ឈ្មោះទូទៅ: Hyoscine (ឱសថ Hyoscine) ឈ្មោះម៉ាកផលិតផល: Hyoscine (ឱសថ Hyoscine).

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Hyoscine ព្យាបាល​ដើម្បី​អីខ្លះ?

Hyoscine ​ជា​ប្រភេទ​ថ្នាំ Anticholinergic​ មាន​មុខ​ងារ​ជួយ​បន្ថយ​ការ​បញ្ចេញជាតិ​ទឹក បន្ថយ​ចលនា​ក្រពះ ពោះវៀន និង​ធ្វើ​ឲ្យ​ប្រស្រី​ភ្នែក​រីក​ធំ។

គ្រូពេទ្យ​ប្រើ​ប្រាស់​ថ្នាំ​នេះ ​ដើម្បី​បន្ថយ​អាការៈ​​ក្អួតចង្អោរ ​វិល​មុខ​ដោយសារ​ពុល​ឡាន និង​ប្រើ​នៅ​ពេល​អ្នកជំងឺដឹងខ្លួន​ បន្ទាប់ពីប្រើថ្នាំសន្លប់ ឬវះកាត់។ លើស​ពី​នេះ​ទៀត​គេ​ ​ប្រើ​វា​ព្យាបាល​ជំងឺ​ Parkinsonism សាច់ដុំ​កន្ត្រាក់ជាប់ (spastic muscle states) មាន​បញ្ហា​ពោះវៀន រលាក​ពោះ​វៀន (Diverticulitis) និង​ជំងឺ​មួយ​ចំនួន​ទៀត។

ថ្នាំ​នេះ​អាច​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត​​មិន​បាន​រៀប​រាប់​ខាង​លើ។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

ត្រូវលេប​ថ្នាំ​ជាមួយ​ទឹក​ ១​ កែវ​ពេញ​តាម​ការ​ណែនាំ​ពី​គ្រូពេទ្យ ហើយ​ប្រសិន​បើ​មិន​យល់​ត្រង់​ចំណុច​ណែនាំណា​មួយ​ត្រូវ​សួរ​ទៅ​កាន់​ឱសថការី ឬ​គ្រូ​ពេទ្យ​ឲ្យ​បាន​ច្បាស់។

៣- រក្សា​ទុកដោយ​វិធី​ណា?

អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Hyoscine ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤-មុន​​ប្រើ​គួរ​ដឹង​អីខ្លះ?

មុន​ពេល​ប្រើ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

– បើ​​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ Hyoscine ឬ​ថ្នាំ​ផ្សេង​ទៀត
– ថ្នាំ​ទាំង​អស់យើង​កំពុង​ប្រើ​ប្រាស់ ជាពិសេស​ថ្នាំធ្វើ​ឲ្យ​ងងុយ​គេង ក្អក ផ្ដាសាយ ថ្នាំ​ប្រឆាំង​​អាលែក្ស៊ី បាយ​ភ្នែក និង​ពពួក​​វីតាមីន
– បើ​​មាន​ជំងឺ​​ទឹកដក់​ក្នុង​ភ្នែក (Glaucoma) បេះដូង ថ្លើម តម្រង​នោម ជំងឺ​ស្ទះ​ក្រពះ ​ពោះ​វៀន ឬ​ពិបាក​បត់​ជើង​តូច
– បើ​មាន​ផ្ទៃ​ពោះ​ មាន​គម្រោង​យក​កូន ឬ​ត្រូវ​បំបៅ​ដោះ​កូន​។ បើ​ច្រឡំ​ប្រើ​ថ្នាំ​នេះ​ពេល​ពពោះ​ឆាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម
– ត្រូវ​ធ្វើ​ការ​វះ​កាត់​ រាប់​បញ្ចូល​ទាំង​វះកាត់​ធ្មេញ​ផង​ដែរ។

