Isotretinoin (ឱសថ Isotretinoin)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Isotretinoin (ឱសថ Isotretinoin) ឈ្មោះម៉ាកផលិតផល: Generics only. No brands available.

ស្វែងយល់ពីការប្រើប្រាស់

– ថ្នាំ Isotretinoin ព្យាបាលជំងឺអី្វខ្លះ?

ថ្នាំ Isotretinoin ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​មុន​គ្រាប់​ធំៗ (Cystic acne) ដែល​ការ​ព្យាបាល​​មុនៗ​មិន​ទទួល​បាន​លទ្ធផល (ឧទាហរណ៍-benzoyl peroxide clindamycin លាប​លើ​ស្បែក​ ឬ​លេប​ថ្នាំ​ Tetracycline, Minocycline)Isotretinoin ស្ថិត​ក្នុង​ក្រុម​ថ្នាំ​ retinoids មាន​ប្រសិទ្ធភាព ជួយ​កាត់​បន្ថយ​ ការ​ផលិត​​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃ​មុខ (Sebum)។ ពេល​​ជាតិ​ខ្លាញ់​លើ​ផ្ទៃ​មុខ (sebum) កើន​ឡើង​ច្រើន​ វា​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​មុន​ធ្ងន់ធ្ងរ។ បើ​មិន​ព្យាបាល​មុន​ទាំង​នោះ​ទេ​ វា​អាច​បន្សល់​ស្លាក​ស្នាម​ទៅ​ថ្ងៃ​ក្រោយ។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

សូម​លេប​ថ្នាំ​ចូល​ទាំង​មូល មិន​ត្រូវ​កាច់​បំបាក់ ឬ​ទំពា​​ឡើយ។ ថ្នាំ isotretinoin ត្រូវ​លេប ២​ ដង​/​ថ្ងៃ រយៈពេល​ពី​ ១៥២០​ សប្ដាហ៍ ឬ​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ។

ថ្នាំ isotretinoin ភាគ​ច្រើន​គេ​ណែ​នាំ​ឲ្យ​លេប​ក្រោយ​ពេល​បាយ​រួច។ ប៉ុន្តែ​ រដ្ឋបាល​ចំណី​អាហារ​ និងឱសថ នៅអាមេរិក (FDA) បាន​ណែ​នាំ​ថា​ពពួក​ថ្នាំ​ Absorica អាច​លេប​មុន​ ឬ​ក្រោយ​អាហារ​ក៏​បាន។ ចំណី​អាហារ​អាច​ជួយ​ឲ្យ​ការ​បឺត​ស្រូប​ជាតិ​ថ្នាំ​ចូល​ក្នុង​ឈាម​បាន​ល្អ។ ត្រូវ​ចាំ​ កុំ​ភ្លេច​សាក​សួរ​ព័ត៌មាន​បន្ថែម​ពី​គ្រូពេទ្យ​ឬ​ឱសថការី និងលេប​ថ្នាំ​ជាមួយ​ទឹក​មួយ​កែវ​ពេញ កុំទាន់​​គេងអំឡុង​ពេល​​ ១០ នាទី​ក្រោយ​លេប​ថ្នាំ។

កម្រិត​ប្រើ​ប្រាស់​ថ្នាំ​​ គឺ​អាស្រ័យ​ទៅ​តាម​ស្ថាន​ភាព​ជំងឺ​ ទម្ងន់ និង​លទ្ធផល​ក្រោយ​ការ​ព្យាបាល។ ពេល​លេប​ថ្នាំ​បាន ២-៣ ថ្ងៃ​ដំបូង មុន​លើ​មុខ​អាច​មាន​សភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ពី ១២ ​ខែ​ក្រោយ​ អាច​ឃើញ​ពី​ប្រសិទ្ធភាព​ព្យាបាល​របស់​ថ្នាំ​នេះ។

ប្រសិន​បើ​មុខ​ឡើង​មុន​ធ្ងន់ធ្ងរ​ម្ដង​ទៀត ត្រូវ​ព្យាបាល​ដោយ​ថ្នាំ​នេះ​សារ​ជា​ថ្មី​ បន្ទាប់​ពី​ឈប់​ប្រើ​បាន​រយៈពេល ២ ខែ។ រោងចក្រ​ផលិត​មិន​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​នេះ​រយៈពេល​វែង​ទេ ដូចនេះ​សូម​កុំ​ប្រើ​ថ្នាំ​នេះ​លើស​ពី​កម្រិត​ណែនាំ​ពី​គ្រូពេទ្យ។ ថ្នាំ​នេះ​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ដូចនេះ​ស្រ្តី​មាន​ផ្ទៃពោះ​មិន​ត្រូវ​ប្រើ​ទេ។

៣- រក្សា​ទុកដោយ​វិធី​ណា?

