Glucosamine​ (ឱសថ គ្លុយកូសាមីន)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Glucosamine​ (ឱសថ គ្លុយកូសាមីន) ឈ្មោះម៉ាកផលិតផល: Glucosamine​ (ឱសថ គ្លុយកូសាមីន).

ស្វែងយល់ពីការប្រើប្រាស់

១-​ថ្នាំ Glucosamine ​ព្យាបាលជំងឺអីខ្លះ​?

ថ្នាំ Glucosamine ប្រើដើម្បី​ជួយ​ដល់​សុខ​ភាព​សន្លាក់​ និង​ឆ្អឹង​ខ្ចី។ ថ្នាំ​នេះ​ក៏អាច​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ផ្សេង​ផង​ដែរ។ ត្រូវ​ពិភាក្សា​ជាមួយ​ឱសថការី ដើម្បី​ដឹង​ពី​ពត៌មាន​បន្ថែម​ ​ថ្នាំយើង​ប្រើ។

Glucosamine ជាផលិតផលផ្សំ ស្រដៀង​នឹង​កោសិកា Cellulose ដែល​រាង​កាយ​ផលិត​ឡើង​ដើម្បី​បង្កើត​ជា​ឆ្អឹង​ខ្ចី។ គេ​គិត​​ថា​ពួកកោសិកានេះមាននាទី​​បញ្ជា​ដល់​ការ​ផលិត​ឆ្អឹង​ខ្ចី សម្រាប់​ជួស​ជុល​សន្លាក់​ខូច​ខាត​ហើយ ​ដើរ​តួរ​ជា​អ្នក​ការពារ​ និង​បញ្ឈប់​កុំ​ឲ្យ​ឆ្អឹង​ខ្ចី​មាន​ការ​ខូចខាត​ផង​ដែរ។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

ត្រូវប្រ់ើ Glucosamine ទៅ​តាម​អ្វី​ដែល​គ្រូ​ពេទ្យ​បាន​ណែនាំ។ សូម​អាន​ក្រដាស​ណែនាំ​ដើម្បី​បាន​ដឹង​ពី​របៀប​ប្រើ និង​កម្រិត​របស់ថ្នាំ។ ជាធម្មតា កម្រិត​​​ថ្នាំ​អាស្រ័យ​ទៅ​តាម​​ផលិតផល​នីមួយៗ។ ប្រើ​ប្រាស់​ថ្នាំ​តាម​ក្រដាស​ណែនាំ ឬ​ប្រើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។

ថ្នាំ​នេះ​ត្រូវ​ការ​រយៈ​ពេល​ចាប់​ពី ៣-៤​សប្តាហ៍​ រហូត​ទៅ​ដល់​មួយ​ខែ ​ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាពព្យាបាល។

បើ​​ភ្លេច​លេបថ្នាំ Glucosamine រយៈពេល​មួយ​ថ្ងៃ​ ឬ​ច្រើន​ជាង​មួយថ្ងៃ អាចគ្មាន​បញ្ហានោះទេ។ តែ​​បើ​គ្រូ​ពេទ្យ​តម្រូវ​ឲ្យ​​ប្រើ សូម​ព្យាយាម​លេប​តាម​បរិមាណ​ពេទ្យ​​ណែនាំឲ្យ​បាន​ទៀង​ទាត់។ អាច​សាក​សួរ​គ្រូពេទ្យ​អំពី​​ព័ត៌​មាន​បន្ថែម​។

៣- រក្សា​ទុកដោយ​វិធី​ណា?

អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Glucosamine ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​?

មុន​ពេល​ប្រើ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

-អ្នក​មាន​ផ្ទៃ​ពោះ
-មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​ផ្សំ​នៅ​ក្នុង​ថ្នាំ ​Glucosamine។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត C សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់
– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន
– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ
– D = មាន​ភស្តុតាងជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់
– X = ហាម​ប្រើ
– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ថ្នាំ​ភាគ​ច្រើន​សុទ្ធ​តែ​ផ្តល់​ផល​ប៉ះ​ពាល់ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ប្រសិន​បើ​ផល​រំខាន​មួយចំនួនអាច​ធ្វើ​ឲ្យ​យើង​មាន​ក្តី​បារម្ភ។

