backup og meta

ពិតអត់? មាន​ជំងឺ​បេះ​ដូង ​មិន​អាច​មាន​កូន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 15, 2019

    ពិតអត់? មាន​ជំងឺ​បេះ​ដូង ​មិន​អាច​មាន​កូន?

    ស្រីៗគ្នាយើង​បារម្ភ​ជាងគេរឿងនេះហើយ ពិសេស​គ្នាយើង​មាន​ជំងឺ​បេះដូង បារម្ភ​គ្រប់រឿង ខ្លាច​បំផុត​អត់​អាច​បង្កើត​បេប៊ី គួរឲ្យស្រលាញ់ម្នាក់ពីរ ឲ្យប្តីតែម្តង។ ​តាំង​ចិត្ត​ឲ្យ​ស្ងប់ អ្វីគ្នា​យើង​កំពុង​បារម្ភ ចាំ “Hello គ្រូពេទ្យ” ប្រាប់ឲ្យ​ដឹង​ច្បាស់​ ពេល​នេះ​តែ​ម្តង។

    ស្រីៗ​​មាន​ជំងឺ​បេះ​ដូង មិន​មាន​ន័យ​មិន​អាច​មាន​កូន​បាន​ទាំង​ស្រុង​ឯណា ព្រោះ​គ្រូ​ពេទ្យ​ជំនាញ​ជា​ច្រើន​ធ្លាប់​បញ្ជាក់​ថា ​ការ​គ្រប់គ្រង​អាការៈ​សុខភាព​បាន​ល្អ ​​ជា​ផ្លូវត្រួស​ត្រាយ​ ដោះស្រាយ​បញ្ហា ហើយ​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ស្រីៗ​ កាត់​បន្ថយ​ហានិភ័យ​ដោយ​ចៃដន្យ​អំឡុង​ពេល​ពពោះ និង​សម្រាល​កូន។

    ១- ប្រភេទជំងឺបេះដូង

    បញ្ហា​បេះដូង មាន​ ៣ ប្រភេទខុសៗគ្នា អាច​កំណត់​អនាគត​ស្រីៗ អាច​ពពោះ បង្កើត​អូនៗ​ស្នង​ត្រកូល​បាន ឬអត់ ដូចជា៖

    – ពពោះ​បាន៖ ជំងឺ​បេះដូង អាច​ឲ្យ​ស្រីៗ​គ្នា​យើង​ពពោះ និង​ផ្តល់​កំណើត​ឲ្យបេប៊ីបាន ដូចជា ជំងឺ​រំញ័រ​សំឡេង​បេះដូង​ខុស​ធម្មតា ជំងឺ​បេះដូង​លោត​ខុស​ចង្វាក់ ប្រឹស​បេះដូងគន្លាស់​ខុស​ធម្មតា និង​ជំងឺ​លើស​ឈាម ​ជាដើម។

    – ប្រហែល​អាច៖ ប្រភេទ​ជំងឺ​បេះដូង​ផ្សេង​ទៀត ​តម្រូវ​ឲ្យ​យើង​គួរ​ប្រឹក្សា​យោបល់​ពី​គ្រូពេទ្យ​ មុន​សម្រេច​ចិត្ត​មាន​ផ្ទៃ​ពោះ ដូចជា ជំងឺ​ត្បៀត​ប្រឹស​បេះដូង ដាក់​ប្រឹស​សិប្បនិម្មិត រីក​សាច់​ដុំ​បេះដូង និង​ជំងឺ​ប្រហោង​បេះដូង​រួម​តូច​ដោយ​សារ​សាច់​ដុំ​រីក​ធំ​ ជាដើម។

