Oseltamivir (ឱសថ Oseltamivir)

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

ឈ្មោះទូទៅ: Oseltamivir (ឱសថ Oseltamivir) ឈ្មោះម៉ាកផលិតផល: Generics only. No brands available.

ស្វែងយល់ពីការប្រើប្រាស់

១- ​ថ្នាំ Oseltamivir ​ប្រើ​ព្យាបាល​ជំងឺ​អ្វីខ្លះ?

Oseltamivir (អូ​សែល​តា​មី​វៀរ) ប្រើ​សម្រាប់​ព្យាបាល​អាការៈ​បណ្តាល​មក​ពី​មេរោគ​ផ្តាសាយ។ រោគ​សញ្ញា​ទាំង​នោះ​មាន​ដូច​ជា តឹង​ច្រមុះ ក្អក ឈឺ​បំពង់​ក ក្តៅ​ញាក់ ឈឺ​តាម​សាច់​ដុំ និង​អស់​កម្លាំង​ជា​ដើម។ ថ្នាំ​នេះ​អាច​ជួយ​ឲ្យ​រោគ​សញ្ញា​ទាំង​នោះ​មិន​សូវ​ធ្ងន់​ធ្ងរ ​ជាសះ​ស្បើយ ​ត្រឹម​តែ ១-២​ ថ្ងៃ

អាច​យក​ថ្នាំ​នេះ​មក​ប្រើ​សម្រាប់​ការ​ពារ​ការ​ឆ្លង​មេរោគ​ផ្តាសាយ បន្ទាប់​ពីយើង​បាន​ប៉ះ​ពាល់​ជាមួយ​អ្នក​ជំងឺ​ផ្តាសាយ ឬ​មាន​ការ​ផ្ទុះ​ឡើង​ជំងឺ​ផ្តាសាយ​ នៅ​តំបន់​យើង​កំពុង​រស់​នៅ។

ថ្នាំ​នេះ​ មាន​ប្រសិទ្ធ​ភាព​​ធ្វើ​ឲ្យ​មេរោគ​ផ្តាសាយ​ មិន​អាច​រីក​លូត​លាស់​បាន។ យ៉ាងណា​ យើង​មិន​អាច​ប្រើ​វា​ជំនួស​វ៉ាក់​សាំង​ជំងឺ​ផ្តាសាយ​បាន​ឡើយ។

២- គេប្រើ​ប្រាស់​យ៉ាងម៉េច​ខ្លះ?

អាច​លេប​ជា​មួយ​អាហារ ឬ​លេប​នៅ​ពេល​ពោះ​ទទេ​ក៏​បាន​ដែរ។ ប៉ុន្តែ​​គួរ​ ​លេប​ថ្នាំ​ជាមួយ​អាហារ ឬ​ទឹក​ដោះ​គោ​ដើម្បី​បង្ការ​ឈឺ​ក្រពះ។ លេប​ថ្នាំ​នេះ​ឲ្យ​បាន​លឿន បន្ទាប់​ពី​មាន​រោគ​សញ្ញា​ផ្តាសាយ ឬ​ក្រោយ​ពេលប៉ះ​ពាល់​ជាមួយ​អ្នក​កើត​ជំងឺ​ផ្តាសាយ។ ថ្នាំ Oseltamivir (អូសែលតាមីវៀរ) មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ពេល​យើង​លេប​នៅ​អំឡុង​ ២​ថ្ងៃ ​ដំបូង​ក្រោយ​កើត​ជំងឺ​នេះ។

បើផ្តាសាយ ​អាច​លេប​ថ្នាំ Oseltamivir (អូសែលតាមីវៀរ) តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ ជា​ទូ​ទៅ​​ត្រូវ​លេប​មួយ​ថ្ងៃ ២​ដង ​រយៈ​ពេល ៥ ថ្ងៃ។

ដើម្បី​ការ​ពារ​មេរោគ​ផ្តាសាយ អាច​លេប​ថ្នាំ Oseltamivir (អូសែលតាមីវៀរ) តាម​ការ​ណែ​នាំ​ពី​គ្រូពេទ្យ ជា​ទូ​ទៅ​គួរ​លេប​មួយ​ថ្ងៃ ១​ដង ឲ្យ​បាន​យ៉ាង​តិច ១០​ថ្ងៃ។ ត្រូវ​ស្តាប់​តាម​ការ​ណែ​នាំ​ ពី​រយៈ​ពេល​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

កម្រិត​របស់​ថ្នាំ ​អាស្រ័យ​លើ​ស្ថាន​ភាព​ជំងឺ​ មុខ​ងារតម្រង​នោម និង​អាស្រ័យ​លើការ​​ឆ្លើយ​តប​ពី​រាងកាយ​យើង​ទៅ​នឹង​ឥទ្ធិពល​របស់​ថ្នាំ​ដូចគ្នា។ សម្រាប់​កូន​ក្មេង កម្រិត​ប្រើ​ថ្នាំអាស្រ័យ​លើ​ទម្ងន់។

បើ​មិន​អាច​លេប​គ្រាប់​ថ្នាំ​ទាំង​មូល​បាន អាច​សុំ​​​ថ្នាំ​ Oseltamivir (អូសែលតាមីវៀរ) ប្រភេទ​ទឹក​ពី​គ្រូពេទ្យ ឬ​​ឱសថការី។ ករណី​គ្រូពេទ្យ​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​ប្រើ​ថ្នាំ​ទឹក ប៉ុន្តែ​​រក​ទិញ​ថ្នាំ​ទឹក​មិន​បាន ​ត្រូវ​យក​គ្រាប់​ថ្នាំកិន​លាយ​ជា​មួយ​ទឹក ​លាយឲ្យ​សព្វ និងផឹកចូល​ទាំង​អស់។

ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ នៅ​ពេល​យើង​រក្សា​​កម្រិត​ជាតិ​ថ្នាំក្នុង​ខ្លួន​មាន​ស្ថេរភាព។ ​ត្រូវ​លេប​ឲ្យ​ទៀង​ទាត់ និង​បន្ត​លេប​ឲ្យ​គ្រប់​តាម​វេជ្ជ​បញ្ជា​របស់​គ្រូពេទ្យ ព្រោះ​បើ​ឈប់​លេប​ថ្នាំ​មុន​ពេល​កំណត់ ​មេរោគ​អាច​នៅ​បន្ត​លូត​លាស់ ​ធ្វើ​

ឲ្យ​យើង​ឈឺ​ម្តង​ទៀត ឬ​មិន​អាច​ការ​ពារ ករណីរីក​រាល​ដាល​​មេរោគ​ផ្តាសាត​បាន។
ត្រូវ​ប្រញាប់​ប្រាប់​គ្រូពេទ្យ បើ​ស្ថាន​ភាពនៅ​តែ​ដដែល ឬ​កាន់​តែ​ធ្ងន់ធ្ងរ ​មាន​រោគ​សញ្ញា​​ថ្មី​កើត​ឡើង។

៣- គួរ​រក្សា​ទុក​វិធី​ណា?

