Captopril (ឱសថ Captopril)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Captopril (ឱសថ Captopril) ឈ្មោះម៉ាកផលិតផល: Generics only. No brands available.

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Captopril ព្យាបាលអីខ្លះ?

Captopril ជា​ថ្នាំ​ប្រើ​សម្រាប់​ព្យាបាល​ការលើសសម្ពាធ​ឈាម។ Captopril ស្ថិត​នៅ​ក្នុង​ក្រុម​​ថ្នាំ ACE inhibitors សម្រាប់ព្យាបាល​​សរសៃឈាម​បេះដូង មានប្រសិទ្ធភាព ​រារាំង​អង់ស៊ីម ​Angiotensin Converting​ ​នាំ​ឲ្យ​ចុះ​ទាប​នៅ​ចំនួន Agiotensin II (អ័រម៉ូន​បង្កឲ្យ​ត្បៀត​សរសៃ​ឈាម​ (Vasoconstriction) និងបង្កើន​សម្ពាធ​ឈាម)។

ការ​បញ្ចុះ​សម្ពាធ​ឈាម ដើម្បីជួយ​កាត់​បន្ថយ​ហានិភ័យ និង​ការពារ​ករណី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Strokes) គាំង​បេះដូង និង​បញ្ហា​តម្រង​នោម។ គ្រូពេទ្យ តែងតែ​ប្រើព្យាបាល​អ្នកជំងឺ​ខ្សោយ​បេះដូង​ កាត់បន្ថយ​អត្រា​ស្លាប់ដោយសារ​គាំង​បេះដូង។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

ត្រូវ​លេប Captopril ដោយ​ពោះ​ទទេ (យ៉ាង​ហោច​ណាស់ ១ ម៉ោង​មុន​បាយ) ជា​ទូទៅ ២-៣ ​ដង​ក្នុង​មួយ​ថ្ងៃ ​តាម​ការណែនាំ​គ្រូពេទ្យ។

ចំពោះ​កម្រិត​ប្រើ​ ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​សុខភាព​យើង ​និង​ប្រសិទ្ធភាព​ក្រោយ​ការ​ព្យាបាល។

សូម​ប្រើ​ថ្នាំ​នេះ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ព្យាបាល​ខ្ពស់​ ហើយ​ដើម្បី​ជួយ​ឲ្យ​យើង​ចាំថា​លេប​រួច ឬ​មិនទាន់​ គួរ​លេប​ថ្នាំ​នៅ​ម៉ោង​តែមួយ​រៀង​រាល់​ថ្ងៃ។ សំខាន់​បំផុត​ត្រូវ​បន្ត​ប្រើ​ថ្នាំនេះឲ្យ​ទៀង​ទាត់ ​ទោះ​បី​​មាន​អារម្មណ៍​ស្ថានភាព​ជំងឺ​ប្រសើរ​ហើយ​ក្តី។ មនុស្ស​ភាគច្រើន​មាន​សម្ពាធ​ឈាម​ខ្ពស់​មិន​មាន​បង្ហាញ​អាការៈ​​ឈឺ​ចាប់​ទេ។

ព្យាបាល​ករណី​ឡើង​សម្ពាធ​ឈាម​ខ្ពស់ ត្រូវ​ចំណាយ​ពេល ​២សប្តាហ៍ ​ទើប​អាច​ទទួល​បាន​ប្រសិទ្ធភាព​ពេញលេញ​ពី​ថ្នាំនេះ។ ​ព្យាបាល​ខ្សោយ​បេះដូង​ ​ត្រូវ​ចំណាយ​ពេល​ច្រើនស​ប្តាហ៍​ អាច​ដល់​រាប់​ខែ ​ទើប​ទទួល​បាន​ប្រសិទ្ធភាព​ព្យាបាល​ពេញលេញ។

ប្រាប់​ទៅ​វេជ្ជបណ្ឌិត ​បើ​ស្ថានភាព​សុខភាព​មិន​ប្រសើរ​ឡើង ឬ​កាន់តែ​ធ្ងន់​ធ្ងរ ពិសេស​សម្ពាធ​ឈាម​កាន់ឡើង​ខ្ពស់។

៣- រក្សា​ទុកដោយ​វិធី​ណា?

Captopril អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Captopril ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ​ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ​?