    មិន​អាច​ពពោះ​បាន៖ ជំងឺបេះដូង ដាច់​ខាត​ចៀស​វាង​មាន​ផ្ទៃ​ពោះ​នោះ​ មានដូចជា ជំងឺម៉ាហ្វង់ (Marfan Syndrome) ជំងឺ​ឡើង​សម្ពាធ​ឈាម​ក្នុង​សួត​ដោយ​សារ​ខូច​បេះដូង ជំងឺ​អេស៊ិន​មិន​ជ័រ (Eisenmenger Syndrome) ជំងឺត្បៀត​សរសៃ​អាអក និង​ធ្លាប់​មាន​ប្រវត្តិ​គាំង​បេះដូង​ ជាដើម។

    ២- បេះដូង និងការពពោះ

    សម្រាប់​ស្រីៗ​ពពោះ​ដោយ​មានជំងឺ​បេះដូង ៩ ខែ​នៃ​ការ​មាន​ផ្ទៃពោះ ​ប្រៀប​ដូច​ជាការ​ធ្វើ​តេស្ត​មួយ ព្រោះ​ថា​ក្នុង​កាលៈទេសៈ​នេះ ​បេះដូង​យើង​ត្រូវ​ការ​ច្របាច់​ឈាម​ខ្លាំង​ជាង​មុន​ដល់​ទៅ ៤០% ឯណោះ ម៉្លោះ​ហើយ​ គួរ​​ចៀសវាង​បញ្ហា​ធ្លាក់ឈាម​ក្នុង​ពេល​សម្រាល​ឲ្យ​ស្ថិត​នៅ​កម្រិត​ទាប​បំផុត។

    ៣- រៀបចំផែនការសុខភាព

    ដើម្បី​អាច​ពពោះ​ ទាំងមាន​ជំងឺ​បេះដូង ស្រីៗ​​ ត្រូវ​រៀប​ចំផែនការ​ទុក​ជាមុន។ មាន​វិធាន​ការ​ជាច្រើនចាំ​បាច់ បើមាន​បំណង​យក​កូន​ ពេល​កំពុង​មាន​បញ្ហា​បេះដូង ដូច​នេះ ​គួរ​ស្វែង​រក​គ្រូពេទ្យ​ជំនាញ​ ដើម្បី​ប្រឹក្សា​យោបល់ ​មុន​​សម្រេច​ចិត្ត ព្រោះ​ថា​គ្រូពេទ្យ​អាច​ធ្វើ​តេស្ត​ស្ទង់​មើល​កម្លាំង​បេះដូង ​ថា​តើ​អាច​ទ្រាំ​ទ្រ​សម្ពាធ​ឈាម​ នៅ​ពេល​ពពោះ​បាន ​ឬ​អត់។

    ក្រុមអ្នក​ឯកទេស​ត្រូវ​ការ​ដឹង​ពីសកម្ម​ភាព​ប្រចាំ​ថ្ងៃ​របស់​យើង ​ក៏ដូចជា​ស្ថាន​ភាព​បេះ​ដូង ដើម្បី​​វាយ​តម្លៃ​ទាំង​មុន​ និងអំឡុង​ពេល​ពពោះ។ ​ បើអំឡុង​ពេល​តាមដាន យើង​នៅ​តែ​អាច​ធ្វើ​កិច្ច​ការ​ងារ​ធម្មតា​ រាប់​បញ្ចូល​ទាំង​លំហាត់ប្រាណ ហើយ​កម្រិត​សុខ​ភាព​នៅ​ល្អ​ដដែល មាន​ន័យ​ថា យើង​អាច​ពពោះ និងសម្រាល​បានធម្មតា។ យ៉ាង​ណា​ ក្នុង​ករណី​បើ​កិច្ចការងារ​ថ្ងៃ​យើង ត្រូវអ្នក​ជំនាញ​ដាក់កម្រិត គ្រូ​ពេទ្យនឹង​ប្រើ​ប្រព័ន្ធ​វាយ​តម្លៃ​ផ្សេង​ទៀត ដើម្បី​ប្រាកដ​ថា យើង​អាចពពោះ ឬក៏អត់។​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម