Lisinopril + Hydrochlorothiazide (ឱសថ Lisinopril + Hydrochlorothiazide)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Lisinopril + Hydrochlorothiazide (ឱសថ Lisinopril + Hydrochlorothiazide) ឈ្មោះម៉ាកផលិតផល: Generics only. No brands available.

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Lisinopril + Hydrochlorothiazide ព្យាបាលអីខ្លះ?

Lisinopril + Hydrochlorothiazide ជា​ថ្នាំ​ប្រើ​សម្រាប់​ព្យាបាល​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ជួយ​​ ការពារ​ករណី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Strokes) គាំង​បេះដូង និង​បញ្ហា​តម្រង​នោម។ ថ្នាំ​នេះ គឺជាការ​រួមបញ្ចូល​ថ្នាំចំនួន ២ ប្រភេទ ទី១ Lisinopril ជា​ថ្នាំ​ស្ថិត​ក្នុងក្រុម​ ACE inhibitors (ពពួក​ថ្នាំ​បញ្ចុះ​ឈាម) មានប្រសិទ្ធ​ភាព​ជួយ​សម្រួល​សរសៃ​ឈាម ជួយ​ចលនា​ឈាម​រត់​ងាយ​ស្រួល​ជាង​មុន និង​មួយទៀត គឺ​ថ្នាំ Hydrochlorothiazide ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម (Diuretic) ជួយ​ឲ្យ​នោម​ច្រើន​ជាង​មុន សម្រួល​រាង​កាយ​បញ្ចេញ​សារធាតុ​អំបិល​ និងទឹក​ដែល​លើស​ចេញ។

ថ្នាំ​នេះ​ត្រូវ​បាន​ប្រើ ឱសថ​តែ​មួយ​មុខ​អាច​គ្រប់គ្រង​សម្ពាធ​ឈាម​យើង​បាន។ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យប្រើថ្នាំ​​នេះ ដំបូង​ដាច់​ឡែក​ពី​គ្នា​សិន បន្ទាប់​មក​ទើប​ប្ដូរ​ឲ្យ​ប្រើថ្នាំ​​ផលិត​រួម​បញ្ចូល​គ្នា​ទាំង​ពីរ​មុខ​ជំនួសវិញ។ មិន​ត្រូវ​ប្រើថ្នាំ​ទាំងពីរ​ដាច់​ដោយ​ឡែក​ទៀត​ឡើយ បន្ទាប់​ពីយើង​ចាប់​ផ្ដើម​ប្រើ​ថ្នាំ​ផ្សំ​គ្នា​នេះ។

២- គេប្រើថ្នាំនេះយ៉ាងម៉េច?

ត្រូវ​លេបជា​មួយ​អាហារ ឬ​ពោះ​ទទេ អាស្រ័យ​លើ​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត ជា​ទូទៅ មួយ​ដង​ក្នុង​មួយ​ថ្ងៃ​ លេប​នៅ​ពេល​ព្រឹក។ បើថ្នាំ​នេះ​ធ្វើ​ឲ្យ​យើង​នោម​ច្រើន​ជាង​ធម្មតា សូម​លេប​វា​មុន​ពេល​ម៉ោង​ពេល​ចូល​គេង ​យ៉ាង​តិច ​៤ម៉ោង ការពារ​កុំ​ក្រោក​ឡើង​នោម​ច្រើន​ដង​នៅ​ពេល​​យប់។

បើ​កំពុង​លេប​ថ្នាំមួយ​ចំនួន​ដើម្បី​បញ្ចុះ​ជាតិ​ខ្លាញ់ (Cholesterol) ពពួក​ថ្នាំ Bile acid-binding resins ដូចជា Cholestyramine ឬ Colestipol ត្រូវ​លេប​ថ្នាំ Lisinopril + Hydrochlorothiazide យ៉ាង​ហោច ៤-៦ ម៉ោង​ក្រោយ​លេប​ថ្នាំ​ទាំង​នោះ។ កម្រិត​ប្រើ​ថ្នាំ​អាស្រ័យ​​ស្ថានភាព​សុខភាព​យើង​ផ្ទាល់ និង​លទ្ធផល​ក្រោយ​​ព្យាបាល។

