Candesartan (ឱសថ Candesartan)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Candesartan (ឱសថ Candesartan) ឈ្មោះម៉ាកផលិតផល: Candesartan (ឱសថ Candesartan).

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Candesartan ព្យាបាលជំងឺអីខ្លះ?

ថ្នាំ Candesartan គឺ​ប្រើ​ព្យាបាល​ការ​ឡើង​សម្ពាធ​ឈាម ​កាត់​បន្ថយ​សម្ពាធ​ឈាម ការពារ​ករណី​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Strokes) គាំង​បេះដូង (Heart Attacks) និង​បញ្ហា​តម្រង​នោម (Kidney Problems) ផង​ដែរ។ Candesartan ស្ថិត​នៅក្នុង​ក្រុម​ថ្នាំ Angiotensin receptor blockers (ARBs) មាន​ប្រសិទ្ធភាព ជួយ​បន្ធូរ​សរសៃឈាម នាំឲ្យ​ឈាម​ហូរ​កាន់​តែ​ល្អ។

ថ្នាំនេះ​ ត្រូវ​គ្រូពេទ្យ​ប្រើក្នុង​ការ​ព្យាបាល​ជំងឺខ្សោយ​បេះដូង​ផងដែរ។

យ៉ាងណា ថ្នាំនេះ​មិន​ត្រូវ​ណែនាំឲ្យ​ប្រើ​ទៅលើ​កុមារ​អាយុក្រោម​ ១ ឆ្នាំឡើយ​ ព្រោះ​អាច​បង្កើន​ហានិភ័យ​ ផល​រំខាន​ធ្ងន់ធ្ងរ។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

ជា​ប្រភេទ​ថ្នាំលេប អាចជា​មួយ​អាហារ​ ឬ​ពោះ​ទទេ អាស្រ័យ​លើ​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​ ហើយ​ជាទូទៅ ប្រើ ១-២ ​ដង​ក្នុង​មួយ​ថ្ងៃ។

កម្រិត​ប្រើ​ថ្នាំ​គឺ​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​ និង​ការ​ឆ្លើយតប​ក្រោយ​ព្យាបាល។ សម្រាប់​ក្មេងៗ កម្រិត​ថ្នាំ​អាស្រ័យ​លើ​ទម្ងន់។

សូម​ប្រើ​ថ្នាំ​នេះ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ទទួល​បាន​ប្រសិទ្ធិភាព​ព្យាបាល​ខ្ពស់​ ហើយ​ដើម្បី​ជួយ​ឲ្យ​យើង​ចាំថា​លេប​រួច ឬ​មិនទាន់​ គួរ​លេប​ថ្នាំ​នៅ​ម៉ោង​តែមួយ​រៀង​រាល់​ថ្ងៃ។ សំខាន់​បំផុត​ត្រូវ​បន្ត​ប្រើ​ថ្នាំនេះឲ្យ​ទៀង​ទាត់ ​ទោះ​បី​​មាន​អារម្មណ៍​ស្ថានភាព​ជំងឺ​ប្រសើរ​ហើយ​ក្តី។ មនុស្ស​ភាគច្រើន​មាន​សម្ពាធ​ឈាម​ខ្ពស់​មិន​មាន​បង្ហាញ​អាការៈ​​ឈឺ​ចាប់​ទេ។ ព្យាបាល​ករណី​ឡើង​សម្ពាធ​ឈាម​ខ្ពស់ ត្រូវ​ចំណាយ​ពេល​ដល់ទៅ ៦​សប្តាហ៍ ​ទើប​ទទួល​បាន​ប្រសិទ្ធិភាព​ពេញ​លេញ​ពី​ថ្នាំនេះ។

ប្រាប់​ទៅ​វេជ្ជបណ្ឌិត ​បើ​ស្ថានភាព​សុខភាព​មិន​ប្រសើរ​ឡើង ឬ​កាន់តែ​ធ្ងន់​ធ្ងរ ពិសេស​សម្ពាធ​ឈាម​កាន់​ឡើង​ខ្ពស់។

៣- រក្សាទុកដោយវិធីណា?

ថ្នាំ Candesartan អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Candesartan ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។

ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អី​ខ្លះ​មុន​​ប្រើ?