ត្រូវ​រក្សា​ទុក​ថ្នាំ Oseltamivir (អូសែលតាមីវៀរ) ​កន្លែង​មាន​សីតុណ្ហាភាព​ល្មម មិន​ត្រូវ​ទុក​កន្លែង​មាន​សំណើម ឬ​ក្តៅ​ខ្លាំង​នោះ​ទេ។ ​អាច​រក្សា​​ទុក​ថ្នាំ​ប្រភេទ​ទឹក​ក្នុង​ទូរ​ទឹក​កក​បាន ប៉ុន្តែ​មិន​ត្រូវ​ដាក់​វា​ឲ្យ​កក​​ឡើយ។ ត្រូវ​បោះ​ថ្នាំ​ទឹក​ចោល ក្រោយ​ឈប់​ប្រើ​រយៈ​ពេល ១៧ ​ថ្ងៃ។ ​ថ្នាំ​ទឹក​អាច​រក្សា​ក្នុង​បន្ទប់​ត្រជាក់ បាន​រហូត​ដល់ ១០​ ថ្ងៃ។

ថ្នាំ​​ Oseltamivir (អូសែលតាមីវៀរ) មាន​របៀប​រក្សា​ទុក​ខុស​គ្នា​ទៅ​តាម​ការ​ផលិត​របស់​ក្រុម​ហ៊ុន​នីមួយ​ៗ។​ ត្រូវ​អាន​ការ​ណែនាំ​របៀប​រក្សា​ទុក​ថ្នាំ ​ឬ​សាក​សួរ​ឱសថ​ការី​អំពី​បញ្ហា​នេះ។ ​មិន​ត្រូវ​ទុក​ថ្នាំ​នៅ​ជិត​ក្មេង​ ឬ​សត្វ​ចិញ្ចឹម​ជា​ដាច់​ខាត។

ត្រូវ​ចាក់​ថ្នាំ​ចោល​ចូល​​ក្នុង​ចាន​បង្គន់ ​ឬ​បំពង់​​បង្ហូរ ចោល​ថ្នាំ​ហួស​សុពលភាព ​ឬ​ថ្នាំ​ឈប់​ប្រើ​ប្រាស់នៅ​កន្លែង​មាន​សុវត្ថិភាព។​ ត្រូវ​ពិភាក្សា​​ជាមួយ​ឱសថការី ​ដើម្បី​ដឹង​ឲ្យបាន​​ច្បាស់វិធីបោះ​ចោលថ្នាំ​​ត្រឹម​ត្រូវ។

កត្តាគួរប្រុងប្រយ័ត្ន

៤- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ប្រើ?

មុន​ពេល​ប្រើ​ថ្នាំ Oseltamivir ​ត្រូវ​ប្រាប់​គ្រូពេទ្យ ឬ​ឱសថ​ការី បើ​យើង​មាន​ប្រតិកម្ម​​ជា​មួយ​ថ្នាំ​នេះ ឬ​មាន​ប្រ​តិកម្ម​ជា​មួយ​អ្វី​ផ្សេង​ទៀត។ ថ្នាំ​​ប្រ​ភេទ​នេះ​ អាច​មាន​ផ្ទុក​សារធាតុ​ផ្សំ​ផ្សេង​ទៀត (Inactive Incredients) ដូច​នេះ​អាច​បង្ក​ទៅ​ជា​អាលែកហ្ស៊ី ឬ​បញ្ហា​ផ្សេងៗ។ គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹងពី​ពត៌​មាន​បន្ថែម។

មុន​ប្រើ​ថ្នាំ ​ត្រូវ​ប្រាប់​គ្រូពេទ្យ​ បើ​ធ្លាប់​មាន​ជំងឺ​ពី​មុន ពិសេស​ជំងឺ​តម្រង​នោម (តម្រូវ​លាង​ឈាម)។

មុន​ពេល​វះ​កាត់ ​ត្រូវ​ប្រាប់​គ្រូពេទ្យវះ​កាត់ ឬ​គ្រូពេទ្យ​ធ្មេញ រាល់​ថ្នាំ​កំពុង​ប្រើ​ប្រាស់ ទោះ​មាន​ ឬគ្មាន​វេជ្ជ​បញ្ជា ទោះជា​​ឱសថ​បុរាណ​ក៏​ដោយ។

អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ​អាច​ប្រើ​ថ្នាំ​ក្នុង​ពេល​ចាំ​បាច់​ប៉ុណ្ណោះ ត្រូវ​ពិភាក្សា​​ជា​មួយ​គ្រូពេទ្យពី​គ្រោះ​ថ្នាក់ និង​ផល​ប្រយោជន៍​របស់​ថ្នាំ។

ថ្នាំ​នេះ​អាច​ឆ្លង​កាត់​តាម​ទឹក​ដោះ​បាន ប៉ុន្តែ​វា​មិន​ប៉ះ​ពាល់បេប៊ីក្នុង​ផ្ទៃ​ឡើយ។ យ៉ាង​ណា ​គួរ​​ពិភាក្សា​ជាមួយ​គ្រូពេទ្យ មុន​ពេល​បំបៅ​ដោះ​បេប៊ី។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​កំពុង​ពពោះ និង​បំបៅ​ដោះ​កូន​​ទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ Metformine ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​កូន។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជី​ថ្នាំ​គ្រោះថ្នាក់​កម្រិត C សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​៖

– A = គ្មាន​គ្រោះថ្នាក់
– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន
– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ
– D = មាន​ភស្តុតាងជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់
– X = ហាម​ប្រើ
– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខានមាន​អ្វី​ខ្លះ?

ក្អួត និង​ចង្អោរ​អាច​កើត​ឡើង​បន្ទាប់​ពី​ប្រើ​ប្រាស់​ថ្នាំនេះ។ ប៉ុន្តែ​បើ​អាការៈ​ទាំង​នេះ​ មិន​បាត់​ទៅ​វិញ ឬ​កាន់​តែ​ធ្ងន់​ធ្ងរ ​ត្រូវ​ប្រញាប់​ប្រាប់​គ្រូពេទ្យ ឬ​ឱសថ​ការីឲ្យ​បាន​លឿន។

ត្រូវ​ដឹង​ថា​មូល​ហេតុ​​គ្រូពេទ្យ​ឲ្យ​យើង​ប្រើ​ថ្នាំ​នេះ គឺ​ដោយ​សារ​ពេទ្យ​ដឹង​ថាមាន​ផល​ប្រយោជន៍​ ​ច្រើន​ជាង​គ្រោះ​ថ្នាក់។ មាន​មនុស្ស​ជា​ច្រើន​ពេល​ប្រើ​ថ្នាំ​នេះ​ មិន​មាន​បញ្ហា​អ្វី​ធំដុំ​កើត​ឡើង​នោះ​ទេ។

ករណី​កម្រ ជំងឺ​ផ្តាសាយ ឬ​ថ្នាំ Oseltamivir អាច​បណ្តាល​ឲ្យ​មាន​បម្រែ​បម្រួល ​សតិ​អារម្មណ៍​ ភាគ​ច្រើន​​កើត​ឡើង​លើ​ក្មេងៗ។ ត្រូវ​ប្រញាប់​ប្រាប់​​គ្រូពេទ្យ បើ​​ឃើញ​មាន​រោគ​សញ្ញា​ប្រែប្រួល​អាកប្បកិរិយា ​ដូច​ជា វង្វេង​វង្វាន់ គិត​ច្រើន​ នៅ​មិន​សុខ ឬ​ធ្វើ​បាប​ខ្លួន​ឯង​ជា​ដើម។

ថ្នាំ​នេះ​មិន​ងាយ​បណ្តាល​ឲ្យ​កើត​អាលែក​ហ្ស៊ី​ធ្ងន់​ធ្ងរ​ទេ។ យ៉ាងណា​ ត្រូវ​ប្រញាប់​ទៅ​មន្ទី​ពេទ្យ បើ​លេច​ចេញ​រោគ​សញ្ញា​ប្រតិកម្ម​ធ្ងន់​ធ្ងរ ​ដូច​ជាឡើង​កន្ទួល​រមាស់ ពិសេស​នៅ​លើ​មុខ អណ្តាត និង​បំពង់​ក វិល​មុខ​ខ្លាំង ឬ​ពិបាក​ដក​ដង្ហើម។

មនុស្ស​ម្នាក់ៗ​មិន​ប្រាកដ​ថា​ មាន​ផល​រំខាន​ដូចគ្នាទាំង​អស់ទេ។ នៅមាន​ផល​រំខាន​ជា​ច្រើន​ទៀត​ ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ ហេតុនេះ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ បើ​នៅ​មានចម្ងល់​ជុំ​វិញ​ផល​រំខាន​ថ្នាំ​មួយ។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្ម​​ថ្នាំ​

ត្រូវ​ប្រាប់​គ្រូពេទ្យ ​បើ​ទើប​បន្តក់​ថ្នាំ​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​ផ្តាសាយ​តាម​ច្រមុះ ២ ​សប្តាហ៍ មុន​ពេលចាប់​ផ្តើម​ប្រើ ព្រោះ​អាច​ធ្វើ​ឲ្យ​ប្រសិទ្ធ​ភាព​ការពារ​របស់​វ៉ាក់​សាំង​បន្តក់​ក្នុង​ច្រមុះ​​ថយ​ចុះ។ ត្រូវ​រង់​ចាំ​ឲ្យ​បាន​យ៉ាង​តិច ២​ថ្ងៃ ​ក្រោយ​ឈប់​ប្រើ​ថ្នាំ ទើប​អាច​បន្តក់​វ៉ាក់​សាំង​តាម​ច្រមុះ​បាន។

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាព​ថ្នាំ Oseltamivir ធ្វើ​ឲ្យ​ប្រសិទ្ឋ​ភាព​ថ្នាំ​ថយ​ចុះ ​​ឬ​​​បង្កើត​​ផល​ប៉ះ​ពាល់កាន់​តែ​ច្រើន។ ដើម្បី​ជៀស​វាង​ប្រតិកម្ម​ទាំង​អស់​នេះ​ ​គួរ​តែ​ធ្វើ​ការ​កត់​ចំណាំ​រាល់​ថ្នាំ​ទាំង​អស់​​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជ​បញ្ជា ​ទោះជា​ប្រភេទ​ថ្នាំ​ឱសថ​បុរាណ ហើយ​យក​ថ្នាំ​ទាំង​អស់​នោះទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

ដើម្បី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់ មិន​ត្រូវ​ចាប់​ផ្តើម​ បញ្ឈប់​ ឬ​ប្តូរ​កម្រិត​ ថ្នាំ​ដោយ​មិន​មាន​​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ​​ឡើយ។

៨- អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង
អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ​ប្រែ​ប្រួល។ អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​បង្ក​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ​ហេតុនេះ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថការី ​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ ​និង​គ្រឿង​ស្រវឹង​ទាំង​នោះ ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព

ថ្នាំ Oseltamivir អាច​មាន​ប្រតិកម្ម​​ប៉ះ​ពាល់​ជាមួយ​​​បញ្ហា​សុខ​​ភាពយើង។ ប្រតិកម្ម​នេះ​អាច​ធ្វើ​ឲ្យ​សុខ​ភាព​កាន់​តែ​ដុនដាប ​ឬ​​ធ្វើ​ឲ្យ​ប្រសិទ្ឋ​ភាព​​ថ្នាំ​ធ្លាក់​ចុះ។ អ្វី​យើង​ត្រូវ​ធ្វើ​ ប្រាប់​រាល់​បញ្ហា​សុខ​ភាព​ទាំង​អស់​ទៅ​កាន់​គ្រូ​ពេទ្យ ​ឬ​ឱសថការី។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើកម្រិតណា?

ព្យាបាល​ជំងឺ​ផ្តាសាយ

– លេប ៧៥​មីល្លីក្រាម ២​ ដង/​ថ្ងៃ លេប​រយៈ​ពេល ៥ ថ្ងៃ។
– ហេតុផល​ប្រើ​ប្រាស់ ដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ​ស្រួច​ស្រាវ ​សម្រាប់​អ្នកជំងឺ​ទើប​កើត​មាន​រោគ​សញ្ញា​​អំឡុង​ពេល ៤៨​ម៉ោង ប៉ុន្តែ​មិន​ទាន់​មាន​ផល​វិបាក។

ការពារ​ជំងឺ​ផ្តាសាយ

– បន្ទាប់​ពី​បាន​ប៉ះ​ពាល់​ជា​មួយ​អ្នក​កើត​ផ្តាសាយ ត្រូវលេប ៧៥ មិល្លីក្រាម/​ដង/ថ្ងៃ លេប​រយៈ​ពេល ១០ ថ្ងៃ។
– ពេល​មាន​ជំងឺ​ផ្តាសាយ​ផ្ទុះ​ឡើង​ក្នុង​តំបន់​យើង​កំពុង​រង់នៅ ត្រូវ​លេប ៧៥ មិល្លីក្រាម/​ដង/ថ្ងៃ។