Isotretinoin អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ (២០-២៥ អង្សា) ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Isotretinoin ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​?

មុន​ពេល​ប្រើ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

– ប្រាប់​គ្រូពេទ្យ​ ឬ​ឱសថការី​ បើ​អ្នក​មាន​ប្រតិកម្ម​ជាមួយ​ Isotretinoin វីតាមីន A ថ្នាំ​ដទៃ ឬ​សារធាតុ​ផ្សំ​ណា​មួយ​របស់​ថ្នាំត្រូវ​សួរ​ទៅ​កាន់​ឱសថការី​ដើម្បី​ដឹង​ពី​សារធាតុ​ផ្សំ​របស់​ថ្នាំ​នេះ។

– ប្រាប់​គ្រូពេទ្យ​ ឬ​ឱសថការី អំពី​គ្រប់​ប្រភេទ​​ថ្នាំ (រួម​ទាំង​ឱសថ​បូរាណ) ទាំង​អស់​ ដែល​អ្នក កំពុង​ប្រើប្រាស់ ជាពិសេស ពពួក​ថ្នាំ​ប្រកាច់ ដូច​ជា Phenytoin (Dilantin) ថ្នាំ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត ពពួក​ថ្នាំស្តេរ៉ូអ៊ីត (Steroids) ដូច​ជា Dexamethasone (Decadron, Dexone), Methylprednisolone (Medrol) និង​ថ្នាំ Prednisone (Deltasone) ក្រុម​ថ្នាំផ្សះ Tetracycline ដូច​ជា Demeclocycline (Declomycin), Doxycycline (Monodox, Vibramycin ថ្នាំ​ដទៃ​ទៀត), Minocycline (Minocin, Vectrin), Oxytetracycline (Terramycin) និង​ថ្នាំ Tetracycline (Sumycin, Tetrex រួមនឹងថ្នាំ​ដទៃ) ក៏ដូចជាពពួកថ្នាំបំប៉ន​វីតាមីន A ។ គ្រូពេទ្យ​ប្រហែល​អាច​ប្ដូរ​កម្រិត​ថ្នាំ ឬ​តាម​ដាន​ដោយ​ប្រុង​ប្រយ័ត្ន​ពី​ផល​រំខាន

– ប្រាប់​គ្រូពេទ្យ​ប្រសិន​បើ​អ្នក ឬ​សមាជិក​គ្រួសារ​ធ្លាប់​ប៉ុនប៉ង​សម្លាប់​ខ្លួន ​ធ្លាប់​មាន​ជំងឺ​បាក់​ទឹក​ចិត្ត ជំងឺ​ផ្លូវចិត្ត ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ហឺត ជំងឺ​ពុក​ឆ្អឹង (Osteoporosis) ជំងឺ​​ឆ្អឹងទន់​ដោយ​ខ្វះ​វីតាមីន D (Osteomalacia) ឬ​ស្ថានភាព​សុខភាព​ផ្សេង​ទៀតនាំ​ឲ្យ​ឆ្អឹង​​ខ្សោយ កម្រិត​ខ្លាញ់ Triglyceride ក្នុង​ឈាម​ខ្ពស់ បញ្ហា​មេតាប៉ូលីស​ សារជាតិ​ខ្លាញ់ (រាង​កាយ​មិន​អាច​ផលិត​ជាតិ​ខ្លាញ់​បាន) មិន​ឃ្លាន​អាហារ (Anorexia nervosa) ជំងឺ​ថ្លើម ឬ​ជំងឺបេះដូង។ ត្រូវ​ប្រាប់​គ្រូពេទ្យ​ដូច​គ្នា​ ប្រសិន​បើ​យើង​លើស​ទម្ងន់ ឬ ពិសា​ស្រា​ច្រើន។

