Pantoprazol (ឱសថ Pantoprazol)

ដោយ ត្រួតពិនិត្យដោយ Kim Kanel.

ឈ្មោះទូទៅ: Pantoprazol (ឱសថ Pantoprazol) ឈ្មោះម៉ាកផលិតផល: Generics only. No brands available.

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Pantoprazol ព្យាបាលជំងឺអីខ្លះ?

គេប្រើ​ថ្នាំ Pantoprazol សម្រាប់​ព្យាបាល​បញ្ហា​ក្រពះ និង​បំពង់​អាហារ (ច្រាល​អាស៊ីដ​ក្រពះ Acid Reflux)។ ថ្នាំនេះ មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ការ​ផលិត​អាស៊ីដ​ក្នុង​ក្រពះ​ថយ​ចុះ អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ដូចជា ក្រហាយ​ក្នុង​ទ្រូង (Heartburn) ពិបាក​លេប​អាហារ និង​ក្អក​​មិន​បាត់។ ថ្នាំ ​Pantoprazol អាច​ជួយ​ព្យាបាល​សាច់​ក្រពះ និង​បំពង់​អាហារ ​ដែល​ខូច​ខាត​ដោយ​សារ​តែ​ទឹក​អាស៊ីដ​ក្រពះ ការពារ​ហានិភ័យ​កើត​ជំងឺ​មហារីក​បំពង់​អាហារ​បាន​ទៀត​ផង។ Pantoprazol ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ​ Proton pump inhibitors (PPIs)។

ការ​ប្រើប្រាស់​ផ្សេង​ទៀត៖ ថ្នាំ​នេះ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ក្រុមថ្នាំ​សម្រាប់​ព្យាបាល​ជា​ផ្លូវការ​​ទេ​ ប៉ុន្តែ​គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​បាន មាន​ន័យ​ថា លក្ខខណ្ឌ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ មាន​តែ​គ្រូពេទ្យ​ដែល​ពិនិត្យ និង​ព្យាបាល​ជំងឺ​យើង​ប៉ុណ្ណោះ អាច​ចេញ​វេជ្ជបញ្ជា​ឲ្យប្រើ​ប្រាស់​ថ្នាំ​នេះ​បាន។

គេ​អាច​ប្រើ​ថ្នាំ  ​​មក​ប្រើ Pantoprazol ​ដើម្បី​ព្យាបាល​ ​ការពារ​ជំងឺ​ដំបៅ​ក្រពះ និង​ពោះ​វៀន​បាន​​ដែរ។

២- គេប្រើថ្នាំនេះយ៉ាងម៉េច?

អ្នក​ត្រូវ​លេប​ថ្នាំតាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ ​ជាទូ​ទៅ​ត្រូវ​លេប​ម្តង ក្នុង​មួយ​ថ្ងៃ។ កម្រិត​ថ្នាំ និង​រយៈ​ពេល​​ប្រើ​ថ្នាំ​ គឺ​អាស្រ័យ​លើ​ស្ថាន​ភាព​ជំងឺ និង​ការ​ឆ្លើយ​តប​របស់​រាង​កាយ។

គួរ​លេប​ថ្នាំ​នេះ​ជាមួយ​អាហារ ឬ​ពោះ​ទទេ​ក៏បាន។ ត្រូវ​លេប​ថ្នាំ​នេះ​ចូល​ទាំង​មូល មិន​ត្រូវ​កាច់​ជា​ពីរ បំបែក​ថ្នាំ ឬ​ទំពា​ឡើយ ​ព្រោះ​អាច​ធ្វើឲ្យ​ប្រសិទ្ធ​ភាព​ថ្នាំ​ធ្លាក់​ចុះ។