មតិ​ណែ​នាំ

– ព្យាបាល​គួរ​តែ​ចាប់​ផ្តើម​អំឡុង​ពេល ៤៨​ម៉ោង ក្រោយ​ប៉ះ​ពាល់​ជា​មួយ​មេរោគ។
– ប្រសិទ្ធ​ភាព និង​សុវត្ថិភាព​ ឃើញ​មាន​រហូត​ដល់ ៦​សប្តាហ៍ ​លើ​អ្នក​ជំងឺមាន​​ប្រព័ន្ធភាព​ស៊ាំ​ល្អ។ រយៈ​ពេល​អាច​ការ​ពារ​ពី​មេរោគ គឺ​​យូរ​ទៅ​តាម​ការ​បន្ត​ប្រើ​ប្រាស់។
– សុវត្ថិ​ភាព​ប្រើ​ប្រាស់​រហូត​​ដល់​ ១២​សប្តាហ៍ សម្រាប់​គ្នា​យើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ។

កម្រិត​ថ្នាំ​តម្រូវ​តាម​ស្ថាន​ភាព​តម្រង​នោម

ព្យាបាល​ជំងឺ​ផ្តា​សាយ៖

– តម្រង​នោម​ខ្សោយ​មុខ​ងារ​បន្តិច​បន្តួច (CrCl ធំ​ជាង ៦០-៩០ ​មិល្លី​លីត្រ​/នាទី) លេប ៧៥​មីល្លីក្រាម ២ ដង/​ថ្ងៃ។
– តម្រង​នោម​ខ្សោយ​មុខ​ងារ​មធ្យម (CrCl ធំ​ជាង ៣០-៦០​ មិល្លី​លីត្រ​/​នាទី) លេប ៣០​មីល្លីក្រាម ២​ ដង/​ថ្ងៃ។
– តម្រង​នោម​ខ្សោយ​មុខ​ងារ​ខ្លាំង (CrCl ធំ​ជាង ១០-៣០​ មិល្លី​លីត្រ​ក្នុង​មួយ​នាទី) លេប ៣០​មីល្លីក្រាម ១​ ដង/​ថ្ងៃ។
– អ្នក​ជំងឺ ESRD (ជំងឺ​ខូច​តម្រង​នោម​ដំណាក់​កាល​ចុង​ក្រោយ) មិន​ទាន់​លាង​ឈាម (CrCl ១០ មិល្លីលីត្រ​/នាទី ឬ​តិច​ជាង​នេះ) មិនត្រូវ​បាន​ណែនាំឲ្យ​ប្រើ​​ឡើយ។
– រយៈ​ពេល​ប្រើ​ប្រាស់​ថ្នាំ​ ៥ ​ថ្ងៃ។

ការ​ពារ​ជំងឺ​ផ្តាសាយ៖

– តម្រង​នោម​ខ្សោយ​មុខ​ងារ​បន្តិច​បន្តួច (CrCl ធំ​ជាង ៦០-៩០ ​មិល្លី​លីត្រ​/​នាទី) លេប ៧៥​មីល្លីក្រាម ១ ​ដង/ថ្ងៃ។
– តម្រង​នោម​ខ្សោយ​មុខ​ងារ​មធ្យម (CrCl ធំ​ជាង ៣០-៦០​ មិល្លី​លីត្រ​/នាទី) លេប ៣០​មីល្លីក្រាម ១ ​ដង/ថ្ងៃងៃ។
– តម្រង​នោម​ខ្សោយ​មុខ​ងារ​ខ្លាំង (CrCl ធំ​ជាង ១០-៣០​ មីល្លី​លីត្រ​/នាទី) លេប ៣០​មីល្លីក្រាម ១ ​ដង/ថ្ងៃ។
– អ្នក​ជំងឺ ESRD (ជំងឺ​ខូច​តម្រង​នោម​ដំណាក់​កាល​ចុង​ក្រោយ) មិន​ទាន់​លាង​ឈាម (CrCl ១០ មិល្លី​លីត្រ​ក្នុង​មួយ​នាទី ឬ​តិច​ជាង​នេះ) មិនត្រូវ​បាន​ណែនាំឲ្យ​ប្រើ​​ឡើយ។
– រយៈ​ពេល​ប្រើ​ប្រាស់​ថ្នាំការ​ពារ​ជំងឺ​ផ្តាសាយ ​អាច​ប្រើ​ដូចអ្នក​ជំងឺ​មាន​តម្រង​នោម​ធម្មតា​បាន។

កម្រិត​ថ្នាំ​តម្រូវ​តាម​ស្ថាន​ភាព​ថ្លើម

ថ្លើម​ខ្សោយ​មុខ​ងារ​បន្តិច​បន្តួច (ពិន្ទុ Child-Pugh បាន ៩ ឬ​តិច​ជាង​នេះ) មិន​បាច់​តម្រូវ​កម្រិត​ប្រើ​ថ្នាំ​ឡើយ។

អ្នក​ជំងឺ​លាង​ឈាម​ដោយ​សារ​ខូច​តម្រង​នោម

ព្យាបាល​ជំងឺ​ផ្តាសាយ៖

– ESRD លើ​ការ​លាង​ឈាម (CrCl ១០ មីល្លី​លីត្រ​/​នាទី ឬ​តិច​ជាង​នេះ) លេប ៣០​មីល្លីក្រាម បន្ទាប់​ពី​ការ​លាង​ឈាម​ម្តងៗ។
– ESRD លើ​លាង​ឈាម​តាម CAPD (Continuous ambulatory peritoneal dialysis) (CrCl ១០ មីល្លី​លីត្រ​/​នាទី ឬ​តិច​ជាង​នេះ) លេប ៣០​មីល្លីក្រាម បន្ទាប់​ពី​លាង​ឈាម​រួច។

អំឡុង​ពេល​ព្យាបាល៖ មិន​ត្រូវ​ប្រើ​លើស​ពី ៥​ថ្ងៃ ហើយសន្មត់​ថាគ្រូពេទ្យ​លាង​ឈាម​ឲ្យ​អ្នក​ជំងឺ ៣​ដង ក្នុង​រយៈ​ពេល ៥ ​ថ្ងៃ។

ការ​ណែ​នាំ៖

អាច​ចាប់​ផ្តើម​ការ​ព្យា​បាល​ឲ្យ​បាន​លឿន បន្ទាប់​ពី​ចេញ​រោគ​សញ្ញា​នៅ​អំឡុង​ពេល ៤៨​ម៉ោង​ ចន្លោះ​ពេល​លាង​ឈាម។ ប៉ុន្តែ​ទោះ​យ៉ាង​ណា ​ត្រូវ​បន្ត​ប្រើ​កម្រិត​ថ្នាំ បន្ទាប់​ពី​លាង​ឈាម ក្រោយ​ប្រើ​កម្រិត​ថ្នាំ​ដំបូង​រួច។