– មិន​ត្រូវ​បំបៅ​ដោះ​កូន​ពេល​អ្នក​កំពុង​ប្រើ​ថ្នាំ Isotretinoin ​និង​នៅ​ពេល​ ១​ខែ ​ក្រោយ​ឈប់​ប្រើ​ថ្នាំ Isotretinoin

ថ្នាំ​ isotretinoin អាច​ធ្វើ​ឲ្យ​ស្បែក​រង​ប៉ះ​ពាល់​ដោយ​សារ​ពន្លឺ​ថ្ងៃ​ខ្លាំង​ ដូចនេះ​មិន​ត្រូវ​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​រយៈពេល​យូរ ឬ​ពេល​ចេញ​ក្រៅ​ត្រូវ​ស្លៀក​ពាក់​ការពារ​ពន្លឺ​ថ្ងៃ​ឲ្យ​បាន​ត្រឹម​ត្រូវ

– ត្រូវ​ដឹង​ថា​ថ្នាំ Isotretinoin អាច​ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត ការ​គិត និង​អត្តចរិត​អាច​ប្រែប្រួល​បាន។ អ្នក​ជំងឺ​ខ្លះ​ក្រោយ​ពេល​ប្រើ​ថ្នាំ Isotretinoin បាន​ក្លាយ​ទៅ​ជា​បាក់​ទឹក​ចិត្ត ឬ​មាន​ជំងឺ​សរសៃ​ប្រសាទ ឬ​ក្លាយ​ជា​មនុស្ស​ឆេវ​ឆាវ អាច​ចង់​សម្លាប់​អ្នក​ដទៃ​ ឬ​សម្លាប់​ខ្លួន​ឯង​ជា​ដើម។ អ្នក​ និង​ក្រុម​គ្រួសារ​ ​ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ​ឲ្យ​បាន​លឿន បើ​មាន​រោគ​សញ្ញា​ដូច​ជា៖ គិត​ច្រើន ពិបាក​ចិត្ត ចង់​យំ មិន​ចង់​ធ្វើ​អ្វី ធ្វើ​ការ​មិន​ល្អ​នៅ​កន្លែង​ធ្វើ​ការ​ ឬ​នៅ​សាលា​រៀន គេង​ច្រើន​ជាង​ធម្មតា ពិបាក​ចូល​គេង ឬ​គេង​មិន​ក្រោក ឆាប់​ខឹង មួមៅ មិន​ឃ្លាន​ ស្រក​គីឡូ ពិបាក​ផ្ដោត​អារម្មណ៍ ចង់​នៅ​ឆ្ងាយ​ពី​មិត្ត​ភក្ដិ ឬ​ក្រុម​គ្រួសារ មិន​មាន​កម្លាំង​ក្នុង​ខ្លួន​ គិត​ថា​ខ្លួន​ឯង​មិន​មាន​តម្លៃ ចង់​ធ្វើ​បាប​ខ្លួន​ឯង គិត​រឿង​គ្រោះ​ថ្នាក់ ឬ​ស្រមើ​ស្រមៃ​ឃើញ​អ្វី​ផ្សេង​ៗ។ ត្រូវ​ប្រាកដ​ថា​ក្រុម​គ្រួសារ​បាន​ដឹង​​ រឿង​ធ្ងន់ធ្ងរ​នៃ​អាការៈ​ខាង​លើ ហើយ​អាច​ទាក់​ទង​ទៅ​គ្រូពេទ្យ​ជំនួស​យើង​បាន។

– គួរ​ដឹង​ថា​ថ្នាំនេះ អាច​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ស្ងួត និង​មាន​អារម្មណ៍​មិន​ស្រួល​ពេល​ពាក់​ឡែន​ភ្នែក (Contact Lens) នៅ​អំឡុង​ពេល​ប្រើ​ថ្នាំ និង​ក្រោយ​ពេល​ប្រើ​ថ្នាំ។
– 
ថ្នាំ​ isotretinoin អាច​ធ្វើ​ឲ្យ​​មើល​ឃើញ​នៅ​ក្នុង​ទី​ងងឹត​មាន​កម្រិត។ បញ្ហា​នេះ​អាច​កើត​មាន​ភ្លាម​ៗ​ ពេល​ចាប់​ផ្តើម​ប្រើ​ថ្នាំ ហើយ​បន្ត​កើត​ឡើង​ក្រោយ​ការ​ព្យាបាល។ ​ត្រូវ​ប្រយ័ត្ន​ពេល​បើក​បរ​នៅ​ពេល​យប់។

