Gliclazide (ឱសថ Gliclazide)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Gliclazide (ឱសថ Gliclazide) ឈ្មោះម៉ាកផលិតផល: Generics only. No brands available.

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Gliclazide ព្យាបាលអីខ្លះ?

ថ្នាំ Gliclazide ប្រើ​ដើម្បី​បញ្ចុះ​ជាតិស្ករ​ក្នុង​ឈាម​ទៅ​លើ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ ២ (​Non-insulin dependent diabetic) ដោយអម​ជាមួយ​ការ​ហាត់​ប្រាណ និង​របប​អាហារ​ត្រឹម​ត្រូវ។ ការគ្រប់​គ្រង​ជាតិស្ករ​ត្រឹម​ត្រូវ​អាច​ការពារ​ពី​ជំងឺបេះដូង ដាច់​សរសៃ​ឈាម​ខួរក្បាល (Strokes) ជំងឺ​តម្រង​នោម បញ្ហា​លើ​ប្រ​ព័ន្ធ​សសៃ​ឈាម និង​ងងឹតភ្នែក។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

Gliclazide មាន​ទម្រង់​គ្រាប់​ថ្នាំ និង​កម្រិតថ្នាំ​ផ្សេងៗគ្នា។ យើង​មិន​ត្រូវ​ផ្លាស់ប្ដូរ​ថ្នាំ ឬ​កម្រិត​ប្រើ​ដោយ​គ្មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ​ឡើយ។ ​លេប​ថ្នាំ Gliclazide ជាមួយ​អាហារ​ពេល​ព្រឹក ឬ​អាហារ​ចម្បង​ ស្រប​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ហើយ​ជាទូទៅ​លេប​ម្តង​ក្នុង ១ ថ្ងៃ។ អ្នក​ជំងឺ​ខ្លះ​អាច​លេប ដងក្នុង​ ១ ថ្ងៃ អាស្រ័យ​លើ​ការ​ណែនាំ​របស់​គ្រូពេទ្យ និង​សុខភាព។

គ្រូពេទ្យ​អាច​ឲ្យ​យើង​ចាប់ផ្ដើម​ប្រើថ្នាំ Gliclazide ដំបូង​ក្នុង​កម្រិត​ទាប រួច​បង្កើន​កម្រិត​ប្រើ​ម្ដង​បន្តិចៗ។ ​បើ​កំពុង​ប្រើ​ថ្នាំ​ប្រឆាំង​ទឹក​នោម​ផ្អែម​ផ្សេងទៀត ដូចជា Chlorpropamide សូម​ធ្វើតាម​ការណែនាំ​របស់​គ្រូពេទ្យ​ទៅ​លើ​ការ​បញ្ឈប់​ប្រើ​ថ្នាំ​ចាស់ និង​ចាប់​ផ្ដើម​ប្រើ Gliclazide។ ក្នុងករណី​កំពុង​ប្រើ​ថ្នាំ Colesevelam ត្រូវ​លេប Gliclazide យ៉ាង​ហោច ៤ ម៉ោង​មុន។

សូម​ប្រើថ្នាំ Gliclazide ឲ្យ​ទៀង​ទាត់ នៅ​ម៉ោង​តែ​មួយ និង​ប្រាប់​គ្រូពេទ្យ​បើ​សុខភាព​យើង​មិន​ប្រសើរ​ឡើង ឬក៏​កាន់តែវិវត្ត​ធ្ងន់​ធ្ងរ ( ឧទាហរណ៍៖ ជាតិស្ករ​ក្នុង​ឈាម​​កាន់​តែ​កើន​ឡើង​ខ្ពស់ ឬ​ទាប​ខ្លាំង​ពេក)។

៣- គួរ​រក្សា​ទុក​របៀប​ណា?

ថ្នាំ Glyclazide អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មមចន្លោះ ២០-២៥ អង្សា ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Glyclazide ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។

ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ?

ត្រូវ​ពិភាក្សា​ជាមួយ​​វេជ្ជបណ្ឌិត ​ឬ​ឱសថការី បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​ដូច​ខាង​ក្រោម៖