ការ​ពារ​ជំងឺ​ផ្តាសាយ៖

– ESRD លើ​ការ​លាង​ឈាម (CrCl ១០ មិល្លី​លីត្រ​/​នាទី ឬ​តិច​ជាង​នេះ) លេប ៣០​មីល្លីក្រាម បន្ទាប់​ពី​ការ​លាង​ឈាម​ម្តងៗ។
– ESRD លើ​ការ​លាង​ឈាម​តាម CAPD (CrCl ១០មិល្លី​លីត្រ​/​នាទី ឬ​តិច​ជាង​នេះ) លេប ៣០​ មីល្លីក្រាម ១ ដង/សប្តាហ៍​បន្ទាប់​ពី​លាង​ឈាម​រួច។
– រយៈ​ពេល​ប្រើ​ថ្នាំ​សម្រាប់​ការ​ពារ ​អាច​ប្រើ​ថ្នាំ​ក្នុង​រយៈ​ពេល​ដូច​​អ្នក​ជំងឺ​មាន​តម្រង​នោម​ធម្មតា​បាន។
– អាច​ប្រើ​ថ្នាំ​លើក​ដំបូង មុន​ពេល​លាង​ឈាម​បាន។

ការ​ណែ​នាំ​ផ្សេង​ទៀត

ដំបូន្មាន​ប្រើ​ប្រាស់​ថ្នាំ៖

– អាច​ចាប់​ផ្តើម​ប្រើ​ថ្នាំ​នៅ​រយៈ​ពេល ៤៨​ម៉ោង ​ពេល​ឃើញ​រោគ​សញ្ញា​ផ្តាសាយ ឬ​បន្ទាប់​ពី​បាន​ប៉ះ​ពាល់​ជា​មួយ​អ្នក​កើត​ផ្តាសាយ។
– អាច​ចាប់​ផ្តើម​ប្រើ​ថ្នាំ​ដោយ​មិន​ចាំ​បាច់​ខ្វល់អំពី​រឿង​អាហារ​ ប៉ុន្តែ​ពេល​លេប​ថ្នាំ​ជា​មួយ​អាហារ​ អ្នក​ជំងឺ​អាច​ទ្រាំ​ទ្រ​ជា​មួយ​ថ្នាំ​បាន​ល្អ​ជាង។
– ជំងឺ​មិន​អាច​លេប​ថ្នាំ​គ្រាប់​បាន គួរ​តែ​ប្រើ​ថ្នាំ​ទឹក ​គួរ​យក​ប្រដាប់​វាស់​កម្រិត​ថ្នាំ មក​វាស់​ជា​មីល្លី​លីត្រ​សម្រាប់​ផឹក។
– ត្រូវ​ក្រឡុក​ថ្នាំ​ទឹក​ឲ្យ​បាន​សព្វ​មុន​ពេល​ប្រើ ត្រូវ​បោះ​ថ្នាំនៅ​សល់​ចោល បន្ទាប់​ពី​ព្យាបាល​រួច។
– ពិភាក្សា​ជា​មួយ​គ្រូពេទ្យ ក្នុង​ករណី​ភ្លេច​លេប​ថ្នាំ ឬ​កម្រិត​ថ្នាំ​មិន​គ្រប់។

របៀប​រក្សា​ថ្នាំ​ទុក៖

– ថ្នាំ​ទឹក៖ អាច​​រក្សា​ក្នុង​ទូរ​ទឹក​កក​ រហូត​ដល់ ១៧​ថ្ងៃ ​ក្នុង​សី​តុណ្ហ​ភាព ២-៨ ​អង្សា​សេ មិន​ត្រូវ​ដាក់​ថ្នាំ​នេះ​ឲ្យ​កក​ជា​ដាច់​ខាត អាច​ទុក​រហូត​ដល់ ១០​ថ្ងៃ ក្នុង​បន្ទប់​មាន​សីតុណ្ហ​ភាព​ល្មម (២៥​អង្សា​សេ ឬ​ចន្លោះ​សីតុណ្ហភា​ពពី ១៥-៣០ អង្សារ)។

– ថ្នាំ​ទឹក​ទុក​ប្រើ​ពេល​បន្ទាន់៖ អាច​ទុក​ក្នុង​ទូរ​ទឹក​កក​​រហូត​ដល់ ៣៥​ថ្ងៃ បើ ​ដាក់​សី​តុណ្ហ​ភាព ២- ៨ អង្សា​សេ ឬ​អាច​ទុក​បាន ៥​ថ្ងៃ បើ​ដាក់​ក្នុងសី​តុណ្ហ​ភាព ២៥ ​អង្សា​សេ។

របៀប​ប្រើ​ថ្នាំ​សារ​ជា​ថ្មី និង​ការ​រៀប​ចំ៖

– គួរ​តែ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ ​អំពី​ព័ត៌​មាន​ទាក់​ទង​ជា​មួយ​ការ​រៀប​ចំ​ប្រើ​ថ្នាំ​ទឹក។ គ្រូ​ពេទ្យ​គួរ​តែ​ណែ​នាំ​របៀប​ប្រើ​ដល់​អ្នក​ជំងឺ មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ។
– ​បើ​គ្មាន​ថ្នាំ​ទឹក​ទេ៖ គួរ​បើក​គ្រាប់​ថ្នាំ ហើយ​យក​វា​មក​លាយ​ជា​មួយ​ទឹក។
– បើ​កម្រិត​ថ្នាំ​​គ្រាប់​​មិន​គ្រប់​លាយ​ជាមួយ​ទឹក​ទេ​នោះ៖ គេ​អាច​យក​ថ្នាំ​គ្រាប់ ៧៥​មីល្លីក្រាម មក​លាយ​ជា​មួយ​ទឹក។

ក្នុង​ករណី​បន្ទាន់៖

សិន​បើ​មិន​មាន​ថ្នាំ​ទឹក​ទេ ​ដើម្បី​លាយ​ថ្នាំ​ទឹក​ត្រូវ​ប្រើ​នៅ​ពេល​បន្ទាន់ (កម្រិត ៦ ​មិល្លី​ក្រាម/​មិល្លីលីត្រ) សម្រាប់​អ្នក​ជំងឺ​ម្នាក់ ព្យាបាល​រយៈពេល​ ៥ថ្ងៃ ឬ​សម្រាប់​ការពារ​រយៈពេល ១០​ថ្ងៃ ដោយ​អាច​លាយ​ចេញ​ពី​ថ្នាំ​គ្រាប់​កាប់ស៊ូល​ កម្រិត ​៧៥​មីល្លីក្រាម តាម​វិធី​ខាងក្រោម៖

ត្រូវ​កំណត់​កម្រិត​ថ្នាំ Oseltamivir សម្រាប់​អ្នក​ជំងឺ បន្ទាប់​មក​ត្រូវ​កំណត់​កម្រិត​ថ្នាំ​ទឹក ​ត្រូវបង្កើត។ បើ​កម្រិត​ប្រើ​ថ្នាំ​ស្ថិត​ក្នុង​តារាង​កម្រិត​ថ្នាំ​ដូច​ខាង​ក្រោម ​អាច​យក​កម្រិត​ថ្នាំ​ សរុប​ដូច​ក្នុង​តារាង​នេះ​មក​ប្រើ​បាន៖

