Zika (ជំងឺហ្ស៊ីកា)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​ជា​​ជំងឺ​ហ្ស៊ីកា?

ជំងឺ​ហ្ស៊ី​កា ជា​ប្រភេទ​ជំងឺ​បង្ក​ឡើង​ដោយ​សារ​មេរោគ​ហ្ស៊ីកា កើត​ឡើងឆ្លង​តាម​រយៈ​សត្វ​មូស​ខាំ។ ជំងឺនេះ ភាគ​ច្រើន​គេ​ឃើញ​មាន​នៅ​តាម​តំបន់​ត្រូពិក ​និង​ប្រទេស​ជុំវិញ​តំបន់នោះ ខណៈ​មូស​ភ្នាក់​ងារ​ចម្លង​ជំងឺ​ហ្ស៊ីកា តាម​រយៈការ​​ជញ្ជក់​ឈាមមានជំងឺ​ រួច​ចម្លង​ទៅ​មនុស្ស​ម្នាក់ផ្សេង​ទៀត។

២- ជំងឺ​ហ្ស៊ីកា​កើត​ឡើង​ញឹក​ញាប់​ដែរទេ?

ជំងឺ​ហ្ស៊ី​កា ឧស្សាហ៍​ជួប​ប្រទះណាស់ ​ហើយ​គេ​គ្រប់គ្រងបាន ​ដោយ​កាត់​បន្ថយ​កត្តា​ប្រឈម​របស់​ជំងឺ។

រោគ​សញ្ញា

៣ – ជំងឺហ្ស៊ីកា​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?

ជា​ទូទៅ មនុស្ស​​ភាគ​ច្រើនកើត​ជំងឺ​នេះ ​គឺ​ជា​សះ​ស្បើយ​ពី​រោគ​សញ្ញា​ដោយ​ខ្លួន​ឯង ​ក្នុង​រយៈពេល​ ១​ សប្ដាហ៍ ហើយ​ករណី​ជា​ច្រើន​ មិន​លេច​ឡើង​ជា​រោគ​សញ្ញា​នោះ​ទេ។ ប៉ុន្តែរោគ​សញ្ញា​ជំងឺ​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេមាន​ដូច​ជា៖

– ក្ដៅ​ខ្លួន
– កន្ទួល​រមាស់​លើ​ស្បែក
– ឈឺ​សន្លាក់
– ឈឺ​ក្បាល
– ឡើង​ក្រហម​ភ្នែក។

ជំងឺ​បង្ក​ដោយ​មេរោគ​ហ្ស៊ី​កា ​គ្រោះ​ថ្នាក់​ណាស់​ បើ​ឆ្លង​ទៅ​លើ​ទារក​ និង​កុមារ។ ទារក​ក្នុង​ផ្ទៃ​មាន​ផ្ទុក​មេរោគ​នេះ​ ច្រើន​តែ​កើត​មក​មិន​ពេញ​លក្ខណៈ​ដូចជា​៖

– ភ្នែក​​កើត​មក​ខុស​ប្រក្រតី
– ថ្លង់
– វិបត្តិ​អំឡុង​ពេល​កំពុងលូតលាស់​ក្នុង​ផ្ទៃ
– ខួរ​ក្បាល​តូច
– ខួរ​ក្បាល​ខុស​ប្រក្រតី។

បើ​ឲមាន​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ ​សូម​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ។

៤- គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា? 

ក្នុង​ករណី​មាន​ចម្ងល់​ ឬ​មាន​រោគ​សញ្ញា​មិន​ប្រក្រតី​ សង្ស័យ​ថា​មាន​ជំងឺ​ហ្ស៊ីកា សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ព្រោះ​ថា​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺចំពោះ​រាងកាយ​​មនុស្ស​ម្នាក់ៗ គឺ​ខុសៗ​គ្នា។

មូលហេតុបង្ក

៥- មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ហ្ស៊ីកា​មាន​អ្វី​ខ្លះ?