បើ​យើង​កំពុង​ប្រើ​​គ្រាប់​ថ្នាំ​ល្អិត​តូចៗ (Granules) ត្រូវ​លេប Pantoprazol ឲ្យ​បាន​ ៣០​នាទី ​មុន​ញ៉ាំ​អាហារ។ ពេល​លេប​ ​ត្រូវ​បើក​កញ្ចប់​ថ្នាំ ហើយ​យក​​​គ្រាប់​ថ្នាំ​ល្អិត​តូចៗ (Granules) ​នោះ​មក​លាយ​ជាមួយ​ទឹក​ជ្រលក់​រសជាតិ​ប៉ម (Applesauce) ឬ​ទឹក​ផ្លែ​ប៉ម មិន​ត្រូវ​លាយ​ជាមួយ​អាហារ ឬ​សារធាតុ​រាវ​ដទៃ​ទេ ក៏មិន​ត្រូវ​យក​​​គ្រាប់​ថ្នាំ​ល្អិត​តូចៗមក​កិន ឬ​ទំពា​ដែរ។ ចាំថា ​ត្រូវ​យក​​គ្រាប់​ថ្នាំ​ល្អិត​តូចៗ (Granules) រោយ​ក្នុង​ទឹកជ្រលក់​រស​ជាតិផ្លែ​​ប៉ម​មួយ​ស្លាប​ព្រា​បាយ (៥មិល្លីលិត្រ) ​រួច ១០ ​នាទី​ក្រោយ​ចាំផឹក ឬអាច​យក​​គ្រាប់​ថ្នាំ​ល្អិត​តូចៗក​លាយ​ជាមួយ ទឹក​ផ្លែ​ប៉មមួយ​ស្លាប​ព្រា​បាយ (៥មិល្លីលីត្រ) កូរ​ឲ្យ​សព្វ ៥​វិនាទី មុន​ពេល​ផឹក។ ដើម្បី​ប្រាកដ​ថា​យើង​បាន​ផឹក​គ្រប់​កម្រិត​ថ្នាំ ​អាច​យក​ទឹក​ប៉ម​មក​ក្រឡុក​ក្នុង​កែវ​ ១-២ ​ដង​ទៀត​ដើម្បី​ឲ្យ​អស់​គ្រាប់​ថ្នាំ​ពី​ក្នុង​កែវ។ មិន​ត្រូវ​លាយ​ថ្នាំ​ទុក​សម្រាប់​លេប​នៅ​ពេល​ក្រោយ​ឡើយ។

បើ​លេប​គ្រាប់​ថ្នាំ​ល្អិត​តូចៗ តាម​បំពង់​បន្ត​ចូល​ក្នុង​ក្រពះ ​គួរ​សួរ​គ្រូពេទ្យ​ដើម្បី​ដឹង​​ព័ត៌​មាន​បន្ថែម​​អំពី​របៀប​លាយ និង​ប្រើ​ប្រាស់​ថ្នាំ។

ករណី​ចាំ​បាច់ ថ្នាំ​នេះ​​អាច​លេប​ជាមួយ​ថ្នាំ​ទប់​អាស៊ីត​ក្រពះ​បាន។ បើ​​ប្រើ​ថ្នាំ Sucralfate គួរ​លេប Pantoprazol ឲ្យ​បាន​យ៉ាង​តិច​ ៣០​នាទី ​មុន​​ប្រើ​ប្រាស់។​

ត្រូវ​ប្រើ​ថ្នាំ​ឲ្យ​ទៀង​ទាត់ ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាពព្យាបាល​ខ្ពស់។ ​ត្រូវ​បន្ត​លេប​ថ្នាំ​នេះ​ឲ្យ​គ្រប់​តាម​វេជ្ជ​បញ្ជា ទោះ​បី​ជា​អាការៈ​ជំងឺ​បាន​ធូរ​សា្រល​ក្តី។

៣- រក្សា​ទុក​​ដោយ​វិធី​ណា?

ថ្នាំ Pantoprazol អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Pantoprazol ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ?