មុន​​លេប​ Candesartan ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ ឬ​ឱសថការី បើ​យើង​មាន​ប្រតិកម្មជាមួយថ្នាំ​នេះ  ឬ​ថ្នាំ​ដទៃ​ទៀត។ ផលិត​ផល​នេះ អាច​មាន​សារធាតុ​មិន​សកម្ម (Inactive) បង្កទៅជា​អាលែកហ្ស៊ី ឬបញ្ហា​ផ្សេង​ទៀត។ សូមសាក​សួរ​ទៅកាន់​ឱសថការី ​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត។

ប្រាប់​វេជ្ជបណ្ឌិត ​ឬ​ឱសថការី​ពី​ប្រវត្តិ​ជំងឺ​របស់​យើង ពិសេស​បើ​មាន​ជំងឺ​ថ្លើម កម្រិត​ប៉ូតាស្យូម​ក្នុង​ឈាម​ខ្ពស់ (Hyperkalemia) បាត់បង់​ជាតិទឹក​ និង​សារធាតុ​រ៉ែ ក្នុង​ខ្លួន​ច្រើន (Dehydration)។

ថ្នាំ​នេះ​អាច​ធ្វើ​អោយ​អ្នក​ងងុយ ហេតុនេះ​មិន​ត្រូវ​បើកបរ ឬ​បញ្ជា​ម៉ាស៊ីន​ធំៗ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​គ្រប់​សកម្មភាព​អាច​បង្ក​គ្រោះ​ថ្នាក់ រហូត​ទាល់​តែច្បាស់​ថា ​អាច​ធ្វើ​ការងារ​ទាំង​នោះ​ដោយ សុវត្ថិភាព និង​ត្រូវ​បន្ថយ​ផឹកស្រា​ផង​ដែរ។

បែក​ញើស​ច្រើន រាករូស​ ក្អួត អាច​ធ្វើ​ឲ្យ​កើន​ឡើង​ហានិភ័យ មាន​អារម្មណ៍​ថា​ស្រាល​ក្បាល ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន (Dehydration) ។ ត្រូវ​រាយការណ៍​ទៅ​គ្រូពេទ្យ ​បើមាន​អាការៈ ​ក្អួត ឬ​រាក​រយៈពេល​យូរ។ ត្រូវ​ប្រាកដ​ថា​បាន​ផឹកទឹក​គ្រប់គ្រាន់​ ដើម្បី​ការពារ​ករណី​ខ្វះ​ជាតិ​ទឹក លើក​លែង​ណែនាំ​វិធី​ផ្សេង​ទៀត។

មុន​ពេល​វះកាត់ សូម​ប្រាប់​ទៅ​វេជ្ជបណ្ឌិត​ ឬ​ទន្តពេទ្យ ​ពី​ថ្នាំពេទ្យ​យើង​កំពុង​ប្រើ ទាំង​មាន ឬគ្មាន​វេជ្ជបញ្ជា ក៏​ដូចជា​ឱសថ​បូរាណ​ផង​ដែរ។

ថ្នាំនេះ​អាច​ធ្វើឲ្យ​សារធាតុ​ប៉ូតាស្យូម​កើត​ឡើង​ខ្លាំង ហេតុនេះ​មុន​ប្រើប្រាស់​ អាហារ​បំប៉ន​ ឬ​អំបិល​​មាន​ជាតិ​ប៉ូតាស្យូម គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី​ជាមុន។

មនុស្ស​ចាស់ អាច​មាន​ផល​រំខាន​ច្រើន​ជាង ពិសេស​វិលមុខ​ខ្លាំង និង​ផ្លាស់​ប្ដូរ​បរិមាណ​ទឹក​នោម (បញ្ហា​តម្រង​នោម)។

ថ្នាំ​នេះ​​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ទេ ព្រោះ​អាច​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ និង​អាច​ឆ្លង​ចូល​ទឹក​ដោះ​បាន។ ដូចជា​បើ​កំពុង​មានផ្ទៃ​ពោះ​ ឬ​បំបៅ​ដោះ​បេប៊ី គួរ​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ព័ត៌មាន​លម្អិត។

នៅ​មិន​ទាន់​ដឹង​ថាថ្នាំ​ Candesartan អាច​ឆ្លង​ចូល​ក្នុង​ទឹកដោះ​ម្ដាយ​ ឬ​យ៉ាង​ណា​ទេ។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត D សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖

– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

វិលមុខខ្លាំង​ មាន​អារម្មណ៍​ស្រាល​ក្បាល អស់​កម្លាំង ឬ​ឈឺក្បាល អាច​កើត​ដោយ​សារយើង​ទើប​ចាប់​ផ្ដើម​ប្រើ​ថ្នាំ​នេះ។ ក្អក​ស្ងួត ក៏​អាច​នឹង​កើត​មាន​ផង​ដែរ ហើយប្រសិន​បើ​ផល​រំខាន​ទាំងនោះកើត​ឡើង​រយៈពេល​យូរ​ ឬកាន់​តែ​ធ្ងន់ធ្ងរ​ សូម​ប្រាប់​គ្រូពេទ្យ​ ឬ​ឱសថការី​​ភ្លាម។