– ពេល​កំពុង​ប្រើ​ថ្នាំ​​ Isotretinoin និង​ ៦ ខែ​បន្ទាប់​ពី​ការ​ព្យាបាល ​មិន​ត្រូវ​ដក​រោម​នៅ​លើ​ដង​ខ្លួន ប្រើ​កាំ​រស្មី​ព្យាបាល​ស្បែក ឬ​ធ្វើ​ការ​វះ​កាត់​ដើម្បី​ឲ្យ​ស្បែក​រលោង (Dermabrasion) ឡើយ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​មាន​សល់​ស្លាក​ស្នាម​ក្រោយ​ការ​ព្យាបាល។ ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អំពី​បញ្ហា​មួយ​នេះ។​

– ត្រូវ​ប្រាប់​គ្រូពេទ្យ​បើ​អ្នក​ មាន​សកម្មភាព​ខ្លាំង ឬ​កីឡា​ច្រើន។ Isotretinoin អាច​ធ្វើ​ឲ្យ​ឆ្អឹង​ចុះ​ខ្សោយ ដូច​នេះ​វា​អាច​បណ្ដាល​ឲ្យ​អ្នក​មាន​របួស​លើ​ឆ្អឹង​បាន។ បើ​មាន​របួស​ឆ្អឹង​នៅ​ពេល​កំពុង​ប្រើ​ថ្នាំ ​ត្រូវ​ប្រាប់​គ្រូពេទ្យ​ឲ្យ​ ថា​យើង​កំពុង​ប្រើ​ថ្នាំ​ Isotretinoin

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​កូន។ ហេតុនេះ​យើង​ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍ និង​ហានិភ័យ​មុន​ពេល​ប្រើ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជី​ថ្នាំ​គ្រោះថ្នាក់​កម្រិត X សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់
– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន
– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ
– D = មាន​ភស្តុតាងជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់
– X = ហាម​ប្រើ
– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ត្រូវ​រក​ជំនួយ​សង្គ្រោះ​បន្ទាន់​ភ្លាម​បើ​អ្នក​ជំងឺមាន​អាការៈ​ដូច​ជា៖ ឡើង​កន្ទាលត្រអាក ពិបាក​ដក​ដង្ហើម ហើម​មុខ មាត់ អណ្ដាត ឬ​បំពង់​ក។

ត្រូវ​ឈប់​ប្រើ​ថ្នាំ Isotretinoin ភ្លាម​ហើយ​ទាក់​ទង​ទៅ​គ្រូពេទ្យ​​ បើ​អ្នក​ជំងឺរង​ផល​រំខាន​ធ្ងន់ធ្ងរដូច​ជា៖

– បាក់​ទឹក​ចិត្ត ពិបាក​ផ្ចង់​អារម្មណ៍ បញ្ហា​គេង​មិន​​លក់​ ឬ​គេង​ច្រើន​ពេក មួមៅឆាប់​ខឹង អាកប្បកិរិយា​ប្រែប្រួល ស្រមើ​ស្រមៃ ចង់​សម្លាប់​ខ្លួន​ ឬ​សម្លាប់​អ្នក​ដទៃ។
– ស្ពឹក​ និង​ខ្សោយ​តាម​ដង​ខ្លួន ជា​ពិសេស​ម្ខាង​ណា​មួយ​នៃ​ខ្លួន
– ស្រវាំង​ភ្នែក ឈឺ​ក្បាល​ខ្លាំង ឬ​ឈឺ​ក្រោយ​ភ្នែក និង​អាច​មាន​ក្អួត​មក​ជាមួយ
– បញ្ហា​ស្ដាប់ ស្ដាប់​លែង​ឮ ឬ​ហ៊ឹង​ត្រចៀក
– ប្រកាច់
– ឈឺ​ពោះ​ផ្នែក​ខាង​លើ​ចាក់​ទៅ​ខ្នង ក្អួតចង្អោរ​ និង​បេះ​ដូង​លោត​ញាប់
– លែង​ឃ្លាន​អាហារ ទឹក​នោម​ខ្មៅ លាមក​ពណ៌​ស ឡើង​លឿង​លើ​ស្បែក (​លើ​ភ្នែក ឬ​ស្បែក)
– រាក​រូស​ខ្លាំង ហូរ​ឈាម ឬលាមកខ្មៅ​
– ក្តៅ​ រងា ឈឹ​ខ្លួន រោគ​សញ្ញា​ផ្ដាសាយ ឡើង​កន្ទួល​ក្រហម​ក្រោម​ស្បែក ស្បែក​ងាយ​ជាំ និង​ហូរ​ឈាម
– ពង​បែក​ របក​ស្បែក និង​ឡើង​ក្រហម​រមាស់​លើ​ស្បែក
– រឹងសន្លាក់ ឈឺ​ឆ្អឹង ឬ​បាក់​ឆ្អឹង

