Aluminium phosphate (ឱសថ Aluminium phosphate)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Aluminium phosphate (ឱសថ Aluminium phosphate) ឈ្មោះម៉ាកផលិតផល: Aluminium phosphate (ឱសថ Aluminium phosphate).

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Aluminium phosphate ព្យាបាលជំងឺអីខ្លះ?

ថ្នាំ Aluminium phosphate គេប្រើ​ដើម្បី​ព្យាបាល​ការ​រលាក​ក្រពះ​ថ្មីៗ​ និង​រ៉ាំរ៉ៃ ដំបៅ​ក្រពះ​ពោះវៀន ជំងឺ​ក្លន ពេលដែលពោះ​វៀន​លៀន​​តាម​រន្ធ​មួយ​សម្រាប់​ផ្លូវ​អាហារ​ចាក់​ចូល​ទៅ​ក្នុង​ពោះ (Hiatal oesophageal ​hernia) ជំងឺ​ច្រាល​ទឹក​ក្រពះ (Gastroesophageal reflux) និង​ផលវិបាក​ជា​ច្រើន​ទាក់​ទង​នឹង​ជំងឺ​រលាក​បំពង់​អាហារ​ ក្រហាយទ្រូង​ និង​រំលាយ​អាហារ​ដោយ​សារ​ការ​បញ្ចេញ​ទឹក​អាស៊ីដ​ខ្លាំង។ ​

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

សម្រាប់​ថ្នាំ​គ្រាប់​គួរ​តែ៖

– ក្រឡុក​កញ្ចប់​ថ្នាំ​មុន​លេប
– អាន​ការ​ណែនាំ​ឲ្យ​បាន​ច្បាស់​លាស់​មុន​​ប្រើ​
– លេប​តាម​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​ ទាំង​កម្រិត​ថ្នាំ​ និង​ពេល​វេលា
– ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ប្រសិន​បើ​មិន​យល់​ចំណុច​ណា​មួយ។

៣- រក្សា​ទុកដោយ​វិធី​ណា?

អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Aluminium Phosphate ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​?

មុន​ពេល​ប្រើ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

– មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​ផ្សំ (Excepients) របស់​ថ្នាំ
– មាន​ប្រតិកម្ម​អាល្លែក្ស៊ី​ជាមួយ​ថ្នាំ​ដទៃ​ទៀត អាហារ​ ថ្នាំ​ជ្រលក់​ពណ៌ ឬ​សត្វ
– កំពុង​ប្រើ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ណាមួយ​ ដែល​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ Aluminium Phosphate។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ?

មិន​ទាន់​មាន​ព័ត៌មាន​អំពី​សុវត្ថិភាព​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ Aluminium phosphate ក្នុង​កំឡុង​ពេល​មាន​ផ្ទៃ​ពោះនៅឡើយ​ទេ។ ដូច​នេះ​ ​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​អំពី​បញ្ហា​ទាំង​នេះ​មុន​ពេល​ប្រើ។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ការ​ប្រើ​ប្រាស់​ថ្នាំនេះ ​អាច​ផ្តល់​ផល​រំខាន​ដូច​ថ្នាំ​ដទៃ​ទៀត​ដែរ​ ប៉ុន្តែភាគច្រើន​​កម្រ​កើត​មាន​ណាស់​ ហើយ​ក៏​មិ​ន​ចាំ​បាច់​ការ​ព្យាបាល​បន្ថែម​ដែរ។​ យ៉ាង​ណា​មិញ​ ​ត្រូវ​តែ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​​ ​បើ​​​មាន​បញ្ហា​ណា​​មួយ​បន្ទាប់​ពី​ប្រើ​ប្រាស់​ថ្នាំ​នេះ​រួច។