– អាលែកហ្ស៊ី​ជាមួយថ្នាំ Gliclazide ឬ​សារធាតុ​ផ្សំ​ណា​មួយ​របស់​ថ្នាំនេះ ឬ​ដទៃ​ទៀត។
– កំពុង​ប្រើ​ថ្នាំ​ក្នុង​ក្រុម​តែ​មួយ (ក្រុម​ Sulphonylureas) ឬ​ថ្នាំ​បញ្ចុះ​ជាតិ​ស្ករ​ផ្សេង​ទៀត។
– មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ១ (Insulin-dependant diabetes)
– មាន​បញ្ហា​តម្រង​នោម​ ឬ ថ្លើម​ធ្ងន់ធ្ងរ
– មាន​ជំងឺ​ទឹកនោម​ផ្អែម​សាំញ៉ាំ (Diabetes complicated) ជាមួយ​នឹង Ketosis ឬ Acidosis
– មាន​ជំងឺ​ទឹកនោម​ផ្អែម Pre-Coma និង Coma។
– កំពុង​លេប​ថ្នាំ​ព្យាបាល​ពពួក​រោគ​ផ្សិត
– កំពុង​បំបៅ​ដោះ​កូន (សូម​មើល​ផ្នែក​ស្រ្តី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន)
– មាន​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​ការ​វះកាត់
– មាន​ជំងឺ​តំណពូជ ​ប៉ះពាល់​ទៅលើ​ថ្លើម ឬ​ខួរឆ្អឹង (Porphyria)។

ថ្នាំ Glyclazide មិន​សម្រាប់​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​កុមារ​ឡើយ។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​កំពុង​ពពោះ ​និង​បំបៅ​ដោះ​កូន​​ទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត D សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់
– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន
– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ
– D = មាន​ភស្តុតាងជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់
– X = ហាម​ប្រើ
– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

ជាតិស្ករ​ក្នុង​ឈាម​ទាប (Hypoglycaemia) ជា​ផល​រំខាន​ដែល​កើត​ឡើង​ញឹក​ញាប់។ ​បើ​មិន​ព្យាបាល​ទេ នឹង​ឲ្យ​យើង​កាន់​តែ​ងងុយ​គេង បាត់បង់​ស្មារតី ឬ​អាច​សន្លប់។ ក្នុង​ករណី​ជាតិស្ករ​ក្នុង​ឈាម​ទាប រយៈពេល​វែង យើង​គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ភ្លាម។

បញ្ហា​លើ​ឈាម

ធ្លាក់​ចុះ​ចំនួន​កោសិកា​ឈាម​រួមមាន ប្លាកែត កោសិកា​ឈាម​ក្រហម និងឈាមស ជាហេតុ​នាំឲ្យ៖

– ស្លេកស្លាំង
– ហូរ​ឈាម​យូរ
– មានស្នាម​
– ឈឺក
– គ្រុនក្ដៅ
– អស់កម្លាំង និង​ហត់
– ឈាម​ច្រមុះ
– ដំបៅ​មាត់ គ្រុន​ញាក់​ខ្លាំង
សញ្ញាទាំងនេះនឹងបាត់ទៅវិញក្រោយពេល​ឈប់ព្យាបាល​ដោយ​ថ្នាំនេះ។

បញ្ហាលើថ្លើម

មាន​របាយការណ៍​មួយ​ចំនួន​ស្ដី​ពី​ថ្នាំ​នេះ​ធ្វើឲ្យ​ប៉ះពាល់​មុខងារ​ថ្លើម ដែល​បណ្ដាល​ឲ្យ​លឿង​ស្បែក និង​ភ្នែក។ បើ​មាន​បញ្ហា​ដូច​នេះ សូម​ទៅជួប​គ្រូពេទ្យ​ភ្លាម។ ជាទូទៅ​សញ្ញា​ទាំង​នេះ នឹង​បាត់​ទៅ​វិញ​ពេល​ឈប់​ប្រើថ្នាំ។

បញ្ហាលើស្បែក

អាចបង្ក​ជាប្រតិកម្ម​ទៅ​លើ​ស្បែក​មាន​ដូចជា៖

– រមាស់
– ក្រហម​ស្បែក
– កន្ទួល​រមាស់
– Angioedema (ការហើម​យ៉ាង​លឿនទៅលើ​ជាលិកា ដូចជា ត្របកភ្នែក បបូរមាត់ មាត់ អណ្ដាត ឬ​បំពង់ក ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម។
– ប្រតិកម្ម​ស្បែក​ជាមួយ​ពន្លឺថ្ងៃ
– កន្ទួល​រមាស់​អាច​នឹង​រីករាល​ដាល​ជា​ពង​ស្បែក ឬ​របក​ស្បែក (ឧទាហរណ៍ ដូចជា Stevens-Johnson syndrome ឬ toxic epidermal necrolysis)។

បញ្ហា​លើ​ប្រព័ន្ធ​រំលាយ​អាហារ

– ឈឺក្រពះ
– ឈឺចាប់ត្រង់ពោះ
– ក្អួត
– មិនរំលាយអាហារ
– រាក
– ទល់លាមក

បញ្ហាលើភ្នែក

អាច​ប៉ះពាល់​ការ​មើល​ឃើញ​ក្នុង​រយៈពេល​​ខ្លី ជា​ពិសេស​នៅ​ពេល​ចាប់​ផ្ដើម​ព្យាបាល ដោយសារ​ការ​ផ្លាស់ប្ដូរ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។

