Work Addiction (ជំងឺ​ញៀន​​​ការងារ)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វីជាការញៀនការងារ?

ញៀន​ការងារ គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​មួយ ជា​អាកប្បកិរិយា​មួយ​មិន​អាច​គ្រប់​គ្រង​បាន គឺ​ដូច​ជា​មនុស្ស​ញៀន​ថ្នាំ​អញ្ចឹងដែរ។ ញៀន​ការងារ​មាន​អារម្មណ៍​សប្បាយ​ពេល​ធ្វើ​ការ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​ពួក​គេ​បន្ត​ធ្វើ​ការ​មិន​ខ្វល់​ពី​ពេល​វេលា ក្នុង​ចេតនា​អាច​ផ្តល់​អារម្មណ៍​សប្បាយ​សុខ​ស្រួល​ដល់​ខ្លួន​ឯង។ ជំងឺ​ញៀន​ការងារ គឺ​មិន​អាច​តាំង​ចិត្ត​ឈប់​ធ្វើ​ការ​បាន​ទេ ទោះ​ជា​ដឹង​ថា​ ផល​វិបាក​អាច​ប៉ះពាល់​ដល់​ជីវិ រាង​កាយ ឬ​សុខភាព​ផ្លូវ​ចិត្ត​ក៏​ដោយ។

២- កើត​មាន​ញឹកញាប់​ដែរ​ទេ?

តាម​ការ​ស្រោវ​ជ្រាវ​ ប្រមាណ ៥–១០% នៃ​ពលរដ្ឋ អាមរិក​ កើត​ជំងឺ​ញៀន​ការ​ងារ ខណៈ​ការ​ស្រាវ​ជ្រាវ​ផ្សេង​ទៀត គឺ​កើន២៥% ឯណោះ។

ដោយ​សារ​ជំងឺ​ញៀន​ការងារ​មាន​អត្រា​ខ្ពស់​ ហើយ​មនុស្ស​ភាគ​ច្រើន​លើ​ពិភព​លោក ប្រកប​របប​ចិញ្ចឹម​ជីវិត​ ដោយ​ធ្វើ​ការ ហេតុ​នេះ​ទើប​ត្រូវ​យល់​ដឹង​ឲ្យ​ច្បាស់​ថា​អ្វី គឺ​ជា​ជំងឺញៀន​ការងារ។

រោគសញ្ញា

៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ?

មនុស្ស​ញៀន​នឹង​ការងារ តែង​តែ​ព្យាយាម​ប្រាប់​ដាក់​មូល​ហេតុលើ​ខ្លួន​ឯង ថា​ធ្វើ​ការងារ​ច្រើន​ជា​រឿង​ល្អ អាច​ជួយ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ។ ករណី​ខ្លះ អាច​គ្រាន់​តែ​ប្រឹង​ធ្វើ​ការងារ​ធម្មតា​ ឬ​ខ្លះ​ទៀត​គឺ​ដើម្បី​ភាព​ជោគជ័យ។ យ៉ាង​ណា មហិច្ចតា និង​ជំងឺ​ញៀន​ធ្វើការ គឺ​ខុស​គ្នា​ទាំង​ស្រុង។

គ្នា​យើង​ញៀន​នឹង​ការងារ អាច​ខំ​ធ្វើ​ការ​ឲ្យ​លឿន​ដើម្បី​ចៀស​បញ្ហា​ជីវិត​របស់​ខ្លួន។ វា​ស្រដៀង​នឹង​ការ​ញៀន​ដទៃ​ទៀត​ដែរ គឺ​ពួក​គេ​អាច​នឹង​មិន​ដឹង ឬ​មិន​គិតពី​ផល​អវិជ្ជមាន​ឡើយ។