ផល​រំខាន​មិន​ធ្ងន់ធ្ងរ​មាន​​ដូច​ជា៖

– ឈឺ​សន្លាក់ ឈឺ​ខ្នង
– វិល​មុខ ងងុយ​គេង ឬ​គិត​ច្រើន​នៅ​មិន​ស្ងៀម
– ស្ងួត​បបូរ​មាត់ ស្ងួត​មាត់ ច្រមុះ និង​ស្បែក
– ប្រេះ ឬ​របក​ស្បែក រមាស់​ស្បែក ឬ​ក្រចក​ដៃ​ជើង​ប្រែ​ប្រួល។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​​ថ្នាំ

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាពថ្នាំប្រភេទ​នេះ ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ថ្នាំមិន​គួរ​ប្រើ​ជា​មួយ​ Isotretinoin រួម​មាន៖ Chlortetracycline, Demeclocycline, Desogestrel, Dienogest, Doxycycline, Drospirenone, Estradiol Cypionate, Estradiol Valerate, Ethinyl Estradiol, Ethynodiol Diacetate, Etonogestrel, Levonorgestrel, Lymecycline, Meclocycline, Medroxyprogesterone Acetate, Mestranol, Methacycline, Minocycline, Norelgestromin, Norethindrone, Norgestimate, Norgestrel, Oxytetracycline, Rolitetracycline និង Tetracycline ជាដើម។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ​​ Isotretinoin មាន​ការ​ប្រែប្រួល ឬ​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផ្ដល់​ផល​ប៉ះ​ពាល់​របស់​ថ្នាំ​កាន់​តែ​​ធ្ងន់ធ្ងរ។ ​អ្នក​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថការី​ដើម្បី​ដឹង​អំពី​ប្រភេទ​អាហារ ​និង​គ្រឿង​ស្រវឹង​ទាំង​នោះ​មុន​ ​ចាប់​ផ្តើម​ប្រើ​ថ្នាំ។ អ្នក​មិន​អាច​ប្រើ​ Isotretinoin ពេល​ប្រើ​សារធាតុ Ethanol (ស្រា) បាន​ទេ។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព​​

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន​ដូច​ជា៖

– ញៀន​ស្រាខ្លាំង (Alcoholism)
– មាន​ជំងឺ​ទឹក​នោម​ផ្អែម
– វិបត្តិ​មេតាបូលិក (Metabolism disorder)
– បញ្ហាឆ្អឹងអាចឲ្យមានវិបត្តិធ្ងន់ធ្ងរ
– មិន​ឃ្លាន​អាហារ
– បញ្ហា​ឆ្អឹង​ពី​កំណើត (Epiphyseal closure)
– បញ្ហា​ឆ្អឹង​ទន់ (Osteomalacia)
– មាន​ជំងឺ​ហឺត
– បាក់​ទឹក​ចិត្ត
– មាន​បញ្ហា​ភ្នែក​ស្រវាំង
– មាន​បញ្ហា​ក្នុង​ការ​ស្ដាប់
– ជំងឺ​បេះ​ដូង
– រលាក​ថ្លើម
– លើស​ជាតិ​ខ្លាញ់ (Hypertriglyceridemia)
– បញ្ហា​​ពោះ​វៀន
– រលាក​លំពែង
– ហើម​សាច់​ខួរ​ក្បាល (Pseudotumor Cerebri)
– មាន​ជំងឺ​វិកលចរិក
– លើស​ជាតិ​វីតាមីន​ A ក្នុង​ខ្លួន
– ជំងឺ​តម្រង​នោម
– ជំងឺ​ថ្លើម
– ពុក​ឆ្អឹង (Osteoporosis) ទោះ​ធ្លាប់​មាន​បញ្ហា​ឆ្អឹង​កាល​នៅ​ក្មេង ឬ​ក្នុង​គ្រួសារ​មាន​ជំងឺ​នេះ
– លើស​ទម្ងន់​ ត្រូវ​ប្រើ​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​បញ្ហា​នេះ​កាន់​តែ​អាក្រក់
– ជំងឺ​ ឬ​វិបត្តិ​ផ្សេង​ទៀត​​កើតនៅ​លើ​ឆ្អឹង ​ត្រូវ​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ថ្នាំ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ឆ្អឹង។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​​កម្រិត​ណា?