សូម​ប្រើ​ថ្នាំ​នេះ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ព្យាបាល​ខ្ពស់​ ហើយ​ដើម្បី​ជួយ​ឲ្យ​យើង​ចាំថា​លេប​រួច ឬ​មិនទាន់​ គួរ​លេប​ថ្នាំ​នៅ​ម៉ោង​តែមួយ​រៀង​រាល់​ថ្ងៃ។ សំខាន់​បំផុត​ត្រូវ​បន្ត​ប្រើ​ថ្នាំនេះ​ឲ្យ​ទៀង​ទាត់ ​ទោះ​បី​​មាន​អារម្មណ៍​ស្ថានភាព​ជំងឺ​ប្រសើរ​ហើយ​ក្តី។ មនុស្ស​ភាគ​ច្រើន​មាន​សម្ពាធ​ឈាម​ខ្ពស់​មិន​មាន​បង្ហាញ​អាការៈ​​ឈឺ​ចាប់​ទេ។

ប្រាប់​ទៅ​វេជ្ជបណ្ឌិត ​បើ​ស្ថានភាព​សុខភាព​មិន​ប្រសើរ​ឡើង ឬ​កាន់តែ​ធ្ងន់​ធ្ងរ ពិសេស​សម្ពាធ​ឈាម​កាន់​ឡើង​ខ្ពស់។

៣- គួរ​រក្សា​ទុក​របៀប​ណា?

Lisinopril + Hydrochlorothiazide អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Lisinopril + Hydrochlorothiazide ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ​ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អីខ្លះ​មុន​?

មុន​នឹង​ប្រើ​ឱសថ​នេះ សូម​ប្រាប់​គ្រូពេទ្យ ឬ​ឱសថការី​ ​បើយើង​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ Lisinopril និង Hydrochlorothiazide ឬក្រុម​ឱសថ ACE inhibitors មាន​ថ្នាំ Captopril និង Benazepril ជា​ដើម និង​​បើ​មាន​អាលែកហ្ស៊ី​ផ្សេង​ទៀត។ ផលិត​ផល​នេះ អាច​មាន​សារធាតុ​មិន​សកម្ម (Inactive) បង្កទៅជា​អាលែកហ្ស៊ី ឬបញ្ហា​ផ្សេង​ទៀត។ សូមសាក​សួរ​ទៅកាន់​ឱសថការី ​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត។

ប្រាប់​គ្រូពេទ្យ និង​ឱសថការី​ ពី​ប្រវត្តិជំងឺ​ ពិសេស​ប្រវត្តិធ្លាប់​មាន​ប្រតិកម្ម​ណា​មួយ ដូចជា​ ហើម​មុខ បបូរ​មាត់ អណ្ដាត បំពង់​ក (Angioedema) បង្ក​បញ្ហា​លើ​ដំណើរ​ការ​ច្រោះ​ឈាម​របស់​តម្រង​នោម (Blood filtering procedures) ដូចជា​ LDL Apheresis (លាង​ឈាម) ព្យាបាល​បំបាត់​អាលែកហ្ស៊ី​ដោយ​សារ​ ឃ្មុំ​ ឪម៉ាល់​ទិច ជំងឺ​ប្រគ្រីវ (Gout) ជំងឺ Lupus ជំងឺ​តម្រង​នោម និង​ជំងឺ​ថ្លើម​ជា​ដើម។

ថ្នាំ​នេះ​អាច​ធ្វើ​អោយ​អ្នក​ងងុយ ហេតុនេះ​មិន​ត្រូវ​បើកបរ ឬ​បញ្ជា​ម៉ាស៊ីន​ធំៗ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​គ្រប់​សកម្មភាព​អាច​បង្ក​គ្រោះ​ថ្នាំ រហូត​ទាល់​តែច្បាស់​ថា ​អាច​ធ្វើ​ការងារ​ទាំង​នោះ​ដោយសុវត្ថិភាព និង​ត្រូវ​បន្ថយ​ផឹកស្រា​ផង​ដែរ។

បែក​ញើស​ច្រើន រាករូស​ ក្អួត អាច​ធ្វើ​ឲ្យ​កើន​ឡើង​ហានិភ័យ មាន​អារម្មណ៍​ថា​ស្រាល​ក្បាល ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន (dehydration) ។ ត្រូវ​រាយការណ៍​ទៅ​គ្រូពេទ្យ ​បើមាន​អាការៈ ​ក្អួត ឬ​រាក​រយៈពេល​យូរ។ ត្រូវ​ប្រាកដ​ថា​បាន​ផឹកទឹក​គ្រប់គ្រាន់​ ដើម្បី​ការពារ​ករណី​ខ្វះ​ជាតិ​ទឹក លើក​លែង​ណែនាំ​វិធី​ផ្សេង​ទៀត។

បើ​មាន​ជំងឺ​ទឹកនោម​ផ្អែម ថ្នាំ​នេះ​អាច​ប៉ះពាល​ដល់​កម្រិត​ជាតិ​ស្ករក្នុង​ឈាម ហេតុនេះ​ត្រូវ​ពិនិត្យ​កម្រិត​ជាតិ​ស្ករឲ្យ​ទៀងទាត់​តាម​ការ​ណែនាំ​ ហើយ​ប្រាប់​លទ្ធផល​ទៅ​កាន់​គ្រូពេទ្យ។ គ្រូពេទ្យ​អាច​កែ​តម្រូវ​ថ្នាំ​របស់​យើង ឬ​ណែនាំ​កម្ម​វិធី​ហាត់​ប្រាណ និង​តម​អាហារ​មួយ​ចំនួន។

ថ្នាំនេះ អាច​ធ្វើ​ឲ្យ​យើង​មាន​ប្រតិកម្ម​ជា​មួយ​ពន្លឺ​ព្រះអាទិត្យ ត្រូវ​កំណត់​ពេល​វេលា​នៅក្រោម​ពន្លឺ​ព្រះ​អាទិត្យ ចៀសវាង​ការ​ប្រើ​ម៉ាស៊ីន​បញ្ចេញ​កម្តៅ​សប្បនិម្មិត ​ដូចជា Tanning booths និង Sunlamps។ ប្រើ​ក្រែម​ការពារ​ពន្លឺ​ថ្ងៃ ពាក់​ខោអាវ​ការពារ​ពេល​ចេញ​ទៅ​ក្រៅ ប្រាប់​វេជ្ជបណ្ឌិត​ភ្លាម​បើ​មាន​រលាក​កម្ដៅ​ថ្ងៃ (Sunburned) ឬ​មាន​ពង​បែកក្រហម​នៅ​លើ​ស្បែក។

​Lisinopril + Hydrochlorothiazide អាច​ធ្វើ​ឲ្យ​កើន​ឡើង​កម្រិត​​ប៉ូតាស្យូម​នៅ​ក្នុង​ខ្លួន ហេតុនេះ​មុន​ប្រើប្រាស់​អាហារ​បំប៉ន ឬ​អំបិល​​មាន​ជាតិ​ប៉ូតាស្យូម សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី​ជាមុន​សិន។

មុន​ពេល​វះកាត់ សូម​ប្រាប់​ទៅ​វេជ្ជបណ្ឌិត​ ឬ​ទន្តពេទ្យ ​ពី​ថ្នាំពេទ្យ​យើង​កំពុង​ប្រើ ទាំង​មាន ឬគ្មាន​វេជ្ជបញ្ជា ក៏​ដូចជា​ឱសថ​បូរាណ​ផង​ដែរ។

មនុស្ស​ចាស់ អាច​មាន​ផល​រំខាន​ច្រើន​ជាង ពិសេស​វិលមុខ​ខ្លាំង និង​ផ្លាស់​ប្ដូរ​បរិមាណ​ទឹក​នោម (បញ្ហា​តម្រង​នោម)។

ថ្នាំនេះ​​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ទេ ព្រោះ​អាច​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ និង​អាច​ឆ្លង​ចូល​ទឹក​ដោះបាន។ ដូចជា​បើ​កំពុង​មានផ្ទៃ​ពោះ​ ឬ​បំបៅ​ដោះ​បេប៊ី គួរ​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ព័ត៌មាន​លម្អិត។