អ្នក​មិន​ត្រូវ​ប្រើ ​Captopril ទេ​ប្រសិន​បើយើងមានប្រតិកម្ម​ជាមួយ​ថ្នាំ​នេះ។ មុន​ពេល​ប្រើ Captopril សូម​ប្រាប់​វេជ្ជបណ្ឌិត​ ​បើ​យើង​មាន​ប្រតិកម្ម​ជាមួយថ្នាំ​​ណាមួយ​ ឬក៏​មាន​បញ្ហា​ផ្សេងទៀត​ដូចជា៖

– ជំងឺ​លើ​តម្រង​នោម
– បញ្ហា​ក្នុង​ការ​ស្ដាប់។

​បើ​​​មាន​បញ្ហា​ណា​មួយ​ដូចនេះ អាច​នឹង​ត្រូវ​កែ​តម្រូវ​កម្រិត​ថ្នាំ ​ឬ​ត្រូវ​ធ្វើ​តេស្ត​ពិសេស​មួយ​ ដើម្បី​ដឹង​ថា យើង​អាច​ប្រើ Captopril ដោយ​សុវត្ថិភាព ​ឬ​យ៉ាងណា។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត D សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់
– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន
– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ
– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់
– X = ហាម​ប្រើ
– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

ប្រញាប់​ស្វែងរក​ការ​សង្គ្រោះ​បន្ទាន់ ​បើ​មាន​អាការៈ​ប្រតិកម្ម​ដូចខាងក្រោម​នេះ៖

– កន្ទាលត្រអាក
– ឈឺពោះ​ខ្លាំង​ធ្ងន់ធ្ងរ
– ពិបាក​ដក​ដង្ហើម
– ហើម​មុខ បបូរ​មាត់​ឬ អណ្ដាត។

ទាក់ទង​វេជ្ជបណ្ឌិត​ភ្លាម​ ពេលប្រទះ​ផល​រំខាន​ធ្ងន់ធ្ងរ​ដូចជា៖

– មាន​អារម្មណ៍​ស្រាល​ក្បាល ឬ​សន្លប់
– នោម​ច្រើន​ ឬ​តិច​ជាង​ធម្មតា​ ឬ​គ្មាន​នោម​សោះ
– គ្រុនក្ដៅ រងា ឈឺ​រាងកាយ មាន​សញ្ញា​ផ្ដាសាយ
– បេះដូង​លោត​ខ្លាំង ញាប់​ និង​យឺត​ខុស​ប្រក្រតី
– ឈឺ​ទ្រូង
– ហើម ឡើង​ទម្ងន់​លឿន
– ស្បែក​ស្លេក ឬ​ដក​ដង្ហើម​ខ្លី​ៗ ចង្វាក់​បេះដូង​ញាប់ ពិបាក​ប្រមូលអារម្មណ៍
– ងាយ​មាន​ស្នាម ហូរ​ឈាមខុសធម្មតា (ច្រមុះ មាត់ ទ្វារមាស ឬ​ រន្ធគូទ) មាន​ចំនុច​ក្រហម ​ឬ​ស្វាយ​នៅ​ក្រោម​ស្បែក។

ផល​រំខាន​តិច​តួច​រួម​មាន៖

– ក្អក
– បាត់​រស​ជាតិ ​មិនឃ្លានអាហារ
– វិល​មុន ងងុយ​គេង ឈឺ​ក្បាល
– បញ្ហា​​គេង (គេង​មិន​លក់)
– ស្ងួត​មាត់ ឈឺ​​ក្នុង​មាត់ ឬ​បបូរ​មាត់
– ក្អួត រាក ទល់លាមក
– រមាស់​ស្បែក​តិចៗ ឬ​ចេញ​រមាស់លើ​ស្បែក។