ផល​ប៉ះ​ពាល់ជាទូទៅ​រួម​មាន៖ 

– ទល់​លាមក
– រាក
– ងងុយ​គេង
– ក្តៅ​ចុង​ដង្ហើម
– ចង្អោរ
– ឈឺ​ក្រពះ
– ក្អួត។

ប្រញាប់​ទាក់​ទង​ទៅ​គ្រូ​ពេទ្យ​ជា​បន្ទាន់​ បើមាន​​បញ្ហា​ណា​មួយ​កើត​ឡើង​​កាន់​តែ​ធ្ងន់​ធ្ងរ៖

– មាន​ប្រតិកម្ម​ខ្លាំង​ដូច​ជា ឡើង​កន្ទួល​ ហើម រមាស់​ ពិបាក​ដក​ដង្ហើម ថប់​ទ្រូង ហើម​មាត់ មុខ បបូរ​មាត់ ឬ​អណ្តាត។

មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧-​អន្តរ​កម្ម​ថ្នាំ

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាពថ្នាំប្រភេទ​នេះ ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

អ្នក​​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ មុន​ពេល​ចាប់​ផ្តើម​ប្រើ​ថ្នាំ​ Glucosamine អំឡុងពេលយើង​កំពុង​ប្រើ​ប្រាស់​ថ្នាំមួយ​ចំនួន​ ដូចជា ថ្នាំ​បេះ​ដូង​​ អាំងស៊ុយលីន​ ថ្នាំ​ពង្រាវ​ឈាម​ និង​ថ្នាំ​បញ្ចុះ​ទឹក​នោម។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​ពេល​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព​​

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន​ដូច​ជា៖

– កំពុង​បំបៅ​ដោះ​កូន​ ឬ​មាន​បំណង​ចង់​បាន​កូន
– ​កំពុង​ប្រើ​ថ្នាំ​ទាំង​ឡាយ​ណា​ ទាំងមាន ​ឬ​គ្មាន​វេជ្ជបញ្ជា​ ថ្នាំ​ឱសថបុរាណ ​ឬ​ប្រភេទ​ថ្នាំ​បំប៉ន
– ​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ ជាមួយ​អាហារ ពិសេស គ្រឿង​សមុទ្រ​​ ឬ​ជាមួយ​សារធាតុ​ដទៃ​ផ្សេង​ៗ
-​ ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​រលាក​សន្លាក់ (ឧ. Celecoxib) ឬ​មាន​ជំងឺ​ទឹក​នោម​ផ្អែម។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​​កម្រិត​ណា?

សម្រាប់​ព្យាបាល​រលាក​ឆ្អឹង​ និង​សន្លាក់​

– មនុស្ស​ពេញ​វ័យ៖ លេប​ ៥០០ ​មិល្លីក្រាម លេប​ ៣​-​៤​ ដង/​ថ្ងៃ។
– កម្រិត​ថ្នាំ​អតិបរិមា​៖ ១៥០០ ​មិល្លីក្រាម/ថ្ងៃ។

១១- ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

មិន​ទាន់​​មាន​ការ​កំណត់​កម្រិត​ថ្នាំ​ សម្រាប់​ក្មេង​នៅ​ឡើយ​ទេ។ ដោយ​សារ​ថ្នាំ​នេះ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​​ក្មេង។ ដូច​នេះ​​ត្រូវ​ដឹង​ឲ្យ​ច្បាស់​អំពី​សុវត្ថិភាព​របស់​ថ្នាំ មុន​ពេល​ប្រើ​។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱ​សថការី ​ដើម្បី​ដឹង​បន្ថែម​អំពី​ព័ត៌មាន​របស់​ថ្នាំ​នេះ។

១២-​ មាន​ទម្រង់​បែប​ណា​ខ្លះ?

– ថ្នាំ​គ្រាប់​លេប៖ ២៥០​មិល្លីក្រាម
– ល្បាយ​ម្សៅ​សម្រាប់​លេប៖​ ១,៥​ក្រាម
– ល្បាយ​ថ្នាំ ថ្នាំ​ចាក់​តាម​សរសៃ៖​ ៤០០​មិល្លីក្រាម ​ក្នុង ​៣​ មិល្លីលីត្រ។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

 

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 22, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 22, 2019