នៅ​មិន​ទាន់​ដឹង​ថាថ្នាំ​ Lisinopril ​អាច​ឆ្លង​ចូល​ក្នុង​ទឹកដោះ​ម្ដាយ​ ឬ​យ៉ាង​ណា​ទេ។ ប៉ុន្តែ​ចំពោះ​ថ្នាំ​ Hydrochlorothiazide អាច​ឆ្លង​ចូល​ក្នុង​ទឹក​ដោះ​ម្ដាយ។ ហេតុនេះ​សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​សិន មុន​នឹង​បំបៅ​ដោះកូន។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​កំពុង​ពពោះ ​និង​បំបៅ​ដោះ​កូន​​ទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត D សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់
– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន
– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ
– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់
– X = ហាម​ប្រើ
– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អី​ខ្លះ?

វិលមុខ​ខ្លាំង ស្រាល​ក្បាល អស់​កម្លាំង ឬ​ឈឺ​ក្បាល​ខ្លាំង អាច​កើត​ឡើង​ដោយ​សារ​រាងកាយសម្រប​ខ្លួន​តាម​ថ្នាំ​ប្រភេទ​នេះ។ ក្អក​ស្ងួត ក៏​អាច​នឹង​កើត​មាន​ដូចគ្នា ហើយ​បើ​ផល​រំខាន​ទាំងនោះ​កើត​ឡើង​រយៈពេល​យូរ​ ឬ​កាន់​តែ​ធ្ងន់ធ្ងរ ​ប្រាប់​គ្រូពេទ្យ ឬ​ឱសថការី​ជា​បន្ទាន់។

ដើម្បី​កាត់​បន្ថយ​ករណី​វិលមុខ​ខ្លាំង និង​អារម្មណ៍​ស្រាល​ក្បាល​ ត្រូវក្រោក​យឺតៗ ទាំង​ពេល​អង្គុយ និង​ពេល​ភ្ញាក់ពី​គេង។

ចាំ​ថា​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ឱសថ​នេះ ​ព្រោះ​យល់​ឃើញ​ថា​ថ្នាំ​នេះ​មាន​គុណ​ប្រយោជន៍ ​ច្រើន​ជាង​ហានិភ័យ​ និងផល​រំខាន។ មនុស្ស​ភាគ​ច្រើន​ប្រើថ្នាំ​នេះ មិន​មាន​ផល​រំខាន​ដែល​ធ្ងន់ធ្ងរ​ឡើយ។

ត្រូវ​ប្រាប់​គ្រូពេទ្យ​ភ្លាម ​បើ​ប្រទះ​ផលរំខាន​ធ្ងន់ធ្ងរ​ ដូចជា សន្លប់ ​និង​រោគសញ្ញា​​កើន​កម្រិត​ប៉ូតាស្យូម​ក្នុង​ឈាម មាន​សាច់ដុំ​ចុះ​ខ្សោយ ចង្វាក់​បេះដូង​យឺត ឬ​ខុស​ធម្មតា បញ្ហា​តម្រង​នោម ប្រែប្រួល​បរិមាណ​ទឹកនោម និង​មើល​មិន​សូវ​ច្បាស់ ឬ​ឈឺ​ភ្នែក​ជា​ដើម។

ឱសថ​នេះ​អាច​​​បណ្ដាលអោយ​អ្នក​បាត់​បង់​ជាតិទឹក​ក្នុង​ខ្លួន (Dehydration) និង​សារធាតុ​អំបិល​ឬរ៉ែ ​ក្នុងខ្លួន​ច្រើន។ សូម​ប្រាប់​ទៅ​វេជ្ជបណ្ឌិត​​ភ្លាម​ ប្រសិន​បើប្រទះ​រោគសញ្ញា​បាត់​បង់​ជាតិទឹក​ ឬ​បាត់បង់​សារធាតុ​រ៉ែ​ក្នុង​ខ្លួន​ រួមមាន​ដូចជា ស្រេក​ទឹក​ខ្លាំង មាត់​ស្ងួត​ខ្លាំង រមួល​សាច់ដុំ សាច់ដុំ​ចុះខ្សោយ បេះដូង​លោត​មិន​ធម្មតា​ញាប់​ពេក យឺត​ពេក វងេ្វង​វង្វាន់។