– ប្រតិកម្ម​អាលែក្ស៊ី៖ ត្រូវ​ប្រាប់​គ្រូពេទ្យ​បើ​​ធ្លាប់​មាន​អាការៈ​មិន​ស្រួល ឬ​ធ្លាប់​មាន​ប្រតិកម្ម​ជា​មួយ​ថ្នាំ​នេះ ឬ​ថ្នាំ​ដទៃ។ ​ប្រាប់​គ្រូពេទ្យ​បើ​​មាន​ប្រតិកម្ម​ផ្សេង​ៗ ដូចជា ប្រតិកម្ម​ជាមួយ​អាហារ ជាតិ​ពណ៌ សាធាតុរក្សា​គុណភាព​អាហារ​បាន​យូរ ឬ​មាន​ប្រតិកម្ម​ជាមួយ​សត្វ។ សម្រាប់​ថ្នាំ គ្មាន​វេជ្ជបញ្ជា​ត្រូវ​អាន​ក្រដាស​ណែ​នាំ ឬ​ពិនិត្យ​រក​មើល​គ្រឿង​ផ្សំ​របស់​ថ្នាំ​ជាមុន។

– សម្រាប់​ក្មេង៖ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ អាច​បញ្ជាក់​បាន​ ​ផល​ប៉ះ​ពាល់​របស់​ថ្នាំ​លើ​ក្មេងៗ​នៅ​ឡើយ​ទេ។ ប្រសិទ្ធ​ភាព និង​សុវត្ថិភាព​ថ្នាំ​មួយ​នេះ នៅ​មិន​ទាន់​បាន​កំណត់​ច្បាស់​ដូចគ្នា។

– សម្រាប់​មនុស្ស​ចាស់៖ ​ការ​សិក្សា​មិន​ទាន់​រក​ឃើញ​បញ្ហា​ទាក់​ទង​ជាមួយ​មនុស្ស​ចាស់ ដែល​អាច​​ឈប់​ប្រើ​ប្រាស់​ថ្នាំ Pantoprazol ​​ដូចគ្នា។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​​ប្រើ​ ​ជា​រឿង​ចាំបាច់។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ បើ​ប្រទះ​រោគ​សញ្ញា​ប្រតិកម្មថ្នាំ​ ដូច​ជា ហើម​កន្ទួល ពិបាក​ដក​ដង្ហើម ហើម​មុខ បបូរ​មាត់ អណ្តាត ឬ​បំពង់​ក។

ត្រូវ​ឈប់​ប្រើ​ និង​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ បើ​យើង​មាន​រោគ​សញ្ញា​បង្ហាញ​ថា ខ្វះ​ជាតិ​ម៉ាញ៉េ​ស្យូម ដូច​ជា៖

– បេះ​ដូង​លោត​ញាប់ ឬ​លោត​ខុស​ចង្វាក់
– កន្រ្តាក់​សាច់​ដុំ​ដៃ ​ជើង
– មាន​អារម្មណ៍​នៅ​មិន​សុខ
– រាក​មាន​សំបោរ ឬ​មាន​ឈាម
– រមួល​ក្រពើ ខ្សោយ​សាច់​ដុំ ឬ​ស្ពឹក​
– ក្អក ឬ​មាន​អារម្មណ៍​ឆ្លាក់
– ឈឺ​ក្បាល ពិបាក​ប្រមូល​អារម្មណ៍ បាត់​បង់​ការ​ចង​ចាំ មិន​ឃ្លាន​អាហារ វង្វេង​រង្វាន់ ដួល​សន្លប់ ប្រកាច់ ឬ​ដក​ដង្ហើម​មិន​ដល់​គ្នា។

ផល​រំខាន​បន្ទាប់​បន្សំ​មាន​ដូច​ជា៖

– ស្រក​ទម្ងន់
– ចង្អោរ ក្អួត ឬ​រាករូស​តិច​តួច
– មាន​ខ្យល់​ក្នុង​ពោះ ឬ​ឈឺ​ពោះ
– វិល​មុខ ងងុយ​គេង ឬ​អស់​កម្លាំង
– ឈឺ​តាម​សន្លាក់
– គេង​មិន​លក់។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្ម​ថ្នាំ​ដទៃ​ដែរ​ទេ?