មនុស្ស​គ្រប់​គ្នា ​មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្មថ្នាំ

Captopril អាចមាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត យើង​កំពុង​ប្រើប្រាស់ ជាហេតុ​នាំ​ឲ្យ​ផ្លាស់ប្ដូរអំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់​ ​ផល​រំខាន​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ទោះបី​ជាថ្នាំ​ខ្លះ​មិន​ត្រូវ​ប្រើ​រួម​ក៏​ដោយ ករណី​ខ្លះគឺតម្រូវឲ្យប្រើ​ថ្នាំទាំង​ពីរ​មួយ​គ្នា​ ​ទោះបីពេទ្យដឹង​ច្បាស់នឹង​មាន​អន្តរកម្ម​ថ្នាំ​កើត​ឡើង​ក្តី។ ​ករណី​នេះ​វេជ្ជបណ្ឌិត ​អាច​នឹង​ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ ឬ​ក៏​មាន​ករណី​ប្រុង​ប្រយ័ត្ន​ផ្សេងទៀត​ជាចាំបាច់។ ​ប្រាប់​ទៅ​អ្នកបច្ចេកទេស​សុខាភិបាល គ្រប់ថ្នាំ​ទាំងអស់យើង​កំពុង​ប្រើ​ ទាំង​មាន ឬគ្មាន​វេជ្ជបញ្ជា។

ថ្នាំ​នេះ​ជាមួយ​ ថ្នាំ​រៀបរាប់ខាង​ក្រោម ​មិន​ត្រូវ​បាន​ណែនាំឲ្យ​ប្រើទេ។ វេជ្ជបណ្ឌិត​ ​​អាច​សម្រេច​មិន​ព្យាបាល​ ​ដោយ​ថ្នាំ​នេះ​ ឬ​ផ្លាស់​ប្ដូរ​ថ្នាំ​ផ្សេង​សម្រាប់​យើង។

– Aliskiren
– Colchicine

នៅមាន​ថ្នាំ​ជាច្រើន​ទៀត​ មិនមាន​ការណែនាំ​ឲ្យប្រើ​ជាមួយ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម Captopril នោះ​ឡើយ ប៉ុន្តែ​ថ្នាំ​ទាំង​នេះ​ត្រូវ​ចេញ​វេជ្ជបញ្ជា​ឲ្យប្រើរួម​គ្នា នោះ​គ្រូពេទ្យ​អាច​នឹង​កែ​សម្រួល​កម្រិត​ថ្នាំ ឬ​ក៏​ចំនួន​ពេល​ដែល​ត្រូវ​ប្រើ។

​ថ្នាំអាច​មាន​អន្តរកម្ម​ជាមួយថ Captopril  មាន​ដូចជា៖ Afatinib, Allopurinol, Alteplase, Recombinant, Amiloride, Azathioprine, Azilsartan, Bosutinib, Candesartan Cilexetil, Canrenoate, Dabigatran Etexilate, Doxorubicin, Doxorubicin Hydrochloride Liposome, Eplerenone, Eprosartan, Everolimus, Interferon Alfa-2a, Irbesartan, Morphine, Morphine Sulfate Liposome, Nilotinib, Olmesartan Medoxomil, Pixantrone, Pomalidomide, Potassium, Romidepsin, Spironolactone, Telmisartan,  Topotecan, Trabectedin, Triamterene, Trimethoprim, Valsartan, Vincristine និងថ្នាំ Vincristine Sulfate Liposome។