ជំងឺហ្ស៊ីការ បណ្ដាល​មក​ពី​មេរោគ​ហ្ស៊ីកា ដោយ​មូល​ហេតុ​ចម្បង​ ​គឺ​ឆ្លង​តាម​រយៈ​មូស​ខាំ។ នៅ​ឆ្នាំ​១៩៤៧ ក្នុងប្រទេស​អ៊ុយហ្គាន់ដា មេរោគ​នេះ​បាន​រក​ឃើញ​ដំបូង​ឡើង​នៅ​ក្នុង​ប្រភេទ​មូសដែលបង្ក​ជា​ជំងឺ​គ្រុន​ឈាម​ គ្រុន​លឿង និង​គ្រុនឈិ។មូស​ចម្លងមេរោគ​ទៅ​ក្នុង​រាងកាយ​យើង​បាន​ ​ដោយ​ការ​ខាំ​បឺត​ឈាម​ផ្ទុក​មេរោគ​ ហើយ​ហោះ​ទៅ​ខាំ​មនុស្ស​ម្នាក់​ទៀត។

មេរោគ​ស៊ី​កា​ ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ អាច​​ចម្លង​តាម​ការ​រួម​ភេទ​ និង​ការ​បញ្ចូល​ឈាម។ មួយ​វិញ​ទៀត ក៏​អាច​ចម្លង​ពី​ម្ដាយ​ទៅ​ទារក​ក្នុង​អំឡុង​ពេល​ពរ​ពោះ​ទៀត​ផង។

កត្តា​ប្រឈម

៦- កត្តា​ប្រឈមកើត​ជំងឺ​ហ្ស៊ីកា​មាន​អ្វី​ខ្លះ?

មាន​កត្តា​ប្រឈម​ជា​ច្រើន​នាំ​ឲ្យ​យើង​កើត​ជំងឺ​ហ្ស៊ីកា មានដូច​ជា៖

– ការ​រស់​នៅ ​និង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​មាន​ការ​រាតត្បាត​ជំងឺ​នេះ​។ ការ​រស់​នៅ​ក្នុង​តំបន់​ត្រូពិក ងាយ​​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ​ជាង​គេ។ ជា​ពិសេស​នៅ​តំបន់​​មាន​ហានិភ័យ​ខ្ពស់ ​ដូចជា ​ប្រជុំ​កោះ​តំបន់​ប៉ាស៊ីហ្វិក និង​ប្រទេស​មួយ​ចំនួន​ដូចជា​ អាមេរិក​កណ្ដាល ខាង​ត្បូង​ និង​ខាង​ជើង ​ប្រជុំ​កោះ​ខាង​កើត​ទ្វីប​អាហ្វ្រិក។

– ការ​រួម​ភេទ​មិន​​ប្រើ​ស្រោម​អនាម័យ។

អត្ថបទ​ពាក់​ព័ន្ធ៖

រោគ​វិនិច្ឆ័យ​ និង​ការ​ព្យាបាល

សម្រាប់​ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​ជំងឺ​នោះទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យជំ​នាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

៧- រោគវិនិច្ឆ័យ​ជំងឺហ្ស៊ីកា

ការ​កំណត់​រោគ​វិនិច្ឆ័យ​ជំងឺ​ដែល​បណ្ដាល​ពី​មេរោគ​ស៊ីកា​ គឺ​ធ្វើ​ឡើង​ដោយ​គ្រូពេទ្យ​ តាម​រយៈការ​​សាក​សួរ​ពី​ប្រវត្តិ​ជំងឺ​និង​ដំណើរ​កម្សាន្ត ក៏​ដូចជា​ព័ត៌មាន​ទូទៅ​ ទាក់​ទង​ពី​បុគ្គល​ និង​ដៃ​គូរ​រួម​ភេទ​ជា​ដើម។ ពេទ្យ​នឹង​ស្នើ​ឲ្យ​យើង​គេ​ធ្វើ​តេស្ត​ឈាម​ដើម្បី​កំណត់​រោគ​វិនិច្ឆ័យ ហើយ​បន្ទាប់​ពី​កំណត់​ថា យើងមាន ឬ​គ្មាន​ផ្ទុក​មេរោគរួច​ហើយ ដំណើរ​ការ​តាមដាន​មួយ​ចំនួន នឹង​ត្រូវ​ធ្វើ​ឡើយដូច​ជា៖

– រក​មើល​ការ​រួម​តូច​ខួរ​ក្បាល​របស់​ទារក​ និង​ភាព​មិន​ប្រក្រតី​ផ្សេង​ៗ​ តាម​រយៈឆ្លុះអេកូ។
– ចោះ​បូម​យក​ទឹក​ភ្លោះ​ទៅ​ពិនិត្យ​ ដោយ​ប្រើ​ម្ជុល​ចាក់​ចូល​តាម​ស្បូន