មិន​គួរ​ប្រើ​ថ្នាំ Pantoprazol ជា​មួយ​ថ្នាំ Rilpivirine​ (ថ្នាំព្យាបាល​ជំងឺអេដស៍) ​ទេ។ ​គ្រូពេទ្យ​អាច​ឲ្យយើង​ឈប់​​ប្រើ​ថ្នាំ​ទាំង​នោះ ឬ​ប្តូរ​ថ្នាំ​មួយ​ចំនួនយើង​កំពុង​ប្រើ។

​មិន​អាច​ប្រើ​ថ្នាំ Pantoprazol ​ជាមួយ​ថ្នាំ​ខាង​ក្រោម​បាន​មែន ប៉ុន្តែ​​ករណី​ខ្លះ​ តម្រូវ​ឲ្យយើង​ប្រើ​ថ្នាំ​ទាំងរួម​គ្នា។ គ្រូពេទ្យ​អាច​ប្តូរ​កម្រិត​​ថ្នាំ​ឲ្យ​ទាប ឬ​ប្រាប់​មិន​អនុញ្ញាឲ្យ​លេប​ថ្នាំ​ញឹកញាប់​ពេក។ ហើយថ្នាំ​ទាំង​នោះ​មាន​​ ដូច​ជា ថ្នាំ Atazanavir, Bosutinib, Citalopram, Dabrafenib, Dasatinib, Erlotinib, Eslicarbazepine Acetate, Ketoconazole, Ledipasvir, Methotrexate, Mycophenolate Mofetil, Nelfinavir, Nilotinib, Pazopanib, Saquinavir, Topotecan និងថ្នាំ Vismodegib។

ពេល​ប្រើ​ថ្នាំ Pantoprazol ជា​មួយ​ថ្នាំ​ខាង​ក្រោម​ អាច​ធ្វើ​ឲ្យ​ផល​ប៉ះ​ពាល់​ថ្នាំ​កាន់ខ្លាំង។ ក្នុង​ករណី​យើង​ចាំ​បាច់​​ត្រូវ​ប្រើ​ថ្នាំ​នេះ​ជាមួយ​គ្នា​ ​ គ្រូឬ​ប្រាប់​មិនអនុញ្ញាឲ្យ​លេប​ថ្នាំ​ញឹកញាប់​ពេក ខណៈ​ថ្នាំ​ទាំង​នោះ​មាន​​ ដូច​ជាថ្នាំ Cranberry, Levothyroxine និង Warfarin ។

៨- ​​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថការី​ដើម្បី​ដឹង​អំពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ​ មុន​ពេល​​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​អន្តរកម្មជាមួយសុខភាព​

ថ្នាំ Pantoprazol អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​កាន់​តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី​បាន​ដឹង​ពី​ស្ថានភាព​សុខ​យើង​ភាព​បច្ចុប្បន្ន ពិសេស​បើ​ធ្លាប់​មាន​បញ្ហា​សុខភាព​ដូចជា៖

– រាក​រូស
– មាន​កម្រិត​ម៉ា​ញ៉េ​ស្យូម​ក្នុង​ឈាម​ចុះ​ទាប
– មាន​បញ្ហា​ពុក​ឆ្អឹង
– ធ្លាប់​មាន​ជំងឺ​ប្រកាច់៖ ​ត្រូវ​ប្រើ​ថ្នាំ​នេះ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​អាច​ធ្វើ​ឲ្យ​ជំងឺកាន់​តែ​ធ្ងន់​ធ្ងរ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​​កម្រិត​ណា?

កម្រិត​ប្រើ​ព្យាបាល​រលាក​​បំពង់​អាហារ (Erosive Esophagitis) លើ​មនុស្ស​ពេញ​វ័យ

– ​ព្យាបាល​បញ្ហា​រលាក​បំពង់​អាហារ៖ លេប ៤០​ មិល្លីក្រាម​/គ្រាប់/ថ្ងៃ រយៈ​ពេល ៨ សប្តាហ៍។ ក្នុង​លក្ខខណ្ឌ​អ្នក​ជំងឺ​នៅ​តែ​មិន​ទាន់​ជា​សះស្បើយ ​អាច​បន្តប្រើ ៨ ​សប្តាហ៍​បន្ថែម​ទៀត។ យ៉ាងណា នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី សុវត្ថិភាព និង​ប្រសិទ្ធ​ភាពថ្នាំ ក្នុង​ករណី​ប្រើ​លើ ១៦ ​សប្តាហ៍។