ថ្នាំ​នេះ​អាច​ធ្វើឲ្យ​ងងុយគេង​ ជាពិសេស​នៅ​ពេល​ប្រើ​បាន ៣-៥ ថ្ងៃ​ដំបូង ឬ​នៅ​ពេល​មាន​ការ​ដំឡើង​កម្រិត​ប្រើ ហេតុ​នេះ មិន​ត្រូវ​បើក​បរ​ ឬ​ប្រើ​ប្រាស់​គ្រឿង​ម៉ាស៊ីន​អ្វី​ទាំង​អស់។ ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ អាច​ធ្វើ​ឲ្យ​ផល​រំខាន​របស់​ថ្នាំ​កើត​ឡើង ដូច​នេះ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត D សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់
– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន
– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ
– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់
– X = ហាម​ប្រើ
– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ក្រោយ​​ប្រើ​ប្រាស់​ថ្នាំ​នេះ​ ហើយ​ថា​មាន​ផល​រំខានមួយចំនួន​ សូម​ឈប់​ប្រើ​ថ្នាំ ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់ក្នុងករណី៖

– មាន​ប្រតិកម្ម​អាលែកហ្ស៊ី (ពិបាក​ដក​ដង្ហើម ស្ទះ​បំពង់​ក ហើម​បបូរមាត់ អណ្ដាត ​មាត់ ឬ​​មាន​ចេញ​រមាស់)
– បេះដូង​លោត​ញាប់​ខុស​ធម្មតា
– រវើរវាយ ឬ​មាន​អាកប្បកិរិយា​ខុស​ធម្មតា (ជាពិសេស​ចំពោះ​ក្មេងៗ)
– ហើម ឬ​តឹង​ក្នុង​ពោះ (ចំពោះ​ទារក)។

ផល​រំខាន​បន្តិច​បន្តូច​មាន​ដូចជា៖

– ស្រវាំង​ភ្នែក​
– ចាញ់​ពន្លឺ​ថ្ងៃ
– មាន​អារម្មណ៍​ថា​ក្រហាយ​ស្បែក
– ហើម​ត្របក​ភ្នែក។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្ម​ថ្នាំ

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាពថ្នាំប្រភេទ​នេះ ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ជាទូទៅ ពេទ្យគ្មាន​ណែនាំ​ឲ្យ​​ប្រើ​ថ្នាំនេះ​ ជាមួយ​ថ្នាំរៀបរាប់​ខាងក្រោម​នេះ​ទេ ប៉ុន្តែ​មាន​ករណី​ខ្លះ​តម្រូវ​ឲ្យ​​ប្រើ​​នេះ​រួម​គ្នា ក្រោយ​កែ​កម្រិត​ និង​ពេលវេលា​ប្រើ។ ថ្នាំ​ទាំង​នោះ​ មាន​ដូចជា Acrivastine, Bupropion, Morphine, Morphine Sulfate Liposome, Oxymorphone និង Umeclidinium។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​ពេល​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព​​

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន​ដូច​ជា៖

– ទឹក​ដក់​ក្នុង​ភ្នែក​ទម្រង់ Open-Angle
– ស្ទះ​ពោះ​វៀន ឬ​ក្រពះ
– ប្រវត្តិ​មាន​ជំងឺវិកលចរិក
– ប្រវត្តិ​ធ្លាប់​ប្រកាច់
– ជំងឺ​ថ្លើម
– ជំងឺ​តម្រងនោម
– ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​ទម្រង់​ចង្អៀត (Glaucoma, narrow-angle) មិន​គួរ​ប្រើ​ថ្នាំ​នេះ​ចំពោះ​អ្នក​ជំងឺ​នេះ​ឡើយ
-មាន​បញ្ហា​បត់​ជើង​តូច (បំពង់​បង្ហួរនោម​ស្ទះ ឬពិបាក​នោម) ដូច​នេះ​ត្រូវ​ប្រើ​ដោយ​ប្រុងប្រយ័ត្ន ព្រោះ​ស្ថានភាព​ជំងឺ​នេះ​អាច​ធ្ងន់ធ្ងរ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​​កម្រិត​ណា?