ដើម្បី​កាត់​បន្ថយ​ភាព​ងងុយ​ខ្លាំង និង​អារម្មណ៍​ស្រាល​ក្បាល​ សូម​ក្រោក​យឺតៗ ទាំង​ពេល​អង្គុយ និង​គេង។
ចាំ​ថា​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​អោយ​ប្រើ​ឱសថ​នេះ ​ព្រោះ​យល់​ឃើញ​ថា​ថ្នាំ​នេះ​មាន​គុណ​ប្រយោជន៍​ច្រើន​ជាង​ហានិភ័យ​ និង​ផល​រំខាន។ មនុស្ស​ភាគ​ច្រើន​ប្រើថ្នាំ​នេះ មិន​មាន​ផល​រំខាន​ដែល​ធ្ងន់ធ្ងរ​ឡើយ។

ត្រូវ​ប្រាប់​គ្រូពេទ្យ​ភ្លាម ​បើ​ប្រទះ​ផល​រំខាន​ធ្ងន់ធ្ងរ​ ដូចជា សន្លប់ និង​រោគសញ្ញា​​កើន​ឡើង​កម្រិត​ប៉ូតាស្យូម​ក្នុង​ឈាម (សាច់ដុំ​ខ្សោយ ចង្វាក់​បេះដូង​យឺត ឬដើរខុស​ប្រក្រតី)។

ទោះ​បី​ជា​ថ្នាំ Candesartan អាច​ប្រើ​ការពារ​បញ្ហា​តម្រង​នោម​ ព្យាបាល​អ្នក​ជំងឺ​មាន​បញ្ហា​តម្រង​នោម​ក្តី តែ​ក្នុង​ករណី​កម្រ​ថ្នាំ​នេះ​អាច​ធ្វើឲ្យ​តម្រង់​នោម​​មានបញ្ហា​ធ្ងន់ធ្ងរ។ គ្រូពេទ្យ ​នឹង​ពិនិត្យ​មើល​មុខងារ​តម្រង​នោម អំឡុង​ពេល​យើង​កំពុង​ប្រើ​ថ្នាំ​នេះ។ ប្រាប់​គ្រូពេទ្យ​ភ្លាម បើ​មាន​សញ្ញា​បញ្ហា​តម្រង​នោម ដូចជា បរិមាណ​ទឹកនោម​ប្រែប្រួល។

ប្រតិកម្ម​ធ្ងន់ធ្ងរ​របស់ថ្នាំ​នេះ កម្រ​កើត​មាន​ណាស់។ យ៉ាងណា​ ត្រូវ​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ត​ភ្លាម ​បើ​សម្គាល់​ឃើញ​ថា​មាន​សញ្ញា​អាល្លែហ្ស៊ី​ធ្ងន់ធ្ងរ​ណា​មួយ​កើត​ឡើង ដូចជា កន្ទួល រមាស់ រមាស់​ស្បែក ហើម ជា​ពិសេស លើ​មុខ ​អណ្ដាត បំពង់​ក ងងុយ​ខ្លាំង​ជ្រុល និង​ពិបាក​ដក​ដង្ហើម។

មនុស្ស​គ្រប់​គ្នា​​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្ម​​ថ្នាំ​

ថ្នាំខ្លះ​អាច​មាន​អន្តរកម្ម​ជាមួយ​ Candesartan ​មាន​ដូច​ជាថ្នាំ Aliskiren ថ្នាំ Lithium និង​ពពួក​ថ្នាំ​អាច​បង្កើន​កម្រិត​សារធាតុ​ប៉ូតាស្យូម​ក្នុង​ឈាម ដូចជា ក្រុម​ថ្នាំ ACEs inhibitors មាន ​Benazepril, Lisinopril ពពួក​ថ្នាំ​ពន្យារ​កំណើត ​មាន​សារធាតុ Drospirenone ជា​ដើម។

