Intrazoline (ឱសថ Intrazoline)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Intrazoline (ឱសថ Intrazoline) ឈ្មោះម៉ាកផលិតផល: Intrazoline (ឱសថ Intrazoline).

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Intrazoline ព្យាបាលអ្វី?

ថ្នាំ Intrazoline ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ឆ្លង​រោគ​បាក់​តេរី​ជា​ច្រើន​ប្រភេទ រួម​មាន​ ការ​ឆ្លង​រោគ​ធ្ងន់​ធ្ងរ​រហូត​គំរាម​កំហែង​អាយុ​ជីវិត ជំងឺ​សួត ឆ្អឹង សន្លាក់ ក្រពះ ពោះ​វៀន ក្នុង​ឈាម ប្រឹស​បេះ​ដូង និង​ជំងឺ​នៅ​ផ្លូវ​ទឹក​នោម។ ថ្នាំនេះ​មិន​អាច​ព្យាបាល​ជំងឺ​ឆ្លង​ដោយ​វីរុស ដូច​ជា​ផ្តាសាយ ឬ​ផ្តាសាយ​ធំ​បាន​ទេ។

Intrazoline ក៏​អាច​​យក​ទៅ​ព្យាបាល​ជំងឺ​អ្វី​ផ្សេង​ដែរ ដូច​នេះ​យើង​អាច​សួរ​គ្រូពេទ្យ​ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

Intrazoline អាច​ចាក់​ចូល​ក្នុង​សាច់​ដុំ ឬ​​ក្នុង​សរសៃ​ឈាម។ គ្រូពេទ្យ​អាច​ប្រាប់​ពី​របៀប​ចាក់​ថ្នាំ​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ តែ​បើ​​មិន​ទាន់​យល់​ច្បាស់​ពី​របៀប​ប្រើ​ប្រាស់​សឺរ៉ាំង ម្ជុល សម្រាប់​ចាក់​ថ្នាំ​នេះ​យើង​មិន​ត្រូវ​ចាក់​ថ្នាំ​ដោយ​ខ្លួន​ឯង​ទេ។
គេ​យក Intrazoline លាយ​ជា​មួយ​ទឹក​សេរ៉ូម មុន​ពេល​យក​ទៅ​ចាក់។ បើ​យើង​យក​ថ្នាំ​នេះ​ទៅ​ចាក់​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ត្រូវ​​យល់​ច្បាស់​ពី​របៀប​លាយ​ថ្នាំ។ យើង​ត្រូវ​ក្រឡុក​ថ្នាំ​ជា​មួយ​ទឹក​សេរ៉ូម​ឲ្យ​បាន​សព្វ​មុន​ពេល​ចាក់។ បើ​ថ្នាំ​មាន​ការ​ប្រែប្រួល​ពណ៌ មិន​ត្រូវ​យក​វា​មក​ចាក់​ទេ ទាក់​ទង​ទៅ​គ្រូពេទ្យ​ ដើម្បី​បាន​វេជ្ជបញ្ជា​ថ្មី។ ប្រើ​សឺរ៉ាំង​ និង​ម្ជុល​តែ​ម្តង​បាន​ហើយ ប្រើ​រួច​ត្រូវ​បោះ​ម្ជុល​ និង​សឺរ៉ាំង​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព។ មិន​ត្រូវ​ទុក​របស់​ទាំង​នោះ​នៅ​ជិត​ក្មេង ឬ​សត្វ​​ចិញ្ចឹម​ឡើយ។

ត្រូវ​ប្រើ​ថ្នាំ​ Intrazoline ឲ្យ​គ្រប់​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ។ អាការៈ​យើង​អាច​ប្រសើរ​ឡើង មុន​ពេល​សម្លាប់​មេរោគ​អស់។ ការ​ឈប់​ប្រើ​ថ្នាំ​មុន​ពេល​កំណត់ អាច​បណ្តាល​ឲ្យ​មេរោគ​ស៊ាំ​ជា​មួយ​ថ្នាំ ហើយ​លូត​លាស់​វិញ​បាន។

៣- រក្សាទុកដោយវិធីណា?

ថ្នាំ Intrazoline មិន​ទាន់​លាយ

អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Intrazoline ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។

ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។

ថ្នាំ Intrazoline លាយ​រួច

​- យក​ល្បាយ​នេះ​ទុក​ក្នុង​ទូរ​ទឹក​កក ​អាច​ប្រើ​បាន ១០​ថ្ងៃ
– មិន​ត្រូវ​ដាក់​​​ឲ្យ​កក
​- ទុក​ល្បាយ​ថ្នាំ​នៅ​ក្រៅ​ទូរ​ទឹកកក​បាន ២៤​ម៉ោង។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ?

Intrazoline អាច​ធ្វើ​ឲ្យ​លទ្ធផល​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ទឹក​នោម​ប្រែ​ប្រួល។ ដូច​នេះ​យើង ត្រូវ​ប្រាប់​គ្រូពេទ្យ​មុន​ពេល​ពិនិត្យ​ បើ​កំពុង​ប្រើ​ថ្នាំ​នេះ។

មិន​អាច​ប្រើ Intrazoline បាន​ទេ បើ​យើងមានបញ្ហាមួយ​ចំនួន​ដូច​ជា៖​

– មាន​បញ្ហា​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ ជា​មួយ​ពពួក​ថ្នាំ Cephalosporin Antibiotic (Omnicef, Cefzil, Ceftin, Keflex និង​ថ្នាំ​ដទៃ​ទៀត)
– ទទួល​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់
– មាន​ប្រតិកម្ម​ជា​មួយ​ពពួក​ថ្នាំ Penicillin។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​កំពុង​ពពោះ ​និង​បំបៅ​ដោះ​កូន​​ទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​កូន។ ហេតុនេះ​យើង​ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍ និង​ហានិភ័យ​មុន​ពេល​ប្រើ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជី​ថ្នាំ​គ្រោះថ្នាក់​កម្រិត B សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់
– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន
– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ
– D = មាន​ភស្តុតាងជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់
– X = ហាម​ប្រើ
– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

ផល​រំខាន​ដែល​គេ​ច្រើន​ឃើញ​កើត​ឡើង​រួម​មាន៖

– ឈឺ​ពោះ​
– មិន​ឃ្លាន​អាហារ
– រមាស់​នៅ​រន្ធ​គូទ
– រមាស់​ក្នុង​ទ្វារ​មាស ឬ​មាន​ធ្លាក់​ស

ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ​ បើ​មាន​បញ្ហា​៖

– រាក (​រាកទឹក ឬ​មាន​ឈាម)
– បបូរ​មាត់ឡើង​ពណ៌​ស​ ឬ​ឈឺ​ក្នុង​មាត់​លើ​បបូរ​មាត់
– ហើម នៅ​តាម​​ក្រពេញ
– ឈឺ​សន្លាក់
– ឈឺ​ពេញ​រាង​កាយ
– ប្រកាច់
– មាន​បញ្ហា​ថ្លើម ដូច​ជា ​ឈឺ​ក្នុង​ពោះ​ខាង​លើ មិន​ឃ្លាន​អាហារ ទឹក​នោម​ខ្មៅ លាមក​ពណ៌ដីឥដ្ឋ ឡើង​លឿង​លើ​ស្បែក ឬ​ភ្នែក
– មាន​ប្រតិកម្ម​ស្បែក​ធ្ងន់​ធ្ងរ ដូចជា ឈឺ​បំពង់​ក ហើម​មុខ​ ឬ​អណ្តាត ក្តៅ​ក្នុង​ភ្នែក ឈឺ​ក្នុង​ស្បែក មាន​ឡើង​ពង​បែក​ក្រហម (ពិសេស​នៅ​មុខ​ ឬ​ដង​ខ្លួន​ផ្នែក​ខាង​លើ)

យើង​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ បើ​មាន​សញ្ញា​ប្រតិកម្ម​ដូច​ជា៖ ប៉ោង​កន្ទួល​រមាស់​ពិបាក​ដក​ដង្ហើម ហើម​មុខ មាត់ អណ្តាត ឬ​បំពង់​ក។

មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​ថ្នាំ

Intrazoline អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត​យើង​កំពុង​ប្រើ ធ្វើឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់ ​ផល​រំខាន​ទៅ​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិត​ផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ឬ​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

បើ​​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ Cefazolin ​ឬ​ Cephalosporin Antibiotic ដទៃ​ដូច​ជា ថ្នាំ Cefaclor (Raniclor), Cefadroxil (Duricef), Cefdinir (Omnicef), Cefazolin (Ancef), Cefditoren (Spectracef), Cefpodoxime (Vantin), Cefprozil (Cefzil), Ceftibuten (Cedax), Cefuroxime (Ceftin), Cephalexin (Keflex)
និងថ្នាំ Cephradine (Velosef)។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង

Intrazolineអាច​មាន​ប្រតិកម្ម​ជាមួយ​​អាហារ ឬ​ស្រា ​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ បង្កើយ​​ហានិភ័យ​ ផល​រំខាន​ធ្ងន់ធ្ងរ។ មុន​នឹង​ប្រើ​ថ្នាំ​នេះ ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ឬ​ឱសថការី ​បើ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ​ ឬ​ស្រា។

៩- ​​អន្តរ​កម្ម​ជាមួយ​បញ្ហា​សុខភាព

ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖

– ជំងឺ​តម្រង​នោម
– ជំងឺ​ថ្លើម
– ជំងឺ​ក្រពះ​ពោះ​វៀន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​នេះ​ក្នុង​កម្រិត​ណា?

– ការ​ឆ្លង​រោគ​កម្រិត​ស្រាល​រហូត​ដល់​​ធ្ងន់​ធ្ងរ៖ ចាក់​ ០,៥-១​ ក្រាម រៀង​រាល់​ ៦-៨ ​ម៉ោង​ម្តង។
– ការ​ឆ្លង​រោគ​កម្រិត​មធ្យម​ដោយ​សារ Gram-Positive Cocci៖ ២៥០-៥០០ មិល្លីក្រាម​ ចាក់​តាម​សរសៃ​ រៀង​រាល់ ៨ ​ម៉ោង​ម្តង។
– ព្យាបាល​រលាក​ថង់​ទឹក​ប្រមាត់ ​​ពី​កម្រិត​ស្រាល​ទៅ​​មធ្យម៖ ចាក់​ ១-២​ ក្រាម​ តាម​សរសៃ ​​រៀង​រាល់ ៨ ​ម៉ោង​ម្តង រយៈពេល​ ៤-៧​ ថ្ងៃ។
– ព្យាបាល​រលាក​ផ្លូវ​ទឹក​នោម​កម្រិត​ដំបូង៖ ចាក់​តាម​សរសៃ​ ១ក្រាម រៀង​រាល់ ១២ ​ម៉ោង​ម្តង។