ករណី​ធ្ងន់ធ្ងរ​ដែល​កើត​ឡើង​ដោយសារ​ក្រុម​ថ្នាំ Sulphonylurea ទៅ​លើ​កោសិកា​ឈាម​ក្រហម និង​ប្រតិកម្ម​រលាក​ទៅលើ​ភ្នាស​នៃ​សរសៃ​ឈាម ហើយ​ធ្លាក់​ចុះ​កម្រិត​សូដ្យូ​មក្នុង​ឈាម (Hyponatraemia)។ រោគ​សញ្ញាខូច​ថ្លើម (ឧទាហរណ៍ ខាន់លឿង (Jaundice) នឹង​បាត់​ទៅ​វិញ​ក្រោយ​ឈប់​ប្រើ​ថ្នាំ​ក្រុម Sulphonylureas) ប៉ុន្តែ​មាន​ករណី​ខ្លះ​ឈាន​ដល់​ស្លាប់​ក៏​មាន។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្មថ្នាំ

Glyclazide អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត​យើង​កំពុងប្រើ ធ្វើឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់ ​ផល​រំខានដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិត​ផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ ​ឈប់​ប្រើ ឬ​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ប្រសិទ្ធភាព​បញ្ចុះ​ជាតិ​ស្ករ​របស់ Gliclazid អាច​ខ្លាំងឡើង នាំ​ឲ្យ​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ខ្លាំង​នៅ​ពេល​​ប្រើ​រួម​ជាមួយ​ថ្នាំខាង​ក្រោមនេះ៖

– ថ្នាំ​ផ្សេង​ទៀត សម្រាប់ព្យាបាល​ទៅលើ​ជំងឺ​លើស​​ជាតិ​ស្ករ (GLP-1 receptor inhibitors ឬអាំងស៊ុយលីន)
– ថ្នាំអង់ទីប៊ីយ៉ូទិក (Sulphonamides, Clarithromycin, Tetracycline,Trimethoprim និង Chloramphenicol)
– ក្រុម​ថ្នាំ​ព្យាបាល​ទៅលើ​ជំងឺ​លើស​ឈាម ឬ​ខ្សោយ​បេះដូង (Beta blockers, Antiarrhythmics, ACE- inhibitors ដូចជា Captopril ឬ Enalapril)
– ក្រុម​ថ្នាំ​ព្យាបាល​​ការ​បង្ក​រោគ​ដោយ​ពពួកផ្សិត (Miconazole, Fluconazole)
– ក្រុម​ថ្នាំ​ព្យាបាល​ដំបៅ​ក្រពះ ឬ Duodenum ( H2 receptor antagonists)
– ក្រុម​ថ្នាំ​ព្យាបាល​ជំងឺបាក់ទឹកចិត្ត (Depression) (Monoamine oxidase inhibitors)
– ថ្នាំ​បំបាត់​ការ​ឈឺចាប់ ឬសន្លាក់ (Antirheumatics) (Phenylbutazone, ibuprofen);
– ក្រុម​ថ្នាំមានជាតិ​អាល់កុល
– ក្រុមថ្នាំ​បញ្ចុះ​កម្រិត​ជាតិខ្លាញ់​ក្នុងឈាម (Clofibrate)
– ពពួក​អ័រម៉ូន ដូចជា Testosterone ឬ Octreotide
– ពពួក​ថ្នាំ​ព្យាបាល​ជំងឺ​ប្រគ្រីវ (Gout) (Sulfinpyrazone)
– ថ្នាំ​ព្យាបាល​មហា​រីក​សុដន់ ឬ​ក្រពេញ​ប្រូស្តាត (Aminoglutethimide)
– ថ្នាំអ័រម៉ូន​ក្រពេញ​ទីរ៉ូអ៊ីត(Thyroxine)

ប្រសិទ្ធភាព​បញ្ចុះ​ជាតិស្ករ​របស់ Gliclazid អាច​នឹង​ចុះ​ខ្សោយ នាំឲ្យ​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្លាំង​នៅ​ពេល​យើង​ប្រើ​រួម​ជាមួយថ្នាំ​ខាង​ក្រោម៖