ថ្នាំ​ខ្លះ​ទៀត អាច​មាន​សារធាតុ​ធ្វើឲ្យ​សម្ពាធ​ឈាម​​កើន​ខ្ពស់​ បេះដូង​​កាន់​តែ​ចុះ​ខ្សោយ។ សូម​ប្រាប់​ឱសថការី​ ពីថ្នាំ​យើង​កំពុង​ប្រើ និង​សាក​សួរ​ពី​របៀប​ប្រើ​ត្រឹម​ត្រូវ (ជា​ពិសេស ថ្នាំ​ផ្ដាសាយ​ក្អក ថ្នាំ​បំប៉ន ឬ​ពពួក ​NSAIDs ដូចជា Ibuprofen និង Naproxen។

Candesartan អាច​មាន​ប្រតិកម្ម​ ជាមួយ​​ថ្នាំ​ផ្សេង​ទៀត​ យើង​កំពុង​ប្រើប្រាស់ ជាហេតុ​នាំ​ឲ្យ​ផ្លាស់ប្ដូរអំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់ ផល​រំខាន​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិត​ផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​ពេល​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- អន្តរ​កម្ម​ជាមួយ​សុខភាព​

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាព​មួយ​ចំនួន ធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

កម្រិត​ប្រើ​ទូទៅ​លើមនុស្ស​ពេញវ័យ​​​លើសសម្ពាធ​ឈាម (Hypertension)

– កម្រិត​ប្រើ​ដំបូង៖ ១៦​មិល្លីក្រាម លេប​មួយ​ថ្ងៃ​ម្តង
– កម្រិត​ប្រើ​បន្ថែម៖ ៨-៣២ មិល្លីក្រាម ក្នុង​មួយ​ថ្ងៃ លេប ១-២ ដង​ក្នុង​មួយ​ថ្ងៃ
– កម្រិត​ប្រើ​អតិបរមា៖ ៣២​មិល្លីក្រាម ក្នុង​មួយ​ថ្ងៃ។

មតិយោបល់

– គួរ​ពិចារណា​កម្រិត​ទាប​នៅ​ពេល​ប្រើ​ដំបូង ចំពោះ​អ្នក​ជំងឺ​ដែល​បាត់បង់​ជាតិ​ទឹក​ខ្លាំង។
– ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ភាគច្រើន ​មាន​ប្រសិទ្ធភាព​អំឡុង​ពេល​ ២សប្ដាហ៍ សម្ពាធ​ឈាម​ចុះមក​នៅ​កម្រិត​អប្បរមា ជា​ទូទៅ​គេ​សង្កេត​ឃើញ​នៅ​ចន្លោះពី​ ៤-៦ សប្ដាហ៍ បន្ទាប់​ពី​ចាប់​ផ្ដើម​ប្រើ។

កម្រិត​ប្រើ​លើ​មនុស្ស​ពេញ​វ័យ​កើត​ជំងឺ​ខ្សោយ​បេះដូងពីកំំណើត

– កម្រិត​ប្រើ​ដំបូង៖ ៤​មិល្លីក្រាម លេប​មួយ​ថ្ងៃ​ម្តង។ បង្កើន​កម្រិត​ប្រើ ២​ដង រៀង​រាល់ ២​សប្ដាហ៍ ដោយ​សារ​តែ​ការ​ស៊ាំ​ថ្នាំ បង្កើន​រហូត​ដល់​កម្រិត​គោល​ដៅ ៣២​មិល្លីក្រាម លេប​មួយ​ថ្ងៃ​ម្តង។
– ការ​ប្រើប្រាស់៖ ការ​ព្យាបាល​របស់​សមាគម​សុខភាព​បេះដូង​ក្រុង​ញូវយ៉ក (NYHA) លើ​ជំងឺ​ខ្សោយ​បេះដូង កម្រិត ២ ដល់​កម្រិត ៤ ។

កែ​តម្រូវ​កម្រិត​ថ្នាំ​ចំពោះ​បញ្ហា​តម្រងនោម

មនុស្ស​ពេញ​វ័យ៖ មិនមាន​ការ​ណែនាំ កែ​កម្រិត​ប្រើ​ឡើយ។

កែ​តម្រូវ​កម្រិតថ្នាំ​ចំពោះ​បញ្ហា​ថ្លើម

– ខូច​មុខងារ​ថ្លើម​ក្នុង​កម្រិត​ទាប (Child-Pugh A)៖ មិន​មាន​ការ​ណែនាំ កែ​កម្រិត​ប្រើ​ឡើយ។
– ខូច​មុខងារ​ថ្លើម​ក្នុង​កម្រិត​មធ្យម (Child-Pugh B)៖ កម្រិត​ប្រើ​ដំបូង ៨​មិល្លីក្រាម លេប​មួយ​ថ្ងៃ​ម្តង។
– ខូច​មុខងារ​ថ្លើម​ក្នុង​កម្រិត​ធ្ងន់ធ្ងរ (Child-Pugh C)៖ មិនមាន​ព័ត៌មាន។

១១- ក្មេងត្រូវប្រើកម្រិតណា?