បង្ការការ​ឆ្លង​រោគ​មុន​វះ​កាត់

– មុន​វះកាត់៖ ចាក់​តាម​សាច់​ដុំ ឬ​តាម​សរសៃ​ ១-២​ក្រាម ១ ម៉ោង​មុន​ការ​វះ​កាត់​ចាប់​ផ្តើម និងអាច​ចាក់​ម្តង​ទៀត​នៅ ២-៥​ ម៉ោងក្រោយ អំឡុង​​ពេល​កំពុង​វះកាត់។
– ក្រោយ​វះ​កាត់៖ ចាក់​ ០,៥-១​ ក្រាម​ ​តាម​សរសៃ​​ រៀង​រាល់​ ៦-៨​ ម៉ោង​ម្តង ​រយៈ​ពេល​ ២៤​ ម៉ោង។
– ​ការ​វះ​កាត់៖ សម្រាប់​ការ​វះ​កាត់​បេះដូង ស្បូន មាត់ ឬ​ផ្លូវ​អាហារ ចោះ​ឆ្អឹង​ក្បាល ប្តូរសន្លាក់ វះ​កាត់​ទ្រូង សរសៃ​ឈាម កាត់​ដៃ​ ឬ​ជើង របួស​ធំៗ វះ​កាត់​ក្រពះ​ពោះ​វៀន ឬ​វះ​កាត់​ថង់​ទឹក​ប្រមាត់ កម្រិត​ថ្នាំ​ត្រូវ​ប្រើ ​គឺចាក់​តាម​សរសៃ​ ១​-២ ​ក្រាម។
– សម្រាប់​ការ​វះ​កាត់​ពោះ​វៀន​ធំ និង​ផ្លូវ​លាមក៖ កម្រិត​ថ្នាំត្រូវ​ប្រើ ​គឺ​ចាក់​តាម​សរសៃ​ ១-២ ​ក្រាម​ បូក​ជាមួយ​ Metronidazole ០,៥​ក្រាម​ ចាក់​តាម​សរសៃ។
– វះ​កាត់​កើត​កូន​ដែល​មាន​គ្រោះ​ថ្នាក់​ខ្ពស់ ឬ​កូន​រលូត​នៅ​ត្រី​មាស​ទី​ ២៖ កម្រិត​ថ្នាំ​ដែល​ត្រូវ​ប្រើ ​គឺចាក់​តាម​សរសៃ​ ១ ​​ក្រាម។
វះ​កាត់​ភ្នែក៖ ​ចាក់ ១០០មិល្លីក្រាម ​តាម​សរសៃ​នៅ​ភ្នែក (Subconjunctivally)។

​- ជំងឺ​រលាកសាច់ដុំ​ខាង​ក្នុង​បេះ​ដូង (Endocarditis)៖ ចាក់ ១​​ក្រាម តាម​សរសៃ​ឈាម ឬ​ក្នុង​សាច់​ដុំ ​ ៣០-៦០ នាទី​ មុន​ពេល​វះ​កាត់។

សមាគម​បេះដូង​របស់​អាមេរិក (American Heart Association) បាន​ណែនាំ​ឲ្យ​ចាក់​ការពារ​សម្រាប់​តែ​អ្នក​ជំងឺ​រលាក​ក្នុង​បេះ​ដូង​ ដែល​ងាយ​រង​គ្រោះ​ថ្នាក់​ប៉ុណ្ណោះ។

– ព្យាបាល​ Bacterial Keratitis (Off-label)៖ បន្តក់​ថ្នាំ ១ តំណក់​ចូល​ក្នុង​ភ្នែក​ឈឺ បន្តក់​រាល់ ១​-២​ ម៉ោង​ម្តង។ វា​អាច​បាត់​បង់​ប្រសិទ្ធ​ភាព ​បើ​យើង​កំពុង​ប្រើ​ថ្នាំ​ផ្សះ​ដទៃ ជា​ពិសេស​ថ្នាំ​សម្រាប់​សម្លាប់​មេរោគ Gram-negative (ឧ.Tobramycin)។

– របៀប​លាយ​ថ្នាំ​ Cefazolin ៥០ មិល្លីក្រាម/មិល្លីលីត្រ ដើម្បី​ប្រើ​បណ្ដោះ​អាសន្ន
– រំលាយ​ម្សៅ​ថ្នាំ​ចាក់ Cefazolin ៥០០ មិល្លីក្រាម ជាមួយ​ទឹក​សេរ៉ូម (Steril water) ១០ មិល្លីលីត្រ។ ​រក្សា​ទុក​ក្នុង​ទូរ​ទឹក​កក ថ្នាំ​លាយ​នេះ​ប្រើ​បាន​ត្រឹម ៧ ​ថ្ងៃ​ប៉ុណ្ណោះ។

ការ​កែ​តម្រូវ​កម្រិត​ថ្នាំ

អ្នក​ខ្សោយ​តម្រង​នោម៖

– CrCl ៣៥ ទៅ ៥៤​ មិល្លីលីត្រ​/នាទី ប្រើ​កម្រិត​ថ្នាំ​ពេញ រៀង​រាល់ ៨​ម៉ោង
– CrCl ១០ ទៅ​ ៣៥ មិល្លីលីត្រ​/នាទី ប្រើ​កម្រិត​ថ្នាំ​ព្យាបាល រៀង​រាល់ ១២​ម៉ោង
– CrCl តិច​ជាង​ ១០​ មិល្លីលីត្រ​/នាទី ប្រើ​កម្រិត​ថ្នាំ​ព្យាបាល រៀង​រាល់ ២៤​ ម៉ោង។

១១- ក្មេងត្រូវប្រើកម្រិតណា?