៨- វិធី​ព្យាបាល

ទោះ​បច្ចុប្បន្ន​ ជំងឺ​នេះ​មិន​ទាន់​មាន​​ការ​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​នៅ​ឡើយ​ក្ដី​ តែ​ការ​ប្រើ​ប្រាស់​ថ្នាំ​ ដើម្បី​សម្រួល​អាការៈមួយ​ចំនួន​ អាច​ប្រើ​បាន ​ដូច​ជា​ បំបាត់​ការ​ឈឺ​ចាប់​ជាដើម។ ជា​ទូទៅ ជំងឺហ្ស៊ីកា នឹង​ជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង​ក្នុង​រយៈពេល​មួយ​សប្ដាហ៍។ សំខាន់​បំផុត​ដើម្បី​ថែ​ទាំ​សុខភាព​យើង គឺ​ត្រូវ៖

– សម្រាក​ឲ្យ​បាន​ច្រើន
– ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន
– ញ៉ាំ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ​ឬ​ទីលេណុល​ ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​ និង​បន្ថយ​កម្ដៅ
– បើ​មាន​ជំងឺ​គ្រុន​ឈាម​លាយ​ឡំ​ជា​មួយ មិន​ត្រូវ​ប្រើ​ថ្នាំ​អាស្ពីរីន​ និង​ថ្នាំ​អ៊ីប៊ុយប្រូហ្វេន​នោះ​ទេ​ លុះ​ត្រា​តែ​មានការ​ព្យាបាល​​ជំងឺ​គ្រុន​ឈាមជា​សះ​ស្បើយ​ជា​មុន​​សិន​ ដើម្បី​ចៀសវាង​ករណី​ហូរ​ឈាម​ធ្ងន់ធ្ងរ។
– ពិភាក្សា​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ​ថ្នាំ​ផ្សេង​ៗ

មិន​ទាន់​មាន​វ៉ាក់សាំង​ការ​ពារ​ជំងឺ​នេះ​នៅ​ឡើយ​ទេ។ បើ​យើង​មាន​ជំងឺហ្ស៊ីកា​ គួរ​ព្យាយាម​ធ្វើ​យ៉ាងណា​ កុំ​ឲ្យ​មូស​ខាំ​ក្នុង​ពេល ​១​ សប្ដាហ៍​ដំបូង​ ដើម្បី​បន្ថយ​ឱកាស​ក្នុង​ការ​ចម្លង​ជំងឺ​អ្នក​ដទៃ​ទៀត។ សប្តាហ៍ទី​ ១​ ជាពេល​វេលា​សំខាន់​បំផុត​ដែល​មេរោគ​ រីក​រាល​ដាល​​ពេញ​ចរន្ត​ឈាម​ ងាយ​ចម្លង​ទៅ​អ្នក​ដទៃ​បំផុត តាម​រយៈមូស​ខាំ។ ហើយ មូស​ខាំ​តែ​ម្នាក់​ក៏​ដោយ ប៉ុន្តែ​អាច​ចម្លង​បាន​ច្រើន​នាក់​ទៀត​រាប់​មិន​អស់។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់​នៅ

ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ និង​វិធី​ព្យាបាល​នៅ​ផ្ទះ មាន​អនាម័យ​ល្អ អាច​បង្ការ និង​គ្រប់​គ្រង​អាការៈ​ជំងឺ​បាន ដូចជា៖

– រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​ដែល​ស្អាត​ និង​មាន​ម៉ាស៊ីន​ត្រជាក់ ​ដើម្បី​កាត់​បន្ថយ​កត្តា​ប្រឈម ​ព្រោះ​ថា​ជំងឺហ្ស៊ីកា អាច​ចម្លង​បាន​ដោយ​មូស​ខាំ​ ​គ្រប់​ពេល​វេលា។
– ស្លៀក​ពាក់​ខោអាវ​​អាច​ការពារ​មូស​ខាំ ​ដូចជា​ អាវ​ដៃ​វែង​ ខោ​ជើង​វែង ស្រោម​ជើង ​និង​ស្បែក​ជើង​ឃ្លុប​ជា​ដើម។
– ប្រើ​ថ្នាំ​ប្រឆាំង​មូស​ខាំ​ និង​គេង​ក្នុង​មុង​ជ្រលក់​ថ្នាំ ( Permethrin)។
– បន្ថយ​ការ​ក​កើត​មូស ​ដោយ​សម្អាត​សំបក​កំប៉ុង​ សំបកកង់​ឡាន​ចាស់ៗ ថូ​ផ្កា ​និង​វត្ថុដក់​​ទឹក​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​សីហា 28, 2019 | កែសម្រួលចុងក្រោយ ខែ​សីហា 28, 2019

អ្នកអាចចូលចិត្ត