កម្រិត​ប្រើ​ទូទៅ​លើក្មេងមានជំងឺ​លើស​សម្ពាធ​ឈាម

អាយុ ១ឆ្នាំ ដល់​អាយុ​ក្រោម ៦ ឆ្នាំ៖

– កម្រិត​ប្រើ​ដំបូង៖ ០,២​ មិល្លីក្រាម/គីឡូ/ថ្ងៃ លេប ១-២ ដង/​ថ្ងៃ។
– កម្រិត​ប្រើ​បន្ថែម៖ ០,០៥-០,៤ មិល្លីក្រាម/គីឡូ/ថ្ងៃ លេប ១-២ ដង/​ថ្ងៃ។

អាយុ ៦ឆ្នាំ ដល់​អាយុ​ក្រោម ១៧ ឆ្នាំ៖

(ទម្ងន់​តិច​ជាង ៥០ គីឡូក្រាម)

– កម្រិត​ប្រើ​ដំបូង៖ ៤-៨ មិល្លីក្រាម/ថ្ងៃ លេប ១-២ ដង/​ថ្ងៃ
-កម្រិត​ប្រើ​បន្ថែម៖ ២-១៦ មិល្លីក្រាម/ថ្ងៃ លេប ១-២ ដង/​ថ្ងៃ។

(ទម្ងន់​ធ្ងន់​ជាង ៥០ គីឡូក្រាម)

– កម្រិត​ប្រើ​ដំបូង៖ ៨-១៦ មិល្លីក្រាម/ថ្ងៃ លេប ១-២ ដង/​ថ្ងៃ
– កម្រិត​ប្រើ​បន្ថែម៖ ៤-៣២ មិល្លីក្រាម/ថ្ងៃ លេប ១-២ ដង/​ថ្ងៃ។

មតិយោបល់

– សម្រាប់​អ្នក​ជំងឺ Intravascular volume depletion (អ្នក​ជំងឺ​ព្យាបាល​ដោយ​ថ្នាំបញ្ចុះ​ទឹក​នោម ពិសេស​អ្នក​ជំងឺ​ខូច​តម្រង​នោម) កម្រិត​ប្រើថ្នាំ​ដំបូង ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់ និង​ពិចារណា​ឲ្យថ្នាំ​នៅ​ក្នុង​កម្រិត​ទាប។

– ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ភាគ​ច្រើន ​មាន​ប្រសិទ្ធភាព​អំឡុង​ពេល​ ២សប្ដាហ៍ សម្ពាធ​ឈាម​ចុះមក​នៅកម្រិត​អប្បរមា ជា​ទូទៅ​គេ​សង្កេត​ឃើញ​នៅ​ចន្លោះពី​ ៤-៦ សប្ដាហ៍ បន្ទាប់​ពី​ចាប់​ផ្ដើម​ប្រើ។

– សម្រាប់​កុមារ​មិន​អាច​លេប​ថ្នាំ​បាន គួរ​ជំនួស​ដោយ​ប្រភេទ​ថ្នាំ Extemporaneous suspension (ថ្នាំ​ប្រភេទ​ទឹក​ខាប់​ពណ៌​ស)។

កែ​តម្រូវ​លើ​កម្រិត​ប្រើ​ចំពោះ​បញ្ហា​តម្រងនោម

– GFR ៣០ មិល្លីលីត្រ/នាទី ក្នុង ១,៧៣​ម៉ែត្រការេ ឬ​ធំ​ជាង​នេះ៖ មិន​មាន​ព័ត៌មាន។
– GFR តិច​ជាង ៣០ មិល្លីលីត្រ/នាទី ក្នុង ១,៧៣​ម៉ែត្រ​ការេ៖ ហាម​ប្រើ។

១២- មានទម្រង់បែបណាខ្លះ?

Candesartan នៅ​លើ​ទីផ្សារ​មាន​ទម្រង់​ និង​កម្រិត​​ ជា​ថ្នាំ​គ្រាប់​សម្រាប់​លេប។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​ប្រើ​ថ្នាំ សូម​ប្រើ​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ប្រើ​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវ​ប្រើ​បន្ត​បាន​ហើយ កុំ​ប្រើ​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

 

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 21, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 21, 2019