ព្យាបាល​ឆ្លង​រោគ​ដោយ​សារ​មេរោគ Gram-Positive Cocci

ក្មេង​ទើប​កើត​អាយុ​តិច​ជាង ២៨​ថ្ងៃ

– តិច​ជាង​ ៧ ​ថ្ងៃ​៖ ចាក់​តាម​សាច់ដុំ ឬ​សរសៃ ៤០ មិល្លីក្រាម/​គីឡូ/ថ្ងៃ ចែក​រៀងរាល់ ១២​ ម៉ោង​ម្តង
ច្រើន​ជាង​ ៧​ថ្ងៃ តិច​ជាង​ ២ ​គីឡូ៖ ចាក់​តាម​សាច់ដុំ ឬ​សរសៃ ៤០​ មិល្លីក្រាម/​គីឡូ/ថ្ងៃ ចែក​រៀងរាល់ ១២​ ម៉ោង​ម្តង។
– ច្រើន​ជាង​ ៧​ថ្ងៃ ច្រើន​​ជាង​ ២ ​គីឡូ៖ ចាក់​តាម​សាច់ដុំ ឬ​​សរសៃ ៦០ មិល្លីក្រាម/​គីឡូ/ថ្ងៃ ចែករៀងរាល់ ៨​ម៉ោង​ម្តង។
– ​ក្មេង៖ ចាក់​តាម​សាច់ដុំ ឬ​សរសៃ ២៥-១០០ មិល្លីក្រាម/​គីឡូ/ថ្ងៃ ចែក​ជា​ ៦-៨ ​ម៉ោង​ម្តង។ មិន​ត្រូវ​ចាក់​លើស​ពី​ ៦ ​ក្រាម​/ថ្ងៃ ​នោះ​ទេ។
– ការពារ​ការ​រលាក​បេះ​ដូង៖ កម្រិត​ថ្នាំ​ត្រូវ​ប្រើ គឺចាក់ ៥០មិល្លីក្រាម/​គីឡូ ចាក់​តាម​សរសៃ​ឈាម ឬ​​សាច់​ដុំ​ ៣០-៦០ នាទីមុន​ពេល​វះ​កាត់។​ មិន​ត្រូវ​ប្រើ​លើស​ពី ១ ក្រាម​ឡើយ។

ការ​ណែ​នាំ​របស់ (AHA)៖ ចាក់​ការពារ​សម្រាប់​តែ​អ្នក​ជំងឺ​រលាក​បេះ​ដូង​ ដែល​ងាយ​រង​គ្រោះ​ថ្នាក់​តែ​ប៉ុណ្ណោះ។

ជំងឺ Community-Acquired Pneumonia

– ក្មេង​មាន​អាយុ​ច្រើន​ជាង ៣​ខែ៖ កម្រិត​ថ្នាំ​គឺ​ចាក់ ១៥០​ មិល្លីក្រាម/​គីឡូ/ថ្ងៃ ​តាម​សាច់ដុំ ​ឬ​​សរសៃ ចែក​ជា​ ៨​ម៉ោង​ម្តង (​សម្រាប់​ការ​ឆ្លង​រោគ​ពី​កម្រិត​ស្រាល​ទៅ​​ធ្ងន់​របស់​មេរោគ S. Aureus ដែល​ស៊ាំ​ជាមួយ​ថ្នាំ Methicillin (Methicillin susceptible)។

១២- មានទម្រង់បែបណាខ្លះ?

ថ្នាំ​ចាក់ Intrazoline (Cefazoline Sodium) ១​ក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច សូម​ចាក់ថ្នាំភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ចាក់​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវ​ចាក់បន្ត​បាន​ហើយ កុំ​ប្រើថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។​

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 22, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 22, 2019

អ្នកអាចចូលចិត្ត