មាន​ដូច​ជា៖

– Butoconazole (gynazole)

– Miconazole (iotrimin)

– Monistat

– Terconazle (terazol)

– Fluconazole (diflucan)

គ្នា​យើង​ឆ្លងរោគ​ផ្សិត​ធម្មតា​បែប​នេះ គួរ​ណាត់​ជួប​ជាមួយ​ពេទ្យ​ឲ្យ​ទៀងទាត់ ដើម្បី​តាម​ដាន ប្រសិទ្ធភាព​ថ្នាំ​កំពុង​ប្រើ​ប្រាស់។ គួរ​ណាត់​ជួប​គ្រូពេទ្យ បើ​រោគ​សញ្ញា​លេច​ឡើង​វិញ ក្រោយ​ព្យាបាល​បាន ២ ខែ។ បើ​ដឹង​ច្បាស់​ថា បាន​ឆ្លង​មេរោគ​ផ្សិត​ប្រភេទ​នេះ អាច​ធ្វើ​ការ​ព្យាបាល​ខ្លួន​ឯង​នៅ​ផ្ទះ​ក៏​បាន។

ការ​បង្ក​រោគ​មាន​សភាព​ស្មុគ​ស្មាញ

គ្រូពេទ្យ​នឹង​ព្យាបាល​ទៅ​តាម​ស្ថាន​ភាព ឬ​កត្តា​ស្មុគស្មាញ​នៃ​រោគសញ្ញា​ដូច​ជា៖

– មាន​ផ្ទៃ​ពោះ

– ផ្ទុក​មេរោគ​អេដស៍

– ក្រហម​ខ្លាំង ហើម និង​រមាស់ ឈឺ ឬ​រហែក​ជាលិកា​ទ្វារមាស

– ឆ្លង​មេរោគ​ផ្សិត ច្រើន​ជាង ៤ ដង​ក្នុង​មួយឆ្នាំ

– បង្ក​ដោយ​​ប្រភេទ​មេរោគ​ផ្សិត កង់ឌីដា ដទៃ​ទៀត

– មាន​ជំងឺទឹក​នោម​ផ្អែម ពុំ​មាន​ការ​ព្យាបាល​ត្រឹមត្រូវ​ ឬ​ប្រពន្ធ័ភាព​ស៊ាំ​ចុះ​ខ្សោយ។

សម្រាប់​ករណី​ខាង​លើ​ការ​ព្យាបាល​មានដូចជា៖

– ព្យាបាល​ដោយ​ប្រើ ក្រែម ប្រេង ថ្នាំ​គ្រាប់ ឬ​សុល​ទ្វារ​មាស ចំនួន ១៤ថ្ងៃ

– ប្រើ​ប្រាស់ Fluconazole (diflucan) កម្រិត ២-៣ ដូស

– ចេញ​វេជ្ជបញ្ជា​អោយ​ប្រើប្រាស់ Fluconazole (diflucan) រយៈ​ពេល​យូរ ប្រើ​មួយ​សប្តាហ៍​ម្តង រយៈពេល ៦ សប្តាហ៍​ជាប់​គ្នា ឬ​ប្រើ​ថ្នាំ​លាប​ប្រឆាំង​ពពួក​ផ្សិត​រយៈពេល​យូរ។

បើ​នៅ​តែ​មិន​ជា​ដាច់ គួរ​សាកល្បង​នាំ​ដៃ​គូ​រួមភេទ​យើង​ទៅ​ធ្វើ​រោគ​វិនិច្ឆ័យ​ជា​មួយគ្នា។ បើសង្ស័យ​ថា​ដៃ​គូរ​រួមភេទ​មាន​ផ្ទុក​មេរោគ​ផ្សិត គួរ​ប្រើប្រាស់​ស្រោម​អនាម័យ​គ្រប់​ពេល​រួមភេទ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

យើង​អាច​ព្យាបាល​ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​ទ្វារមាស តាម​វិធី​បែប​ធម្មជាតិ​មួយ​ចំនួន​ដូច​ជា៖

– ប្រេង​ដូង

– ខ្ទឹម​ស

– ក្រែម​ចម្រាញ់​ចេញ​ពី​ប្រេង​ដើម​តែ

– ថ្នាំ​សុល​ទ្វារ​មាស​មាន​ជាតិ​អាស៊ីដ បូរិក

– ញ៉ាំ ឬ​យក​ទឹក​ដោះ​គោ​ជូរ សុល​តាម​ទ្វារ​មាស។

ត្រូវ​ប្រាកដ​ថា​ដៃ​យើងស្អាត​មាន​អនាម័យ​ជា មុន​ពេល​លាប​ក្រែម ឬ​ប្រេង​លើ​ទ្វារ​មាស។ ហើយ​គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ មុន​ពេល​សាក​ល្បង​ប្រើប្រាស់​វិធី​ព្យាបាល​បែប​ធម្មជាតិ​ទាំងនេះ ព្រោះ​រុក្ខជាតិ​មួយ​ចំនួន អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​យើង​ត្រូវ​ប្រើ អាច​បង្ក​ផល​រំខាន​មួយ​ចំនួន​ផង​ដែរ។

គួររៀប​ចំ​របប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ដូចជា៖

– ញ៉ាំ​អាហារ​មាន​តុល្យ​ភាព​ល្អ

– ញ៉ាំ​ទឹក​ដោះ​គោ​ជូរ អាហារ​បំប៉ន​មាន ឡាក់តូសបាក់ស៊ីឡើស (បាក់តេរី​ល្អ)

– ស្លៀក​ពាក់​សំលៀក​បំពាក់​ផលិត​ពី​ធម្មជាតិ​ដូចជា កប្បាស សំឡី ឬ​សូត្រ

– បោក​ខោ​ទ្រនាប់​ជា​មួយ​និង​ទឹក​ក្តៅ

– ផ្លាស់​ប្តូរ​ផលិត​ផល​អនាម័យ​ស្ត្រី​ឲ្យ​បាន​ញឹកញាប់។

កត្តាមួយចំនួន​គួរ​ចៀសវាង៖

– ស្លៀក​ខោ​តឹង ឬ​រឹប​ពេក

– ប្រើប្រាស់​សំឡី​អនាម័យ​មាន​ក្លិន​ក្រអូប

– ស្លៀក​ខោ​អាវ​ទទឹក ជា​ពិសេស​ឈុត​ហែល​ទឹក

– ត្រាំ​ក្នុង​អាង​ទឹក​ក្តៅ​ញឹក​ញាប់​ពេក

– លាង​សម្អាត​ផ្នែក​ខាង​ក្នុង​ទ្វារមាស។

គួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


អត្ថបទ​ដោយ Sao Solynet · កែ Jun 07, 2022

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម