Hydrochlorothiazid (ឱសថ Hydrochlorothiazid)

ដោយ ត្រួតពិនិត្យដោយ Kim Kanel.

ឈ្មោះទូទៅ: Hydrochlorothiazid (ឱសថ Hydrochlorothiazid) ឈ្មោះម៉ាកផលិតផល: Generics only. No brands available.

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Hydrochlorothiazide ព្យាបាលអីខ្លះ?

Hydrochlorothiazide ជា​ថ្នាំ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​លើស​ឈាម ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ជួយ​​ ការពារ​ករណី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Strokes) គាំង​បេះដូង និង​បញ្ហា​តម្រង​នោម។

ថ្នាំ Hydrochlorothiazide ជា​ថ្នាំ​បញ្ចុះ​ទឹកនោម (Diuretic) ជួយ​ឲ្យ​យើង​នោម​ច្រើន​ជាង​មុន ​ដើម្បីឲ្យ​រាង​កាយអាច​បញ្ចេញ​សារធាតុ​អំបិល ​និង​ទឹក​លើស​ចេញ​ក្រៅ។

ថ្នាំ​នេះ ជួយ​កាត់​បន្ថយ​ផង​ដែរ​ សារធាតុ​រាវ​លើស​ក្នុង​រាង​កាយ (Edema) ដែល​បង្ក​ដោយ​សារ​ជំងឺ​មួយ​ចំនួន​ ដូចជា ខ្សោយ​បេះដូង ជំងឺ​ថ្លើម ជំងឺ​តម្រង​នោម​ជាដើម។ អំពើ​របស់​ថ្នាំ ​អាច​កាត់​បន្ថយ​រោគ​សញ្ញា​ ដក​ដង្ហើម​ខ្លីៗ ហើម​កំផួន​ជើង ឬ​កជើង។

Hydrochlorothiazide ​អាច​ចេញ​វេជ្ជបញ្ជាឲ្យ​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត​ ហេតុនេះ​ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម សូមសួរ​ទៅកាន់​វេជ្ជបណ្ឌិត ឬឱសថការី។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

– មិន​ចាំ​បាច់​កាច់​បំបាក់ ឬ​ទំពា ដូច​គ្រាប់​ថ្នាំ​ផ្សេង​ទេ
– ត្រូវ​លេប​ថ្នាំ​ទាំងមូល​ជាមួយទឹក​មួយ​កែរ
– អាចសាកសួរ ឬ​សុំ​ការ​ណែនាំ ​អ្នក​ឯកទេស​សុខាភិបាល បើ​មាន​សំណួរ ទាក់​ទង​ការ​ប្រើប្រាស់ ថ្នាំ Hydrochlorothiazide ។

៣- រក្សា​ទុកដោយ​វិធី​ណា?

ថ្នាំ Hydrochlorothiazide អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Hydrochlorothiazide ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ​ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ?

មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖

– កំពុង​មានផ្ទៃ​ពោះ​ ឬបំបៅ​ដោះ​កូន អាច​ប្រើ​ឱសថ​នេះ​បាន​នៅ​ពេល​មាន​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត​ប៉ុណ្ណោះ។
– កំពុង​លេប​ថ្នាំ​ផ្សេង​ទៀត រាប់​បញ្ចូល​ទាំង​ថ្នាំ​មា​ន ឬគ្មាន​វេជ្ជបញ្ជា​ ក៏​ដូច​ជា​ឱសថ​បូរាណ អាហារូបត្ថម្ភ​ផ្សេង​ទៀត (Complementary Medicines)។
– មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​សកម្ម (active) ឬ​មិន​សកម្ម (inactive) ណា​មួយ​របស់ថ្នាំ​ Hydrochlorothiazide ឬ​ឱសថ​ដទៃ​ទៀត។
– មាន​ជំងឺ​ និង​ស្ថានភាព​សុខភាព​ផ្សេងៗ។
– អាលែក​ហ្ស៊ី ជា​មួយ​កត្តា​ផ្សេងៗ ដូចជា អាហារ ទឹកពណ៌ សារធាតុ​រក្សា​គុណភាព​អាហារ ឬ​សត្វ​មួយ​ចំនួន។
ការ​ប្រើ​ថ្នាំ Hydrochlorothiazide អាច​ធ្វើឲ្យ​ប៉ះពាល់​ការ​ធ្វើ​តេស្ត​មុខងារ​ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត (Parathyroid)។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត B សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់
– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន
– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ
– D = មាន​ភស្តុតាងជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់
– X = ហាម​ប្រើ
– N = មិន​មាន​ព័ត៌មាន។

សម្រាប់​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន ក៏មិន​ទាន់​បានការ​អះអាង​ពី​ផល​ប៉ះពាល់​ដោយ​ថ្នាំប្រភេទ​នេះ​ដែរ។ យ៉ាងណា ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ មុន​នឹង​ប្រើ ទាំង​ពេល​កំពុង​មានផ្ទៃ​ពោះ និង​កំពុង​បំបៅ​ដោះ​កូន។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

ទាំង​នេះ​ជាផល​រំខាន​កើត​ឡើង​ញឹកញាប់៖  

– សម្ពាធ​ឈាម​ធ្លាក់ចុះខុស​ធម្មតា (ពិសេស​ពេល​ក្រោក​ឈរ ឬ​ពេល​ដេក)
– ងងុយ​ខ្លាំង
– ឈឺ​ក្បាល
– កម្លាំង​ចុះខ្សោយ
– លិង្គមិនឡើងរឹង ឬរឹងមិន​បាន​យូរ (Erectile Dysfunction)
– ញ័រ​ ដៃ ជើង និង​កជើង។

ផលរំខាន​​ធ្ងន់ធ្ងរ៖
– រមាស់​ស្បែក​បណ្ដាល​ឲ្យ​ឈឺចាប់
– របក​ស្បែក​ និង​ពង​បែក​លើ​ស្បែក
– គ្រុនក្ដៅ
– ឈឺ​មាត់
– ស្រវាំង​ភ្នែក ឈឺ​ភ្នែក ពិបាក​មើល
– ប្រតិកម្ម​ស្បែក​ធ្ងន់ធ្ងរ (Stevens-Johnson syndrome និង exfoliative dermatitis)
– ខ្សោយ​តម្រង​នោម​ ខ្សោយ​កម្លាំង ដក​ដង្ហើម​ខ្លីៗ ហត់ វង្វេង ចង្វាក់​បេះដូង​ខុស​ធម្មតា ឈឺ​ទ្រូង នោម​តិច​ជាង​ធម្មតា ហើម​កាន់​តែធំនៅជើង​ កំផួន​ជើង ឬកជើង។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្មថ្នាំ

ថ្នាំ Hydrochlorothiazide អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត​យើង​កំពុងប្រើ ធ្វើឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់ ​ផល​រំខានទៅ​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិត​ផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ឬ​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

អន្តរកម្ម​ពេលប្រើថ្នាំ​ Hydrochlorothiazide ជា​មួយ​ថ្នាំ​ដទៃ​ទៀត​មាន​ដូចជា៖

– បង្កើន​កម្រិត​ពុល​របស់ថ្នាំ​ Lithium
– ធ្វើ​ឲ្យ​មាន​បញ្ហា Orthostatic hypotension (សម្ពាធ​ឈាម​ធ្លាក់​ចុះ​ខ្លាំង) ពេល​ប្រើ​ជាមួយ ពពួក​ថ្នាំ Barbiturates និង​ពពួក Narcotics ក៏​ដូច​ជា​ពពួក Opioids។
– បង្កើន​ឡើង​នៅ​សកម្មភាព​បិទ​ប្រព័ន្ធ​ប្រសាទ​លើ​សាច់ដុំ (Neuromuscular) ពេល​ប្រើ​ជាមួយ​ពពួក​ថ្នាំ Competitive neuromuscular blockers ដូច​ជា​ថ្នាំ Atracurium ជាដើម។
– ធ្វើ​ឲ្យ​កម្រិត​ប៉ូតាស្យូម​ធ្លាក់​ចុះ​ខ្លាំង (hypokalaemic) ពេល​ប្រើ​ជាមួយ​ពពួក​ថ្នាំ​ Corticosteroids ពពួកថ្នាំ Corticotropin និង​ពពួក β2 Agonists ដូច​ជា​ថ្នាំ Salbutamol។
– បង្កើន​ផល​ប៉ះពាល់ ពេល​ប្រើ​ជាមួយ​ថ្នាំ​ប្រឆាំង​ឡើង​សម្ពាធ​ឈាម (Anti-Hypertensive) ផ្សេង​ទៀត។
– ថយ​ប្រសិទ្ធភាព​ប្រឆាំង​ការ​ឡើង​សម្ពាធ​ឈាម ពេល​ប្រើ​ជាមួយ​ពពួក​ថ្នាំ corticosteroids, NSAIDs, carbenoxolone ដែល​បណ្ដាល​មក​ពី​ការ​ចាល់​សារធាតុ​រាវ​ក្នុង​រាងកាយ (Fluid Retention)។
– ធ្វើ​ឲ្យ​ពុលតម្រង​នោម ដោយ​ពពួក​ថ្នាំ NSAIDs។
– បន្ថយ​ប្រសិទ្ធភាព​ព្យាបាល របស់​ពួក​ថ្នាំ​ព្យាបាល​ទឹក​នោម​ផ្អែម (Antidiabetics)។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

ថ្នាំ Hydrochlorothiazide អាច​មាន​ប្រតិកម្ម​ជាមួយ​​អាហារ ឬ​ស្រា ​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ បង្កើយ​​ហានិភ័យ​ ផល​រំខាន​ធ្ងន់ធ្ងរ។ មុន​នឹង​ប្រើ​ថ្នាំ​នេះ ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ឬ​ឱសថការី ​បើ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ​ ឬ​ស្រា។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព​​

Hydrochlorothiazide អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវឲ្យ​វេជ្ជបណ្ឌិត ​និង​ឱសថការី ​ដឹង​ពី​ស្ថានភាព​សុខភាព​ទាំងអស់​ដែល​កំពុង​កើត​មាន​ពេល​បច្ចុប្បន្ន ពិសេសបើមាន​ជំងឺ​ទឹក​នោម​ផ្អែម (Diabetes) ជំងឺ Gout ជំងឺ​តម្រង​នោម ជំងឺថ្លើម ជំងឺ Lupus ជាដើម។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

ជំងឺ​លើស​ឈាម

ចន្លោះពី ១២,៥-៥០ មិល្លីក្រាម លេប​មួយ​ថ្ងៃ​ម្តង។

ហើម (Edema) 

ចន្លោះពី ២៥-១០០ មិលី្លក្រាម ១-២ ដង/ថ្ងៃ មិន​ត្រូវ​លើស​ពី ២០០ មិលី្លក្រាម/ថ្ងៃ។

ឡើង​សម្ពាធ​ឈាម​ដោយ​ជំងឺ​ខ្សោយ​បេះដូង (ប្រើ​ក្នុង​ករណី​មាន​វេជ្ជបញ្ជា​ពី​ពេទ្យ​ប៉ុណ្ណោះ)

២៥ មិលី្លក្រាម ១-២ ដង/​ថ្ងៃ មិន​ត្រូវ​លើស​ពី ២០០ មិលី្លក្រាម/ថ្ងៃ។

ចាល់​សារធាតុ​រាវ​ដោយ​ជំងឺ​ខ្សោយ​បេះដូង (ប្រើ​ក្នុង​ករណី​មាន​វេជ្ជបញ្ជា​ពី​ពេទ្យ​ប៉ុណ្ណោះ)

២៥ មិលី្លក្រាម ១-២ ដង​/​ថ្ងៃ មិន​ត្រូវ​លើស​ពី ២០០ មិលី្លក្រាម/ថ្ងៃ។

មនុស្សចាស់ 

– កាន់​តែ​ធ្លាក់​ចុះ​សម្ពាធ​ឈាម និង​ផល​រំខាន​ទៅ​លើ​មនុស្ស​ចាស់។
– បង្កើន​អតុល្យភាព​អេឡិចត្រូលីត​លើ​មនុស្សចាស់ ហេតុនេះ​ត្រូវ​ត្រួត​ពិនិត្យ​ទៅ​លើ​សេរ៉ូម​អេឡិចត្រូលីត​ឲ្យ​បាន​ទៀង​ទាត់។