ការ​ប្រើថ្នាំ Captopril ​ ​ជាមួយថ្នាំខាង​ក្រោម​នេះ អាច​នឹង​កើន​ឡើង​​​ផល​រំខាន​មួយ​ចំនួន ប៉ុន្តែ​ការ​ប្រើ​ថ្នាំពីរ​ប្រភេទ​រួមគ្នា អាច​ធ្វើ​ឲ្យ​ការ​ព្យាបាល​​មាន​ប្រសិទ្ធិភាព​ល្អ​ជាង​មុន។ ប៉ុន្តែ​ថ្នាំ​ទាំង​នេះ​ត្រូវ​ចេញ​វេជ្ជបញ្ជា​ឲ្យប្រើរួម​គ្នា នោះ​គ្រូពេទ្យ​អាច​នឹង​កែ​សម្រួល​កម្រិត​ថ្នាំ ឬ​ក៏​ចំនួន​ពេល​ដែល​ត្រូវ​ប្រើ ខណៈ​ថ្នាំ​ទាំង​នោះ​មាន​ដូច​ជា៖ Aceclofenac, Acemetacin, Amtolmetin Guacil,  Aspirin, Azosemide, Bemetizide, Bendroflumethiazide, Benzthiazide, Bromfenac, Bufexamac, Bumetanide, Bupivacaine, Bupivacaine Liposome, Buthiazide, Capsaicin, Celecoxib, Chlorothiazide, Chlorpromazine, Chlorthalidone, Choline Salicylate, Clonixin, Clopamide, Cyclopenthiazide, Cyclothiazide, Dexibuprofen, Dexketoprofen, Diclofenac, Diflunisal, Digoxin, Dipyrone, Ethacrynic Acid, Etodolac, Etofenamate, Etoricoxib. Felbinac. Fenoprofen, Fepradinol, Feprazone, Floctafenine, Flufenamic Acid, Flurbiprofen, Furosemide, Gold Sodium Thiomalate, Hydrochlorothiazide, Hydroflumethiazide, Ibuprofen, Ibuprofen Lysine, Icatibant, Indapamide, Indomethacin, Ketoprofen, Ketorolac, Lornoxicam, Loxoprofen, Lumiracoxib, Meclofenamate, Mefenamic Acid, Meloxicam, Methyclothiazide, Metolazone, Morniflumate, Nabumetone, Naproxen, Nepafenac, Nesiritide, Niflumic Acid, Nimesulide, Oxaprozin, Oxyphenbutazone, Parecoxib, Phenylbutazone, Piketoprofen, Piretanide, Piroxicam, Polythiazide, Pranoprofen, Proglumetacin, Propyphenazone, Proquazone, Quinethazone, Rofecoxib, Salicylic Acid, Salsalate, Sodium Salicylate, Sulindac, Tenoxicam, Tiaprofenic Acid, Tolfenamic Acid, Tolmetin, Torsemide, Trichlormethiazide, Valdecoxib

 និងថ្នាំ Xipamide ជាដើម។

៨- ​​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​​

Captopril អាច​មាន​ប្រតិកម្ម​ជាមួយ​អាហារ ឬ​ស្រា ​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ បង្កើន​ហានិភ័យ​ ផល​រំខាន​ធ្ងន់ធ្ងរ។ មុន​នឹង​ប្រើ​ថ្នាំ​នេះ ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ឬ​ឱសថការី ​បើ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ​ ឬ​ស្រា។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព​​

Captopril អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី​បាន​ដឹង​ពី​ស្ថានភាព​សុខភាព​បច្ចុប្បន្ន​ ពិសេស​បើ​ធ្លាប់​មាន​ប្រវត្តិ​ប្រតិកម្ម ឬ​មាន​ជំងឺ​មួយ​ចំនួន​ដូច​ជា៖

– ធ្លាប់​កើត​ជំងឺ​អាលែកហ្ស៊ី Angioedema ពីមុន ដូចជា ​ហើម​មុខ បបូរមាត់ អណ្ដាត បំពង់ក ដៃ​ឬ​ជើង ព្រោះអាច​កើន​ហានិភ័យ ​កើត​ឡើងវិញ​ជាថ្មី។

– Collagen Vascular Disease (ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ម៉្យាង) រួម​ជាមួយ​ជំងឺ​តម្រងនោម ​អាច​មាន​ហានិភ័យ​ពាក់ព័ន្ធ​​បញ្ហា​ឈាម។

– Scleroderma (ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ម៉្យាង)។

– Systemic lupus erythematosus (SLE) បង្កើន​ហានិភ័យ​នៃ​បញ្ហា​ឈាម។

– អេឡិចត្រូលីត​មិន​គ្រប់​គ្រាន់ (កំហាប់​សូដ្យូម​ទាប​ក្នុង​ឈាម)។

– ជាតិ​ទឹក​មិន​គ្រប់​គ្រាន់ (​បណ្ដាល​មក​ពី​ខ្វះ​ជាតិទឹក ក្អួត ឬ​រាក)

– បញ្ហា​បេះដូង ​និង​សរសៃឈាម ដូចជាជំងឺ Aortic Stenosis ។

– ជំងឺ​ថ្លើម ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​អាច​ធ្វើ​ឲ្យ​​ស្ថានភាព​ថ្លើម​កាន់​តែ​ធ្ងន់ធ្ងរ។

– បញ្ហា​តម្រង​នោម រួម​បញ្ចូល​ទាំង​អ្នក​ជំងឺ​លាង​ឈាម ត្រូវ​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន​ ។ ឥទ្ធិពល ថ្នាំ​អាច​​កើន​ឡើង ​ព្រោះ​ករណី​បញ្ចេញ​ចោល​យឺតយ៉ាវ​របស់​រាងកាយ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