– សម្រាប់​បន្ត​ព្យាបាល​​រលាកសាច់​បំពង់​អាហារ៖ លេប ៤០ ​មិល្លីក្រាម​/គ្រាប់/ថ្ងៃ។ ការ​សិក្សា​បង្ហាញ​ថា រយៈ​ពេល​ប្រើ​ប្រាស់​អតិបរិមា​របស់​ថ្នាំ Pantoprazol មិន​ត្រូវ​លើស​ ១២ ខែ។

កម្រិត​ប្រើ​ព្យាបាលបញ្ហា​ច្រាលអាស៊ីដ​ក្រពះ​​លើ​មនុស្ស​ពេញ​វ័យ

– ថ្នាំ​ចាក់៖ ចាក់ ៤០​មិល្លីក្រាម ចាក់​មួយ​ថ្ងៃម្តង ​រយៈ​ពេល ៧-១០ ​ថ្ងៃ ​ត្រូវ​ចាក់​តាម​សរសៃ​ និង​បង្ហូរ​យឺត​ៗ (Intravenous Infusion) ​រយៈ​ពេល ១៥ ​នាទី។ ពេល​​​អ្នក​ជំងឺ​អាច​លេប​ថ្នាំ​វិញ​បាន ​មិន​ត្រូវ​បន្ត​ចាក់​ថ្នាំ​នេះទៀត​ទេ។

– ថ្នាំ​លេប៖ លេប ៤០​មិល្លីក្រាម លេប​​មួយ​ថ្ងៃម្តង ​ប្រើ​រយៈ​ពេល​ខ្លី (ប្រហែល ៨ ​សប្តាហ៍) ប៉ុន្តែ​ជំងឺ​មិន​ទាន់​ជា​សះស្បើយ ​អាច​លេប​បន្ថែមដល់ ៨ សប្តាហ៍​ទៀត។ យ៉ាងណា នៅ​មិនទាន់​ដឹង​ច្បាស់​ពី សុវត្ថិភាព និង​ប្រសិទ្ធ​ភាពថ្នាំ ក្នុង​ករណី​ប្រើ​លើ ១៦ ​សប្តាហ៍។

កម្រិត​ប្រើ​ព្យាបាល​ដំបៅ​ដើម​ពោះ​វៀន​តូច​​លើ​មនុស្ស​ពេញ​វ័យ

– ការ​សិក្សា (n=54)៖ លេប ៤០​មិល្លីក្រាម ​មួយ​ថ្ងៃម្តង ត្រូវ​ដំឡើង​កម្រិត​ថ្នាំ​បន្ថែម ៤០​មិល្លីក្រាម រៀងរាល់ ​១២ ​សប្ដាហ៍ ​រហូត​ដល់​កម្រិត​អតិបរមា​ ១២០​ មិល្លីក្រាម/​ថ្ងៃ ប្រើ​រយៈ​ពេល ២៨​ ថ្ងៃ។ សិក្សា​​បង្ហាញ​ថា ពេល​ព្យា​បាល​ដោយ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ក្នុង​កម្រិត ៤០​ មិល្លីក្រាម/​ថ្ងៃ ករណី​ជា​សះស្បើយ​ពី​ជំងឺ​ដំបៅ​ពោះ​វៀន មាន​ដល់ ៨៧​ភាគរយ និង ៩៤​ភាគរយ សម្រាប់​អ្នក​ប្រើ​ថ្នាំ​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ ​រយៈ​ពេល ៤-៨ សប្តាហ៍។