ថ្នាំ​នេះ​កម្រឲ្យមាន​បញ្ហា​ថ្លើម​ធ្ងន់ធ្ងរ​ណាស់ ប៉ុន្តែ​ករណី​ប្រទះ​បញ្ហា​សង្ស័យ​មាន​បញ្ហា​ខូច​ថ្លើម ប្រញាប់​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ត​ភ្លាម ដូចជា ចង្អោរ ក្អួត មិន​ឃ្លាន​ចំណី ឈឺ​ពោះ ឡើង​លឿង​នៅ​លើ​ស្បែក និងភ្នែក ទឹកនោម​ប្រែ​ពណ៌​ក្រមៅ។

បញ្ហា​អាលែកហ្ស៊ីធ្ងន់ធ្ងរ​ពី​ថ្នាំ​នេះ កម្រ​កើត​មាន​ដូចគ្នា។ ​យ៉ាងណា​ ត្រូវ​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ត​ភ្លាម ​បើ​សម្គាល់​ឃើញ​ថា​មាន​សញ្ញា​អាលែកហ្ស៊ីធ្ងន់ធ្ងរ​ណា​មួយ​កើត​ឡើង ដូចជា កន្ទួល រមាស់ រមាស់​ស្បែក ហើម ជា​ពិសេស លើ​មុខ ​អណ្ដាត បំពង់​ក ងងុយ​ខ្លាំង​ជ្រុល និង​ពិបាក​ដក​ដង្ហើម។

មនុស្ស​គ្រប់​គ្នា ​មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្ម​​ថ្នាំ​

ថ្នាំ​ខ្លះ​អាច​មាន​អន្តរអំពើ ​ជា​មួយថ្នាំ​នេះ​ដូច​ជា Aliskiren និង Dofetilide ថ្នាំ​ខ្លះ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ​ធ្វើ​ឲ្យ​មាន​ហានិភ័យ​បង្ក​រោគ​ផ្សេងៗ ដូចជា ថ្នាំ Everolimus ថ្នាំ Sirolimus និង​ពពួក​ថ្នាំ Lithium សុទ្ធសឹង​អាច​បង្កើន​កម្រិត​ប៉ូតាស្យូម​ក្នុង​ឈាម មាន​ក្រុម​ថ្នាំ ARBs (Lorsartan និង Valsartan) ពពួក​ថ្នាំ​ពន្យារ​កំណើត ​មាន​សារធាតុ Drospirenone និង Sacubitri ជា​ដើម។

ថ្នាំ​ខ្លះទៀត អាច​មាន​សារធាតុ​ធ្វើឲ្យ​សម្ពាធ​ឈាម​​កើន​ខ្ពស់​ បេះដូង​​កាន់​តែ​ចុះ​ខ្សោយ។ សូម​ប្រាប់​ឱសថការី​ ពីថ្នាំ​យើង​កំពុង​ប្រើ និង​សាក​សួរ​ពី​របៀប​ប្រើ​ត្រឹម​ត្រូវ (ជា​ពិសេស ថ្នាំ​ផ្ដាសាយ​ក្អក ថ្នាំ​បំប៉ន ឬ​ពពួក ​NSAIDs ដូចជា Ibuprofen និង Naproxen។

Lisinopril + Hydrochlorothiazide អាច​រំខាន​ការ​ធ្វើតេស្ត​មួយ​ចំនួន​លើ​ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត អាច​បណ្ដាល​ឲ្យ​លទ្ធផល​ខុស។ ត្រូវ​ប្រាកដ​ថា​គ្រូពេទ្យ​បច្ចេកទេស​មន្ទីរ​ពិសោធន៍ និង​គ្រូពេទ្យ​ទាំងអស់​សុទ្ធតែ​ដឹង​ថា យើង​បាន​ប្រើ​ថ្នាំនេះ។

Lisinopril + Hydrochlorothiazide អាច​​មាន​ប្រតិកម្ម​ ជាមួយ​​ថ្នាំ​ផ្សេង​ទៀត​ យើង​កំពុង​ប្រើប្រាស់ ជាហេតុ​នាំ​ឲ្យ​ផ្លាស់ប្ដូរអំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់​ ​ផល​រំខាន​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

Lisinopril + Hydrochlorothiazide អាច​មាន​ប្រតិកម្ម​ជាមួយ​អាហារ ឬ​ស្រា ​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ បង្កើយ​​ហានិភ័យ​ ផល​រំខាន​ធ្ងន់ធ្ងរ។ មុន​នឹង​ប្រើ​ថ្នាំ​នេះ ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ឬ​ឱសថការី ​បើ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ​ ឬ​ស្រា។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព​

Lisinopril + Hydrochlorothiazide អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី​បាន​ដឹង​ពី​ស្ថានភាព​សុខភាព​ទាំង​អស់​របស់​យើង​បច្ចុប្បន្ន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើកម្រិត​ណា?

កម្រិត​ប្រើ​ទូទៅ​សម្រាប់​មនុស្ស​ពេញ​វ័យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម (Hypertension)

– កម្រិត​ប្រើ​ដំបូង៖ Hydrochlorothiazide ១២,៥​មិល្លីក្រាម និង Lisinopril ១០-២០ មិល្លីក្រាម លេប​មួយ​ថ្ងៃ​ម្ដង អាស្រ័យ​លើ​កម្រិត​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ដើម្បី​ព្យាបាល។
– កម្រិត​ប្រើ​អតិបរមា៖ Hydrochlorothiazide ៥០​មិល្លីក្រាម Lisinopril ៨០​មិល្លីក្រាម/​ថ្ងៃ។

មតិ​យោបល់៖

– អាច​​បង្កើន​កម្រិត​ប្រើ​រៀង​រាល់ ២-៣ សប្ដាហ៍។
– ក្នុង​ករណី​ប្រើ​ថ្នាំ Hydrochlorothiazide តែ​មួយ​មុខ​គត់ ចំនួន ២៥ មិល្លីក្រាម​/ថ្ងៃ បែរ​ជា​ធ្វើ​ឲ្យ​បាត់បង់​កម្រិត​ប៉ូតាស្យូម​ក្នុង​ឈាម ឬ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខ្លាំង ដើម្បី​មិន​ឲ្យ​ប៉ះពាល់​ដល់​កម្រិត​អេឡិច​ត្រូលីត គួរ​តែ​កែ​ប្រែ​ប្រើ​ថ្នាំ Hydrochlorothiazide ត្រឹម ១២,៥​មិល្លីក្រាម ជាមួយ​ថ្នាំ​ Lisinopril ១០ មិល្លីក្រាម/​ថ្ងៃ។

កែប្រែ​កម្រិត​ប្រើ​សម្រាប់​អ្នក​ជំងឺ​តម្រង​នោម

– ករណី​ខ្សោយ​តម្រង​នោម​ស្រាល​ ទៅ​មធ្យម (CrCl ធំជាង ៣០ មិល្លីលីត្រ​/នាទី)៖ មិន​ការ​ណែនាំ​អោយ​កែ​ប្រែ​កម្រិត​ប្រើ​ឡើយ។
– ករណី​ខ្សោយ​តម្រង​នោម​ធ្ងន់ធ្ងរ (CrCl តូចជា​ ៣០ មិល្លីលីត្រ​/នាទី)៖ ហាម​ប្រើ​ពពួក​ថ្នាំ​បញ្ចុះ​ទឹក​នោម​ ប្រភេទ Loop Diuretics អាច​សម្គាល់បាន​តាម​ពាក្យ Thiazides។

កែប្រែ​កម្រិត​ប្រើ​សម្រាប់​អ្នក​ជំងឺ​មាន​បញ្ហា​ថ្លើម

ណែនាំ​ឲ្យ​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន។

មតិ​យោបល់​ផ្សេង​ទៀត

ការ​ត្រួត​ពិនិត្យ

– ត្រួត​ពិនិត្យ​ សេរ៉ូមអេឡិចត្រូលីត ឲ្យ​បាន​ទៀង​ទាត់។
– ត្រួតពិនិត្យ​ មុខងារ​តម្រងនោម​ អំឡុង​ពេល ២-៣ សប្តាហ៍​ដំបូង​នៃ​ការ​ព្យាបាល។
– គួរ​ពិនិត្យ​លើ​បរិមាណ​គ្រាប់​ឈាម​ស ឲ្យ​បាន​ទៀង​ទាត់ ​សម្រាប់​អ្នក​ជំងឺ Collagen Vascular ពិសេស​​ បើ​ជំងឺ​នេះ​ទាក់ទង​នឹង​ខ្សោយ​មុខងារ​តម្រង។