ផលិត​ទឹកនោម​ច្រើន

លេប ១២,៥-២០ មិល្លីក្រាម និង​បង្កើន​បន្ថែម ១២,៥ មិល្លីក្រាម/ថ្ងៃ។

កើន​ឡើង​ផល​រំខាន តុល្យភាព​អេឡិចត្រូលីត ត្រូវ​គេ​ឃើញ​កើត​មាន​ពេល​ប្រើ​លើស​កម្រិត ៥០ មិលី្លក្រាម/ថ្ងៃ។

១១- ក្មេងត្រូវប្រើកម្រិតណា?

ជំងឺ​លើស​ឈាម (Hypertension)

– ចាប់ពី ៦ ខែ​ឡើង៖ លេប ១-៣ មិល្លីក្រាម​/​គីឡូ​/​​ថ្ងៃ ចែក​ជា ​១២ ម៉ោង​ម្ដង មិន​ត្រូវ​លើស ៣៧,៥ មិលី្លក្រាម/​ថ្ងៃ។

– ចាប់ពី ៦-២៤ ខែ៖ លេប ១-២ មិល្លីក្រាម​/គីឡូ​/​ថ្ងៃ  ចែក​ជា ​១២ ម៉ោង​ម្ដង មិន​ត្រូវ​លើស​ ៣៧,៥ មិលី្លក្រាម​/ថ្ងៃ។

– ចាប់ពី ២-១២ ឆ្នាំ៖ ១-៣ មិល្លីក្រាម​/គីឡូ​/​ថ្ងៃងៃ មិន​ត្រូវ​លើស ៣ មិល្លីក្រាម​/គីឡូ​/​ថ្ងៃ  មិន​ត្រូវ​លើស ១០០ មិលី្លក្រាម​/ថ្ងៃ។

ហើម (Edema)

– ចាប់ពី ៦ ខែឡើង៖ ១-៣ មិល្លីក្រាម​/គីឡូ​/​ថ្ងៃ លេបចែក​ជា ​១២ ម៉ោង​ម្ដង មិន​ត្រូវ​លើស ៣៧,៥ មិលី្លក្រាម​/ថ្ងៃ។

– ចាប់ពី ៦-២៤ ខែ៖ ១-​២ មិល្លីក្រាម​/គីឡូ​/​ថ្ងៃ លេបចែក​ជា ១២ ម៉ោង​ម្ដង មិន​ត្រូវ​លើស​ ៣៧,៥ មិលី្លក្រាម​/មួយ​ថ្ងៃ។

ចាប់ពី ២-១២ ឆ្នាំ៖ ១-៣ មិល្លី​ក្រាម/គីឡូ​/​ថ្ងៃ មិន​ត្រូវ​លើស ៣ មិល្លី​ក្រាម/គីឡូ​/​ថ្ងៃ មិន​ត្រូវ​លើស ១០០ មិលី្លក្រាម​/មួយ​ថ្ងៃ។

១២- មានទម្រង់បែបណាខ្លះ?

ថ្នាំ Hydrochlorothiazide មានទម្រង់ ​និង​កម្រិត​ប្រើ​ដូច​ខាង​ក្រោម៖

– ទម្រង់​ថ្នាំ​គ្រាប់​ខាប់ស៊ុល​សម្រាប់​លេប៖ ១២,៥មិល្លី​ក្រាម។
– ទម្រង់​ថ្នាំ​គ្រាប់​សម្រាប់​លេប៖ ១២,៥​មិល្លីក្រាម ២៥​មិល្លីក្រាម ៥០​មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

សំខាន់​បំផុត ត្រូវ​យក​បញ្ជី​រាយ​នាម​ថ្នាំ​ត្រូវ​ការ​វេជ្ជបញ្ជា និង​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា (OTC) ទាំងអស់​យើង​កំពុង​ប្រើ​ទៅ​ជាមួយ ពេល​ណា​មាន​ករណី​បន្ទាន់​កើត​ឡើង។

១៤- ករណី​ភ្លេច​លេប​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

 

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 22, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 22, 2019