កម្រិត​ប្រើ​នៅ​ពេល​ក្អួត

– ករណី​ក្អួត​ធម្មតា៖ ០,៣-០,៦៥ ​មិល្លីក្រាម ដោយ​ចាក់​តាម​សរសៃ​ឈាម ​សាច់ដុំ ឬចាក់​នៅ​ក្រោម​ស្បែក រៀងរាល់​ ៦-៨ ​ម៉ោង។
– ករណី​ក្អួត​មុន​ពេល​ការ​វះកាត់៖ ​បិទ​បន្ទះ Hyoscine កម្រិត ១,៥​ មិល្លីក្រាម ពី​ក្រោយ​ត្រចៀក​នៅ​ពេល​ល្ងាច​មុន​ថ្ងៃ​វះកាត់។ ក្រោយ​វះកាត់​រយៈពេល ​២៤​ម៉ោង ​ទើប​គួរ​តែ​បក​ចោល។
– ប្រសិន​បើ​ប្រើ​បន្ទះ​ Hyoscine នេះ​ចំពោះ​ស្រ្តី​​សម្រាល​កូន​ដោយ​ការ​វះកាត់​ គួរ​ប្រើ​ ១​ ម៉ោង​មុន​ពេល​វះ​កាត់​ ដើម្បី​បន្ថយ​ការ​​ប៉ះពាល់​ទៅដល់​កូន។
– កម្រិត​សម្រាប់​ប្រើ​ពេល​ពុល​ឡាន៖ បិទ​បន្ទះ​ Hyoscine ១,៥ មិល្លីក្រាម នៅ​ពី​ក្រោយ​ត្រចៀក ​យ៉ាង​តិច ​៤ ​ម៉ោង​មុន​ពេល​ធ្វើ​ដំណើរ​។
– កម្រិត​ប្រើ​ចំពោះ​អ្នក​ជំងឺ Parkinsonian (ជំងឺ​ញ័រ​លើ​មនុស្ស​ចាស់)៖ ០,៤-០,៨ មិល្លី​ក្រាម លេប​រៀង​រាល់ ៨ ​ម៉ោង​ម្ដង។

១១- ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

– កម្រិត​ប្រើ​​​ពេល​ក្អួត( ១-១២​ឆ្នាំ)៖ ៦ មីក្រូក្រាម/គីឡូ​/​ដង ដោយ​ការ​ចាក់​តាម​សរសៃឈាម សាច់ដុំ ឬ​ចាក់​ក្រោម​ស្បែក រៀងរាល់ ​៦-៨​ ម៉ោង។
– កម្រិត​ប្រើ​​​ពេល​ពុល​ឡាន អាយុ ​១២ ​ឆ្នាំ​ឡើង៖ បិទ​បន្ទះ Hyoscine ១,៥មិល្លីក្រាម​ ក្រោយ​ត្រចៀក​ យ៉ាង​តិច​ ៤​ ម៉ោង​មុន​ពេល​ធ្វើ​ដំណើរ។

១២-​ មាន​ទម្រង់​បែប​ណា​ខ្លះ?

ទម្រង់​ និង​កម្រិត​បរិមាណ​ថ្នាំ Hyoscine មាន​ដូច​ខាង​ក្រោម៖

– បន្ទះ​បិទ​ ៧២​ ម៉ោង៖ ១,៥មីលីក្រាម​
– ថ្នាំ​ទឹក​សម្រាប់​ចាក់៖ ០,៤មិល្លីក្រាម​/​លីត្រ
– ថ្នាំ​គ្រាប់៖ ១០​ មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេចប្រើ​ថ្នាំ

បើ​ភ្លេច​ប្រើថ្នាំ ត្រូវប្រើ​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ប្រើ​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវប្រើ​បន្ត​បាន​ហើយ កុំ​ប្រើ​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

 

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 22, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 22, 2019