កម្រិត​ប្រើ​ទូទៅ​សម្រាប់​មនុស្ស​ពេញ​វ័យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម (Hypertension)

– កម្រិត​ប្រើ​ដំបូង៖ ​២៥មិល្លីក្រាម លេប ២-៣ ដង/ថ្ងៃ មុន​បាយ​មួយ​ម៉ោង។

– កម្រិត​ប្រើ​បន្ថែម៖ ​២៥-១៥០ មិល្លីក្រាម លេប ២-៣ ដង/ថ្ងៃ មុនបាយមួយម៉ោង។

កម្រិត​ប្រើ​ទូទៅ​សម្រាប់​មនុស្ស​ពេញ​វ័យ​មាន​ជំងឺ​ខ្សោយ​បេះដូងពីកំណើត (Congestive heart failure)

– កម្រិត​ប្រើ​ដំបូង៖ ២៥​មិល្លីក្រាម លេប ៣ ដង/ថ្ងៃ ឬ ៦,២៥-១២,៥ មិល្លីក្រាម លេប ៣ ដង​/​ថ្ងៃ ប្រសិន​បើ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ខ្លាំង។

– កម្រិត​ប្រើ​បន្ថែម៖ ​បន្ទាប់​ពីឈានដល់​កម្រិត ​៥០មិល្លីក្រាម លេប ៣ ដង/​ថ្ងៃ​ ការ​​បង្កើន​កម្រិត​ថ្នាំ​គួរ​តែ​ពន្យារ​ បើ​អាច​ រង់ចាំ​យ៉ាង​ហោច​ណាស់ ២សប្តាហ៍ ដើម្បី​កំណត់​ពី​ការ​ឆ្លើយ​តប និង​ប្រសិទ្ធភាព​ត្រឹម​ត្រូវ​កើត​ឡើង។ ការ​សិក្សាទៅលើ​អ្នក​ជំងឺ​ភាគ​ច្រើនបង្ហាញ​ថា​ ​ធ្វើឲ្យ​ប្រសើរ​ឡើង​នៃការ​ព្យាបាល ស្ថិត​នៅ​ចន្លោះ​ពី ៥០-១០០ មិល្លីក្រាម ៣ ដង​/ថ្ងៃ។

Captopril ជា​ទូទៅ​គួរ​តែ​ប្រើ​ផ្សំ​ជាមួយ​នឹង​ពពួក​ថ្នាំ​បញ្ចុះ​ទឹក​នោម (Diuretic) និងថ្នាំបេះដូង Digitalis។

កម្រិត​ប្រើ​ទូទៅ​សម្រាប់​មនុស្ស​ពេញវ័យ​មានជំងឺ Left ventricular dysfunction (ខូច​ថត​បេះដូង​ខាង​ឆ្វេង ផ្នែក​ខាង​ក្រោម)

– កម្រិត​ប្រើ​ដំបូង៖ ៦,៥ មិល្លីក្រាម លេប ១ដង បន្ទាប់​មក ១២,៥ មិល្លី​ក្រាម លេប ៣ ដង/​ថ្ងៃ។

– បង្កើន​កម្រិត​ថ្នាំ៖ កម្រិត​ថ្នាំ​ត្រូវ​បង្កើន​ដល់ ២៥​មិល្លីក្រាម លេប ៣ ដង/​ថ្ងៃ រយៈពេល ២-៣ ថ្ងៃ​បន្ទាប់។

– កម្រិត​ប្រើ​បន្ថែម៖ បង្កើន​​ដល់​កម្រិត​គោលដៅ ៥០​មិល្លីក្រាម លេប ៣ ដង/​ថ្ងៃ ​រហូត​២-៣ ​សប្ដាហ៍​ដោយសារ​ការ​ស៊ាំរ​បស់​ថ្នាំ។

ការ​ព្យាបាល​អាច​នឹង​ចាប់ផ្ដើម​ដំបូង​មុន​ពេល​បី​ថ្ងៃ​ ដោយ​សារ​ការ​រលាក​សាច់​ដុំ​បេះដូង Captopril អាចប្រើ​ក្នុង​ការ​ព្យាបាល​បន្ត​ទៅ​លើ​អ្នក​ជំងឺ Postmyocardial Infarction therapies ផង​ដែរ។