រោគ​សញ្ញា​ញៀន​​ការ​ងារ​រួម​មាន៖

– នៅ​កន្លែង​ធ្វើ​ការ​យូរ​ម៉ោង​ សូម្បី​ពេល​មិន​ចាំ​បាច់
– គេង​មិន​គ្រប់​គ្រាន់ ដើម្បី​ចូលរួម​ក្នុង​គម្រោង​ការងារ ឬ​បញ្ចប់​ការ​ងារ​ណា​មួយ
– ជក់ចិត្ត​នឹង​ភាព​ជោគជ័យ ដែល​ជាប់​ទាក់ទង​ទៅ​នឹង​ការងារ
– ភ័យ​ខ្លាច​ខ្លាំង​ចំពោះ​ការ​បរាជ័យ​នៅ​កន្លែង​ធ្វើការ
– ឆ្កួត​នឹង​ការ​ទំនាក់​ទំនង​ប្រតិបត្តិ​ការ​ងារ
– ខូច​ខាច​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន ដោយ​សារ​តែ​ការងារ
– មាន​ការ​ប្រុង​ប្រយ័ត្ន​​ការងារ​ខ្លាំង
– ធ្វើ​ការងារ ដើម្បី​ផ្តាច់​ខ្លួន​ពី​ទំនាក់​ទំនង​ផ្សេងៗ
– ធ្វើ​ការ​ដើម្បី​ដោះ​ស្រាយ បញ្ហា​អារម្មណ៍ គិត​ថា​ខ្លួន​ឯង​មាន​កំហុស ឬ​បាក់​ទឹក​ចិត្ត
– ធ្វើការ ដើម្បី​​គេច​ពី​វិបត្ដិ​មួយ​ចំនួន ដូចជា ការស្លាប់ លែងលះ ឬ​បញ្ហា​ហិរញ្ញវត្ថុ។

អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​ដែល​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​សិន​ជា​មាន​​មន្ទិល​សង្ស័យ​ណា​មួយ សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

បើ​យើង​ខ្លួន​ឯង ឬ​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង មាន​រោគ​សញ្ញា​បង្ហាញ​ដូច​ខាងលើ​ ឬ​មាន​សំនួរ​អ្វី​នោះ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​របស់​មនុស្ស​ម្នាក់​ៗ​ខុស​អាច​បង្ហាញ​ខុសគ្នា។

មូលហេតុបង្ក

៥- អ្វី​ខ្លះ​ជា​មូលហេតុ​បង្ក?

ជំងឺ​ញៀន​ការ​ងារ ភាគ​ច្រើន​កើត​លើ​ក្រុម​មនុស្ស​ងប់​ងល់ និង​ភាព​ល្អ​ឥត​ខ្ចោះ។ ការ​ឲ្យ​តម្លៃ​ខ្លួន​ឯងទាប ក៏​ជា​កត្តា​ធ្វើ​ឲ្យ​វិវត្ត​ទៅ​រក​ជំងឺ​ញៀន​ការ​ងារ​ដូច​គ្នា​ មូល​ហេតុ គឺ​ដោយ​សារ​តែ​ចង់​ឲ្យ​ថ្នាក់​លើ​ពេញ​ចិត្ត។ មាន​ការ​ស្រាវ​ជ្រាវ​ខ្លះ​បញ្ជាក់​ថា គ្នា​យើង​ញៀន​ការ​ងារ​ភាគ​ច្រើន សុទ្ធ​តែ​មាន​ប៉ា​ម៉ាក់ តែ​ការ​រំពឹង​ទុក​ខ្ពស់​ពី​យើង នាំ​ឲ្យ​គិត​ថា​ក្តី​ស្រឡាញ់​របស់​ប៉ា​ម៉ាក់ច្រើន ឬ​តិច​អាស្រ័យ​ទៅ​លើ​ភាព​ជោគ​ជ័យ​យើង​ទទួល​បាន។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

កត្តា​ប្រឈម​ផ្សេង​ៗ នាំ​ឲ្យ​ញៀន​ការងារ មាន​ដូច​ជា៖

– គិតដដែលៗ ធ្វើ​អ្វី​មួយ​ដដែលៗ
– ថប់​បារម្ភ​
– ចរិត​លក្ខណះ មនុស្ស​ប្រភេទ A (គ្មាន​ភាព​អត់ធ្មត់ ឆាប់​ខឹង ចូលចិត្ត​ប្រកួត​ប្រជែង និងមហិច្ឆិតាធំ)
– យក​ការងារ ដើម្បីបន្លប់​ភាព​ឈឺ​ចាប់​អ្វី​មួយ។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើប្រាស់​គ្រប់​ប្រភេទ​ជំងឺ​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ សម្រាប់​ព័ត៌មាន​បន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