កម្រិត​ប្រើ​ព្យាបាល​ដំបៅក្រពះ​​​​លើ​មនុស្ស​ពេញ​វ័យ

– លេប ៤០​មិល្លីក្រាម ​មួយ​ថ្ងៃម្តង ហើយ​ទិន្នន័យ​បាន​បង្ហាញ​ថា ការ​ព្យាបាល​ដោយថ្នាំ​នេះ​តែ​មួយ​មុខ ​អាច​ធ្វើ​អោយ​ដំបៅ​ក្រពះ​ជា​សះ​ខ្ពស់មាន​ដល់ ៨៧​ភាគរយ និង ៩៤​ភាគរយ សម្រាប់​អ្នក​ប្រើ​ថ្នាំ​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ ​រយៈ​ពេល ៤-៨ សប្តាហ៍។

កម្រិត​ប្រើ​ព្យាបាល​​មេរោគ (Helicobacter Pylori) ក្នុង​ក្រពះ​​​​លើ​មនុស្ស​ពេញ​វ័យ

– ការ​សិក្សា (n=242) ​ព្យាបាល​ថ្នាំ ៣ មុខរួមគ្នា៖ លេប ៤០​មិល្លីក្រាម ២ ដង/ថ្ងៃ ជាទូ​ទៅ ប្រើ​​ជាមួយ​ថ្នាំ Clarithromycin និង Amoxicillin ឬ​ថ្នាំ Metronidazole ដើម្បី​កម្ចាស់​មេរោគ Helicobacter Pylorik ក្នុង​រយៈពេល ៧ថ្ងៃ និង​បន្ត​លេបថ្នាំ Pantoprazol ៤០​មិល្លីក្រាម ​មួយ​ថ្ងៃ​រហូត​ដល់ ២៨ ​ថ្ងៃ។ ប្រើ​ថ្នាំ ៣​មុខ រួម​គ្នា មាន​ប្រសិទ្ធ​ភាព​សម្លាប់​មេរោគ​រហូត​ទៅ​ដល់ ៩៥ ភាគ​រយ។

– ការ​សិក្សា (n=405) ព្យាបាល​ថ្នាំ ៤ មុខរួមគ្នា៖ លេប ៤០​មិល្លីក្រាម ២ ដង/​ថ្ងៃ ជាទូ​ទៅ​ ​ប្រើ​​ជាមួយ​ថ្នាំ Bismuth Subcitrate និង Tetracycline ទាំង​ពីរ​មុខ​នេះ​លេប ៤ ​ដង/​ថ្ងៃ និង​លេប Metronidazole ២០០​មិល្លីក្រាម ៣​ ដង/​ថ្ងៃ (លេប ៤០០​មិល្លីក្រាម ​នៅ​ពេល​យប់)។ ជាលទ្ធ​ផល​ អាច​សម្លាប់​មេរោគ​​រហូត​ទៅ​ដល់ ៨២ ​ភាគ​រយ។

កម្រិត​ប្រើ​​ព្យាបាល​ជំងឺ Zollinger-Ellison Syndrome លើ​មនុស្ស​ពេញ​វ័យ

– ថ្នាំ​ចាក់៖ ចាក់ ៨០​មិល្លីក្រាម រៀង​រាល់ ១២ ​ម៉ោង​ម្តង ដោយ​ចាក់​បង្ហូរ​យឺត​ៗ (Infusion) រយៈ​ពេល ១៥​ នាទី។ កម្រិត​ប្រើ​ថ្នាំ​ប្រចាំ​ថ្ងៃ​អតិបរមា ២៤០​មិល្លីក្រាម ​ចាក់​បង្ហូរ​រយៈ​ពេល ១៥​នាទី។ ប៉ុន្តែ​ករណី​ចាក់​​រយៈ​ពេល ៦​ថ្ងៃ​ មិន​ទាន់​មាន​ការ​សិក្សា​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ច្បាស់​នៅ​ឡើយ។

– ថ្នាំ​លេប៖ លេប ៤០​មិល្លីក្រាម ២ដង ​ក្នុង​មួយ​ថ្ងៃ កម្រិត​អតិបរិមា ២៤០ ​មិល្លីក្រាម/ថ្ងៃ។ យ៉ាងណា មាន​អ្នក​ជំងឺ​ខ្លះ​ត្រូវ​ព្យាបាល​ជាមួយ​ថ្នាំ Pantoprazol រហូត​ដល់​ទៅ ២ ឆ្នាំ។