កម្រិត​ប្រើ​ទូទៅ​ទៅលើមនុស្សពេញវ័យខូតតម្រងនោមដោយជំងឺទឹកនោមផ្អែម (Diabetic Nephropathy)

កម្រិត​​ណែនាំ​សម្រាប់​ការ​ព្យាបាល​រយៈពេល​វែង​ គឺ​ ២៥មិល្លីក្រាម លេប ​៣ ដង/​ថ្ងៃ។

កម្រិត​ប្រើ​ទូទៅ​សម្រាប់​មនុស្សពេញវ័យសម្ពាធ​ឈាមឡើង​ខ្ពស់​ត្រូវ​សង្គ្រោះ​បន្ទាន់ (Hypertension Emergency)

​ពេល​ឡើង​សម្ពាធ​ឈាម​ខ្លាំង ​ថ្នាំ​នេះ​តម្រូវឲ្យប្រើ ​និងបន្ត​ព្យាបាល​ពពួក​ថ្នាំ​បញ្ចុះ​ទឹក​នោម​ ប៉ុន្តែ​បញ្ឈប់​ការ​ព្យាបាល​ដោយ​ថ្នាំ​បច្ចុប្បន្ន ដោយ​ចាប់ផ្ដើមពី​កម្រិត ​២៥មិល្លីក្រាម ២-៣ ​ដង/ថ្ងៃ ​និងស្ថិត​ក្រោម​ការ​តាម​ដាន​យ៉ាង​ដិត​ដល់​ពី​គ្រូ​ពេទ្យ។ បង្កើន​កម្រិត​ព្យាបាល​រៀងរាល់​ ២៤ម៉ោង ​ឬ​តិច​ជាង​នេះ​ រហូត​ដល់​ស្ថានភាព​ជំងឺ​ប្រសើរ​ឡើង ​​ឬ​តម្រូវ​ប្រើ​រហូត​ដល់​កម្រិត​ថ្នាំ​អតិបរមា។

កម្រិត​ប្រើ​ទូទៅ​លើ​មនុស្ស​ពេញវ័យ​សម្រាប់ ជំងឺ Cystinuria (ប្រភេទជំងឺកម្រិតកំហាប់ Cysteine ក្នុងទឹកនោម)

– កម្រិត​ប្រើ​ដំបូង៖ ​២៥មិល្លីក្រាម លេប ​២-​៣ ដង​/ថ្ងៃ​ មួយ​ម៉ោង​មុន​ពេល​បាយ​។ កម្រិត​ថ្នាំ​ដំបូង​អាច​នឹង​កែ​តម្រូវ​​រៀងរាល់​ ១-​២​ សប្ដាហ៍​ ដើម្បី​កាត់​បន្ថយ​កម្រិត​ ​Cystinuria។

១១- ក្មេងត្រូវប្រើកម្រិតណា?

មិន​​ទាន់​មាន​ការកំណត់កម្រិត​ប្រើ​សម្រាប់ក្មេងៗ​នៅ​ឡើយ​ទេ។ ​អាច​មិន​មាន​សុវត្ថិភាព ​ហេតុនេះ​សំខាន់​បំផុត​ត្រូវ​ដឹង​អំពី​សុវត្ថិភាព​របស់​ថ្នាំ​មុន​នឹង​ប្រើ។ សូម​ពិភាក្សា​ជាមួយ​​គ្រូពេទ្យ ឬ​ឱសថការី ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

១២- មានទម្រង់បែបណាខ្លះ?

ថ្នាំ​ Captopril លើ​ទីផ្សារ​មាន​ទម្រង់​ និង​កម្រិត​ព្យាបាល​ដូច​ខាង​ក្រោម៖

– ទម្រង់​ថ្នាំ​គ្រាប់​សម្រាប់​លេប៖ ៦,២៥​មិល្លីក្រាម ១២,៥​មិល្លីក្រាម ២៥​មិល្លីក្រាម ៥០​មិល្លីក្រាម និង ១០០ មិល្លីក្រាម។

– ទម្រង់​ថ្នាំ​ទឹក​សម្រាប់​ផឹក៖ ១ មិល្លីក្រាម​/​មិល្លីលីត្រ។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​លេប​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

 

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនា។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 21, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 21, 2019

ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"
អ្នកអាចចូលចិត្ត