Bergen Work Addiction Scale ជា​ភាសា​បច្ចេកទេស ប្រើ​សម្រាប់ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ញៀន​ការងារ​។ វិធី​សាស្ត្រ​នេះ បង្កើត​ដោយ​សាស្ត្រា​ចារ្យ​ផ្នែក​ចិត្ត​សាស្ត្រ នៃ​សាកល​វិទ្យាល័យ Bergen ប្រទេស ណ័រវេ និង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហគមន៍​វេជ្ជសាស្រ្ត។ វិធី​នេះ ផ្តោត​លើ​ការ​វាស់​វែង​កត្តា​ជា​ច្រើន ដូច​ជា ថា​តើ​ទិដ្ឋភាព​ជាក់​លាក់​ណា​មួយ​បាន​កើត​ឡើង​ប៉ុន្មាន​ដង​នៅ​ក្នុង​ជីវិត​យើង ដោយ​ប្រើ​ប្រាស់​ខា្នត​ដូច​ជា៖

– មិន​ធ្លាប់ (១)
– កម្រ (២)
– ម្តង​ម្កាល (៣)
– ញឹក​ញាប់ (៤)​- តែង​តែ (៥)

ខ្នាត​ខាង​លើ​នេះ​យើង​យក​មក​វាស់​ជា​មួយ​នឹង​ស្ថាន​ភាព​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

– យើង​គិត​ថា​ធ្វើ​យ៉ាង​ណា ដើម្បី​បង្កើត​ពេល​វេ​លា​កាន់​តែ​ច្រើន​ធ្វើ​ការ​ងារ
– ធ្វើ​ការ​ដើម្បី​គេច​វេស លប់លាង​កំហុស​ ភាព​ទន់​ខ្សោយ​ បាក់​ទឹក​ចិត្ត​ និង​​ថប់​បារម្ភ
– មាន​អ្នក​ណែនាំ​ឲ្យ​បន្ថយ​ធ្វើ​ការ​ងារ តែ​យើង​បដិសេធ
– ចំ​ណាយ​ពេល​ធ្វើការ ច្រើន​ជាង​ផែន​ការ​គិត​ទុក
– មាន​អារម្មណ៍​ស្ត្រេស​ពេល​មិន​បាន​ធ្វើ​ការ
– កាត់​បន្ថយ​ការ​កំសាន្ត​ សកម្មភាព​សប្បាយៗ និង​ពេល​វេលា​ហាត់​ប្រាណ ដើម្បី​មាន​ពេល​ធ្វើ​ការ​ឲ្យ​បាន​ច្រើន
– ធ្វើ​ការ​ហួស​កំណត់ នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព។

យោង​ទៅ​តាម​ទស្សនាវដី្ត​ចិត្ត​វិទ្យា Scandinavian បញ្ជាក់​ថា បើ​យើង​ឆ្លើយ​ថា “ញឹក​ញាប់” ឬ “តែង​តែ” យ៉ាង​តិច ៤ សំនួរ​ខាង​លើ នោះ​យើង​អាច​មាន​ជំងឺញៀន​ការងារ​។

៨- ព្យាបាល​ដោយ​វិធី​ណា?

បើ​យើង​មានញៀន​ការងារ មិន​ត្រូវ​ការ​ព្យាបាល​ដល់​កម្រិត​ដូច​មនុស្ស​ញៀន​ថ្នាំ​នោះ​ទេ។ ប៉ុន្តែ​យើង​ត្រូវ​ការ​ព្យាបាល​តាម​រយៈ​កម្ម​វិធី​ព្យាបាល ទាំង​ក្នុង និង​ក្រៅ​មន្ទីរ​ពេទ្យ ដើម្បី​គ្រប់​គ្រង​អាកប្បកិរិយា។ កម្ម​​វិធី​ស្តារ​នីតិ​សម្បទា​ភាគ​ច្រើន​សម្រាប់​​ញៀន​ថ្នាំ និង​ញៀន​ស្រា ក៏​អាច​ជា​ជំនួយ​សម្រាប់​​ព្យាបាល​ជំងឺ​ញៀន​ការងារ​​ធ្ងន់​ធ្ងរ​ផង​ដែរ។ ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ តម្រូវ​ឲ្យ​យើង​សម្រាក នៅ​ក្នុង​ពេទ្យ​ក្នុង​អំឡុង​ពេល​ព្យាបាល ខណៈ​ព្យាបាល​ខាង​ក្រៅ អាច​ឲ្យ​យើង​នៅ​ផ្ទះ និង​ទទួល​ការ​ប្រឹក្សា​នៅពេល​ថ្ងៃ។ ជំងឺ​ញៀន​ការងារ ទាមទារ​ការ​ព្យាបាល​ពី​កម្មវិធី​ព្យាបាល ឈ្មោះ​ថា ក្រុម ១២​ជំហាន (12-Step) និង​កម្ម​វិធី​ព្យាបាល​ជា​ក្រុម​ផ្សេង​ទៀត។ នៅ​ក្រៅ​ប្រទេស កម្មវិធី​​ព្យាបាល​ទាំង​នេះ មាន​នៅ​ក្នុង​អង្គ​ការ​ធំៗ​មួយចំនួន រាប់​បញ្ចូល​ទាំង​អង្គការ Workaholics Anonymous ជា​ដើម។

ការព្យាបាល​ជា​ក្រុម ផ្តល់​ឱកាស​ឲ្យ​យើង​បង្កើត​ទំនាក់​ទំនង​ជា​មួយ និងគ្នា​យើង​មាន​ជំងឺ​នេះ​ផ្សេងៗ​ទៀត អាច​ពិភាក្សា​ពី​ផល​វិបាក​ និង​អាច​ជួយ​ផ្តល់​កម្លាំង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។

ញៀន​ការងារ អាច​មក​ពី​វិបត្តិ​ផ្លូវ​ចិត្ត​មួយ​ចំនួន ដូច​ជា ជំងឺគិតដដែលៗ ធ្វើ​ដដែលៗ និង​ជំងឺ​ប្រែប្រួល​អារម្មណ៍​ពីរ​ផ្សេង​គ្នា (Bipolar Disorder) ។ អាការៈ​ញៀន​នេះ ក៏​បង្ក​ជា​ជំងឺ​ផ្លូវ​ចិត្ត ដូច​ជំងឺបាក់​ទឹក​ចិត្ត​ដែរ ហេតុ​នេះ​ទើប​ការ​ធ្វើ​តេស្ត​បញ្ហា​ផ្លូវ​ចិត្ត​មាន​សារៈសំខាន់​ដើម្បី​ព្យាបាល​ជំងឺ។ គ្រូ​ពេទ្យ​ចិត្ត​សាស្ត្រ នឹង​ជួយ​រៀប​ចំ​ផែនការ​ព្យាបាល​ឲ្យ​យើង។ ប្រឹក្សា​យោបល់ ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ និង​ថ្នាំ​អាច​ជួយ​គ្រប់​គ្រង​អាការៈ ជំងឺ​ថប់​បារម្ភ និង​ស្រ្តេស។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

គ្នា​យើង​ញៀន​ការងារ ធ្វើ​ការដើម្បី​កុំ​ឲ្យ​មាន​អារម្មណ៍​បន្ទោស​ខ្លួន​ឯង​ពេល​មិន​បាន​ធ្វើ​ការ។ ដូច្នោះ​ទើប​ត្រូវ​ឲ្យ​អ្នក​ជំងឺ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ការងារ។ គ្នា​យើង​ភាគ​ច្រើន ត្រូវ​បំពេញ​ការងារ ដើម្បី​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ ហេតុ​ផល​នេះ ភាគ​ច្រើន​យើង​មិន​អាចឈប់​ធ្វើ​ការ​បាន​នោះ​ឡើង។ យ៉ាង​ណា ឈប់​សម្រាក​ពី​ការងារ​មួយ​រយៈ គឺ​មាន​ប្រយោជន៍​ណាស់ ជួយ​ធ្វើ​ឲ្យ​យើង​ដឹង​ថា ទោះ​មិន​ធ្វើ​ការ​ជាប់​រហូត ក៏​យើង​អាច​មាន​ក្តី​សុខ ហើយ​​​ផ្លាស់​ប្តូរ​ការងារ ក៏​អាច​ជួយ​បាន​ដូច​គ្នា។

ញៀន​ការងារ ងាយ​ស្រួល​ព្យាបាល​ជាង​ការ​ញៀន​ថ្នាំ ដោយ​គ្រាន់​តែ​ផ្លាស់​ប្តូរ​ទម្លាប់​ខ្លះៗ ដូចជា៖

– សកម្មភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ត្រូវ​មាន​តុល្យាភាព
– ចៀស​វាង​កត្តា​ធ្វើ​ឲ្យ​យើង​ស្រ្តេស និងកត្តា​ជំរុញ​ផ្សេងៗ​ទៀត។

ក្នុង​ករណីមាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល ​ជូនទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 6, 2019 | កែសម្រួលចុងក្រោយ ខែ​មីនា 6, 2019

អ្នកអាចចូលចិត្ត