– កម្រិត​ថ្នាំ ១៥​ មិល្លីក្រាម ឬ​តិច​ជាង​នេះ៖ ស្មើ​នឹង​កម្រិត​ថ្នាំ​ទឹក​សរុប ៣៧,៥​ មិលី្លលីត្រ។
– កម្រិត​ថ្នាំ ៣០​ មិល្លីក្រាម ស្មើ​នឹង​កម្រិត​ថ្នាំ ទឹក​សរុប ៧​៥​ មិលី្លលីត្រ។
– កម្រិត​ថ្នាំ ៤៥​ មិល្លីក្រាម ស្មើ​នឹង​កម្រិត​ថ្នាំទឹក​សរុប ១០០​​​ មិលី្លលីត្។
– កម្រិត​ថ្នាំ ៦០​ មិល្លីក្រាម៖ ស្មើ​នឹង​កម្រិត​ថ្នាំ ទឹក​សរុប ១២​៥​​ មិលី្លលីត្រ។
– កម្រិត​ថ្នាំ ៧៥​ មិល្លីក្រាម៖ ស្មើ​នឹង​កម្រិត​ថ្នាំ ទឹក​សរុប ១​៥០​​ មិលី្លលីត្រ។

កំណត់​កម្រិត​ថ្នាំ​គ្រាប់ ៧៥​មិល្លីក្រាម កម្រិត​ទឹក​ និងទឹក​សេរ៉ូ​ផ្អែម​ ចាំ​បាច់​ក្នុង​ការ​បង្កើត​កម្រិត​ទឹក​ថ្នាំ ៦​មិល្លីក្រាម​/មិលី្លលីត្រ។

– កម្រិត​ទឹក​ថ្នាំ​សរុប ៣៧,៥​ ​ មិលី្លលីត្រ ស្មើថ្នាំ​គ្រាប់ ៣​គ្រាប់ (២២៥​មិល្លីក្រាម) បូក​ជា​មួយ​ទឹក ២,៥​ មិលី្លលីត្រ បូក​ជា​មួយ ទឹក​សេរ៉ូ​ផ្អែម​ ៣៤,៥ មិលី្លលីត្រ។
– កម្រិត​ទឹក​ថ្នាំ​សរុប ៧៥​ មិលី្លលីត្រ ស្មើថ្នាំ​គ្រាប់ ៦​គ្រាប់ (៤៥០​មិល្លីក្រាម) បូក​ជា​មួយ​ទឹក ៥​មិលី្លលីត្រ បូក​ជា​មួយ ទឹក​សេរ៉ូ​ផ្អែម​ ៦៩ មិលី្លលីត្រ។
– កម្រិត​ទឹក​ថ្នាំ​សរុប ១០០ មិលី្លលីត្រ ស្មើថ្នាំ​គ្រាប់ ១០​គ្រាប់ (៦០០​មិល្លីក្រាម) បូក​ជា​មួយ​ទឹក ៧​មិលី្លលីត្រ បូក​ជា​មួយ ទឹក​សេរ៉ូ​ផ្អែម​ ៩១ មិលី្លលីត្រ។
– កម្រិត​ទឹក​ថ្នាំ​សរុប ១២៥​ មិលី្លលីត្រ ស្មើថ្នាំ​គ្រាប់ ១០​គ្រាប់ (៧៥០​មិល្លីក្រាម) បូក​ជា​មួយ​ទឹក ៨​មិលី្លលីត្រ បូក​ជា​មួយ ទឹក​សេរ៉ូ​ផ្អែម​ ១១៥ មិលី្លលីត្រ។
– កម្រិត​ទឹក​ថ្នាំ​សរុប ១៥០​មិលី្លលីត្រ ស្មើថ្នាំ​គ្រាប់ ១២​គ្រាប់ (៩០០​មិល្លីក្រាម) បូក​ជា​មួយ​ទឹក ១០​មិលី្លលីត្រ បូក​ជា​មួយ ទឹក​សេរ៉ូ​ផ្អែម​ ១៣៧​ មិលី្លលីត្រ។

​ត្រូវ​ធ្វើ​តាម​វិធី​ខាង​ក្រោម ដើម្បី​ផលិត​ទឹក​ថ្នាំ ៦​មិល្លីក្រាម​/មិលី្លលីត្រ យក​ចេញ​ពី​ថ្នាំ​គ្រាប់ ៧៥ ​មិល្លីក្រាម៖

– ត្រូវ​ដាក់​ទឹក​ឲ្យ​ត្រូវ​តាម​​តម្រូវ​ការ ទៅ​ក្នុងដប​ជ័រ (PET) ឬ​ដប​កែវ។
– ដក​សំបក​ថ្នាំ​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​ដាក់​កម្ទេច​ថ្នាំ ៧៥​មិល្លីក្រាម​ ចូល​ក្នុងដប​ជ័រ (PET) ឬ​ដប​កែវ។
– ត្រូវ​ក្រឡុក​ថ្នាំ​ថ្នម​ៗ ឲ្យ​បាន​យ៉ាង​តិច ២​នាទី ដើម្បី​ឲ្យ​ម្សៅ​ថ្នាំ Oseltamivir ទាំង​នោះ​សើម។
– ត្រូវ​ដាក់​កម្រិត​ទឹក​សេរ៉ូ​ផ្អែម​ចូល​ក្នុង​ល្បាយ​ដោយ​ប្រុង​ប្រយ័ត្ន។
– ត្រូវ​បិទ​គម្រប​ដប ហើយ​ក្រឡុក​ឲ្យ​សព្វ​ឲ្យ​បាន ៣០​វិនា​ទី ដើម្បី​ឲ្យ​ម្សៅ​ថ្នាំ​ទាំង​នោះ​រលាយ​អស់ និង​ដើម្បី​ទទួល​បាន​ល្បាយ​ថ្នាំ​ស្មើ​សាច់ ហើយ​ថ្នាំ​ដែល​ចេញ​មក ​គឺ​ជា​ថ្នាំ​រលាយ​ក្នុង​ទឹក ប៉ុន្តែ​មាន​សារធាតុ​ផ្សុំ​មួយ​ចំនួន ​មិន​អាច​រលាយ​ក្នុង​ទឹក​បាន​ឡើយ។