ដំបូន្មាន​សម្រាប់​អ្នក​ជំងឺ

– ​ត្រូវ​ប្រាប់​អ្នក​ជំងឺ​ឲ្យ​រាយការណ៍​ភ្លាមៗ​ពីសញ្ញា ឬ​រោគសញ្ញា អាលែកហ្ស៊ី (Angioedema) ដូចជា ពិបាក​ដក​ដង្ហើម ហើម​មុខ​ ភ្នែក ឬ​អណ្ដាត ហើយ​ត្រូវ​ឈប់​ប្រើថ្នាំ​នេះ ទាល់​តែ​មាន​ការ​ពិភាក្សា​​ជាមួយ​គ្រូពេទ្យ។

– លើក​ទឹក​ចិត្ត​​ជំងឺ​ឲ្យ​រាយការណ៍ បើ​មាន​អារម្មណ៍​ស្រាល​ក្បាល​ ​អាច​កើត​មាន​ឡើង​អំឡុង​ពេល​ព្យាបាល​ដំបូង ហើយ​ត្រូវ​ឈប់​ប្រើថ្នាំ​នេះ ទាល់តែ​មាន​ការ​ពិភាក្សា​​ជាមួយ​គ្រូពេទ្យ។

– ត្រូវ​ប្រាប់​អ្នក​ជំងឺ​ ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ​បើ​មាន​បែក​ញើស​ខ្លាំង បាត់​បង់ជាតិ​ទឹក ក្អួត​ ឬ​រាក កើតឡើង ធ្វើ​ឲ្យ​បាត់បង់​សារធាតុ​រាវ​ក្នុង​រាងកាយ ជា​ហេតុ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ខ្លាំង។

– ប្រាប់​អ្នក​ជំងឺ ហាម​ប្រើ​ពពួកថ្នាំ​បញ្ចុះ​នោម​ប្រភេទ Potassium-sparing diuretics ថ្នាំបំប៉ន ឬ​អំបិល​មាន​ជាតិ​ប៉ូតាស្យូម ទាំង​មិន​បាន​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

– ប្រាប់​អ្នក​ជំងឺ​ឲ្យ​រាយការណ៍​ភ្លាម​ៗ បើ​មានឆ្លង​រោគ​ណា​មួយ​កើត​ឡើង ដូច​ជា ឈឺក គ្រុន​ក្ដៅ អាច​បណ្ដាល​ជា​សញ្ញា ធ្លាក់​ចុះ​កោសិកា​ឈាម​ស Neutrophile (Neutropenia)។

– ស្រ្តី​ក្នុង​វ័យ​អាច​បង្ក​កំណើត គួរតែ​ត្រូវ​បាន​ប្រាប់​ពី​គ្រោះថ្នាក់​ក្រោយ​ប្រើ​ថ្នាំនេះ ពេល​មាន​ផ្ទៃពោះ ដូចនេះ​ ត្រូវ​ប្រាប់​ទៅអ្នក​ជំងឺ​រាយការណ៍​ ករណី​មាន​គភ៌​ទៅ​គ្រូពេទ្យ​ភ្លាមៗ។

១១- កូន​ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

មិន​ទាន់​មាន​កម្រិត​ប្រើ​សម្រាប់​កុមារ​នៅ​ឡើយ​ទេ ព្រោះ​អាច​គ្មាន​សុវត្ថិភាព សំខាន់​បំផុត​ត្រូវ​ដឹង​អំពី​សុវត្ថិភាព​របស់​ថ្នាំ​មុន​នឹង​ប្រើ ហេតុ​នេះ​សូម​ពិភាក្សា​ជាមួយ​​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

១២- ទម្រង់​ថ្នាំដូច​ម្ដេច​ខ្លះ?

ថ្នាំ Lisinopril + Hydrochlorothiazide នៅ​លើ​ទីផ្សារ​មាន​ទម្រង់​​ សុទ្ធសឹង​សម្រាប់​លេប។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​លេប​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

 

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ HelloHealth Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 23, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 23, 2019