ផល​រំខាន​មួយ​ចំនួនមាន​ដូច​ជា៖

– ការ​ទល់​លាមក
– ការ​បាត់បង់​ចំណង់​អាហារ
– អស់​កម្លាំង​មិន​ធម្មតា
– ខ្សោយ​សាច់ដុំ
– លាមក​ខ្មៅ
– រលាក​បំពង់​រំលាយ​អាហារ
– ការ​ប្តូរ​អារម្មណ៍ (វង្វេងវង្វាន់​ ឬ​ដេក​ស្ងប់​ខ្លាំង)
– រាក
– ឈឺ​ពេល​នោម
– ឈឺ​ពោះ
– ក្អួត (កម្អួត​មាន​ពណ៌​កាហ្វេ)
– ប្រតិកម្ម​អាលែកហ្ស៊ី​ រួម​មាន​ កន្ទួល​រមាស់ ឬ​ហើម​ (ជាពិសេស​មុខ​ អណ្ដាត ឬបំពង់​ក) វិល​មុខ​ធ្ងន់ធ្ងរ​ ឬ​ពិបាក​ដក​ដង្ហើម។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​​ថ្នាំ

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាពថ្នាំប្រភេទ​នេះ ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ថ្នាំអាច​មាន​អន្តរ​កម្ម​ជា​មួយ Aluminium Phosphate ​រួម​មាន៖ Digoxin, Indomethacin, Iron salt, Isoniazide, Chlodiazepoxide, Naproxen, Dicumarol, Pseudoephedrine, Diazepam, Amphetamine , Quinidine និងថ្នាំ Aspirin ។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

Aluminium phosphate អាច​មាន​អន្តរកម្ម​ជាមួយ​​អាហារ ឬ ជាតិ​អាល់កុល​ ដោយ​បម្រែបម្រួល​សកម្ម​ភាព​របស់​ថ្នាំ ឬ​បង្កើន​ហានិភ័យ​នៃ​ផល​រំខាន​ធ្ងន់ធ្ងរ​ជាច្រើន។ គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​ពី​បញ្ហា​នេះ។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព

Aluminium phosphate​ អាច​មាន​អន្តរកម្ម​ជាមួយ​បញ្ហា​សុខភាព​មួយ​ចំនួន​។ ការ​មាន​អន្តរកម្មនេះ​ នឹង​អាច​ធ្វើ​ឲ្យ​បញ្ហា​សុខភាព​នេះ​កាន់​តែ​ធ្ងន់​ ឬប្រែប្រួលអំពើ​​របស់​ថ្នាំ​។ ដូចនេះ​ ​គួរ​តែ​ប្រាប់​គ្រូពេទ្យ​មុន​ពេល​ប្រើ​ ប្រសិន​បើ​អ្នក​មាន​បញ្ហា​ដូចជា​៖ ខូចតម្រងនោម​ជា​ដើម។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ដែល​យើង​ផ្តល់​ឲ្យ​នេះ​ មិន​ត្រូវ​បាន​រាប់​ចូល​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី​មុន​ពេល​ចាប់​ផ្តើម​ប្រើ​​ថ្នាំ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​​កម្រិត​ណា?

ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​នូវ​ព័ត៌មាន​បន្ថែម​ពី​កម្រិត​ថ្នាំ​ Aluminium phosphate។

– កម្រិត​ថ្នាំត្រូវ​ប្រើ​ គឺ ១-២ កញ្ចប់ ២-៣ ដង​ក្នុង​មួយ​ថ្ងៃ។

១១- ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

កម្រិត​ថ្នាំ​​សម្រាប់​កុមារ​​មិន​ទាន់​មាន​ការ​សិក្សា​​ណា​មួ​យ​ច្បាស់​ទេ​។​ វា​​ប្រហែល​​ជា​​មិន​មាន​​សុវត្ថិភាព​​សម្រាប់​​កូន​​របស់​​យើង។សំខាន់​ណាស់​​ក្នុង​​ការ​ស្វែង​​យល់​​ពី​​សុវត្ថិភាព​​របស់​​ថ្នាំ​​មុន​​ពេលប្រើប្រាស់។ សូម​​ពិគ្រោះ​​ជាមួយ​​គ្រូពេទ្យ​​ និង​​ឱសថការី​​​សម្រាប់​ព័ត៌មាន​​បន្ថែម។​

១២-​ មាន​ទម្រង់​បែប​ណា​ខ្លះ?

ថ្នាំ Aluminium phosphate អាច​មាន​ទម្រង់​ដូច​ខាង​ក្រោម៖

– កញ្ចប់​​មាន​ ជាតិ​ដូច​ចាហួយ (Gel) ១២ ភាគរយ។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

 

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 21, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 21, 2019