ចំណុច​ទូ​ទៅ៖

– មិន​ទាន់​ដឹង​ពី​ប្រសិទ្ធ​ភាព​ថ្នាំ ​ចំពោះ​ការ​ព្យាបាល​ទៅ​លើ​អ្នក​ជំងឺ​ដែល​ចេញ​រោគ​សញ្ញា​ក្រោយ​៤៨​ម៉ោង​ នៅ​ឡើយ​ទេ។
– ថ្នាំ​នេះ​មិន​អាច​ជំនួសការ​ចាក់​វ៉ាក់សាំង​ផ្ដាសាយ​រៀងរាល់​ឆ្នាំ ​ដែល​ណែនាំ​ដោយ​ មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ (CDC) នៅ​សហរដ្ឋ​អាមេរិក​បាន​ទេ។
– មិន​ទាន់​ដឹង​ពី​ប្រសិទ្ធ​ភាព​ថ្នាំ​ទៅ​លើ​ជំងឺ​ផ្ដាសាយ​ បង្ក​ដោយ​ភ្នាក់ងារ​បង្ក​ជំងឺ​ផ្សេង​ទៀត​នៅ​ឡើយ​ ក្រៅ​ពី​វីរុស​ផ្ដាសាយ (influenza virus) ប្រភេទ A និងប្រភេទ B ។
– ដោយ​សារ​វីរុស​ផ្តាសាយ​តែង​តែផ្លាស់​ប្តូរ​ទៅ​តាម​ពេល​វេលា ដូច​នេះ​​ស៊ាំ​ជា​មួយ​ថ្នាំ អាច​កើត​ឡើង ​ធ្វើ​ឲ្យ​ប្រសិទ្ធ​ភាព​​ថ្នាំ​ប្រឆាំង​វីរុស​ធ្លាក់​ចុះ។ ​ត្រូវ​សិក្សា​លើ​ថ្នាំ​​អាច​មាន​ប្រសិទ្ធ​ភាព​ព្យាបាល​ជំងឺ​ផ្តាសាយ មុន​ពេល​សម្រេច​ចិត្ត​ប្រើ​ប្រាស់។
– ​កម្រិត​ជាតិ Sorbitol (សារធាតុធ្វើឲ្យ​ទន់លាមក) ២​ក្រាម ក្នុង​​ថ្នាំ​ទឹក​កម្រិត ៧៥​ មិល្លីក្រាម ដែល​កម្រិត​នេះ​​ច្រើន​លើស​ពី​កម្រិត​អតិ​បរមា លើ​អ្នក​ជំងឺ​ Fructose Intolerance​ ពី​កំណើត។

ការ​តាម​ដាន៖

– សញ្ញា​សតិ​អារម្មណ៍ (Psychiatric)៖ អ្នក​ជំងឺ​ផ្តាសាយ​មាន​រោគ​សញ្ញា​សតិ​មិន​ប្រក្រតី។

១១- កូន​ក្មេង​ត្រូវ​ប្រើ​ថ្នាំនេះ​ក្នុង​កម្រិត​ណា?

កម្រិត​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​ផ្តាសាយ​សម្រាប់​កូន​ក្មេង

អាយុ ២​ សប្តាហ៍ដល់​ក្រោម ១​ ខួប៖ លេប ៣​មិល្លីក្រាម ​ក្នុង​មួយ​គីឡូ ​២ ដង/​ថ្ងៃ។

អាយុ​ពី ១-១២ ឆ្នាំ៖

– មាន​ទម្ងន់ ១៥​គីឡូ ឬ​តិច​ជាង​នេះ លេប ៣០​ មិល្លីក្រាម ២​ ដង/​ថ្ងៃ។
– មាន​ទម្ងន់​ច្រើន​ជាង ១៥-២៣ ​គីឡូ លេប ៤៥​ មិល្លីក្រាម ២​ ដង/​ថ្ងៃ។
– មាន​ទម្ងន់​​ច្រើន​ជាង ២៣​-៤០ ​គីឡូ លេប ៦០​ មិល្លីក្រាម ២​ ដង/​ថ្ងៃ។
– មាន​ទម្ងន់​ច្រើន​ជាង ៤០ ឬ​លើស​ពី​នេះ៖ លេប ៧៥​ មិល្លីក្រាម ​២ ​ដង/​ថ្ងៃ។

អាយុ ១៣​ឆ្នាំ ឬ​លើស​ពី​នេះ លេប ៧៥​ មិល្លីក្រាម ​២ ​ដង/​ថ្ងៃ។

មតិ​ណែ​នាំ៖ សម្រាប់​ក្មេង​អាយុ​តិច​ជាង ១​ឆ្នាំ ​ត្រូវ​មាន​ប្រដាប់​វាស់​កម្រិត​ថ្នាំ​ឲ្យ​បានត្រឹម​ត្រូវ ​គួរឲ្យ​ក្មេង​​ផឹក​ថ្នាំ​ក្នុង​កម្រិត​ទាប​បាន​ហើយ។

ការ​ប្រើ​ប្រាស់៖ សម្រាប់​ព្យាបាល​ជំងឺ​ផ្តាសាយ​ស្រួច​ស្រាវ លើ​អ្នក​ជំងឺ​មាន​រោគ​សញ្ញា​ប៉ុន្តែ​មិន​ទាន់​មាន​ផល​វិបាក មុន​ពេល ៤៨​ ម៉ោង។

ការ​ណែ​នាំ​ស្ថាប័ន CDC នៅ​អាមេរិក និង​វិទ្យាស្ថាន​ជំងឺ​កុមារ (AAP)៖

ទារក​កើត​មិន​គ្រប់​ខែ៖

– អាយុ​រាប់​​ក្រោយ​បាត់​រដូវ​តិច​ជាង ៣៨​សប្តាហ៍ លេប ១​ មិល្លីក្រាម​/​គីឡូ ២​ ដង/​ថ្ងៃ។
– អាយុ​រាប់​​ក្រោយ​បាត់​រដូវ​ចាប់​ពី ៣៨- ៤០​សប្តាហ៍ លេប ១,៥ ​មិល្លីក្រាម/​គីឡូ ២​ ដង​/ថ្ងៃ។
– អាយុ​រាប់​​ក្រោយ​បាត់​រដូវ​ច្រើន​ជាង ៤០​សប្តាហ៍ លេប ៣​ មិល្លីក្រាម​/​គីឡូ ២​ ដង​/ថ្ងៃ។
– ទារក​កើត​គ្រប់​ខែ អាយុ​ ៨​ខែ ឬ​តិច​ជាង​នេះ លេប ៣ ​មិល្លីក្រាម/​គីឡូ ២​ ដង​/ថ្ងៃ។
– ទារក​អាយុ​ចាប់​ពី ៩-១១​ ខែ លេប ៣,៥​ មិល្លីក្រាម​/​គីឡូ ២ ​ដង/​ថ្ងៃ។