កម្រិត​ប្រើ​ការពារ​ជំងឺ​ដំបៅ​ក្រពះ​បណ្តាល​មក​ពី​ស្រ្តេស​លើ​មនុស្ស​ពេញ​វ័យ

– ការ​សិក្សា (n=21) ការពារ​ករណី​ហូរ​ឈាម​បណ្តាល​មក​ពី​ដំបៅ​៖ ចាក់ ៨០​មិល្លីក្រាម​ ២​ ដង/​ថ្ងៃ ចាក់​បង្ហូរ​រយៈ​ពេល ១៥​នាទី កម្រិត​អតិបរិមា​ ២៤០​ មិល្លីក្រាម​/ថ្ងៃ ត្រូវ​ចែក​ជា​ ៣​ ដង។

– ការ​សិក្សា​ (n=20 ) ការ​ពារ​ក្រោយ​មាន​ការ​ហូរ​ឈាម​បណ្តាល​មក​ពី​ដំបៅ៖ ចាក់ ៨០​មិល្លីក្រាម​ តាម​សរសៃ ហើយ​បន្តចាក់ ៨​ មិល្លីក្រាម/ម៉ោង រយៈ​ពេល ៣​ថ្ងៃ បន្ទាប់​មក​អាច​ប្តូរ​មក​លេប​ថ្នាំ​ PPI (ថ្នាំ​ក្រពះ) តាម​មាត់​វិញ។

កម្រិត​ប្រើ​ការពារ​ជំងឺ​ដំបៅ​ក្រពះ​​លើ​មនុស្ស​ពេញ​វ័យ

– ការ​សិក្សា (n=21) ការពារ​ករណី​ហូរ​ឈាម​បណ្តាល​មក​ពី​ដំបៅ​៖ ចាក់ ៨០​មិល្លីក្រាម​ ២​ ដង/​ថ្ងៃ ចាក់​បង្ហូរ​រយៈ​ពេល ១៥​នាទី កម្រិត​អតិបរិមា​ ២៤០​ មិល្លីក្រាម/​ថ្ងៃ ត្រូវ​ចែក​ជា ​៣​ ដង។

– ការ​សិក្សា​ (n=20 ) ការ​ពារ​ក្រោយ​មាន​ការ​ហូរ​ឈាម​បណ្តាល​មក​ពី​ដំបៅ៖ ចាក់ ៨០​មិល្លីក្រាម​ តាម​សរសៃ ហើយ​បន្ត​ចាក់ ៨ ​មិល្លីក្រាម​/ម៉ោង រយៈ​ពេល ៣​ថ្ងៃ បន្ទាប់​មក​អាច​ប្តូរ​មក​លេប​ថ្នាំ​ PPI (ថ្នាំក្រពះ) តាម​មាត់​វិញ។

១១- កូន​ក្មេង​ត្រូវ​ប្រើ​ថ្នាំ​នេះ​ក្នុង​កម្រិត​ណា?

ថ្នាំ​នេះ​មិន​ទាន់​មាន​កម្រិត​ប្រើ​ប្រាស់ សម្រាប់​កូន​ក្មេង​នៅ​ឡើយ​ទេ។ ថ្នាំ​នេះ​អាច​មិន​មាន​​សុវត្ថិភាព​សម្រាប់​ក្មេង។ ដូច​នេះ​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​អំពី សុវត្ថិភាព​របស់​ថ្នាំមុន​ពេល​ប្រើ​ប្រាស់។ ដើម្បី​ដឹង​​ពត៌​មាន​បន្ថែម ​អាច​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​បាន។

១២- ថ្នាំ​នេះ​មាន​ទម្រង់​បែប​ណា​ខ្លះ?

ថ្នាំ Pantoprazol លើ​ទី​ផ្សារ មាន​ក្នុង​កម្រិត និង​ប្រភេទ​ជាថ្នាំ​គ្រាប់ ២០​មិល្លីក្រាម និង ៤០ ​មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​លេប​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 23, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 23, 2019