សម្រាប់​ព្យាបាល​មុខ​មុន​

– ​ព្យាបាល​មុខ​គ្រាប់​ធំៗ៖ ប្រើ​ ០,៥-១​ មិល្លីក្រាម/គីឡូ​/​ថ្ងៃ​ ចែក​ជា ២ ​ដង។ សម្រាប់​អ្នក​ជំងឺ​មាន​ស្លាក​ស្នាម​ធ្ងន់ធ្ងរ ឬ​បញ្ហា​ច្រើន គួរ​លេប ២​ មិល្លីក្រាម/គីឡូ​/​ថ្ងៃ។

ព្យាបាល​ដុំ​ខ្មៅ​រាល​ដាល​លើ​ស្បែក (Melanoma – Metastatic)

– ប្រើ​វា​លាយ​ជា​មួយ​ថ្នាំ Interferon Alfa៖ ៦០​ មិល្លីក្រាម​/​ថ្ងៃ ចែក​ជា ៣​ដង ​រយៈពេល ៦​ ខែ។

ព្យាបាល​ Granuloma Annulare លើ​មនុស្ស​ពេញ​វ័យ

– ប្រើ​ ០,៥-១​ មិល្លីក្រាម/គីឡូ​/​ថ្ងៃ ចែក​ចេញ​ជា ២ ​ដង។

១១- ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

សម្រាប់​ព្យាបាល​មុន​លើ​ក្មេង

– សម្រាប់​ព្យាបាល​មុខ​គ្រាប់​ធំៗ ក្មេង​អាយុ ១២​ ឆ្នាំឡើង៖ ០,៥-១ មិល្លីក្រាម/គីឡូ​/​ថ្ងៃ ចែក​ចេញ​ជា ២ ​ដង។

ព្យាបាល​ Acute Nonlymphocytic Leukemia លើ​ក្មេង

– ក្មេង​អាយុ​ ១​ខែឡើង៖ លេប ១០០មិល្លីក្រាម/ម៉ែត្រការេស្បែក/ថ្ងៃ លេប​តែ​ម្ដង​គត់ សម្រាប់​រយៈ​ពេល​ ៤​ សប្ដាហ៍។

១២-​ មាន​ទម្រង់​បែប​ណា​ខ្លះ?

Isotretinoin មាន​ក្នុង​កម្រិត និង​ទម្រង់​ដូច​ខាង​ក្រោម៖

– ថ្នាំ​គ្រាប់​ខេបស៊ុល៖ ១០​មិល្លីក្រាម ២០​មិល្លីក្រាម ៣០​មិល្លីក្រាម និង​ ៤០ ​មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

រោគ​សញ្ញា​ពេល​អ្នក​ប្រើ​លើស​កម្រិត​មាន​ដូច​ជា៖

-ក្អួត
– ក្តៅ​ក្រហម​ស្បែក
– ប្រេះ​បបូរ​មាត់
– ឈឺ​ក្រពះ
– ឈឺ​ក្បាល
– វិល​មុខ
– ពិបាក​គ្រប់​គ្រង​ខ្លួន​ឯង​បាន។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច សូម​ចាក់ថ្នាំភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ចាក់​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវ​ចាក់បន្ត​បាន​ហើយ កុំ​ប្រើថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។​

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 23, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 23, 2019