ក្មេង​អាយុ ១២​ខែ ឬ​ចាស់​ជាង​នេះ៖

– ទម្ងន់ ១៥​គីឡូ ឬ​តិច​ជាង​នេះ លេប ៣០​មិល្លីក្រាម​ ២​ ដង​/ថ្ងៃ។
– ទម្ងន់​លើស​ពី ១៥-២៣​ គីឡូ លេប ៤៥​មិល្លីក្រាម​ ២​ ដង​/ថ្ងៃ។
– ទម្ងន់​លើស​ពី ២៣-៤០ ​គីឡូ លេប ៦០​មិល្លីក្រាម​២​ ដង​/ថ្ងៃ។
– ទម្ងន់​លើស​ពី ៤០​គីឡូ លេប ៧៥​មិល្លីក្រាម​ ២​ ដង​/ថ្ងៃ។

មតិ​ណែ​នាំ៖

គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​កុមារ​ឯក​ទេស​ជំងឺ​ឆ្លង សម្រាប់​ការ​ប្រើ​ប្រាស់​ថ្នាំ​លើ​ទារក​ខ្វះ​ច្រើន​ខែ (​អាយុ​រាប់​ពីពេល​បាត់​រដូវ តិច​ជាង ២៨​សប្តាហ៍)។

កម្រិត​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​ផ្តាសាយ​សម្រាប់​កូន​ក្មេង

អាយុ​​ចាប់​ពី ១-១២​ ឆ្នាំ៖

– ទម្ងន់ ១៥​គីឡូ ឬ​តិច​ជាង​នេះ លេប ៣០​មិល្លីក្រាម​ ១​ដង​ ក្នុង​មួយ​ថ្ងៃ។
– ទម្ងន់​ចន្លោះ ១៥,១-២៣​ គីឡូ៖ លេប ៤៥​មិល្លីក្រាម​ លេប ១​ដង​ក្នុង​មួយ​ថ្ងៃ។
– ទម្ងន់​ចន្លោះ ២៣,១-៤០ ​គីឡូ៖ លេប ៦០​មិល្លីក្រាម​ ១​ដង ​ក្នុង​មួយ​ថ្ងៃ។
– ទម្ងន់​ចន្លោះ ៤០,១ ឬ​លើស​ពី​នេះ លេប ៧៥​មិល្លីក្រាម​ ១​ដង ​ក្នុង​មួយ​ថ្ងៃ។
អាយុ​ចាប់​ពី ១៣​ឆ្នាំ​ឡើង​ទៅ លេប ៧៥​មិល្លីក្រាម​ ១​ដង​ក្នុង​មួយ​ថ្ងៃ។

រយៈ​ពេល​ព្យាបាល៖

– បន្ទាប់​ពី​ប៉ះ​ពាល់​​អ្នក​កើត​ផ្តាសាយ ត្រូវ​ប្រើ​ថ្នាំ​រយៈពេល ១០ ​ថ្ងៃ។
– អំឡុង​ពេល​ផ្ទុះ​ជំងឺ​ផ្តាសាយ​ក្នុង​តំបន់​រស់នៅ ត្រូវ​បន្ត​ប្រើ​រហូត​ទៅ​ដល់ ៦ សប្តាហ៍។

ការ​ណែ​នាំ៖

– ការ​ព្យាបាល​គួរ​តែ​ចាប់​ផ្តើម​នៅ ៤៨​ម៉ោង ​អំឡុង​ពេល​ប៉ះ​ពាល់​ជា​មួយ​អ្នក​ជំងឺ។
– ស្ថាប័ន FDA អាមេរិក មិន​អនុញ្ញាត​ឲ្យ​ប្រើ​ថ្នាំ​នេះ​សម្រាប់​ក្មេង​អាយុ​តិច​ជាង ១​ឆ្នាំ​ឡើយ។

ប៉ុន្តែការ​ណែ​នាំ​របស់​ស្ថាប័ន CDC នៅ​​អាមេរិក និងវិទ្យាសា្ថនជំងឺកុមារ (AAP)៖

– ក្មេង​កើត​គ្រប់​ខែ​អាយុ​តិច​ជាង ៣​ ខែ៖ មិន​គួរ​ប្រើ​ថ្នាំ​នេះ​ឡើយ លើក​លែង​តែ​ករណី​ធ្ងន់​ធ្ងរ។
– ក្មេង​កើត​គ្រប់​ខែ អាយុ​ចាប់​ពី ៣-៨ ​ខែ៖ លេប ៣​មិល្លីក្រាម​ ក្នុង​មួយ​គីឡួ ១​ ដង/​ថ្ងៃ។
– ក្មេង​អាយុ​ចាប់​ពី ៩-១១​ ខែ លេប ៣,៥​មិល្លីក្រាម​ ក្នុង​មួយ​គីឡួ ១​ ដង/​ថ្ងៃ។

ក្មេង​អាយុ​ចាប់​ពី ១២​ខែ​ឡើង៖

– ទម្ងន់ ១៥​គីឡូ ឬ​តិច​ជាង​នេះ លេប ៣០​មិល្លីក្រាម​ ១​ ដង/​ថ្ងៃ។
– ទម្ងន់​ចន្លោះ ១៥-២៣​ គីឡូ លេប ៤៥​មិល្លីក្រាម​ ១​ ដង/​ថ្ងៃ។
– ទម្ងន់​ចន្លោះ ២៣-៤០​ គីឡូ៖ លេប ៦០​មិល្លីក្រាម​ ១​ ដង/​ថ្ងៃ។
– ទម្ងន់​លើស​ពី ៤០គីឡូ លេប ៧៥​មិល្លីក្រាម​ ១​ ដង/​ថ្ងៃ។

កត្តាគួរ​ប្រុង​ប្រយ័ត្ន

សុវត្ថិ​ភាព និង​ប្រសិទ្ធ​ភាពប្រើ​ប្រាស់​ថ្នាំ​​ព្យាបាល​ជំងឺ​ផ្តាសាយ មិន​ទាន់​បាន​រក​ឃើញ​លើ​ក្មេង​អាយុ​តិច​ជាង ២​សប្តាហ៍​ នៅ​ឡើយ​ទេ។ សុវត្ថិ​ភាព និង​ប្រសិទ្ធ​ភាព​ថ្នាំ សម្រាប់​ការពារ​ជំងឺ​ផ្តាសាយ ក៏មិន​ទាន់រក​ឃើញ​សម្រាប់​ក្មេង​អាយុ​តិច​ជាង ១​ឆ្នាំ​ ដូចគ្នា។

១២- មានទម្រង់បែបណាខ្លះ?

Oseltamivir (អូសែលតាមីវៀ) មាន​ក្នុង​កម្រិត និង​ប្រភេទ​ដូច​ខាង​ក្រោម៖

– ថ្នាំ​គ្រាប់​មាន​សំបក (កាប់ស៊ុល)
– ថ្នាំ​ម្សៅ​លាយ​ជា​មួយ​ទឹក

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​លេប​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ Metformine សូម​លេប​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 30, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 23, 2019

អ្នកអាចចូលចិត្ត