– ថ្នាំ​ព្យាបាល​លើ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល (Chlorpromazine)
– ថ្នាំ​បន្ថយ​ការ​រលាក (Corticosteroids)
– ថ្នាំប្រើ​លើ​ជំងឺ​ហឺត ឬ​នៅ​ពេល​សម្រាល​កូន (Salbutamol, Ritodrine និង Terbutaline)
– ថ្នាំ​ព្យាបាល​ទៅ​លើ​បញ្ហា​សុដន់ ធ្លាក់ឈាម​រដូវ​ច្រើន និង Endometriosis (ថ្នាំ Danazol)
– ថ្នាំ​បញ្ចុះ​ទឹក​នោម (ជាពិសេស​ពពួក​ថ្នាំ​ Thiazide ដូចជា Bendroflumethiazide)
– ថ្នាំ​ពន្យារ​កំណើត (Oestrogens និង Progesterones)
– ថ្នាំប្រឆាំង​បាក់​តេរី( Rifamycins )
– ថ្នាំបន្ទន់លាមក (Magnesium hydroxide)
– អ័រម៉ូន Adrenocorticotropic (ACTH) ប្រើសម្រាប់ព្យាបាល Adrenal insufficiency នៃ Central origin ឧទាហរណ៍ ថ្នាំTetracosactrin
-ថ្នាំ​ Gliclazide អាច​បន្ថយ​ប្រសិទ្ធភាព​របស់​ថ្នាំ​ប្រឆាំង​កំណក​ឈាម (Warfarin)
– ប្រសិទ្ធិភាពថ្នាំ Gliclazide នឹង​បាត់បង់​ពេល​ប្រើ​ជាមួយ ថ្នាំ Diazoxide (ព្យាបាល​ជំងឺលើសឈាម)។
-ប្រសិទ្ធភាពថ្នាំ Gliclazide នឹងធ្លាក់ចុះពេលប្រើជាមួយថ្នាំ Lithium (ព្យាបាលជំងឺផ្លូវចិត្ត) និងថ្នាំ Nifedipine (ព្យាបាល​ជំងឺលើសឈាម)។
– សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​មុន​ប្រើ​ថ្នាំ​ទាំង​នោះ។

៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង

Glyclazide អាច​មាន​ប្រតិកម្ម​ជាមួយ​​អាហារ ឬ​ស្រា ​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ បង្កើន​ហានិភ័យ​ ផល​រំខាន​ធ្ងន់ធ្ងរ។ មុន​នឹង​ប្រើ​ថ្នាំ​នេះ ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ឬ​ឱសថការី ​បើ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ​ ឬ​ស្រា។

៩- អន្តរកម្មជាមួយសុខភាព

Glyclazide អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវឲ្យ​វេជ្ជបណ្ឌិត ​និង​ឱសថការី ​ដឹង​ពី​ស្ថានភាព​សុខភាព​ទាំងអស់​​កំពុង​កើត​មាន​ពេល​បច្ចុប្បន្ន ពិសេស​ជំងឺ​ខាងក្រោម​នេះ៖

– មាន​បញ្ហា​លើ​មុខងារថ្លើម និង​តម្រង​នោម
– មាន​ជំងឺ​តំណពូជ Porphyria ឬ Glucose 6-phosphate dehydrogenase (G6PD) ធ្លាក់ចុះ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

ជំងឺទឹកនោម​ផ្អែមប្រភេទទី២ (Type 2 diabetes mellitus)៖

– កម្រិត​ដំបូង៖ ៤០-៨០ មិល្លីក្រាម លេបម្ដងក្នុង ១ថ្ងៃ អាចបង្កើនកម្រិតប្រើបន្តិច​ម្ដងៗ រហូត​ដល់ ៣២០មិល្លីក្រាម ប្រសិនបើចាំបាច់។ កម្រិត​ប្រើ​ច្រើន​ជាង ១៦០មិល្លិក្រាម ក្នុង ១ថ្ងៃ អាច​​ត្រូវ​ប្រើ​ដោយ​ចែក​ជា ២ ដង/ថ្ងៃ។

– ប្រភេទថ្នាំ Modified-Release៖ កម្រិត​ប្រើ​ដំបូង ៣០មិល្លីក្រាម មួយថ្ងៃម្តង និងអាចបង្កើនដល់ ១២០ មិល្លីក្រាម/ថ្ងៃ។

១១- ក្មេងត្រូវប្រើកម្រិតណា?

មិន​​ទាន់​មាន​កម្រិត​ប្រើ​សម្រាប់​កុមារ​នៅ​ឡើយ​ទេ អាច​នឹង​មិន​មាន​សុវត្ថិភាព​សម្រាប់​កូន​យើង​។ សូម​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

១២- មានទម្រង់បែបណាខ្លះ?

– ថ្នាំ​គ្រាប់​៖ ៤០មិល្លីក្រាម ៦០មិល្លីក្រាម ៨០មិល្លីក្រាម។
– ថ្នាំ​គ្រាប់​ប្រភេទ MR (Modified release) ៣០មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើថ្នាំ
បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

 

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 22, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 22, 2019